ជីវប្រវត្តិរបស់ លោក Jeff Bezos
អ្នកប្រាកដជាស្គាល់ហើយ ក្រុមហ៊ុន Amazon ដែរឬទេ? ជឿជាក់ថាប្រិយមិត្តដែលធ្លាប់បញ្ជាទិញ ទំនិញនៅតាមប្រព័ន្ធ online គឺពិតជាស្គាល់ក្រុមហ៊ុនមួយនេះយ៉ាងច្បាស់។ Amazon ជាក្រុមហ៊ុនដែលលក់ និងផ្គត់ផ្គង់ទំនិញនៅលើ online ដ៏ធំជាងគេនៅលើពិភពលោកនេះនាពេលបច្ចុប្បន្ន ដែលមានទីតាំងចំបងនៅសហរដ្ឋអាមេរិក និងមានសាខារបស់ខ្លួនជាច្រើនសាខានៅទូទាំងពិភពលោក ហើយបច្ចុប្បន្ន Amazon បានពង្រីកសក្ដានុពលរបស់ខ្លួន ទៅលើផ្នែកបច្ចេកវិទ្យានៅលើអាកាស (Amazon Web Service) និងមានគម្រោងបាញ់បង្ហោះយានអវកាសឆ្លងភពថែមទៀតផង។ ជោគជ័យដ៏ធំធេងរបស់ Amazon គឺបានមកពីទស្សនៈវិស័យដ៏ច្បាស់លាស់ ភាពប៉ិនប្រសព្វ និងការច្នៃប្រឌិតរបស់បុគ្គលមួយរូប នោះគឺលោក Jeff Bezos ដែលមានតួនាទីជាស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon។ ថ្ងៃនេះ មានកិត្តយសនាំមកជូន នូវជីវប្រវត្តិសង្ខេប ទស្សនៈវិស័យ និងផ្នត់គំនិតជោគជ័យរបស់គាត់ មកបង្ហាញដល់ប្រិយមិត្តទាំងអស់គ្នា ដើម្បីទុកធ្វើជាប្រយោជន៍ និងជាដឹង ដូចខាងក្រោម៖
តើលោក Jeff Bezos គឺជានរណា?
ជាសហគ្រិន និង ជាអ្នកត្រួសត្រាយផ្លូវផ្នែកពាណិជ្ជកម្មលើប្រព័ន្ធអ៊ីនធើណេតមួយរូប លោក Jeff Bezos បានចាប់កំណើតនៅថ្ងៃទី ១២ ខែមករា ឆ្នាំ១៩៦៤ នៅក្នុងទីក្រុង Albuquerque រដ្ឋ New Mexico សហរដ្ឋអាមេរិក។ លោក Bezos មានឧបនិស្ស័យស្រលាញ់ និងចូលចិត្តវិស័យបច្ចេកវិទ្យា ហើយនិងកុំព្យូទ័រតាំងពីកុមារភាព ហើយគាត់ក៏បានចាប់ផ្ដើមសិក្សានូវមុខវិជ្ជា វិទ្យាសាស្ដ្រកុំព្យូទ័រ និង វិស្វករអេឡេចត្រូនិច នៅឯសាកលវិទ្យាល័យ Princeton។ ក្រោយបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ គាត់បានចាប់ផ្ដើមធ្វើការនៅ ក្រុមហ៊ុនដ៏ល្បីមួយនៅ Wall Street ដែលមានឈ្មោះថា D.E. Shaw និងបានក្លាយទៅជាអនុប្រធានជាន់ខ្ពស់វ័យក្មេងបំផុតនៅក្នុង ក្រុមហ៊ុន នៅក្នុងឆ្នាំ ១៩៩០។ បួនឆ្នាំក្រោយមក គាត់បានលាឈប់ពីមុខតំណែងកំពូលនិងជាប្រភពចំណូលដ៏ធំមួយនេះរបស់ខ្លួន ហើយចាប់ផ្ដើមដំណើរការ Amazon.com ដែលដំបូងគឺជាបណ្ណាគារលក់សៀវភៅ online មួយ ហើយក៏បានប្រែក្លាយទៅជាក្រុមហ៊ុន Internet ដែលជោគជ័យ និងធំបំផុតមួយនាពេលបច្ចុប្បន្ននេះ។ នៅក្នុងឆ្នាំ ២០១៣ លោក Bezos បានទិញយកស្ថាប័នសារពត៌មាន The Washington Post ក្នុងតម្លៃទឹកប្រាក់ប្រមាណ ២៥០ លានដុល្លាសហរដ្ឋអាមេរិក។ ភាពជោគជ័យ ក្នុងមុខជំនួញ និងការបណ្ដាក់ទុនរបស់គាត់ បានធ្វើអោយគាត់ក្លាយទៅជាមហាសេដ្ឋី និងបុគ្គលដ៏ជោគជ័យមួយរូបនៅលើពិភពលោកនាពេលបច្ចុប្បន្ន។
