ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិ​របស់​ផ្លាតូ (Plato)

3,076

ទស្សនវិទូ អ្នកនិពន្ធ (៤២៨ មុន គស ៣៤៨ មុន​ គស)

ទស្សនវិទូ​ក្រិច​បុរាណ ផ្លាតូ បានបង្កើត​បណ្ឌិតសភា​ និង​ជា​អ្នក​និពន្ធ​ស្នាដៃ​ទស្សនវិទ្យា​ ដែល​មាន​ឥទ្ធិពល​មិនអាច​ប្រៀបផ្ទឹមបាន​លើ​ទស្សនៈ​លោក​ខាងលិច។

សង្ខេប

ទស្សនវិទូ​ក្រិច​បុរាណ ផ្លាតូ  បាន​កើត​នៅ​ឆ្នាំ ៤២៨ មុន គស និង​ជា​សិស្ស​ម្នាក់​របស់​សូក្រាត (Socrates) និង​ជា​គ្រូរបស់​អារីស្តូត (Aristotle)។ សំណេររបស់​គាត់​មានបំណង​ស្វែង​រក​យុត្តិធម៌ សោភណ្ឌភាព និង​សមភាព ហើយ​ក៏​មាន​ការពិភាក្សា​នៅក្នុង​សោភណ្ឌវិជ្ជា ទស្សនវិទ្យា​នយោបាយ សាសនវិទ្យា លោហធាតុ​វិទ្យា ជ្ញានវិទ្យា និង​ទស្សនវិទ្យា​ភាសា។ ផ្លាតូ​បានបង្កើត​បណ្ឌិតសភា​នៅ​អាតែន ជា​គ្រឹះស្ថានអប់រំ​មួយនៃ​គ្រឹះស្ថានអប់រំ​​ជាន់ខ្ពស់​ដំបូងគេ​នៅ​លោក​ខាងលិច។ គាត់​បានស្លាប់​នៅ​ឆ្នាំ​ ៣៤៨ មុន គស។

ប្រវត្តិ

ដោយសារ​កង្វះ​ប្រភពចម្បង​ពី​សម័យកាល​នេះ សាច់រឿង​ជាច្រើនទាក់ទងនឹង​ជីវិតរបស់​ផ្លាតូ​ត្រូវបាន​រៀបចំឡើង​ដោយ​អ្នកប្រាជ្ញ​ តាមរយៈ​​សំណេរ​របស់​គាត់ និង​សំណេរ​របស់​​ប្រវត្តិវិទូ​សម័យ​នោះ ក៏ដូចជា​ប្រវត្តិវិទូ​បុរាណ។​ ប្រវត្តិសាស្ត្រ​បែបប្រពៃណី​​បាន​ប៉ាន់ស្មាន​ថ្ងៃ​កំណើតរបស់​ផ្លាតូ​ថា​​ប្រហែល​ក្នុង​ឆ្នាំម​៤២៨​ មុន គស ប៉ុន្តែ​អ្នក​ប្រាជ្ញ​ជំនាន់ថ្មី​ ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​បន្តបន្ទាប់​នៅក្នុងជីវិតរបស់​គាត់ ជឿថា គាត់​កើត​នៅ​ចន្លោះ​ឆ្នាំ​ ៤២៤ និង ៤២៣ មុន គស។ ឪពុក និង​ម្ដាយ​របស់​គាត់​មកពីវណ្ណៈ​អភិជន​ក្រិច។ ឪពុក​របស់​ផ្លាតូ ឈ្មោះ អារីស្តូន (Ariston) គឺជាកូនចៅជំនាន់ក្រោយ​របស់​ស្តេច​អាតែន និង​មេសេនៀ (Messenia)។ម្ដាយគាត់ ផេរីកសុន( Perictione) ត្រូវបាន​និយយា​ថា ជាប់​សាច់ឈាម​ជាមួយ សូឡូន ជា​រដ្ឋបុរស​ក្រិចនៅ​សតវត្សរ៍ទី​៦ មុន គស។

