ជីវិត និងស្នាដៃរបស់ ហ្វ្រង់ស្វ័រ អារ៉ាហ្គោ (1786-1853) អ្នកប្រាជ្ញគណិតវិទ្យាដ៏ឆ្នើម
ហ្វ្រង់ស្វ័រ អារ៉ាហ្គោ ជាអ្នកគណិតសាស្ត្រ និងជាអ្នករូបវិទ្យាដ៏ល្បីល្បាញរបស់ប្រទេសបារាំង ។ កាលអាយុ ១៧ឆ្នាំ អារ៉ាហ្គោ ទទួលបានលេខមួយក្នុងការប្រឡងចូលសាកលវិទ្យាល័យជាន់ខ្ពស់ដែលជាមហាវិទ្យាល័យបច្ចេកទេសមួយដ៏ល្បីឈ្មោះ ធ្លាប់បានបណ្ដុះបណ្ដាលអ្នកប្រាជ្ញដ៏ឆ្នើមជាច្រើនរូបមកហើយ សម្រាប់ប្រទេសបារាំង ។
ពេលប្រឡងចេញពីមហាវិទ្យាល័យ លោកត្រូវបានតែងតាំងឲ្យធ្វើជាអ្នកជំនួយការឲ្យលោក ប៊ីណេ ហើយត្រូវបានឲ្យចូលរួមក្នុងសកម្មភាពវាស់វែងខ្សែវ័ណ្ឌផែនដី ។ បន្ទាប់មក លោកត្រូវបានគេបោះឆ្នោតជ្រើសរើសចូលជាសមាជិកបណ្ឌិតសភាបារាំង ជាសាស្ត្រាចារ្យសាកលវិទ្យាល័យជាន់ខ្ពស់ និងជានាយកស្ថានីយតារាសាស្ត្រ ។
អារ៉ាហ្គោ បង្កើតស្នាដៃជាច្រើន រួមវិភាគទានក្នុងវិទ្យាសាស្ត្រ ហើយលោកបានដាក់ចេញជាដំបូងបង្អស់នូវទ្រឹស្ដីបទរលក និងទ្រឹស្ដីបទចំណាំងបែរ ទ្រឹស្ដីបទស្ដីពីចរន្តអាំងឌុចស្យុង និងស្ប៉ិចម៉ាញ៉េទិក ។
មិនបាច់រង់ចាំដល់ ១០ ឆ្នាំទេ !
តាំងពីនៅតូច កុមារ អារ៉ាហ្គោ បានបង្ហាញឲ្យឃើញនូវស្មារតីខ្លួនទីពឹងខ្លួន និងទឹកចិត្តប្ដេជ្ញាពុះពារគ្រប់ឧបសគ្គ ។ អាយុ ១២ឆ្នាំ មានម្ដងនោះ អារ៉ាហ្គោ បានរកឃើញសៀវភៅមួយក្នុងគំនរសៀវភៅចាស់ៗរបស់ឪពុកខ្លួន ។ កុមារទាញយកមកមើល ហើយជាការធម្មតាគឺមិនយល់អ្វីទាល់តែសោះ ។ កុមារក៏យកទៅសួរឪពុក ។ ឪពុក អារ៉ាហ្គោ បើកពីរបីទំព័ររួចគ្រវីក្បាល «ទេ ! សៀវភៅនេះកូនអានឥឡូវមិនទាន់បានទេ ។ ចាំបួនដប់ឆ្នាំទៀតសិនណ៎ា» ។
រឿងនោះក៏កន្លងផុតទៅ ។ ស្រាប់តែថ្ងៃមួយ ឪពុកឃើញកូនកាន់របស់ចម្លែកមួយនៅនឹងដៃ «ស្អីហ្នឹង អារ៉ាហ្គោ ?» «បាទបំពង់ឆ្លុះដែលកូនធ្វើខ្លួនឯង» «ទុកធ្វើអ្វី ?» «ទុកគូរផែនទីទីក្រុង…»
ការពិតសៀវភៅកាលពីថ្ងៃមុននោះ បានណែនាំនូវបញ្ហាភូមិសាស្ត្រដ៏លំបាកស្មុគ្រស្មាញ ។ អារ៉ាហ្គោបានអានបណ្ដាវិធីវាស់វែងដែលចែងនៅក្នុងនោះ រួចខំធ្វើឧបករណ៍ដោយខ្លួនឯងដើម្បីគូរផែនទីទីក្រុង ។
ជំហានកំណត់សម្រេច
កាលនៅពីតូច ថ្ងៃមួយនោះ នៅតាមផ្លូវ កុមារអារ៉ាហ្គោ បានជួបនាយទាហានម្នាក់កំពុងដោះកាំភ្លើងត្បាល់ដើម្បីជួសជុល ។ អារ៉ាហ្គោ ចាត់ទុកនេះជាការចម្លែកណាស់ ។ «ពូអើយ ពូជាអ្នកណា ?» «ពូជានាយទាហានអង្គភាពទ័ពជាងណាក្មួយ !» «ធ្វើយ៉ាងម៉េចទៅ ទើបខ្ញុំបានក្លាយទៅជានាយទាហានអង្គភាពទ័ពដូចពូទៅន៎ ?» «អូ៎ ត្រូវតែរៀនសូត្រចប់សាកលវិទ្យាល័យ» «ចុះសាកលវិទ្យាល័យគឺជាអ្វីទៅ ?»
