ប្រវត្តិខេត្តស្ទឹងត្រែង និងការអភិវឌ្ឍន៍មកដល់ពេលបច្ចុប្បន្ន
ខេត្តស្ទឹងត្រែង៖ ស្ទឹងត្រែងគឺជាខេត្តមួយ មានប្រវត្តិរាប់រយឆ្នាំសម្បូរទៅដោយទួលប្រាសាទបុរាណជាច្រើនកន្លែង ដែលជាទូទៅ ពុំមានអ្នកស្គាល់ឡើយ។ខេត្តមួយនេះស្ថិតនៅភាគឦសានប្រទេសកម្ពុជាមានចម្ងាយផ្លូវជាង៤៥០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ទាក់ទងទៅនឹងខេត្តស្ទឹងត្រែង មានឯកសារខ្លះបានបញ្ជាក់ថា កាលពីដើមឡើយខេត្តស្ទឹងត្រែងមានឈ្មោះថាសាទឹងទែង។ពាក្យនេះ បានកើតឡើង ដោយសារតែមានព្រះសង្ឃមួយអង្គព្រះនាម សៀង ប៉េង មកពីវៀងចន្ទន៍បានមកគ្រប់គ្រងលើទឹកដីសាទឹងទែង។
ក្រោយមកព្រះចៅក្រុងកម្ពុជាបានតែងតាំងលោកប៉េងជាចៅហ្វាយខេត្តសាទឹងទែងឱ្យនៅក្រោមអំណាចរបស់ព្រះចៅក្រុងកម្ពុជានាសម័យនោះ។លោកប៉េងពេលបានកាន់ជាចៅហ្វាយខេត្តនិងមានងារជាឧកញ៉ាប៉េងតែងតែនាំសួយសារអាករមកថ្វាយព្រះចៅក្រុងកម្ពុជារាល់ឆ្នាំ។ដង្វាយនោះបានរយៈពេលបីឆ្នាំលោកចៅហ្វាយខេត្តប៉េងក៏បានដោះខ្លួនពីអំណាចខ្មែរទៅរស់នៅស្រុកវ៉ឺនសៃបច្ចុប្បន្នស្រុកនេះស្ថិតនៅក្នុងខេត្តរតនគិរីមានព្រំប្រទល់ជាប់នឹងប្រទេសឡាវ។
បន្ទាប់មកទៀត ព្រះចៅក្រុងកម្ពុជា ក៏បានលើកងារចៅហ្វាយខេត្តឱ្យប្អូនលោកប៉េងរួចឱ្យទៅកូនឈ្មោះជាប៉េងញ៉ាសំ។ជា ប៉េង ញ៉ាសំកូន លោកប៉េងក្រោយពីបានគ្រប់គ្រងខេត្តមិនបានប៉ុន្មានក៏បានរួមគំនិតឃុបឃិតជាមួយរាស្ត្រក្នុងខេត្តរបស់ខ្លួនទៅជ្រកកោនម្លប់ព្រះចៅនគរសៀម។ពេលនោះសៀមក៏បានតែងតាំងជាចៅមឿងសៀងទែង។
ដូច្នេះពាក្យសាទឹងទែងបានដូរមកជាសៀងទែងវិញ។ បើតាមភាសាឡាវពាក្យថាសៀងមានន័យថាលោកនេនដែលបានលាចាកសិក្ខាបទ (សៀង,អន្ទិត)។ រីឯទែងភាសាឡាវប្រែថាកសាងឡើង។តមកយូរឆ្នាំខ្មែរយើង ហៅ សៀងទែងក្លាយទៅជាស្ទឹងត្រែងវិញ។ពាក្យស្ទឹងត្រែងខ្មែរយើង មានន័យថា ស្រុកមានស្ទឹងដុះស្មៅត្រែង។
នៅគ.ស៦០០ប្លាយក្នុងរាជព្រះបាទឥសានវរ្ម័ននិងព្រះបាទជ័យវរ័ន្មគ្រប់គ្រងក្រុងកម្ពុជាចែកចេញជាពីរនគរ។នគរមួយមានទីក្រុងឈ្មោះវយធបូរា (ភវបុរៈ) មួយទៀតឈ្មោះទីក្រុងសម្ផបូរា (សម្ផបុរៈ) ដោយកាលនោះទឹកដីខេត្តស្ទឹងត្រែងមានក្រុងចំនួន២។ មកដល់គ.ស៩០០ប្លាយព្រះបាទរាជន្ទ្រាវរ្ម័នបង្រួបបង្រួម នគរទាំងពីរនេះជាក្រុងកម្ពុជាតែមួយហើយលើកក្រុងទៅតាំងនៅអង្គរវិញ។
