ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ជីវិត និង​ស្នាដៃ​របស់ អង់ត្វាន់ ឡាវ័រស៊ីយ៉េ ១៧៤៣-១៧៩៤ អ្នកបង្កើតទ្រឹស្ដីថ្មីអំពីភ្លើង

2,087

អង់ត្វាន់ ឡាវ័រស៊ីយ៉េ ជា​កូន​ក្នុង​ត្រកូល​អ្នក​ពាណិជ្ជកម្ម​ស្ដុកស្ដម្ភ​ម្នាក់ បាន​ទទួល​ការ​រៀន​សូត្រ​ពេញ​លេញ​តាំង​ពី​នៅ​កុមារភាព ហើយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទេពកោសល្យ​ខាង​វិទ្យាសាស្ត្រ​ពី​កំណើត ។ នៅ​អាយុ ២៣​ឆ្នាំ ជាមួយ​បណ្ដា​ស្នាដៃ​ស្រាវជ្រាវ​អំពី​របៀប​អុជ​បំភ្លឺ ឡាវ័រស៊ីយ៉េ បាន​ទទួល​រង្វាន់​ពី​ បណ្ឌិតសភា​វិទ្យាសាស្ត្រ​បារាំង ។

បុព្វហេតុ​វិទ្យាសាស្ត្រ​សំខាន់​របស់​ ឡាវ័រស៊ីយ៉េ គឺ​ខាង​គីមី ។ លោក​បាន​រក​ឃើញ​ច្បាប់​មូលដ្ឋាន​គីមី​ជាច្រើន ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​លោក​ដូចជា​អ្នក​ដែល​បាន​បង្កើត​ចេញ​មុខ​វិជ្ជា​គីមី​អសរីរាង្គ ។ លោក​ក៏​បាន​ចាប់​ផ្ដើម​ធ្វើការ​ស្រាវជ្រាវ​អំពី​គីមី​អសរីរាង្គ ។ ឡាវ័រស៊ីយ៉េ ជា​អ្នក​និពន្ធ​សៀវភៅ​សាសន​ប្បញ្ញតិ Livre Canonique ដែល​ក្នុង​នោះ​មាន​សៀវភៅ​មូលដ្ឋាន​គីមី និង​សៀវភៅ​ឧណ្ហវិទ្យា ។

ជ្រើស​រើស​យក​ផ្នែក​ណា ?

ដោយ​ជា​កូន​អ្នក​មាន​ស្ដុកស្ដម្ភ ឡាវ័រស៊ីយ៉េ បាន​រៀន​សូត្រ​យ៉ាង​គ្រប់គ្រាន់​តាំង​ពី​វ័យ​ក្មេង​ម្ល៉េះ ដែល​តាម​រយៈ​ការ​រៀន​សូត្រ​នេះ​តែង​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា គេ​ជា​អ្នក​ស្រេក​ឃ្លាន​នូវ​ចំណេះ​ដឹង​ជា​និច្ច ។ យុវជន​រូប​នេះ​ជក់​ចិត្ត ជក់​អារម្មណ៍​នឹង​ការ​រៀន​សូត្រ​ណាស់ គឺ​រៀន​ទាំង​​គណិតសាស្ត្រ រូបវិទ្យា គីមីវិទ្យា ទាំង​អក្សរសាស្ត្រ និង​មាន​លទ្ធភាព «ឃុំ​ឃាំង​ខ្លួនឯង» នៅ​ក្នុង​ផ្ទះ​រហូត​ដល់​ទៅ​ជាង​កន្លះ​ខែ​ទៀត​ផង ដើម្បី​អាន​សៀវភៅ ។

