ធ្លាប់ដឹង ប្រវត្តិនំបញ្ចុក របស់យើងនៅ?
ប្រវត្តិនំបញ្ចុក ភាពមិនច្បាស់លាស់នៃប្រវត្តិនំបញ្ចុក មានមតិជាច្រើនបានរៀបរាប់ខុសៗគ្នា តែភាគច្រើន វាការរៀបរាប់បែបជារឿងព្រេងនិទាន ដូចជារឿងធនញ្ជ័យ យើងខ្ញុំសូមធ្វើការបដិសេធន៍ មិនលើកយករឿងធនញ្ជ័យមកធ្វើជា អំណះអំណាងស្តីពីប្រវត្តិនំបញ្ចុក ព្រោះអ្វីដែលយើងខ្ញុំកត់សម្គាល់ គឺឈ្មោះនិងពេលវេលាដែលកើតឡើង មានន័យថា តើរឿងនេះនិពន្ធឡើងនៅឆ្នាំណា…? ហេតុអីក៏គេនិយាយពីស្តេចស្រុកចិន ? ព្រោះឈ្មោះប្រទេសចិន វាទើបតែកើតឡើងមួយរយឆ្នាំក្រោយនេះទេ គឺចាប់ផ្តើមពីកាលដួលរលំនៃរបបម្ចាស់ក្សត្រី ឆឺស៊ី នៅរាជ្ជកាលឆេង ពេលនោះមានបដិវត្តន៍មួយកើតឡើងនៅឆ្នាំ1911 ដែលដឹកនាំដោយលោកបណ្ឌិតស៊ុនយ៉ាតសេន បានបញ្ចប់ការគ្រប់គ្រងរបស់រាជវង្សឆេង ដូច្នេះបើនិយាយពីឈ្មោះប្រទេសចិននោះ វាមិនមាននៅឡើយទេ និយាយឲ្យងាយយល់ រឿងធនញ្ជ័យប្រហែលជាកើតក្នុងសម័យក្រោយសម័យបារាំងក៏អាចថាបាន គឺក្រោយពេលមានឈ្មោះប្រទេសចិន (chine) យើងអាចចោទជាសំនួរថា “ តើនំបញ្ចុកមានអាយុកាលប៉ុន្មានឆ្នាំដែរទៅ ? “ រឿងនេះនៅមិន ទាន់មានការកំណត់ឲ្យបានជាក់លាក់នៅឡើយទេ។ ភ្ជាប់ជាមួយរឿងធនញ្ជ័យនេះ តាមយើងខ្ញុំយល់ គឺអ្នកនិពន្ធជំនាន់នោះ គ្រាន់តែចង់បញ្ជាក់ថា នំបញ្ចុកគឺជានំរបស់ខ្មែរ មិនមែនជានំរបស់ចិន ដូចដែលជនជាតិថៃហៅនោះទេ ប៉ុន្តែយើងមិនបានដឹងថា ហេតុអីក៏ជនជាតិថៃ គេហៅនំបញ្ចុកថាជានំចិន ?
រឿងនេះបានធ្វើឲ្យអ្នកស្រាវចង់ដឹងពីប្រវត្តិពិត ហើយជនជាតិថៃក៏បានស្រាវជ្រាវមកឃើញថា នំចិនដែលពួកគេហៅនោះ មិនមែនជានំរបស់ជនជាតិចិននោះទេ ដូចជាអ្វីដែលយើងខ្ញុំបានរៀបរាប់ ឈ្មោះចិននេះ ទើបតែមានប្រហែលជា១រយឆ្នាំប៉ុណ្ណោះ រីឯនំបញ្ចុកឬក៏នំចិននេះវិញ វាប្រហែលជាមានអាយុរាប់រយឆ្នាំផងក៏មិនដឹង ដូច្នេះហើយទើបបានការស្រាវជ្រាវថ្មី បញ្ជាក់ថា ខ្នុមចិនរបស់ថៃ មានដើមកំណើតមកពីជនជាតិមន ព្រោះនៅស្រុកមន ក៏មាននំប្រភេទនេះដែរ តែគេមិនបានហៅខ្នុមចិនចំៗទេ គេហៅ ” คนอมจิน “,“ ខុមអុមចិន” ហើយក្លាយមកជា “ ខ្នុមចិន “ ចិនជាភាសាមន តែមិនប្រទេសចិន ដូចជាយើងយល់នោះទេ ” ចិន,ចីន” ក្នុងភាសាមន ប្រែជាភាសាមកមកថៃ មានន័យថា “ សុក “ ប្រែជាខ្មែរថា ” ឆ្អិន “ ជនជាតិថៃគេយល់ថា វាមានដើមកំណើតពីជនជាតិមន តែពួកគេនៅមិនទាន់ប្រាកដថា នំប្រភេទនេះ មានប្រភពមកពីណានោះទេ ព្រោះគេបានដឹងថា នៅដែនដីសុវណ្ណភូមិមួយនេះ មានប្រទេសដែលមាននំប្រភេទនេះដែរ គឺប្រទេសស្ថិតនៅក្នុងតំបន់ដែលមានដូចជា ៖ ខ្មែរ ថៃ ឡាវ ភូមា ជាដើម ហើយនំមួយប្រភេទនេះត្រូវគេបានដាក់ឈ្មោះខុសៗគ្នា នៅស្រុកខ្មែរហៅនំបញ្ចុក នៅស្រុកថៃ គេហៅ ខ្នុមចិន ឡាវហៅថា ខោពុន នៅភូមា(មីយ៉ាន់ម៉ា) គេហៅ នំមន តែម្តង។ សម្រាប់ស្រុកខ្មែរវិញ ពាក្យថានំបញ្ចុកមានមតិជាច្រើននិយាយខុសគ្នាថា “ បញ្ចុក “ មានន័យថា “ បញ្ចុកចំណី “ ឬក៏មកពីការផ្សំគ្នារវាងពាក្យថា “ ប៉ែន+ចុក “ តែវាក៏ប្រែប្រួលទៅតាមកាលសម័យ ទើបក្លាយទៅជាពាក្យ ” បញ្ចុក “ តែបើទស្សនៈមួយទៀត គេបែរជាយល់ថា វាកើតឡើងពីពាក្យវៀតណាម ព្រោះថាពាក្យជាច្រើន ដែលគេប្រើច្រើននាំមុខ ដោយពាក្យថា ” បាញ់ “ ដែលភាសាវៀតណាមមានន័យថានំដែរ ដូចជា នំបាញ់់ហយ, នំបាញ់់ឆែវ,នំបាញ់ស៊ុង..បបរបាញ់កាញ់,បាញ់ជ្រនឿក,បាញ់ឌុក(បង្អែម)ជាដើម។
ប៉ុន្តែក្នុងភាសាខ្មែរ “ បញ្ចុក “ វាត្រូវបានកម្លាយតាមផ្នត់ដើម ទំរង់ [ព.ស.ព-] ឧទាហរណ៍ ៖ [ប.ញ-]ចូល > បញ្ចូល , ចេញ > បញ្ចេញ , ចុក >បញ្ចុក បញ្ចុក (កិ) ធ្វើឲ្យមូលផ្តុំ ច្រកចូលក្នុងអ្វីមួយឧទាហរណ៍ ៖ ម្តាយបញ្ចុកបាយកូន , ចាបបញ្ចុកចំណី (គឺច្រកចំណីអាហារចូលមាត់)ពាក្យនេះគេប្រើតែចំពោះតែការបញ្ចុកចំណីតែប៉ុណ្ណោះ យើងមិនសូវឮគេប្រើពាក្យនេះ ជាមួយវត្ថុទេ ប៉ុន្តែពាក្យនេះត្រូវជនជាតិ ថៃយកទៅប្រើ ដោយប្តូរសំនៀងដើមទៅជា(បញ្ជុក,បាញ់ជុក) តែអត្ថន័យវានៅដដែល គឺការច្រករបស់ចូលទៅក្នុងអ្វីមួយ ឧទាហរណ៍ ៖ គេបញ្ចុកនំចូលថង់ ពាក្យខាងលើនេះ វាមានន័យគ្រប់គ្រាន់ ចំណែកអ្វីដែលយើងគិតថា វាក្លាយចេញពីពាក្យយួននោះ ប្រហែលជាអាច ឬក៏មិនអាច គឺមានន័យថា ការប្រើប្រាស់ធ្វើឲ្យយើងយល់ច្រឡំ អាចថាខ្ចីគ្នាប្រើ ដោយមិនដឹងខ្លួន ឬមួយក៏ជារឿងចៃដន្យ ដែលមានពាក្យដូចគ្នា យើងខ្ញុំសូមលើកពាក្យមួយដែលមានភាពចៃដន្យ ហើយយើងមិនបានចាប់អារម្មណ៍ គឺពាក្យ ” នាម ” (បាលីសំស្ក្រឹត) នឹងពាក្យអង់គ្លេស Name មានន័យដូចគ្នា គឺ N = ន , a =ា, me = ម . គឺមានន័យថា ឈ្មោះ យើងសាកគិតមើល តើវាអាចទាក់ទងគ្នាយ៉ាងម៉េច ?