ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិ​ល្ខោនបាសាក់​

3,042

សិល្បៈ​បុរាណ​ខ្មែរ​មាន​ច្រើន​ទម្រង់ ក្នុងនោះ​មាន​សិល្បៈ​ល្ខោនបាសាក់​ផងដែរ ។ តើ​សិល្បៈ​ល្ខោនបាសាក់ មាន​ប្រភព​កំណើត​នៅទីណា និង​មាន​ប្រវត្តិ​បែបណា ?

តាម​ឯកសារ​ទស្សនីយភាព​ខ្មែរ ឱ្យដឹងថា ល្ខោនបាសាក់​បាន​យកឈ្មោះ​របស់ខ្លួន​ពី​ទីកន្លែង​កំណើត​នៃ​ទម្រង់​សិល្បៈ​នេះ​រីកចម្រើន​ទៅ ពោលគឺ​ល្ខោនបាសាក់​មាន​ដើមកំណើត​នៅ​ ស្រុក​បាសាក់ ខេត្ត​ឃ្លាំង ទល់មុខ​ព្រះ​ត្រពាំង កម្ពុជា​ក្រោម ។ ទឹកដី​កម្ពុជា​ក្រោម​នេះ ត្រូវ​ពួក​អាណានិគម​បារាំង កាត់​ទៅឱ្យ​វៀតណាម ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ១៩៤៩ ដែល​ឥឡូវនេះ​ស្ថិតនៅ ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម ។ បាសាក់​ជា​ឈ្មោះ​ទន្លេ​មួយ​ដែលជា​ខ្នែង​មួយ​នៃ​ទន្លេមេគង្គ​ទាំង​បួន ដែល​ប្រសព្វ​ ​«​គ្នា​នៅ​ភ្នំពេញ «​ចតុម្មុខ​» ។ ទន្លេ​នេះ​បាន​ហូរ​កាត់​ទៅ​ទិស​ខាងត្បូង​ចាក់​ទៅក្នុង​ឈូង​សមុទ្រ​ចិន ហើយ​គឺ​នៅលើ​ដង​ទន្លេ​នេះហើយ​ដែល ជាទី​តាំង​នៃ​ស្រុក​បាសាក់ ខេត្ត​ឃ្លាំង ទល់មុខ​ខេត្ត​ព្រះ​ត្រពាំង ដែល​ល្ខោនបាសាក់​បានចាប់កំណើត​ឡើង ។ តំបន់​នេះ​ក៏ដូចជា​តំបន់​ដទៃទៀត ដែលមាន​ប្រជាជន​ខ្មែរ​រស់នៅ​ច្រើន​ជា​តំបន់​មាន​អារ្យធម៌ និង​មាន​កេរដំណែល​វប្បធម៌​ខ្មែរ​ពី​បុរាណ​ច្រើន​ដូចជា​ប្រាសាទ ស្រះ​បុរាណ វត្ត​អារាម តន្ត្រី​ច្រើន​វង់ និង​ល្ខោន​ច្រើន​ប្រភេទ ដូចជា​យូ​កេ និង​ល្ខោន​យក្ស​រាំ​ជាដើម​។​

តាម​ព័ត៌មាន​ដែល​ក្រុម​អ្នកស្រាវជ្រាវ​ទទួលបាន ល្ខោនបាសាក់ ដែល​យើង​ស្គាល់​សព្វថ្ងៃនេះ មាន​ប្រភពពី​ល្ខោន​ទ្រើងឃ្លោក ហើយ​បាន​រីកចម្រើន​ឡើង​ដោយ​ស្នាដៃ​បញ្ញវន្ត​មួយក្រុម​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​ខាង​អក្សរ​សិ​ល្បិ៍ និង​សាសនា ក្រោម​ការដឹកនាំ​របស់​អតីត​ចៅអធិការ​វត្ត​ខ្សាច់កណ្តាល «​បាសាក់​ព្រះ​ត្រពាំង​» កម្ពុជា​ក្រោម ឈ្មោះ​លោក គ្រូ​សួរ ។ ប្រវត្តិ​ជា​ហូរហែ​នោះ​គឺ​ក្រោយពី​ពេល​សឹក​មក​មាន​គោលបំណង​ថែរក្សា ជំរុញ​លើក​តម្លៃ​វប្បធម៌​ជាតិ​របស់ខ្លួន លោកគ្រូ «​សួរ​» ក៏បាន​ប្រមែប្រមូល​អ្នក​សឹក​ពី​បួស «​បណ្ឌិត​» ដូចគ្នា ព្រម​ដោយ​កូនសិស្ស កូន​គុណ ពុទ្ធបរិស័ទ ផ្សេងៗ​ទៀត បង្កើតជា​ល្ខោន​មួយ​វង់ ។ ប៉ុន្តែ​ដោយ​កាលនោះ​នៅមាន​កង្វះខាត​ខាង​ផ្នែក​សម្ភារ និង​ឆាកល្ខោន​នេះ គេ​នាំគ្នា​សម្តែង​ដោយផ្ទាល់​ដី ក្នុង​រោង​ដែល​សង់​ឡើង​ដោយ​ប្រក់ ឬ​កាប់​មែកឈើ​យកមក​គ្រប​ប្រហាក់ប្រហែលគ្នា​នឹង​ទ្រើង​ដែល​គេ​ដាំ​ឃ្លោក ទើប​អ្នកស្រុក​គេ​និយម​នាំគ្នា​ហៅ​ល្ខោន​នេះ​ថា «​ល្ខោន​ទ្រើងឃ្លោក​» ។ ល្ខោន​ទ្រើងឃ្លោក​នេះ មាន​វត្តមាន​រហូតដល់​អំឡុង​ឆ្នាំ ១៩៥៣ ឬក៏​ក្រោយ​នោះ​បន្តិច​ផង នៅ​ជាយក្រុង​ភ្នំពេញ និង​ជនបទ​នានា ។​

