ប្រវត្តិសំពត់ចងក្បិន របស់ខ្មែរ
រឿងទី១ៈ
សំពត់ចងក្បិន ដែលប្រជាជនខ្មែរប្រើប្រាស់ក្នុងពិធីផ្សេងៗ គឺជាប្រពៃណីមួយមានតាំងពីយូរយារណាស់មកហើយ ប៉ុន្តែមនុស្សមួយចំនួនពុំបានដឹងពីប្រភពនៃការកកើតសំពត់ចងក្បិននេះថាមានប្រភពមកពីណា? ជារបស់ជនជាតិខ្មែរ? ឬខ្មែរយើងចម្លងពីជាតិសាសនាដទៃនោះទេ?
ឆ្លើយតបនឹងសំនួរខាងលើ លោកបណ្ឌិត មីសែល ត្រាណេ អ្នកស្រាវជ្រាវខ្មែរ បានឲ្យដឹងថា ប្រភពក្បិន គឺយើងត្រូវស្វែងយល់នូវប្រភពឥណ្ឌានីយកម្មនៅដើមសតវត្សរ៍ទី ១ ជាមុនសិន។ បើនិយាយឲ្យចំ ការស្លៀកសំពត់ចងក្បិនជាប្រពៃណីរបស់ឥណ្ឌាខាងត្បូង ដែលគេនាំចូលមកអតីតអាណាចក្រខ្មែរ (នគរភ្នំ ឬ ហ្វូណន) ជាលើកដំបូងបំផុត ដោយព្រះបាទ កោណ្ឌិន្យ។ ចាប់តាំងពីពេលនោះមកជនជាតិខ្មែរទាំងពីរភេទបាននិយមស្លៀកក្បិន តៗគ្នារហូតមកទល់បច្ចុប្បន្ន។
ប្រភពដដែលបន្តថា នៅពាក់កណ្តាលសតវត្សរ៍ទី១៣ ជនជាតិថៃ-ឡាវ ក៏បានខ្ចីពីខ្មែរនូវទំនៀមទម្លាប់ស្លៀកក្បិននេះ ព្រោះគេចាត់ទុកថា ការស្លៀកក្បិននាំដល់ប្រពៃណីថ្លៃថ្នូរ សម្រាប់ការ ចូលរួមពិធីការផ្សេងៗ រួមទាំងការប្រើប្រាស់របស់មន្ត្រីព្រះបរមរាជវាំងទៀតផង។ ក្នុងន័យនេះហើយដែលថៃ-ឡាវ បានប្រើពាក់ចងក្បិន ដូចខ្មែរដែរ។ ភស្តុតាងទាំងនេះ បានបង្ហាញនូវអានុភាពនៃវប្បធម៌ខ្មែរយ៉ាងច្បាស់លាស់។ លោកបណ្ឌិតបានបន្តឲ្យដឹងថា កុលសម្ព័ន្ធខ្មែរ-មន, ខ្មែរព្រៃភ្នំ ឬ ក៏សហគមន៍ខ្មែរលើ ពុំមានប្រពៃណីប្រើសំពត់ក្បិនទេ ហេតុនេះយើងពុំអាចនិយាយថា ក្បិនកើតចេញពីខឿនវប្បធម៌បុរេប្រវត្តិបានឡើយ។
យើងអាចពិនិត្យឃើញថា នៅប្រទេសឥណ្ឌាខាងត្បូងចប្ចុប្បន្ន ដែលមានជនជាតិតាមិល(Tamil) រស់នៅ គេបន្តប្រពៃណីស្លៀកក្បិនរហូតមកដូចខ្មែរដែរ។ ការហូរចូលវប្បធម៌ឥណ្ឌាមកប្រទេសកម្ពុជាពីដំបូងនេះហើយ ដែលជាកត្តាឆ្លុះបញ្ចាំងឲ្យដឹងបានថា វប្បធម៌ចំណាស់នៃការស្លៀកក្បិននេះ គឺជារបស់ជនជាតិខ្មែរក្នុងព្រះរាជាណាចក្រកម្ពុជានេះឯង។
លោកបណ្ឌិតមីសែល បានរំលឹកឲ្យដឹងថា តាមចម្លាក់បុរាណ បានបង្ហាញថា ខ្មែរនិយមស្លៀកក្បិនចាប់តាំងពីសម័យនគរភ្នំ នាសតវត្សរ៍ទី១ ដល់ ទី៦ នៃគ្រិស្គសករាជ។ ចម្លាក់បានបង្ហាញថា ទាំងទេវតា ទាំងមនុស្សដែលមានត្រកូលខ្ពង់ខ្ពស់គេនិយមសំពត់ក្បិននេះណាស់។ ឯមូលហេតុដែលថានៅលើប្រាសាទអង្គរវត្តពុំមានចម្លាក់មនុស្សស្លៀក ក្បិន ព្រោះប្រាសាទនេះ ពុំទាក់ទិននឹងជីវភាពប្រចាំថ្ងៃទេ។ តែដោយឡែក នៅលើចម្លាក់ ភ្នំដា នាសម័យនគរភ្នំ គឺមានព្រះនារាយណ៍ និងព្រះរាម ស្លៀកក្បិន។ អាទិទេពស្លៀកក្បិន ព្រោះត្រកូលនេះកើតចេញពីពួកព្រាហ្មណ៍៕
