ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ជីវិត និង​ស្នាដៃ​របស់ អាឡិចសង់ ប៉ូប៉ូវ 1859-1906

1,858

អាឡិចសង់ ប៉ូប៉ូវ ជា​វិស្វករ​អគ្គិសនី និង​ទូរលេខវិទូ​ជាតិ​រុស្សី ដែល​បាន​ប្រសូត​ចេញ​ពី​ត្រកូល​គ្រួសារ​ក្រីក្រ​មួយ ។ តាំង​ពី​នៅ​កុមារ​ម្ល៉េះ លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទេពកោសល្យ​ពិសេស​ខាង​បច្ចកទេស ។ កាល​រៀន​នៅ​វិទ្យាល័យ ប៉ូប៉ូវ ​ចូលចិត្ត​បំពាក់បំប៉ន​ឲ្យ​ខ្លួន​នូវ​ចំណេះ​ដឹង​ខាង​វិទ្យាសាស្ត្រ និង​ចូលចិត្ត​វិទ្យាសាស្ត្រ​រូបវិទ្យា​យ៉ាង​ខ្លាំងក្លា ។

ក្រោយ​ពី​បាន​បញ្ចប់​វិទ្យាល័យ ប៉ូប៉ូវ ​បាន​រៀបចំ​ធ្វើ​ការ​ពិសោធន៍​ខាង​រូបវិទ្យា ដោយ​បង្កើត​ថ្មី​នូវ​ម៉ាស៊ីន​ទទួល និង​ផ្សាយ​ទូរលេខ និង​ប្រដាប់ប្រដា​ទូរលេខ​ផ្សេងៗ​ជាច្រើន​ទៀត ។ លោក​នៅ​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​បណ្ដុះបណ្ដាល​អ្នក​បច្ចេកទេស​រុស្សី​ជា​ច្រើន​រូប ។

អ្នក​ឯកទគ្គកម្ម​អាយុ​១១​ឆ្នាំ

នារាត្រី​ថ្ងៃ​មួយ អធ្រាត្រ​ណាស់​ទៅ​ហើយ តែ​បន្ទប់​រៀន​របស់ ​ប៉ូប៉ូវ ​នៅ​តែ​ចាំង​ពន្លឺ​ភ្លើង​នៅ​ឡើយ ។ ឪពុក​ ប៉ូប៉ូវ ​មាន​ការ​ងឿង​ឆ្ងល់ ក៏​លួច​ដើរ​យ៉ាង​ស្រាល​ជើង​ចូល​ទៅ​ជិត ។ លោក​ឃើញ​ ប៉ូប៉ូវ ​កំពុង​ជក់​អារម្មណ៍​នឹង​ការ​គូស​លុបៗ​នៅ​លើ​ក្រដាស​មួយ​ផ្ទាំង​ធំ ។ «កូន​ឯង​ធ្វើ​អ្វី​ក៏​ជក់​ចិត្ត​ជក់​អារម្មណ៍​យ៉ាង​នេះ ?» ។

ប៉ូប៉ូវ​ ភ្ញាក់​ខ្លួន មុខ​ឡើង​ក្រហម​ដូច​ត្រូវ​គេ​ចាប់​បាន​ភស្តុតាង​ក្នុង​អំពើ​ប្រព្រឹត្ត​លួច​លាក់​អ្វី​មួយ ។ «កូន​… កូន​… គូរ​គំនូរ​ប្លង់​មួយ» ។ «គំនូរ​ប្លង់ ? ប្លង់​ពី​សំណង់​អ្វី​ទៅ ?» ។

តាម​ពិត ក្នុង​ការ​លេង​សើច​ជាមួយ​មិត្តភក្តិ ប៉ូប៉ូវ ​ត្រូវ​បាន​គេ​ប្រគល់​ភារៈ​ឲ្យ​ត្រៀម​រៀបចំ​កសាង​ប្រព័ន្ធ​ចូក​ដី​នៅ​ក្នុង​អណ្ដូង​រ៉ែ​មួយ​តាម​ការ​ស្រមើស្រមៃ ។ ប៉ូប៉ូវ​ បាន​នឹក​ឃើញ​អំពី​របៀប​ឆ្លៀត​ប្រើ​កម្លាំង​ទឹកហូរ​របស់​កូន​ស្ទឹង​តូច​មួយ​សម្រាប់​ធ្វើ​ជា​ប្រភព​កម្លាំង​ជួយ​ជំរុញ​លើក​ដាក់​ប៉ែល​ចូក ។

