ជីវិត និងស្នាដៃរបស់ អេវ៉ារីស្ត ហ្គាឡ័រ 1811-1832
អេវ៉ារីស្ត ហ្គាឡ័រ ជាគណិតវិទូបារាំង ។ កាលពីនៅកុមារ ការរៀនសូត្ររបស់លោកមិនបង្ហាញឲ្យឃើញនូវអ្វីដែលឆ្នើមពេកឡើយ ។ ក្រោយពីត្រូវប្រលងចូលសាកលវិទ្យាល័យធ្លាក់ចំនួន២ដង ហ្គាឡ័របានសុំចូលរៀនសាលាគរុកោសល្យ ។ ដល់ឆ្នាំ១៨៣០ ទើបលោកបានចូលរៀនសាកលវិទ្យាល័យ និងចូលរួមក្នុងចលនាកុម្មុយនីស្តបន្ទាប់ពីបដិវត្តន៍ខែកក្កដា ។
ក្នុងឆាកជីវិតធ្វើសកម្មភាពវិទ្យាសាស្ត្រដ៏ខ្លីរបស់ខ្លួន ហ្គាឡ័របានសរសេរស្នាដៃពិជគណិតដ៏មានតម្លៃជាច្រើន ។ ស្នាដៃទាំងនេះ រហូតដល់ពេលលោកស្លាប់បាត់ ទើបគេបានដឹង ហើយឲ្យតម្លៃយ៉ាងខ្ពស់ ។
ឆ្នាំ១៨៣២ ដោយរឿងការពារកិត្តិយស លោកត្រូវគូប្រកួតសម្លាប់ក្នុងការប្រកួតដាវ ។ តែមុនពេលស្លាប់ ហ្គាឡ័របានបន្សល់ទុកឲ្យមនុស្សជាតិនូវស្នាដៃពិជគណិតដ៏មហិមា ។
ប្រសិនបើនៅលើលោកនេះគ្មានស្ដេច
កាលនៅសិក្សាក្នុងវិទ្យាល័យ ប្អូនយុវសិស្ស ហ្គាឡ័រ ស្អប់មុខវិជ្ជាប្រវត្តិសាស្ត្រជាងគេ ។ ឲ្យតែដល់ម៉ោងរៀនប្រវត្តិសាស្ត្រ គឺហ្គាឡ័រទទួលអារម្មណ៍ដូចខ្លួនត្រូវរងទារុណកម្មអញ្ចឹង ។ ប្អូនមិនអាចចាំឲ្យអស់នូវថ្ងៃ ខែ ឆ្នាំ ឡើងសោយរាជ្យរបស់ស្ដេចអង្គនេះ ស្ដេចអង្គនោះ ក៏ដូចជារៀនមិនចេះចាំនូវទំព័រមេរៀនដ៏វែងឆ្ងាយស្ដីពីសង្គ្រាមរវាងប្រទេសនេះនឹងប្រទេសនោះឡើយ ។
ថ្ងៃមួយ លោកគ្រូបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រខឹងច្រឡោតស្រែកស្ដីថា «ហ្គាឡ័រ ! ប្អូនមិនចាំមេរៀនទៀតហើយ ។ ប្អូនឯងត្រូវតែចម្លង ១០០ចប់ត្រង់កន្លែងនិយាយពីព្រះរាជាស្សាក» ។
កុមារស្រពាប់ស្រពោន ត្អូញត្អែរជាមួយមិត្តភក្តិ «ឱលោកអើយ ! បើសិនជាលើលោកនេះ កុំមានស្ដេចនុ៎ះ…» ។
ក៏ប៉ុន្តែនៅពេលដែលលោកគ្រូមុខវិជ្ជាដទៃទៀតបានវាយតម្លៃហ្គាឡ័រយ៉ាងទាបនោះ លោកគ្រូបង្រៀនពិជគណិត រីសា បែរជាអ្នករកឃើញក្នុងខ្លួនកុមារនេះនូវទេពកោសល្យកម្រមានខាងពិជគណិត ។ លោកគ្រូ រីសា បានណែនាំហ្គាឡ័រអស់ពីចិត្តពីថ្លើម ហើយនោះជាការរួមចំណែកដ៏សំខាន់ក្នុងការពូនជ្រុំនូវទេពកោសល្យពិជគណិតរបស់ហ្គាឡ័រនាពេលអនាគត ។
