ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិ​សិល្បៈ ក្បាច់គុន​ខ្មែរ​

3,088

បើ​យើង​ស្រមៃ​ទៅរក​អតីតកាល អមដោយ​ភស្តុតាង​នៃ​ចម្លាក់​តាម​ប្រាសាទ​បូរាណ និង​​ផ្អែក​លើ​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្លះៗ​នោះ​ប្រវត្តិសាស្ត្រ​នៃ​ខ្មែរ​ បូរាណ គឺ​ព្រះ​មហា​ក្សត្រ និង​ពលទាហាន​សុទ្ធតែ​ពោរពេញ​ដោយ​ក្បួន​វិជ្ជា​ការពារ ខ្លួន ដ៍​ខ្លាំងពូកែ​។
ប្រវត្តិសាស្ត្រ​បាន​កត់ត្រា​ថា ប្រជាជន​នៃ​ប្រទេស​ចេនឡា​ពូកែ​ខាង​ល្បិច​យុទ្ធសាស្ត្រ​ចម្បាំង​​ណាស់  យុទ្ធសាស្ត្រ​ទាំងនេះ​ប្រាកដជា​ផ្ទេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ជា​មិន​​ខាន ​។
នៅក្នុង​សម័យអង្គរ គេ​សង្កេតឃើញ​គ្រឿង​យោ​ទ្ធោ​បក​រណ៍ ដ៍​ច្រើន​សន្ធឹកសន្ធាប់​ដែល​​​ឆ្លា​ក់លើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន​។ តាម​កំណត់ហេតុ​របស់​អ្នក​ប្រវត្តិ​សាស្ត្រ​​ចិន ឈ្មោះ ជីវ​តាក្វាន់ ក៍បាន​សរសេរ​អំពី​ការរីកលូតលាស់​នៃ​ក្បាច់​ក្នុងសម័យ​អង្គ​រដែរ​។
បេសកជន​ចិន​រូបនោះ​ក៍​បានសរសេរថា មាន​ឃ្លាំង​ពោរពេញ​ទៅដោយ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដូចជា ដាវ កាំបិត ខែល ធ្នូ ស្នា លំពែង ខែល អាវ​ក្រោះ និង​អាវុធ​ធ្ងន់ សំរាប់​បាញ់​ព្រួញ​ធំៗ​។ អ្នក​ដែល​អាច​កាន់​ឧបករណ៍​ទាំងនោះ ដើម្បី​ចូលក្នុង​សមរភូមិ​ទាល់តែ​មាន​វិជ្ជា​យុទ្ធសាស្ត្រ​ខ្លាំង​។ កងទ័ព​ខ្មែរ​នា​សម័យ​នោះ បើ​ពិនិត្យ​តាម​ក្បាច់ចម្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទ​នានា​គេ​ចែកចេញជា ៤ ក្រុម គឺ​ពល​ថ្មើរជើង​ពលដំរី ពល​សេះ និង​​ពល​ជើង​ទឹក ដែល​លោក សុង  ស៊ីវ អោយនាម​សរុប​ក្នុង​ក្នុង​សៀវភៅ​របស់​លោក​​ឈ្មោះ​ចលនា​អារ្យ​ធ​ម៍ នោះ​ថា ‹​ពលអង្គរក្ស​ទ្រមាក់​ចែវ​គុន​› គឺ​ដោយសារ​វិជ្ជា​យុទ្ធសាស្ត្រ​របស់​កងទ័ព​ទាំងនេះហើយ​ដែល​ធ្វើអោយ​កម្ពុជា​ ធ្វើសឹក​សង្គ្រាម​វាត​ទឹក​ដី​បាន​យ៉ាង​ធំ​ទូលាយ​នោះ​។
ជា​ប្រទេសមួយ​មាន​សមត្ថភាព​ធ្វើសឹក​សង្គ្រាម​នោះ មហាក្សត្រ​មិន​ត្រឹម​តែមាន​នាម​ជា​អគ្គមេបញ្ជាការ​ប៉​ណ្ណោះ​ទេ តែ​ព្រះ​អង្គជា​មេទ័ព​មួយរូប​ដែល​ដឹកនាំ បញ្ជា​ទ័ព​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​ដោយផ្ទាល់​តែម្ដង​។ ទាំងអស់នោះ​មាន​ភស្តុតាង​បញ្ជាក់​នៅក្នុង​សិលាចារឹក​ដែល​បានលើកឡើង​អួត​ សរសើរ​ពី​គុណសម្បត្តិ​យោធា​របស់​ព្រះមហា​ក្សត្រ​សម័យអង្គរ​ថា ជា​ស្ដេច​មាន​តេ​ជៈ ខ្លាំងពូកែ​ខាង​វិជ្ជា​គុន និង​យុទ្ធសិល្ប៍​ផ្សេងៗ​។