ជីវិតពីកុមារភាព និង ប្រវត្តិការងារ
លោក Jeff Bezos បានចាប់កំណើតនៅក្នុងថ្ងៃទី ២ ខែមករា ឆ្នាំ១៩៦៤ នៅក្នុងទីក្រុង Albuquerque រដ្ឋ New Mexico ខណៈពេលដែលម្ដាយបង្កើតរបស់គាត់នៅមានវ័យជំទង់នៅឡើយ គឺលោកស្រី Jacklyn Gise Jorgensen និងមានឪពុកបង្កើតឈ្មោះ Ted Jorgensen។ ឪពុកម្ដាយបង្កើតរបស់លោក Bezos រួមរស់ជាមួយគ្នាត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ហើយមិនដល់មួយឆ្នាំផងគាត់ទាំងពីរក៏បែកបាក់គ្នាទៅវិញ ហើយនៅពេលលោក Bezos មានវ័យ៤ឆ្នាំ ម្ដាយបង្កើតរបស់លោកបានរៀបការ ម្ដងទៀតជាមួយនឹងជនជាតិអាមេរិក ដើមកំណើតគុយបា នោះគឺលោក Mike Bezos។
ក្នុងវ័យកុមារ លោក Bezos បានបង្ហាញពីចំណាប់អារម្មណ៍ទាក់ទងនឹងការស្រាវជ្រាវ និងវិធីដែលអ្វីៗគ្រប់យ៉ាងដំណើរការ ហើយគាត់បានប្រែក្លាយទីតាំង ចំណតរថយន្ដរបស់ឪពុកម្ដាយរបស់ខ្លួន ទៅជាបន្ទប់ពិសោធន៍ និងបានធ្វើការសាកល្បងទៅលើឧបករណ៍អគ្គិសនីនៅក្នុងផ្ទះរបស់ខ្លួនជាញឹកញាប់។ ពេលដែលគាត់មានវ័យជំទង់ គាត់បានផ្លាស់ប្ដូរទីលំនៅ តាមគ្រួសាររបស់គាត់ ទៅកាន់ទីក្រុង ម៉ៃអាមី ដែលជាទីកន្លែងធ្វើអោយគាត់មានការចាប់អារម្មណ៍ និងចាប់ផ្ដើមស្រលាញ់កុំព្យូទ័រ ហើយក៏បានក្លាយជាសិស្សកំពូលមួយរូបលើផ្នែកមួយនេះ ក្រោយពេលបញ្ចប់ថ្នាក់វិទ្យាល័យនៅទីនោះផងដែរ។ គួររំលឹកផងដែរថា កំឡុងពេលដែលគាត់នៅសិក្សាថ្នាក់វិទ្យាល័យនៅឡើយ គាត់បានចាប់ផ្ដើមមុខជំនួញដំបូងរបស់ខ្លួនរួចទៅហើយ នោះគឺ វិទ្យាស្ថានសុបិន្ដ (Dream Institute) ដែលជាវិទ្យាស្ថានបើកថ្នាក់សិក្សាវិស្សមកាលរដូវក្ដៅ ជូនទៅដល់សិស្សថ្នាក់ទី៤ ទី៥ និងសិស្សថ្នាក់ទី៦។
លោក Bezos បានបន្ដចាប់យកមុខវិជ្ជាដែលគាត់ចូលចិត្ត នោះគឺមុខវិជ្ជាកុំព្យូទ័រនេះ នៅឯសាកលវិទ្យាល័យ Princeton បន្តទៀត ហើយក៏បានបញ្ចប់ដោយទទួលបាននូវ សញ្ញាប័ត្រកិត្តយសដែលមានកម្រិតខ្ពស់បំផុតមួយ ក្នុងឆ្នាំ ១៩៨៦ លើមុខវិជ្ជា វិទ្យាសាស្ដ្រកុំព្យូទ័រ និងវិស្វកម្មអេឡិចត្រូនិច។ ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ គាត់បានចូលប្រឡូកក្នុងការងារជាច្រើនក្រុមហ៊ុនធំៗនៅ Wall Street ដែលក្នុងនោះក៏មាន ក្រុមហ៊ុន ធនាគារិក និងវិនិយោគ D.E. Shaw ផងដែរ។ ដែលនៅទីនោះហើយ ដែលគាត់បានជួបជាមួយនឹងអនាគតភរិយារបស់គាត់ គឺលោកស្រី Mackenzie និងបានក្លាយទៅជា អនុប្រធានជាន់ខ្ពស់វ័យក្មេងបំផុតរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ ១៩៩០។
ទោះបីជាការងារផ្នែកហិរញ្ញវត្ថុរបស់គាត់ទទួលបានជោគជ័យ និងអត្ថប្រយោជន៍ច្រើនយ៉ាងណាក្ដី ក៏លោក Bezos បានជ្រើសរើសការផ្លាស់ប្ដូរដ៏ប្រឈម និងមានគ្រោះថ្នាក់មួយគឺ ការបើកក្រុមហ៊ុនពាណិជ្ជកម្ម online តាមអ៊ីនធើណេត (ឬ E-Commerce)។ គាត់បានសុំលាឈប់ពីការងារនៅក្នុងឆ្នាំ ១៩៩៤ និងបានផ្លាស់ទីលំនៅទៅកាន់ទីក្រុង Seattle និងបានដាក់គោលដៅលើមុខជំនួញដែលមានសក្ដានុពល និងមិនទាន់មានអ្នកចាប់ផ្ដើមមើលឃើញមួយ នោះគឺការបើកបណ្ណាគារ លក់សៀវភៅ Online។
ការចាប់ដំណើរការ Amazon.com
លោក Bezos បានចាប់ផ្ដើមដំណើរការការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនគាត់ ពីក្នុងចំណតរថយន្ដរបស់គាត់ផ្ទាល់តែម្ដង ជាមួយនឹងបុគ្គលិក ពីរបីនាក់ផ្សេងទៀត ហើយគាត់ក៏បានចាប់ផ្ដើមធ្វើការអភិវឌ្ឍន៍នូវ ប្រព័ន្ធ Software សំរាប់គ្រប់គ្រងបណ្ណាគាររបស់ខ្លួន។ បន្ទាប់មកពួកគេក៏បាន ពង្រីកប្រតិបត្តិការរបស់ខ្លួនដោយផ្លាស់ប្ដូរពីចំណតរថយន្ដ ទៅកាន់ផ្ទះថ្មីដែលមានពីរបន្ទប់ និងបំពាក់ដោយកុំព្យូទ័រ Sun Microstations ចំនួន៣គ្រឿង ហើយជាលទ្ធផលបានបង្កើតនូវ គេហទំព័រសំរាប់ដំណើរការសាកល្បងមួយ។ ក្រោយពីបានអញ្ជើញ និងស្នើសុំ មិត្តភក្ដចំនួន ៣០០នាក់ អោយធ្វើការសាកល្បងជាមួយនឹងគេហទំព័រនោះរួចហើយ លោក Bezos បានបើកដំណើរការ គេហទំព័រ Amazon.com ដោយយកឈ្មោះតាមទន្លេដ៏ធំមួយស្ថិតក្នុងទ្វីប អាមេរិកខាងត្បូង នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ១៩៩៥។
ភាពជោគជ័យក្នុងដំណាក់កាលដំបូងរបស់ ក្រុមហ៊ុនគឺប្រៀបបីដូចជាដុំផ្កាយធ្លាក់ពីលើមេឃ។ ដោយមិនបានចំណាយលើការផ្សព្វផ្សាយសូម្បីតែបន្តិច ប៉ុន្តែក្រុមហ៊ុន Amazon អាចមានលទ្ធភាពលក់សៀវភៅនៅពាសពេញសហរដ្ឋអាមេរិក និងនៅក្នុងប្រទេសផ្សេងក្រៅពីសហរដ្ឋអាមេរិកចំនួន ៤៥ប្រទេស ត្រឹមរយៈពេល ៣០ថ្ងៃប៉ុណ្ណោះ។ ហើយក្នុងរយៈពេល ២ខែ តម្លៃនៃការលក់គឺមានការកើនឡើងរហូតដល់ ២ម៉ឺនដុល្លា ក្នុងមួយសប្ដាហ៍ ដែលនេះគឺធំធេងជាងអ្វីដែលលោក Bezos នឹងក្រុមការងាររបស់គាត់ធ្លាប់រំពឹងទុកជាមុនទៅទៀត។