​នៅ​កម្ពុជា​ក្រោម ខ្មែរក្រោម​ភាគច្រើន​និយម​ហៅ​ល្ខោន​ទ្រើងឃ្លោក​ថា «​យូ​កេ​» ទៅវិញ ដោយ​ពួកគាត់​ចាត់ ទុក ល្ខោន​ទ្រើងឃ្លោក​ថា​ជា “​យីកេ​” ដែលជា​ទម្រ​ង​មហោស្រព​មួយ​មានឈ្មោះ​ល្បី​នៅក្នុង​ប្រទេស​កម្ពុជា មុន​ការកកើត ​ល្ខោន​ទ្រើងឃ្លោក នៅ​កម្ពុជា​ក្រោម ។ “​យីកេ​” ដែលជា​ឈ្មោះ ល្បែង​មហោស្រប​ខ្មែរ​មួយ ប្រភេទ លេង​ស្រដៀង​នឹង​ល្ខោន តែមាន​ទះ​ស្គរ​តូច​ខ្លះ ធំ​ខ្លះ​បញ្ជើច​ជាមួយនឹង​ការ​ច្រៀង​រាំ ហើយ​ស្គ​ទាំង នោះ មាន​រាង​មូល​ខ្លីៗ ដាស​តែ ម្ខាង​ក៏បានឈ្មោះ “​យូ​កេ​” នេះ​ត្រូវបាន​ខ្មែរក្រោម ប្រើប្រាស់​រហូតមកដល់​សព្វថ្ងៃ​សម្រាប់​សម្គាល់​ទម្រង់​ល្ខោន​មួយ​ដែល​ខ្មែរ​នៅ​ប្រទេស​កម្ពុជា សព្វថ្ងៃ និយម​ហៅថា ល្ខោនបាសាក់ នេះឯង ។​

ល្ខោន​ទ្រើងឃ្លោក បាន​ពង្រឹង​ប្រជាប្រិយភាព​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស ព្រោះ​អ្នក​សម្តែង​សុទ្ធតែជា​អ្នក​ពូកែ​ខាង​អក្សរ​សិ​ល្បិ៍ ពូកែ​ប្រើ​ពាក្យសម្តី​ជា​កំណាព្យកាព្យឃ្លោង ពូកែ​ការសម្តែង​ដោយ​ឥត​ព្រាងទុក ជាហេតុ​នាំឱ្យ​ទស្សនិកជន​មានការ​កោតសរសើរ និង​ចូលចិត្ត​ក្រៃលែង ។ មិនតែប៉ុណ្ណោះ ល្ខោន​នេះ​បាន​ទៅជា​កម្មវត្ថុ​នៃ​ការប្រឡងប្រជែង​ជាមួយនឹង​ល្ខោន «​កៃ​លឿង​របស់​ជនជាតិ​យួន​» ហើយ​ក៏បាន​ជះឥទ្ធិពល​លើ​គ្នា​ទៅវិញទៅមក ។ ក្រោយមក​ក្នុង​ការដែល​ជន​ជាតិចិន​មួយចំនួនធំ​ជា​អ្នក​ភៀសខ្លួន​ពី​សង្គ្រាម​នៅ​ស្រុក​ចិន ពិសេស​ក្នុង​រយៈពេល​នៃ​ការបះបោរ​របស់​ពួក​ម៉ាន់​ជូ បាន​ហូរ​ច្រាល​មក​តាម​សមុទ្រ ហើយ​បាន​ចូលមក​បោះ​ទីតាំងនៅ​តំបន់​កូស័ងស៊ីន ឬ ដែនដី​កម្ពុជា រស់នៅ​លាយឡំ​ជាមួយ​ប្រជាជន​ខ្មែរក្រោម ម្ចាស់​ស្រុក និង​ក្រុម​ជនជាតិ​យួន ។​