សិលាចារឹក​មួយ​នៅ​ស្តុក​កក់ធំ​បាន​សរសើរ​ពី​ថ្វី​ព្រះ​ហ​ស្ថ​របស់​ព្រះបាទ​យ ​សោ​វរ្ម័នទី​១ ថា ព្រះអង្គ​មាន​ដៃ​វៃ​រហ័ស​ក្នុងការ​ប្រហារ​សត្រូវ​. . . ។ សិលាចារឹក​មួយ​ទៀយ​នៅ​បាង​ថាក ប្រទេស​ឡាវ បាន​តំណាល​ពី​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ដែល​កំពុង​ប្រយុទ្ធ​ក្នុង​​​សមរភូមិ​ថា ព្រះអង្គ​លោត​ផ្លោះ​ពីលើ​ព្រះទីនាំង​គជេន្ទ្រ​ទៅ​គង់​លើ​ក្បាលដំរី​របស់​ សត្រូវ ហើយ​ទ្រង់​ប្រហារ​ជិវិត​បង់​បីដូច​ជា គ្រុឌ​ស្ទុះ​ទៅ​សង្គ្រប់​សំលាប់​នាគ​នា​កំពូលភ្នំ​។
ចំណែក​សិលាចារឹក​មួយទៀត​នៅ​ប្រាសាទព្រះខ័ន ក៍បាន​អួត​សរសើរ​ពី​យុទ្ធ​សិ​ល្បិ៍​ដ៍​ខ្លាំងពូកែ​របស់​ព្រះបាទ​ជ័យ​ វរ្ម័នទី​៧ ដែរ​ថា នៅពេល​ឃើញ​ស្ដេច​អង្គ​នេះ​ប្រកប​ទៅ​ដោយ​​គ្រឿង​សព្វាវុធ​នោះ ធ្វើអោយ​សត្រូវ​រន្ធត់​ជាខ្លាំង​ហើយ​សត្រូវ​បិទ​ភ្នែក​ដោយ​​​ចាញ់​​ព្រះ​ ចេស្ដារ​មិនតែប៉ុណ្ណោះ ដៃ​វា​ទាំង​គូរ​បីដូច​ជា​ពស់​អស់​ពឹ​ស​ហើយ​ទម្លាក់​​អាវុធ​​ចោល​​ភ្លាម ឯ​អាវុធ​នានា​ដែល​បាន​ចោល ឬ បាញ់​ទៅហើយនោះ​ក៍​ហាក់​ដូចជា​​គាំង​​លែង​​ទៅមុខ​មួយ​រំពេច​ដែរ ។
ក្រៅពី​ព្រះមហាក្សត្រ​សូម្បីតែ​អ្នកស្រុក​នា​សម័យ​នោះ​ក៍​ស្ទាត់ជំនាញ​នូវ​ កល​យុទ្ធ​ខាង​​សង្គ្រាម​ដែរ​។ ភាព​ស្ទាត់ជំនាញ​បែបនេះ​ប្រសិនបើ​ប្រទេសជាតិ​ត្រូវការ​កងទ័ព​នោះ គេ​គ្រាន់តែ​អំពាវនាវ​គេ​និង​បាន​កងទ័ព​ដែល​ស្ទាត់ជំនាញ​ខាង​ចំបាំង​ស្រាប់ ដោយ​​មិន​ចាំបាច់​ហ្វឹកហាត់​យូរ​ឡើយ​។ បើតាម​សាស្ត្រា​ស្លឹករឹត និង​តម្រា​សរសេរ​ដៃ​មួយ​ចំនួន​ដែល​តម្កល់ទុក​ក្នុង​បណ្ណាល័យ​ជាតិ និង​វត្ត​អារាម​នានា​នោះ​ថា​ក្បាច់ និង តម្រា​សង្គ្រាម​របស់​ខ្មែរ​មួយចំនួន​ចម្លង​មកពី​ក្លឹ​ង្គ មួយចំនួនទៀត​ចម្លង​មកពី​ចិន ឯ​មួយផ្នែកធំ គឺ​ចងក្រង និង បង្កើតឡើង​ដោយ​បុព្វបុរស​ខ្មែរ​តែម្ដង ។
ផ្នែក​ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា គឺមាន​តិចតួច ដែល​ភាគច្រើន​ហូរ​ចូលមក​ប្រទេស​​​ខ្មែរ​យើង​តាមរយៈ​សាសនា​ក្នុង​នោះគេ​ សង្កេតឃើញ​មាន​ក្បួន​យុទ្ធ​គុន ២ មេ​ធំៗ ដែល​គេ​យកមក​អនុវត្តន៍​ក្នុង​វិជ្ជា​គុនដំបង និង គុន​ដាវ ដែល​ក្បាច់​មេ​គេ​ហៅថា ព្រះរាម​ថ្លែង ស និង​កិន្នរ​ពាំ​ផ្កា​។ មេ​ក្បាច់​ទាំង ២ នេះ​ឃើញ​មាន​ជា​រូបចម្លាក់​នៅ​​តាម​ជញ្ជាំង​ប្រាសាទ​អ​ង្អ​រ​វត្ត ហើយ​ប្រហែលជា​អ្នក​គុន​និយម​ខ្មែរ​សម័យ​ដើម​ស្រង់​​​មក​ធ្វើជា​គោល​រួច​បំបែក​ ជា​ស្នៀត​តូចៗ ទៅតាម​យុទ្ធវិធី​របស់ខ្លួន​។
ឯ​ផ្នែក​ដែល​ចម្លង​ពី​ប្រទេស​ចិន​ក៍មាន​តិចតួច​ដែរ ដែល​ភាគច្រើន​មាន​ចាប់​ពីក្រោយ​សម័យអង្គរ​មក​។ ក្នុង​សៀវភៅ​កម្ពុជ​សូរិយា​បោះពុម្ព ខែ​មិនា ឆ្នាំ​១៩៥៩ ស្ដីពី​ប្រវត្តិ​សាស្ត្រ​ក្រោយ​សម័យអង្គរ ឬ សម័យ កណ្ដាល​បាន​កត់ត្រា​អោយដឹងថា ការសិក្សា​របស់​កូន​ខ្មែរ​នៅ​ជំនាន់​ដើម ក្រៅពី​រៀន​លេខនព្វន្ត​មាន មួយចំនួន​បាន​ហាត់រៀន​ក្បាច់គុន​របស់​ចិន​។ នេះ​ជា​សេចក្ដី​ដែល​ពោល​ឡើង​ចាប់ពី​សម័យ​ក្រុង​លង្វែក​មក​។
ពុំមាន​ឯកសារ​ជា​ភស្តុតាង​ទេ ប៉ុន្តែ តាមរយៈ​អ្នក​ក្បាច់គុន​ចាស់ៗ ដែល​នៅរស់​នោះ បាន​និយាយថា បណ្ដា​វី​ជ្ជា​គុន​ដែល​គាត់​ធ្លាប់​ហាត់​ទាំងនោះ បាន​លើកយក​ឈ្មោះ​គុនដំបង​វែង​មួ​យមក​បញ្ជាក់ គឺ​មេគុន សៃ​ហុង​ចុង ១ និង សៃ​ហុង​ចុង ២ ដែល​មេ​ទី ១ មាន​៤ ទ្វារ និង​មេ​ទី ២ មាន ៨ ទ្វារ​។ ពាក្យ​សៃ​ហុង​នេះ មានន័យថា សមរភូមិ​មុខ ឬ អ្វីៗ​ដែល​នាំមុខគេ​។
តាម​ការស្រាវជ្រាវ នា​យុគសម័យ​កណ្ដាល​មាន​ជនបរទេស​ជាច្រើន​ដែល​គេ​ចេះ​វិជ្ជា​គុន​នោះគេ​បាន​ ផ្សព្វផ្សាយ​នូវ​វិជ្ជា​គុន​របស់គេ​ដល់​ប្រជាជន​កម្ពុជា​។ ជាមួយ​នោះ ក៍មាន​ជនកម្ពុជា ជាច្រើន​បាន​ស្វះស្វែង​មក​រៀន​ក្បាច់គុន​ជាមួយ​គ្រូ​គុន​បរទេស​ទាំង​នោះ​។ គ្រូ​គុន​ទាំង​នោះគេ​សង្កេតឃើញ​មាន ចិ​ម លាវ សៀម …… ជាដើម​។ ក្នុង​អត្ថបទ​កំណាព្យ​មួយ​ដែល​គេ​រកឃើញ ហើយ​សរសេរ​ដោយ​លោក​អាចារ្យ អ៊ុក ជុំ នៅ​​វត្ត​ស្ទឹងមានជ័យ​នោះ​ថា គ្រូ​ដំបង​ខ្ញុំ​មាន ៤ រូប គ្រូ​សៀម​ឈ្មោះ ស៊ុម ចិន​, ឈ្មោះ​បូ គ្រូខ្មែរ​, ឈ្មោះ​ម៉ុក ខ្មែរ​, ឈ្មោះ​ផូ ពូជពង្ស​អំបូរ​ស្រុក​បាភ្នំ ។ គ្រូ​ប្រដាល់​ខ្ញុំ​មាន ២ នាក់ ជាតិ​លាវ ឈ្មោះ​លាក់ លាវ​, ឈ្មោះ​លុំ គ្រូ​លាវ​ចំបាប់​បង្រៀន​ខ្ញុំ​ ​ចេះ​ហើយ​លា​ខ្ញុំ​ទៅ​ស្រុក​ឆ្ងាយ​។
តែ​ក៍​មានការ​អះអាងថា ជនបរទេស​ដែលជា​គ្រូបង្វឹក​ទាំងនោះ ក៍បាន​ហាត់រៀន​នូវ​ក្បាច់​របស់​ខ្មែរ​វិញ​ដែរ​។
ក្នុង​សៀវភៅ ព្រះរាជ​ពិធី​ទ្វារ​ទស​មាស​របស់​វិជ្ជា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ព​ឆ្នាំ ១៩៦៩ បញ្ជាក់ថា “​គ្រូបង្ហាត់​វិជ្ជា​គុន​យុទ្ធ​សិ​ល្បិ៍ ដល់​អ្នក​គុន​និយម​ខ្មែរ​ជំនាន់​ដើម គឺ ព្រះឥន្ទ្រ​ធិ​បេ​ត និង ព្រះគ្រូ​ព្រះ​ព្រ​ហ្មេ​ធិ​បេន ”​។ លុះ​សម័យ​ក្រោយៗ​មក​ទៀត​​ការ ហាត់​វិជ្ជា​គុន​ភាគច្រើន​មាននៅ​តាម​វត្ត​អារាម ឯ​គ្រូបង្ហាត់​ជា​ព្រះសង្ឃ ឬ ចៅអធិការ​វត្ត​តែម្ដង​។ អ្នក​ដែល​បាន​ថែរក្សា និង​ផ្សព្វផ្សាយ​វិជ្ជា​គុន និង យុទ្ធសាស្ដ្រ​ទូទៅ​របស់​ខ្មែរ គឺ ព្រះសង្ឃ​ដែល​បាន​បួស​រៀន​ក្នុង​វត្ត​ព្រះពុទ្ធសាសនា​មហាយាន​។ សូម្បី​ព្រះសង្ឃ​ខ្មែរ​នៅ​សម័យ​ដើម (​ក្នុងអម្លុង​ឆ្នាំ​១៩៦០) ដែល​កាន់​ព្រះពុទ្ធសាសនា​តាមបែប​ហិន​យាន​ទៅហើយ​ក៍ដោយ ក៍នៅ​មានការ​ហាត់រៀន​វិជ្ជា​គុន​ទាំង​នេះដែរ​។ អញ្ចឹង​ទើប​ចាស់ ទុំ ដែល​នៅរស់​ដល់​សព្វថ្ងៃ​ភាគច្រើន​សុទ្ធតែ​បាន​បួស​រៀន និង បាន​ហាត់​វិជ្ជា​គុន​ក្នុង​វត្ត​ព្រះពុទ្ធសាសនា​។
វិជ្ជា​គុន​សម័យ​ដើម​មាន​ច្រើន​ទាំង​ស្នៀត ច្រើន​ទាំង​ឈ្មោះ​តែ​ការសំដែង ឬ ឈ្មោះ​របស់​វា​ប្លែក​គ្នា​ខ្លះៗ ទៅតាម​ការនិយម​នៃ​តំបន់​នីមួយៗ​។ ឧទាហរណ៍​ក្បាច់គុន​មួយ​នៅ​ខេត្តតាកែវ​មានឈ្មោះ​ថា “ មេ​ឆៀង​កណ្ដៀត​” តែ​នៅ​ខេត្ត ពោធិសាត់​គេ​ហៅថា “​មេ​ឆឹង​កណ្ដៀត ”​ទៅវិញ​។  ក្បាច់គុន​មួយទៀត​នៅ​ខេត្តបាត់ដំបង​គេ​ហៅថា “​យុទ្ធ​គុន​មេ​កួច ” តែ​នៅ​ខេត្តស្វាយរៀង​គេ​ហៅថា “​យុទ្ធ​គុន​មេ​ដំរី​បួង​ទៅវិញ​”​។ ទោះ​ស្នៀត​ហៅ​ខុសគ្នា​ក៍​ពិតមែនតែ​ទម្រង់ និង​ជំហរ​ប្រយុទ្ធ​វា​ស្រដៀង​គ្នា​សុទ្ធសាធ​។
តាមរយៈ​ប្រវត្តិសាស្ត្រ​ដែល​បាន​កត់​ត្រាទុក​នោះ​ក្នុងសង្គម​អ្នក​គុន​និយម​ ខ្មែ​សំបូរ​ទៅដោយ​ពិធី​ប្រពៃណី​ដ៍​សំបូរបែប​ដូចជា ពិធី​ផឹកទឹកសម្បថ ការ​បង្កក់ប្រសិទ្ធិ ឬ សមយុទ្ធ និង​ព្រះ​រាជពិធី​ស្មាន​ចតុរង្គ​សេនា​ជាដើម​។ ខ្មែរ​ទូទៅ​ដែល​ចូលទៅ​ហាត់​រៀន​​វិជ្ជា​យុទ្ធសាស្ត្រ​ដំបូង​បំផុត ត្រូវ​ផឹកទឹកសម្បថ ឬ ផឹកទឹក​ពិភទ្ទសច្ចា ដែល​ពិធី​នោះ​មាន​គោលដៅ​មួយ គឺ រក​សិរី​សួស្ដី​អោយ​ចំរើន​ពា្យ​សច្ចៈ និង ការ​រម្ងាប់​ពៀរ​។
ក្នង​ពិធី​បែបនេះ ជំនាន់​ដើម​គេ​ដាក់​ព្រះខ័ន​ទៅ​ទៅក្នុង​ទឹល​មន្ត បន្ទាប់មក​គេ​កូរ​រួច​ទើប​ប្រោះព្រំ​ដល់​ពល​សេនា​។ ការដាក់​ព្រះខ័ន​ក្នុង​ទឹកមន្ដ​បែបនេះ​គេ​ហៅថា អោយ​អ្នក​គុន​និយម​ទាំងនេះ​កាន់​ភាព​សច្ចៈ និង​យុ​ត្តិ​ធ​ម៍​។