រឿងទី២ៈ
យោងទៅតាមការតំណាលតៗ គ្នារបស់លោកតា លោកយាយ ចាស់ៗ បានតំណាលរឿងព្រេង ដែលទាក់ ទងទៅនិងសំពត់ចងក្បិនថា ៖ កាលពីយូរលង់ណាស់មកហើយ ខ្មែរយើង ស្លៀកសំពត់ចងក្បិនតាមសាសន៍ក្លិង្គ។ សាសន៍ក្លិង្គ កាន់សាសនាជាច្រើនបែបណាស់ តែសាសនាដែលធំជាងគេគឺសាសនា ព្រហ្មញ្ញសាសនា ។ ព្រះមហា ក្សត្រខ្មែរយើងដែលកសាងនគរវត្ដ ក៏ឧទ្ទិសចំពោះព្រហ្មញ្ញសាសនាដែរ ។ កាលពីសម័យបុរាណខ្មែរយើងនិយម រាប់អានរឿងរាមកេរ្តិ៍ ណាស់នៅនឹងជញ្ជាំងអង្គរវត្ដថែវជាន់ទី ១ ទៀតផង ។ ចំពោះមូលហេតុដែលសាសន៍ក្លិង្គ ស្លៀកសំពត់ចងក្បិន ពីព្រោះក្លិង្គគេគោរពចំពោះហនុមាន ដែលជាទេវបុត្ររបស់គេមួយ ហនុមានជាសេនារបស់ ព្រះរាម ក្នុងរឿងរាមកេរ្តិ៍ ។ ដូច្នេះហនុមានមានសម្បុរស ហើយគេស្លៀកពាក់ឱ្យមានកន្ទុយ(ហនុមានមានជាតិ ជាសត្វស្វាសមានកន្ទុយ) ។
មានមតិខ្លះទៀតយល់ថា ក្លិង្គ ទាំងនោះជាពលនៅក្រោមអធិបតេយ្យហនុមាន បានជាគេស្លៀកពាក់ស ហើយ បណ្ដុះកន្ទុយយ៉ាងដូច្នេះ។ សរុបសេចក្ដីមកយើងឃើញថា សំពត់ចងក្បិនដែលខ្មែរយើងមានការស្លៀក ពាក់រហូតមកដល់សព្វថ្ងៃនេះ គឺយកតាមសាសន៍ក្លិង្គ ដែលមានបំណងធ្វើតាមហនុមានជាសេនាឯករបស់ ព្រះរាម។
តែឥឡូវនេះមិនមែនតែប្រុសៗ ទេ ដែលស្លៀកសំពត់ចងក្បិន ស្រីៗ ក៏ស្លៀកសំពត់ចងក្បិនដែរ ។ ដូចជា នៅក្នុងរាជកាលព្រះករុណា នរើតម (គ.ស ១៨៣៥-១៩១៤)គេស្លៀកចងក្បិនស្លុយចុះទៅក្រោម រួចមកនៅ ត្រឹមពាក់កណ្ដាលកំភួនជើង ។ លុះមកដល់រជ្ជកាលព្រះករុណា ស៊ីសុវត្ថិ (គ.ស ១៨៧៥-១៩៤១)គេចងក្បិន ខើចនៅក្រោមជង្គង់បន្តិច ដោយគេគិតថាការធ្វើរបៀបនេះ គឺយកតាមសៀម ។ ចំណែកឯសៀម និងខ្មែរ ជាប្រទេសនៅជិតគ្នា ហើយសៀមបានយកតាមបែបស្លៀកសំពត់ចងក្បិនរបស់ខ្មែរទៅស្លៀក ស្លៀកមិនត្រឹមតែ ប្រុសទេ ថែមទាំងស្រីទៀតផង ។ លុះខ្មែរយើងឃើញថាស្ត្រីស្លៀកក្បិនល្អដែរ ក៏នាំគ្នាស្លៀកតាមសៀម ។ អ្នកស្រុកបាត់ដំបង និងអ្នកស្រុកសៀមរាប ដែលនៅជិតសៀម ធ្វើតាមសៀមស្លៀកសំពត់ចងក្បិនលិចត្រឹមជង្គង់ គឺខើចជាងខ្មែរដែលនៅភូមិឯទៀត ។ បច្ចុប្បន្ននេះ សំពត់ចងក្បិនខ្មែរយើងនិយមស្លៀកនៅក្នុងពិធីបុណ្យធំៗ ដូចជាក្នុងព្រះបរមរាជវាំង ឬពិធីបុណ្យជាតិ ពិសេសក្នុងទំនៀមទម្លាប់ប្រពៃណីជាតិដែលមានដូចជា៖ពិធីមង្គលការជាដើម។
កែសម្រួលដោយៈMr365