នាយទាហានក៏ផ្ទុះសំណើច «ឆ្លើយសំណួរមួយនេះចំពោះក្មួយឯងពិតជាពិបាកណាស់ ! ល្អបំផុត ក្មួយឯងគួរតែទៅរកមើលនៅបណ្ណាល័យឃុំ នោះនឹងមានតារាងណែនាំអំពីសាកលវិទ្យាល័យហើយ !…» ។ មិនឲ្យខាតពេលសូម្បីមួយនាទី អារ៉ាហ្គោ រត់យ៉ាងលឿនទៅកាន់បណ្ណាល័យរកមើលតារាងដែលណែនាំពន្យល់ពីសាកលវិទ្យាល័យ ។
ពិតមែន នៅក្នុងតារាងនោះបាននិយាយច្បាស់លាស់ពីគោលបំណងបណ្ដុះបណ្ដាល ពីកម្មវិធី ពីរបៀបសុំប្រឡងចូលសាកលវិទ្យាល័យ… កុមារយើងក៏ចូលចិត្តមួយរំពេច ហើយប្ដេជ្ញាចិត្តត្រូវតែប្រឡងចូលសាកលវិទ្យាល័យនេះ ។ កុមារអារ៉ាហ្គោ បានជួបប្រទះសៀវភៅពិជគណិត រួចប្រឹងអានហើយស្វែងយល់ដោយខ្លួនឯង ។ កន្លែងខ្លះដែលមិនយល់ អារ៉ាហ្គោក៏ប្រឹងយកទៅសួរបងប្អូនម្នាក់ដែលនៅឆ្ងាយ ។ មួយឆ្នាំកន្លះបានកន្លងផុតទៅ អាស្រ័យដោយការតស៊ូព្យាយាមរៀនដោយខ្លួនឯង ប្អូនយុវសិស្សវិទ្យាល័យ អារ៉ាហ្គោ បានត្រៀមខ្លួនយ៉ាងគ្រប់គ្រាន់នូវចំណេះដឹងសម្រាប់ប្រឡងចូលសាកលវិទ្យាល័យ ។
គន្លឹះសម្រាប់ប្រែក្លាយទៅជាឆ្លាតវាងវៃ
នៅពេលត្រៀមប្រឡងចូលសាកលវិទ្យាល័យ អារ៉ាហ្គោ បានប្រឡូកតែម្នាក់ឯងជាមួយនឹងបណ្ដាសៀវភៅពិជគណិត ពីព្រោះនៅក្នុងភូមិម្ករដ៏ឆ្ងាយដាច់ស្រយាលនៃភូមិកំណើត គ្មាននរណាម្នាក់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីជួយណែនាំដល់កុមារដែលស្រឡាញ់ការសិក្សានេះឡើយ ។
ថ្ងៃមួយនោះ អារ៉ាហ្គោ បានរកឃើញសៀវភៅរបស់ អាក្រង់ ដែលជាអ្នកគណិតសាស្ត្រដ៏ល្បីល្បាញរបស់ប្រទេសបារាំងនាជំនាន់នោះ ។ អារ៉ាហ្គោ ចាប់ផ្ដើមអានភ្លាមពីទំព័រដំបូងរហូតដល់ចប់ ហើយមិនយល់អ្វីទាល់តែសោះ ។ កុមារក៏រត់ទៅរកបងជីដូនមួយ រៃណង់ ដែលជាអ្នកចូលចិត្តពិជគណិតដែរនោះ ដោយត្អូញត្អែរថា ៖ «ខួរក្បាលប្អូនឆោតល្ងង់ពេក ! ធ្វើយ៉ាងណាទៅទើបឆ្លាតវាងវៃបាន ?» ។
បងជីដូនមួយញញឹមហើយតបថា «ខ្ញុំមានបទពិសោធន៍មួយ ។ បើសិនជាអានលើកដំបូងមិនយល់ត្រូវតែអានសាឡើងវិញដោយហ្មត់ចត់ ។ អានលើកទី២ មិនយល់ត្រូវតែអានលើកទី៣ បន្តទៀត» ។
អារ៉ាហ្គោ ចាត់ទុកបទពិសោធន៍នេះជាការត្រឹមត្រូវ ។ ជាការពិត ការអានលើកទី៣ អារ៉ាហ្គោកត់សម្គាល់ឃើញថា រាល់បញ្ហាចាក់ស្រែះត្រូវបានស្រាយចេញអស់ ។
