ប្រវត្តិខេត្តកែប រូបចម្លាក់ស្រីស និងសេះសរ
ខេត្តកែបដែលដើមឡើយជាក្រុងមួយនៃខេត្តកំពត ហើយមានប្រវត្តិទាក់ទងគ្នាជាមួយនឹងស្រីសឈរ ។ នៅមានប្រវត្តិទាក់ទងនឹងចម្បាំងរវាងមេទ័ពខ្មែរនិងមេទ័ពលាវទៀតផង និងប្រវត្តិទាក់ទងនឹងអ្នកតម្បាញសូត្រ និងសេះសផងដែរ ។ តាមការស្រាវជ្រាវរបស់លោកសិទ្ធពុទ្ធម៉ានិន អនុប្រធានមន្ទីរដែនដីខេត្តកែបបង្ហាញថា ប្រវត្តិនៃឈ្មោះ «កែប» គឺក្លាយមកពីពាក្យបារាំង «cap» ប្រែមកជាភាសាខ្មែរថា «ជ្រោយ ឬដីលយ ឬ«ពយ»ជាពាក្យដែលបារាំងបានហៅតំបន់នោះតាំងពីមុនបារាំងដាក់អាណានិគមឆ្នាំ១៨៦៣ម្លេ៉ះ ។ តាមឯកសាររបស់អ្នកប្រាជ្ញបារាំងលោក A.Leclere បញ្ជាក់ថាបារាំងបានស្គាល់ទឹកដីកែបតាំងពីឆ្នាំ ១៥៩០ ។ គេបានហៅតំបន់នោះយ៉ាងរត់មាត់ថា «កាបៗ» ប៉ុន្តែចំណេរក្រោយមកសូរស័ព្ទនៃពាក្យនេះក្លាយទៅជា«កែបៗ» វិញរហូតដល់សព្វថ្ងៃ ។
ប្រវត្តិកែបនេះមានរឿងព្រេងនិទានទាក់ទងទៅនឹងឈ្មោះ«កែប» គឺថាកាលពីយូរលង់ណាស់មកហើយមានស្តេចលាវ មួយអង្គព្រះនាមសាគរាជមានវិជ្ជាខាងមន្តអាគមសណ្តំយ៉ាងខ្លាំងពូកែ ។ ថ្ងៃមួយព្រះអង្គទតឃើញសេះសមួយក្បាលយ៉ាងសង្ហាមានព្រះទ័យចង់បានសូត្រមន្តអាគមសណ្តំធ្វើឱ្យមេទ័ពខ្មែរដែលជាម្ចាស់សេះសដេកលង់លក់យ៉ាងយូរ ហើយសាគរាជបានលួចយកសេះសរត់គេចចេញពីតំបន់អង្គររហូតមកដល់ភូមិភាគនិរតី(តំបន់កែបសព្វថ្ងៃ) ។ មេទ័ពខ្មែរពេលភ្ញាក់ដឹងខ្លួនបាត់សេះសជាទីស្រឡាញ់បានកេណ្ឌកងទ័ពដើររកសេះ ដោយសំគាល់តាមដានជើងសេះរហូតបានជួបសេះស ដែលសាគរាជកំពុងគ្រប់គ្រង ។ ពេលនោះក៏កើតជាការប្រយុទ្ធគ្នារវាងមេទ័ពខ្មែរជាមួយនឹងកងទ័ពរបស់ស្តេចលាវ(សាគរាជ) ។ ពេលដែលមេទ័ពកំពុងតែប្រយុទ្ធគ្នាសេះសបានឃើញម្ចាស់របស់ខ្លួនក៏លោតកញ្ជ្រោលឡើងលើធ្វើឱ្យសាគរាជធ្លាក់ពីលើខ្នងសេះ ដោយមាន ជ្រុះកែបនៅទីនោះផង ។ ដូច្នេះតំបន់ដែលជ្រុះកែបសេះនេះគេហៅថាភូមិ «កែបសេះ» ក្រោយមកហៅត្រឹមពាក្យថា កែបៗជារៀងរហូតមក ។ រីឯតំបន់ផ្សេងដែលស្តេចលាវបានបោះជំរំនៅភ្នំនោះគេហៅភ្នំនោះថា «ភ្នំលាវ» ហើយភ្នំមួយទៀត ដែលស្តេចលាវបានលាក់ខ្លួនពួនអាត្មានោះត្រូវបានហៅថា«ភ្នំពួន» តែក្រោយមកអ្នកស្រុកបានហៅថា«ភ្នំពោន» វិញ ។ ចំពោះភ្នំដែលស្តេចលាវបានរត់ សសៀរៗនោះគេបានហៅថា «ភ្នំសសៀរ» ។ ដោយឡែកកោះមួយដែលស្តេចលាវបានរំសាយកងទ័ពចេញអស់ដោយទ្រាំតទល់ជាមួយកងទ័ពខ្មែរមិនបាននោះគេហោថាកោះ«រំសាយ» តែ ក្រោយៗមកក៏បានហៅថាកោះទន្សាយវិញ ។
ដោយឡែកមានរឿងតំណាលទាក់ទងនឹងប្រវត្តិស្រីស និងសេះសថាកាលដើមឡើយនាសម័យបុរាណនគរខ្មែរ និងនគរចិនមានព្រំដែនជាប់គ្នា ចិនពូកែណាស់ខាងតម្បាញសូត្រព្រះរាជាខ្មែរ និងពួកនាម៉ឺនតែងតែទិញក្រណាត់សូត្រទាំងនោះរាល់ឆ្នាំពុំដែលខាន ។ នាងកែវស ជានារីម្នាក់មានសម្រស់ស្អាតអស់លើស្រីទាំងពួងក្នុងភូមិ ហើយនាងពូកែខាងដេរប៉ាក់ និងតម្បាញ តែក្រណាត់សូត្ររបស់នាងរលោង និងក្រឡាល្អស្អាតណាស់ ។
ថ្ងៃមួយនាងបានចូលទៅក្នុងព្រៃ ដូចសព្វមួយដងដើម្បីរករុក្ខជាតិមកធ្វើជាល័ក្ត ។ ពេលនោះនាងរើសបានដុំថ្មមួយដុំមានពណ៌ ក្រហមឆ្អិនឆ្អៅ ។ នាងបានយកទៅសួរម្ដាយ ពេលនោះម្ដាយប្រាប់ថាវាជាដុំមាស ។ នាងអរណាស់ មិនយកមាសនោះទៅលក់ទេ នាងបានយកវាមកធ្វើជាត្រល់ សម្រាប់ត្បាញ ។ មុនពេលដែលនាងត្បាញនាងតែងតែសែន និងបែបន់សូមកុំឲ្យសូត្រដាច់ និងជាប់បានល្អ ព្រមទាំងរលោងផងដែរ ។ កម្លាំងនៃការបួងសួងបានឮដល់ព្រះពិស្ណុការដែលជាអាទិទេពនៃសិល្បៈ ។ ទ្រង់ក៏ប្រទាន និងឲ្យពរដល់នាងតាមការប្រាថ្នា ។
