ប្រវត្តិជីវិតតស៊ូរបស់មហាត្មៈគន្ធី (Mahatma Gandhi) រដ្ឋបុរសប្រទេសឥណ្ឌា
បុរសម្នាក់នេះបានព្យាយាមលើក តម្កើងមនុស្សវណ្ណៈទាប បំផុតដែលហៅថាពួក “ប៉ះពាល់ខ្លួនមិន បាន ”(untouchable) តែក៏ព្យាយាម កំចាត់ពួកនេះចេញពីសាសនាហិណ្ឌូ។ មហា ត្មៈគន្ធីសម្តែងខ្លួន ជាបដិបក្សចំពោះ វិទ្យាសាស្ត្រសម័យថ្មីតែ ព្រមឲ្យពេទ្យធ្វើការវះកាត់ព្រមប្រើឆ្នាំងរក្សាកម្តៅ ហើយនឹង ព្រមប្រើប្រាស់វែនតា ។ បុរសម្នាក់នេះ ព្យាយាមផ្សារភ្ជាប់ រវាងសាសនាហិណ្ឌូ ជាមួយនឹងសាសនា អ៊ិស្លាមឲ្យចូលគ្នា ជាធ្លុងមួយតែក៏មិន ព្រមឲ្យនរណាម្នាក់ ក្នុងគ្រួសារគាត់ក្លាយ ជាអ៊ិស្លាម។
តែទោះជាយ៉ាងណាក៏ដោយ មានសេចក្តីពិតដែលត្រូវទទួលរ៉ាប់រងទាំងអស់គ្នាថា មហាត្មៈគន្ធី ជារដ្ឋបុរសដ៏សំខាន់ បំផុតរបស់ឥណ្ឌា។ ពាក្យថា “រដ្ឋបុរស” អាចមិនល្មមគ្រប់គ្រាន់រឺមិនត្រឹមត្រូវ ក្នុងការប្រើជាមួយបុរសម្នាក់នេះ ជួនកាលយើងអាចត្រូវប្រើពាក្យថា “God” ។ ក្នុងប្រវត្តិកាណ៍ របស់ឥណ្ឌាបើលើកលែងព្រះពុទ្ធចេញហើយក៏មិនមាននរណា សំខាន់ស្មើនឹងមហាត្មៈគន្ធីអាសោកមហារាជក្តីអាក់បារ៍មហាម៉ូកុលក្តី បើប្រៀបជាមួយនឹងមហាត្មៈគន្ធីហើយននោះ ឃើញថាឆ្ងាយគ្នាខ្លាំងណាស់ឥទ្ធិពលរបស់បុរសម្នាក់នេះធ្វើឲ្យជនជាតិឥណ្ឌាគោរពស្រឡាញ់ហួសនឹងពណ៌នាបាន។ មានមនុស្សជាច្រើនម៉ឺននាក់អាចលុតជង្គង់ចុះថើបដី ដែលមានស្នាមដានជើងមហាត្មៈគន្ ធីដើរឆ្លងកាត់ទៅ។ មនុស្សជាច្រើនពាន់នាក់អាចធ្វើដំណើរដោយជើងអស់ចម្ងាយផ្លូវ ២០មៃល៍ ដើម្បីឲ្យបានឃើញរទេះភ្លើង ដែលមហាត្មៈគន្ធីធ្វើដំណើរ ដោយមិនចាំបាច់ឃើញមហាត្មៈគន្ធី ឡើយ។ ហើយមិនមែនព្រោះចង់ឃើញភាពស្រស់ស្អាត អ្វីរបស់រទេះភ្លើងនោះទេ ព្រោះមហាត្មៈ គន្ធីមិនដែលមានរថយន្តពិសេសផ្ទាល់ខ្លួន មហាត្មៈគន្ធីតាមធម្មតាធ្វើដំណើរតាមរទេះភ្លើងថ្នាក់ទី៣ លាយឡំជាមួយនឹងមនុស្សក្រីក្រ។រូបថតនិងរូបបោះពុម្ភរបស់មហាត្មៈគន្ធី