ចំពោះ​ពិធី​បង្កក់​ប្រសិទ្ធ​វិញ គេ​ធ្វើឡើង​នៅវេលា​យប់​ពេញ​បូរ​មី​ក្នុងឱកាស​បុណ្យចូលឆ្នាំ​នា​ខែចេត្រ​។ ពិធី​នេះ​គេ​ធ្វើ ២ ដង លើក​ទី ១ ហៅថា​ប្រសិទ្ធិ​តូច លើក​ទី ២ ហៅថា ប្រសិទ្ធី​ធំ ពិធី​នេះ​ប្រហែល​ជាមាន​ប្រភព​មកពី​ឥណ្ឌា​។
ក្នុង​រឿង​ពិធី​ទ្វារ​ទស​មាស របស់​ព្រា​ហ្ម​ឈ្មោះ “​អច្ចុត​ន្ន័​ម​” នៅ​នគរ​ពារាណសី​ថា ក្នុង​ខែចេត្រ​មាន​ពិធី​មួយ​ឈ្មោះ “​គជ​វិធា​ន័​ម ឬ គជ​ន្ទ្រ​ស្នាន​” (​ពិធី​ប្រោះព្រំ​ដំរី​) ដែល​គេ​កំណត់​ធ្វើ​ក្នុង​ថ្ងៃ ១ រោច​។
ក្នុង​ពិធី​នេះ​ព្រះមហាក្សត្រ​ទ្រង់គ្រឿង​ពស្ត្រា​ដ៍​សង្ហា​គង់​លើ​ ព្រះទីនាំង​ដំរី​ប្រទក្សិណ​ជុំវិញ​ព្រះរាជវាំង ដោយមាន​ព្រា​ហ្ម​ជា​ព្រះរាជ​គ្រូ​ចាំ​ប្រោស​ព្រំ​ទឹកមន្ត​។ ប្រពៃណី​បែបនេះ​កម្ពុជា​យើង​មាន​តាំងពី​បូរាណ​កាល​មកម្ល៉េះ​។ ការបង្កើតអោយមាន​ពិធី​នេះ​ដើម្បី​បណ្ដុះបណ្ដាល​ប្រជារាស្ត្រ​អោយ​និយម​ក្នុង ​កិច្ចការ​ទាហាន​។ ជាការ​ទំនុក​បំរុង​​ទាហាន​នូវ​គ្រឿង​អាវុធ​យុទ្ធ​ភ័​ណ្ឌ អោយមាន​គ្រប់គ្រាន់​ល្មម​ការពារ​ស្រុក​បាន​។ ជាការ​សំដែង​អោយ​នគរ​ជិតខាង​ខ្លបខ្លាច​រិ​ទ្ធិ​ចេស្ដារ​នៃ​មហាក្សត្រ និង​ប្រជាជន​យើង​។
សម័យ​ដែល​ខ្មែរ​យើង​មាន​ឥទ្ធិពល​ខ្លាំង​នោះ ពិធី​បែបនេះ​ធ្វើជា​រៀងរាល់ឆ្នាំ​។ តែ​ចាប់​ពី​ក្រោយ​សម័យ​លង្វែក​ពេលដែល​ខ្មែរ​ចុះខ្សោយ​នោះ​ពិធី​នេះ​មាន​ខ្លះ គ្មាន​ខ្លះក្នុង​​រជ្ជកាល​ស្ដេច​នរោត្តម​ពិធី​នេះ​នៅមាន​ខ្លះៗ តែ​ក្នុង​រជ្ជកាល​ស្ដេច​ស៊ីសុវត្ថិ មានតែ​ពិធី​កេណ្ឌ​ទាហាន​មកលេង​ចំបាប់ និង ប្រដាល់​សំរាប់​ទត​តែប៉ុណ្ណោះ​។
ចាប់តាំងពី​ពិធី​បង្កក់​ប្រសិទ្ធី​នេះ​ផុតរលត់​ទៅ ទាហាន​ក្រៅ​តំណែង (​ទាហាន​បំរុង​) ក៍​បែកខ្ញែក​គ្នា​អស់​។ ទោះបី​នៅមាន​ការហាត់​វិជ្ជា​គុន​ក៍​ពិតមែន​តែមាន​នៅតាម​វត្ត​អារាម  និង ភូមិ​ស្រុក​មួយចំនួន​ប៉ុណ្ណោះ ។ កន្លែង​ទាំងនោះ​ហើយ​ដែល​រក្សាទុក​នូវ​ប្រពៃណី​ចាស់ៗ មកដល់​សព្វថ្ងៃនេះ ដែល​គេ​ហៅថា ការថ្វាយ​បង្គំ​គ្រូ​។
កាលពីដើម​អ្នក​គុន​និយម​តែង​ជួបគ្នា​សាក​ស្នាដៃ​នៅក្នុង​ព្រះ​ពន្លា ឬ ក្នុង​រាជវាំង​។ កាលនោះ​ការ​សាក​កម្លាំង​មិន​មានការ​ថ្លឹង​ទម្ងន់​អ្វី​ទេ តែ​សេនាបតី​ម្នាក់​ដែលជា​តំណាង​ចាប់​គូ​នោះ​ហៅ​មក​សាក​គ្នា​មើល​សិន គឺ​ទាំង​ចំបាប់  ទាំង​ប្រដាល់​បើ​ថ្វីដៃ​ប្រហាក់ប្រហែលគ្នា ទើប​រើស​មក​ធ្វើជា​គូប្រកួត​។
បន្ទាប់ពី​បាន​គូ​សម​ដៃ​ហើយ ចៅ​ភ្នាក់ងារ​បើក​យក​គ្រឿង​ប្រដាប់​សំរាប់​តែង​កាយ​មាន​ខោ​ទ្រនាប់ សំពត់​ស្លៀក ក្រមា ក្រណាត់ ចែក​អោយ​អ្នក​ចំបាប់ ឯ​អ្នក​គុន​ប្រដាល់​​ក៍​ដូច​អ្នក​ចំបាប់​ដែរ តែ​បន្ថែម​អំបោះភ្លុក និង អំបោះឆៅ​។ ខោ​ទ្រនាប់ និង​សំពត់ មាន​ពីរ​ពណ៌ គឺ ពណ៍​ស្វាយ និង ក្រហមជាំ ឯ​អំបោះភ្លុក គឺ អំបោះ​ធម្មតា ដែល​គេ​ឆ្វាយ​ជា​រង្វង់​ល្មម​ពាក់​ក្បាល​ចុះ ទំហំ​ប្រមាណ​ប៉ុន​ម្រាមដៃ​ហើយ​យក​សំពត់​ស្វាយ និង ក្រហម មក​ដេរ​ស្រោប​អោយទៅជា ២ ពណ៌ ដូចគ្នា​និង​សំពត់​ស្លៀក​។ បន្ទាប់ពី​ចែក​អោយ​គ្រប់ៗ​គ្នា​ហើយ​ចៅ​ភ្នាក់ងារ និង គ្រូ​ប្រដាល់​ចំបាប់​ដែល​មក​ប្រជុំ​ក្នុង​ទីនោះ ចែក​អោយ​អ្នក​ប្រដាល់​ម្នាក់​មួយ​ដោយ​ម្នាក់​ខោ​សំពត់ និង ក្រមា ក្រវាត់​ពណ៌​ស្វាយ និង​ម្នាក់ទៀត​ពណ៌ ក្រហមជាំ​ដើម្បី​កុំអោយ​ច្រឡំ​គ្នា​។ បន្ទាប់មក​គេ​ស្រាក់​អោយ​អ្នក​ប្រដាល់​ទាំងនោះ​ដោយ​យក​អំបោះឆៅ​មក​ស្រាក់​នៅ ​គល់​ម្រាមដៃ​ទាំង ៥​​ទាំងសងខាង​អោយ​សមគួរ ហើយ​គេ​ត្រកួញ​កួច​អំបោះ​ឡើងរ​ដឹប​រដុប​ដូច​គូទ​ខ្ចៅ​ឡើង​ណែន​រឹង​នៅលើ​ខ្នង ​ម្រាមដៃ​ទាំងសងខាង ដើម្បីអោយ​គូប្រកួត​បែក​សាច់​ពេលដែល​ដាល់​ត្រូវ​នោះ​។ ឯ​អ្នក​ចំបាប់ គ្មាន​ស្រា​ក់ដៃ និង​ពាក់​អំបោះភ្លុក​ទេ​។
បន្ទាប់ពី​រៀបចំខ្លួន​ដល់​អ្នក​ចំបាប់ និង អ្នក​ប្រដាល់​ទាំងនោះ​ហើយ ពួក​គ្រូមន្តអាគម​ចូលទៅ​ស្ដោះ​ប្រោះព្រំ​លើក​កម្លាំង​ដល់​អ្នក​ចំបាប់ និង អ្នក​ប្រដាល់​ទាំងនោះ​។ នៅ​កន្លែង​ប្រកួត គេ​រៀប​ចាក់ដី​ខ្សាច់​រាយ​ពេញ​រួច​បោះបង្គោល​ដែល​លាបថ្នាំ​ពណ៍​ក្រហម ហើយ​យក​ខ្សែពួរ​ចង​ស​ន្អឹ​ង​តាម​បង្គោល​ព័ទ្ធជុំវិញ​ដើម្បី​ហាម​កុំអោយ​ មនុស្ស​​ប្រជ្រៀត​ចូលទៅ​កន្លែង​ទីលាន​ប្រកួត​ដែល​បង្ក​ការរំខាន​ដល់​ ការប្រកួត​។ ប៉ុន្តែ​នៅ​ជ្រុង​ម្ខាង​គេ​រៀបចំ​ជា​ពន្លា​សំរាប់​ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស មន្ត្រី អ្នកមុខអ្នកការ សេនាបតី គង់ និង អង្គុយ​ទត ឬ ទស្សនា​។
ខណៈនោះ ចៅ​ភ្នាក់ងារ​អ្នក​កាន់​បញ្ជី​ហៅ​ឈ្មោះ គូប្រកួត​ចេញមក​។ គូប្រកួត​ដើរ​ដោយ​ប្រណម្យ អោនៗ​ចូលទៅ​ទីលាន​ប្រកួត​ដោយ​លុតជង្គង់​ទន្ទឹមគ្នា​ថ្វាយបង្គំ​ព្រះករុណា ៣ ដង ហើយ​ក្រោក​ឡើង​ផ្គង​ឃុំ​ដាក់គ្នា​។ ទាំង​ប្រដាល់​ទាំង​ចំបាប់​ពេល​ប្រកួត​ភ្នា​ក់​ក្រុម​ភ្លេង​លេង​បទ​ស្គរ​ជ្វា គ្រប់​លើក​។ បទ​ភ្លេង​ដែល​លេង​នោះ​មាន ២ បទ​ពេល​គូប្រកួត​អួត​ដាក់គ្នា គេ​លេង​បទ “ យោន ” លុះ​ដល់ពេល​ប្រកួត​គេ​លេង​បទ “ ផ្លែង ”​។
ការប្រកួត​នេះ​មាន​ចាញ់ មាន​ស្មើ ប្រដា​ល់លេង ១២ លើក ឬ ហៅថា ១២ ទឹក បើ​ចំបាប់​លេង​ត្រឹមតែ ៣ ទឹក​ប៉ុណ្ណោះ គឺ​ត្រូវ​ប្រកាស​លទ្ធផល​។ ក្នុងការ​ប្រកួត​ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​បើ​នរណា​ទន់ ឬ ហត់​ខ្លាំង ដឹងថា តស៊ូ​តទៅទៀត​មិនបាន​ហើយ​សុខចិត្ត​ចុះចាញ់​នោះ ត្រូវ​ទម្លាក់​ជង្គង់​ក្រាប​ទៅលើ​ដី ឯ​ភាគី​ម្ខាង​ទៀត​ត្រូវ​ឈរ​ឃុំ នៅ​ស្ងៀម​ដោយ​ហាម​មិនអោយ​ប៉ះពាល់ គូប្រកួត​ឡើយ​។ ខណៈនោះ​អ្នក​ត្រួតការ​ស្រែ​សួរ​ទៅ​អ្នក​ក្រាប​នេះ​ថា “​ហប ឫ ញ៉ម  ”? បើ​អាច​តស៊ូ​បាន​ទៀត​ត្រូវ​ច្លើយថា “ ហប ” ហើយ​ត្រូវ​ក្រោក​តស៊ូ​វិញ​បន្ទាប់ពី​ក្រាប​មួយស្របក់​ហើយ​នោះ​។ តែបើ​មិន​អាច​តស៊ូ​បានទេ ដោយ​សុខចិត្ត​ចាញ់​នោះ​ត្រូវ​ឆ្លើយថា  “​ញ៉ម ”​។ ប្រដាល់​គេ​ប្រកួត ១២ ដង ដែល​ហៅថា ១២ ទឹក ឯ​ចំបាប់ គេ​ប្រកួត​តែ ៣ ទឹក​ប៉ុណ្ណោះ ។ ជាទូទៅ ប្រដាល់ និង ចំបាប់​នេះ​មិនសូវមាន​អ្នក​ធន​ស៊ូ​ដល់​កម្រិត​ទេ អ្នក​ប្រដាល់​បាន​យ៉ាង​ច្រើន ២ ទឹក ក៍​ទទួល ញ៉ម ឯ​អ្នក​ចំបាប់ បើ​គេ​បោក​ដួល​ម្ដង ហើយ​មួយដង​ទៀត ក៍​ទទួល​ញ៉ម​ដែរ​។
ចំបាប់ និង ប្រដាល់​ដែល​លើក​មក​ពណ៍​នា​នេះ គឺ គេ​ឃើញ​នៅក្នុង​រជ្ជកាល​សម្ដេច ព្រះស៊ីសុវត្ថិ​។ កាលនោះ​អ្នកឈ្នះ បាន ៥ រៀល ឯ​អ្នកចាញ់​បាន ៣ រៀល ជា​រង្វាន់​។ ចំណែក​នៅតាម​ឃុំ ស្រុក​វិញ​ក៍មាន​ការប្រកួត​រក​ជើង​ខ្លាំង​ប្រចាំ  ដែនដី​របស់គេ​ដែរ អញ្ចឹង​ហើយ​ទើប​មាន​កំណាព្យ​មួយ​ក្នុង​អក្សរសាស្ត្រ ខ្មែរ​ដែលមាន​ឈ្មោះថា ល្បើក ផាន់​ជុំ នោះ មាន​សេចក្ដី​ខ្លះៗ​ថា៖

