ថូម៉ាស់ អេឌីសុន Thomas Edison (១៨៤៧-១៩៣១) អ្នកតស៊ូក្នុងការបង្កើតអំពូលភ្លើង
នៅក្នុងដំណើរវិវឌ្ឍនៃថាមពលអគ្គិសនី ម៉ៃឃើល ហ្វារ៉ាដេ ត្រូវបានគេចាត់ទុកថាជាតួអង្គដ៏សំខាន់បំផុតមួយ ពីព្រោះថា លោកគឺជាអ្នកដែលបានរកឃើញគោលការណ៍ដ៏សំខាន់ពីរ គឺការបំបែ្លងថាមពលអគ្គិសនីទៅជាថាមពលម៉េកានិក ដើម្បីបង្កើតជាម៉ូទ័រអគ្គិសនី និងការបំប្លែងថាមពលម៉េកានិកទៅជាថាមពលអគ្គិសនី ដែលជាមូលដ្ឋានគ្រឹះនៃការផលិតថាមពលអគ្គិសនី។
ក៏ប៉ុន្តែ ដើម្បីឲ្យថាមពលអគ្គិសនីដែលផលិតបានអាចបានទៅជាប្រយោជន៍ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃដល់ផ្ទះរបស់ប្រជាជនទូទៅ គេត្រូវការនូវគំនិតប្រកបដោយការច្នៃប្រឌិតខ្ពស់របស់ឥស្សរជនមួយរូបទៀត គឺ ថូម៉ាស់ អេឌីសុន ដែលជាអ្នកបានរកឃើញនូវគំនិតថ្មីៗជាច្រើន រាប់ចាប់តាំងពីប្រព័ន្ធចែកចាយថាមពលអគ្គិសនី រហូតដល់ឧបករណ៍ប្រើថាមពលអគ្គិសនី ជាពិសេស អំពូលភ្លើង ឧបករណ៍ថតសំឡេង បំពងសំឡេង ឧបករណ៍ថតនិងបញ្ចាំងខ្សែភាពយន្ត។
ប្រវត្តិកំនើត និងសិក្សារ
ថូម៉ាស់ អេឌីសុន កើតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៨៤៧ នៅរដ្ឋអូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិក។ អេឌីសុនគឺជាកូនពៅ ក្នុងចំណោមបងប្អូនទាំងអស់ ៧នាក់ នៅក្នុងគ្រួសារក្រីក្រមួយ ដែលមានឪពុកជាជនភៀសខ្លួនមកពីកាណាដា ហើយមានរបរជាជាងធ្វើដំបូលផ្ទះ ចំណែកម្តាយគឺជាគ្រូបង្រៀន។ យុវភាពរបស់ អេឌីសុន ក៏ឆ្លងកាត់នូវស្ថានភាពដ៏អាប់អួរមួយផងដែរ នៅក្នុងប្រវត្តិសាស្រ្តអាមេរិក គឺសង្រ្គាមស៊ីវិលអាមេរិក ពីឆ្នាំ១៨៦១ ដល់ឆ្នាំ១៨៦៥។
បើនិយាយពីការអប់រំវិញ ថូម៉ាស់ អេឌីសុន ដែលជាប់ឈ្មោះក្នុងប្រវត្តិសាស្រ្តថាជាអ្នកពូកែខាងបង្កើតគំនិតថ្មីៗ មានចុះវិញ្ញាបនបត្រតក្កកម្មរហូតដល់ទៅជាង១ពាន់នោះ តាមពិតមិនបានចូលសាលាត្រឹមត្រូវនឹងគេនោះទេ។ អេឌីសុន ចូលរៀននៅសាលាបានតែប្រមាណជា ៣ខែប៉ុណ្ណោះ។ ដោយសារតែអន់ចិត្តនឹងគ្រូបង្រៀនដែលបន្តុះបង្អាប់កូនថាល្ងង់រៀនមិនកើត ម្តាយរបស់អេឌីសុនបានយកកូនចេញពីសាលាមកវិញ ដើម្បីយកមកបង្រៀននៅផ្ទះដោយខ្លួនឯង។
ឪពុកម្តាយរបស់ អេឌីសុន ថ្វីដ្បិតតែក្រទ្រព្យ តែមិនក្រចំណេះនោះទេ។ ក្រៅពីមានម្តាយដែលមានទេពកោសល្យក្នុងការបង្រៀន អេឌីសុន មានឪពុកដែលចូលចិត្តអាន ហើយសម្បូរសៀវភៅដែលអាចធ្វើជាកូនបណ្ណាល័យតូចមួយនៅក្នុងផ្ទះបាន។ នៅផ្ទះ ក្រៅពីទទួលការបង្រៀនពីម្តាយ អេឌីសុន ក៏បានចំណាយពេលជាច្រើនផងដែរក្នុងការអានសៀវភៅរបស់ឪពុក ព្រមទាំងការធ្វើពិសោធន៍គ្រប់សព្វបែបយ៉ាង តាំងពីពេលមានអាយុទើបនឹងបាន ១១ឆ្នាំមកម៉្លេះ។
