ប្រវត្តិខេត្តកំពត
យល់ដឹងអំពី «ខេត្តកំពត»
តើអ្នកបានដឹងអំពីប្រវត្តិខេត្តកំពតហើយឬនៅ?
ហេតុអ្វីបានជាគេដាក់ឈ្មោះបែបនេះ ?
ខ្មែរសរសេរ និងអានពាក្យប្រជុំជនកំពតថា គុម្ពត ? កំពោត ដែលជាពាក្យក្លាយរបស់ឈ្មោះខេត្ត ។ ឈ្មោះនេះត្រូវបានគេហៅដោយសំដៅទៅលើភូមិមួយដែលអ្នកស្រុកស្គាល់ពីយូរលង់មកហើយ ស្ថិតនៅព្រែកកំពត ដែលមានប្រភពមកពីភ្នំដំរី ។ នៅខាងលើដៃព្រែកកំពតបន្តិចដែលជាទីប្រជុំជនចិនរស់នៅ ហៅភូមិព្រៃស្តុក (ម្តុំអណ្តូងខ្មែរ) ។ ដូច្នេះពាក្យថា គុម្ពត និងកំពោត គេពុំដែលយល់ស្របទៅលើដើមកំណើត និងឫសគល់នៃពាក្យនេះឡើយ ។
តាមសម្តីអ្នកខ្លះតំណាលថា មានស្ត្រីអ្នកមានធនធានស្តុកស្តម្ភម្នាក់ឈ្មោះនាងពត ដែលបានរស់នៅទីនោះជាអ្នកមានឥទ្ធិពល និងទទួលការលើកតម្កើងយ៉ាងខ្លាំងពីអ្នកស្រុកភូមិផងរបងជាមួយ ដោយសារភោគទ្រព្យមហាសាលរបស់នាង ។ អ្នកស្រុកបានប្រមូលផ្តុំគ្នាមករស់នៅជុំវិញស្ត្រីនោះតាមបែបសាជីវកម្ម គឺរបៀបជាក្រុមមួយ ។ តំណក្រោយមក ពាក្យថាក្រុមនេះក្លាយមកជាពាក្យកុម ។ ដូចនេះនៅជាប់ភូមិឋាននៃក្រុមរបស់នាងពត មានឈ្មោះជាបន្តបន្ទាប់ថា ក្រុមនាងពត រួចក្រុមពត (ដូចគ្នាពាក្យភ្នំពេញ កាត់មកពីពាក្យ «ភ្នំដូនពេញ») ។
រឿងនិទានមួយប្រហាក់ប្រហែលគ្នានេះដែរ បានតំណាលពីស្តេចព្រះរាម នាសម័យបែកបាក់លង្វែក ដែលបានរត់គេចចេញពីការបះបោរក្នុងរាជវាំង ហើយភៀសព្រះកាយមកគង់នៅជាមួយមហេសីម្នាក់ រួមទាំងពួកអាមាត្យស្មោះត្រង់មួយចំនួន ។ បន្ទាប់មកទៀត មហេសីដែលមាននាមថា អ្នកម្នាងពត មានជំងឺ រួចស្លាប់នៅទីនោះ ។ ដើម្បីជាអនុស្សាវរីយ៍យូរលង់តទៅ ចំពោះស្ត្រីដែលព្រះអង្គសព្វព្រះទ័យជាងគេ ជាពិសេសព្រះអង្គក៏ប្រទានឈ្មោះកន្លែងនោះថា កំពត ។
ពាក្យកំពតមានការពន្យល់ពីរបែបផ្សេងទៀត ៖
១-តាមសម្តីអ្នកចេះដឹងមួយចំនួនបានអះអាងថា ឈ្មោះកំពត បានមកពីផែនសិលាចារឹកមួយផ្ទាំងដែលគេប្រទះឃើញក្នុងខ្ទមស្លឹកមួួយដែលគេបោះបង់ចោលស្ថិតនៅក្រោយភូមិ កំពត ។ ផែនថ្មនោះមានកម្ពស់៣០សង់ទីម៉ែត្រ ដោយមានអមពីចំហៀងនូវផ្ទាំងសិលា តូចៗ២ទៀត ។ អ្នកស្រុកឱ្យឈ្មោះផ្ទាំងសិលាចារឹកនោះថា កំពត ហើយក្លាយជាវត្ថុសក្ការបូជា ។
២-នៅខាងត្បូងបឹងកំពត គេបានប្រទះឃើញសិលាចារឹកមួយផ្ទាំងទៀត ដែលមានទំហំធំ ហើយមានសណ្ឋានរូបរាងដូចត្រីក្រពត ស្ថិតក្នុងព្រៃគុម្ពោតមួយ ។ ប៉ុន្តែទីកន្លែងនោះនៅជ្រៅពោរពេញទៅដោយវាលភក់ ព្រមទាំងទឹកជំនន់លិចពិបាកចូលទៅដល់ ។ ដូចនេះតំណតក្រោយមកពាក្យក្រពត ក៏ក្លាយទៅជាកំពត ។
