ជីវិត និងស្នាដៃរបស់ ស៊ែកហ្គេអ៊ីវ៉ាណូវិច វ៉ាវីឡូវ 1891-1951
ស៊ែកហ្គេអ៊ីវ៉ាណូវិច វ៉ាវីឡូវ មានកំណើតក្នុងគ្រួសារអ្នករដ្ឋការក្រីក្រម្នាក់ ។ តាំងពីពេលនៅសិក្សាម៉្លេះ យុវសិស្សនេះចូលចិត្តមុខវិជ្ជាធម្មជាតិវិទ្យាណាស់ ។ ពេលចូលរៀននៅមហាវិទ្យាល័យ និស្សិតដ៏ពូកែឆ្នើម វ៉ាវីឡូវ ត្រូវបានអ្នកប្រាជ្ញ ឡេបេឌែហ្វ យកចិត្តទុកដាក់ណែនាំយ៉ាងពិសេស ។
វ៉ាវីឡូវ បានក្លាយទៅជាអ្នករូបវិទ្យាដ៏ល្បីល្បាញតាំងពីឆ្នាំដំបូងក្រោមរដ្ឋអំណាច សូវៀត ។ លោកទទួលបន្ទុកមុខវិជ្ជាពន្លឺវិទ្យា (Optique) នៅក្នុងវិទ្យាស្ថានរូបវិទ្យា ។ នៅទីនេះលោកសម្រេចបាននូវស្នាដៃធំៗមានតម្លៃជាច្រើន ទាំងខាងទ្រឹស្ដី ទាំងខាងបច្ចេកទេសពន្លឺ ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយវិទ្យាសាស្ត្រ ។ ចាប់ពីឆ្នាំ១៩៣២ លោកបានក្លាយទៅជាសមាជិកបណ្ឌិតសភាវិទ្យាសាស្ត្រសូវៀត រួចមកដល់ឆ្នាំ១៩៤៥ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានវិទ្យាស្ថាន ។
អ្នកប្រាជ្ញរូបនេះបានទទួលរង្វាន់ឥស្សរិយយសលេនីន ២លើក ដោយការរួមចំណែកយ៉ាងសំខាន់របស់លោកក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេសការពារសន្តិសុខជាតិ ។
បន្ទប់ពិសោធន៍នៅក្នុងផ្ទះបាយ
តាំងពីវ័យនៅសិក្សា វ៉ាវីឡូវ បានបង្ហាញឲ្យឃើញនូវចរិតស្រលាញ់ការចង់ចេះចង់ដឹង ។ កុមារយើងពេលណាមិនដែលស្កប់ស្កល់នឹងមេរៀនដែលលោកគ្រូពន្យល់ និងការធ្វើពិសោធន៍វិទ្យាសាស្ត្រដែលលោកគ្រូបានណែនាំនៅសាលាឡើយ ។ មកដល់ផ្ទះ វ៉ាវីឡូវ បានហាត់រៀនដោយខ្លួនឯងក្នុងបន្ទប់ពិសោធន៍មួយ និងតែងជក់ចិត្តក្នុងការអានកាសែត សៀវភៅដែលផ្សព្វផ្សាយពីវិទ្យាសាស្ត្រ ។
ថ្ងៃមួយ មិត្តភក្តិមកលេង បានឃើញ វ៉ាវីឡូវ កំពុងតែមមាញឹកដាំស្លអ្វីមិនដឹងនៅឯចង្ក្រានបាយ ។ ដោយនឹកថាមិត្តភក្តិយើងកំពុងរៀបចំស្រស់ស្រូបអាហារពេលព្រឹក អ្នកទាំងអស់ក៏ទ្រាំនៅអង្គុយចាំ ។
តែ ១៥នាទី រួចកន្លះម៉ោងបានកន្លងហួសទៅហើយ នៅតែមិនឃើញវ៉ាវីឡូវចេញមកពីបន្ទប់បាយសោះ ។ មិត្តភក្ដិទាំងអស់អន្ទះអន្ទែងក៏នាំគ្នាចូលទៅដល់កន្លែង ទើបឃើញការពិត គឺវ៉ាវីឡូវ កំពុងធ្វើការពិសោធន៍ជាមួយកូនដប កូនកែវដែលមានស្រាប់ ។
អ្នកទាំងអស់គ្នានិយាយថា «លោកអើយ ! ពួកយើងស្មានថាឯងកំពុងធ្វើម្ហូបអ្វីដើម្បីទទួលមិត្តភក្ដិឲ្យឆ្ងាញ់មាត់ម្ដងហើយមើលទៅ !»។ វ៉ាវីឡូវ សើចញឹមៗ «វាពិតជាឣ៊ីចឹងហើយ ! យើងកំពុងធ្វើម្ហូបពិសោធន៍ ការប្រែពណ៌ក្រោមឥទ្ធិពលរបស់កម្ដៅ» ។
សត្វអំពិលអំពែកមានប្រយោជន៍អ្វី ?
