ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិពិធីសែនក្បាលទឹក

3,123

សែន​ក្បាលទឹក ឬ​ភាសា​ចិន​ហៅ​ថា 中元节 (Zhong Yuan Jie) ដែល​មាន​សេចក្តី​ជា​ខ្មែរ ស្រ​ដៀង​ទៅ​នឹង​បុណ្យ​ភ្ជុំ​ដូច្នោះ​ដែរ​នោះ និង​មានឈ្មោះ​មួយទៀត​ថា 鬼节 (gui jie) មាន​សេចក្តី​ថា​បុណ្យ​ខ្មោច ត្រូវ​បាន​ប្រជាជន​ចិន​យួន និង​ខ្មែរ​កាត់​ចិន ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​រំលង​នោះ​ទេ វា​ជា​ពិធីបុណ្យ​ធំ​មួយ​ផង​ដែរ​បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ចិន ឬ​បុណ្យ​និទាឃ​រដូវ (春节)​។

បុណ្យ​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ក្នុង​ខែ​៧​របស់​ចិន នៅ​ថ្ងៃ​១៤​កើត  សម្រាប់​បងប្អូន​ចិន កា​តាំង ហុកគៀន​.. តែ​សម្រាប់​បងប្អូន​ចិន​ទៀ​ជាវ​វិញ គឺ​គេ​ធ្វើ​នៅ​ថ្ងៃ ១៥​កើត ។ តែ​ដោយ​បងប្អូន​ខ្មែរ​យើង​កាត់​ទៅ​ខាង​ទៀ​ជាវ​ច្រើន ទើប​គេ​នាំ​គ្នា​ធ្វើ​ទាំង​ព្រម​គ្នា​ដោយ​កំណត់​ក្នុង​ប្រតិទិន​យក​ថ្ងៃ​១៥​កើត​ខែ​៧​ចិន​នេះ​ដូច​គ្នា​។

បុណ្យ​នេះ​គេ​មិន​បាន​រៀបចំផ្ទះ ទិញ​គ្រឿង​លំអរ​តាំង​ស្កេ​ក​ស្កះ​ដូច​ចូល​ឆ្នាំ​នោះ​ទេ គេ​គ្រាន់តែ​រៀបចំ​សែន​ជា​ធម្មតា ដែល​ចែក​ជា​ពីរ​ដង លើក​ទី​មួយ​នៅ​ពេល​ថ្ងៃ សែន​ដល់​កុងម៉ា ជីដូន​ជីតា ហើយ​លើក​ទី​ពីរ​នៅ​ពេល​ល្ងាច គឺ​សែន​ដល់​ខ្មោច​បិសាច​អនាថា ដែល​គ្មាន​ញាតិ គ្មាន​ផ្ទះសម្បែង ឬ​រក​ផ្ទះ​ញាតិ​មិនឃើញ​។

ជំនឿ​នៃ​ការ​សែន និង​សំណែន​ត្រូវ​បាន​ធ្វើ​តាម​ការ​ជឿ​ដោយ​រៀង​ៗ​ខ្លួន គ្រួសារ​ខ្លះ​គេ​សែន​ផ្លែ​ឈើ នំនែក​ពី​ព្រឹក ហើយ​ពេល​ថ្ងៃត្រង់​សែន​បាយ​សម្លរ​ម្តងទៀត​ក៏​សន្មត់​ថា​ចប់ ដោយ​មិន​សែន​ពេល​ល្ងាច​នោះ​ទេ តែ​គ្រួសារ​ខ្លះ​ក៏​សែន​ល្ងាច​ម្តងទៀត​តាម​ជំនឿ និង​ធនធាន​ដែល​ខ្លួន​មាន​។ បន្ទាប់​ពី​ការ​សែន​ព្រែ​ន​រួច​ហើយ គេ​នៅ​មាន​ដុត​បូជា​ក្រដាសសែន​ផ្សេង​ៗ មាន​លុយ មាសប្រាក់ សំលៀក​បំពាក់ និង​គ្រឿង​សែនក្រ​ដាស​ផ្សេង​ៗ​ទៀត មាន​តាំងពី​ប៉ា​ស្ព័​រ វី​សារ សំបុត្រ​យន្តហោះ រថយន្ត ផ្ទះ ។​ល​។ ហើយ​សុំ​ផ្សង​មក​វិញ នូវ​ពរ​ជ័យ សុខ​សប្បាយ និង​រកស៊ី​មានបាន​។

ក្នុង​ជំនឿ​ជនជាតិ​ចិន ខែ​៧​នេះ​គឺជា​ខែ​ខ្មោច (鬼月 gui yue) ដូច្នេះ​គេ​ហាម​ដាច់ខាត​អំឡុង​ខែ​នេះ មិន​ត្រូវ ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ ជួសជុលផ្ទះ​សម្បែង ទិញ​ផ្ទះ បើកហាង​លក់ដូរ និង​អាជីវកម្ម​ជា​ដាច់ខាត ព្រោះ​វា​អាច​នាំ​រឿង​មិនល្អ​សម្រាប់​អាជីវកម្ម​និង​គ្រួសារ​គេ​។

ទាំងនេះ​សុទ្ធតែ​ជា​ជំនឿ​មួយ​ក្នុង​ចំណោម​ជំនឿ​ចិន​យួន ដែល​មិន​មាន​ចែង​ក្នុង​ច្បាប់ក្រម​ទំនៀមទម្លាប់​ខ្មែរ​នោះ​ទេ តែ​ដោយហេតុ​ថា​ស្រុក​ខ្មែរ​យើង មាន​ចំរុះ​ជនជាតិ ​ជំនឿ​សាសនា និង​អបិយ​ជំនឿ រដ្ឋាភិបាល​មិន​បាន​ហាមឃាត់​នោះ​ឡើយ​។ វា​ក៏​ជា​រឿង​ល្អ​មួយ​ដែរ ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ស្ថេ​រ​ភាព​សង្គម និង​សន្តិសុខ​។ ម្យ៉ាងវិញទៀត វា​ក៏​ជា​ថ្ងៃ​ដែល​បងប្អូន ញាតិ​មិត្ត​បាន​ជួបជុំ​សែនព្រេន និង​សប្បាយ​រីករាយ​ផង​ដែរ បន្ទាប់​ពី​បែក​គ្នា​មួយ​រយៈ​ធំ​ឬ​តូច ទៅ​ប្រកប​របរ​រកស៊ី​ដោយ​រៀង​ៗ​ខ្លួន​នោះ ព្រោះថា​បន្ទាប់​ពី​សែនព្រេន​រួច រលត់​ធូប​មិន​ទាន់ សំណែន​ម៉ែឪ កុងម៉ា មុខតែ​ក្លាយជា​គ្រឿងក្លែម​ទៅ​វិញ​មិន​ខាន​។

បំណងល្អពីអេរើរីដេ៖ ពេលសប្បាយជួបជុំបងប្អូនភាគច្រើន តែងតែមានពិសារគ្រឿងស្រវឹង មិនថាតិចរឺច្រើន សូមពិសារដោយទទួលខុសត្រូវ បើស្រវឺងសូមកុំបើកបរ។

កែសម្រួលដោយៈ Mr365

Comments
Loading...