ប្រវត្តិនៃការកកើតក្រុមភេរវជនអន្តរជាតិអាល់កៃដា
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ សហរដ្ឋអាមេរិកដែលជាមហាអំណាចផុតលេខត្រួតត្រាពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ ត្រូវទទួលរងការវាយប្រហារដល់ក្នុងទឹកដីរបស់ខ្លួន គឺការវាយប្រហារភេរវកម្មនៅទីក្រុងញូវយ៉ក និងវ៉ាស៊ីងតោន។ ភេរវកម្ម១១កញ្ញានេះ ត្រូវបានប្រវត្តិសាស្រ្តចារទុកថាជាចំណុចរបត់ដ៏សំខាន់មួយ នៃភូមិសាស្រ្តនយោបាយពិភពលោកក្នុងសម័យកាលក្រោយសង្រ្គាមត្រជាក់ ហើយតួអង្គថ្មីមួយបានចាប់លេចមុខ និងល្បីឈ្មោះ នៅក្នុងយុគសម័យថ្មីនេះ គឺ ក្រុមភេរវជនអាល់កៃដា និងមេដឹកនាំ អូសាម៉ា ប៊ិនឡាដិន។
អាល់កៃដា បានចាប់កំណើតឡើង នៅឆ្នាំ១៩៨៨ នៅក្នុងខេត្តប៉េស្ហាវ៉ា ប្រទេសប៉ាគីស្ថាន ក៏ប៉ុន្តែ ឫសគល់នៃចលនាអ៊ីស្លាមស៊ុននីតជ្រុលនិយមនេះ បានចាប់ពន្លកដំបូងចេញពីចលនា “ភាតរអ៊ីស្លាម” (Frères musulmans/Muslim Brotherhood) នៅក្នុង ប្រទេសអេហ្ស៊ីប ដោយមានមេមនោគន៍វិជ្ជាឈ្មោះថា អាប់ដាឡា អាហ្សាំ (Abdallah Azzam)។
អាប់ដាឡា អាហ្សាំ មានដើមកំណើតនៅ ប៉ាឡេស្ទីន បានចូលជាសមាជិកអង្គការភាតរអ៊ីស្លាម នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៥០ ហើយជាអ្នកប្រាជ្ញអ៊ីស្លាមដំបូងគេនៅក្នុងសម័យទំនើប ដែលមានគំនិតចង់បង្កើតឲ្យមានចលនាជីហាតអន្តរជាតិមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងមហាអំណាចអាណានិគមលោកខាងលិច និងរដ្ឋាភិបាលប្រទេសអ៊ីស្លាមដែលរណបលោកខាងលិច។ តាមគោលគំនិតរបស់ អាប់ដាឡា អាហ្សាំ គោលដៅចុងក្រោយនៃចលនាជីហាតនេះ គឺឈានទៅបង្កើតរដ្ឋអ៊ីស្លាមមួយ ដែលមានវិសាលភាពជាសកល ហើយ និងគោលដៅនេះអាចសម្រេចបានតាមរយៈអំពើហិង្សា ដែលគេហៅថា “សង្រ្គាមជីហាត”។
សេចក្តីបង្រៀនរបស់ អាប់ដាឡា អាហ្សាំ បានជះឥទ្ធិពលដល់យុវជនអ៊ីស្លាមពីររូប ដែលក្រោយមកត្រូវក្លាយជាមេដឹកនាំអាល់កៃដា គឺអៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី និងអូសាម៉ា ប៊ិនឡាដិន។ អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី កើតនៅឆ្នាំ១៩៥១ នៅក្នុងត្រកូលអ្នកមានទ្រព្យស្តុកស្តម្ភមួយ នៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។ អាល់ហ្សាវ៉ាហ៊ីរី ត្រូវបានគេស្គាល់ថាជាក្មេងដែលរៀនពូកែនៅសាលា, បានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតពីសកលវិទ្យាល័យទីក្រុងគែរ ហើយបានចូលបម្រើការងារជាពេទ្យទាហានអេហ្ស៊ីបមួយរយៈពេលខ្លី មុននឹងទៅបើកគ្លីនិកឯកជនផ្ទាល់ខ្លួនមួយ នៅក្នុងទីក្រុងគែរ។
