ប្រវត្តិនៃឧបករណ៏ភ្លេងបុរាណខ្មែរ ខ្សែដៀវ ឬសាដៀវ ឬសាយដៀវ
ខ្សែដៀវ ឬសាដៀវ ឬសាយដៀវ
ខ្សែដៀវ ឬសាដៀវ ឬសាយដៀវ =សា មានន័យថា ម្ដងទៀត ។ សាយ មានន័យថា សំណុំសរសៃសូត្រតូច ដែលចងពីក្បាលស្លាបឯកភ្ជាប់នឹងចុងដង(សាយឯក, ឯកដាច់សាយ) ។ ដៀវ មានន័យថា មួយ ឬតែ១ គេនិយាយថា ទឹមដៀវ គឺទឹមសត្វតែ១, រាំដៀវ គឺរាំម្នាក់ម្ដង, ភ្លេងដៀវ គឺភ្លេងលេងម្នាក់ម្ដង, ខ្សែដៀវ គឺខ្សែ១។
ឧបករណ៍ខ្សែដៀវនេះ កាលពីសម័យដើមដ៏យូរលង់មកហើយមានខ្សែសំនៀងធ្វើអំពីសំណុំសរសៃសូត្រ វេញចូលគ្នា ។សម័យបច្ចុប្បន្ននេះ គេយកខ្សែលោហធាតុមកប្រើជំនួសវិញ ។ឧបករណ៍នេះជាដំបូងប្រើប្រាស់នៅក្នុង វង់ភ្លេងអារក្ស ក្រោយមកទើបគេឃើញមានប្រើនៅក្នុងវង់ភ្លេងការបុរាណ ។ ប៉ុន្ដែនៅដើមសតវត្សទី២០ នេះ គេឃើញមានអ្នកចំរៀងទោលខ្លះយកឧបករណ៍នេះមកកេះកំដរចំរៀងរបស់ខ្លួន ដូចជា លោកតាភីរម្យ ង៉ុយ កវីដ៏កំពូលច្រៀងផងកេះខ្សែដៀវផង ពីកន្លែងមួយទៅកន្លែងមួយរហូតដល់ទទួលមរណភាព (១៨៦៥-១៩៣៦) ។
តាម ការសន្និដ្ឋានរបស់ដូនតាយើងតៗគ្នាមកឱ្យដឹងថា ខ្សែដៀវមានអាយុរាប់ពាន់ឆ្នាំមកហើយក្នុងសង្គមកម្ពុជាយើង ដោយឧបករណ៍នេះមានឆ្លាក់រូបភាពជាប់នឹងក្បាច់ផ្ដែររចនាបថសំបូរ ព្រៃគុកនៅ សតវត្សទី៧ ឆ្លាក់ នៅនឹងជញ្ជាំងប្រាសាទបាយ័ន ប្រាសាទអង្គរវត្ដ ដែលបានកសាងឡើងតាំងពីសតវត្សទី៩ រហូតដល់សតវត្សទី១៣ ។ រូបចម្លាក់ទាំងនោះបញ្ជាក់ថា ឧបករណ៍ខ្សែដៀវនេះមានមុនសតវត្សទី៧ ទៅទៀត ហើយមានប្រយោជន៍សំខាន់ណាស់ក្នុងសង្គម ទើបដូនតាយើងសម័យនោះយកមកឆ្លាក់ជាប់នឹងជញ្ជាំងប្រាសាទបែបនេះ ។ រូបភាពនៅលើជញ្ជាំងប្រាសាទបែបណាបច្ចុប្បន្ននេះខ្សែដៀវនៅតែមាន រូបរាងយ៉ាងនោះដដែល ។
ខ្សែដៀវនៅកម្ពុជាយើងបច្ចុប្បន្ននេះមាន ៖
–ដងធ្វើអំពីប្រភេទ ឈើរឹង ដូចជាឈើ នាងនួន ឈើគ្រញូង និងឈើខ្មៅមានរាងមូល រាវ ងផ្នែកខាងចុង ។ នៅខាងចុងដងគេ ច្រើនតែឆ្លាក់ក្បាលពស់ នាគរាជជាលំអ ។ ដងចែកជាពីរកំំណាត់ដែលអាចដកចេញដាក់ ចូលភ្ជាប់គ្នាបានក្នុងពេលត្រូវការ ។
-ព្រលួតមានតែមួយធ្វើ អំពីឈើរឹង ក្រឡឹងយ៉ាងស្អាតសំរាប់រឹតខ្សែសំនៀង ហើយស្ថិតនៅផ្នែកខាងគល់នៃដង ។
-ស្នូកធ្វើអំពីសំបកឃ្លោកក្អម កាត់យកពាក់កណ្ដាលទុកខាងផ្នែកស្ដួចចងភ្ជាប់ទៅនឹងគល់ដងសំរាប់ធ្វើ ជាប្រអប់សំនៀង ។ នៅពេលសំដែងម្ដងៗគេយកស្នូកមកផ្អឹបនឹងទ្រូង ដើម្បីឱ្យមានសំនៀងខ្ទ័រ ឬគេអង្រន់ស្នូក ដើម្បីឱ្យមានសំនៀងញ័រ ។
– ខ្សែសំនៀងមាន១ធ្វើអំពីសរសៃលោហធាតុ ខ្សែសំនៀងនេះចងលាតសន្ធឹងពីចុងដងទៅព្រលួត ដោយមានខ្សែ.កចងផ្អោបជាប់ទៅនឹងដងត្រង់ជិតប្រអប់សំនៀង ។
– ក្រចកកេះធ្វើអំពីបន្ទះលោហធាតុ មូរ ល្មមស៊កនាងដៃបាន ហើយកាត់បញ្ឆិតចុងទុកល្មមអាចកេះខ្សែបានស្រួល ។
-នៅពេលកេះ ខ្សែម្ដងៗ គេត្រូវយកគល់ចង្អុលដៃទៅប៉ះនឹងខ្សែ ហើយដកចេញយ៉ាងរហ័សដើម្បីឱ្យសំនៀងលាន់ឮឡើងតូមៗ ដែលជាលក្ខណៈសំនៀងរបស់ខ្សែដៀវ បើមិនធ្វើយ៉ាងនេះទេ សំនៀងនឹងឮសូរទឺងៗ ដូចខ្សែលួសហាលខោអាវវិញ ។
នៅពេលប្រគំម្ដងៗ ខ្សែដៀវមិនដើរផ្លូវរាបសាដូចឧបករណ៍ដទៃឡើយ គឺដើរផ្លូវផ្ដក់មុខផ្ដក់ក្រោយ ធ្វើឱ្យសំនៀងរបស់ខ្លួនលេចធ្លោឡើងនៅក្នុងចំណោមឧបករណ៍ដទៃ ។
តាម ប្រសាសន៍ដូនតាយើងបានឱ្យដឹងថា រូបរាងខ្សែដៀវទាំងមូលតំណាងឱ្យសត្វពស់ នាគរាជ ជាសត្វតំណាងភាពត្រជាក់ត្រជុំ មានសច្ចធម៌ មានសុភមង្គលក្នុងជីវិត ៕ (ស្រាវជ្រាវចងក្រងដោយ លោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី)។
កែសម្រួលដោយៈ Mr365