កាល​អាយុ ១៨​ឆ្នាំ មាន​មិត្ត​ម្នាក់​សួរ ឡាវ័រស៊ីយ៉េ ថា «មិត្ត​ឯង​គិត​ជ្រើស​រើស​ផ្នែក​ណា ?» ។ ឡាវ័រស៊ីយ៉េ សើច​ញឹមៗ «យើង​ឃើញ​វិទ្យាសាស្ត្រ​មួយ​ណា​ក៏​គួរ​ឲ្យ​ជក់​ចិត្ត​ទាំង​អស់ ។ បើសិន​ជា​យើង​មាន​ខួរក្បាល​១០ យើង​នឹង​ចូល​ជ្រៅ​លើ​គ្រប់​វិស័យ​…» ។ ក៏​ប៉ុន្តែ​ដល់​អាយុ​២៣​ឆ្នាំ ឡាវ័រស៊ីយ៉េ បានសម្រេច​ចិត្ត​ជ្រើស​រើស​គីមីសាស្ត្រ ។

ការ​ប្រុង​ប្រយ័ត្ន​របស់​អ្នក​ប្រាជ្ញ

ឡាវ័រស៊ីយ៉េ ជា​អ្នក​ប្រុង​ប្រយ័ត្ន​បំផុត​ក្នុង​ការស្រាវជ្រាវ ។ លោក​បាន​កសាង​ខឿន​ទ្រឹស្ដីបទ​អំពី​ភាព​ឆេះ​ដាច់​ចេញ​ដំបូង​បង្អស់​ពី​មូលដ្ឋាន​គីមី​ចម្រុះ បង្កើត​ចេញ​នូវ​ «ច្បាប់​ការ​រក្សា​ទុក​រូបធាតុ» ជាដើម​… ខ្លួន​លោក​តែង​តែ​ជា​អ្នក​រិះគន់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​បណ្ដា​ការ​សន្និដ្ឋាន​របស់​ខ្លួន ។

មាន​ម្ដង​នោះ សហសេវិក​របស់​លោក​បាន​ជំរុញ​លោក​ឲ្យ​​ប្រកាស​ស្នាដៃ​មួយ តែ​អ្នក​ប្រាជ្ញ​យើង​បាន​ឆ្លើយ​តប​វិញ​ថា «មិន​អាច​ប្រកាស​ប្រការ​នេះ​បាន​ទេ នៅ​ពេល​ដែល​ខ្ញុំ​អនុវត្ត​ពិសោធន៍​មិន​ទាន់​បាន​ស្រួល​បួល​នៅ​ឡើយ​នោះ» ។ «​បើ​អញ្ចឹង​តើ​លោក​ត្រូវការ​ពេល​វេលា​ប៉ុន្មាន​ឆ្នាំ​ដើម្បី​ធ្វើ​ការ​ពិសោធន៍​អង្កេត​ឡើង​វិញ ?» ។ «បួន​ឆ្នាំ» ។

ភ្លើង​ឆេះ «អង្គធាតុ​ដុត»

កាល​មិន​ទាន់​មាន ឡាវ័រស៊ីយ៉េ អ្នកប្រាជ្ញ​ទាំង​ឡាយ​នៅ​ជឿ​ថា «ការ​ឆេះ» គឺ​ជា​ជាតិ​មួយ​ផ្ទុក​នៅ​ក្នុង​គ្រប់​រូបធាតុ​ទាំង​អស់ ។ ឡាវ័រស៊ីយ៉េ ជា​អ្នក​ដំបូង​បង្អស់​ដែល​តាម​រយៈ​ការ​ពិសោធន៍​បាន​បញ្ជាក់ និង​សន្និដ្ឋាន​ឲ្យ​ឃើញ​ថា ពុំ​មាន «អង្គធាតុ» និង​ការ «ឆេះ» ទេ គឺ​មាន​ត្រឹម​តែ​ជា​ប្រតិកម្ម​ផ្សំ​គ្នា​ជាមួយ​អុកស៊ីសែន​តែ​ប៉ុណ្ណោះ ។ ការ​រក​ឃើញ​របស់ ឡាវ័រស៊ីយ៉េ បាន​បណ្ដាល​ឲ្យ​ក្រឡាប់ចក្រ​នៃ​ទស្សនៈ​របស់​គីមីវិទូ​នា​សម័យ​នោះ និង​បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ។ តែ​ស្ថិត​ចំពោះ​ភស្តុតាង​ជាក់​ស្ដែង អ្នក​ទាំង​អស់​នោះ​ត្រូវ​តែ​ទទួល​ស្គាល់​ទ្រឹស្ដីបទ​ថ្មី​នេះ ។