​ក្នុងពេលដែល​ហូរ​ចុះមក ជនជាតិ​ចិន​ទាំង​នោះបាន​នាំយក​ទំនៀមទម្លាប់​ប្រពៃណី និង​សិល្បៈ ផ្សេងៗ​ដូចជា «​ល្ខោន​ហ៊ី​» ជាដើម​មកជា​មួយ​ផង ។ ទាំង​ល្ខោន​ទ្រើងឃ្លោក​ខ្មែរ ទាំង​ល្ខោន​កៃ​លឿង​យួន ទាំង​ល្ខោន​ហ៊ី​ចិន បាន​ប្រឡងប្រជែង​ខំប្រឹង​បញ្ចេញ​ឥទ្ធិពល រៀងៗ​ខ្លួន​ដណ្តើមយក​ប្រជាប្រិយភាព​ស្រូបយក​ចំណង់ និង​ចំណូលចិត្ត​ទស្សនិកជន​ក្នុង​តំបន់ នោះ ។ ទីបំផុត​ល្ខោន​ហ៊ី​ចិន បានទទួល​ជោគជ័យ​ដ៏​ធំធេង ។ ឃើញ​ហេតុផល​យ៉ាងនេះ ដើម្បី​ទាមទារ​ប្រជាប្រិយភាព​ក្នុងចំណោម​ទស្សនិកជន​ចម្រុះ​ជាតិ​សាសន៍​នោះ អ្នកដឹកនាំ​ល្ខោន​ទ្រើងឃ្លោក បាន​ចម្លង​យក​ចំណុច សំខាន់ៗ​ខ្លះ​ពី​ល្ខោន​ហ៊ី​ចិន ដែល​ខ្លួន​យល់ថា មាន​សារសំខាន់​សម្រាប់​ល្ខោន​ខ្លួន ។ ចាប់ពីពេលនោះ​មក ល្ខោន​ទ្រើងឃ្លោក​ បានទទួល​ប្រជាប្រិយ​ដ៏​ធំធេង​ក្នុង​តំបន់​កូស័ងស៊ីន ព្រោះ​ពេលនោះ ទាំង​អ្នកដឹកនាំ​វង់​ល្ខោន ទាំង​សិល្បករ អ្នក​សម្តែង​មានការ​ឆ្លាត​វាងវៃ​ណាស់ នៅទីណា កន្លែង​ណា​ដែលមាន​ប្រជាជន​ខ្មែរ​ជា​អ្នកមើល ភាគច្រើន​គេ​តាំង​នាំគ្នា​សម្តែង​ជា​ភាសា​ខ្មែរ​សុទ្ធ កន្លែង​ណា​ដែលមាន​ជនជាតិ​យួន​មើល​ច្រើន ការសម្តែង​តែង​ឆ្លូក​គ្នា​ជា​ពីរ​ភាសា គឺ​ខ្មែរ​ផង យួន​ផង ផ្ទុយទៅវិញ កន្លែង​ណា​ដែលមាន​ប្រជាជន​ចិន​មើល​ច្រើន គេ​តែង​និយាយ និង​ច្រៀង​ភាសា​ខ្មែរ​ផង និង​ភាសា​ចិន​ផង សម្របសម្រួល​ខ្លួន​ទៅតាម​លក្ខណៈ​ភូមិសាស្ត្រ​ទឹកដី និង​ប្រជាជន​នៅតាម​តំបន់ ។​

ឯកសារ​ដដែល​បញ្ជាក់​ថា ចំពោះ​ប្រវត្តិសាស្ត្រ​ដែល​ល្ខោន​ទ្រើងឃ្លោក ឬ យូ​កេ ជា​មរតក​ដែល​បានចាប់កំណើត​នៅ​កម្ពុជា​ក្រោម ហើយ​បាន​ត្រូវគេ​ប្តូរ​ឈ្មោះ​មកជា​ល្ខោនបាសាក់​នៅ​ប្រទេស​កម្ពុជា សព្វថ្ងៃនេះ គឺមាន​ដំណើររឿង​ដូចតទៅ​នេះ ៖

