ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ជីវិត និង​ស្នាដៃ​របស់ ហ្សាល ដាកវីន1809-1882 ការរៀនមិនកំណត់អាយុ

1,969

ហ្សាល ដាកវីន មាន​កំណើត​នៅ​ទីក្រុង​ឡុងដ៍ (ប្រទេស​អង់គ្លេស) ។ កាល​នៅ​តូច ដាវីន ជា​កុមារ​ម្នាក់​ដែល​រៀនសូត្រ​ធម្មតា ។ ប្រការ​ដែល​ជា​ទី​ចំណូល​ចិត្ត​បំផុត​របស់​កុមារ​ ដាវីន គឺ​ការ​សង្កេត​មើល​ធម្មជាតិ ស្រាវជ្រាវ​បណ្ដា​វត្ថុ​គំរូ​ពី​សត្វ​មាន​ជីវិត និង​រុក្ខជាតិ ។ បន្ទាប់​ពី​បាន​ប្រលង​ជាប់​មហាវិទ្យាល័យ ដាវីន បាន​សម្រេច​នូវ​បំណង​ប្រាថ្នា​តាំង​ពី​កុមារភាព​របស់​ខ្លួន គឺ​ដើរ​ទេសចរណ៍​ជុំវិញ​ពិភពលោក ។ ក្នុង​ដំណើរ​ទេសចរណ៍​នេះ លោក​រើស​ប្រមូល​បាន​នូវ​ឯកសារ​ដ៏​មាន​តម្លៃ​ជា​ច្រើន ដែល​ជា​ការ​ត្រៀម​សម្រាប់​ស្នាដៃ​ច្នៃប្រឌិត​ដ៏​ធំ​ធេង​របស់​លោក​សម្រាប់​អនាគត ។

ទ្រឹស្ដី​វិវឌ្ឍនភាព​របស់​ ដាកវីន ពុំ​ត្រឹមតែ​ស្រាយ​បំភ្លឺ​បាន​នូវ​បណ្ដា​សមិទ្ធផល​រាប់​ម៉ឺន​ជំពូក​នៃ​ការ​កកើត​របស់​ពិភព​ធម្មជាតិ​ប៉ុណ្ណោះ​ទេ គឺ​ជា​មូលដ្ឋាន​សម្រាប់​កសាង​មូលដ្ឋាន​វិទ្យាសាស្ត្រ​របស់​ទស្សនវិជ្ជា​ សម្ភារៈនិយម​វិចារ​វិទ្យា​ទៀត​ផង ។

ប្រការ​ដែល​អៀនខ្មាស ឬ​ក្ដីរុងរឿង

កាល​ពី​នៅ​តូច ដាកវីន ចូលចិត្ត​រត់លេង​នៅ​វាល​ស្មៅ រក​សត្វល្អិត ស្មៅព្រៅ មេអំបៅ កន្ទុំរុយ ។ ទឹកចិត្ត​ស្រឡាញ់​ធម្មជាតិ និង​ការ​ចង់​រក​ឃើញ​នូវ​អាថ៌កំបាំង​ក្នុង​ពិភព​ធម្មជាតិ​បាន​ចាប់​មាន​ពី​ពេល​នោះ​មក ។