ក្រុមហ៊ុន Amazon បានចូលខ្លួនក្នុងទីផ្សារភាគហ៊ុន ក្នុងឆ្នាំ ១៩៩៧ ហើយពេលនោះមានអ្នកវិភាគទីផ្សារជាច្រើន បានសម្ដែងនូវការព្រួយបារម្ភ ហើយបានចោទជាសំណួរឡើងថា តើ Amazon អាចមានលទ្ធភាពឈរជើងបានយូរដែរឬទេ នៅពេលដែលក្រុមហ៊ុនលក់រាយផ្សេងទៀត បាននឹងកំពុងតែចាប់ផ្ដើមដំណើរការ គេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេដែរនោះ។ ពីរឆ្នាំក្រោយមក ក្រុមហ៊ុន Amazon មិនត្រឹមតែអាចឈរជើងបានយ៉ាងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចយកឈ្នះគូប្រជែងនានា ហើយបានក្លាយខ្លួនទៅជាក្រុមហ៊ុន E-Commerce ដែលឈានមុខគេបានថែមទៀតផង។
លោក Bezos បានបន្តធ្វើការផ្ដល់ជូនអតិថិជនរបស់ Amazon នូវផលិតផលផ្សេងៗទៀតក្រៅពីសៀវភៅ ដែលក្នុងនោះមាន ការលក់ CD និង វីដេអូ CD នៅក្នុងឆ្នាំ ១៩៩៨ ហើយក្រោយមកទៀតក៏មាន សំលៀកបំពាក់ គ្រឿងអគ្គិសនី ឧបករណ៍ក្មេងលេង និងផលិតផលជាច្រើនមុខផ្សេងទៀត តាមរយៈការសហការធ្វើជាដៃគូ ជាមួយនឹងហាងលក់រាយនានា។ ខណៈពេលដែលមានក្រុមហ៊ុន អ៊ីនធើណេត ពីទស្សវត្ស ៩០ ជាច្រើនបានដួលរលំ ក្រុមហ៊ុន Amazon មានការរីកចំរើនក្នុងការលក់ប្រចាំឆ្នាំជារៀងរាល់ឆ្នាំ ដោយហក់ពីចំនួនការលក់ក្នុងតម្លៃ $៥១០.០០០ (ប្រាំសែនមួយម៉ឺនដុល្លា) ក្នុងឆ្នាំ ១៩៩៥ ឈានដល់ $១៧ ពាន់លានដុល្លា នៅក្នុងឆ្នាំ ២០១១។
នៅក្នុងឆ្នាំ ២០០៦ ក្រុមហ៊ុន Amazon បានធ្វើការផ្ដល់ជូននូវសេវាកម្ម ទស្សនាភាពយន្ដ និងវីដេអូតាមតម្រូវការរបស់ខ្លួនដល់អតិថិជន ដែលពីដំបូងត្រូវបានគេស្គាល់ថាជាសេវាកម្ម Amazon Unbox នៅលើកម្មវិធី TiVo ហើយក្រោយមកបានកែប្រែឈ្មោះទៅជា Amazon Instant Video។ នៅក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុន Amazon បានដាក់លក់ឧបករណ៍ Kindle ដែលជាឧបករណ៍អេឡិចត្រូនិចកាន់ដៃ ប្រើសំរាប់អានសៀវភៅ (ឬហៅថា សៀវភៅអេឡិចត្រូនិច) ឧបករណ៍នេះអនុញ្ញាតិអោយអ្នកប្រើប្រាស់ អាចមានលទ្ធភាពទិញ ដោនឡូត អាន និងរក្សាទុកសៀវភៅអេឡិចត្រូនិចរបស់ខ្លួនបាន។ នៅក្នុងឆ្នាំដដែលលោក Bezos