​នៅក្នុង​អំឡុង​ឆ្នាំ ១៩២០ មាន​បងប្អូន​ពីរ​នាក់ បង​ឈ្មោះ លី កាញ់ ប្អូន​ឈ្មោះ លី សួន និង​មាន​ដើមកំណើត​កើតជា​នៅ​ស្រុក​បាសាក់ ដែនដី​កម្ពុជា​ក្រោមលី កាញ់ ជា​បង​បាន​ចាក​ចេញពី​ស្រុកកំណើត​របស់ខ្លួន​ដើម្បី​ទៅ​រស់នៅ​ប្រទេស​បារាំង ។ ក្រោយមក​ដោយ​ការ​ខំប្រឹងប្រែង​រក​ទទួលទាន​មានបាន លី កាញ់ ក៏​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ធនធាន​បង្គួរ​នៅ​ប្រទេស​បារាំង ។

​ថ្ងៃមួយ លី សួន ជា​ប្អូន​ផ្ញើ​សំបុត្រ​ទៅសួរសុខទុក្ខ លី កាញ់ ជា​បង ហើយក៏​បាន​សុំ​ប្រាក់​មួយចំនួន​ពី​បង ដើម្បី​ប្រកប​របរជំនួញ​ជួញដូរ​នៅឯ​ស្រុកកំណើត​របស់ខ្លួន ។ លី កាញ់ ក្នុង​ទឹកចិត្ត​អាណិត​ប្អូន ក្នុង​ទឹកចិត្ត​ស្រណោះស្រណោក​ស្រុកកំណើត​ជាទី​រឭក​របស់ខ្លួន និង​ក្នុង​ស្មារតី​ចង់​ថែរក្សា​វប្បធម៌​ពណ៌​សម្បុរ​ជាតិ​របស់ខ្លួន ដែល​ស្ថិតក្នុង​មជ្ឈដ្ឋាន​ចម្រុះ​ជាតិ​សាសន៍​ឱ្យ​គង់វង្ស ក៏បាន​ផ្ញើ​ប្រាក់​មកឱ្យ លី សួន ជា​ប្អូន ហើយ​បាន​សរសេរ​សំបុត្រ​ប្រាប់ថា «​សុំ​ប្អូន​កុំ​ធ្វើ​ជំនួញ​ជួញដូរ​អ្វី​ក្រៅ​ឱ្យសោះ លុយ​ដែល​បង​ផ្ញើឱ្យ​នេះ សុំ​ប្អូន​គិត​យ៉ាងណា​ជួយ​ពង្រីក និង​ថែរក្សា​សិល្បៈ​យូ​កេ ដែលមាន​កំណើត​នៅ​ឃ្លាំង នៅ​ព្រះ​ត្រពាំង ហើយ​ដែល​យើង​បាន​មើល​ទាំងអស់គ្នា​ជា​ញឹកញាប់​កាល​នៅ​ពី តូចៗ​នោះ​ឱ្យ​គង់វង្ស​ផង​» ។​

ដោយសារ​បណ្តាំ និង​ជំនួយ​ពី លី កាញ់ ជា​បង លី សួន ក៏​ក្លាយទៅជា​ថៅកែ​ល្ខោនបាសាក់​ដ៏​ល្បីល្បាញ​ដំបូង​គេ​បង្អស់​ដែល​ទស្សនិកជន​និយម​ហៅ​ឈ្មោះ​គាត់​ថា ថៅកែ «​ឆា​គ្រួ​ន​» ។​
​ក្នុង​ឆ្នាំ ១៩៣០ ក្នុងពេលដែល​ទម្រង់​នេះ​រីកចម្រើន​នៅ​កម្ពុជា​ក្រោម ថៅកែ​ក្រុម​ល្ខោន​ឈ្មោះ​លោក​ឆា​គ្រួ​ន នេះ​បាន​នាំ​ក្រុម​សិល្បៈ​ល្ខោន​របស់ខ្លួន​មក​សម្តែង​ធ្វើ​អាជីវកម្ម​នៅ​ភ្នំពេញ និង​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា ។ ដំណើរ​បេសកកម្ម​ទី ១ របស់​ក្រុម​ល្ខោន​លោក ​ឆា​គ្រួ​ន ដែល​បានមក​សម្តែង​នៅ​ប្រទេស​កម្ពុជា មិនសូវ​ទទួលបាន​ជោគជ័យ​ទេ មូលហេតុ​មកពី​ទម្រង់​ល្ខោន​នេះ​ត្រូវ​ប្រឡងប្រជែង​ជាមួយ​ទម្រង់​ដទៃទៀត ដែលមាន​យ៉ាង​សម្បូរបែប​នៅ​កម្ពុជា​ភាគ​កណ្តាល ដូចជា​ល្ខោន​ប្រា​មោ​ជ្ជ​ទ័យ «១៩២០-១៩៤០» និង​ល្ខោន​មហោរី ដែល​កើតមាន​ជា​យូរលង់​មកហើយ ។ ពិតមែនតែ​លើក​ទី ១ នេះ ល្ខោនបាសាក់​បានទទួល​បរាជ័យ ប៉ុន្តែ ពេលនោះ​សិល្បករ​ល្ខោនបាសាក់​បាន​ហាត់រៀន និង​ស្រូបយក​នូវ​ចំណេះ ថ្មីៗ​មួយចំនួន​ពី​ទម្រង់​ល្ខោន​នៅ​ភ្នំពេញ ដូចជា​ភ្លេង​មហោរី ឬ​ចម្រៀង​មហោរី​ជាដើម មុនពេល​ត្រឡប់​ទៅ​ស្រុក​វិញ ។

