មូស្សូលីនី ជាអ្នកបង្កើតលទ្ធិ កលាបនិយម (Fascism) ដែលយើងមិនគួរលើកឡើងមកជាតួយ៉ាងសម្រាប់អ្នកសាងខ្លួនឡើយ ។ ប៉ុន្តែគេអាចរើសយកចំណុចល្អរបស់គាត់មកប្រើ ។
មូស្សូលីនី កើតនៅខែកក្កដា ឆ្នាំ១៨៨៣ ក្នុងត្រកូលក្រីក្របំផុត ធំឡើងឪពុកឲ្យរៀនឯសាលា បានទទួលរបាយការណ៍ពីគ្រូថា រៀនពូកែណាស់ ។ តែឪពុកម្ដាយពុំមានប្រាក់គ្រប់គ្រាន់នឹងបង់ថ្លៃសិក្សាតទៅទៀត ទើបបានធ្វើពាក្យសុំអង្វរកចំពោះសាលាធិការ សុំឲ្យមូស្សូលីនី បានសិក្សាដោយមិនបាច់បង់ថ្លៃសាលា ។ តែសាលាធិការពុំយល់ព្រម មូស្សូលីនីក៏ត្រូវឈប់រៀន មករកស៊ីចិញ្ចឹមជីវិតជាមួយឪពុកម្ដាយ ។ កាលអាយុបាន២០ឆ្នាំ អស់ផ្លូវរកស៊ីចិញ្ចឹមជីវិតក្នុងប្រទេស អ៊ីតាលី ក៏នីរទេសខ្លួនឯងទៅកាន់ប្រទេសស៊្វីស និងរកសុំការធ្វើដោយឥតរើសថាជាមុខការដូចម្ដេចឡើយ ។ ទីបំផុត រកការធ្វើពុំបានទាល់តែសោះ ហើយក៏ត្រូវធ្លាក់ខ្លួនទៅជាមនុស្សសុំទាន គ្រាន់តែបានកំណាត់នំប៉័ងបន្តិចបន្តួចដើម្បីបន្តជីវិតទៅទៀត ប៉ុណ្ណោះ ។ ដេកនៅតាមថ្នល់ តាមសំយាបផ្ទះ ឬក៏ក្រោមស្ពាន តាមតែដូចម្ដេចឲ្យតែបានរស់នៅសិន ។ ទីបំផុតក៏បានចូលទៅធ្វើការនៅក្នុងសារព័ត៌មានខាងពួក សង្គមនិយម ។ ពុំដឹងជាសរសេររឿងទំនាស់អ្វី ក៏ស្រាប់តែត្រូវរដ្ឋាភិបាលស៊្វីសចាប់ខ្លួនបញ្ជូនទៅប្រទេសអ៊ីតាលី វិញ ។
អ្នកសរសេររឿងមូស្សូលីនី បានវែកញែកថា គុណសម្បត្តិដែលនាំមូស្សូលីនីទៅកាន់ភាពជាធំបាននោះ គឺភាពជាអ្នកមាំទាំមិនព្រមចុះចាញ់ចំពោះការលំបាកតោកយ៉ាកក្នុង ជីវិត និងប្រើពេលវេលាគ្រប់នាទីដែលមាន សម្រាប់សិក្សាអប់រំខ្លួនឯង ។ ព្រោះគ្មានឱកាសបានចូលទៅសិក្សាក្នុងមហាវិទ្យាល័យដូចជនទាំងឡាយ ដទៃ ។ សេចក្ដីព្យាយាមទាំងនេះឯងជាហេតុឲ្យមូស្សូលីនី មានការចេះដឹង និងតែងអត្ថបទផ្សេងៗបានល្អប្រសើរ ។
កាលត្រលប់មកប្រទេសអ៊ីតាលីវិញ ក៏រកស៊ីចិញ្ចឹមជីវិតខាងធ្វើកាសែតក្នុងតំណែងតាំងពីតូចបំផុត រហូតដល់ធំបំផុត និងបានជាម្ចាស់សារព័ត៌មានមួយដោយខ្លួនឯង ហើយក៏បានបក្សពួកច្រើនឡើងៗ រហូតដល់ទីបំផុតក៏បានជាសមាជិកក្នុងរដ្ឋសភា ។