បានធ្វើការប្រកាសពី ការវិនិយោគរបស់ខ្លួនក្នុងក្រុមហ៊ុន Blue Origin ស្ថិតក្នុងទីក្រុង Seattle ដែលបាននិងកំពុងធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាកាំជ្រួចឆ្លងភព ហើយក៏មានការផ្ដល់ជាសេវាកម្មធ្វើដំណើរឆ្លងភព សំរាប់អតិថិជនដែលមានបំណងធ្វើដំណើរលើទីអវកាសដោយការបង់ប្រាក់ផងដែរ។
នៅក្នុងឆ្នាំ ២០១១ លោក Bezos បានដាក់ក្រុមហ៊ុន Amazon អោយចូលប្រកួតប្រជែងក្នុងទីផ្សារ ទូរស័ព្ទឆ្លាតវៃ និង ថេប្លេតក្រោយពីលោកបានប្រកាសនូវផលិតផល Kindle Fire។ នៅក្នុងខែកញ្ញាឆ្នាំដដែល គាត់ក៏បានប្រកាសពីថេប្លេតស៊េរីថ្មីរបស់ Amazon នោះគឺ Kindle Fire HD ដែលមានសមត្ថភាពប្រហាក់ប្រហែលនឹង iPad របស់ក្រុមហ៊ុន Apple ដែរ។ ក្រោយពេលប្រកាស Kindle Fire HD ជាសាធារណៈ លោក Bezos បានប្រាប់សារពត៌មាន ABC News យ៉ាងដូច្នេះថា “យើងមិនបានបង្កើតថេប្លេតដែលល្អបំផុតជាមួយនឹងតម្លៃកំណត់ណាមួយនោះទេ ប៉ុន្តែយើងមានលទ្ធភាបបង្កើតថេប្លេតដែលល្អបំផុតបានគ្រប់តម្លៃទាំងអស់”។
ការទិញយកសារពត៌មាន “The Washington Post”
លោក Bezos ត្រូវបានកាសែតល្បីៗជាច្រើននៅជុំវិញពិភពលោកចុះផ្សាយ ក្រោយពេលដែលលោកបានទិញសារពត៌មាន The Washington Post និងស្ថាប័នចុះផ្សាយផ្សេងៗទៀត ដែលជាបុត្រសម្ព័ន្ធរបស់កាសែតមួយនេះ ក្នុងតម្លៃប្រមាណ ២៥០លានដុល្លា កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៣។ ការទិញយកមួយនេះ បានធ្វើការកត់សម្គាល់ចុងបញ្ចប់នៃការគ្រប់គ្រងបួនជំនាន់ របស់គ្រួសារត្រកូល Graham មកលើកាសែតមួយនេះ ដោយរួមមានលោក Donald E. Graham ដែលជាប្រធាន និងនាយកប្រតិបត្តិ រួមទាំងក្មួយស្រីរបស់គាត់ដែលមានតួនាទីជាអ្នកត្រួតពិនិត្យការបោះពុម្ភគឺលោកស្រី Katharine Weymouth។
ថ្លែងនៅក្នុងសន្ទរកថាមួយលោក Graham បានមានប្រសាសន៍ថា “ទោះជាគ្មានការផ្លាស់ប្ដូរ ឬការទិញយកមួយនេះ ក៏សារពត៌មាន The Washington Post នៅតែអាចទទួលបានជោគជ័យ និងផលចំណេញនៅរយៈពេលអនាគតបន្តទៅទៀតបានដែរ ក៏ប៉ុន្តែអ្វីដែលយើងចង់ទទួលបាននោះ គឺមិនមែនត្រឹមតែជាការចំណេញតូចតាច ឬត្រឹមធ្វើអោយកាសែតនេះនៅរស់រានមានជីវិតនោះទេ (អ្វីដែលយើងចង់បាននោះគឺការជោគជ័យ ដែលធំឆ្លងតាមការសហការជាមួយ Amazon)។” គាត់ក៏បានបន្ថែមទៀតថា “អ្វីដែលយើងសម្រេចចិត្តនេះមិនប្រាកដជាធានានូវភាពជោគជ័យរបស់សារពត៌មានរបស់យើងនោះទេ ក៏ប៉ុន្តែវាផ្ដល់អោយពួកយើងទាំងអស់គ្នា នូវឱកាសកាន់តែប្រសើរក្នុងការទទួលបានជោគជ័យច្រើនជាងនេះ។”
