ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិ​ខេត្ត​កែប រូបចម្លាក់ស្រីស និងសេះសរ

2,569

ខេត្ត​កែប​ដែល​ដើម​ឡើយ​ជា​ក្រុង​មួយ​នៃ​ខេត្តកំពត ហើយ​មាន​ប្រវត្តិ​ទាក់ទង​គ្នា​ជាមួយនឹង​ស្រី​ស​ឈរ ។ នៅ​មាន​ប្រវត្តិ​ទាក់ទង​នឹង​ចម្បាំង​រវាង​មេទ័ព​ខ្មែរ​និង​មេទ័ព​លាវ​ទៀត​ផង និង​ប្រវត្តិ​ទាក់ទង​នឹង​អ្នក​តម្បាញ​សូត្រ និង​សេះស​ផង​ដែរ ។ តាម​ការ​ស្រាវជ្រាវ​របស់​លោក​សិទ្ធ​ពុទ្ធ​ម៉ា​និ​ន អនុប្រធាន​មន្ទីរ​ដែនដី​ខេត្ត​កែប​បង្ហាញ​ថា ប្រវត្តិ​នៃ​ឈ្មោះ «​កែប​» គឺ​ក្លា​យមក​ពី​ពាក្យ​បារាំង «cap» ប្រែ​មក​ជា​ភាសា​ខ្មែរ​ថា «​ជ្រោយ ឬ​ដី​លយ ឬ​«​ពយ​»​ជា​ពាក្យ​ដែល​បារាំង​បាន​ហៅ​តំបន់​នោះ​តាំងពី​មុន​បារាំង​ដាក់​អាណានិគម​ឆ្នាំ​១៨៦៣​ម្លេ​៉ះ ។ តាម​ឯកសារ​របស់​អ្នកប្រាជ្ញ​បារាំង​លោក A.Leclere បញ្ជាក់​ថា​បារាំង​បាន​ស្គាល់​ទឹកដី​កែប​តាំងពី​ឆ្នាំ ១៥៩០ ។ គេ​បាន​ហៅ​តំបន់​នោះ​យ៉ាង​រត់មាត់​ថា «​កាប​ៗ» ប៉ុន្តែ​ចំណេរ​ក្រោយមក​សូរ​ស័ព្ទ​នៃ​ពាក្យ​នេះ​ក្លាយទៅជា​«​កែប​ៗ» វិញ​រហូត​ដល់​សព្វថ្ងៃ ។