បិទនៅតាមគេហដ្ឋានតាមផ្ទះសម្បែង តាមខ្ទមជាច្រើនលានកន្លែងមនុស្ស ដែលឈឺចាប់គ្រុនរងារព្យាយាមយកដៃ ទៅស្ទាបរូបមហាត្មៈគន្ធីដើម្បីសុំឲ្យជាសះស្បើយ។ មនុស្សជាច្រើនលានងើយមុខឡើងមើលទៅលើផ្ទៃមេឃពេលគេពោលឬបានឮនរណានិយាយ ឈ្មោះមហាត្មៈគន្ធី។ នឹងរកនរណាម្នាក់នាសម័យថ្មីដែលមានឥទ្ធិពលលើបេះដូងមនុស្សស្មើនឹងបុរសម្នាក់នេះមិនអាចរកបានឡើយ។ ដោយសម្តីត្រឹមមួយម៉ាត់ឬដោយការលើកម្រាមដៃត្រឹមតែមួយ មហាត្មៈគន្ ធីអាចធ្វើឲ្យជនជាតិឥណ្ឌាច្រើនលាននាក់ចលាចលទូទាំងប្រទេសឥណ្ឌាបាន។
នាមដើមរបស់បុរសម្នាក់នេះ គឺមោហ័នទាស ក្រមច័ន្ទគន្ធី កើតនៅរដ្ឋ ផូបានឌើរ៍ ក្រុងកតិយវ៉ាក កាលពីថ្ងៃទី០២ ខែតុលា គ.ស ១៨៦៩ ទាំងជីតានិងបិតាធ្លាប់ធ្វើជាអគ្គមហាសេនាបតី នៃរដ្ឋដែលបានពោលមកនោះ ដែលសម្តែងឲ្យឃើញថាឋានៈរបស់មហាត្មៈគន្ធីមិនមែនក្រីក្រឡើយ។ ចំនុចដែលគួរសង្កេតគឺ មហាត្មៈគន្ធីមានព្រឹត្តិការណ៍ផ្ទុយគ្នា នឹងបុគ្គលសំខាន់ផ្សេងៗ ទៀតដែលបានពោលមកខាងដើម ពោលគឺរដ្ឋបុរសគ្រប់គ្នាដែលបានពោលមកខាងដើមនោះ ចាប់ផ្តើមជីវិតដោយភាពក្រីក្រតោកយ៉ាក មកមានឋានៈរុងរោចន៍ឧត្តង្គឧត្តមក្នុងបច្ចុប្បន្ន តែមហាត្មៈគន្ធីចាប់ ផ្តើមជីវិតដោយភាពស្តុកស្តម្ភ ហើយក៏លះបង់សម្បត្តិរហូតអស់ពីខ្លួន ដល់ថ្នាក់ទៅរវៃកប្បាស ត្បាញសំពត់ស្លៀកដណ្តប់ដោយខ្លួនឯង។
រឿងរ៉ាវរបស់បុរសម្នាក់នេះ យើងអាចរកបានដោយមានប្រវត្តិដែលគាត់សរសេរទុកខ្លួនឯង ហើយសម្រាប់អ្នកមានសីលសត្យដូចមហាត្មៈគន្ធីនេះ ប្រវត្តិដែលគាត់សរសេរខ្លួនឯងរមែងមានភាពគួរជឿបាន។ គាត់បានសរសេរទុកថា កាលពីក្មេងមានមិត្តភក្តិណែនាំថាជនជាតិឥណ្ឌា ជាជនជាតិទន់ខ្សោយ ព្រោះមិនទទួលទានសាច់សត្វចំណែក។ ជនជាតិអង់គ្លេសរឹងមាំរហូតអាចទទួលទានសាច់សត្វ។ ពេលបានស្តាប់ដូច្នោះគន្ធី ក៏សាកល្បងទទួលទានសាច់ពពែបន្តិចលមើល៍ ដោយសារគាត់មិនដែលទទួលទានសាច់សត្វសោះ ទើបធ្វើឲ្យរាកមួល លុះដល់ពាក់កណ្តាលយប់ក៏សុបិនថា ពពែទាំងមូលចូលទៅរើបម្រាស់នៅក្នុងពោះ តាំងពីពេលនោះមកក៏លែងទទួលទានសាច់សត្វទៀតជារៀងរហូត។