អ្នក​ប្រាជ្ញ​មួយ​ចំនួន​ជឿថា ផ្លាតូ​ត្រូវបានដាក់ឈ្មោះ​តាម​ជីតារបស់គាត់​ អារីស្តូខល (Aristocles) តាម​ប្រពៃណី​នៃការ​ដាក់ឈ្មោះ​កូនប្រុស​ដែលច្បង​បង្អស់បន្ទាប់ពី​ជីតា។ ប៉ុន្តែ​ពុំ​មាន​ភស្តតាង​សន្និដ្ឋាន​បញ្ចប់​លើ​រឿងនេះទេ ឬថា​ផ្លាតូជា​បងប្រុសច្បង​បង្អស់នៅក្នុងគ្រួសារគាត់ដែរ។ ប្រវត្តិវិទូ​ដទៃ​ទៀត​អះអាងថា “ផ្លាតូ” គឺជា​ឈ្មោះ​ក្រៅ សំដៅលើ​រូបរាង​ធំរបស់គាត់។ ចំណុចនេះក៏​អាចយក​ជាការបានដែរ ទោះបីជា​មានកំណត់​ត្រា​ថា ឈ្មោះ ផ្លាតូ​ ត្រូវ​បានដាក់​ឱ្យ​ក្មេងប្រុស មុន​អារីស្តូខល​​កើត​ម្លេះ។

ដូច​ក្មេង​ប្រុស​ជាច្រើន​ទៀតដែល​មាន​វណ្ណៈសង្គម​ដូចគាត់ ផ្លាតូ​ប្រហែលជា​ទទួល​បានការអប់រំ​ពី​អ្នកអប់រំ​ដ៏​ល្អបំផុត​របស់​អាតែន។ កម្មវិធីសិក្សា​អាច​មាន​បង្ហាញអំពី​ទ្រឹស្តី​សាសនា​របស់​ក្រាទីលូស (Cratylus) និង​ភីតាហ្គូរាស (Pythagoras) ក៏ដូចជា​ផាម៉េ​នីដេស (Parmenides) ដែរ។ ទាំងនេះ​ប្រហែល​ជា​ជួយ​​បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការសិក្សា​អំពី​អស្តិរូបវិទ្យា (ការសិក្សាអំពី​ធម្មជាតិ) និង​ជ្ញានវិទ្យា (ការសិក្សា​អំពី​ចំណេះដឹង)។

ឪពុក​របស់​ផ្លាតូ​បានស្លាប់ នៅពេល​គាត់​នៅក្មេង ហើយ​ម្ដាយ​របស់គាត់​ក៏​រៀបការជាមួយ​ពូគាត់ ភីរីឡាមផេស (Pyrilampes) អ្នក​នយោបាយ និង​អគ្គ​រដ្ឋទូត​ក្រិច​នៅ​ភើសៀរ (Persia)។ មានជំនឿថា ផ្លាតូ​មានបង​ប្អូនប្រុសបង្កើត​ពីរ​នាក់ ប្អូនស្រីបង្កើតម្នាក់ និង​ប្អូន​ប្រុស​ដែលមានឪពុក​ទីទៃ​ម្នាក់ ប៉ុន្តែ​មិន​មាន​ការបញ្ជាក់​ច្បាស់លាស់ថាតើគាត់​ជាកូនទីប៉ុន្មានឡើយ។ ជាញឹកញាប់ សមាជិក​គ្រួសារ​របស់​ផ្លាតូ​មានរៀបរាប់នៅក្នុង​កិច្ច​សន្ទនារបស់គាត់។ ប្រវត្តិវិទូ​ជឿថា នេះជា​ការ​ចង្អុលបង្ហាញ​អំពី​មោទនភាព​របស់​ផ្លាតូ​មកលើវង្ស​ត្រកូល​​គ្រួសារ​គាត់។