ជ្រើសរើស​រក​អ្នក​ជ្រង​    ​    ​    ​              ភ្នំ​សោម​ឯត្បូង​មាន​អ្នកតូច
អ្នក​ចាន់​គាត់​នៅ​អន្លង់​កួច​    ​    ​          ​ថា​តូច​មិនកើត​អោយ​អញ​វិញ ។
អ្នក​ចាន់​គាត់​លាត់​គ្រវាត់​ស្អាត​    ​     ​ស្នង​ប្រា​ក់ថា​វាត​ក្មេង​ចៀស​ចេញ
ទើសដៃទើសជើង​ក្រែង​គេ​ដេញ​      ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ទូលាយ​គេ ។
ទាំងស្រី​ទាំងប្រុស​ច្រឡំ​គ្នា​    ​         ​    ខ្លះមក​បំពារ ខ្លះមក​ជេរ
ថា​អា​កំណាច​កាច​ម្ល៉េះ​ទេ​    ​          ​      ​ដើរមក​ពាន​គេ​ធ្វើ​និង​ធឹង ។
===========
ផាន់​ជុំ​គាត់​លាត់​កៀក​ក្រវាត់​      ​      ​យក​ស្លា​មួយ​ម៉ាត់​មក​វេច​ទុក
ហើយ​សូត្រអាគម​សម្លឹងមុខ​    ​        ​យក​ស្លា​វេច​ទុក​មក​ផ្លុំ​ដាក់ ។
ហើយ​សូត្រ​ថា​ឧ មៈ គៈ​លិ​កំ​    ​         ​បើកទ្វារ វំ​កំ រំ ហាយៈ
ស្វា​ហែង​រឹង​រែង​ច​ក្ខៈ​    ​    ​                    ​ច​ក្ខិ ចក្ខុ ស្វា ហា យៈ  ។
ផាន់​ជុំ​សូត្រ​ហើយ​ព្រឺ​រោ​មា​    ​            ស៊ី​ស្លា​ទំពារ​ចូល​ពី​អាយ
អ្នក​ចាន់​លោត​ផ្លាប់​បញ្ចប់​កាយ​      ​ ​ផាន់​ជុំ​លោត​ខ្ចាយ​ប្រាយ​មេលោង ។
អ្នក​ចាន់​គាត់​លោត​ឱបដៃ​ជាប់​    ​    ​ផាន់​ជុំ​ដោះដៃ​គោះ​កែង​ផូង
ដួល​ផ្ងារ​ជ​ង្គ្រា​ង​ពង រំ​យោង​    ​           ​អ្នក​រោង​គេ​ហ៊ោរ​ឥត​កោតក្រែង ។