លុះអាយុបាន ១៣ឆ្នាំ គន្ធីក៏រៀបអាពាហ៍ពិពាហ៍ មុននឹងរៀបអាពាហ៍ពិពាហ៍នោះ គន្ធីធ្លាប់ មានគូរដណ្តឹងរួចមក ហើយដល់ទៅ ៣នាក់តែគូរដណ្តឹងទាំងនោះបានស្លាប់ចោលអស់ មកបានរៀបអាពាហ៍ពិពាហ៍ជាមួយគូរដណ្តឹងទី៤។ ពេលរៀបអាពាហ៍ពិពាហ៍ កូនក្រមុំមានអាយុ ១០ ឆ្នាំនៅមិនទាន់ចេះអានអក្សរនៅឡើយ។ គន្ធីសរសេរទុកថា តាំងចិត្តនឹងបង្រៀនអក្សរដល់ភរិយា តែមិនមានពេលវេលាៗ បានកន្លងមកដល់ទៅជាង ៥០ ឆ្នាំហើយគន្ធី ក៏នៅតែគ្មានពេលបង្រៀន អក្សរភរិយាដដែល។ ភរិយាព្យាយាមអានសរសេរបានបន្តិចបន្តួចតែក៏នៅមិនអាចពោលបានថាចេះអក្សរ។
ពេលអាយុបាន ១៥ឆ្នាំ ក៏មានកូនប្រុសម្នាក់ តែមានជីវិតមិនយូរប៉ុន្មានក៏ស្លាប់ទៅ បិតារបស់គន្ធីក៏អនិច្ចកម្មក្នុងពេលជិតៗគ្នាដែរ។ គន្ធីបានទទួលការសិក្សាតមករហូតបានបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យអាហ៍មេដាប័ត ហើយបានសម្រេចចិត្តថា នឹងទៅសិក្សាវិជ្ជាផ្នែកច្បាប់តនៅ ឯទីក្រុងឡុងដ៍។ គន្ធីត្រូវធ្វើដំណើរដោយរទេះដល់ទៅ ៥ថ្ងៃ ដើម្បីទៅសុំអនុញ្ញាតអ៊ុំ ដែលជាមេគ្រួសារក្នុងវេលានោះ លុះបានទទួលការអនុញ្ញាតពីអ៊ុំឲ្យទៅសិក្សានៅទីក្រុឡុងដ៍បានហើយ ក៏ត្រូវមាតាបង្ខំឲ្យប្តេជ្ញាចិត្តថានឹងមិនទទួលទានសាច់សត្វ និងមិនផឹកសុរាទេ ហើយនឹងមិនរួមបវេណីជាមួយស្ត្រីណាម្នាក់ ក្នុងកំឡុងពេលដែលចាកចេញពីឥណ្ឌា។ គន្ធីបានធ្វើដំណើរដល់ទីក្រុងឡុងដ៍ ក្នុងថ្ងៃទី០៤ ខែកញ្ ញាគ.ស ១៨៨៨។ ខណៈពេលនោះ គន្ធីមានអាយុត្រឹម ១៩ឆ្នាំ ប៉ុណ្ណោះ។
គន្ធីសិក្សានៅក្នុងទីក្រុងឡុងដ៍ ៣ឆ្នាំ ក៏ត្រឡប់មកឥណ្ឌាវិញតាំងការិយាល័យមេធាវីឡើង នៅឯទីក្រុងប៊ុមបៃ។ ធ្វើការ សាកល្បង២ឆ្ នាំមានអារម្មណ៍ថាមិនសូវបានផល ក៏ធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកាខាងត្បូងក្នុងព.ស ២៤៣៦។ ការទៅគ្រានេះក៏ព្រោះនៅអាហ្វ្រិកាខាងត្បូង មានមនុស្សជនជាតិឥណ្ឌារស់នៅទីនោះយ៉ាងសន្ធឹកសន្ធាប់ ហើយមានសង្ឃឹមថា នឹងប្រកបអាជីពជាមេធាវីបានល្អជាងនៅឥណ្ឌា។