ប្រវត្តិ​កែប​នេះ​មានរឿង​ព្រេង​និទាន​ទាក់ទង​ទៅ​នឹង​ឈ្មោះ​«​កែប​» គឺថា​កាលពី​យូរលង់​ណាស់​មក​ហើយ​មាន​ស្តេច​លាវ មួយ​អង្គ​ព្រះ​នាម​សាគរា​ជ​មាន​វិជ្ជា​ខាង​មន្តអាគម​សណ្តំ​យ៉ាង​ខ្លាំងពូកែ ។ ថ្ងៃមួយ​ព្រះ​អង្គ​ទត​ឃើញ​សេះស​មួយ​ក្បាល​យ៉ាង​សង្ហា​មាន​ព្រះ​ទ័យ​ចង់បាន​សូត្រ​មន្តអាគម​សណ្តំ​ធ្វើ​ឱ្យ​មេទ័ព​ខ្មែរ​ដែល​ជា​ម្ចាស់​សេះស​ដេក​លង់លក់​យ៉ាង​យូរ ហើយ​សាគរា​ជ​បាន​លួច​យក​សេះស​រត់គេច​ចេញពី​តំបន់​អង្គរ​រហូត​មក​ដល់​ភូមិភាគ​និរតី​(​តំបន់​កែប​សព្វថ្ងៃ​) ។ មេទ័ព​ខ្មែរ​ពេល​ភ្ញាក់​ដឹងខ្លួន​បាត់​សេះស​ជាទី​ស្រឡាញ់​បាន​កេណ្ឌ​កងទ័ព​ដើរ​រក​សេះ ដោយ​សំគាល់​តាមដាន​ជើងសេះ​រហូត​បាន​ជួប​សេះស ដែល​សាគរា​ជ​កំពុង​គ្រប់គ្រង ។ ពេល​នោះ​ក៏​កើតជា​ការ​ប្រយុទ្ធ​គ្នា​រវាង​មេទ័ព​ខ្មែរ​ជាមួយនឹង​កងទ័ព​របស់​ស្តេច​លាវ​(​សាគរា​ជ​) ។ ពេល​ដែល​មេទ័ព​កំពុង​តែ​ប្រយុទ្ធ​គ្នា​សេះស​បានឃើញ​ម្ចាស់​របស់​ខ្លួន​ក៏​លោត​កញ្ជ្រោល​ឡើង​លើ​ធ្វើ​ឱ្យ​សាគរា​ជ​ធ្លាក់​ពីលើ​ខ្នង​សេះ ដោយ​មាន ជ្រុះ​កែប​នៅ​ទីនោះ​ផង ។ ដូច្នេះ​តំបន់​ដែល​ជ្រុះ​កែបសេះ​នេះ​គេ​ហៅ​ថា​ភូមិ «​កែបសេះ​» ក្រោយមក​ហៅ​ត្រឹម​ពាក្យ​ថា កែប​ៗ​ជា​រៀង​រហូត​មក ។ រីឯ​តំបន់​ផ្សេង​ដែល​ស្តេច​លាវ​បាន​បោះជំរំ​នៅ​ភ្នំ​នោះ​គេ​ហៅ​ភ្នំ​នោះ​ថា «​ភ្នំ​លាវ​» ហើយ​ភ្នំ​មួយទៀត ដែល​ស្តេច​លាវ​បាន​លាក់ខ្លួន​ពួន​អាត្មា​នោះ​ត្រូវ​បាន​ហៅ​ថា​«​ភ្នំ​ពួន​» តែ​ក្រោយមក​អ្នកស្រុក​បាន​ហៅ​ថា​«​ភ្នំ​ពោន​» វិញ ។ ចំពោះ​ភ្នំ​ដែល​ស្តេច​លាវ​បាន​រត់ សសៀរ​ៗ​នោះ​គេ​បាន​ហៅ​ថា «​ភ្នំ​សសៀរ​» ។ ដោយឡែក​កោះ​មួយ​ដែល​ស្តេច​លាវ​បាន​រំសាយកងទ័ព​ចេញ​អស់​ដោយ​ទ្រាំ​តទល់​ជាមួយ​កងទ័ព​ខ្មែរ​មិន​បាន​នោះ​គេ​ហោ​ថា​កោះ​«​រំសាយ​» តែ ក្រោយ​ៗ​មក​ក៏​បាន​ហៅ​ថា​កោះទន្សាយ​វិញ ។

ដោយឡែក​មានរឿង​តំណាល​ទាក់ទង​នឹង​ប្រវត្តិ​ស្រី​ស និង​សេះស​ថា​កាល​ដើម​ឡើយ​នា​សម័យ​បុរាណ​នគរ​ខ្មែរ និង​នគរ​ចិន​មាន​ព្រំដែន​ជាប់​គ្នា ចិន​ពូកែ​ណាស់​ខាង​តម្បាញ​សូត្រ​ព្រះរាជា​ខ្មែរ និង​ពួក​នាម៉ឺន​តែងតែ​ទិញ​ក្រណាត់​សូត្រ​ទាំងនោះ​រាល់​ឆ្នាំ​ពុំដែល​ខាន ។ នាង​កែវ​ស ជានា​រី​ម្នាក់​មាន​សម្រស់​ស្អាត​អស់​លើ​ស្រី​ទាំងពួង​ក្នុងភូមិ ហើយ​នាង​ពូកែ​ខាង​ដេរ​ប៉ាក់ និង​តម្បាញ តែ​ក្រណាត់​សូត្រ​របស់​នាង​រលោង និង​ក្រឡា​ល្អ​ស្អាត​ណាស់ ។