ក្នុង​ការ​ជួប​ជុំ​គ្នា​មួយ ឡាវ័រស៊ីយ៉េ បាន​សម្ដែង​រឿង​ល្ខោន​មួយ​មាន​ចំណង​ជើង​ថា «ភ្លើង​ឆេះ អង្គធាតុ​ដុត» ដែល​ភរិយា​របស់​លោក​បាន​ដើរ​តួឯក ។ ឆាក​ល្ខោន​បាន​ធ្វើ​ការ​ទិតៀន​យ៉ាង​ទន់ភ្លន់​ចំពោះ​បណ្ដា​ជន​អភិរក្ស​និយម​ក្នុង​វិទ្យាសាស្ត្រ ពីព្រោះ​អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ជន​ឈ្លក់​វង្វេង​ក្នុង​វិមាន​អាទិទេព​អ៊ីតាលី ដែល​បាន​ដុត​សម្លាប់ ប្រូយណូ ដោយ​ប្រឹង​ចចេស​រឹងរូស​បិទ​បាំង​ការ​ពិត​ជាក់​ស្ដែង ។

តម្លៃ​របស់​ក្បាល​មួយ​…

ឆ្នាំ​១៧៩៤ ក្នុង​ទិដ្ឋភាព​ដ៏​ស្មុគស្មាញ​នៃ​មហា​ចលនា​បដិវត្ត​មូលធន​បារាំង ឡាវ័រស៊ីយ៉េ ត្រូវ​ពួក​ប្រតិកិរិយា​មួល​បង្កាច់​ថា មាន​ជាប់​ទាក់ទិន​ក្នុង​សំណូក​ថវិកា​សមូហភាព ។ មិត្ត​ភក្ដិ​បាន​រំលឹក​លោក​ឲ្យ​រត់​គេច​ខ្លួន តែ​លោក​បដិសេធ ។ ពួក​ភេរវជន​ក្នុង​រដ្ឋ​អំណាច​ថ្មី​ដែល​គ្មាន​ការ​គិត​ពិចារណា​វែង​ឆ្ងាយ​បាន​ចេញ​បញ្ជា​ឲ្យ​កាត់​ទោស​ប្រហារ​ជីវិត​លោក ។ បាន​ឮ​ដំណឹង​នេះ​ភ្លាម បណ្ដា​អ្នកប្រាជ្ញ​បារាំង​ដឹកនាំ​ដោយ​លោក ឡាក្រង់ បាន​ធ្វើ​លិខិត​មួយ​ច្បាប់​សំណូមពរ​សូម​ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​បទ​កាត់​ទោស​នេះ ។ ក្នុង​លិខិត​មាន​ខ្លឹមសារ​ថា «… ក្បាល​មួយ ដូច​ក្បាល​របស់ ឡាវ័រស៊ីយ៉េ ត្រូវ​ធ្លាក់​ចុះ គឺ​រាប់​រយ​ឆ្នាំ​ទៀត មិន​ទាន់​ជឿជាក់​ថា នឹង​ដុះ​ឡើង​វិញ​នូវ​ក្បាល​មួយ​ទៀត​ដូច​នេះ​បាន​ឡើយ​…» ។

ក៏​ប៉ុន្តែ​ពួក​ភេរវជន​នេះ​នៅ​តែ​ធ្វើ​ព្រងើយ​ចំពោះ​ពាក្យ​ទទូច​សុំ​ដ៏​ស្មោះស្ម័គ្រ​នោះ ។ បទ​ពិន័យ​ត្រូវ​បាន​អនុវត្ត ។ ពីរ​ឆ្នាំ​ក្រោយ​មក ទើប​បាន​ដឹង​ច្បាស់​ថា អ្នកប្រាជ្ញ ឡាវ័រស៊ីយ៉េ គឺ​ជា​មនុស្ស​ម្នាក់​ល្អ​ស្អាត​បរិសុទ្ធ​បំផុត ៕

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

កែសម្រួលដោយៈMr365

Comments
Loading...