រឿងរ៉ាវរបស់មហាត្មៈគន្ធីនៅអាហ្វ្រិកាខាងត្បូង ជារឿងល្វីងជូរចត់បំផុតក្នុងជីវិត ត្រូវគេទាត់ធាក់វាយតប់គប់ក្រវេង ត្រូវគេប្រទុស្តរ៉ាយ ប្រមាថមើលងាយ មើលថោកគ្រប់បែបគ្រប់យ៉ាង តែតមកក៏អាចសាងខ្លួនបាន ហើយក្លាយជាមេធាវីដែលមានកេរ្តិ៍ឈ្មោះម្នាក់ បានទទួលការនិយមចូលចិត្ត មានចំណូលពីការធ្វើជាមេធាវី គិតជាប្រាក់ខ្មែរមួយឆ្នាំប្រហែល ៥លានរៀល ដែលចាត់ថាជាចំនួនដែលច្រើនណាស់ហើយក្នុងពេលនោះ តែព្រឹត្តិការណ៍ដែលត្រូវគេប្រមាថមើលងាយមក នោះធ្វើឲ្យគន្ធីចាប់ផ្តើមមានគំនិតថ្មី។ ជីវិតនៅអាហ្វ្រិកាខាងត្បូងជាការចាប់ផ្តើមជីវិតថ្មីរបស់ មហាត្មៈគន្ធី ដែលធ្វើឲ្យគន្ធីក្លាយជាទីគោរពបូជារបស់ជនជាតិឥណ្ឌា ហើយជាមូលហេតុឲ្យកើតរហស្សនាមថា «មហាត្មៈ» ឡើងតាំងពីពេលនោះមក។ គន្ធីឈប់ធ្វើជាមេធាវីយកប្រាក់ដែលរកបានទាំងអស់មកតាំងនិគមក្សេត្រករឲ្យដល់ជនជាតិឥណ្ឌា ដែលក្រីក្រសាងរោងពុម្ភកាសែត ឈ្មោះថា “Indian Opinion” ហើយនឹងតែងសៀវភៅរឿង “ឥស្សរភាពរបស់ជនជាតិឥណ្ឌា” ផ្សព្វផ្សាយលទ្ធិជាតិនិយម និងចាប់ផ្តើមប្រើវិធី “Non-Violence” តាំងតែពីពេលនោះរៀងមកគន្ធី ត្រូវបានចាប់ចំនួនបីដង។ គន្ធីរស់នៅអាហ្វ្រិកាខាងត្បូងដល់ទៅ ២១ឆ្នាំហើយត្រឡប់មក ឥណ្ឌាវិញនៅឆ្នាំ ព.ស ២៤៥៧ ដែលជាឆ្នាំដំបូងនៃសង្រ្គាមពិភពលោកលើកទី១ គន្ធី មានអាយុ ៤៥ឆ្នាំ។
តាមបកតិមហាត្មៈគន្ធីភ្ញាក់ពីដំណេកម៉ោង ០៤:៣០នាទី ពេលសូត្រមន្តរួចហើយក៏ចេញដើរ។ ការធ្វើដំណើររបស់ មហាត្មៈគន្ធី ជាការដើរយ៉ាងរួសរាន់ លឿនរហូតអ្នកដែលទៅជាមួយត្រូវរត់តាម។ ការដើរយ៉ាងលឿននៅពេលព្រឹកព្រហាមដូច្នេះ ជាកិច្ចវត្តដែលមិនអាចខានបានទោះភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណាក៏ត្រូវចេញដើរ។ ក្នុងពេលដែលមហាត្មៈគន្ធី ទៅទីក្រុងឡុងដ៍ ក្នុងពេលដែលមានឥទ្ទិពលខ្លាំងហើយនោះ ក៏ចេញដើរនៅព្រឹកព្រហាមដូចគ្នាដែរ រហូតខាងប្រទេសអង់គ្លេសឲ្យអ្នកស៊ើបអង្កេតពីរនាក់ចាំរត់តាមទៅការពារ។ ការសូត្រមន្តក៏ជាកិច្ចវត្តសំខាន់ដែលត្រូវសូត្រពីរពេលគឺ ពេលព្រះអាទិត្យអរុណោទ័យ និងពេលព្រះអាទិត្យអាទិត្យអស្តង្គត។ ក្នុងគ្រាដែលទៅទីក្រុងឡុងដ៍នោះ កំពុងអង្គុយប្រជុំនៅជាមួយនឹងបុគ្គលសំខាន់របស់អង់គ្លេសក្នុងបន្ទប់ប្រជុំកម្មការសភាតំណាងរាស្ត្រនៅឡើយ។ លុះវេលាព្រះអាទិត្យអស្តង្គ ព្រលប់សន្ធយាមហាត្មៈគន្ធី ក៏លុត ជង្គង់ចុះហើយសូត្រមន្ត ការប្រឹក្សាក្នុងទីប្រជុំត្រូវបានបញ្ឈប់គ្រប់គ្នាអង្គុយយ៉ាងស្ងៀមស្ងាត់ ពេលមហាត្មៈគន្ធីសូត្រមន្តរួចត្រឡប់មកអង្គុយលើកៅអីជាថ្មី ទើបដំណើរការប្រជុំតទៅទៀតបាន។ ការសូត្រមន្តពេលល្ងាច ក្នុងខណៈដែលមហាត្មៈគន្ធីនៅឥណ្ឌានោះជាពិធីដ៏ធំមួយ ព្រោះមនុស្សដែលនៅជាមួយមហាត្មៈគន្ធី គ្រប់គ្នាចូលរួមសូត្រផងដែរអ្នកស្រុកទោះនៅទីឆ្ងាយក៏មកសូត្រព្រមជាមួយនិងគន្ធី។ ការសូត្រមន្តក្នុងព្រឹត្តិការណ៍ដូច្នេះ មានអានុភាពណាស់ដល់ថ្នាក់ថា មានមនុស្សបរទេសផ្សេងជាតិផ្សេងសាសនានៅក្នុងទីនោះក៏តែងចូលរួមធ្វើការគោរពផងដែរ។ ជនជាតិជប៉ុន ហើយនឹងសូម្បីតែជនជាតិអង់គ្លេសក៏ធ្លាប់ត្រូវចូលរួមធ្វើពិធីសូត្រមន្តព្រមគ្នាជាមួយ មហាត្មៈគន្ធី ដែរ។
ថ្ងៃចន្ទថ្ងៃស្ងៀមស្ងាត់គឺ មិននិយាយអ្វីសូម្បីមួយមាត់ក្នុងថ្ងៃនោះ ទោះបីមានហេតុការណ៍សំខាន់ពុះក្តៅប៉ុណ្ណា ក៏គ្មាននរណាអាចធ្វើឲ្យមហាត្មៈគន្ធីនិយាយក្នុងថ្ងៃចន្ទបានដែរ។ ខណៈទៅរួមប្រជុំនៅទីក្រុងឡុងដ៍ម្តងនោះ ចៃដន្យមានការប្រជុំនៅថ្ងៃចន្ទ មហាត្មៈគន្ធី ចូលទៅប្រជុំដែរ តែមិននិយាយអ្វីឡើយ ដល់ពេលចាំបាច់ខ្លាំងមែនទែន ក៏សរសេរដាក់ក្រដាសឲ្យលេខាអាន ឲ្យទីប្រជុំស្តាប់ជំនួសពាក្យនិយាយ។
គន្ធីធ្វើការច្រើនណាស់ ដូចបុគ្គលសំខាន់ៗទាំងឡាយទទួលសិស្សនិងអ្នកចូលមករកបានមិនឈប់ឈរ ពាក្យសម្តី ក្នុងរឿងសំខាន់ៗគ្រប់មាត់ៗ មានអ្នកចាំកត់យកទៅចុះការសែតរហូត អាចពោលបានថា “គ្មានសម្តីមួយមាត់ណារបស់មហាត្មៈគន្ធីដែលជ្រុះចោលចោលលើដីទទេៗឡើយ”។ គាត់ឧស្សាហ៍សរសេរសំបុត្រទាក់ទងអ្នកនោះអ្នកនេះទូរទាំងពិភពលោក។ វិធីឈប់សម្រាករបស់មហាត្មៈគន្ធី គឺយកខ្លួនទៅចុះត្រាំទឹកក្តៅប្រហែល ៤០នាទី ហើយទឹកនោះ គឺជាទឹកដែលក្តៅខ្លាំង ក្នុងពេលដែលត្រាំទឹកក្តៅនេះ ក៏អានសៀវភៅជាបណ្តើរផងដែរ។ ការងារដែលមហាត្មៈគន្ធី ចូលចិត្តបំផុតគឺ មើលថែទំនុកបម្រុងភូមិដែលនៅឆ្ងាយភាពជឿនលឿនដោយគាំទ្រឲ្យធ្វើការរវៃកប្បាសត្បាញសំពត់ ដែលសូម្បី មហាត្មៈគន្ធី ក៏ធ្វើដោយខ្លួនឯង ឲ្យមនុស្សក្នុងភូមិបានទទួល ការសិក្សានៅពេលទំនេរ និងទំនុកបំរុងសុខាភិបាល ព្រមទាំងបបួលឲ្យប្រកបឧស្សាហកម្មក្នុងគ្រួសារ។
ណាប៉ូឡេអុង ជាមនុស្សដែលមានសមត្ថភាពក្នុងរឿងដេកលក់ គឺអាចលក់ក្នុងពេលដែលត្រូវការលក់ និងភ្ញាក់ពេល ដែលត្រូវការភ្ញាក់។ មហាត្មៈគន្ ធីជួនកាលអាចមានសមត្ថភាពជាងណាប៉ូឡេអុងទៅទៀត។ មហាត្មៈគន្ធីអាចនិយាយថា ខ្ញុំត្រូវការ ដេកបាន ២០នាទី រួចហើយមហាត្មៈគន្ធីក៏លក់ភ្លាមដោយ មិនថាក្នុងទីណាឬមានសម្លេងអ៊ឺងកងប៉ុណ្ណាទេ ហើយលុះគ្រប់ ២០នាទី ក៏ភ្ញាក់ឡើងភ្លាម ទើបពួកបរិវារដឹងច្បាស់ថាក្នុងការធ្វើដំណើរតាមរថភ្លើងនោះមហាត្មៈគន្ធីអាចលក់បានក្នុងរយៈវេលាមិនដល់១នាទី ក្រោយពេលដែលឡើងទៅលើរទេះភ្លើងរួចហើយ។ ពេលបិតារបស់នេរូហ៍អនិច្ចកម្ម គន្ធីទៅចូលរួមបុណ្យសពដែរ តាមផ្លូវត្រឡប់មកវិញបានសម្រានលក់នៅក្នុងរថយន្ត ក៏កើតឧបត្តិហេតុក្រឡាប់ឡានខ្លួនមហាត្មៈគន្ធីខ្ទាតចេញពីឡាន អ្នកដែលមកជាមួយប្រញាប់ទៅមើល មហាត្មៈគន្ ធីកំពុងសម្រានលក់នៅឡើយ។