ភាពជោគជ័យ
នៅឆ្នាំ១៨៥៩ អេឌីសុន ដែលទើបនឹងមានអាយុ ១២ឆ្នាំ បានសុំឪពុកម្តាយចេញទៅរកស៊ីដោយខ្លួនឯង គឺទៅធ្វើជាអ្នកលក់កាសែតនៅតាមរថភ្លើង។ ដំបូង អេឌីសុន ទិញកាសែតពីគេមកលក់ ហើយក្រោយមក បែកគំនិតទៅបង្កើតជាកាសែតមួយដោយខ្លួនឯង។ របររកស៊ីលក់កាសែតនេះបានប្រព្រឹត្តទៅដោយជោគជ័យ ហើយវាគឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ នៅក្នុងជីវិតរបស់អេឌីសុន។
នៅក្នុងអំឡុងពេលធ្វើការជាអ្នកលក់កាសែតនៅតាមរថភ្លើង អេឌីសុន បានចាប់ផ្តើមស្គាល់អំពីមធ្យោបាយទាក់ទងដ៏ថ្មីទំនើបមួយនាសម័យកាលនោះ គឺទូរលេខ ឬតេឡេក្រាហ្វ។ នៅពេលនោះ ទូរលេខ ត្រូវបានគេប្រើប្រាស់ជាមធ្យោបាយទាក់ទងគ្នា ពីស្ថានីយ៍រថភ្លើង ទៅស្ថានីយ៍រថភ្លើងមួយ ហើយក៏ត្រូវគេប្រើយ៉ាងទូលំទូលាយផងដែរ នៅក្នុងការបញ្ជូនព័ត៌មានសម្រាប់កាសែត ជាពិសេសព័ត៌មានបន្ទាន់ៗនៅក្នុងអំឡុងសង្រ្គាមស៊ីវិល។
ពីដំបូងឡើយ អេឌីសុន ឧស្សាហ៍ប្រើប្រាស់ទូរលេខនេះ នៅក្នុងរបរលក់កាសែតតាមរថភ្លើង ក៏ប៉ុន្តែ មិនយូរប៉ុន្មានក្រោយមក អេឌីសុន ចាប់ផ្តើមរៀនអំពីរបៀបបញ្ជូននិងទទួលសារតាមទូរលេខនេះដោយខ្លួនឯង រហូតបានចេះស្ទាត់ជំនាញ ហើយនៅឆ្នាំ១៨៦៦ អេឌីសុន បានប្តូរអាជីពទៅធ្វើជាប្រតិបត្តិករទូរលេខឲ្យក្រុមហ៊ុន Western Union ដោយទទួលបន្ទុកជាអ្នកបញ្ជូននិងទទួលសារឲ្យទីភ្នាក់ងារព័ត៌មាន Associated Press។
នៅពេលនោះ អេឌីសុន ធ្វើការពេលយប់ ចំណែកពេលថ្ងៃទំនេរពីការងារ អេឌីសុន ចំណាយពេលទៅលើការអាន និងការធ្វើពិសោធន៍ ដែលជាចំណង់ចំណូលចិត្តរបស់ខ្លួនតាំងពីក្មេង។ ក៏ប៉ុន្តែ ការធ្វើពិសោធន៍នេះហើយ ដែលធ្វើឲ្យ អេឌីសុន ត្រូវបាត់បង់ការងារ។ នៅថ្ងៃមួយ អេឌីសុន បានយកកន្លែងធ្វើការទៅធ្វើពិសោធន៍ ហើយនៅក្នុងការពិសោធន៍នេះ អេឌីសុន បានធ្វើឲ្យកំពប់អាស៊ីដពេញការិយាល័យ រហូតជ្រាប និងស្រក់ទៅលើតុធ្វើការរបស់ចៅហ្វាយ ដែលនៅខាងក្រោម។ អេឌីសុនក៏ត្រូវបានគេបញ្ឈប់ពីការងារភ្លាមៗ នៅថ្ងៃបន្ទាប់។
ទោះជាយ៉ាងណា នៅពេលនោះ អេឌីសុន មានការយល់ដឹងយ៉ាងច្រើនរួចទៅហើយ អំពីដំណើរការនៃម៉ាស៊ីនទូរលេខ ដែលអាចឲ្យលោកបង្កើតបាននូវគំនិតថ្មីៗជាច្រើន ក្នុងការកែលម្អរបៀបផ្ញើ និងទទួលសារតាមទូរលេខ។
