ជីវិត និងស្នាដៃរបស់ ហ្សូហាន ម៉ង់ដែល 1822-1884
ហ្សូហាន ម៉ង់ដែល ជាជាតិអូទ្រីស ។ លោកចាប់កំណើតក្នុងត្រកូលគ្រួសារកសិករដ៏ក្រីក្រ ។ ថ្វីបើជាសិស្សឆ្នើមពូកែម្នាក់ ក៏ប៉ុន្តែ ម៉ង់ដែល ពុំមានមធ្យោបាយរៀនឲ្យចប់ចុងចប់ដើមឡើយ ។ លោកត្រូវបួសជាបុព្វជិតដើម្បីបន្តការរៀនសូត្រ ។ បន្ទាប់ពីបានធ្វើជាគ្រូបង្រៀននៅវិទ្យាល័យក្រុងប្រឺណូ (ឆេកូស្លូវ៉ាគី) អស់ជាច្រើនឆ្នាំមក លោកបានបង្រៀនជំនាញខាងមុខវិជ្ជារូបវិទ្យា និងជីវវិទ្យា ។ ដោយការជក់ចិត្តក្នុងការស្រាវជ្រាវ ម៉ង់ដែលបានរកឃើញនូវក្រឹត្យក្រមមូលដ្ឋាននៃមុខវិជ្ជាវិទ្យាសាស្ត្រដ៏សំខាន់ ដែលនាពេលបច្ចុប្បន្នហៅថា «វិជ្ជាបង្កាត់ពូជ» ។ មនុស្សជំនាន់នោះពុំយល់ ហើយពុំជឿលើលទ្ធផលនៃការស្រាវជ្រាវពិសោធន៍របស់ ម៉ង់ដែលឡើយ ។ រហូតដល់ ១៦ឆ្នាំ ក្រោយមកទៀត ពេលដែលម៉ង់ដែលស្លាប់បាត់ទៅ ទើបវិទ្យាសាស្ត្រវិជ្ជាបង្កាត់ពូជត្រូវបានទទួលស្គាល់ ហើយពេលនោះ នរណាក៏រំលឹកដល់ម៉ង់ដែល ហើយចាត់ទុកថាជាអ្នកប្រាជ្ញដ៏មហិមានៅលើសកលលោក ។
ឲ្យតែមានចិត្តស្មោះចង់រៀន
យុវសិស្ស ហ្សូហាន ម៉ង់ដែល រៀនយ៉ាងពូកែ ។ ឪពុកម្ដាយលោកក៏មានមោទនភាពមិនតិចឡើយនឹងកូនប្រុសរបស់ខ្លួន ។ ក៏ប៉ុន្តែ ថ្ងៃមួយ ឪពុករបស់ម៉ង់ដែលបាននិយាយប្រាប់កូនដោយក្ដីទុក្ខព្រួយថា «ពុកម៉ែក្រណាស់ មិនអាចមានមធ្យោបាយណាដើម្បីឲ្យកូនបានបន្តការសិក្សាចប់ចុងចប់ដើមឡើយ !» ។
ម៉ង់ដែល ស្រលាញ់ឪពុកម្ដាយណាស់ ។ គាត់គិតពិចារណាមួយស្របក់ រួចនិយាយទៅកាន់ឪពុកវិញថា «កូនមានបំណងប្រាថ្នាតែមួយគត់ គឺការរៀនសូត្រ ប៉ុន្តែកូនមិនទុកឲ្យពុក និងម៉ែ ព្រួយបារម្ភទេ…» ។
ឪពុកម៉ង់ដែលសួរកូនទាំងឆ្ងល់ថា «បើកូនគ្មានលុយកាក់រៀនបន្តទៀត តើកូនត្រូវធ្វើយ៉ាងណាទើបបាន ?» ។ ម៉ង់ដែលឆ្លើយតបយ៉ាងដាច់ខាតថា «ឲ្យតែចង់រៀនដោយស្មោះ ប្រាកដជាអាចរកឃើញរបៀបរៀនមិនខានឡើយ» ។
បន្ទាប់មក ម៉ង់ដែលរកឃើញរបៀបរៀនពិសេសមួយ គឺរៀនតាម តីប្លេ ដ៏មហិមា ។ ម៉ង់ដែលក៏បានស្ម័គ្រចិត្តបួសជាបុព្វជិតដើម្បីបន្តការរៀនសូត្រ ។ ដោយសារករណីនេះ ម៉ង់ដែលក៏រៀនរហូតដល់ចប់មហាវិទ្យាល័យ ។
ចូលចិត្តរៀនសៀវភៅអ្វី ?
ក្រោយពីត្រូវបានតែងតាំងធ្វើជាគ្រូបង្រៀនសាលាព្រះរាជវង្សានុវង្សទីក្រុងប្រឺណូ ម៉ង់ដែលចូលចិត្តអានសៀវភៅក្រៃលែង ។ បានដំណឹងដូច្នេះ ថ្ងៃមួយព្រះសង្ឃរាជកាតូលិកតំបន់បានអញ្ជើញលោកមកសាកសួរពីសៀវភៅទេវវិទ្យាមួយចំនួនដែលទើបតែបោះពុម្ពផ្សាយ ។
ដោយឃើញ ម៉ង់ដែល ឆ្លើយយ៉ាងពិបាកនឹងសំណួររបស់ខ្លួន ព្រះសង្ឃរាជកាតូលិកងឿងឆ្ងល់ថា «យើងឮថា កូនឯងអានសៀវភៅច្រើនណាស់តើ ?» ។ ម៉ង់ដែលតបវិញដោយគោរពថា «ករុណា ពិតជាអញ្ចឹងមែនហើយ ។ តែខ្ញុំករុណាចូលចិត្តអានសៀវភៅអំពីគណិតសាស្ត្រ រូបវិទ្យា និងជីវវិទ្យាតែប៉ុណ្ណោះ !» ។
គណិតសាស្ត្រ ឬក៏ធម្មជាតិវិទ្យា ?