នៅគ្រិស្គសក័រាជ១.៤០០ប្លាយកាលបែកបន្ទាយលង្វែកដោយទ័ពសៀមព្រះបាទសុទ្ធាភាសព្រះអង្គរត់មកពួននៅស្ទឹងត្រែង។ នៅអំឡុងស័ករាជនេះ ទ័ពសៀមនិងលាវ បានលុកលុយ ចូលក្រុងកម្ពុជាខាងជើងគ្រប់គ្រងខេត្តស្ទឹងត្រែងដល់ខេត្តកំពង់ចាមតាមដងទន្លេមេគង្គ។ ក្រោយមកកងទ័ពខ្មែរក៏បានវាយបកដេញទ័ពសៀមនិងលាវឱ្យចេញទៅវិញអស់។ មានកំណត់ត្រាថាកាលនោះយួនក៏បានលុកលុយយកខេត្តស្ទឹងត្រែងដែរប៉ុន្តែត្រូវសៀមវាយដេញយួនទៅវិញ។ ចំបាំងដោយការឈ្លានពានលុកលុយលើទឹកដីខេត្តស្ទឹងត្រែងម្តងហើយម្តងទៀត នៅចំណុះខេត្តចម្ប៉ាសាក់ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែងសព្វថ្ងៃ។ តែខេត្តចម្ប៉ាសាក់ឡាវត្រូវសៀមត្រួតត្រា។
នៅឆ្នាំ១៨១៤ទ័ពសៀម លុកលុយចូលនគរខ្មែរម្តងទៀត ដោយទ័ពសៀមគ្រប់គ្រងយកខេត្តម្លូព្រៃ,ទន្លេល្ពៅនិងបានយក ខេត្តស្ទឹងត្រែង បញ្ចូលទៅក្រុងសៀម។ ពេលនោះ ព្រះចៅក្រុងកម្ពុជា បានផ្តាច់ទំនាក់ទំនងជាមួយលាវ ដោយសារខេត្តស្ទឹងត្រែង ត្រូវសៀមគ្រប់គ្រង។មកដល់ឆ្នាំ១៨៦៣ បារាំង គ្រប់គ្រងក៏បានមកធ្វើជាអណាព្យាបាលនៅក្រុងកម្ពុជា។បន្តមកឆ្នាំ១៨៦៤ ក្រុងសៀម ជាប់សន្ធិសញ្ញានិងក្រុងបារាំង,ក្រុងកម្ពុជា។
សៀមបានយល់ព្រម ប្រគល់តំបន់ទន្លេល្ពៅ, ម្លូព្រៃ, ស្ទឹងត្រែង, សៀមប៉ាង មកឱ្យកម្ពុជាវិញ។ នៅឆ្នាំ១៨៧៦សៀមបានចូលមកគ្រប់គ្រងតំបន់ដែលខ្លួនប្រគល់ឱ្យទៅវិញ។ សម័យនោះព្រះអង្គម្ចាស់ស៊ីសុវត្តិបំបាស់ក្បត់វាយបកទ័ពសៀមនិងមានការជួយពីបារាំង។ ឆ្នាំ១៨៧៣ បារាំងបានបង្ខំសៀមឱ្យប្រគល់ទឹកដីកម្ពុជាបានមកវិញខ្លះដូចជាខេត្តស្ទឹងត្រែងជាដើម។នៅថ្ងៃទី១៣ ខែតុលាឆ្នាំ១៨៩៣ សៀមបានចុះសន្ធិសញ្ញា ទឹកដីខេត្តខ្លួនគ្រប់គ្រងនៅជាប់ដងទន្លេមេគង្គឱ្យទៅបារាំងគ្រប់គ្រងបន្ត។
