ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ជីវប្រវត្តិសង្ខេបរបស់ លេនីន Vladimir Lenin អ្នកបដិវត្ថន៍គំនិតនយោបាយដ៏ល្បីល្បាយក្នុងលោក

2,499

ហេនរី ថូមាស (Henre Thomas) ដាណាលី ថូមាស(Danaly Thomas) អ្នក​និពន្ធ​អាមេរិក​បាន​សរសេរ​សៀវភៅ​ឆ្នើម​មនុស្ស (Famous Men) ថា «មាន​មនុស្ស​តិច​ណាស់​ក្នុង​ប្រវត្តិសាស្ត្រ​បាន​ទទួល​ការ​ស្រលាញ់​ពី​ជន​ទាំង​ឡាយ​ដូច​លេនីន»។ តែ លេនីន បាន​ទទួល​ការ​ស្រលាញ់​គោរព​ពី​ជន​ទាំង​ឡាយ​យ៉ាង​ជ្រាល​ជ្រៅ ព្រោះ​បាន​ចំណាយ​សតិ​ប្រាជ្ញា​ទាំង​អស់​ដើម្បី​បម្រើ​ចំពោះ​ជនជាតិ​របស់​គាត់។ គាត់​មាន​សមត្ថភាព​ក្នុង​ការ​បង្ហាញ​ការ​គិត​ដែល​យល់​លំបាក​បំផុត​ដោយ​ពាក្យ ​ងាយ​យល់​បំផុត និយាយ​ទៅ​បាន​តាម​គិត និង​និយាយ​គ្រប់​យ៉ាង​ដោយ​សេចក្ដី​ស្មោះ​ត្រង់ ប្រាស​ចាក​ការ​លាក់​កំណួច ។

បើ​គាត់​ធ្វើ​អ្វី​ខុស គាត់​នឹង​ជា​មនុស្ស​មុន​បំផុត​ដែល​សម្ដែង​កំហុស​របស់​គាត់​ចេញ​មក​ខ្លួន​ឯង ។ អស់​មួយ​ជីវិត​របស់​គាត់ លេនីន មាន​គោល​បំណង​តែ​ម្យ៉ាង​ គឺ​ចាត់​របៀប​សង្គម​ថ្មី មិន​ឲ្យ​មាន​ការ​ជិះជាន់ មិន​ឲ្យ​មាន​ការ​ធ្វើ​ស្រែ​លើ​ខ្នង​មនុស្ស មិន​ឲ្យ​មាន​ភាព​គ្មាន​ការងារ​ធ្វើ មិន​ឲ្យ​មាន​ការ​ប្រើ​កល​ល្បិច​ឡប់ឡិន​ក្នុង​ការ​រដ្ឋ​រវាង​ប្រទេស និង​មិន​ឲ្យ​មាន​សង្គ្រាម ដោយ​គោល​បំណង​ដូច​ពោល​មក​នេះ លេនីន បាន​លះបង់​សេចក្ដី​សុខ សេចក្ដី​ប្រាថ្នា​ផ្ទាល់​ខ្លួន និង​មហិច្ឆតា​គ្រប់​យ៉ាង។

លេនីន កើត​ក្រោយ ស៊ុន យ៉ាតសេន បិតា​ជាតិ​និយម​ចិន​ចំនួន​៤​ឆ្នាំ គឺ​ក្នុង​គ.ស​១៨៧០ គ្រួសារ​ធុន​កណ្ដាល ឪពុក​ជា​អធិការ​ប្រចាំ​ខេត្ត ម្ដាយ​ជា​បុត្រី​ពេទ្យ ។ លេនីន កើត​ឡើង​ក្នុង​ក្រុង​ប្រជុំ​អ្នក​ចេះ​ដឹង​គឺ​ក្រុង សាំប៊ើក (Simbirsk) ក្នុង​សម័យ​កាប់​សម្លាប់​ជិះជាន់​លួច​ប្លន់​ដ៏​ប្លែកៗ និង​តែ​មួយ​សម័យ​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ​រុស្ស៊ី ។