ប្រព័ន្ធ​ប៉ែល​ចូក​ដី​ដើរ​ដោយ​កម្លាំង​ទឹក​ដែល ​ប៉ូប៉ូវ ​បាន​ដំឡើង​កាល​ទើប​មាន​អាយុ​១១​ឆ្នាំ បាន​ធ្វើ​សកម្មភាព​យ៉ាង​ល្អ ដោយ​អាច​លើក​បាន​ទម្ងន់​ពី ២-៣​គីឡូក្រាម ពី​អណ្ដូង​ជម្រៅ​ជាង​១​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​មិត្តភក្តិ​តូចៗ​របស់​ ប៉ូប៉ូវ​ សប្បាយ​ចិត្ត និង​កោត​សរសើរ​ប៉ូប៉ូវ​ ក្រៃលែង ។

ទេពកោសល្យ​ពី​កុមារភាព

មាន​ម្ដង​នោះ មិត្តភក្តិ​ចាស់ៗ​របស់​ ប៉ូប៉ូវ​ កាល​ពី​នៅ​រៀន​ក្នុង​វ័យ​កុមារ​គឺ ស្មូលីន បាន​ទទួល​សំណូមពរ​ឲ្យ​រឭក​ពី​អនុស្សាវរីយ៍​មួយ​គួរ​ឲ្យ​ចងចាំ​ពី ​ប៉ូប៉ូវ ។ គេ​បាន​រៀបរាប់​ថា «ពី​ប៉ូប៉ូវ​នោះ​ឬ ? ពួក​ខ្ញុំ​ទាំងអស់​គ្នា នរណា​ក៏​សុទ្ធសឹង​នឹក​ឃើញ​ដល់​ប៉ូប៉ូវ​ដែល​ជា​ឯកទគ្គកម្ម​មួយ​រូប​ប្រកប​ដោយ​ទេពកោសល្យ​នោះ​ដែរ ។ តាំង​ពី​នៅ​វ័យ​កុមារ ប៉ូប៉ូវ​ បាន​បង្កើត​ថ្មី​នូវ​ម៉ាស៊ីន​ច្រើន​មុខ ។ ប៉ូប៉ូវ ​មាន​ខួរ​ក្បាល​ចេះ​សង្កេត​ពិចារណា​យ៉ាង​ពូកែ​ប្លែក​ខុស​ពី​អ្នក​ដទៃ ។ មាន​ម្ដង​នោះ ពួក​ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​តា​ប្រធាន​ការដ្ឋាន​អណ្ដូង​រ៉ែ​ស្ពាន់ បាន​ឃើញ​ម៉ាស៊ីន​ដេរ​ថ្មី​មួយ​ទើប​ទិញ​មក​ពី​អាល្លឺម៉ង់ ។ ស្របក់​ក្រោយ​មក ប៉ូប៉ូវ​ បាន​ធ្វើ​ការ​រៀបរាប់​ឡើង​វិញ​ឲ្យ​មិត្តភក្តិ​ខ្លួន​ស្ដាប់​ពី​ម៉ាស៊ីន​ដេរ​នោះ ហើយ​ថែម​ទាំង​ពន្យល់​ពី​គោលការណ៍​ធ្វើ​សកម្មភាព​របស់​ម៉ាស៊ីន​នោះ​ទៀត​ផង» ។

ឥទ្ធិពល​នៃ​សៀវភៅ​មួយ

មុន​នឹង​ចូល​រៀន​មហាវិទ្យាល័យ ប៉ូប៉ូវ​ រៀន​នៅ​វិទ្យាល័យ​សាសនា ។ នៅ​ទី​នោះ កម្មវិធី​សិក្សា​ភាគច្រើន​គឺ​រៀន​ពី​ទេវវិទ្យា ទស្សនៈវិទ្យា និង​មុខវិជ្ជា​រូបិយ​ផ្សេងៗ​ទៀត ។ វិទ្យាសាស្ត្រ​ធម្មជាតិ​ស្ថិត​ក្នុង​អត្រា​ទាប​បំផុត ។

ថ្ងៃ​មួយ មិត្តភក្តិ​រួម​ថ្នាក់​របស់​ ប៉ូប៉ូវ គឺ​ កូរីនស្គី បាន​ឃើញ​ ប៉ូប៉ូវ​ កំពុង​លួច​អាន​សៀវភៅ​មួយ ។ សៀវភៅ​នោះ​គឺ​ជា​វណ្ណកម្ម​រូបវិទ្យា​របស់ ហាណូ ដែល​ទើប​នឹង​បាន​បកប្រែ​ចេញ​ជា​ភាសា​រុស្សី ។

កូរីនស្គី ​ឆ្ងល់​ក៏​សួរ​ថា «ហេតុ​អី​ឯង​អាន​សៀវភៅ​រូបវិទ្យា ហើយ​បែរ​ជា​ជក់ចិត្ត​មើល​អាន​សៀវភៅ​រឿង​ប្រលោម​លោក​ឣ៊ីចឹង ?» ។