ថ្ងៃមួយ​នាង​បាន​ចូល​ទៅ​ក្នុង​ព្រៃ ដូច​សព្វមួយដង​ដើម្បី​រក​រុក្ខជាតិ​មក​ធ្វើ​ជា​ល័ក្ត ។ ពេល​នោះ​នាង​រើស​បាន​ដុំ​ថ្ម​មួយ​ដុំ​មាន​ពណ៌ ក្រហមឆ្អិនឆ្អៅ ។ នាង​បាន​យក​ទៅ​សួរ​ម្ដាយ ពេល​នោះ​ម្ដាយ​ប្រាប់​ថា​វា​ជា​ដុំ​មាស ។ នាង​អរ​ណាស់ មិន​យក​មាស​នោះ​ទៅ​លក់​ទេ នាង​បាន​យក​វា​មក​ធ្វើ​ជា​ត្រល់ សម្រាប់​ត្បាញ ។ មុន​ពេល​ដែល​នាង​ត្បាញ​នាង​តែងតែ​សែន និង​បែ​បន់​សូមកុំ​ឲ្យ​សូត្រ​ដាច់ និង​ជាប់​បាន​ល្អ ព្រមទាំង​រលោង​ផង​ដែរ ។ កម្លាំង​នៃ​ការ​បួងសួង​បានឮ​ដល់​ព្រះ​ពិស្ណុការ​ដែល​ជា​អាទិទេព​នៃ​សិល្បៈ ។ ទ្រង់​ក៏​ប្រទាន និង​ឲ្យ​ពរ​ដល់​នាង​តាម​ការ​ប្រាថ្នា ។

ហេតុការណ៍​ដ៏​អស្ចារ្យ​នេះ​នាង​បោះ​១​ដង ត្បាញ​បាន​កន្លះ​កី​នាង​អរ​ផង ភ័យ​ផង​។ នាង​បោះ​២​ដង​បាន​១​កី ហើយ​ក្រណាត់​របស់​នាង​មាន​ពណ៌​ល្អ និង​រលោង ។ នាង​បាន​យក​ទៅ​ជូន​ម្ដាយ ធ្វើ​ឱ្យ​ម្ដាយ​នាង​អរ​ខ្លាំង​ណាស់ និង​យក​ទៅ​លក់​បាន​តម្លៃ​ថ្លៃ រហូត​បាន​ក្លាយជា​សេដ្ឋី សូត្រ​ក្នុង​ខេត្តកំពត ។ ព្រះរាជា​ក៏​ប្រទាន​ងារ «​នាង​ត្រល់​មាស​» ។ ដំណឹង​បានឮ​ដល់​ក្រុង​ចិន ស្ដេច​ចិន​ក៏​បញ្ជា​ឲ្យ​បុត្រា​មក​ស្ដីដណ្ដឹង​នាង​កែវ​ស ដើម្បី​យក​នាង​ទៅ​នៅ​ស្រុក​ចិន​តាម​ប្ដី ធ្វើ​ដូចនេះ​បាន​ខ្មែរ​នៅ​តែ​ទិញ​ក្រណាត់​ពី​ចិន​រៀង​រាល់​ឆ្នាំ​ដដែល។

ម្ដាយ​របស់​នាង​បាន​សួរ​ចិត្ត​កូនស្រី តែ​នាង​មិន​ព្រម ព្រោះ​នាង​មានចិត្ត​លើ​កំលោះ មាណព ដែល​ជា​អ្នក​ជ្រលក់​ក្រណាត់ និង​ជា​មនុស្ស​នៅ​ជាមួយ​នាង​តាំងពី​នៅ​ក្រីក្រ​។ នាង​គិត​ថា ចិន​មាន​សិទ្ធិ​យកប្រពន្ធ​បួនដប់​បាន ហើយ​គិត​ថា​គ្មាន​វាសនា​ល្អ​ទេ​សម្រាប់​នាង ។

ពាក្យ​បដិសេធ​នេះ​បាន​ធ្វើ​ឲ្យ​ចិន​មិន​សប្បាយចិត្ត​សោះ ក៏​ទៅ​ប្ដឹង​ស្ដេច​ខ្មែរ ។ ទ្រង់មាន​បន្ទូល​ថា​៖ រឿង​អនាគត​របស់​នរណា អ្នក​នោះ​ជា​អ្នក​សម្រេច ទ្រង់​ជា​ស្ដេច​គ្មាន​សិទ្ធិ​ទេ ព្រោះ​ទ្រង់​មិន​ចង់​ឲ្យ​នាង​ទៅ​រស់នៅ​ស្រុក​ចិន​ទេ បើ​ទៅ​ខ្មែរ​នឹង​បាត់​អ្នក​ត្បាញ​សូត្រ​មាស​ជា​រៀង​រហូត ។

