ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

គម្ពីរកស៊ីដែលធ្វើឲ្យចិនក្លាយទៅជា​ជា​តិ​សា​សន៍​ពូ​កែ​រក​ស៊ី

2,005

ជនជាតចិន គឺត្រូវបានគេស្គាល់ថា ជាជនជាតិមួយដែលពូកែសន្សំសំចៃ ធ្វើជំនួញ និងប្រើប្រាស់ហុងស៊ុយ សម្រាប់ការធ្វើអាជីវកម្មបានយ៉ាងជោគជ័យ។ ថ្វីបើជនជាតិចិនមិនមែនជាជនជាតិដែលពូកែរកស៊ីជាងគេលើពិភពលោកក៏ដោយ តែគំនិត និងក្បូនក្នុងការរកស៊ីរបស់ពួកគេមិនចាញ់ជាតិសាសន៍ដទៃនោះទេ ហើយក្បូនទំាងនេះបានផ្តល់នូវអត្ថប្រយោជន៍ច្រើនសម្រាប់អ្នករកស៊ី ដែលចង់ដឹងអំពីរបៀបនៃការរកស៊ីរបស់ជាតិសាសន៍ចិន។ ថ្ងៃនេះពាណិជ្ជកម្ម កម្ពុជា នឹងបន្តធ្វើការដកស្រង់អំពីក្បូនរកស៊ីចំនួន ៥ចំណុចបន្ថែមទៀត ចេញពីសៀវភៅ«គតិបណ្ឌិតចិន បង្រៀនធ្វើជំនួញ» ដែលធ្លាប់បង្ហាញបាន៤ចំណុចរួចទៅហើយ ដើម្បីយកមកបង្ហាញ៖

១-ទិញរបស់ត្រូវ
មិនថាអ្នកជាអ្នកទិញ ឬអ្នកលក់ទេ ការតថ្លៃ និងការបញ្ចុះតម្លៃជារឿងដែលយើងមិនអាចចៀសវាងបាន។ បើអ្នកជាអ្នកលក់ មិនព្រមបញ្ចុះតម្លៃទេនោះ អតិថិជនពិសេសរបស់អ្នក នៅទីបំផុតប្រាកដជាបាត់អស់។ អ្នកខ្លះត្រូវបង្ខំចិត្តទិញ ឬសេវាកម្មរបស់អ្នក ព្រោះមានការចាំបាច់តែគេទិញតែម្តងប៉ុណ្ណោះ។ ការតថ្លៃជាសេចក្តីសុខម្យ៉ាង សូមត្រឹមតែអ្នកព្រមបញ្ចុះក្នុងចំណែកណាមួយ អតិថិជននឹងមានសេចក្តីសុខហើយបន្តគាំទ្រ និងជួយទិញរបស់អ្នករហូតប្រសើរជាងទៅទិញហាងដែលម្ចាស់មិនព្រមបញ្ចុះតម្លៃសោះ។

២-ទាក់ទងមនុស្សម្នាដោយវោហាសាស្ត្រ
អ្នកជំនួញជនជាតិចិនភាគច្រើន និយាយស្តីប្រកបដោយវោហាសាស្ត្រ។ ពាក្យសម្តីដែលអាចទាក់ទាញចិត្តមនុស្សម្នាបាន រមែងជាពាក្យសម្តីដែលគួរឲ្យចង់ស្តាប់ ហើយពាក្យសម្តីក៏អាចធ្វើឲ្យអ្នកជោគជ័យបានដែរ។ ដូច្នេះហើយសិល្បៈក្នុងការនិយាយជារឿងសំខាន់ខ្លាំងណាស់។ ការទាក់ទងធ្វើជំនួញ ជនជាតិចិនមិនគិតថា ភាគីម្ខាងទៀតជានរណា ហើយខ្លួនពេញចិត្ត ឬអត់ទេ ការនិយាយស្តីត្រូវតែជ្រើសរើសពាក្យពេជន៍ដែលល្អៗទុកមុនជានិច្ច និយាយដាក់ខ្លួនតែលើកតម្កើងគេ និយាយសរសើរគេ ចេះប្រើពាក្យថាក្រែងចិត្ត មានអារម្មណ៍អស់សំណើច ចេះនិយាយលួងលោមចេះលើកសុភាសិតមកនិយាយជាដើម។ ទំាងអស់នេះ សុទ្ធតែជាវិធីសាស្ត្រក្នុងការនិយាយដោយមានក្បួន មានសិល្បៈមានវោហាសាស្ត្រ។