នេះ​អត្ថបទ​កំណាព្យ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការចូលរួម​ទស្សនា​យ៉ាង​កុះករ​នូវ ​ឆាកប្រយុទ្ធ​មួយ រវាង ផាន់ ជុំ និង អ្នក ចាន់​។ ទម្លាប់ និង ប្រពៃណី​របស់​អ្នក​គុន​និយម​ខ្មែរ​ដែល​រៀបរាប់​ខាងលើនេះ​មកដល់​បច្ចុប្បន្ន​ រលាយ បាត់បង់​ស្ទើរ​គ្មាន​សល់​។
ការថ្វាយ​បង្គំ​គ្រូ​ដែល​នៅសល់​ដល់​សព្វថ្ងៃ​នេះហើយ​ដែល​អ្នក​ប្រដាល់​តែងតែ ​ប្រព្រឹត្តិ​នៅពេល​ឡើងដល់​សង្វៀន​មុនពេល​ប្រកួត​ចាប់ផ្ដើម​នោះ គឺជា​មរតក​នៃ​ពិធី​បង្កក់​ប្រសិទ្ធ​ដែល​ចាស់ៗ​ពី​ដើម​តែងតែ​ធ្វើ​មុនពេល​ ប្រកួត​គ្នា​ម្ដងៗ ៕

ស្វែងយល់ ពី​ក្បាច់គុន​ខ្មែរ​ទាំង១២មេ

តាម​ការស្រាវជ្រាវ​តៗ​គ្នា​នោះគេ​សង្កេតឃើញថា ក្បាច់គុន​របស់​ខ្មែរ​យើង​មាន​មេគុន​ចំនួន ១២ ផ្ដុំ​បញ្ចូល​គ្នា ហើយ​មេគុន​មួយ គឺជា​ស្នៀត ដែល​ស្នៀត​ទាំងនោះ​សុទ្ធ​តែ​មាន​ លក្ខណៈពិសេស​និង​ដោយឡែក​របស់​វា​។​ ពេលនេះ​យើង​ សូម​លើកយក​មេគុន​មួយៗ ​​មក​​បង្ហាញ​។

១. មេ​សម អាច​ហៅថា មេ​ស្រប៖

នេះ​ជា​មេ​ទីមួយ​ក្នុងចំណោម​មេ​ទាំង ១២​។ ការកំណត់​ឈ្មោះថា​មេ​សម ឬ មេ​ស្រប នេះ គឺ​ដោយហេតុថា ជំ​ហ៊រ​ប្រ​យុ​ទ្ទ​ដៃ និង ជើង​ស្ថិតក្នុង​ជំ​ហ៊រ​ស្របគ្នា​។ ទម្រង់​ចេញ​ដំបូង គេ​ឈរជើង ២​ទ​ន្ទី​ម​គ្នា ដាក់​ដៃ​ស្រប​និង​ខ្លួន បន្ទាប់មក​ដៃស្ដាំ និង​ជើង​ស្ដាំ​បោះ​ទៅមុខ​ស្របគ្នា​ដងខ្លួន​រាង​អោន​បន្ដិច ដោយ​ដៃ​ឆ្វេង​ដាក់​ក្រោម​ទ្រូង​។​ទម្រង់​ដដែល​នេះ គេ​អាច​អនុវត្តន៍​ខាងឆ្វេង​ក៍បាន ទៅមុខ ឬ ទៅក្រោយ​ក៍បាន​។ បើ​ឈាន​ទៅមុខ​ទោះ​ឆ្វេង​ក្ដី​ស្ដាំ​ក្ដី​ទម្ងន់​នៃ​ដងខ្លួន​ត្រូវ​សង្កត់​លើ ​ជើង​មុខ ៦០ ភាគរយ តែបើ​ឈាន​ថយ​​​ក្រោយ​ទម្ងន់​នៃ​ដងខ្លួន​ត្រូវ​សង្កត់​លើ​ជើង​ក្រោយ ៦០ ភាគរយ​វិញ​។​ក្នុង​ទម្រង់​មេ​សម​​នេះ មិនមាន​ប្រើ​ជើងទេ ចលនា​ពិសេស គឺ​កណ្ដាប់ដៃ​ហើយ​ទម្រង់​ប្រយុទ្ធ និង​ជំ​ហ៊រ​ប្រយុទ្ធ​អាច​ផ្លាស់ប្ដូរ​ទៅតាម​ស្ថានភាព​នៃ​គូប្រកួត​។ ការផ្លាស់ប្ដូរ​ជំ​ហ៊រ​នេះ មិន​រាប់​ថា ជា​មេ​សម​ទេ ព្រោះ​វា​មាន​លក្ខណៈ​ជា​ទម្រង់​ផ្សេង​មួយ​វិញ​ដែល​ខុសពី​ទម្រង់​ដើម​។