រាជបុត្រ​ចិន​អង្គ​នោះ​បាន​ទៅ​រក​នាង​ដោយ​ខ្លួនឯង ឃើញ​នាង​មាន​សម្បុរ​ស​ស្អាត​ខុស​ពី​នារី​ខ្មែរ​ដទៃ​ទៀត​កាន់តែ​មានចិត្ត​ស្រឡាញ់ទ្វេ​ដង ។ ទ្រង់​ក៏​មាន​បញ្ជា​ថា​៖ យក​ទាំង​មនុស្ស​យក​ទាំង​ត្រល់ ។ ដោយ​ដឹង​ពី​ល្បិច​ចិន​នាង​ក៏​បាន​រៀប​ការ​ជាមួយ​ចៅ​មាណព ដោយ​រាជ​ប្រទាន​ដោយ​ព្រះរាជា​ខ្មែរ ។ កាន់តែ​ធ្វើ​ឲ្យ​ចិន មាន​កំហឹង​យ៉ាង​ខ្លាំង ក៏​បាន​ប្រើ​ចោរ​សមុទ្រ​មក​លួច​ត្រល់​មាស និង​ចាប់​នាង​ត្រល់​មាស ។

ភាព​អសន្តិសុខ នៅ​ក្នុង​គ្រួសារ​របស់​នាង​ក៏​កើត​មាន​ជា រឿយ​ៗ ។ នាង​សុំ​ម្ដាយ​ទៅ​រស់នៅ​ឆ្ងាយ​ពី​គេ​ដើម្បី​គេច​ចេញពី​ចោរ​ទាំងនោះ ដោយ​រស់នៅ​ធ្វើ​ជា​ខ្ទម​កណ្ដាល​ព្រៃ ។ ពេល​នាង​ត្បាញ​បាន នាង​ឲ្យ​អ្នកបម្រើ​យក​ទៅ​ឲ្យ​ម្ដាយ​សម្រាប់​ថ្វាយ​ស្ដេច ។ ចោរ​ចិន​ទាំងនោះ​តាម​រក​គ្រប់កន្លែង តែ​រក​មិនឃើញ ជួន​ជា​ពេល​មួយ​នោះ មាន​ល្ខោន​ចិន មក​សម្តែង អ្នកបម្រើ​ក៏​បាន​ឈប់​មើល​ការ​សម្តែង ដោយ​ដៃ​មាន​បង្វេច​ពណ៌​មាស ផ្លេក​ៗ ។ រំពេច​នោះ​ចិន​ដែល​និយាយ ខ្មែរ​មិនសូវ​ច្បាស់​នោះ សួរ​ថា​៖ បាន​ទិញសំពត់​ពី​ណា ល្អ​យ៉ាងនេះ ?

អ្នកបម្រើ ភ្លេចខ្លួន​ក៏​ថា​៖ ជា​របស់​អ្នក​នាង​កែវ​ស ចិន​នោះ​ក៏​បាន​សួរ​ដោយ​រក​កន្លែង​នាង​កែវ​ស រស់នៅ​ដោយ​ឲ្យ​មាស​១០០​តម្លឹង ។ អ្នកបម្រើ​ក៏​ឆ្លើយ​ដឹង​ពី​ទីតាំង​ដែល​នាង​ស រស់នៅ ។