ក្រោយពី​ពេល​ហាត់រៀន និង​បាន​សម្តែង​ច្រើនលើកច្រើនសា​ដោយ​បញ្ចូល​បច្ចេកទេស ថ្មីៗ​មួយចំនួន​ផង ល្ខោន​នេះ​បានទទួល​ជោគជ័យ​កាន់តែ​ធំធេង​នៅ ​តំបន់​កូស័ងស៊ីន ។ បន្ទាប់ពី​នោះមក​លោក ​ឆា​គ្រួ​ន ក៏​នាំ​ក្រុម​របស់គាត់​តាម​ទូក​ប៉ុកចាយ ដែលមាន​គ្រឿង​ប្រដាប់​ដំឡើង​ឆាក និង​សម្ភារ​តុបតែង​លម្អ ផ្សេងៗ គឺ​ឆាក​ចល័ត​ដែល​ដំឡើង​លើគោក​ក៏បាន ឬ​ដំ​ឡើងលើ​ទុក​ក៏បាន ហើយ​នាំ​ក្រុម​សិល្បៈ​នេះ​មក​សម្តែង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ឯទៀត​ជា​លើក​ទី ២ ។ លើក​នេះ​ល្ខោន​លោក​ ឆា​គ្រួ​ន បានទទួល​ជោគជ័យ​យ៉ាង​ធំធេង ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ល្ខោន​បាមោជ្ជ​ទ័យ និង​ល្ខោន​មហោរី នៅ​ភ្នំពេញ និង​តំបន់​ដទៃទៀត​នៅ​ប្រទេស​កម្ពុជា ពិសេស​គឺ​ខេត្ត​តាម​មាត់ទន្លេ ។ ល្ខោន​លោក ​ឆា​គ្រួ​ន នេះ​ស្រូបយក​ទស្សនិកជន​យ៉ាងច្រើន​គគ្រឹកគគ្រេង ហើយ​បានធ្វើឱ្យ​ល្ខោន​ប្រា​មោ​ជ្ជ​ទ័យ និង​ល្ខោន​មហោរី​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់​បាត់បង់​ប្រជាប្រិយភាព ហើយ​ចំនួន​ទស្សនិកជន​ចេះតែ​ថយចុះ​ជា​លំដាប់ ។ ដោយសារ​មធ្យោបាយ​សម្តែង​ថ្មី​រហ័សរហួន ស្វាហាប់ ការតុបតែង​លម្អ​ឆាក សម្លៀកបំពាក់ ការ​លាបមុខ ឬ​គូរ​មុខ​ដ៏​ល្អ (​កន្លែង​ខ្លះ​ទទួល​ឥទ្ធិពល​ពី​ហ៊ី​ចិន​) ទាំង​ល្បិច​ហោះហើរ​ក៏​ប៉ិនប្រសប់ ពិសេស​សំនៀង​រដឺន ទាំង​សម្តី​និយាយ ទាំង​ចម្រៀង​របស់​ខ្មែរ​បាសាក់​ស្រទន់​ពីរោះ ហើយ​ពាក្យសម្តី​ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ​ល្អ ព្រោះ​អ្នក​សម្តែង​ភាគច្រើន​ជា​អ្នក​មានចំណេះ​ជ្រៅជ្រះ​ខាង​អក្សរ​សិ​ល្បិ៍ និង​សាសនា​ផង ធ្វើឱ្យ​ទស្សនិកជន​នៅ​កម្ពុជា​កណ្តាល​ជក់ចិត្ត​ដិតអារម្មណ៍​ខ្លាំង រហូតដល់​គេ​នាំគ្នា​ហៅ ឬ​ឱ្យឈ្មោះ​ទម្រង់​ល្ខោន​នេះ​ថា ជា «​ល្ខោនបាសាក់​» ដោយ​យក​ទីកន្លែង​កំណើត​នៃ​ទម្រង់​សិល្បៈ​នេះ​រីកចម្រើន ? មក​ដាក់ឈ្មោះ​ឱ្យ​ទម្រង់​ល្ខោន​នេះ​តែម្តង ។ គឺ​ចាប់ពីពេលនោះ​មកហើយ​ដែល​ល្ខោន​ទ្រើងឃ្លោក ឬ យូ​កេ ប្រែ​ឈ្មោះថា «​ល្ខោនបាសាក់​» ដែល​យើង​ស្គាល់ និង​បានឃើញ​រហូតដល់ សព្វថ្ងៃនេះ ។​