ពេលនៅ​វ័យ​ក្មេង ផ្លាតូបានជួបប្រទះ​នឹងព្រឹត្តិការណ៍​ចំនួនពីរ ដែល​កំណត់​បុព្វហេតុ​ជីវិតរបស់គាត់។ ព្រឹត្តិការណ៍​មួយគឺ​ការជួបជាមួយ​ទស្សនវិទូ​ក្រិច​ដ៏អស្ចារ្យឈ្មោះ​សូក្រាត។ វិធីសាស្ត្រ​សន្ទនា និង​ពិភាក្សា​ដេញដោល​របស់​សូក្រាត​បាន​ធ្វើ​ឱ្យ​ផ្លាតូ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែល​ជំរុញឱ្យគាត់ក្លាយ​ជា​សហការី​ដ៏ជិតស្និត​មួយ និង​បូជាជីវិតរបស់គាត់​ទៅនឹងសំណួរ​អំពី​សុជីវធម៌ និង​ការ​បង្កើត​អាកប្ប​កិរយា​ថ្លៃ​ថ្នូរ។ ព្រឹត្តិការណ៍​ដ៏សំខាន់មួយ​ទៀត​គឺសង្គ្រាម​នៅ​ផេឡូណេស៊ី (Peloponnesian War) រវាង​អាតែន និង​ស្ប៉ាតា (Sparta) ដែល​ផ្លាតូ​បាន​បម្រើ​​កងទ័ព​នៅចន្លោះ​ឆ្នាំ ៤០៩ ដល់ ៤០៤ មុន គស។ ការចាញ់​របស់​អាតែន​បាន​បញ្ចប់​លិទ្ធិ​ប្រជាធិបតេយ្យ​របស់ខ្លួន ដោយ​ពួកស្ប៉ាតា​បាន​ជំនួស​ដោយ​លិទ្ធិអប្បជនាធិបតេយ្យ។ ញាតិ​សណ្ដានពីរនាក់របស់​ផ្លាតូ ឈ្មោះ ឆាមីដេស (Charmides) និង គ្រីទៀស (Critias) គឺជា​បុគ្គល​ល្បីល្បាញ​នៅក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី ជាផ្នែកមួយ​នៃ​របប​ផ្ដាច់ការ​ទាំង​សាមសិប​ដ៏​ល្បីល្បាញ​ ដែល​ការកាន់​កាប់​រយៈពេល​ខ្លីនៃរបបនេះ​​កាត់បន្ថយ​សិទ្ធិ​របស់​ពលរដ្ឋ​អាតែនយ៉ាងខ្លាំង។ បន្ទាប់ពី​របប​អប្បជនា​ធិបតេយ្យ​​ត្រូវបាន​ផ្ដួលរំលំ ហើយ​របប​ប្រជាធិបតេយ្យ​ត្រូវបានស្ដារឡើងវិញ ផ្លាតូ​បានពិចារណា​ធ្វើជា​អ្នក​នយោបាយ​បន្តិចដែរ ប៉ុន្តែ​ការ​កាត់ទោស​ប្រហារជីវិត​ សូក្រាត នៅឆ្នាំ ៣៩៩ មុន គស ធ្វើ​ឱ្យគាត់​មានអារម្មណ៍ជូរចត់​នឹង​គំនិតនេះ ហើយ​គាត់​ក៏​ផ្លាស់​ប្ដូរទៅរកជីវិត​សិក្សា និង​ទស្សនវិជ្ជា​វិញ។