វ៉ាវីឡូវ ជាអ្នកស្រលាញ់ធម្មជាតិណាស់ ។ ពេលបានក្លាយទៅជាអ្នកប្រាជ្ញហើយនោះ លោកនៅតែប្រកាន់ទម្លាប់ចូលចិត្តធ្វើការស្រាវជ្រាវដូចកាលពីកុមារភាពដដែល ។ ផ្ទះរបស់លោកផ្ទុកពេញដោយអង្កត់ឧសពុកបញ្ចេញពន្លឺ ទ្រុងចិញ្ចឹមសត្វផ្សេងៗ និងអំពិលអំពែកជាដើម ។
សិស្សម្នាក់មកលេង ឃើញដូច្នោះមានការងឿងឆ្ងល់ ក៏សួរថា «ជម្រាបសួរលោកសាស្ត្រាចារ្យ ! តើរបស់ទាំងអស់នេះមានអត្ថន័យអ្វីខាងវិទ្យាសាស្ត្រដែរបាទ ?» ។
វ៉ាវីឡូវ មិនឆ្លើយតបវិញទេ ។ តែមិនយូរប៉ុន្មាន ពេលដែលភ្លើងអគ្គិសនីប្រភេទបញ្ចេញពន្លឺត្រជាក់របស់ វ៉ាវីឡូវ ត្រូវបានរកឃើញ វ៉ាវីឡូវ ក៏បានជួបសិស្សចាស់នោះវិញ ហើយនិយាយថា «ប្អូនឯងឃើញទេ គោលការណ៍អគ្គិសនីនេះ គឺចាប់ប្រភពពីបណ្ដាពួកសត្វអំពិលអំពែកនោះឯង» ។
លក្ខខណ្ឌដើម្បីស្រាវជ្រាវវិទ្យាសាស្ត្រ
មុនពេលដែលបដិវត្តន៍សម្រេចបានជោគជ័យ ដោយសារលោកប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋមន្ត្រីអប់រំប្រតិកិរិយាក្នុងរដ្ឋាភិបាលស្ដេចត្យារ។ វ៉ាវីឡូវត្រូវគេបណ្ដេញចេញរួមជាមួយលោកគ្រូរបស់លោកគឺ ឡេបេឌែហ្វ ពីវិទ្យាស្ថានរូបវិទ្យា រួចហើយត្រូវចាប់បញ្ចូលឲ្យចូលបម្រើក្នុងជួរទ័ព ។
នៅឯសមរភូមិមុខប៉ែកខាងលិច វ៉ាវីឡូវ នៅតែបន្តការស្រាវជ្រាវវិទ្យាសាស្ត្រ ។ លោកបានត្រៀមរៀបចំនៅក្នុងលេនដ្ឋានរបស់ខ្លួននូវបន្ទប់ពិសោធន៍មួយខាងវិទ្យុទូរលេខ ដើម្បីស្រាវជ្រាវពីបច្ចេកទេសនេះ ។
ដោយចៃដន្យ លោកបានជួបមិត្តភក្ដិម្នាក់រួមវិជ្ជាជីវៈម្នាក់ដែលធ្លាប់ធ្វើការនៅក្នុងមន្ទីរពិសោធន៍ជាមួយគ្នា ។ មិត្តរូបនេះបង្ហាញនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយចោទសួរថា «ឯងពូកែមែន ! ធ្វើយ៉ាងម៉េចទើបឯងដំណើរការស្រាវជ្រាវវិទ្យាសាស្ត្របានក្នុងលក្ខខណ្ឌបែបនេះ ?» ។ វ៉ាវីឡូវ ឆ្លើយតប «ឣ៊ីចឹង ឯងយល់ថាមានតែនៅមូស្គូទេ ឬទើបស្រាវជ្រាវវិទ្យាសាស្ត្របាន ? វាមិនមែនដូច្នេះទេ ចង់ស្រាវជ្រាវវិទ្យាសាស្ត្រ វាទាមទារត្រូវតែមានការជក់ចិត្តប៉ុណ្ណោះ» ។
អ្នកវិទ្យាសាស្ត្រជាមនុស្សបែបណា ?