​ដោយ​មូលហេតុ​សេដ្ឋកិច្ច ក្នុង​បំណង​យក​ទម្រង់​សិល្បៈ​ធ្វើ​ជំនួញ ពួក​ថៅកែ​ជាច្រើន​នាក់​នៃ​វង់​ល្ខោន​នៅ​ភ្នំពេញ បា​នរក​វិធី​ធ្វើឱ្យ​វង់​ល្ខោន​លោក​ ឆា​គ្រួ​ន ធ្លាក់​ចូលក្នុង​វិបត្តិ​រលាយ​ក្រុម ហើយ​ការសម្តែង​ចុះខ្សោយ​ដោយ​ប្រើ​ទឹក​លុយ​ទិញ ដោយ​លួចលាក់​នូវ​សិល្បករ ពូកែៗ គ្រូ​ល្ខោន ពូកែៗ ដើម្បីឱ្យ​បែកខ្ចាយ​ចេញពី​វង់​ល្ខោន​លោក​ថៅកែ​ ឆា​គ្រួ​ន ដើម្បី​ចូលមក​ផ្តល់​ចំណេះ និង​បម្រើ​នៅក្នុង​ក្រុម​សិល្បៈ​របស់ខ្លួន​វិញ ។ វង់​សិល្បៈ​ល្ខោនបាសាក់​របស់លោក​ ឆា​គ្រួ​ន បាន​ជួបប្រទះ​នឹង​វិបត្តិ​យ៉ាង​ធំ​មែន ព្រោះ​គ្រូ ធំៗ ដូចជា​លោកគ្រូ​ខ្មៅ លោកគ្រូ​ខ្លា និង​មិត្តភក្តិ​ដទៃទៀត​មួយចំនួន​បាន​ចាក​ចេញពី​ក្រុម​លោក​ឆា​គ្រួ​ន ហើយ​ចូលទៅ​បង្ហាត់​ចំណេះ​ល្ខោនបាសាក់ ទាំង​ផ្នែក​តន្ត្រី ទាំង​ហួន ទាំង​ចម្រៀង ទាំង​ការសម្តែង ដោយ​ឥត​ព្រាងទុក​ដល់​ក្រុម​ដទៃទៀត ។ ប្រហែលជា​ចាប់ពី​ឆ្នាំ ១៩៣៧ នៅ​រាជធានី​ភ្នំពេញ គឺ​ឃើញ​មាន​ក្រុម និង​រោងល្ខោន​បាសាក់​ជាច្រើន​ដូចជា រោង​មួយ​នៅ​ផ្សារ​កាប់​គោ ។ ខាងលិច​រោង​នេះ​មិន​ឆ្ងាយ​ប៉ុន្មាន មាន​រោង​មួយទៀត​សង់​អំពី​ឈើ ដែល​គេ​និយម​ឱ្យ​ឈ្មោះថា រោង​ឈើ ។ ខាងលិច​រោង​ទី ២ មិន​ឆ្ងាយ​ប៉ុន្មាន មាន​រោងល្ខោន​បាសាក់​មួយទៀត​សង់​អំពី​ថ្ម ដែល​គេ​និយម​ឱ្យ​ឈ្មោះថា រោង​ស្ពាន​កូនកាត់ ឬ រោង​ថ្ម នៅ​កន្លែង​វិមានឯករាជ្យ​សព្វថ្ងៃ ដឹកនាំ​ដោយ​ អ្នកស្រី​ម្លិះ​ឡា ។ រោង​មួយទៀត​នៅ​ខាងលិច​វាំង ជ្រុង​ខាងត្បូង ដែល​គេ​និយម​ហៅថា រោង​សយ​សង្វាន ។ មួយទៀត​រោង​ផ្សារ​សួន​ចាស់ ឬ​រោងល្ខោន​ក្លឹ​ង្គ នៅ​ចំ​មុខ​វត្ត​បទុម​វ​តី ។ រោង​ផ្សារ​ស៊ីឡឹប ដែល​ដឹកនាំ​ដោយ​ អ្នក​ម្នាង​ម្នាក់​នៃ​ព្រះរាជា ស៊ីសុវត្ថិ មុនី​វង្ស គឺ​អ្នក​ម្នាង ឃុន តាត ឬ​ឃុន​ព្រះ​ម៉ែ នាង បុប្ផា​នរ​លក្ខណ៍ យិន តាត ។ រោង​មួយទៀត​នៅ​តាខ្មៅ ខេត្តកណ្តាល