បន្ទាប់ពី​មរណភាពរបស់​សូក្រាត ផ្លាតូ​បាន​ធ្វើ​ដំណើរអស់​ ១២ ឆ្នាំ នៅទូទាំង​តំបន់​មេឌីទែរ៉ាណេ (Mediterranean region) ដើម្បី​សិក្សា​អំពី​គណិតវិទ្យា​ជាមួយអ្នក​ដើរតាម​ទ្រឹស្ត​ភីថាហ្គូរ៉ាស់ (the Pythagoreans) នៅអ៊ីតាលី និង​ធរណីមាត្រ ភូគព្ពសាស្ត្រ តារាវិទ្យា និង​សាសនា​នៅអេហ្ស៊ីប។ ក្នុងអំឡុងពេល​នេះ ឬ​ក្រោយ​នេះបន្តិច គាត់​ក៏បានចាប់ផ្ដើម​សរសេរសំណេរ​ជាច្រើន។ មានការ​ពិភាក្សា​ដេញដោល​មួយចំនួនក្នុងចំណោម​អ្នក​ប្រាជ្ញ​អំពី​លំដាប់​នៃ​សំណេរទាំងនេះ ប៉ុន្តែ​ភាគច្រើន​មានជំនឿថា សំណេរទាំងនេះ​ស្ថិតនៅក្នុង​សម័យកាល​បីខុសៗគ្នា។

បុព្វកាល មជ្ឈិមកាល និង​បច្ច័យកាល៖ ទិដ្ឋភាពទូទៅ

សម័យកាល​ទីមួយ ឬ​បុព្វកាល ​ក្នុងអំឡុងពេល​នៃ​ការធ្វើដំណើរ​របស់​ផ្លាតូ (៣៩៩-៣៨៧ មុន គស)។ ការសុំទោសរបស់​សូក្រាត ហាក់ដូចជាត្រូវបាន​សរសេរ​ភ្លាមៗ​ក្រោយ​ការស្លាប់​របស់​សូក្រាត។ អត្ថបទផ្សេងទៀត​នៅក្នុងសម័យកាលនេះ​រួមមាន ប៉្រូតាហ្គូរ៉ាស (Protagoras) យូស្ស៊ីហ្វ្រូ (Euthypro) ហ៊ីបភៀស មេយ័រ អេន មីន័រ (Hippias Major and Minor) និង អាយអិន (Ion)។ ក្នុង​ការសន្ទនាទាំងនេះ ផ្លាតូ​ព្យាយាម​​បកស្រាយ​ទស្សនវិទ្យា និង​ការបង្រៀន​របស់​សូក្រាត។

នៅក្នុង​សម័យកាលទី២ ឬ​មជ្ឈិមកាល ផ្លាតូ​សរសេរ​ដោយទស្សនរបស់ខ្លួន​អំពី​ឧត្តមគតិ​នៃ​យុត្តិធម៌ ​ភាពក្លាហាន ​គតិបណ្ឌិត និង​មជ្ឈិកភាព​របស់​បុគ្គល និង​សង្គម។ សាធារណរដ្ឋ ត្រូវបានសរសេរ​នៅក្នុង​អំឡុងពេលនេះ​ដោយ​ស្វែងរក​​ការយល់​ដឹងអំពី​រដ្ឋាភិបាល​យុត្តិធម៌​ ដែលគ្រប់គ្រង​ដោយ​ស្តេច​ជាទស្សនវិទូ។

នៅ​ក្នុង​សម័យកាលទី៣ ឬ​បច្ច័យកាល សូក្រាត​មានតួនាទី​តូចតាចក្នុងសំណេរ ហើយផ្លាតូ​ផ្ដោតខ្លាំង​លើ​ទស្សនៈ​អស្តិរូបវិទ្យា​​ពីមុន​របស់ខ្លួន។ គាត់​ស្វែងរក​តួនាទី​របស់សីល្បៈ រួមមាន​ការរាំ តន្ត្រី ល្ខោន និង​ស្ថាបត្យកម្ម ក៏ដូចជាសីលធម៌ និង​ចរិយាធម៌។ ក្នុងសំណេររបស់គាត់​អំពី​ទ្រឹស្តី​នៃ​ទម្រង់ ផ្លាតូ​លើកឡើងថា ពិភព​គំនិត​គឺជាពិភព​ឋិតស្ថេរតែមួយគត់ និងពិភព​ដែល​យល់ដឹង តាមរយៈ​ឥន្ទ្រីអារម្មណ៍​​របស់​យើង គឺមានលក្ខណៈ​បោកបញ្ឆោត និង​ប្រែប្រួល។

ដោយៈMr365

 

 

Comments
Loading...