ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ជីវិត និង​ស្នាដៃ​របស់ អេវ៉ារីស្ត ហ្គាឡ័រ 1811-1832

1,996

អេវ៉ារីស្ត ហ្គាឡ័រ ជា​គណិតវិទូ​បារាំង ។ កាលពី​នៅ​កុមារ ការ​រៀនសូត្រ​របស់​លោក​មិន​បង្ហាញ​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​ឆ្នើម​ពេក​ឡើយ ។ ក្រោយ​ពី​ត្រូវ​ប្រលង​ចូល​សាកលវិទ្យាល័យ​ធ្លាក់​ចំនួន​​ដង ហ្គាឡ័រ​បាន​សុំ​ចូល​រៀន​សាលា​គរុកោសល្យ ។ ដល់​ឆ្នាំ​១៨៣០ ទើប​លោក​បាន​ចូល​រៀន​សាកលវិទ្យាល័យ និង​ចូល​រួម​ក្នុង​ចលនា​កុម្មុយនីស្ត​បន្ទាប់​ពី​បដិវត្តន៍​ខែកក្កដា ។

ក្នុង​ឆាកជីវិត​ធ្វើ​សកម្មភាព​វិទ្យាសាស្ត្រ​ដ៏​ខ្លី​របស់​ខ្លួន ហ្គាឡ័រ​បាន​សរសេរ​ស្នាដៃ​ពិជគណិត​ដ៏​មាន​តម្លៃ​ជាច្រើន ។ ស្នាដៃ​ទាំងនេះ រហូត​ដល់​ពេល​លោក​ស្លាប់​បាត់ ​ទើប​គេ​បាន​ដឹង ហើយ​ឲ្យ​តម្លៃ​យ៉ាង​ខ្ពស់ ។

ឆ្នាំ​១៨៣២ ដោយ​រឿង​ការពារ​កិត្តិយស លោក​ត្រូវ​គូប្រកួត​សម្លាប់​ក្នុង​ការ​ប្រកួត​ដាវ ។ តែ​មុន​ពេល​ស្លាប់ ហ្គាឡ័រ​បាន​បន្សល់​ទុក​ឲ្យ​មនុស្សជាតិ​នូវ​ស្នាដៃ​ពិជគណិត​ដ៏​មហិមា ។

ប្រសិនបើ​នៅ​លើ​លោក​នេះ​គ្មាន​ស្ដេច

កាល​នៅ​សិក្សា​ក្នុង​វិទ្យាល័យ ប្អូន​យុវសិស្ស ហ្គាឡ័រ​ ស្អប់​មុខ​វិជ្ជា​ប្រវត្តិសាស្ត្រ​ជាង​គេ ។ ឲ្យ​តែ​ដល់​ម៉ោង​រៀន​ប្រវត្តិសាស្ត្រ គឺ​ហ្គាឡ័រ​ទទួល​អារម្មណ៍​ដូច​ខ្លួន​ត្រូវ​រង​ទារុណកម្ម​អញ្ចឹង ។ ប្អូន​មិន​អាច​ចាំ​ឲ្យ​អស់​នូវ​ថ្ងៃ ខែ ឆ្នាំ ឡើង​សោយរាជ្យ​របស់​ស្ដេច​អង្គ​នេះ ស្ដេច​អង្គ​នោះ ក៏​ដូច​ជា​រៀន​មិន​ចេះ​ចាំ​នូវ​ទំព័រ​មេរៀន​ដ៏​វែង​ឆ្ងាយ​ស្ដីពី​សង្គ្រាម​រវាង​ប្រទេស​នេះ​នឹង​ប្រទេស​នោះ​ឡើយ ។

ថ្ងៃ​មួយ លោកគ្រូ​បង្រៀន​មុខវិជ្ជា​ប្រវត្តិសាស្ត្រ​ខឹង​ច្រឡោត​ស្រែក​ស្ដី​ថា «ហ្គាឡ័រ ! ប្អូន​មិន​ចាំ​មេរៀន​ទៀត​ហើយ ។ ប្អូនឯង​ត្រូវ​តែ​ចម្លង ១០០​ចប់​ត្រង់​កន្លែង​និយាយ​ពី​ព្រះរាជា​ស្សាក» ។

កុមារ​ស្រពាប់ស្រពោន ត្អូញត្អែរ​ជាមួយ​មិត្តភក្តិ «ឱ​លោក​អើយ ! បើសិន​ជា​លើ​លោក​នេះ កុំ​មាន​ស្ដេច​នុ៎ះ​…» ។

ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​លោកគ្រូ​មុខវិជ្ជា​ដទៃ​ទៀត​បាន​វាយតម្លៃ​ហ្គាឡ័រ​យ៉ាង​ទាប​នោះ លោកគ្រូ​បង្រៀន​ពិជគណិត រីសា បែរ​ជា​អ្នក​រក​ឃើញ​ក្នុង​ខ្លួន​កុមារ​នេះ​នូវ​ទេពកោសល្យ​កម្រ​មាន​ខាង​ពិជគណិត ។ លោកគ្រូ រីសា បាន​ណែនាំ​ហ្គាឡ័រ​អស់​ពី​ចិត្ត​ពី​ថ្លើម ហើយ​នោះ​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ពូនជ្រុំ​នូវ​ទេពកោសល្យ​ពិជគណិត​របស់​ហ្គាឡ័រ​នាពេល​អនាគត ។