២. មេ​ខ្វែង​៖

មេ​ខ្វែង​គឺជា​មេគុន​ទី ២​។ មេគុន​នេះ​មាន​ចលនា​ដៃ និង​ជើង​ខ្វែងគ្នា បើ​ជើង​ស្ដាំ​ទាត់​ទៅមុខ ដៃ​ឆ្វេង​ត្រូវ​បោះ​ទៅមុខ ផ្ទុយទៅវិញ បើ​ជើងឆ្វេង​ទាត់​ទៅមុខ​ដៃ​ដែល​ត្រូវ​បោះ​ទៅមុខ គឺ​ដៃស្ដាំ​។​​ ជាធម្មតា ក្នុង​ចលនា​មេ​ខ្វែង​នេះ ដៃ​ត្រូវ​បោះ​ទៅមុន​ជើង​ជានិច្ច ឯ​ជើង​​លើក​ទាត់​តាម​ក្រោយ​។ ក្នុង​មេនេះ​យើង​សង្កេតឃើញថា ចលនា​មាន​លក្ខណៈ​ទាញ​ចេញពី​មេ​សម គឺ​ដៃ និង ជើង​ស្របគ្នា លុះត្រាតែ​លើកជើង​ទាត់ ទើប​គេ​កំណត់​ហៅថា មេ​ខ្វែង​។ ប៉ុន្ដែ​ក្នុងករណី​ដែល​ជើង​ឈាន​ទៅមុខ​ធម្មតា ដោយ​មិនបាន​លើក​ទាត់​ទេនោះ លុះត្រាតែ​ជើង​ដល់​ចំណុច​គោលដៅ​សិន ទើប​ដៃ​បោះ​ទៅតាម​ក្រោយ​។ ចំណែកឯ​ចលនា​ឈាន​ថយក្រោយ​វិញ គឺ​ខុសពី​ចលនា​ទៅមុខ​។ ជើង​ទាំង​២​ប្រើ​សម្រាប់​​​តែ​ឈាន​ថយក្រោយ  ដោយ​មិនបាន​លើក​ទាត់​ដូច​ចលនា​ទៅមុខ​ទេ ឯ​ដៃ​ទាំង​​២ ប្រើ​សម្រាប់តែ​រង គឺ​ដៃស្ដាំ​វា​ទៅ​ចុះក្រោម​រងជើង​ស្ដាំ ឯ​ដៃ​ឆ្វេង​វាត់​ឡើងលើ​រង​ដៃ​ឆ្វេង​។ ចលនា​នេះ​គេ​ហៅថា ចលនា​ទំនាក់ទំនង​គ្នា​រវាង​មេ​ខ្វែង និង មេ​ខ្វែង​។

៣. មេ​ឆៀង​កណ្ដៀត​៖

ជា​មេគុន​ទី ៣ បន្ទាប់ពី​មេ​សម និង មេ​ខ្វែង​។ មេនេះ​មាន​ចលនា​ដើរ​ទាប​បែប​ដំណើរ​ក្ដាម​ដាំ​យក​ចំហៀង​ខ្លួន​ទៅមុន​។ ទម្រង់​ចេញ​ដំបូង​គេ​ដាក់​ដៃ​ទាំង ២ ផ្គុំ​ចូលគ្នា​ដោយ​ ដងខ្លួន​ជំរុល និង សង្កត់ធ្ងន់​ទៅលើ​ជើង​មុខ  រួច​គេ​ឈាន​ជើង​ស្ដាំ​មួយ​ជំហាន​មក​មុខ ហើយ​បន្ទន់​កាយវិការ​ដូច​អង្គុយ​ចោងហោង​ទៅលើ​កែងជើង​ឆ្វេង ឯ​ដៃស្ដាំ​ដាក់​លើ​ជង្គង់​ស្ដាំ កែងដៃ​ច្រត់​ពីលើ​ជា​របៀប​រង​បន្ទាប់​គេ​បោះ​ជើងឆ្វេង​ទៅមុខ​ដោយ​វាត់​​ដៃ​ស្ដាំ​​​ទៅជា​មួយ​។ ចលនា​នេះ​រាង​ខ្ពស់ជាង​មុន​បន្ដិច ឈរ​ជា​របៀប​ច្រក​កៀវ​ដោយ​ទម្ងន់​​ខ្លួន​សង្កត់ធ្ងន់​លើ​ជើង​ទាំង ២ ដៃស្ដាំ​ត្រូវដាក់​នៅត្រឹម​ចង្កេះ ដៃ​ឆ្វេង​ត្រូវ​ដាល់​ទៅ​មុខ ដោយ​ឲ្យ​កណ្ដាប់ដៃ​មាន​កំពស់​ស្មើ​និង​ក្បាល​។ គេ​ធ្វើ​របៀបនេះ​ដោយ​ប្ដូរ​ពីឆ្វេង​មក​​ស្ដាំ ពីស្ដាំ​ទៅ​ឆ្វេង ឬ ពីមុខ​មក​ក្រោយ​ដូចគ្នា​។ ចលនា​បែបនេះ ទើប​គេ​សន្ម​ត់​ហៅថា មេ​ឆាំង​កណ្ដៀត​។ មេនេះ​គេ​ប្រើ​សំរាប់​រង​ទម្ងន់​ជើង​ដែល​ទាត់​មកលើ​ខ្លួន​ទាំង​ឆ្វេង ស្ដាំ​។

៤. មេ​រះ​ផ្កាស្វាយ​៖

ជា​មេគុន​ទី ៤ បន្ទាប់ពី​មេ​ឆៀង​កណ្ដៀត​។ មេនេះ​មាន​ចលនា​ដើរ​ទាប​ដូច​មេ​ឆៀង​កណ្ដៀត​ដែរ ប៉ុន្ដែ​មិនមែន​ដំណើរ​ក្ដាម​បែប​ចំហៀង​ទេ គឺជា​ដំណើរ​ទៅមុខ ឬ ទៅ​ក្រោយ​​​​តាមរបៀប​អង្កុញ​ជង្គង់​។ ទម្រង់​ដំបូង​ចេញ​ជា​របៀប​ក្ដាប់ដៃ​រួច​បន្ទន់​ជង្គង់​ទាំង ២ ជើងឆ្វេង​ឈានទៅ​មុខ​ជើង​ស្ដាំ ឯ​ដៃស្ដាំ​លើក​ជា​របៀប​រង ដៃ​ឆ្វេង​ដាក់​ត្រឹម​ចង្កេះ​រាង​ជ្រុល​ទៅមុខ​បន្ដិច​។ ទម្រង់​បន្ទាប់ គឺ​ជើង​ស្ដាំ​ប្ដូរ​ទៅមុខ​ជើងឆ្វេង ឯ​បាតដៃ​ស្ដាំ​​ត្រូវ​​លា​រួច​លើក​ទះ​ទៅ​ផ្នែក​ខាងមុខ បាតដៃ​ឆ្វេង​ទះ​ទៅមុខ​ដែរ ប៉ុន្ដែ​ផ្នែក​ខាង ក្រោម​​។ ក្នុងការ​ប្ដូរ​ជំហាន​ជើង​ទៅមុខ​ដៃ​ឆ្វេង​ត្រូវ​ទះ​ខាងលើ ឯ​ដៃស្ដាំ​ត្រូវ​ទះ​ខាង​ក្រោម​​​វិញ​។ ចលនា​នេះ​គេ​អនុវត្តន៍​ទៅមុខ​ទៅក្រោយ​ដូចៗ​គ្នា​។ ដៃ​គេ​ដូរ​ពី​ការ​ទះ​មក​បង្វិល​ជា​របៀប​កន្លះរង្វង់​ទៅមុខ​ដោយ​លា​បាតដៃ​ហើយ ​រះ​ពីក្រោម​ឡើង​ទៅលើ​វិញ​​។

