ប្រវត្តិនៃពិធីបុណ្យឆេងម៉េង
ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋខ្មែរជាប់សែចិន ឬខ្មែរកាត់វៀតណាម និងជនជាតិចិនរស់នៅលើទឹកដីខ្មែរទាំងអស់បាននាំគ្នាប្រារព្ធពិធីបុណ្យសែនផ្លូរ ឬឆេងម៉េង ក្នុងលក្ខណៈយ៉ាងគគ្រឹកគគ្រេង។ ពិធីនេះមានឈ្មោះជាភាសាចិនថា ឆីងមីង (QingMing) ឬភាសាអង់គ្លេស “Cold Food Festival” គឺសំដៅដល់ពិធីសែនផ្នូរ បុណ្យជម្រះចិត្តឱ្យជ្រះថ្លា ឬទិវាសម្អាតផ្នូរជូនដូនតា ឬក៏ឪពុកម្ដាយដែលបានចែកឋានទៅ។
តើពិធីនេះមានប្រវត្តិយ៉ាងដូចម្ដេច? គេធ្វើឡើងដើម្បីអ្វី?
យោងតាមឯកសារដែលស្រាវជ្រាវដោយក្រុមអ្នកនិពន្ធក្រោមឆ័ត្រ បានអត្ថាធិប្បាយថា ចិននិងវៀតណាមបានចាត់ទុកបុណ្យសែនផ្នូរ ឬបុណ្យឆេងម៉េង គឺជាពិធីដ៏សំខាន់មួយសម្រាប់ក្រុមគ្រួសារ ឬសាច់ញាតិចងចាំដោយការគោរពចំពោះបុព្វការីជន មានដូនតា ឪពុកម្ដាយ ឫសាច់ញាតិ ដែលបានចែកឋានទៅហើយនោះ។ ជាទូទៅ ទំនៀមសែនផ្នូរ ឬឆេងម៉េងនេះ ប្រព្រឹត្តិទៅរយៈពេល១៥ថ្ងៃនៅក្នុងខែមេសា ប៉ុន្តែសម្រាប់ថ្ងៃសែនធំឬសំខាន់បំផុតគេតែងតែរៀបចំធ្វើនៅថ្ងៃទី៤ ឬទី៥ខែមេសា។
តាមការកត់សម្គាល់ ពិធីនេះប្រារព្ធធ្វើឡើងរយៈពេល១៥ថ្ងៃដូចនឹងពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរ ដែរ គ្រាន់តែខុសគ្នាត្រង់ខែ និងរបៀបដែលត្រូវធ្វើឡើងប៉ុណ្ណោះ។ បន្ថែមលើសពីនេះ តាមរយៈជនជាតិចិន ខ្មែរកាត់ចិន ឬជាប់សែស្រឡាយចិន និងវៀតណាមបានបង្កើតឱ្យមានវត្តមានពិធីនេះលើទឹកដីខ្មែរ ចាប់តាំងពីមុនទស្សវត្សរឆ្នាំ១៩៦០ មកម្ល៉េះ។
គួរជម្រាបថា គ្រឿងរណ្ដាប់នៅក្នុងពិធីនេះមានម្ហូបអាហារ ផ្កា ទៀន ធូប គ្រឿងក្រអូប និងក្រដាសអំណោយទាន ជាដើម ហើយគេក៏បានជម្រះស្មៅដើម្បីសម្អាតផ្នូរ និងពូនដីបន្ថែមផងដែរ។ នៅថ្ងៃសែន គេបាននាំគ្រួសារសាច់ញាតិប្រុសស្រីមកជួបជុំគ្នា ដោយមានក្រាលកន្ទេលពីមុខផ្នូរ ព្រមទាំងរៀបចំគ្រឿងសំណែនផ្សេងៗ មានដូចជាបាយ សម្លរ មាន់ស្ងោរ ជ្រូកខ្វៃ នំនែក ផ្លែឈើ និងភេសជ្ជៈទឹកក្រូច ស្រាបៀរ តែ ក្រដាសសែនមាសប្រាក់ ក្រដាសសម្លៀកបំពាក់ រួមទាំងគ្រឿងបរិក្ខារប្រើប្រាស់ផ្សេងៗជាច្រើនទៀត ដែលធ្វើពីក្រដាសសម្រាប់ដុតឧទ្ទិសជូនបុព្វការីជនមានមាតាបិតា ជីដូនជីតា រួមទាំងសាច់ញាតិទាំងឡាយដែលបានចែកឋានទៅហើយនោះ។