មាន​ម្ដង​នោះ ដាកវីន ធ្វើ​មេរៀន​បាន​ពន្ទុ​តិច ត្រូវ​ឪពុក​ស្ដីបន្ទោស «មួយ​ថ្ងៃៗ កូន​ឯង​ជក់​តែ​នឹង​ល្បែង​លេង​គ្មាន​ប្រយោជន៍ ! កូន​ឯង​នឹង​ធ្វើ​ឲ្យ​អាម៉ាស់​ដល់​គ្រួសារ​យើង​តែ​ប៉ុណ្ណោះ» ។ ដាកវីន ឱន​មុខ​នៅ​ស្ងៀម​មិន​ស្រដី​… ក៏​ប៉ុន្តែ​ឪពុក​របស់​លោក​មិន​យល់​ឡើយ​ថា បណ្ដា «ល្បែង​លេង​ឥត​ប្រយោជន៍» នោះ​បាន​ជំរុញ​ ដាក​វីន ​ឲ្យ​ឈាន​ទៅ​ដល់​កំពូល​នៃ​ភាព​រុងរឿង​ឡើយ ។ ការ​ជក់​ចិត្ត​រក​ឃើញ​នៅ​ក្នុង​ពិភព​ធម្មជាតិ​ពេញ​ដោយ​អាថ៌​កំបាំង បាន​ក្លាយ​ទៅ​ជា​គ្រឹះ​នៃ​ទ្រឹស្ដី​ ដាកវីន ​នា​ថ្ងៃ​អនាគត ។

សម្ដី​ «ទស្សន៍ទាយ»

ថ្ងៃ​មួយ ដាកវីន ​បាន​យក​គ្រោង​ខ្លួន​នូវ​បណ្ដា​គំរូ​ដែល​រក​ឃើញ​ពី​សត្វ​ល្អិត និង​ស្មៅព្រៅ​របស់​ខ្លួន​ចូល​ថ្នាក់​រៀន ។ មិត្តភក្តិ​នាំ​គ្នា​មក​មើល​អ៊ូអរ​បណ្ដាល​ឲ្យ​បាត់​របៀប​រៀបរយ​នៅ​កណ្ដាល​ម៉ោង​រៀន ។ ពេល​នោះ លោក​ចាងហ្វាង​សាលា​ក៏​មក​ដល់​ល្មម ។ ដឹង​ច្បាស់​ក្បាល​កន្ទុយ​ហើយ លោក​ចាងហ្វាង​ខឹង​យ៉ាង​ខ្លាំង រួច​និយាយ​ថា «លោក​សមាជិក​សមាគម​ព្រះរាជា ! សូម​លោក​យក​ល្បែង​កំសាន្ត​របស់​លោក ចេញ​ឲ្យ​ផុត​ពី​ថ្នាក់​រៀន​ភ្លាម» ។

«សមាគមន​ព្រះរាជា» គឺ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​អង់គ្លេស ។ នៅ​ពេល​ដែល​និយាយ​នៅ​ពាក្យ​ចំអក​នេះ លោក​ចាងហ្វាង​សាលា​ពិត​ជា​ស្មាន​មិន​ដល់​ឡើយ​ថា ពាក្យ​ទស្សន៍ទាយ​នេះ ពាន​ក្លាយ​ទៅ​ជា​ការ​ពិត ។ ២០​ឆ្នាំ​ ក្រោយ​មក ដាកវីន ​បាន​ក្លាយ​ទៅ​ជា​អ្នកប្រាជ្ញ ជា​សមាជិក​សមាគម​ព្រះរាជា​ពិត​មែន ។

កប៉ាល់​ប៊ីហ្គិន

នៅ​ពេល​ប្រលង​ចេញ​ពី​មហាវិទ្យាល័យ ដាកវីន​សម្រេច​ចិត្ត​អនុវត្ត​តាម​បំណង​ប្រាថ្នា​តាំង​ពី​កុមារភាព​របស់​ខ្លួន គឺ​ធ្វើ​ដំណើរ​ទេសចរណ៍​ជុំវិញ​ពិភពលោក ។ គាត់​បាន​ទាក់ទង​ជាមួយ​បងប្អូន​ម្នាក់​ដែល​ជា​ប្រធាន​នាវិក​កប៉ាល​ប៊ីហ្គិន ។ ប្រធាន​នាវិក​កប៉ាល់​នេះ​យល់​ព្រម​សហការ​ជាមួយ ​ដាកវីន 