កាលពីមុន សារដែលផ្ញើតាមទូរលេខ ត្រូវបញ្ជូននិងទទួលតាមរយៈសញ្ញាអេឡិចត្រូម៉ាញេទិក ដែលបង្កើតជាចំណុចនិងឆ្នូត (dots and dashes/points et traits) រួចហើយប្រតិបត្តិករទូរលេខត្រូវធ្វើការបកប្រែដោយដៃពីចំណុចនិងឆ្នូតនេះឲ្យចេញទៅជាសារជាអក្សរ។ អេឌីសុន បានបង្កើតនូវម៉ាស៊ីនថ្មីមួយ ដែលអាចធ្វើការបកប្រែសារ ពីចំណុច និងឆ្នូត ឲ្យចេញទៅជាសារជាអក្សរដោយស្វ័យប្រវត្តិ។
កាលពីមុន នៅលើខ្សែទូរលេខមួយ គេអាចផ្ញើសារបានតែមួយក្នុងពេលតែមួយ អេឌីសុន បានរកឃើញវិធី ដែលអាចឲ្យគេផ្ញើសារបានពីរក្នុងពេលតែមួយ (Duplex telegraph) ហើយក្រោយមក អាចផ្ញើសារបានរហូតដល់ទៅបួនក្នុងពេលតែមួយ (Quadruplex telegraph)។
ការរកឃើញអស់ទាំងនេះបានជួយឲ្យ អេឌីសុន មានទាំងកេរ្តិ៍ឈ្មោះ និងមានទាំងលុយកាក់ ដែលអាចឲ្យលោកបង្កើតជាក្រុមហ៊ុន និងមជ្ឈមណ្ឌលស្រាវជ្រាវខាងបច្ចេកវិទ្យាដ៏ធំមួយ នៅទីក្រុងញូជើស៊ី (New Jersey) ដែលគេច្រើនហៅជាទូទៅថា “មិនឡូផាក” (Menlo Park) ហើយដែលត្រូវបានគេចាត់បញ្ចូលជាមន្ទីរពិសោធន៍ដ៏ធំ និងលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត ដែលផ្តោតលើការស្រាវជ្រាវខាងផ្នែកបច្ចេកវិទ្យា ក្នុងគោលដៅពាណិជ្ជកម្ម។
នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ “មិនឡូផាក” នេះហើយ ដែល អេឌីសុន ដោយមានជំនួយពីជំនួយការនិងបុគ្គលិកជាច្រើននាក់ បានរកឃើញនូវបច្ចេកវិទ្យាថ្មីៗ ដែលមានឥទ្ធិពលយ៉ាងខ្លាំងបំផុតលើដំណើរវិវឌ្ឍនៃថាមពលអគ្គិសនី ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ។
ជីវិតគ្រួសារ
គិតមកត្រឹមពេលដែលមជ្ឈមណ្ឌលស្រាវជ្រាវ “មិនឡូផាក” ត្រូវបានបង្កើតឡើង អេឌីសុន ដែលធ្លាប់ជាកូនអ្នកក្រីក្រ និងមិនបានចូលសាលាផងនោះ បានក្លាយទៅជាអ្នកមានមុខមាត់ម្នាក់នៅក្នុងសង្គម មានទាំងកេរ្តិ៍ឈ្មោះ មានទាំងទ្រព្យសម្បត្តិ ហើយមានទាំងភរិយា និងកូន ៣នាក់ ដោយកូនទី១ និងទី២ ត្រូវបានអេឌីសុនដាក់ឈ្មោះក្រៅថា “Dot” និង “Dash” ទៅតាមសញ្ញានៃសារដែលគេបញ្ជូនតាមទូរលេខ។
នៅឆ្នាំ១៨៨៤ ភរិយារបស់ អេឌីសុន ដែលមានអាយុទើបនឹងបាន ២៩ឆ្នាំ បានទទួលមរណភាពដោយជំងឺមហារីកខួរក្បាល ហើយពីឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ១៨៨៦ អេឌីសុន បានរៀបការជាមួយភរិយាទីពីរ។ ជាមួយភរិយាក្រោយនេះ អេឌីសុន មានកូន ៣នាក់ បន្ថែមទៀត ដោយក្នុងចំណោមនោះ កូនបន្ទាប់ពៅធំឡើងបានក្លាយជាអភិបាលរដ្ឋញូជើស៊ី ចំណែកឯកូនពៅវិញ បានដើរតាមគន្លងរបស់ឪពុក ដោយបានក្លាយជាអ្នកស្រាវជ្រាវរកបច្ចកេវិទ្យាថ្មីៗ ហើយព្រមទាំងបានស្នងតំណែងជាអ្នកគ្រប់គ្រងក្រុមហ៊ុន ក្រោយពីអេឌីសុនទទួលមរណភាព នៅឆ្នាំ១៩៣១៕
Mr 365