នៅក្នុងលិខិតចំហរមួយ ផ្ញើរទៅកាន់បុគ្គលិកទាំងអស់ របស់សារពត៌មាន The Washington Post ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ ដដែល លោក Bezos បានសរសេរថា៖ “អ្វីដែលជាគុណតម្លៃរបស់ The Washington Post មិនចាំបាច់ត្រូវធ្វើការផ្លាស់ប្ដូរនោះទេ ក៏ប៉ុន្តែការផ្លាស់ប្ដូរដែលវិជ្ជមាន ពិតជាអាចកើតមានឡើងនៅក្នុងឆ្នាំបន្តបន្ទាប់។ ហើយនេះគឺពិតជាមានសារៈសំខាន់ និងនៅតែអាចកើតមានឡើងទោះជាមាន ឬគ្មានការផ្លាស់ប្ដូរគណៈគ្រប់គ្រងថ្មីក៏ដោយ។ អ៊ីនធើណេត បានធ្វើការផ្លាស់ប្ដូរនូវអ្វីៗស្ទើរតែគ្រប់បែបយ៉ាងរបស់ពាណិជ្ជកម្មទាក់ទងនឹងសារពត៌មានដែលភាគច្រើនចំណាយតិច ឬសឹងតែមិនមានការចំណាយដើម្បីទទួលបានពត៌មាន។ យើងទាំងអស់គ្នាត្រូវតែ ធ្វើការច្នៃប្រឌិតថ្មី ដែលមានន័យថាយើងត្រូវតែធ្វើការដកពិសោធន៍។ អ្វីដែលជាគោលដៅចំបងរបស់យើងនោះគឺ អ្នកអាន ហើយពួកយើងត្រូវធ្វើការស្វែងយល់ពីអ្វីដែលជាចំណង់ចំណូលចិត្តរបស់ពួកគេ ដែលមានដូចជា ស្ថាប័នរបស់រដ្ឋ អ្នកដឹកនាំ ភោជនីយដ្ឋានបង្កើតថ្មី ពាណិជ្ជកម្ម សកម្មភាពមនុស្សធម៌ កីឡា។ល។ ហើយយើងត្រូវចាប់ផ្ដើមពីដំបូងឡើងវិញទាំងអស់គ្នា។ ខ្ញុំពិតជាមានក្ដីរំភើប និងសុទិដ្ឋនិយមខ្ពស់ ចំពោះឱកាសនៅក្នុងការច្នៃប្រឌិត និងបង្កើតថ្មីរបស់ពួកយើងទាំងអស់គ្នា”។
សេវាកម្ម Amazon Prime និង ផ្នែកផលិតភាពយន្ដ Amazon Studios
នៅក្នុងសប្ដាហ៍ដំបូងក្នុងខែធ្នូ ឆ្នាំ ២០១៣ លោក Bezos ត្រូវបានសារពត៌មានចុះផ្សាយជាថ្មីម្ដងទៀត នៅពេលដែលគាត់បានធ្វើបទបង្ហាញនូវបទពិសោធន៍ថ្មី ជូនដល់អតិថិជន ដែលជាការផ្ដួចផ្ដើមឡើងដោយក្រុមហ៊ុន Amazon ដោយផ្ទាល់ ហើយបទពិសោធន៍ថ្មីនោះគឺមានឈ្មោះថា “Amazon Prime Air” ដោយប្រើប្រាស់ Drone (ដែលជាម៉ាស៊ីនហោះហើយបញ្ជាពីចំងាយ និងអាចមានសមត្ថភាពបំពេញការងារជាច្រើនជំនួសមនុស្សបាន) ដើម្បីផ្ដល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញជូនដល់អតិថិជនរបស់ Amazon ទាំងអស់។ យោងតាមពាក្យសំដីរបស់គាត់ Drones ទាំងអស់នេះអាចមានលទ្ធភាពដឹកទំនិញដែលមានទម្ងន់រហូតដល់ ៥ pounds (ឬជាង ២គីឡូក្រាម) និងអាចធ្វើដំណើរបានចំងាយជាង ១០ម៉ាយ (១៦ គីឡូម៉ែត្រ) ពីមជ្ឈមណ្ឌលចែកចាយទំនិញរបស់ Amazon។ គាត់ក៏បានបន្ថែមទៀតថា សេវាកម្ម Prime Air នេះអាចក្លាយទៅជាការពិតបានដោយប្រើរយៈពេលត្រឹមតែ ៤ ទៅ ៥ឆ្នាំទៀតប៉ុណ្ណោះ។
