ប្រវត្ដិឧបករណ៍ភ្លេង «ពិណ»
ភាសាខ្មែរហៅថា «ពិណ» ក្លាយមកពីភាសាសំស្ក្រឹត និងបាលីថា «វីណា» ជាឧបករណ៍ខ្សែកេះ ឬដេញដោយម្រាមដៃទាំងដប់ មានពិណកោង ពិណកែង និងពិណស្នូក ។ ឧបករណ៍នេះប្រើប្រាស់រួមជាមួយនឹងឧបករណ៍ដទៃទៀតសម្រាប់ប្រគំជូនការ រាំច្រៀងថ្វាយអាទិទេពក្នុងព្រហ្មញ្ញសាសនា ។
ដោយ ឧបករណ៍ពិណស្ថិតស្ថេរក្នុងព្រហ្មញ្ញសាសនាប្រើប្រាស់សម្រាប់បូជា ថ្វាយអាទិទេព មានព្រះព្រហ្ម ព្រះឥសូរ និងព្រះនារាយណ៍ ជាដើម មានគន្ធពជាប្រុសអ្នកភ្លេងដេញពិណ និងច្រៀង ឯស្រីទេពអប្សរជាស្រីរបាំ ទើបអាចសន្និដ្ឋានបានថា ឧបករណ៍ពិណនេះឆ្លងមកពីប្រទេសក្លិង្គតាំងពីសម័យ ដែលក្លិង្គបានមករស់នៅជាមួយខ្មែរតាំងពីសតវត្សសូន្យនៃគ្រិស្ដ សករាជ ដោយនាំមកជាមួយនូវអារ្យធម៌ច្រើនបែបច្រើនយ៉ាង មានសាសនា មានអក្សរសាស្ដ្រ មានភាសា មានសិល្បៈ ។ល។
អ្នកស្រីបណ្ឌិត ពៅ សាវរស ជា អ្នកប្រាជ្ញខាងអក្សរសាស្ដ្រខ្មែរបានមានប្រសាសន៍ក្នុងបាឋកថាមួយ ជាមួយសាស្ដ្រាចារ្យ និងនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងខែកុម្ភៈ ឆ្នាំ១៩៩៤ ថា «តាមសិលាចារឹក ខ្មែរចេះធ្វើគ្រឿងភ្លេងតាំងពីសតវត្សទី៦ គឺចេះធ្វើពិណ ចាប៉ី និងស្គរគ្រប់បែប» ។
ឧបករណ៍ ដ៏ចាំបាច់នេះបានត្រូវលើកយកទៅឆ្លាក់លើជញ្ជាំងប្រាសាទនានា ដូចជា នៅលើក្បាច់ផ្ដែរនារចនាបថសម្បូរព្រៃគុក ស្ថិតក្នុងខេត្តកំពង់ធំ សតវត្សទី៧ ជាពិណស្នូក លើជញ្ជាំងប្រាសាទបាយ័ន សតវត្សទី៩ ជាពិណកោង ប្រើប្រាស់ជាមួយនឹងការរាំច្រៀងច្រើនកន្លែងច្រើនធុន ដូចជា ពិណមានខ្សែ២១ ពិណមានខ្សែ១៨ ពិណមានខ្សែ១៤ ពិណមានខ្សែ១២ និងពិណមានខ្សែ៨ នៅលើជញ្ជាំងប្រាសាទអង្គរវត្ដ ជាពិណកែងមានខ្សែ១១ ។
ពិណទាំងអស់ នេះ ត្រូវបានបញ្ចប់តួនាទីរបស់ខ្លួនពីក្នុងសង្គមខ្មែរតាំងពីអរិយធម៌ អង្គរត្រូវបានរលាយ ព្រហ្មញសាសនាត្រូវបានរលត់មុនឆ្នាំ១៤៣១ ជាឆ្នាំដែលខ្មែរស្លាប់ស្ទើរអស់ នៅសល់តែ៩០.០០០នាក់ ត្រូវសៀមកៀរយកទៅលត់ដំធ្វើបាបថែមទៀត ។ ឧបករណ៍ពិណនេះបានផ្ទេរឈ្មោះរបស់ខ្លួនរហូតដល់សព្វថ្ងៃឱ្យទៅជា វង់ភ្លេងមួយហៅថា «វង់ភ្លេងពិណពាទ្យ» គឺជាវង់ភ្លេងដែលមានឧបករណ៍ពិណដឹកមុខកាលពីសម័យបុរាណ ៕
ដោយៈMr365