ប៉ូប៉ូវ​ ឆ្លើយ​តប «ពិត​ណាស់​បង ! ជា​លើក​ដំបូង​ហើយ​ដែល​ខ្ញុំ​សម្គាល់​ឃើញ​ថា​អាន​សៀវភៅ​មួយ​វា​ទាក់ទង​អាម្មណ៍​ខ្ញុំ​យ៉ាង​នេះ ។ វា​បាន​ផ្ដល់​ចម្លើយ​យ៉ាង​ច្រើន​ដល់​ខ្ញុំ​ទៅ​នឹង​សំណួរ ហេតុអ្វី​ដែល​ខ្ញុំ​ចេះ​តែ​ខ្វាយខ្វល់​តាំង​ពី​ក្មេង​មក» ។ ឈប់​បន្តិច ប៉ូប៉ូវ​ និយាយ​បន្ត «ដាច់​ខាត​ខ្ញុំ​នឹង​ដើរ​តាម​មុខវិជ្ជា​វូបវិទ្យា​ហើយ​ណា កូរីនស្គី !» ។

សៀវភៅ​នោះ​បាន​ទាក់ទាញ​ទឹកចិត្ត​ ប៉ូប៉ូវ ​ឲ្យ​ស្រលាញ់​រូបវិទ្យា និង​បើក​ចេញ​បុព្វហេតុ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​របស់​ប៉ូប៉ូវ​នា​ពេល​អនាគត ។

និយាយ​តិច​តែ​ត្រូវ​ធ្វើ​ច្រើន

ពេល​ដែល ​ប៉ូប៉ូវ​ បាន​ក្លាយ​ទៅ​ជា​អ្នកវិទ្យាសាស្ត្រ​អគ្គិសនី ហើយ​ក្រោយ​ពី​សម្រេច​បាន​នូវ​ស្នាដៃ​ស្រាវជ្រាវ​ដ៏​មាន​តម្លៃ​ជាច្រើន​នោះ​មក អ្នកកាសែត​ទាំងឡាយ​ចង់​អញ្ជើញ​លោក​ឲ្យ​ចូលរួម​សហការ​សរសេរ​អត្ថបទ ។ តែ ​ប៉ូប៉ូវ ​តែងតែ​បដិសេធ ។ អ្នកប្រាជ្ញ​មួយ​រូប​នា​ជំនាន់​នោះ​គឺ ប៉េត្រូហ្វស្គី បាន​ធ្វើ​ការ​កត់​សម្គាល់​ពី​ ប៉ូប៉ូវ ​ថា «វា​មាន​មនុស្ស​ពីរ​ប្រភេទ ។ មនុស្ស​មួយ​ប្រភេទ​ចូលចិត្ត​ប្រកាស​ផ្សាយ​គំនិត​របស់​ខ្លួន ទោះ​ជា​គំនិត​នោះ​មិន​ទាន់​ត្រឹមត្រូវ​នៅ​ឡើយ​ក្ដី ។ មនុស្ស​ប្រភេទ​ទី​២ គឺ​ចូលចិត្ត​ស្ងៀមស្ងាត់ ធ្វើ​ការ​នៅ​បន្ទប់ ហើយ​បន្លឺ​សំឡេង​តែ​នៅ​ពេល​ដែល​ចាំបាច់​ប៉ុណ្ណោះ ។ ប៉ូប៉ូវ​ស្ថិត​ក្នុង​ប្រភេទ​ដាច់​ខាត​នៃ​ក្រុម​មនុស្ស​ទី​២» ។

ចរិត​សុភាព​រាបសា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​ការ​ធ្វើ​ពិសោធន៍​លើក​ដំបូង​បង្អស់​អំពី​ម៉ាស៊ីន​ទូរលេខ​នា​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​១៨៩៥ នៅ​សាលប្រជុំ​របស់​សមាគម​រូបវិទ្យា និង​គីមី​រុស្សី ។

នៅ​ពេល​ដែល​គេ​ស្នើ ​ប៉ូប៉ូវ ​វាយ​ទូរលេខ​ជា​លើក​ដំបូង​បង្អស់​នេះ ដើម្បី​ជា​អនុស្សាវរីយ៍​ដល់​ថ្ងៃ​កំណើត​ទូរលេខ ប៉ូប៉ូវ​ បាន​វាយ​ទូរលេខ​នូវ​ជួរ​អក្សរ «Heinrich Hertz» ឈ្មោះ​អ្នក​ដែល​បាន​រក​ឃើញ​សំឡេង​ក្នុង​អាកាស ។

ជ័យជម្នះ​ដំបូង​បង្អស់​នៃ​វិទ្យុ​ទូរលេខ (Telegram)