សេចក្ដីព្រាង​នៅ​ក្នុង​គុក

ហ្គាឡ័រ​ជា​អ្នកគណិតសាស្ត្រ ទន្ទឹម​នឹង​នោះ​ជា​អ្នក​បដិវត្តន៍​មួយ​រូប ។ លោក​ជា​អ្នក​សកម្ម​បំផុត​ក្នុង​ការ​រៀបចំ​ធ្វើ​បាតុកម្ម​ខែ​ឧសភា ឆ្នាំ​១៨៣០ ជំទាស់​នឹង​រដ្ឋាភិបាល​មូលធន​ប្រតិកិរិយា​និយម​បារាំង ។ ហេតុ​នោះ​ហើយ លោក​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ក្នុង​គុក​ចំនួន​២​ដង ។ មាន​ម្ដង​នោះ ក្រោយ​រយៈ​ពេល​១០​ថ្ងៃ ដែល​ត្រូវ​ជាប់​គុក នាយឆ្មាំ​គុក​បាន​មក​បើ​ទ្វារ​ដោះលែង​លោក​ចេញ ស្រាប់​តែ​ឃើញ​លោក​កំពុង​ដេក​វារ​សរសេរ​តួលេខ​ពាស​ពេញ​នៅ​លើ​ឥដ្ឋ ។ ឃើញ​ឆ្មាំគុក​ចូល ហ្គាឡ័រ​ប្រញាប់​ស្រែក​ភ្លាត់​សំឡេង «កុំ​អាល​អី ! ខ្ញុំ​ត្រូវការ​នៅ​ទីនេះ​ថែម ២-៣​ម៉ោង​ទៀត !» ។

ការ​ពិត​អ្នកគណិតសាស្ត្រ​យើង​ទុក​ជា​ត្រូវ​ជាប់​គុក ក៏​នៅ​តែ​មិន​អាច​ផ្ដាច់​ចេញ​បាន​ពី​បណ្ដា​តួលេខ​ឡើយ ។ គឺ​ក្នុង​ករណី​នេះ​ដែល​លោក​បាន​សម្រេច​ជា​ស្ថាបពរ​ស្នាដៃ «របៀប​ស្រាយ​បំភ្លឺ​ទូទៅ​បណ្ដា​សមីការ» ដែល​បច្ចុប្បន្ន​យើង​ហៅ​ថា «ទ្រឹស្ដីបទ​ហ្គាឡ័រ» ។

៦០​ទំព័រ​អមតៈ

រឿងហេតុ​ដែល​កើត​ឡើង​ចំពោះ​បញ្ហា​ជាប់​គុក​យ៉ាងណា​នោះ គ្មាន​នរណា​ដឹង​ច្បាស់​ឡើយ ។ គេ​គ្រាន់​តែ​បាន​ដឹង​ថា ក្នុង​លិខិត​ចុងក្រោយ​បង្អស់​ចារ​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​១៨៣២ ផ្ញើ​ចំពោះ​បណ្ដា​អ្នកបដិវត្តន៍ ហ្គាឡ័រ​បាន​សរសេរ​ថា «សូម​មិត្ត​ទាំងអស់​កុំ​បន្ទោស​ខ្ញុំ ។ ពួក​សត្រូវ​វា​បាន​រករឿង​ខ្ញុំ ហើយ​ខ្ញុំ​ត្រូវ​តែ​យក​ឈាម​ដើម្បី​ការពារ​កិត្តិយស​…» ។

នៅ​យប់​មុន​ថ្ងៃ​កើត​រឿង​ប្រកួត​ដាវ ហ្គាឡ័រ​បាន​ភ្ញាក់​ពេញ​មួយ​យប់​ដើម្បី​សរសេរ​សេចក្ដីព្រាង ៦០​ទំព័រ ។ ក្នុង​ចំណោម​ទំព័រ​ដែល​សរសេរ​ក្រវេមក្រវាម​នោះ យូរៗ​ម្ដង​មាន​ចន្លោះ​ឃ្លា «ខ្ញុំ​គ្មាន​ពេល​វេលា​ទៀត​ទេ !» បាន​ដោះស្រាយ​យ៉ាង​ពេញ​លេញ​នូវ​បញ្ហា​មួយ​ដែល​បាន​ធ្វើ​ឲ្យ​បែក​ខួរ​បណ្ដា​អ្នកប្រាជ្ញ​គណិតសាស្ត្រ​រាប់​សតវត្ស​មក​ហើយ​នោះ «ក្នុង​បណ្ដា​ករណី​ណា​ដែល​សមីការ​ពិជគណិត​កម្រិត​ខ្ពស់​ពី​៥​ឡើង​ទៅ​អាច​នឹង​ស្រាយ​បំភ្លឺ​បាន» ។

ដោយ​ដឹង​ច្បាស់​ថា ខ្លួន​ប្រាកដ​ជា​ស្លាប់ អ្នកគណិតសាស្រ្ត​វ័យ​ក្មេង​យើង បាន​ចំណាយ​ពេល​វេលា​ចុង​ក្រោយ​នៃ​ជីវិត​ខ្លួន​កត់ត្រា​ទុក​វិញ​នូវ​ស្នាដៃ​ច្នៃប្រឌិត​របស់​ខ្លួន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

កែសម្រួលដោយៈMr365

 
Comments
Loading...