ប្រវត្តិរាជធានីភ្នំពេញ
ប្រភពដើមរបស់ឈ្មោះរាជធានីភ្នំពេញ
ក្នុងកាលកន្លងទៅហើយ (គ.ស ១៣៧២) មានដូនចាស់ម្នាក់ឈ្មោះ “ពេញ” ជាអ្នកមាន ភោគសម្បត្តិបរិបូរណ៏ មានលំនៅក្បែរ ច្រាំងទន្លេបួនមុខ។ ផ្ទះរបស់ គាត់សង់នៅលើ ទួលខាងកើតភ្នំតូចមួយ។ ថ្ងៃមួយទីនោះ មាន ភ្លៀងធ្លាក់ខ្លាំងទឹកទន្លេជន់លិច រហាចរហឹម ដូនពេញ បានចុះទៅកំពង់ទឹក ស្រាប់តែឃើញ ដើមគគីរមួយធំ អណ្តែតមកក្បែរច្រាំង ហើយដោយ អំណាចទឹកហូរ សងចុះឡើង ដើមគគីរ នោះចេះតែ អណ្តែតវិលវល់ នៅក្បែរច្រាំងនោះ។
លុះដូនពេញ ឃើញដូច្នេះ ក៏ប្រញាប់ទៅអំពាវនាវ ហៅអ្នកជិតខាង ឲ្យមកជួយទាញយក ដើមគគីរនោះ។ អ្នកជិតខាងក៏ នាំគ្នាយកពួរទៅចង ហើយអូសរំកិល បន្តិចម្តងៗ ទាល់តែមកដល់មាត់ច្រាំង។ ពេលនោះ ដូនពេញ យកកំណាត់ឈើទៅ កោសកៀរ សំអាតភក់ចេញ គាត់់ ក៏បានឃើញ ក្នុងប្រហោងឈើគគីរ មានព្រះពុទ្ធរូប ៤អង្គតូចៗ ធ្វើអំពីសំរឹទ្ធិ និង ទេវ រូប មួយអង្គទៀត ធ្វើអំពីថ្ម។ ទេវរូបនោះ ទ្រង់ឈរ ព្រះហស្ថម្ខាង ទ្រង់ដំបង ព្រះហស្ថម្ខាងទៀត ទ្រង់ស័ង្ខ ព្រះកេសាបួង។
ដូនពេញ និង អ្នកជិតខាងដែលទៅជួយ មានសេចក្តីត្រេកអរណាស់ ដោយរើសបាន របស់ជាទីគោរព ក៏នាំគ្នាដង្ហែព្រះ បដិមាករទាំងនោះ មកដល់ផ្ទះដូនពេញ ហើយដូនពេញ ចាត់ការសង់ខ្ទមមួយតូច តម្កល់ ជាបណ្ដោះអាសន្ន។
ថ្ងៃក្រោយមក ដូនពេញ អំពាវនាវឲ្យអ្នកជិតខាង ជួយលើកដីពូនភ្នំ ដែលនៅ ខាងលិចផ្ទះ របស់គាត់នោះ ឲ្យទៅជាភ្នំមែន ទែន។ បន្ទាប់ពីនោះ គាត់ ឱ្យគេ អារឈើគគីរនោះ ធ្វើជាសសរវិហារ ដែលគាត់បម្រុង សង់លើ ភ្នំនោះ។
ក្នុងគ.ស ១៣៧២ ដូនពេញ និង អ្នកស្រុកជាច្រើននាក់ ស្រុះស្រួលបបួលគ្នា សាងសង់ ព្រះវិហារ មួយខ្នងប្រក់ ស្បូវភ្លាំងនៅលើកំពូលភ្នំនោះ ហើយ គាត់នាំគ្នា ដង្ហែព្រះពុទ្ធរូបសំរឹទ្ធិ ទាំង៤អង្គ ទៅតំកល់ទុកក្នុងវិហារនោះ។ចំណែកទេវរូបថ្ម មួយអង្គគាត់ដង្ហែ ទៅតំកល់ទុក លើ អសនៈមួយ នៅ ជើងភ្នំខាងកើត ហើយដោយគាត់យល់ថា ទេវរូបនោះ អណ្តែតទឹក មកពីស្រុកលាវ និងមានភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា ”អ្នកតាព្រះចៅ” នាមនោះជាប់ តរហូតមកដល់សព្វថ្ងៃនេះ។
កាលសាងសង់វិហាររួចហើយ គាត់និមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះ នៅទិសខាងលិចទើបមានឈ្មោះថា”វត្តភ្នំដូនពេញ” ដែលសព្វថ្ងៃ ហៅកាត់ថា “វត្តភ្នំ” តាំងពីពេលនោះមករហូតមកដល់សព្វថ្ងៃ៕
ការបង្កើតរាជធានី