ថ្ងៃក្រោយមក អ្នកគណិតសាស្ត្រយើងតែងរៀបរាប់ករណីរបស់ខ្លួនប្រាប់សិស្សទាំងឡាយ ហើយធ្វើការសន្និដ្ឋានថា «មនុស្សមិនមែនងាយបានទទួលបញ្ញាពីកំណើតមកទេ ។ តែគេអាចក្លាយទៅជាមនុស្សឆ្លាតបានដោយការប្ដេជ្ញាចិត្ត» ។
ទេពកោសល្យ ឬ ក៏ការប៉ិនប្រសប់
នៅពេលប្រឡងចេញពីសាលា អារ៉ាហ្គោ បានជួបលោកសាស្ត្រាចារ្យ ឡឺក្រង់ ក្នុងសម័យប្រឡងសំណួរ និងចម្លើយ ។ ឡឺក្រង់ ល្បីឈ្មោះថា ជាអ្នកមានចរិតពិបាក ហើយងាយច្រឡោតចំពោះរឿងរ៉ាវនានា ។ មុនពេលចូលបន្ទប់ប្រឡង មិត្តភក្ដិទាំងអស់បានខ្សឹបប្រាប់ អារ៉ាហ្គោ «ប្រយ័ត្នណ៎ា ! កុំធ្វើឲ្យលោកតាគាត់ច្រឡោត ឮទេ !» ។
មិត្តយុវជនពោរពេញទៅដោយក្ដីសង្ឃឹម បានឈានចូលក្នុងបន្ទប់ប្រឡង ។ ប្រហែលជាមកពីឥរិយាបថរបស់ អារ៉ាហ្គោ ទើបធ្វើឲ្យលោកសាស្ត្រាចារ្យមិនពេញចិត្ត គាត់ក៏សួរដោយសំឡេងម៉ឺងម៉ាត់ «ឯងជាជនជាតិអ៊ីតាលីឬ ?» «ជម្រាបលោកសាស្ត្រាចារ្យ មិនមែនទេ ខ្ញុំជាជនជាតិបារាំង» «ម៉េចក៏អញ្ចឹង ? ភាសាជនជាតិបារាំង គ្មានឈ្មោះ អារ៉ាហ្គោ ទេ ?» «ជម្រាបលោកសាស្ត្រាចារ្យមានដែរតើបាទ ។ ភស្តុតាងគឺខ្ញុំជាជនជាតិបារាំង» ។
លោកសាស្ត្រាចារ្យជើងចាស់ក៏ខឹងច្រឡោត ។ គាត់សួរ អារ៉ាហ្គោ ដល់ទៅពីរម៉ោង ដោយសួរចូលជ្រៅក្នុងបញ្ហាល្បិចជាច្រើន ។ អារ៉ាហ្គោ បានឆ្លើយតបវិញយ៉ាងល្អប្រសើរ ។ នៅនាទីចុងក្រោយគាត់ចេញលំហាត់ពិជគណិតមួយឲ្យយុវសិស្សរឹងក្បាលនេះ ។
«ជម្រាបប្រសាសន៍លោកសាស្ត្រាចារ្យ…» «ម៉េច ? ឯងធ្វើមិនបានទេឬ ?» «បាទ ធ្វើបាន ព្រោះលំហាត់នេះចំពោះខ្ញុំវាស្រួលពេក សុំលោកសាស្ត្រាចារ្យចេញលំហាត់មួយផ្សេង ពិបាកជាងនេះបានទេបាទ !» ។
លោកសាស្ត្រាចារ្យសម្លឹង អារ៉ាហ្គោ មួយនាទី សំដែងនូវភាពងឿងឆ្ងល់ ហើយលោកបានដាក់បន្ថែមលក្ខខណ្ឌមួយទៀតឲ្យលំហាត់នោះ ។ អារ៉ាហ្គោ នៅតែស្រាយបំភ្លឺបានយ៉ាងល្អ ញ៉ាំងឲ្យលោកសាស្ត្រាចារ្យមានចរិតពិបាកនេះ ត្រូវតែសរសើរចំពោះអារ៉ាហ្គោ ។
ក្រោយមក គឺ ឡាក្រង់ បានរៀបរាប់រឿងនេះ ហើយនិយាយថា «ខ្ញុំកោតសរសើរ និងចាប់ផ្ដើមគោរព អារ៉ាហ្គោ តាំងពីពេលនោះមក ។ យុវជនយើងបង្ហាញឲ្យឃើញនូវការជឿជាក់លើខ្លួនឯង ហើយចង់ឆ្លងកាត់សម័យប្រឡងដោយសមត្ថភាពខ្លួនឯង ពុំមែនដោយការប៉ិនប្រសប់ឡើយ» ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ ចាន់ សុខហេង
កែសម្រួលដោយៈMr365