បើតាមការនិទានឱ្យដឹងពីចាស់ព្រឹទ្ធាចារ្យនៃជនជាតិចិន បានលើកឡើងថា ទាក់ទងនឹងពិធីបុណ្យសែនផ្នូរនេះ កាលដើមឡើយពិធីនេះគេប្រារព្ធធ្វើឡើងដើម្បីឧទ្ធិសដល់លោក ជី ហ្សីទួយ (Jie Zitu) ដែលជាអ្នកបម្រើព្រះអង្គម្ចាស់វេន (When)។ ពេលដែលព្រះអង្គម្ចាស់វេន និងលោក ជី ហ្សីទួយ បានរត់គេចពីសង្គ្រាម ហើយវង្វេងចូលទៅក្នុងព្រៃ។ ដោយគ្មានអាហារសម្រាប់បរិភោគអស់ជាច្រើនថ្ងៃ និងបារម្ភខ្លាចចៅហ្វាយខ្លួនឃ្លាន លោក ជី ហ្សីទួយ បានចៀរសាច់ភ្លៅរបស់ខ្លួនទៅធ្វើស៊ុប ឱ្យព្រះអង្គម្ចាស់វេនសោយ ដោយបានសន្យាថានឹងផ្ដល់រង្វាន់ដល់លោក ជី ហ្សីទួយ។ ក្រោយពីដឹងថាព្រះអង្គម្ចាស់វេនមិនបានផ្ដល់រង្វាន់អ្វីដល់ខ្លួន។ លោក ជី ហ្សីទួយ ក៏បានសម្រេចចិត្តទៅ រស់នៅជាមួយម្ដាយចាស់នៅក្នុងព្រៃ។
បន្ទាប់ពីដឹងកំហុសរបស់ខ្លួន ព្រះអង្គម្ចាស់ វេន បានបញ្ជាឱ្យគេទៅបញ្ចុះបញ្ចូលលោក ជី ហ្សីទួយ ឱ្យត្រឡប់មកវិញ ដោយមធ្យោបាយដុតព្រៃ។ ទីបំផុតទៅ លោក ជី ហ្សីទួយ និងម្ដាយ លោកបានស្លាប់ក្នុងភ្នក់ភ្លើង នោះទៅ។ ព្រះអង្គម្ចាស់មានវិប្បដិសារីយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ក៏ចេញបញ្ជាហាមមិនឱ្យអ្នកភូមិប្រើប្រាស់ភ្លើងទៀតឡើយ។
ក្រោយមកក្នុងអំឡុងសម័យរាជវង្សហាន ពិធីនេះបានវិវដ្ដទៅជា «ឆីងមីង» ហើយនៅសម័យមួយក្នុងរាជវង្សសុង ការប្រើប្រាស់ភ្លើងធូបក៏ចាប់ផ្ដើមមានឡើងវិញ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យនេះបានក្លាយទៅពិធីបុណ្យឧទ្ធិសចំពោះឪពុកម្ដាយ និងអ្នកមានគុណរបស់ពួកគេទៅវិញ។
គួរបញ្ជាក់ថា ក្រៅពីការគោរពជីដូនជីតា សាច់ញាតិ តាមទំនៀម ក៏មានឯកសារខ្លះទៀត បានសរសេរទាក់ទងនឹងថ្ងៃបុណ្យឆេងម៉េងរបស់ចិនថា ជាការរម្លឹកដល់ព្រឹត្តិការណ៍ថ្ងៃទី៤មេសា ឆ្នាំ១៩៧៦ និងហេតុការណ៍នៅទីលានធានអានមិន ខណៈដែលនៅចិនដីគោករម្លឹកដល់វិញ្ញាណក្ខន្ធលោកនាយករដ្ឋមន្ត្រី ជូ អិនឡាយ ដែលទទួលមរណៈភាព នាឆ្នាំ១៩៧៦។ រីឯនៅកោះតៃវ៉ាន់យកថ្ងៃទី៤ ខែមេសា រម្លឹកដល់ថ្ងៃមរណៈភាពរបស់លោក ចាង ខាយចៀក មេដឹកនាំចិនសេរីទៅវិញ៕
កែសម្រួលដោយៈMr365