លេនីន មាន​គំនិត​បដិវត្តន៍ ផ្ទុយ​ពី​បុព្វការីជន​របស់​គាត់​ដែល​មាន​ប្រាថ្នា​ចង់​ឲ្យ​គាត់​មាន​មុខ​ តំណែង​ក្នុង​កិច្ចការ​រាជការ ។ គាត់​អាយុ​១៦​ឆ្នាំ សិក្សា​នៅ​ថ្នាក់​មធ្យម​សិក្សា​ភាគ​ទី​២ សល់​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​នឹង​ចូល​ក្នុង​មហាវិទ្យាល័យ ក៏​កើត​រឿង​គួរ​ឲ្យ​តក់ស្លុត គឺ​ពួក​និស្សិត​មួយ​ក្រុម​ត្រូវ​ចាប់​ពី​បទ​ប្រាថ្នា​ធ្វើ​ឃាត​ព្រះមហា​ ចក្រពត្តិ ហើយ​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត ។ បង​ប្រុស​របស់​គាត់​ម្នាក់ ក៏​ចូល​ក្នុង​ចំណោម​អ្នក​ទោស​ឧក្រិដ្ឋ​នោះ​ដែរ ។ មួយ​ឆ្នាំ​ក្រោយ​មក គាត់​ក៏​ចូល​រៀន​ក្នុង​មហាវិទ្យាល័យ ដោយ​ឋានៈ​ខ្លួន​ជា​ប្អូន​នៃ​ជន​ទោស​ឧក្រិដ្ឋ​ដូច្នោះ បញ្ជា​ដ៏​តឹងរ៉ឹង​ពី​រាជការ​ដល់​មហាវិទ្យាល័យ​ឲ្យ​ពិនិត្យ​តាមដាន​។ ​ក្នុង​មហាវិទ្យាល័យ​ក៏​ពុំ​ពេញ​ចិត្ត​នឹង​ទទួល​ឲ្យ​ចូល​រៀន​ផងដែរ។ លេនីន រៀន​ពុំ​បាន​ប៉ុន្មាន​ខែ​ផង ក៏​ត្រូវ​សាលាលុប​ឈ្មោះ​ចោល​ឲ្យ​ឈប់​រៀន ដោយ​ចោទពីបទ​ថា​បាន​ផ្សាយ​ឥទ្ធិពល​អាក្រក់​ដល់​មិត្ត​និស្សិត​ដូច​គ្នា។

លេនីន បាន​រៀន​នឹង​គ្រូ​ផ្ទាល់​នៅ​ផ្ទះ​អស់​មួយ​រយៈ ក៏​ប្រលង​ចូល​រៀន​ច្បាប់​នៅ​សាលា​ច្បាប់​ក្រុង ប៉េទ័រសប៊ួរក៍ (Pétersbourg) រៀន​បាន​ប្រលង​ជាប់​ជា​នីតិបណ្ឌិត។ អាយុ​២៤​ឆ្នាំ ចេញ​ធ្វើ​ជា​មេធាវី ធ្វើ​បាន​៣​ឆ្នាំ ក៏​ត្រូវ​ចាប់​នីរទេស​ទៅ ស៊ីបេរី (Sibérie) ដោយ​បទ​បង្ក​អសន្តិសុខ​ផ្ទៃ​ក្នុង ។