៥. មេ​បី​កង់ ឬ មេ​បី​ជាន់​៖

ជា​មេគុន​ទី ៥ បន្ទាប់​មេ​រះ​ផ្កាស្វាយ​។ មេនេះ​តាមពិត​គេ​បំបែក​ចេញពី​មេ​សម គេ​អាច​ហៅថា ចលនា​មេ​សម​រហ័ស​ក៍​បានដែរ​។ បានជា​ហៅ​ដូច្នេះ​ដោយហេតុថា ចលនា​ដៃ​ដាល់​ទៅមុខ​គឺ ពីរដង​ផ្ទួនៗ​គ្នា សំដៅទៅ​មុខ​មួយ​និង​ដើមទ្រូង​មួយ ឯជើង​ត្រូវ​លើក​ទាត់​ឡើង​ទៅលើ​។ ត្រង់នេះ​មានន័យថា ក្នុង​រយៈពេល​តែមួយ​គេ​អាច​វាយ​បាន ៣ ចំណុច គឺ​ជើង​ទាត់​មួយ​ចំណុច និង​ដៃ​ដាល់​ទៅមុខ​ផ្ទួនគ្នា​ពីរ​ចំណុច​ទៀត​។ ចំពោះ​ចលនា​​ផ្សេងៗ​ទៀត​សូម​មើល​ទម្រង់​មេ​សម​។

៦. មេ​មុខឈ្នាង​៖

ជា​មេគុន​ទី ៦ បន្ទាប់ពី​មេ បី ជាន់​។ ការកំណត់​ឈ្មោះ​ហៅថា មុខឈ្នាង គឺ​មកពី​មេ​នេះ​​​គេ​មិន​យក​កណ្ដាប់ដៃ​ដាល់​ទៅមុខ​ដូច​មេ​ដទៃ​ទេ គឺ​យក​ស្មង និង ទ្រនង់​ដៃ​កាប់ ឬ រង​គូសត្រូវ​។ មេនេះ​មាន​ទម្រង់​ឈានទៅ​មុខ​ទៅក្រោយ ដោយ​ប្ដូរ​ពីឆ្វេង​ទៅ​ស្ដាំ​ដូច​​​មេ​សម​ដែរ ប៉ុន្ដែ​ខុស​ត្រង់​ជំហរ និង ដងខ្លួន​រាង​ទ្រេត​ទៅមុខ​បន្ដិច ដោយ​ចលនា​ជម្រុល​​ហើយ​សង្កត់​ធ្ងន់​ទៅលើ​ជើង​មុខ​។ ក្នុង​ចលនា​នេះ​ស្មា​ទាំង ២ ត្រូវដាក់​ឲ្យ​ស្រប និង​ដងខ្លួន ឯ​ដើមទ្រូង​ត្រូវ​ពើង​ទៅមុខ​ជានិច្ច​ដែរ​។ មេនេះ​គេ​ប្រើ​សម្រាប់​កាប់ ឬ រង​ស្មងជើង​របស់​គូសត្រូវ​ដែល​ទាត់​មក​ចំ​ពីមុខ​ខ្លួន​។

៧. មេ​ឆ្មា​ក្រាប​៖

ឆ្មា​ក្រាប គឺជា​ឈ្មោះ​មេគុន​ទី ៧ ក្នុងចំណោម​ទាំង ១២ មេ​។ ទម្រង់​នៃ​មេ​ឆ្មា​ក្រាប​នេះ យើង​សង្កេតឃើញ​មាន​លក្ខណៈ​ទាប​ជាង​ចលនា​មេគុន​ដទៃទៀត​ដោយ​កាយវិការ​ទាំង​មូល​ ពឹងផ្អែក​ទៅលើ​ជង្គង់ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​ទីកន្លែង ឯ​ដងខ្លួន​អោន​ទ្រេត​ទៅ​មុខ​ស្ទើរ​ដល់​ដី​។ របៀប​ចេញ​ជាដំបូង​គេ​លុតជង្គង់​ផ្ទាល់ និង​ដី​រាង​បញ្ឆិត​ទៅ​ស្ដាំ​បន្តិច​ ហើយ​ដងខ្លួន​អង្គុយ​ទៅលើ​ជើង​ទាំង ២ ដោយ​ដៃស្ដាំ​ដាក់​លើ​ភ្លៅ​ស្ដាំ​ឯ​ដៃ​ឆ្វេង​ដាក់​​លើ​ជង្គង់​ឆ្វេង​។ ទ្រង់ទ្រាយ​របៀបនេះ​គេ​ហៅថា ទម្រង់​ចេញ​មេ​ឆ្មា​ក្រាប​។ លុះ​បន្ទាប់​មក​ទៀត​ដងខ្លួន​ត្រូវ​អោន​ទៅមុខ​ក្បាល​ត្រូវ​ងើយ​បន្តិច​ជង្គង់​ ឆ្វេង​ដកថយ​ក្រោយ ដៃស្ដាំ​វាត់​ឡើងលើ​ក្បាល​ជា​របៀប​រង ឯ​ដៃ​ឆ្វេង​ត្រូវដាក់​នៅ​ខាងក្រោម​ទ្រូង​។​ លុះ​ដល់​​ចលនា​​ឆ្វេង​​ដងខ្លួន​អោន​ មក​មុខ​ក្បាល​ងើយ​បន្តិច​ដដែល ជង្គង់​ស្ដាំ​ដកថយ​ក្រោយ​ជំនួស​ជង្គង់​ឆ្វេង ឯ​ដៃ​ឆ្វេង​វាត់​ឡើងលើ​ក្បាល​ជា​របៀប​រង​ហើយ​ដៃស្ដាំ​ត្រូវ​ដាក់​​នៅ​ខាងក្រោម ​ទ្រូង​វិញ​។ ក្នុង​ទម្រង់​មេ​ឆ្មា​ក្រាប​នេះ ចលនា​នីមួយៗ​ប្រព្រឹត្តិ​ទៅ​ស្រប​គ្នា​ក្នុងពេល​តែមួយ​ទាំង​ឆ្វេង​ទាំង​ស្ដាំ ឬ ទៅមុខ ទៅក្រោយ​គឺ​ដូចគ្នា​ទាំងអស់​។ ប៉ុន្តែ​​ក្នុង​ទម្រង់​មេនេះ​ដដែល​យើង​សង្កេតឃើញ​ចលនា​មាន​លក្ខណៈ​ខុសប្លែក​ ពី​មេ​គុន​​ដទៃទៀត ត្រង់​ដែលថា គេ​ធ្វើ​ចលនា​ថយក្រោយ​មុន​ចលនា​ទៅមុខ​។

៨. មេ​ក្រពើ​ហារ​៖

ក្រពើ​ហារ ជា​ឈ្មោះ​ក្បាច់គុន​ទី ៨ ក្នុងចំណោម​ទម្រង់​មេគុន​ទាំង ១២​។ មេនេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា និង មេ​បី​ជាន់​ដែរ ប៉ុន្តែ​ខុស​ត្រង់​គេ​ប្ដូរ​ពី​ចលនា​លើកជើង​ទាត់​មក​ជា​របៀប​លើក​អុក​ដោយ​ ជង្គង់​វិញ ចំណែកឯ​ដៃ​ក៍​យ៉ាង​ដូច្នោះ​ដែរ ពោល គឺ កែង​ដៃ​អុក​ចុះក្រោម​ហើយ​ជង្គង់​អុក​ឡើងលើ​។ បើសិនជា​គេ​ចេញ​កាយវិការ​របៀប​ដូច​ពោល​​ខាងលើនេះ យើង​ពិនិត្យមើល​ចាប់ពី​ចំណុច​កែងដៃ​ដល់​កណ្ដាប់​ដៃ និង ពី​ជង្គង់​​ដល់​ចុង់ជើង​នោះ​និង​ឃើញ​លក្ខណៈ​ទាំង ២ នេះ​ដែល​គេ​សន្មត​ហៅថា ក្រពើ​ហារ​។ ការ​សន្មត​យ៉ាង​ដូច្នេះ​ដោយហេតុថា កែងដៃ និង​ជង្គង់​បត់​ចូល​រកគ្នា​បណ្ដាល​ឲ្យ​ចុងដៃ និង​ចុងជើង​ងាយ​ចេញ​មើលទៅ​ទំនង​ដូច​ក្រពើ​ហារ​មែន​។ ចំពោះ​ចលនា​ឆ្វេង ស្ដាំ ឬ ទៅមុខ ទៅក្រោយ​សូម​មើល​ទម្រង់​មេ​សម​។