គោលបំណង​របស់​ដាកវីន​ត្រូវ​គេ​ជំទាស់​យ៉ាងច្រើន ហើយ​ថែម​ទាំង​ចំអក​ថា វិកលចរិត​ទៀត​ផង «បង​ឯង​ក្លាយ​ទៅ​ជា​ព្រះអាទិទេព ហ្គីលីវែ មែនទេ ? គួរ​ឲ្យ​ស្ដាយ​ណាស់ ! ផែនដី​ត្រូវ​បាន​គេ​រក​ឃើញ​តាំង​ពីយូរ​មក​ហើយ លោក​សម្លាញ់​ស្រមើស្រមៃ​អើយ !» ។ តែ​ដាកវីន ​មិន​រាថយ​បន្តិច​ណា​ឡើយ ហើយ​តប​វិញ​ថា «មិត្ត​ទាំងអស់​យល់​ច្រឡំ​ហើយ ! ពិភពលោក​ទើប​តែ​នឹង​បាន​រក​ឃើញ​មួយ​ចំណែក​តូច​ប៉ុណ្ណោះ ។ ខ្ញុំ​ចង់​ចូល​ទៅ​ជ្រៅ​នៅ​ចំណែក​ឯ​ទៀត» ។

ជា​ការពិត​ក្នុង​ដំណើរ​លើ​កប៉ាល់​ប៊ីហ្គិន ដាកវីន ​ប្រមូល​បាន​នូវ​ឯកសារ​ដ៏​មាន​ប្រយោជន៍​ជាច្រើន​សម្រាប់​ជួយ​សម្រេច​ដល់​សមិទ្ធផល​ស្ដីពី​ទ្រឹស្ដី​វិវឌ្ឍនភាព​របស់​ខ្លួន ។ ដាកវីន ​ពុំ​បាន​រក​ឃើញ​ផែនដី​របស់​ជនជាតិ លីសីពុត ទេ តែ​បាន​រក​ឃើញ​កោះ​ហ្គាឡាប៉ាហ្គូស ជាមួយ​នឹង​បណ្ដា​សត្វ​មាន​ជីវិត​តាំង​ពី​បុរេសម័យ ដូចជា សត្វ​ទទា​ដែល​គ្មាន​ស្លាប​ហើរ ពួក​អណ្ដើក​សមុទ្រ​ដ៏​មហាធំ ។ គាត់​បាន​ជាន់​ជើង​នៅ​លើ​កោះ​ភ្នំភ្លើង «តាមូ» ហើយ​បាន​រក​ឃើញ​នូវ​ការ​រស់រាន​ឡើង​វិញ​យ៉ាង​អស្ចារ្យ​នៃ​ពិភពសត្វ​ដែល​រស់​នៅ​ទីនោះ ក្រោយ​ពី​កោះ​នេះ​ត្រូវ​បាន​ឆេះ​ជា​ផេះ​ផូរផង់​ដោយ​សន្ទុះ​ភ្នំភ្លើង​បាញ់​ចេញ​ពី​ភ្នំ​ដ៏​គួរ​ឲ្យ​ព្រឺព្រួច នា​ឆ្នាំ​១៨១៥ ជា​ដើម ។