នាឆ្នាំ​១៨៩៩ នាវា​ចម្បាំង​អាប្រាសីន​ត្រូវ​ជាប់​កុន​នៅ​លលើ​វាល​ទឹក​កក ។ គេ​ត្រូវ​ការ​ឲ្យ​មាន​ការ​ទាក់ទង​ជា​ប្រចាំ​រវាង​នាវា​នេះ​ជាមួយ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​កូកាស ដែល​ស្ថិត​នៅ​ចម្ងាយ​ពី​គ្នា ៣០​គម ។ ដូចនេះ គ្មាន​មធ្យោបាយ​ណា​ផ្សេង​ក្រៅ​ពី​ការ​ប្រើ​វិទ្យុ​ទូរលេខ​នោះ​ឡើយ ។

ប៉ូប៉ូវ​ ត្រូវ​បាន​ចាត់​ឲ្យ​មក​រៀបចំ​កិច្ចការ​នេះ ។ លោក​បាន​ធ្វើ​ការ​ក្នុង​លក្ខណៈ​ដ៏​លំបាក​ក្នុង​តំបន់​ទឹក​កក ដើម្បី​ដំឡើង​បង្គោល​អង់តែន​កម្ពស់ ៦០​ម៉ែត្រ ។

ដោយសារ​ការ​ប្រឹងប្រែង​នោះ ទើប​ការ​ជួយ​សង្គ្រោះ​នាវា​អាប្រាសីន​បាន​សម្រេច​ដោយ​ជោគជ័យ ។ បន្ទាប់​ពី​ការ​ជួយ​សង្គ្រោះ​នាវា​អាប្រាសីន​មក រាល់​ការ​មន្ទិលសង្ស័យ​ពី​លទ្ធភាព​ឃោសនា​ដោយ​វិទ្យុ​ទូរលេខ​ត្រូវ​បាន​រលាយ​សាបសូន្យ​ទៅ ។

លោកគ្រូ​គំរូ​ម្នាក់

ពេល​ដែល​ ប៉ូប៉ូវ ​ត្រូវ​ចាត់តាំង​ឲ្យ​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​ប៉េទែរបួក៍ (Petersbourg) លោក​តែង​តែ​ចាត់​ទុក​ខ្លួន​ជា​មិត្ត​របស់​និស្សិត ។ លោក​មើល​ថែទាំ​និស្សិត​តាំង​ពី​ការ​ហូបចុក ស្នាក់នៅ និង​ការ​ធ្វើ​ដំណើរ​ទៅ​មក ។ ក្នុង​ការងារ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ លោក​តែង​យក​ចិត្ត​ទុក​ដាក់​ជួយ​លើក​មតិ​ផ្ដើម និង​លើក​ទឹកចិត្ត​និស្សិត​ឲ្យ​ចេះ​ខិតខំ​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង ។

រដ្ឋអំណាច ស្ដេច​ត្យារ រុស្សី​ចាត់​ទុក​អាកប្បកិរិយា​របស់​ ប៉ូប៉ូវ ​ជា​សកម្មភាព​បដិវត្តន៍ ។ ចៅហ្វាយ​ក្រុង​ប៉េទែរបួក៍​កោះ​ហៅ​លោក​មក​ស្ដី​បន្ទោស​ថា​លោក​បាន​បន្ធូរ​វិន័យ​បច្ចេកទេស​នៅ​ក្នុង​វិទ្យាស្ថាន ។

ប៉ូប៉ូវ​ឆ្លើយ​តប​វិញ​យ៉ាង​ធម្មតា​ថា «លោក​ចង់​ដក​ហូត​តំណែង​របស់​ខ្ញុំ​ក៏​ស្រេច​តែ​លោក​ចុះ ។ តែ​ចំណែក​ខ្ញុំ​វិញ ខ្ញុំ​មិន​អាច​ដើរ​ផ្ទុយ​ពី​ផលប្រយោជន៍​របស់​យុវជន​បាន​ឡើយ» ។

ពាក្យ​សម្ដី​ឆ្លើយឆ្លង​របស់​លោក​ជាមួយ​ចៅហ្វាយ​ក្រុង​នេះ បាន​នាំ​មក​នូវ​លទ្ធផល​យ៉ាង​អាក្រក់ ។ ដោយ​ការ​ខឹង​ចិត្ត​ខ្លាំង​ពេក ពេល​វិល​មក​ផ្ទះ​វិញ ប៉ូប៉ូវ ​ត្រូវ​ដាច់​សរសៃ​ឈាម​ខួរក្បាល ហើយ​ស្លាប់​មួយ​រំពេច ។

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

កែសម្រួលដោយៈMr365

Comments
Loading...