ក្រោយពី​នោះមក​ទើប​គេ​ឃើញ​មាន​រោង​ដទៃទៀត​ជាច្រើន​ដូចជា​រោង​គីឡូ​លេខ ៦រោង​ទួល​ទំពូង នៅ​ចែង​ខាងជើង​វត្ត​ទួល​ទំពូង​សព្វថ្ងៃរោង​ទួលគោក រោង​បាក់​ស្រេង និង​អ្នកស្រី​អ៊ុន វ៉ាង «​នៅ​ម្តុំ​រោងភាពយន្ត​ចេនឡា​» សព្វថ្ងៃ ។ រោង​ផ្សារ​ដេប៉ូ និង​រោង​ដទៃទៀត​សម្តែង​ល្ខោនបាសាក់​ជាប្រចាំ ។ ឯ​រោងភាពយន្ត​ល្ខោន គឹម សឹង នៅ​ខាងលិច​ផ្សារកណ្តាល និង រោង គឹម ភុង នៅ​ខាងត្បូង​ឆៀង​ខាងលិច​ផ្សារ​ថ្មី ក៏មាន​សម្តែង​ល្ខោនបាសាក់​ម្តងម្កាល​ដែរ ។ គឺ​ចាប់ពីពេលនោះ​មកហើយ​ដែល​ល្ខោនបាសាក់​ចាប់​សាយភាយ​ខ្លាំង​មែនទែន​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការធ្វើសកម្មភាព​ទៅមក​សម្តែង ចុះឡើងៗ​គ្រប់​ទីកន្លែង ហើយ​មាន​ក្រុមខ្លះ​បាន​ទៅ​បោះ​ទីតាំងនៅ​ខេត្ត និង​ស្រុក​នានា បាន​ទៅ​បង្រៀន និង​កសាង​ក្រុម​ជាច្រើន​តាម​មូលដ្ឋាន ផ្សេងៗ គ្នា ។​

​ខាងលើនេះ​ជា​ប្រវត្តិ​របស់​ ល្ខោនបាសាក់ ដែល​ក្រុម​អ្នកស្រាវជ្រាវ​ទទួល​ពី​គ្រូ ចាស់ៗ និង​មិត្តភក្តិ​ខ្មែរ​មួយចំនួន​ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​សព្វថ្ងៃ អមដោយ​ឯកសារ​សរសេរ​បន្តិច​បន្តួច​ដែល​សេសសល់​ពីមុនមក ។ ក្រុម​អ្នកស្រាវជ្រាវ​ជឿជាក់ថា ប្រវត្តិ​នេះ​ប្រាកដជា​មិនទាន់បាន​សុក្រឹត និង​លម្អិត​នៅឡើយ​ទេ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​វា​អាចជា​មូលដ្ឋាន​សម្រាប់​ពិចារណា ខ្លះៗ របស់​បណ្តា​អ្នកស្រាវជ្រាវ អ្នកសិក្សា​ល្ខោន អ្នក​ស្រឡាញ់​អក្សរ​សិ​ល្បិ៍ និង​ប្រជាជន មហាជន​ដែល​ស្រឡាញ់​សិល្បៈ​វប្បធម៌​របស់​ប្រជាជន​កម្ពុជា​យើង ដើម្បី​ទុកជា​ទុន​មូលដ្ឋាន​ក្នុងការ​ឈ្វេងយល់​តម្លៃពិត រូប​ពិត ខ្លឹមសារ​ពិត ទម្រង់​ពិត និង​លក្ខណៈ​បែប​ពិត ទាំងឡាយ​នៃ​ទម្រង់​ល្ខោន​ខ្មែរ ។​