ពេលដែលបានក្លាយទៅជាអ្នកដឹកនាំផ្នែករូបវិទ្យានៅមហាវិទ្យាល័យមូស្គូ មានម្ដងនោះ វ៉ាវីឡូវ បានប្រគល់ឲ្យសហការីរបស់ខ្លួននូវការងារចាត់តាំងមួយចំនួន ។
«ជម្រាបប្រសាសន៍លោកសាស្ត្រាចារ្យ បើតែយ៉ាងហ្នឹង ធ្វើម៉េចខ្ញុំធ្វើការស្រាវជ្រាវវិទ្យាសាស្ត្របានទៅ ?»។ វ៉ាវីឡូវ ឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ថា «ឯងយល់ច្រឡំហើយ ! អ្នកវិទ្យាសាស្ត្រម្នាក់ៗមិនអាចជាអ្នកដែលមិនដឹងអ្វីសោះពីការងារចាត់តាំងនោះឡើយ ។ បើធ្វើការងារចាត់តាំងមិនល្អ នោះយើងមិនបាច់និយាយដល់ការស្រាវជ្រាវវិទ្យាសាស្ត្របានត្រឹមត្រូវសោះឡើយ» ។
វ៉ាវីឡូវ ក៏ជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ខ្លាំងដល់ការងារចាត់តាំងដែរ ។ ក្នុងតួនាទីរបស់ខ្លួនជាអ្នកដឹកនាំ លោកបានចំណាយពេលវេលាយ៉ាងច្រើនសម្រាប់ការងារចាត់តាំង ណែនាំសហការី និងសិស្សរបស់ខ្លួន ដូចជា សេហ្វសែនកូ ឆេរ៉ែនកូហ្វហ្វ្រង់…ឲ្យសម្រេបាននូវស្នាដៃស្រាវជ្រាវរូបវិទ្យាដ៏មានតម្លៃជាច្រើន ។
បច្ចុប្បន្ន និង អនាគត
វ៉ាវីឡូវ ចូលចិត្ត និងសកម្មជាទីបំផុតក្នុងការផ្សព្វផ្សាយវិទ្យាសាស្ត្រ ។ លោកជាអ្នកនិពន្ធសៀវភៅផ្សព្វផ្សាយជាច្រើន ដែលបានទទួលរង្វាន់ ស្តាលីន ។ លោកនៅបានទទួលតួនាទីជាប្រធានសមាគមផ្សព្វផ្សាយវិទ្យាសាស្ត្របច្ចេកទេសទូទាំងសហភាពសូវៀតទៀតផង ។
ថ្ងៃមួយ ដោយឃើញ វ៉ាវីឡូវ ចំណាយពេលវេលាដ៏មានតម្លៃទៅក្នុងការចងក្រងសៀវភៅប្រវត្តិវិទ្យាសាស្ត្រ មិត្តម្នាក់បានពោលថា «តើបងឯងអាចបន្ថយខ្លះនូវកិច្ចការធម្មតានេះ ដើម្បីទុកពេលវេលាឲ្យបានកាន់តែច្រើនជាងចំណាយទៅលើការស្រាវជ្រាវវិទ្យាសាស្ត្របានទេ?» ។
អ្នកប្រាជ្ញយើងគ្រវីក្បាល «សូម្បីតែបងឯងក៏ពិចារណាយ៉ាងនេះដែរ ? វាជាការមិនត្រឹមត្រូវទេ ។ ការចូលជ្រៅទៅក្នុងការស្រាវជ្រាវពិសោធន៍ គឺខ្ញុំកំពុងធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់ពេលបច្ចុប្បន្ន ។ តែការរួមចំណែកផ្សព្វផ្សាយវិទ្យាសាស្ត្រ គឺកំពុងត្រៀមបម្រុងនូវជួរអ្នកស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់អនាគត» ។
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ ចាន់ សុខហេង
កែសម្រួលដោយៈMr365