ប្រវត្តិសង្ខេបលោក នូ ហាច
កំណើត៖ លោក នូ ហាច កើតនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ១៩១៦ ដែលមានស្រុកកំណើតនៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ហើយប្រហែលបាត់បងជីវិតក្នុងរបបខ្មែរក្រហមបានសម្លាប់ក្នុងឆ្នាំ១៩៧៥។ លោក នូ ហាច ជាកូនច្បង និងមាន ប្អូនៗច្រើននាក់ទៀត (ប្អូនស្រី ៣ នាក់) និងមានឪពុកឈ្មោះ ឃួន នៅ និងម្តាយឈ្មោះ ឱរ មួច ដែលពួកគាត់ជាកសិករ។ លោក នូ ហាច បានរៀបការជាមួយអ្នកស្រី តាន់ រ៉េម ដោយមានកូនចំនួន ៨នាក់ ហើយបច្ចុប្បន្ន កូនៗរបស់លោកមួយចំនួនកំពុងរស់នៅសហរដ្ឋអាមេរិក និងអូស្ត្រាលី។
ប្រវត្តិការសិក្សា៖ លោក នូ ហាច បានចូលរៀននៅសាលាបឋមសិក្សាវត្តកំពង់ព្រះ ដែលមានគ្រូជាព្រះសង្ឃ ហើយនៅឆ្នាំ ១៩៣២ ប្រឡងជាប់ចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ និងតស៊ូរៀនសូត្ររហូតបានទទួលសញ្ញាបត្រកម្រិតមធ្យមសិក្សា។
ប្រវត្តិការងារ៖ លោក នូ ហាច ទទួលបានសញ្ញាបត្រនៅវិទ្យាល័យព្រះស៊ីសុវត្ថិមក បានចេញទៅ បំពេញការងារនៅខេត្តសៀមរាប ជាចៅក្រម។ នៅឆ្នាំ១៩៤៧ បានបានធ្វើការជាអ្នកបោះពុម្ពផ្សាយឱ្យកាសែត កម្ពុជា ក្នុងក្រសួងព័ត៌មាន ហើយបន្ទាប់មកនៅឆ្នាំ១៩៤៨ ជាលេខាផ្ទាល់របស់នាយករដ្ឋមន្ត្រី (ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស) បន្ទាប់វិលមកធ្វើការឱ្យក្រសួងពត៌មានវិញ មានឋានៈជា ប្រធាននាយកដ្ឋាន។ នៅឆ្នាំ១៩៥២ ធ្វើការនៅក្រសួងការបរទេស ជាប្រធានផ្នែកកិច្ចការ នយោបាយការបរទេស ក្រោយមកជាឯកអគ្គរាជទូតខ្មែរ ប្រចាំនៅប្រទេសឥណ្ឌូណេស៊ី ប្រទេសវៀតណាម និងជាអ្នកតំណាងពិសេសប្រចាំអង្គការសហប្រជាជាតិ។ នៅឆ្នាំ១៩៥២ ជារដ្ឋលេខាធិការក្រសួងសាធារណការ និងគមនាគមន៍។ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៥៨ ចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ (សមាគមអ្នកនិពន្ធខ្មែរកើតឡើងនៅឆ្នាំ ១៩៥៤ ដោយលោក រីម គីន)៕