រាត្រី​ដ៏​រន្ធត់​បាន​មក​ដល់ ចោរ​បាន​ចូល​ឡោម​ព័ទ្ធ ខ្ទម​របស់​នាង ដោយ​គប់​ភ្លើង​ឆេះ​អស់​រោង សត្វ​ចិញ្ចឹម​នាង និង​រោង​តម្បាញ ដែល​នាង​កំពុង​ត្បាញ​ធ្វើ​ឲ្យ​រលា​កដៃ និង​ខ្លួន​របស់​នាង​យ៉ាងដំណំ ។ នាង​បាន​ស្រែកហៅ​ប្ដី​ឲ្យ​ជួយ ចៅ​មាណព រត់​ខាង​នេះ​ផង ខាង​នោះ​ផង រត់​យកប្រពន្ធ​ពី​ក្នុង​រោង និងរ​ត់ទៅ​ដោះ​លែង​សត្វ​ចិញ្ចឹម​ពី​ក្រោល​ទាំងអស់​ឲ្យ​រត់​ចេញពី​ភ្លើង សម្រែក ស្រែក អឺងកង និង​សំឡេង​ស្រែកយំ​ពេញ​ព្រៃ ។ រំពេច​នោះ​កូន​សេះស របស់​នាង​ក៏​រត់​ចេញ​មក​ដោយ​ឈរ​ហូរ​ស្រក់​ទឹកភ្នែក​ក្បែរ​នាង​ដោយ​ឃើញ​មេ​របស់​វា​ស្លាប់​ក្នុង​ភ្លើង ។

សម្រែក​ពួក​ចោរ​ថា ឲ្យ​ចាប់​នាង​កែវ​ស និង​យក​ត្រល់​ឲ្យ​បាន ! ចៅ​មាណព​ក៏​បាន​លើក​នាង​កែវ​ស​ឡើង​ជិះសេះ រត់​ទៅ​មុន ចៅ​មាណព​ក៏​បាន​ចុះទូក​បង្វែរ​ដាន ។ ចោរ​ទាំង​នោះ​បាន​ចុះទូក​តាម​មាណព​ដោយ​ស្មានថា នាង​កែវ​ស ទៅ​ជាមួយ ។ ការ​ប្រយុទ្ធ ក៏​ចាប់​មាន​ឡើង នៅ​កណ្ដាល​សមុទ្រ ចោរ​ទាំងនោះ​ដោយ​ដឹង​ថា ចាញ់បោក​ក៏​បាញ់​ព្រួញ​សម្លាប់​ចៅ​មាណព​នោះ​ទៅ ។

លុះ​នៅ​ពេល​ព្រឹក ចោរ​ក៏​ទៅ​បាត់​អស់ នាង​កែវ​ស បានរ​ត់ទៅ​មាត់សមុទ្រ ជាមួយ​កូន​សេះ​រក​មើល​ចៅ​មាណព តែ​រក​មិនឃើញ​សោះ សល់​តែ​បំណែក​ទូក និង​ប្រអប់​ឈើ​មួយ​ដែល​អណ្ដែត​ជាប់មាត់​ឆ្នេរ នាង​បាន​បើក​ឡើង គឺជា​ត្រល់​តម្បាញ​របស់​នាង នាង​ក៏​ស្រែកយំ យ៉ាង​ខ្លាំង ។ នាង​ក៏​បួងសួង​ថា ៖ បើ​មាន​ជាតិ​មុខ មែន​នាង​សូម​ជួប​ចៅ​មាណព​ជា​ប្ដី និង​ជា​អ្នក​តម្បាញ និង​មាន​ត្រល់​មាស​នេះ​នៅ​ជាមួយ​នាង​រហូត និង​នៅ​ជា​របស់​ខ្មែរ​រហូត​កុំ​ឲ្យ​បាត់​ទៅ​ណា​។ បួងសួង​រួច​នាង​ក៏​គប់​ត្រល់​មាស​នោះ ចូល​ទៅ​ក្នុង​សមុទ្រ ហើយ​នាង​ក៏​ស្លាប់​ទៅ ។ ដោយ​កម្លាំង​បួងសួង ត្រល់​មាស​នោះ​ឲ្យ​ក្លាយជា​កោះធំ​មួយ រាង​ដូច​ត្រល់​មក​ដល់​សព្វ​ថ្ងៃនេះ ។

ដោយ​ក្ដី​គោរព​ដល់​នាង ព្រះរាជា ក្រោយ​ៗ បាន​សាង​រូប​សំណាង​នាង​ឡើង និង​កូន​សេះស សម្រាប់​រំឭក​សេចក្ដី​ស្មោះ​របស់​នាង​ចំពោះ ស្វាមី និង​មាតុប្រទេស ៕

កែសម្រួលដោយ ៈMr365

SONY DSC
Comments
Loading...