រាជធានីភ្នំពេញត្រូវបានសាងសង់ជាលើកដំបូង នៅក្នុងសតវត្សរ៍ទី១៥ ក្នុង អំឡុងរជ្ជកាល ព្រះបាទស្រីសុរិយោព័រ(ពញាយ៉ាត) នៅពេលដែល ព្រះអង្គ បានបោះបង់ចោល រាជធានីអង្គរ ហើយបានមកសាងសង់រាជធានីថ្មី មួយ ទៀតនៅ ទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃ ត្រូវបានគេស្គាល់ ថា ជា ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ព្រះអង្គ បានគង់នៅទីនោះបានតែមួយឆ្នាំគត់ ដោយសារតែមាន ទឹកជំនន់ រាល់រដួវវស្សា ព្រះអង្គ បានផ្លាស់ប្តូររាជធានី ហើយ បានមកសាងសង់ រាជធានី ថ្មីមួយទៀត តាមបណ្តោយ មាត់ទន្លេចតុមុខ (ទន្លេមុខបួន) នៅក្នុងឆ្នាំ ១៤៣៤ ដែលសព្វ ថ្ងៃជារាជ ធានីភ្នំពេញ ។
ការសាងសង់ ព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ មាន២លើក ៖
- លើកទី១ ៖ ក្នុងរជ្ជកាល ព្រះបាទពញ្ញាយ៉ាតក្នុងសតវត្សរ៍ទី ១៥ ។
- លើកទី២ ៖ ក្នុងរជ្ជកាល ព្រះបាទនរោត្តម ក្នុងសតវត្សរ៍ទី ១៩ ទើបឋិតឋេរ។
ការសាងសង់ ព្រះបរមរាជវាំង នៅរាជធានីភ្នំពេញមាន២លើក ដោយសារតែ បន្ទាប់ពីការសាងសង់លើកទី១ (ឆ្នាំ១៤៣៤-១៤៩៧) រាជវាំង ត្រូវបានផ្លាស់ទៅ អង្គរ វិញ ក្រោយពីអង្គរទៅពោធិសាត់ រួចទៅបរិបូរណ៍ បន្ទាប់មកទៅលង្វែក ហើយទៅឧត្តុង្គ ។ បន្ទាប់ពីឧដុង្គ រាជវាំងត្រូវបានត្រឡប់ មកសាងសង់ ជាលើកទី២ នៅរាជធានីភ្នំពេញក្នុងឆ្នាំ ១៨៦៥ ហើយទើបបានឋិតឋេរមកដល់សព្វថ្ងៃ។
ភ្នំពេញសម័យប៉ុលពត
ក្នុងកាលដែលពួកខ្មែរក្រហម ចូលមកកាន់អំណាច នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជន ត្រូវបានបង្ខំឲ្យ ចាកចេញពី ទីក្រុង។គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុត និយាយជារួម ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ទីក្រុងភ្នំពេញ បានក្លាយជា ទីក្រុងខ្មោច។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាជនបានវិលត្រឡប់ មករស់នៅ ក្នុងស្រុកកំណើតវិញ។ ក្នុងស្ថានភាពទប់ស្កាត់ ការវិលត្រលប់ នៃ របបប្រល័យពូជសាសន៏ផង ស្តារ និង កសាងប្រទេសផង រដ្ឋអំណាច និងប្រជាជនបានរួមគ្នា ពុះពារ ជំនះលើការលំបាក គ្រប់បែបយ៉ាង ជាបន្តបន្ទាប់ និងបានកែប្រែសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែ ស្រស់ បំព្រងគួរជាទីមោទៈ និង ស្របតាម និន្នាការរីកចំរើន របស់សង្គជាតិ។
រាជធានីភ្នំពេញសព្វថ្ងៃ
វាជាផ្លូវដ៏វែងឆ្ងាយឆ្ពោះ ទៅកាន់ រាជធានីភ្នំពេញ ដែលមាន សុខសន្តិភាព និង រីកចម្រើនដូចសព្វថ្ងៃ ។ ដោយបច្ចុប្បន្ននេះ ប្រទេស កំពុងមានស្ ថិរភាព ភ្នំពេញ កំពុងត្រូវបានស្តារ និង អភិវឌ្ឍន៍ ជាបណ្តើរ ទៅរកភាពរីកចម្រើនរុងរឿងដូចពីសម័យមុន ។