យើងងាកមកស្វែងយកពីដើមកំណើតនំបញ្ចុកបន្តទៀត តាមអត្ថបទរបស់អ្នកនិពន្ធ កែវ ច័ន្ទបូរណ៍ បានយកតាមរឿងព្រេងនិទាន ដែលទាក់ទងនឹងប្រវត្តិនំបញ្ចុក មានសេចក្តីដំណាលថា នៅនគរធារាធិបតី (តំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អ ដូចគេដទៃទៀតបាន។ ស្រូវវារ ជាស្រូវដែលផ្តល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិច ពេលបុកសម្រិតរួចហើយ។ ដោយសារអង្ករនោះរឹងពេក ដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំឲ្យមានជាតិទន់បន្តិច ដើម្បីបរិភោគស្រួលទំពារ ណាមួយនៅតំបន់ដែលគាត់រស់នៅសំបូរត្រីផង ទើបនាំគ្នាប្តីប្រពន្ធបង់ត្រីមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ ។ ម៉្យាងទៀត អង្ករស្រូវ ជាអង្ករដែលអ្នកស្រែ អាចយកមកធ្វើជានំបញ្ចុកបានល្អ ហើយបានច្រើនចំនួនជាងអង្ករស្រូវស្រែធម្មតាទៀតផង។ថ្ងៃមួយនារដូវប្រាំង ទំនេរពីការងារនៅស្រែអ្នកស្រែជាប្រពន្ធបានបុកអង្ករស្រូវ បានបែកគំនិតយកអង្ករស្រូវ ធ្វើជានំសរសៃ ចាប់ជាចង្វាយ រួចហើយក៏ស្រូបនឹងទឹកសម្លប្រហើរត្រីឆ្អើរ ដាក់ប្រហុក ខ្ទិះដូង ថែមល្បោយបន្លែ ដែលគាត់បេះបាននៅតាមវាលស្រែ គាត់បានប្រតិស្ឋនាមឲ្យនំនោះថា នំសរសៃស្រូវ។ លុះចាស់ជរាអ្នកស្រែទាំងពីរនាក់ប្តីប្រពន្ធមិនអាចធ្វើស្រែបាន គាត់ក៏ដូរមុខរបរមករែកនំលក់នំបញ្ចុកលក់ នៅថ្ងៃមួយមានរាជកុមារវ័យប្រមាណ៧វស្សា នាំពលសេនាជិះសេះដើរលេងនៅតាមស្រុកភូមិ បានប្រទះឃើញអ្នកស្រុកចោមរោម អ្នកស្រែលក់នំសរសែស្រូវ ហើយអួតថាឆ្ងាញ់ក៏ចង់សាកមើល តែដោយគេឆីនំសរសែស្រូវ នឹងម្រាមដៃ ទើបរាជកុមាររារែកចិត្តមិនហ៊ានសាកល្បង ព្រោះខ្លាចប្រឡាក់ដៃ។ រីឯអ្នកស្រែទាំងពីរ កាលបើបានដឹងថា រាជកុមារចង់សោយនំរបស់ខ្លួន ក៏ទូលសុំឲ្យស្នំឯកដែលជាមេដោះរបស់រាជកុមារយកដៃចាប់នំសរសៃស្រូវ បញ្ចុករាជកុមារយើង។ នៅពេលរាជកុមារយាងត្រឡប់ទៅរាជវាំងវិញ តែងទទូចឲ្យព្រះមាតាតាមរកទិញ“ នំដែលស្នំបញ្ចុក “ ដោយសារខ្ជិលដេញស្នំឲ្យរត់ទៅទិញនំពីអ្នកស្រែរៀងរាល់ព្រឹក ព្រះរាជមាតាក៏បញ្ជាឲ្យសេនាទៅគាស់ហៅអ្នកស្រែទាំងពីរនាក់ប្តីប្រពន្ធ មកធ្វើនំសម្រាប់រាជកុមារសោយប្រចាំរាជវាំង ។