រឿងដូច្នេះមិនមានចម្លែកអ្វីសម្រាប់អ្នកដែលជំនាញចិត្តវិទ្យាទេ។ អ្នកចិត្តវិទ្យារមែងជ្រាបថាការដេកលក់របស់អ្នកដែលបាន ហ្វឹកហាត់ខាងចិត្តវិទ្យានោះ មិនដូចការដេកលក់របស់មនុស្សធម្មតាតែយ៉ាងណាក៏ដោយ សមត្ថភាពក្នុងការដេកលក់ពេលណាក៏បាន ក្នុងការភ្ញាក់ពេលណាក៏បាននោះ ជាលក្ខណៈរបស់អ្នកដែលមានសមាធិខ្លាំងក្លាហើយជា លក្ខណៈពិសេសរបស់ភាពរឹងមាំ ផ្នែកកម្លាំងចិត្តផងដែរ។
មហាត្មៈគន្ធីមានកូនប្រុស ៤នាក់ ហើយចាប់តាំងពីមហាត្មៈគន្ធីមានអាយុបាន៣១ឆ្នាំ ក៏ប្រព្រឹត្តព្រហ្មចារីយ៍មិនប៉ះពាល់ស្ត្រីភេទខាងផ្លូវកាមគុណទៀតឡើយ។ តែជាមនុស្សមានស្នេហ៍ក្នុងខ្លួន ព្រោះមិនថាបុរសឬស្រ្តីបានឃើញគាត់ហើយ ក៏មិនអាចទប់ទល់មិនឲ្យស្រលាញ់គាត់បាន ទាំងដែលរូបរាង្គមុខមាត់របស់មហាត្មៈគន្ ធីក៏មិនបានស្អាតបាតស្រស់សង្ហាអ្វី ស្នេហ៍ក្នុងខ្លួនបុរសម្នាក់នេះ ធ្វើឲ្យបុរសស្ត្រីឈ្លក់វង្វេងស្រលាញ់បានជានិច្ច។ ក្នុងកាលដែលស៊ើរ៍ស៊ែមូអេលហរ៍ជារដ្ឋមន្ត្រីម្នាក់របស់ឥណ្ឌា ដល់ថ្នាក់ប្រាប់ឲ្យឡរ៍តវិលលិងតាន់ដែលបានទទួលតំណែងមកជាឧបរាជថ្មីរបស់ឥណ្ឌា ថាឲ្យព្យាយាមកុំជួបចចារជាមួយមហាត្មៈគន្ធី ព្រោះបើបានឃើញហើយនឹងទប់មិនឲ្យកើតសេចក្តីស្រលាញ់មិនបាន។
លក្ខណៈម្យ៉ាងទៀត ដែលភាសាអងគ្លេសហៅថា “Simplicity” ដែលមានន័យស្រដៀងថាជា ការធ្វើខ្លួនឲ្យជាមនុស្ស ចិញ្ចឹមងាយលក្ខណៈដូច្នេះមាននៅក្នុងខ្លួនមហាត្មៈគន្ធីរ ក៏រកនរណាប្រៀបផ្ទឹមពុំបាន ហើយលក្ខណៈនេះមិនមែនទើប មានមកពេលក្រោយដែលគាត់បានក្លាយជា “មហាត្មៈ” ហើយទេ តាមពិតជាលក្ខណៈដែលមានមកតាំងតែពីនៅកំលោះមកមេ្ល៉ះ។
គ្រាមួយធ្វើដំនើរទៅតាមរទេះភ្លើងជាមួយភរិយា ហើយជិះថ្នាក់ទី៣ តាមទម្លាប់ភរិយា ទៅប្រើបន្ទប់ទឹកថ្នាក់ទី២ ព្រោះបន្ទប់ថ្នាក់ទី៣ មិនទំនេរ ភ្នាក់ងាររទេះភ្លើង ក៏អនុញ្ញាតហើយតែគន្ធីមិនព្រមឲ្យរងចាំប្រើបន្ទប់ថ្នាក់ទី៣ ប្រកែកគ្នាជាយូររហូតឃើញថាចាំបាច់មែនទែនទើបព្រមឲ្យប្រើ។