៣-មិនលង់ចាញ់ល្បិចពេលឃើញទំនិញតម្លៃថោក
ការបណ្តាក់ទុន ក្នុងតម្លៃទាប និងទំនិញឬសេវាដែលមានតម្លៃថោកជាងធម្មតាជារឿងដែលជនជាតិចិនប្រយ័ត្នប្រយែងបំផុត។ បើមានមនុស្សមកបបួលចូលរួមបណ្តាក់ទុនត្រឹមតែមួយម៉ឺន ហើយបានផលកម្រៃមួយសែន ឬមានទំនិញប្រភេទល្អតែលក់ក្នុងតម្លៃថោក អ្នកដទៃៗអាចល្ងង់យកលុយទៅទិញ តែជនជាតិចិនវិញ គ្មានថ្ងៃជឿងាយៗទេ។ គេសង្ស័យថា តើអាចទៅរួចបានយ៉ាងម្តេច ដែលរបស់ល្អៗមានតម្លៃថោកខ្លំាងបែបនេះ ឬការបណ្តាក់ទុនបន្តិចបន្តួច ហេតុអ្វីបានផលកម្រៃខ្ពស់កប់ពពកបែបហ្នឹង? ដូច្នេះហើយ ទើបជាតិសាសន៍ចិន មិនងាយចាញ់បោកគេទេ ហើយអ្នកដទៃក៏កុំប្រាថ្នាចង់យករបស់ក្លែងក្លាយទៅបោកយកលុយពីជនជាតិចិនឲ្យសោះ ព្រោះពួកគេក្តាប់លុយជាប់ណែនក្នុងដៃ និងប្រយ័ត្នបំផុតក្នុងការចាយវាយខ្លាំងណាស់។

៤-កុំមើលងាយលុយ ទោះបីលុយមួយកាក់ក៏ដោយ
បើជនជាតិចិន ជាអ្នកមានស្តុកស្តម្ភ បានឃើញលុយ១០០រៀលធ្លាក់នៅលើឥដ្ឋ គេប្រាកដជាំឱនរើសវា។ នៅពេលកូនចៅធ្វើឲ្យធ្លាក់គ្រាប់បាយទៅលើកម្រាល គេនឹងឲ្យកូនចៅរើសបាយទំាងអស់នោះមកវិញ។ ការដែលធ្វើបែបនេះ មិនមែនព្រោះតែកំណាញ់ហួសហេតុទែ តែគេមិនអាចមើលងាយលុយតិចតួចចទំាងនេះបានទេ។ លុយ១០០រៀលៗ ពេលផ្តុំចូលគ្នា គឺមានតម្លៃច្រើនណាស់ ប៉ុន្តែពួកគេក៏មិនបានអប់រំកូនចៅឲ្យគិតតែពីសម្លឹងមើលលើកផ្ទៃកម្រាលឥដ្ឋ និងសង្ឃឹមលើការរើសលុយទំាងនេះដែរ។

៥-រង់ចាំឱកាសជោគជ័យ ទោះ១០ឆ្នាំក៏មិនហួសពេលដែរ
ការចាប់ផ្តើមអាជីវកម្មណាមួយ បើគិតចង់បានជោគជ័យភ្លាមៗ រមែងធ្វើឲ្យចិត្តអន្ទះសា បណ្តាឲ្យខ្វះភាពអំណត់អត់ធ្មត់យ៉ាងពិតប្រាកដ។ ជនជាតិចិនភាគច្រើនមានភាពអត់ធ្មត់ខ្ពស់ណាស់ ធ្វើការសន្សឹមៗ រួចហើយទើបពង្រីកទៅជារឿយៗ មិនប្រញាប់ប្រញាល់នាំឲ្យខុសឆ្គង់ទេ។ ក្នុងរយៈពេល២ឆ្នាំបានជោគជ័យមួយកម្រិត ២ឆ្នាំក្រោយមកក៏ឈានឡើងមួយកម្រិតទៀតអស់រយៈពេលជាច្រើនឆ្នាំ អស់រយៈពេលជាច្រើនឆ្នាំក៏កាន់តែឈានខ្ពស់ឡើងៗ ហើយជំហានស្ថិតស្ថេរ និងគង់វង្សជាស្ថាពរផងដែរ៕

Comments
Loading...