លោក Bezos ក៏ធ្លាប់ជួបនូវការបរាជ័យ និង បង្កើតកំហុសឆ្គងធ្ងន់ធ្ងរមួយចំនួនផងដែរ ក្នុងនោះកាលពីឆ្នាំ ២០១៤ នៅពេលដែល Amazon បានដាក់លក់ទូរស័ព្ទ Fire Phone វាត្រូវបានមនុស្សទូទៅធ្វើការរិះគន់យ៉ាងខ្លាំង ថាជាទូរស័ព្ទដែលល្អមើល តែមិនល្អប្រើ ហើយនៅឆ្នាំបន្ទាប់វាក៏ត្រូវផ្អាកការផលិត។ ទោះបីជាបែបណា គាត់ក៏ទទួលបាននូវជោគជ័យវិញ ជាមួយនឹងការផលិតនូវភាពយន្ដ និងកម្មវិធីទូរទស្សន៍ដែលបង្កើតថ្មី តាមរយៈ Amazon Studios។ ក្រោយពីបានចាក់បញ្ចាំងនូវកម្មវិធី ពីរបីកម្មវិធីនៅក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន Amazon បានទទួលជោគជ័យយ៉ាងធំធេងនៅក្នុងឆ្នាំ ២០១៤ ជាមួយនឹងខ្សែភាពយន្ដភាគរឿង Transparent និង Mozart in the Jungle។ នៅក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុន Amazon បានធ្វើការផលិតខ្សែភាពយន្ដរឿង Chi-Raq របស់អ្នកនិពន្ធ Spike Lee ដែលជាខ្សែភាពយន្ដបង្កើតថ្មីដំបូងរបស់ខ្លួន។
នៅក្នុងឆ្នាំ ២០១៦ លោក Bezos បានឈរនៅពីមុខកាមេរ៉ា ដោយធ្វើជាតួអង្គសម្ដែងបន្ទាប់បន្សំតូចមួយ ដោយដើរតួជាមនុស្សភពផ្កាយ នៅក្នុងខ្សែភាពយន្ដរឿង Star Trek Beyond។ ជាអ្នកគាំទ្រដ៏ងប់ងល់ជាមួយនឹងប្រភេទរឿងវិទ្យាសាស្ដ្រ Star Trek តាំងពីកុមារភាព លោក Jeff Bezos ត្រូវបានផលិតករភាពយន្ដ បញ្ចូលឈ្មោះជាតួអង្គសម្ដែងមួយរូប សំរាប់ខ្សែភាពយន្ដ Star Trek Beyond នេះនៅលើគេហទំព័រ IMDb ផងដែរ។
នៅក្នុងខែកក្កដា ឆ្នាំ២០១៧ លោក Bezos បានយកឈ្នះលើស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates មួយរយៈពេលខ្លីដែរ ដោយបានក្លាយខ្លួនទៅជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើលោក ក្រោយពេលភាគហ៊ុនក្រុមហ៊ុន Amazon ហក់ឡើងបានខ្ពស់ (យោងតាមសារពត៌មាន Bloomberg)។ ទោះបីជាបែបណា ក្រោយពីទីផ្សារភាគហ៊ុនត្រូវបានបិតទ្វារ ទ្រព្យសម្បត្តិរបស់លោក Gates ដែលមានតម្លៃប្រមាណជាង ៩០ពាន់លានដុល្លា បានយកឈ្នះលើលោក Bezos ដែលមានត្រឹម ៨៩ ពាន់លានវិញផងដែរ៕