ឯកសារ​ទស្សនីយភាព​ខ្មែរ​បន្តថា ក្រោយពី​ពេលដែល​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បង្កើតឡើង​ឆ្នាំ​១៩៦៥ ទម្រង់​ល្ខោនបាសាក់ ក៏ដូចជា​ទម្រង់​សិល្បៈ​ឯទៀត​ជាច្រើន​ដែរ ត្រូវ​សាកលវិទ្យាល័យ ចាត់​ឱ្យមាន​ក្រុម​ចុះ​សិក្សា​ស្រាវជ្រាវ​រៀនសូត្រ​ពី​លោកគ្រូ អ្នកគ្រូ សិល្បករ​អ្នកជំនាញ ធំៗ ដូចជា​លោក​ សាំង សារុន អ្នកស្រី ចេ​ច ម៉ាច លោកគ្រូ​ ពៅ លោកគ្រូ​ ណន លោកគ្រូ​សា​មិ​ត ជាដើម ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ សាកលវិទ្យាល័យ​បាន​អញ្ជើញ​លោកគ្រូ​ទក​ខ្មៅ ដែលមាន​ទេពកោសល្យ​អាច​សម្តែង​ជា​តួឯក ជា​តួយក្ស ឬ​ជា​ត្លុក​ក៏បាន​មក​បង្រៀន​ជា​គ្រូ​ប្រចាំ​នៅ​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ​ថែម​ទៀតផង ។​

​ក្រោយពី​បាន​សិក្សា​រៀនសូត្រ ភ្លេង​… ចម្រៀង ក្បាច់​ហួន​បាសាក់ និង​របៀប​សម្តែង​បាន​ត្រឹមត្រូវ​ហើយ ក្រុមនិស្សិត​ផ្នែក​ល្ខោនបាសាក់ ក្នុង​ស្មារតី​រក្សា​ទម្រង់ មិនឱ្យ​ព្នាយ​ប្រាសចាក​ភាព​ដើម និង​ដោយមាន​ជំនួយ​ពី​គ្រូ ចាស់ៗ ក៏​សាកល្បង​ដំឡើង​រឿង​មួយចំនួន ដោយ​រឿង​ត្រូវ​សម្តែង​ត្រូវ​សរសេរ​ជា​រឿងល្ខោន ដែលមាន​ពាក្យសម្តី​ត្រឹមត្រូវ ហើយ​ដែល​ត្រូវឱ្យ​សិល្បករ​អ្នក​សម្តែង ទន្ទេញ​ចាំ​យ៉ាង​ស្ទាត់​ជាមុន ព្រម​ដោយមាន​ការដឹកនាំ​រឿង ត្រឹមត្រូវ​ផង ពោលគឺ​ធ្វើឱ្យមាន​លក្ខណៈ «​រៀបរយ​» នៅក្នុង​ការសម្តែង​ដោយ​រក្សា​អន្លើ​បរិយាកាស​សប្បាយរីករាយ ឬ កម្សត់ ព្រាត់ប្រាស ឬក៏​អន្លើ​កំប្លុកកំប្លែង​ទៅតាម​ដំណើរ​នៃ​សាច់រឿង មិនឱ្យ​រំខាន​គ្នា​ឡើយ ។​

​ក្នុងការ​សាកល្បង​ធ្វើឱ្យមាន​លក្ខណៈ «​រៀបរយ​» សម្រាប់​ទម្រង់​ល្ខោនបាសាក់​នេះ ក្រោយពី​បាន​សម្តែង​នៅ​ទូទាំងប្រទេស​ជា​ញឹកញាប់​ឃើញថា បាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត ដ្បិត​អាច​ទាក់ទាញ​បាន ឬ​តម្រូវ​បាន​នូវ​ទឹកចិត្ត​របស់​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន គឺ​អ្នកស្រែ​ចម្ការ អ្នកផ្សារ សិស្ស និស្សិត បញ្ញវន្ត ជាច្រើន​ផង ។​

ចំណែកឯ​ក្រុម​សិល្បៈ​ល្ខោនបាសាក់ នៅតាម​រោង​នានា​ក្នុង​ទូទាំងប្រទេស គឺ​រក្សា​របៀប​សម្តែង​បែប​បុរាណ​ដូច​មុន ពោលគឺ​របៀប​សម្តែង​ដោយ​ឥត​ព្រាងទុក​ដដែល ៕

កែសម្រួលដោយៈ Mr365

 

 

Comments
Loading...