ហេតុការណ៍ដ៏អស្ចារ្យនេះនាងបោះ១ដង ត្បាញបានកន្លះកីនាងអរផង ភ័យផង។ នាងបោះ២ដងបាន១កី ហើយក្រណាត់របស់នាងមានពណ៌ល្អ និងរលោង ។ នាងបានយកទៅជូនម្ដាយ ធ្វើឱ្យម្ដាយនាងអរខ្លាំងណាស់ និងយកទៅលក់បានតម្លៃថ្លៃ រហូតបានក្លាយជាសេដ្ឋី សូត្រក្នុងខេត្តកំពត ។ ព្រះរាជាក៏ប្រទានងារ «នាងត្រល់មាស» ។ ដំណឹងបានឮដល់ក្រុងចិន ស្ដេចចិនក៏បញ្ជាឲ្យបុត្រាមកស្ដីដណ្ដឹងនាងកែវស ដើម្បីយកនាងទៅនៅស្រុកចិនតាមប្ដី ធ្វើដូចនេះបានខ្មែរនៅតែទិញក្រណាត់ពីចិនរៀងរាល់ឆ្នាំដដែល។
ម្ដាយរបស់នាងបានសួរចិត្តកូនស្រី តែនាងមិនព្រម ព្រោះនាងមានចិត្តលើកំលោះ មាណព ដែលជាអ្នកជ្រលក់ក្រណាត់ និងជាមនុស្សនៅជាមួយនាងតាំងពីនៅក្រីក្រ។ នាងគិតថា ចិនមានសិទ្ធិយកប្រពន្ធបួនដប់បាន ហើយគិតថាគ្មានវាសនាល្អទេសម្រាប់នាង ។
ពាក្យបដិសេធនេះបានធ្វើឲ្យចិនមិនសប្បាយចិត្តសោះ ក៏ទៅប្ដឹងស្ដេចខ្មែរ ។ ទ្រង់មានបន្ទូលថា៖ រឿងអនាគតរបស់នរណា អ្នកនោះជាអ្នកសម្រេច ទ្រង់ជាស្ដេចគ្មានសិទ្ធិទេ ព្រោះទ្រង់មិនចង់ឲ្យនាងទៅរស់នៅស្រុកចិនទេ បើទៅខ្មែរនឹងបាត់អ្នកត្បាញសូត្រមាសជារៀងរហូត ។
រាជបុត្រចិនអង្គនោះបានទៅរកនាងដោយខ្លួនឯង ឃើញនាងមានសម្បុរសស្អាតខុសពីនារីខ្មែរដទៃទៀតកាន់តែមានចិត្តស្រឡាញ់ទ្វេដង ។ ទ្រង់ក៏មានបញ្ជាថា៖ យកទាំងមនុស្សយកទាំងត្រល់ ។ ដោយដឹងពីល្បិចចិននាងក៏បានរៀបការជាមួយចៅមាណព ដោយរាជប្រទានដោយព្រះរាជាខ្មែរ ។ កាន់តែធ្វើឲ្យចិន មានកំហឹងយ៉ាងខ្លាំង ក៏បានប្រើចោរសមុទ្រមកលួចត្រល់មាស និងចាប់នាងត្រល់មាស ។
ភាពអសន្តិសុខ នៅក្នុងគ្រួសាររបស់នាងក៏កើតមានជា រឿយៗ ។ នាងសុំម្ដាយទៅរស់នៅឆ្ងាយពីគេដើម្បីគេចចេញពីចោរទាំងនោះ ដោយរស់នៅធ្វើជាខ្ទមកណ្ដាលព្រៃ ។ ពេលនាងត្បាញបាន នាងឲ្យអ្នកបម្រើយកទៅឲ្យម្ដាយសម្រាប់ថ្វាយស្ដេច ។ ចោរចិនទាំងនោះតាមរកគ្រប់កន្លែង តែរកមិនឃើញ ជួនជាពេលមួយនោះ មានល្ខោនចិន មកសម្តែង អ្នកបម្រើក៏បានឈប់មើលការសម្តែង ដោយដៃមានបង្វេចពណ៌មាស ផ្លេកៗ ។ រំពេចនោះចិនដែលនិយាយ ខ្មែរមិនសូវច្បាស់នោះ សួរថា៖ បានទិញសំពត់ពីណា ល្អយ៉ាងនេះ ?