សង្គ្រាមលោកលើកទី១កន្លងទៅ ការគ្រប់គ្រងប្រទេសអ៊ីតាលី ច្របូកច្របល់វឹកវរក្រៃលែង ព្រោះរដ្ឋាភិបាលមិនអាចបង្ក្រាបពួក បូលស្ហេវិគ (Bolchévic) និងកុម្មុយនិស្ត ដែលផ្សាយលទ្ធិ និងធ្វើការលំបាកឲ្យដល់ប្រទេសអ៊ីតាលី ក្នុងវេលានោះយ៉ាងក្រៃលែង ។ គ.ស១៩២២ អាយុបាន៣៩ឆ្នាំ មូស្សូលីនី ឃើញថាគណៈរដ្ឋមន្ត្រីចាស់អស់សមត្ថភាពហើយ ទើបត្រៀមបក្សពួករបស់ខ្លួនដើម្បីរំលំគណៈរដ្ឋាភិបាលចាស់ចេញ និងចូលកាន់កាប់កិច្ចការរដ្ឋដោយខ្លួនឯង ។ គណៈរដ្ឋមន្ត្រីចាស់បាននាំរឿងនេះចូលក្រាបបង្គំទូលព្រះបាទ វិគទ័រ អេម៉ានុយអែល (Victor Emmanuel) សុំឲ្យទ្រង់ឡាយព្រះហស្តលេខាជាព្រះបរមរាជឱង្ការថា មូស្សូលីនីក្បត់ ព្រោះបើបានព្រះបរមឱង្ការនេះហើយ ក៏នឹងប្រើកម្លាំងទ័ពចាប់ខ្លួនមូស្សូលីនី និងបក្សពួក ។ តែព្រះបាទវិគទ័រ អេម៉ានុយអែល ទ្រង់ព្រះតម្រិះវៃ ពុំព្រះសណ្ដាប់ពាក្យថ្វាយនោះ និងពុំទ្រង់ឡាយព្រះហត្ថលេខាលើសេចក្ដីប្រកាសនោះ ។ គណៈរដ្ឋមន្ត្រីចាស់ក៏ត្រូវលាចេញ ។ មូស្សូលីនី និងពួករបស់ខ្លួន ក៏ចូលជំនួសឡើង ។ កិច្ចការរដ្ឋរបស់ប្រទេសអ៊ីតាលី ក៏ប្រសើរឡើងមួយរំពេច លទ្ធិបុលស្ហេវិគ និងកុំម្មុយនស្ត ក៏ត្រូវបានបង្ក្រាបរាបទៅអស់ ។ ការគ្រប់គ្រងក៏ចាត់របៀបរៀបរយយ៉ាងប្រសើរ គ្រប់ក្រសួងរាជការនានា ក៏ធ្វើការយ៉ាងរៀបរយ និងប្រឹងប្រែងផ្ទុយស្រឡះពីកាលមុនមូស្សូលីនីឡើងកាន់ការ ។ មានដំណាលថា មុនពេល មូស្សូលីនី ឡើងកាន់អំណាចនោះ បើសិនជាអ្នកណាម្នាក់ត្រូវការនិយាយទូរស័ព្ទទៅកាន់អ្នកដែលគេអាច ដើរទៅដល់បានក្នុងវេលា២០នាទី ដើរទៅតែម្ដងល្អជាង ព្រោះក្រៅពីយឺត និងភ្ជាប់លេខឲ្យខុសៗ ហើយជួនកាលវេលាសុំតទូរស័ព្ទនោះ បានឮសំឡេងនាងប្រចាំការនោះច្រៀងឲ្យស្ដាប់ជំនួសការភ្ជាប់ឲ្យតាម ការស្នើសុំ ។ តែនៅថ្ងៃដែលមូស្សូលីនី ឡើងកាន់អំណាចនោះ អំពើឧបទ្រពទាំងនោះក៏រលាយបាត់ទៅភ្លាម ។ មានអ្នកគំនូរបារាំងម្នាក់នៅសម័យនោះ បានគូរជារូបប្រៀបធៀបជាបន្ទប់ពីរ បន្ទប់មួយនិយាយពីភាពភ្នាក់ងាររាជការផ្សេងៗធ្វើការ ខ្លះដេកលក់ ខ្លះចង់ស្រី ពីកាលមុនមូស្សូលីនីឡើងកាន់អំណាច ។ បន្ទប់មួយទៀត និយាយពីភាពក្នុងពេលដែលមូស្សូលីនីឡើងកាន់អំណាច ភ្នាក់ងាររាជការគ្រប់រូបប្រឹងប្រែងខ្មីឃ្មាតក្នុងកិច្ចការយ៉ាង ស្វាហាប់ ។
មូស្សូលីនី ចូលដល់អវសាននៃជីវិត ដោយត្រូវដោតឆ្កាងដោយកងទ័ពសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ ដោយបន្សល់ទុកនូវអារម្មណ៍ដ៏សំខាន់ៗជាច្រើនដល់អ្នកសិក្សា ប្រវត្តិសាស្ត្រ ៕
ដោយ ស៊ា ប៊ុនភេង សៀវភៅសាងខ្លួនឯង
កែសម្រួលដោយៈMr365