ក្នុង​រយៈ​កាល​ត្រូវ​នីរទេស​នេះ​ឯង ជា​ឱកាស​ឲ្យ​គាត់​រៀបចំ​ផែនការណ៍ និង​ទ្រឹស្ដី​បដិវត្តន៍​ដ៏​សំខាន់ៗ ដោយ​បាន​ជំនួយ​ពី​ស្ដ្រី​ម្នាក់​ឈ្មោះ ស្គ្រុបស្កាយ៉ា(Skrup Skaya) ដែល​ជា​មិត្ត​សមានាចារ្យ ហើយ​ត្រូវ​នីរទេស​ដូច​គ្នា (ក្រោយ​មក​គឺ​ជា​ភរិយា​របស់​គាត់) ។ លុះ​អាយុ​៣០​ឆ្នាំ (១៩០០) គាត់​បាន​ត្រូវ​រួច​ទោស ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ ចាប់​បង្កើត​សារព័ត៌មាន​មួយ​ឈ្មោះ អ៊ីសក្រា (Iskra សែង​អគ្គី) អត្ថបទ​ពេញ​ទៅ​ដោយ​ការ​ដាស់​ឲ្យ​ធ្វើ​បដិវត្ត។ រដ្ឋាភិបាល​អាល្លឺម៉ង់ ពុំ​ពេញ​ចិត្ត​ក៏​ដេញ​ចេញ​ពី​ប្រទេស ។ តមក​គាត់​ក៏​ក្លាយ​ទៅ​ជា​អ្នក​ពនេចរ​ទៅ​គ្រប់​ច្រក​ល្ហក​ តែ​ក៏​ជា​ផល​នាំ​ឲ្យ​គាត់​បាន​មិត្ត​រួម​ឧត្ដម​គតិ​កើន​ឡើង​ដែរ។

សង្គ្រាម​ជប៉ុន រុស្ស៊ី (១៩០៤) កើត​ឡើង គាត់​ក៏​បាន​ចុះ​ដៃ​ធ្វើការ​បដិវត្ត​ជា​លើក​ទី​១ ។ តែ​អង្គការ​បដិវត្តន៍​ត្រូវ​បរាជ័យ គាត់​ក៏​នៅ​ជា​អ្នក​ពេនចរ​ត​ទៅ​ទៀត ។

សង្គ្រាម​លោក ១៩១៤ អង្គការ​បដិវត្តន៍​ក៏​បាន​ទទួល​ជោគជ័យនៅ​ក្នុង​ឱកាស​នោះ។ បន្ទាប់​ពី​នោះ​មក ឆាក​ជីវិត​របស់​គាត់ ក៏​ចូល​ដល់​ការ​សាង​ឲ្យ​សម្រេច​នូវ​គោល​បំណង​សន្តិភាព​របស់​គាត់ ដូច​ពោល​សង្ខេប​ពី​ខាង​មុខ​ស្រាប់ ។ គូ​ប្រជែង​ទន្ទឹម​ស្មា​គ្នា​ដែល​មាន​ការ​យល់​ផ្ទុយ​របស់​គាត់​ក៏​បាន​ទទួល​បរាជ័យ​យ៉ាង​សន្សឹមៗ។ ការ​សម្រេច​នូវ​គោល​បំណង​សន្តិភាព​របស់​គាត់​ក៏​មាន​រស្មី​រុងរឿង​សាង​ខ្លួន ​របស់​គាត់​ឲ្យ​ក្លាយ​ទៅ​ជា​អាទិទេព​តាម​ទស្សនៈ​របស់​លោក វ៉លថឺរ ឌូរេន្ធី(Walter Duranty) និង​ ម៉ូអ៊ីស (Moïse) តាម​ទស្សនៈ​របស់​លោក ប៊ែរណារ៍ដ ប៉ារេស (Bernard Pares) ។ លេនីន បាន​សាង​ខ្លួន​ទៅ​ជា​អ្នក​ជប់​សាធារណរដ្ឋ​សង្គមនិយម​សូវៀត​ថ្មី​មួយ។

ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​១៩១៧ លេនីន បាន​សាង​ខ្លួន​ឡើង​ដល់​ថ្នាក់​ខ្ពស់​បំផុត​គឺ​ជា​ប្រមុខ​រដ្ឋ​សូវៀត។ នៅអាយុ​៥៤​ឆ្នាំ ត្រូវនឹងថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​១៩២៤ លេនីន បាន​លា​ចាក​លោក​នេះ​ទៅ ដោយបន្សល់​ទុក​នូវ​សំណាង​ដ៏​មហិមា​ដល់​ជនជាតិ​សូវៀត ៕

ប្រភពៈមេឃដី

Comments
Loading...