ពេលនោះហើយខេត្តស្ទឹងត្រែងនិងសៀមប៉ាងត្រូវចំណុះរបស់លាវ។ សៀមបានប្រគល់តែតំបន់ម្លូព្រៃនិងទន្លេល្ពៅតាមសន្ធិសញ្ញារបស់បារាំងចុះ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤។ រួចមកមានរ៉ែតតេបារាំងចុះ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩១៤ដាក់ខេត្តស្ទឹងត្រែងបញ្ចូលមកក្នុងនគរក្រុងកម្ពុជាវិញ។ បន្ទាប់មក ខេត្តស្ទឹងត្រែង បានកែប្រែថ្មីមានរាជការគ្រប់គ្រងរដ្ឋបាល ពីរខេត្តដាក់ឈ្មោះ ខេត្តស្ទឹងត្រែង និងខេត្តមូលមោក (ស្រុកវ៉ឺនសៃខេត្តរតនគិរីសព្វថ្ងៃ)។
ឆ្លងកាត់សង្គ្រាម ច្រើនសម័យកាល ច្រើនទស្សវត្សរ៍ ទឹកដីខេត្តស្ទឹងត្រែងបានបន្សល់ទុកនូវប្រាសាទបុរាណជាច្រើនកន្លែងកប់ក្នុងដីនិងផ្សាភ្ជាប់វប្បធម៌គ្នារវាងជនជាតិខ្មែរនិងឡាវមកដល់ បច្ចុប្បន្ន។ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ភាគខាងលិចឈៀងខាងជើងក្រុងស្ទឹងត្រែងត្រើយខាងលិចដងទន្លេមេគង្គ មានប្រាសាទបុរាណជាច្រើនកប់ដីនិងខ្លះត្រូវបានស្គាល់ឈ្មោះ មានប្រវត្តិជាប់ទាក់ទងគ្នា ក្នុងការគ្រប់គ្រងក្រុងកម្ពុជា។
រីឯ ប្រាសាទជាច្រើនទៀត នៅក្នុងស្រុកថាឡាបរិវ៉ាត់នោះដែរក៏ពុំស្គាល់ឈ្មោះហើយត្រូវបានជនខិលខូច ជីកគាស់កកាយរកកំណប់បណ្តាលឱ្យខូចទ្រង់ទ្រាយនៃប្រាសាទ។ ប្រាសាទដែលនៅមានសព្វថ្ងៃ មានខ្លះ គេស្គាល់ច្បាស់ដូចជាប្រាសាទស្រីឬប្រាសាទព្រះគោនិងប្រាសាទប្រាំបួនល្វែង,ទួលអង្ករខ្មៅស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ជាដើម។
ដោយឡែកនៅក្រុងស្ទឹងត្រែងមានប្រាសាទប្រុសស្ថិតនៅជ្រោយបាចុងនិងប្រាសាទភ្នំធាតុខាងលិចក្រុងស្ទឹងត្រែង។ ក្រៅពីនេះមានប្រាសាទបុរាណ ជាច្រើនទៀតដូចជា ប្រាសាទបាដឺម ប្រាសាទគូ នៅស្រុកសេសាន តែសព្វថ្ងៃប្រាសាទបានបាក់បែកអស់ទៅហើយ។
ក្រៅពីនេះក៏នៅមានវត្តបុរាណជាច្រើនផងដែររួមទាំងការរស់នៅតាមប្រពៃណីបែបអ្នកស្ទឹងត្រែង។ងាកទៅមើលទីប្រជុំជនមួយ ក្នុងក្រុងស្ទឹងត្រែង មានរូបនិមិត្តសញ្ញាកងចក្រតំណាងឱ្យ កូនក្រមុំស្លៀកសំពត់ ជីបប៉ុង។ តាមឯកសារបានបញ្ជាក់ថារូបកងចក្របានសាងសង់ឡើងនៅ ឆ្នាំ១៩៦០ កាលឯកឧត្តម ឈួន ឈុំកាន់តំណែងជាអភិបាលខេត្តស្ទឹងត្រែងសម័យកាលសម្តេចនរោតម្តសីហនុ។