គ្រាមួយធ្វើដំនើរដោយកប៉ាល់សមុទ្រ ឃើញមិត្តម្នាក់មានកែវយឺត (Binoculars) ដែលមាន តម្លៃខ្ពស់គន្ធីនិយាយហាម មិនឲ្យមិត្តភក្តិប្រើកែវយឺតថ្លៃដូច្នោះ ព្រោះជាការខ្ជះខ្ជាយដោយមិនចាំបាច់ព្យាយាមនិយាយអូសទាញចិត្តរហូតមិត្តម្នាក់នោះបោះចោលកែវយឺតទៅក្នុងសមុទ្រ។ ពេលត្រូវចាប់ឃុំឃាំងនៅអាហ្វ្រិកា គន្ធីធ្វើការបោសសម្អាតគុកដោយខ្លួនឯងភ្នាក់ងារគុកបញ្ជូនមនុស្សមកធ្វើឲ្យដោយលើកដម្កើងគន្ធីជាអ្នកទោសនយោបាយក៏មិនព្រម។
គ្រាមួយ នៅផ្ទះមានអ្នកដទៃមកស្នាក់នៅជាមួយ គន្ធីលាងកន្ថោបស្សាវៈរបស់អ្នកដែលមកស្នាក់នៅជាមួយនោះ ដោយខ្លួនឯង។ តាំងពីណីពីណាមក គន្ធីតែងបោកគក់សំពត់អាវរបស់ខ្លួនឯងជានិច្ច រហូតនៅទីបំផុតក៏ហាត់កាត់សក់ដោយខ្លួនឯងទៀត។ គ្រាមមួយទៀត កំពុងដើរនៅស្ថានីយ៍រថភ្លើងជនជាតិអងគ្លេសម្នាក់ យល់ច្រឡំថាជាគុលីជញ្ជូនរបស់ ទើបស្រែកហៅឲ្យមកលើកវ៉ាលីគន្ធី ក៏ទៅលើកវ៉ាលីឲ្យយ៉ាងរៀបរយទៀត។
មូលហេតុសំខាន់ដែលឲ្យកើតអំណាចរបស់មហាត្មៈគន្ធី មានម្យ៉ាងទៀតគឺ ការមិនព្រមនិយាយកុហក។ គន្ធីអះអាងថា ទោះបីកាលនៅពីក្មេង ក៏មិនធ្លាប់និយាយកុហក់ឡើយ។ ជាការចម្លែកម្យ៉ាងទៀត ដែលថាដោយលក្ខណៈរបស់ មហាត្មៈគន្ធីជាមនុស្សចូលចិត្តថ្លុកកំប្លែងចូលចិត្ត សន្ទនារឿង ដែលធ្វើឲ្យសើចក្អាកក្អាយជានិច្ច គន្ធីខ្លួនឯងក៏ពោលថា បើមិនបានអាស្រ័យលក្ខណៈថ្លុកកំប្លែងរបស់ខ្លួនឯងហើយ គន្ធីអាចសម្លាប់ខ្លួនជាយូរមកហើយ តែទោះគន្ធី ជាមនុស្សមានលក្ខណៈដូច្នេះ តែគាត់មិនដែលនិយាយកុហកឡើយ។ កាលបើមហាត្មៈគន្ធី មិនដែលនិយាយកុហក់ អ្នកដទៃទៀតក៏មិនហ៊ានមកនិយាយកុហក់ដាក់មហាត្មៈគន្ធី វិញដូចគ្នា។ មានគ្រាមួយ មនុស្សរបស់គន្ធីធ្វើខុសក្នុងរឿងដែលនឹងធ្វើឲ្យកើតភាពអាម៉ាស់មុខ គន្ធីហៅខ្លួនម្នាក់នោះមកហើយពោលថា “ថ្ងៃស្អែកនេះត្រូវប្រាប់ការពិតមកឲ្យអស់” មនុស្សម្នាក់នោះ ក៏ប្រាប់ការពិតចេញមកទាំងអស់ភ្លាមតែម្តង ដោយខ្លាចអនុភាពរបស់គន្ធី ដែលជាមនុស្សមិនចេះកុហក៕