ស្របជាមួយនឹងការប្រកបអាជីពជាគ្រូពេទ្យនេះ អាល់ហ្សាវ៉ាហ៊ីរី ក៏បានចូលរួមយ៉ាងសកម្មផងដែរ ក្នុងចលនាអ៊ីស្លាមជ្រុលនិយម គឺចលនា “ភាតរអ៊ីស្លាម” រួមជាមួយនឹងអាប់ដាឡា អាហ្សាំ។ នៅក្នុងចលនានេះ អាល់ហ្សាវ៉ាហ៊ីរី បានធ្វើសកម្មភាពជាច្រើនប្រឆាំងនឹងរដ្ឋាភិបាលអេហ្ស៊ីប ហើយត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ ក្នុងការពាក់ព័ន្ធនឹងការធ្វើឃាតប្រធានាធិបតីអេហ្ស៊ីប អានវ៉ា សាដាត នៅឆ្នាំ១៩៨១។
ចេញពីពន្ធនាគារ អាល់ហ្សាវ៉ាហ៊ីរី នៅតែបន្តធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល, រស់នៅដោយលួចលាក់ ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ទាំងនៅក្នុងប្រទេសអេហ្ស៊ីប និងទៅក្រៅប្រទេស ដើម្បីគេចពីការតាមប្រមាញ់របស់អាជ្ញាធរ។ នៅក្នុងអំឡុងពេលនោះហើយដែល អាល់ហ្សាវ៉ាហ៊ីរី បានជួបជាមួយនឹងអូសាម៉ា ប៊ិនឡាដិន នៅឯខេត្តប៉េស្ហាវ៉ា ប្រទេសប៉ាគីស្ថាន។ នៅពេលនោះ អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី គឺជាមេដឹកនាំក្រុមអ៊ីស្លាមជ្រុលនិយមមួយ ដែលមានឈ្មោះថា “ក្រុមជីហាតអ៊ីស្លាមអេហ្ស៊ីប” (Egyptian Islamic Jihad/Jihad islamique égyptien)។
អូសាម៉ា ប៊ិនឡាដិន កើតនៅឆ្នាំ១៩៥៧ (ឯកសារខ្លះដាក់ថាកើតនៅឆ្នាំ១៩៥៨) នៅក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ប៊ិនឡាដិន គឺជាកូនទី១៧ ក្នុងចំណោមកូនទាំង ៥២នាក់ របស់មហាសេដ្ឋីដែលត្រួតត្រាមុខជំនួញខាងវិស័យសំណង់ នៅអារ៉ាប៊ីសាអ៊ូឌីត។ ប៊ិនឡាដិន បានរៀនសូត្ររហូតដល់ថ្នាក់ឧត្តមសិក្សាខាងផ្នែកសេដ្ឋកិច្ច និងខាងវិស្វករសំណង់ ក៏ប៉ុន្តែ ប៊ិនឡាដិនមិនមានចិត្តចង់ប្រកបអាជីពអ្វីមួយនោះទេ ដោយជាប់ចិត្តតែនឹងរឿងសាសនា ជាពិសេស គឺមនោគមន៍វិជ្ជាអ៊ីស្លាមជ្រុលនិយមរបស់ អាប់ដាឡា អាហ្សាំ។
នៅឆ្នាំ១៩៧៩ ប៊ិនឡាដិនបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ត្រូវចំពេលដែល សូវៀតចូលឈ្លានពានប្រទេសអាហ្វហ្កានីស្ថាន។ ប៊ិនឡាដិន ក៏បានចាកចេញពី អារ៉ាប៊ីសាអ៊ូឌីត ទៅចូលរួមជាមួយអាប់ដាឡា អាហ្សាំ បោះទីតាំងនៅក្នុងខេត្តប៉េស្ហាវ៉ា ប្រទេសប៉ាគីស្ថាន ហើយបង្កើតបណ្តាញមួយ ដើម្បីជ្រើសរើសយុវជនអ្នកកាន់សាសនាអ៊ីស្លាមពីគ្រប់ទីកន្លែងឲ្យទៅចូលរួមក្នុងចលនាឧទ្ទាមមូចាហ៊ីឌីន ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពសូវៀតនៅអាហ្វហ្កានីស្ថាន។