ការ​ប្ដេជ្ញា​ចិត្ត​ឈ្នះ​ជំងឺ

ដំណើរ​ទេសចរណ៍​ជុំវិញ​ពិភពលោក បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​របស់ ​ដាកវីន ។ ពេល​ត្រលប់​មក​វិញ អ្នកប្រាជ្ញ​យើង​ត្រូវ​លោក​គ្រូពេទ្យ​បង្ខំ​ឲ្យ​សម្រាក មិន​ឲ្យ​ធ្វើ​ការងារ ហើយ​ត្រូវ​ទៅ​លំហែរ​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ នៅ​ទីជនបទ​ស្ងប់ស្ងាត់​ណា​មួយ ។ ក៏​ប៉ុន្តែ​ ដាកវីន​ មិន​ព្រម​ចុះ​ចាញ់​ចំពោះ​រោគា​ឡើយ ។ លោក​បាន​ដាក់​ខ្លួនឯង​នូវ​ការ​ហាត់ប្រាណ​លត់ដំ និង​ធ្វើការ​ដោយ​ទ្រាំ​ទទួល​នូវ​ការ​ចុកចាប់​យ៉ាង​ក្លាហាន ដើម្បី​អនុវត្ត​ត្រឹមត្រូវ​តាម​របប​កំណត់​នោះ ។ គឺ​ដោយ​ចិត្ត​តស៊ូ​អំណត់​នេះ ដាកវីន​ បាន​ជំនះ​លើ​ជំងឺ​ដ៏​ធ្ងន់ធ្ងរ ហើយ​បាន​សម្រេច​នូវ​ស្នាដៃ​វិទ្យាស្ត្រ​យ៉ាង​ឆ្នើម ។

នៅ​ថ្ងៃ​ក្រោយ​មក ពេល​បាន​អាយុ៧០​ឆ្នាំ លោក​បាន​រៀបរាប់​ថា «បើសិន​ជា​ខ្ញុំ​ទន់​ខ្សោយ​ក្នុង​តំណាក់​កាល​នោះ នោះ​ប្រាកដ​ជា​គ្មាន​ពេល​ណា​នឹង​មាន​អ្វី​សម្រាប់​បូជា​ឲ្យ​វិទ្យាសាស្ត្រ​ឡើយ» ។

អ្នកប្រាជ្ញ​មិន​មែន​មាន​ន័យ​ថា បញ្ឈប់​ការ​រៀនសូត្រ​ទេ

ពេល​បាន​ក្លាយ​ទៅ​ជា​អ្នកប្រាជ្ញ​ល្បី​ឈ្មោះ​ពេញ​ទាំង​ពិភពលោក ដាកវីន ​នៅ​តែ​បន្ត​ការ​រៀនសូត្រ​ឥត​ឈប់​ឈរ ។ លោក​តែង​តែ​និយាយ​ទៅ​កាន់​កូនៗ​ថា «អ្នកប្រាជ្ញ​មិន​មែន​មាន​ន័យ​ថា បញ្ឈប់​ការ​រៀន​សូត្រ​ឡើយ» ។

ពេល​ដែល​អាយុ​កាន់​តែ​ច្រើន លោក​នៅ​តែ​ជក់​ចិត្ត​រៀន​ភាសា ដើម្បី​អាច​ពិចារណា​ស្វែង​យល់​ដោយ​ខ្លួន​ឯង​នូវ​ឯកសារ​បរទេស​នានា ។ កូន​ប្រុស​របស់ ​ដាកវីន បាន​រៀបរាប់​ឡើង​វិញ​ថា «… ឪពុក​ខ្ញុំ​រៀន​ភាសា​អាល្លឺម៉ង់​យ៉ាង​ព្យាយាម ។ ពេល​ដែល​យើង​ខ្ញុំ​សុំ​ជួយ​គាត់​បកប្រែ​ឯកសារ​ផ្សេងៗ ឪពុក​ខ្ញុំ​បដិសេធ​យ៉ាង​ដាច់​អហង្ការ» ។ គាត់​និយាយ​ថា «ពុក​ចង់​ត្រិះរិះ​ដោយ​ខួរ​ក្បាល​របស់​ពុក ពុំ​មែន​ប្រើប្រាស់​ខួរក្បាល​របស់​អ្នក​ដទៃ​ឡើយ» ។

«ទី​បំផុត​គឺ​ឪពុក​ខ្ញុំ​ឈ្នះ ។ គាត់​អាន​យ៉ាង​ស្ទាត់​ភាសា​អាល្លឺម៉ង់ និង​ភាសា​នៃ​ប្រទេស​ជាច្រើន​ទៀត ។»

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

កែសម្រួលដោយៈMr365

Comments
Loading...