អ្នកបម្រើ ភ្លេចខ្លួនក៏ថា៖ ជារបស់អ្នកនាងកែវស ចិននោះក៏បានសួរដោយរកកន្លែងនាងកែវស រស់នៅដោយឲ្យមាស១០០តម្លឹង ។ អ្នកបម្រើក៏ឆ្លើយដឹងពីទីតាំងដែលនាងស រស់នៅ ។
រាត្រីដ៏រន្ធត់បានមកដល់ ចោរបានចូលឡោមព័ទ្ធ ខ្ទមរបស់នាង ដោយគប់ភ្លើងឆេះអស់រោង សត្វចិញ្ចឹមនាង និងរោងតម្បាញ ដែលនាងកំពុងត្បាញធ្វើឲ្យរលាកដៃ និងខ្លួនរបស់នាងយ៉ាងដំណំ ។ នាងបានស្រែកហៅប្ដីឲ្យជួយ ចៅមាណព រត់ខាងនេះផង ខាងនោះផង រត់យកប្រពន្ធពីក្នុងរោង និងរត់ទៅដោះលែងសត្វចិញ្ចឹមពីក្រោលទាំងអស់ឲ្យរត់ចេញពីភ្លើង សម្រែក ស្រែក អឺងកង និងសំឡេងស្រែកយំពេញព្រៃ ។ រំពេចនោះកូនសេះស របស់នាងក៏រត់ចេញមកដោយឈរហូរស្រក់ទឹកភ្នែកក្បែរនាងដោយឃើញមេរបស់វាស្លាប់ក្នុងភ្លើង ។
សម្រែកពួកចោរថា ឲ្យចាប់នាងកែវស និងយកត្រល់ឲ្យបាន ! ចៅមាណពក៏បានលើកនាងកែវសឡើងជិះសេះ រត់ទៅមុន ចៅមាណពក៏បានចុះទូកបង្វែរដាន ។ ចោរទាំងនោះបានចុះទូកតាមមាណពដោយស្មានថា នាងកែវស ទៅជាមួយ ។ ការប្រយុទ្ធ ក៏ចាប់មានឡើង នៅកណ្ដាលសមុទ្រ ចោរទាំងនោះដោយដឹងថា ចាញ់បោកក៏បាញ់ព្រួញសម្លាប់ចៅមាណពនោះទៅ ។
លុះនៅពេលព្រឹក ចោរក៏ទៅបាត់អស់ នាងកែវស បានរត់ទៅមាត់សមុទ្រ ជាមួយកូនសេះរកមើលចៅមាណព តែរកមិនឃើញសោះ សល់តែបំណែកទូក និងប្រអប់ឈើមួយដែលអណ្ដែតជាប់មាត់ឆ្នេរ នាងបានបើកឡើង គឺជាត្រល់តម្បាញរបស់នាង នាងក៏ស្រែកយំ យ៉ាងខ្លាំង ។ នាងក៏បួងសួងថា ៖ បើមានជាតិមុខ មែននាងសូមជួបចៅមាណពជាប្ដី និងជាអ្នកតម្បាញ និងមានត្រល់មាសនេះនៅជាមួយនាងរហូត និងនៅជារបស់ខ្មែររហូតកុំឲ្យបាត់ទៅណា។ បួងសួងរួចនាងក៏គប់ត្រល់មាសនោះ ចូលទៅក្នុងសមុទ្រ ហើយនាងក៏ស្លាប់ទៅ ។ ដោយកម្លាំងបួងសួង ត្រល់មាសនោះឲ្យក្លាយជាកោះធំមួយ រាងដូចត្រល់មកដល់សព្វថ្ងៃនេះ ។
ដោយក្ដីគោរពដល់នាង ព្រះរាជា ក្រោយៗ បានសាងរូបសំណាងនាងឡើង និងកូនសេះស សម្រាប់រំឭកសេចក្ដីស្មោះរបស់នាងចំពោះ ស្វាមី និងមាតុប្រទេស ៕
កែសម្រួលដោយ ៈMr365