នៅពេលនោះ អាប់ដាឡា អាហ្សាំ ដើរតួនាទីជាអ្នកឃោសនាខាងមនោគមន៍វិជ្ជា ចំណែកឯ អូសាម៉ា ប៊ិនឡាដិន ដែលទទួលមរតកជាលុយរាប់សិបលានដុល្លារពីឪពុកដែលស្លាប់កាលពីឆ្នាំ១៩៦៧ ដើរតួនាទីជាអ្នកផ្តល់លុយកាក់។ ម្តងម្កាល ប៊ិនឡាដិន ដែលមានវ័យត្រឹមតែជាង២០ឆ្នាំ ក៏ចូលរួមប្រឡូកក្នុងសមរភូមិផងដែរ ជាពិសេស គឺនៅសមរភូមិជីចា (Jija) ក្នុងអំឡុងខែមេសា ឆ្នាំ១៩៨៧ ដែលក្រុមឧទ្ទាមមូចាហ៊ីឌីន បានវាយបំបាក់ទាហានសូវៀត។ គឺចាប់ពីពេលនោះហើយ ដែលប៊ិនឡាដិនចាប់ផ្តើមមានឈ្មោះបោះសំឡេង នៅក្នុងចំណោម ក្រុមឧទ្ទាមមូចាហ៊ីឌីន ក៏ដូចជា ក្នុងចំណោមអ្នកកាន់សាសនាអ៊ីស្លាមផ្សេងៗទៀត។
នៅឆ្នាំ១៩៨៨ នៅពេលដែលសង្រ្គាមនៅអាហ្វហ្កានីស្ថានឈានជិតចូលដល់ទីបញ្ចប់ ប៊ិនឡាដិន បានផ្តាច់ខ្លួនចេញពីក្រុមឧទ្ទាមមូចាហ៊ីឌីន ហើយទៅបង្កើតជាចលនាថ្មីមួយទៀតរួមជាមួយនឹង អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី ដោយដាក់ឈ្មោះក្រុមថ្មីនេះ “អាល់កៃដា” ដែលជាភាសាអារ៉ាប់មានន័យថា “មូលដ្ឋាន”។ តាមរយៈការបង្កើតក្រុមថ្មីនេះ អូសាម៉ា ប៊ិនឡាដិន មានគោលដៅពង្រីកសង្រ្គាមជីហាតចេញពីអាហ្វហ្កានីស្ថាន ទៅកាន់កន្លែងផ្សេងៗទៀត នៅទូទាំងពិភពលោក។
នៅពេលដែល អាល់កៃដា ទើបនឹងបង្កើតឡើងភ្លាម អូសាម៉ា ប៊ិនឡាដិន នៅមិនទាន់បានក្លាយជាមេដឹកនាំដែលមានឥទ្ធិពលខ្លាំងក្លានៅឡើយទេ ដោយសារតែពេលនោះ ប៊ិនឡាដិន មិនអាចប្រជែងឈ្នះឥទ្ធិពលរបស់ អាប់ដាឡា អាហ្សាំ ដែលជាអ្នកប្រាជ្ញជើងចាស់ និងដ៏មានឥទ្ធិពលខាងជីហាតអ៊ីស្លាម។
អ្វីៗត្រូវប្រែប្រួលនៅក្រោយពេលដែល អាប់ដាឡា អាហ្សាំ ត្រូវគេលបធ្វើឃាត នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៨៩ នៅពេលកំពុងធ្វើដំណើរតាមឡាន នៅក្នុងខេត្តប៉េស្ហាវ៉ា។ រហូតមកទល់នឹងពេលនេះ គេនៅតែមិនអាចដឹងពិតប្រាកដនៅឡើយទេថា តើអ្នកណាជាអ្នកធ្វើឃាត អាប់ដាឡា អាហ្សាំ? ក៏ប៉ុន្តែ គេសង្ស័យថា ប៊ិនឡាដិន គឺជាអ្នករៀបចំគម្រោងធ្វើឃាតនេះ ដើម្បីអាចក្តោបក្តាប់អំណាចទាំងស្រុងក្នុងក្រុមអាល់កៃដា។ បើទោះបីជាការសង្ស័យនេះជាការពិត ឬមិនពិត គេអាចសង្កេតឃើញថា គឺចាប់តាំងពី អាប់ដាឡា អាហ្សាំត្រូវគេធ្វើឃាត ដែលប៊ិនឡាដិនចាប់ផ្តើមមានឥទ្ធិពលខ្លាំងនៅក្នុងចំណោមពួកជីហាត ហើយបន្តិចម្តងៗ ក្រុមអាល់កៃដាក៏បានចាប់ផ្តើមធ្វើសកម្មភាពជាក្រុមភេរវជនខ្នាតអន្តរជាតិ៕
កែសម្រួលដោយៈMr365