សព្វថ្ងៃនេះ ខេត្តស្ទឹងត្រែង មានព្រំប្រទល់ខាងជើង ជាប់នឹងប្រទេសឡាវខាងត្បូង ទល់ខេត្តក្រចេះខាងកើត ជាប់ខេត្តរតនគិរីខាងលិចទាល់ខេត្តព្រះវិហារនិងកំពង់ធំ។
តាមរបាយការណ៍ ខេត្តស្ទឹងត្រែងឆ្នាំ២០១៤ មានផ្ទៃដី១២.០១៦គីឡូម៉ែត្រក្រឡាចែកចេញជា៤ស្រុកនិងក្រុងមួយ។ប្រជាជនចំនួន ១២៦.០៣៨នាក់។ ខេត្តសម្បូរទៅដោយសម្បត្តិធម្មជាតិជាពិសេសព្រៃឈើធនធានរ៉ែនិងត្រី។ ត្រីប៉ាស៊ីអីជាអត្តសញ្ញាណតំណាងឱ្យខេត្តស្ទឹងត្រែង។
ក្រោយឆ្នាំ២០០០ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ មានផ្លូវជាតិលេខ៧តភ្ជាប់ពីក្រុងភ្នំពេញភ្ជាប់ជាមួយផ្លូវជាតិលេខ១៣របស់ឡាវ។ ផ្លូវជាតិលេខ៩តភ្ជាប់ពីក្រុងស្ទឹងត្រែង ទៅកាន់ខេត្តព្រះវិហារ។ ផ្លូវជាតិលេខ៧៨ ភ្ជាប់ពីអូរពងមាន់ក្រុងស្ទឹងត្រែងទៅកាន់ខេត្តរតនគិរី។ ក្រៅពីនេះមានស្ពានចំនួន២គឺស្ពានឆ្លងកាត់ទន្លេមេគង្គនិងទន្លេសេកុងគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់និងសម្រួលដល់ប្រជាពលរដ្ឋក្នុងតំបន់។ក្រៅពីនេះក៏មានទំនប់វារីអគ្គិសនីសេសានក្រោមពីរដែលអាចទាញថាមពលប្រើប្រាស់ បានរហូតដល់ទៅ៤០០មេហ្គាវ៉ាត់ ក្នុងមួយម៉ោងហើយទំនប់នេះធំជាងគេក្នុងប្រទេសកម្ពុជា។
ជាមួយផ្ទៃដីអំណោយផលលើផ្នែកកសិកម្មមានក្រុមហ៊ុនជាច្រើនបានមកធ្វើវិនិយោគដាំកៅស៊ូនិងផ្តល់ការងារដល់ប្រជាពលរដ្ឋ។ ខេត្តស្ទឹងត្រែង មានទន្លេដល់ទៅបួនគឺទន្លេសេកុង ទន្លេមេគង្គ ទន្លេសេសាននិងទន្លេស្រែពក។ទន្លេទាំងបួននេះហើយគឺជាប្រភពទឹក សម្រាប់កសិកម្មយ៉ាងសំខាន់ ជម្រកធនធានត្រីនិងការរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្លេទាំងនេះក៏បានផ្តល់ជាតំបន់អេកូទេសចរណ៍ផ្តល់ផលប្រយោជន៍យ៉ាងច្រើន។
ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងដំបូងគេនៅ ឆ្នាំ១៩៦០លោក ឈួន ឈុំ។ ក្រោយការបោះឆ្នោត ឆ្នាំ១៩៩៣ លោកឈឹមឈនលោកឈឹមសិលាលោកឡូយសុផាតលោកកុលសំអុលនិងលោកម៉ុមសារឿនអភិបាលខេត្តស្ទឹងត្រែងបច្ចុប្បន្ន៕
ប្រភព : រស្មីកម្ពុជា
ដោយៈMr365