យើងមានទំនោរទៅលើមតិមួយនៃការបកស្រាយទាំងពីរចុងក្រោយដែលសមស្របអាចទទួលយកពីបណ្តាជនអ្នកចេះដឹងដែលរស់នៅលើទឹកដីនោះពីយូរលង់ណាស់មកហើយ ។
ជាចុងក្រោយគេបានពន្យល់មួយបែបផ្សេងទៀត តែមិនសូវជាពិតប្រាកដប៉ុន្មានទេ គឺពាក្យកំពត បានចេញពីពាក្យថា កម្ពុជា ដែលមានសំឡេង «កំៗ» ដូចគ្នា ដែលជាឈ្មោះពីដើមមកនៃប្រទេសកម្ពុជា ។ ការបង្ហាញពន្យល់បែបសាមញ្ញនូវពាក្យ «កំៗ» ខាងលើនេះ ក៏គេមិនអាចទទួលយកបានដែរ ។
១-តាមឯកសាររបស់លោក ឌឿ វ៉ាន់ បានសរសេរជូនមកក្រុមទំនៀមទម្លាប់ខ្មែរនៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៥៣ថា ក្រុងកំពត ពីដើមដុះសុទ្ធតែកូនស្មាច់ កូនផ្អាវនៅតាមមាត់សមុទ្រដែលសម្រាប់ឱ្យអ្នកជំនួញចតទូក និងសំពៅ ។ តក្រោយមកទៀត មានចិន យួន ចាម ខ្មែរទៅសង់ខ្ទមនៅជា កំប៉ូតៗទទឹងថ្ងៃនៅតាមបណ្តោយមាត់ព្រែកកំពង់បាយ ភ្ជាប់ទៅកោះធំដើម្បីរកស៊ីលក់ដូរ ។ កន្លែងដែលចាម ចិន ខ្មែរ យួន សង់ខ្ទមរស់នៅ គេសង្កេតឃើញមានផ្ទះជាកំប៉េតកំប៉ូត ? ទើបគេសន្មតហៅថា «ភូមិកំប៉ូត» ។
លុះក្រោយមកទៀត ពេលមានផ្ទះនៅហើយ អ្នកលក់ដូរធ្វើតៀមលក់បាយសម្រាប់ឈ្មួញអម្រែក ចិន យួន ចាម ជ្វា និងពួកឈ្មួញដែលចតទូក ឬអ្នកធ្វើដំណើរឈប់ដើម្បីបរិភោគបាយនៅកន្លែងនោះ ។ ក្រោយមកអ្នកដំណើរឱ្យឈ្មោះទីនោះថា «ផ្សារកំប៉ូត» ឬភូមិកំប៉ូត ថា «ផ្សារកំពង់បាយ» ។ នាមបញ្ញត្តិទាំងពីរនោះប្រើច្របូកច្របល់គ្នា ខ្លះហៅថា ផ្សារកំប៉ូត ខ្លះទៀតហៅថា ផ្សារកំពង់បាយ តែសព្វថ្ងៃគេហៅថា ខេត្តកំពត ។
២-តាមលោកម៉ាដ្រូល (Madrolle) បាននិយាយថា ទីប្រជុំជននៅតាមឆ្នេរសមុទ្រមានដុះសុទ្ធតែដើមផ្អាវ តែកន្លែងដែលឈ្មោះថា កំពត សព្វថ្ងៃហៅថាកំពង់បាយ ។
លោកទាំងពីរថា កំពង់បាយដូចគ្នា ខុសត្រង់លោក ឌឿ វ៉ាន់ ថាផ្សារកំប៉ូត ។ ឯលោកម៉ាដ្រូល បានអះអាងថា កំពត ប្រហែលមកពីពាក្យកម្ពុជា គេអាចសរសេរទៅជាកម្ពុជារដ្ឋ ដល់គេកាត់រដ្ឋចេញទៅនៅសល់តែកម្ពុជា ។
នៅពេលដែលក្រុងកំពត កំពុងកកើត មានឈ្មួញជនជាតិសៀមធ្វើដំណើរតាមសមុទ្រមកឈប់អាស្រ័យបាយនៅត្រង់កន្លែងនោះ ។ ព្រោះថា ភាសាសៀម ពាក្យថា កម្ពុជា អានថា «កម្ពុត» ដល់ យូរៗទៅដោយធ្វេសប្រហែសបាត់ស្រៈអ៊ុ ( ុ) នៅសល់តែ «កំពត» ។
ឯកសារនេះផ្តល់ឱ្យដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត ដោយស្រង់ពីសៀវភៅ E.Mènètrier ទំព័រទី២ បកប្រែពីភាសាបារាំង ដោយញ៉ូវ សាឯម សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ និងសាវតារលោកឌ.គាម ទំព័រទី១២ និងទី១៣ ៕