សេចក្ដីព្រាងនៅក្នុងគុក
ហ្គាឡ័រជាអ្នកគណិតសាស្ត្រ ទន្ទឹមនឹងនោះជាអ្នកបដិវត្តន៍មួយរូប ។ លោកជាអ្នកសកម្មបំផុតក្នុងការរៀបចំធ្វើបាតុកម្មខែឧសភា ឆ្នាំ១៨៣០ ជំទាស់នឹងរដ្ឋាភិបាលមូលធនប្រតិកិរិយានិយមបារាំង ។ ហេតុនោះហើយ លោកត្រូវគេចាប់បញ្ជូនទៅក្នុងគុកចំនួន២ដង ។ មានម្ដងនោះ ក្រោយរយៈពេល១០ថ្ងៃ ដែលត្រូវជាប់គុក នាយឆ្មាំគុកបានមកបើទ្វារដោះលែងលោកចេញ ស្រាប់តែឃើញលោកកំពុងដេកវារសរសេរតួលេខពាសពេញនៅលើឥដ្ឋ ។ ឃើញឆ្មាំគុកចូល ហ្គាឡ័រប្រញាប់ស្រែកភ្លាត់សំឡេង «កុំអាលអី ! ខ្ញុំត្រូវការនៅទីនេះថែម ២-៣ម៉ោងទៀត !» ។
ការពិតអ្នកគណិតសាស្ត្រយើងទុកជាត្រូវជាប់គុក ក៏នៅតែមិនអាចផ្ដាច់ចេញបានពីបណ្ដាតួលេខឡើយ ។ គឺក្នុងករណីនេះដែលលោកបានសម្រេចជាស្ថាបពរស្នាដៃ «របៀបស្រាយបំភ្លឺទូទៅបណ្ដាសមីការ» ដែលបច្ចុប្បន្នយើងហៅថា «ទ្រឹស្ដីបទហ្គាឡ័រ» ។
៦០ទំព័រអមតៈ
រឿងហេតុដែលកើតឡើងចំពោះបញ្ហាជាប់គុកយ៉ាងណានោះ គ្មាននរណាដឹងច្បាស់ឡើយ ។ គេគ្រាន់តែបានដឹងថា ក្នុងលិខិតចុងក្រោយបង្អស់ចារថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៨៣២ ផ្ញើចំពោះបណ្ដាអ្នកបដិវត្តន៍ ហ្គាឡ័របានសរសេរថា «សូមមិត្តទាំងអស់កុំបន្ទោសខ្ញុំ ។ ពួកសត្រូវវាបានរករឿងខ្ញុំ ហើយខ្ញុំត្រូវតែយកឈាមដើម្បីការពារកិត្តិយស…» ។
នៅយប់មុនថ្ងៃកើតរឿងប្រកួតដាវ ហ្គាឡ័របានភ្ញាក់ពេញមួយយប់ដើម្បីសរសេរសេចក្ដីព្រាង ៦០ទំព័រ ។ ក្នុងចំណោមទំព័រដែលសរសេរក្រវេមក្រវាមនោះ យូរៗម្ដងមានចន្លោះឃ្លា «ខ្ញុំគ្មានពេលវេលាទៀតទេ !» បានដោះស្រាយយ៉ាងពេញលេញនូវបញ្ហាមួយដែលបានធ្វើឲ្យបែកខួរបណ្ដាអ្នកប្រាជ្ញគណិតសាស្ត្ររាប់សតវត្សមកហើយនោះ «ក្នុងបណ្ដាករណីណាដែលសមីការពិជគណិតកម្រិតខ្ពស់ពី៥ឡើងទៅអាចនឹងស្រាយបំភ្លឺបាន» ។
ដោយដឹងច្បាស់ថា ខ្លួនប្រាកដជាស្លាប់ អ្នកគណិតសាស្រ្តវ័យក្មេងយើង បានចំណាយពេលវេលាចុងក្រោយនៃជីវិតខ្លួនកត់ត្រាទុកវិញនូវស្នាដៃច្នៃប្រឌិតរបស់ខ្លួនសម្រាប់មនុស្សជំនាន់ក្រោយ ។
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ ចាន់ សុខហេង
កែសម្រួលដោយៈMr365