បន្ទាប់ពីការស្រាវជ្រាវអស់ជាច្រើនឆ្នាំ ម៉ង់ដែល បានចេញបង្ហាញមុខចំពោះមជ្ឈដ្ឋានវិទ្យាសាស្ត្រប្រឺណូ ជាមួយរបាយការណ៍ចំនួន ២ ស្ដីពីលទ្ធផលពិសោធន៍ពូជសណ្ដែក ។ ក៏ប៉ុន្តែ អ្នកស្ដាប់បានត្រឹមតែអង្គុយស្ងាបមិនឈប់ ។ គេមិនយល់ថាតើអ្នកនិពន្ធចង់និយាយពីអ្វីឡើយ តាមរយៈបណ្ដារូបមន្តដែលម៉ង់ដែលសរសេរនៅលើក្ដារខៀននោះ ។
នៅទីបំផុត ជនម្នាក់ងើបឡើងសួរ «សូមឲ្យខ្ញុំបានដឹងផង តើនេះជាគណិតសាស្ត្រ ឬក៏ធម្មជាតិវិទ្យា ?» ។ ម៉ង់ដែលឆ្លើយតបវិញ «នេះជាធម្មជាតិវិទ្យាផង ជាគណិតសាស្ត្រផង» ។
លោកអ្នកចេះដឹងនោះចំអកឡកឡឺយភ្លាម «បើអញ្ចឹងទេ សូមបំពាក់ជូនលោកកិត្តិនាម “អ្នកគណិតសាស្ត្រធម្មជាតិ”» ។ គេទាំងឡាយនាំគ្នាសើចគឹល ។ តែម៉ង់ដែលឆ្លើយតបវិញដោយស្មារតីរឹងប៉ឹង «លោកអាចនិយាយយ៉ាងណាក៏តាមតែចិត្តលោកចុះ ! តែខ្ញុំសូមអះអាងថា នេះជាក្រឹត្យក្រមដ៏សំខាន់បំផុតរបស់ធម្មជាតិ» ។
គេនាំគ្នាញាក់ស្មាមិនជឿសម្ដីនោះឡើយ ។ ហើយគ្មាននរណាម្នាក់ដែលមានមុខក្នុងសម័យប្រជុំនឹកស្មានដល់ថា សម្ដីដែលម៉ង់ដែលបាននិយាយទាំងអស់នោះ គឺជាការពិត ។
ដំណឹងសប្បាយមួយដែលមិនទន្ទឹងរង់ចាំ
ឆ្នាំ១៨៦៨…….. ទុកជាយ៉ាងណាក្ដី លទ្ធផលក្នុង ១១ឆ្នាំ នៃការពិសោធន៍ជាបន្តបន្ទាប់នៃការបង្កាត់ពូជសណ្ដែកហូឡង់របស់ម៉ង់ដែលត្រូវបានប្រកាស ។ ភាពព្រងើយកន្តើយរបស់មជ្ឈដ្ឋានវិទ្យាសាស្ត្រប្រឺណូ ពុំធ្វើឲ្យលោកនឿយណាយចិត្តឡើយ ។ ម៉ង់ដែលនៅសង្ឃឹមថា បណ្ដាអ្នកប្រាជ្ញធំៗនៅលើសកលលោកនឹងបានដឹង ហើយវាយតម្លៃដល់ស្នាដៃរកឃើញរបស់ខ្លួនមិនខានឡើយ ។ លោករង់ចាំដំណឹងដ៏សប្បាយមួយ……
ថ្ងៃមួយ មានភ្ញៀវម្នាក់មកដល់ផ្ទះលោកដោយចៃដន្យ «ខ្ញុំសូមជម្រាបជូនលោកនូវដំណឹងសប្បាយមួយ» ។ ភ្ញៀវនោះនិយាយរួច ហុចលិខិតមួយជូនម៉ង់ដែល ។
ម៉ង់ដែលភ័យផងអរផងក្នុងការទទួលលិខិតនេះ ។ តែលោកត្រូវអស់សង្ឃឹមទៅវិញនៅពេលដែលដឹងថា នោះគ្រាន់តែជាដំណឹងប្រាប់ថាលោកត្រូវបានជ្រើសតាំងឲ្យធ្វើជាប្រធានមណ្ឌលសាសនាប្រឺណូ ។ លោកនិយាយតបទៅភ្ញៀវទាំងទុក្ខព្រួយថា «សូមអរគុណលោក ! នេះពិតជាដំណឹងសប្បាយមួយ តែមិនមែនជាដំណឹងសប្បាយដែលខ្ញុំទន្ទឹងរង់ចាំឡើយ» ។
រហូតដល់ឆ្នាំ១៩០០ ទើបវណ្ណកម្មរបស់ម៉ង់ដែលត្រូវបានបណ្ដាអ្នកវិទ្យាសាស្ត្រ ហ៊ុយហ្គូតវ្រី (ហូឡង់) ឆែកម៉ានូវ (អូទ្រីស) និង កូរ៉ង់ (អាល្លឺម៉ង់) រកឃើញពីក្នុងគំនរធូលីបណ្ណាល័យ ហើយបានធ្វើឲ្យអ្នកនិពន្ធ ដែលកាលនោះស្លាប់បាត់ទៅហើយ តែបានក្លាយជាអមតៈវិញ ។
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ ចាន់ សុខហេង
កែសម្រួលដោយៈMr365