ក្រោយមកឈ្មោះ “ នំសរសៃស្រូវ ” ក៏លែងមាននរណាហៅតទៅទៀតដែរ។ គេទម្លាប់នាំគ្នាហៅថា“ នំដែលស្នំបញ្ចុក ” ជាជំនួសវិញ យ៉ាងប្រជាប្រិយ យូរក្រោយមកទៀត ក៏ត្រូវគេហៅកាត់ៗ ខ្លីៗថា “នំបញ្ចុកៗ” បន្តរៀងរហូតមកដល់សព្វថ្ងៃនេះ។ទោះបីជានំមួយប្រភេទនេះ មានឈ្មោះជាច្រើនខុសៗគ្នា តែបើយើងពិចារណាឲ្យបានដឹតដល់ នំបញ្ចុកវាអាចមានប្រភពពីស្រុកខ្មែរ ឬក៏អាចថាជាស្រុកមន ព្រោះបើសិក្សាទៅតាមទីតាំងភូមិសាស្រ្ត និងប្រវត្តិសាស្រ្តរបស់ប្រទេសនីមួយៗ យើងប្រហែលជាអាចគិតថា អាយុកាលនៃនំបញ្ចុក វាអាចកើតមុនអង្គរ ឬក៏ក្រោយសម័យអង្គរ គឺចង់មានន័យថា ថៃ ភូមា ក៏ប្រើឈ្មោះដែលទាក់ទងទៅនឹងជន ជាតិមនដែរ គឺនៅសល់ខ្មែរនិងមន ព្រោះនៅសម័យអង្គរ ពុំមានប្រទេសថៃនិងឡាវច្បាស់លាស់នៅឡើយទេ អាចថាពួកគេត្រឹមតែជាអាចថា វាជាកុលសម្ព័ន្ធមួយ ហើយការទាក់ទងរវាងខ្មែរនិងមន វាមានភាពជិតស្និតគ្នាណាស់ ការហូរចូលទំនៀមទម្លាប់ប្រពៃណី វាជារឿងធម្មតា រឿងនំចំណី វាក៏មិនចម្លែកអីដែរ ព្រោះខ្មែរមានទន្លេ មានបឹង ដីមានជីជាតិ វាជាអំណោយផលដល់របរកសិកម្ម ចំណែកមនក៏មានទន្លេមួយ គឺទន្លេសេមន ការប្រែប្រួលស្រុកទេសពីមួយជំនាន់ទៅមួយជំនាន់ វាធ្វើឲ្យខ្មែរត្រូវបាត់បង់ទឹកដីមួយភាគធំ ទៅលាវនិងថៃ ហើយមនក៏លែងក្លាយជានគរដែរ ។ បើនិយាយថានំមួយប្រភេទនេះ ថៃនាំចេញពីខ្មែរ ហេតុអីគេបែរជាយកឈ្មោះតាមមនទៅវិញ ? ព្រោះតែជនជាតិថៃសម័យនោះ គេតែងតែហៅឈ្មោះទីកន្លែងឬអ្វីមួយ ទៅតាមទម្លាប់របស់អ្នកស្រុកដើម ដូចជាទឹកដីរបស់ខ្មែរពីមុន ក៏ត្រូវបានជនជាតិថៃប្រើឈ្មោះខ្មែរ សូម្បីប្រទេសឡាវក៏ទទួលឥទ្ធិពលវប្បធម៌មកពីខ្មែរនិងថៃដែរ ។ ប៉ុន្តែបើយើងគិតថា នំប្រភេទនេះ ត្រូវបានចិននាំយកទៅលក់ទៅប្រទេសថៃ ហើយបានបន្តទៅដល់ភូមា ឬក៏លាវនោះ អាយុកាលរបស់នំបញ្ចុកនោះប្រទេសនោះ មានត្រឹមតែជាងមួយរយឆ្នាំប៉ុណ្ណោះ ។ យ៉ាងណាមិញ អ្វីដែលយើងខ្ញុំរៀបរាប់ខាងលើនេះ គ្រាន់តែជាការយល់ឃើញ នឹងតាមទស្សនៈរបស់អ្នកនិពន្ធនានា យើងខ្ញុំយល់ថា វាគួរតែមានឯកសារបញ្ជាក់ពីរឿងនេះ ដូចជាក្នុងកំណាព្យ រឿងមហាវេសន្តរជាតក និយាយពីរឿងតាជូជក់និងនាងអមិតធីតា ដែលនិយាយពីការញ៉ាំនំបញ្ចុក រហូតដល់បែកពោះស្លាប់ជាដើម ។ទឹកសម្លប្រហើររបស់ខ្មែរ គ្រាន់តែថែមម្ទេសប៉ុន្មានផ្លែ វាក៏ក្លាយទៅជាទឹកសម្លណាំយ៉ារបស់ថៃ បានជាថៃហៅថា ” ណាំយ៉ា ” ព្រោះ ” ណាំយ៉ា” ប្រែថាទឹកថ្នាំ គឺវាមានពណ៌ដូចទៅនឹងពណ៌នៃថ្នាំបុរាណ្យ ប្រជាជនខ្មែរខ្លះហៅសម្លទឹកក្រហម ខ្លះនៅតែប្រើពាក្យថា ណាំយ៉ាដដែល ព្រោះពួកគេហៅឡើងធ្លាប់មាត់ទៅហើយ បច្ចុប្បន្ន នំបញ្ចុកត្រូវបានប្រជាជនយកក្នុងតំបន់ (ខ្មែរ,ថៃ,ឡាវ,ភូមា) យកមកធ្វើជាអាហារប្រចាំប្រទេស ប្រចាំជាតិសាសន៍ខ្លួន ហើយវិធីធ្វើ ក៏មិនខុសប្លែកគ្នាអីដែរ វាខុសតែរសជាតិពណ៌សម្បុរតែប៉ុណ្ណោះ ជនជាតិថៃចូលចិត្តប្រើ ពណ៌ប្លែកផ្សេងៗគ្នា តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គេមានទឹកសម្លជាច្រើនខុសៗគ្នា ចំណែកឯនៅស្រុកខ្មែរវិញ យើងមានតែសម្លមួយមុខដែលជាទឹកសម្លប្រចាំជាតិខ្លួន គឺទឹកសម្លប្រហើរ តែយើងហៅធ្លាប់មាត់ថា “ នំបញ្ចុកទឹកសម្លខ្មែរ ” ហើយខ្មែរបានយកសម្លនៃសាសន៍ដទៃមកស្រូបនំរបស់ខ្លួន ប៉ុន្តែនៅខាងថៃនិងឡាវវិញ គេប្រើទឹកសម្លជាច្រើន មានដូចជា ណាំយ៉ា (សម្លទឹកថ្នាំ) ណាំយ៉ាត្រី ណាំយ៉ាសាច់មាន់ និងម្ហូបប្លែកៗជាច្រើនសំបូរបែប ។ នៅក្នុងរឿងនេះដែរ ខ្មែរយើងម្នាក់ៗបានអះអាងថា នំមួយប្រភេទនេះ ពួកយើងជាម្ចាស់ តែការពិតពួកយើង នៅមិនបានធ្វើឲ្យវាល្អកាន់តែប្រសើរដូចដែលយើងថាជាម្ចាស់នោះទេ មកដល់សម័យទំនើបនេះទៀតសោត យើងក៏មិនបានផ្សព្វឲ្សាយឲ្យបានទូលំទូលាយនៅឡើយដែរ រីឯប្រទេសដទៃវិញ ទោះបីជាគេមិនមែនជាម្ចាស់ដើម តែគេខំថែរក្សា ហើយថតជាឯកសារផ្សព្វផ្សាយឲ្យប្រជាជនគេបានដឹង ដូចដែលយើងខ្ញុំលើកមកបង្ហាញនៅពេលនេះ ។ យើងខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំបានលើកមកបង្ហាញនេះ វាជាការដាស់ស្មារតីឲ្យកូនខ្មែរព្យាយាមខំថៃរក្សាប្រពៃណីខ្មែរដែលមាន កុំឲ្យគេនិយាយថាជារបស់ខ្លួន តែយើងគ្មានអ្វីជាការសំអាងនោះ។
អត្ថបទដោយ ៖ ហ៊ាង សុជន , ចុះផ្សាយ ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៥