៩. មេ​ល្បុក្កតោ​៖

ជា​មេគុន​ទី ៩ បន្ទាប់ពី​មេ​ក្រពើ​ហារ​។ មេនេះ​តាមពិត​មិនមែនជា​ក្បាច់​ដៃ​ទេ គឺ​បច្ចេក​ទេស​​មួយបែប​ដែល​គេ​ប្រើ​ជាមួយនិង​ដំបង​មួយគូ​ហៅថា ល្បុក្កតោ​។ មេ​ល្បុក្កតោ​នេះ ក្នុង​ចលនា​ឆ្វេង​ស្ដាំ ឬ ទៅមុខ​ទៅក្រោយ គឺ​ជំហរ​ដងខ្លួន និង ទម្ងន់​ជើង​នៅតែ​រក្សា​ជា​របៀប​ជម្រុល​ទៅមុខ​ដដែល​។

១០. មេ​ស្រងែ​ពេន​៖

ស្រងែ​ពេន គឺជា​ទម្រង់​ក្បាច់គុន​ទី ១០ ក្នុងចំណោម​មេគុន​ទាំង ១២​។ មេនេះ​គឺជា ចលនា​​នៃ​ការបត់បែន​ដងខ្លួន​ដៃ និង ជើង​ឲ្យ​មាន​កាយវិការ​ទន់ភ្លន់ និង រស់​រវើក​ទៅតាម​ចង្វាក់​នៃ​មេគុន​។ ចលនា​ទាំងមូល​ពឹងផ្អែក​ទៅ​លៃ​ជង្គង់ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​គោលដៅ​ដូច​មេ​ឆ្មា​ក្រាប​ដែរ ប៉ុន្ដែ​ដងខ្លួន​មិន​ត្រង់​ទេ គឺ​រាង​ទ្រេត​ទៅមុខ ដោយ​ចង្កេះ​អ៊ែន​បន្តិច ហើយ​ដើមទ្រូង​ពើង​ឡើង ឯ​ក្បាល​ងើយ​ទៅមុខ​។ ម្រាមដៃ​ដែល​រះ​ឡើង​ទៅលើ​ទំនង​ដូច​ចលនា​ទី ៣ ក្នុង​ទម្រង់​ក្បាច់គុន​មេ​រះ​ផ្កាស្វាយ ប៉ុន្តែ​ខុស​ត្រង់​បាតដៃ​ដែល​លា​នោះ គឺ​ផ្ងារ​ទៅមុខ ឯ​ម្រាម​បិទ​ជិត​ហើយ​ពត់​ងើយ​ឡើង​ទៅលើ​។ ទម្រង់​ចេញ​ជាដំបូង​ក្នុង​មេ​ស្រងែ​ពេន​នេះ​គេ​ទម្លាក់​ជង្គង់​ទាំង ២ ផ្ទាល់​ដី របៀប​ដូច​ទម្រង់​ចេញ​មេ​ឆ្មា​ក្រាប បន្ទាប់មក​ជង្គង់​ស្ដាំ​បោះ​ទៅមុខ​ជង្គង់​ឆ្វេង​កន្ធែក​ចេញ​ខាង​រាង​ទាញ​មក​ ក្រោយ ឯ​បាតដៃ​ស្ដាំ​លា​ហើយ​រះ​ទៅមុខ (​កែងដៃ​បង់​បន្តិច​) ដោយ​ឲ្យ​ម្រាមដៃ​មាន​កំពស់​ស្មើ និង​ក្បាល ឯ​បាតដៃ​ឆ្វេង​ត្រូវ​លា​ចុះក្រោម​ហើយ​ដាក់​ត្រឹម​ចង្កេះ​។ ចលនា​នេះ​ទៅមុខ​ទៅក្រោយ ឬ ឆ្វេង ស្ដាំ គឺមាន​លក្ខណៈ​ស្មើៗ​គ្នា​។ ក្នុង​ការចេញ​មេ​ស្រងែ​ពេន​នេះ គេ​ប្រយ័ត្ន​បន្តិច គឺ​កាលណា​ខុស​និង​របៀប​ខាងលើ អាច​ច្រឡំ​គ្នា និង មេ​ឆ្មា​ក្រាប​បានដែរ ព្រោះ​កាយវិការ​ក្នុងការ​ផ្លាស់ប្ដូរ​ទីកន្លែង​ពឹងផ្អែក​ទៅលើ​ជង្គង់​ ដូចគ្នា ឯ​ដៃ​បោះ​ឡើង​ទៅលើ និង​ដងខ្លួន​អោន​ទៅមុខ​ដូចគ្នា​ដែរ​។ នៅក្នុង​ចលនា​មេ​ស្រងែ​ពេន​ដដែល​នេះ ទម្ងន់​ដងខ្លួន ៧០ ភាគរយ ត្រូវ​សង្កត់​លើ​កែងជើង នៃ​ជង្គង់​ខាងមុខ​ជានិច្ច​។

១១. ចោល​កូនតឹង៖

ចោល​កូនតឹង ជា​ឈ្មោះ​មេគុន​ទី ១១ បន្ទាប់ពី​មេ​ស្រងែ​ពេន​។ មេ​នោះគេ​ប្រើ​ជាមួយ​ឧបករណ៍​ម្យ៉ាង​ធ្វើ​ពី​ដែក ឬ សំណ​មួយគូ ហៅថា កូនតឹង វា​មាន​ទំហំ​ធំ​ជាង​មេជើង​បន្តិច ដែល​ល្មម​នឹង​អាច​ក្ដាប់បាន​ក្នុង​បាតដៃ​។ គេ​ចង​កូនតឹង​ភ្ជាប់​ទៅ​ចុង​ខ្សែ​ម្ខាង ប្រវែង​​ប្រមាណ ពី ៤ ទៅ ៥ ដេ​ស៊ី​ម៉ែត្រ ឯ​ចុង​ម្ខាង​ទៀត​កាន់​នៅ​និង​ដៃ​សម្រាប់​លើក​គ្រវី​ចុះឡើង​។ បើ​យើង​ប្រៀបធៀប មេ​ចោល​កូនតឹង ទៅ​និង​ក្បាល​ដំបង​សម័យ​ឥឡូវ​នេះ គឺ​ស្រដៀង​គ្នា​និង​គុនដំបង​ពីរ​កំណាត់​ដែរ ប៉ុន្តែ​ខុស​ត្រង់​ថា ដំបង​មួយគូ​ជាប់​គ្នា​ដោយ​ចុង​ខ្សែ​តែមួយ ឯ​កូនតឹង​មួយគូ​វិញ​មាន​ខ្សែ​ដាច់​គ្នា​ស្រឡះ គឺ​មួយ​សំរាប់​គ្រវី​ខាងស្ដាំ ហើយ​មួយទៀត​សំរាប់​គ្រវី​ខាងឆ្វេង​។ ក្នុងការ​ចោល ឬ គ្រវី​នេះ​ចុង​ខ្សែ​នៃ​កូន​តឹង ត្រូវ​ចង​ឲ្យ​ជាប់​ទៅ​និង​កងដៃ ឬ បាតដៃ​ដើម្បី​ការពារ​កុំ​ឲ្យ​របូត​ចេញ ឯ កូនតឹង​ត្រូវ​ក្ដាប់​ក្នុង​បាតដៃ ហើយ​ពេល​មាន​សត្រូវ​គេ​ចោល​ទៅមុខ​សំដៅ​សត្រូវ ឬ គ្រវី​ចុះឡើង​ដើម្បី​ការពារ​ខ្លួន​។
ចំពោះ​បច្ចេកទេស​នៃ​ការ​គ្រវី​នេះ វា​អាស្រ័យទៅលើ​ភាព​ប៉ិនប្រសប់​របស់​អ្នក​ប្រើ​​ប្រាស់​ កូនតឹង​នេះ​តែម្ដង​។ ចំណែក ឯ​ទម្រង់​ចេញ​បើសិនជា​គេ​ប្រើ​ដៃស្ដាំ​នោះ​ជង្គង់​ស្ដាំ​ត្រូវ​លុត​ផ្ទាល់​ ដី ឯ​ជង្គង់​ឆ្វេង​បញ្ឈរ​ទៅមុខ ដងខ្លួន​រាង អោន​ហើយ​ពើងទ្រូង​ងើយ​មុខ​ឡើង​។ ដៃ​ដែល​បោះ​ទៅមុខ គឺ​ត្រូវ​ចោល​កូនតឹង​រួច​កញ្ឆក់​មកវិញ ឬ ក៍​គ្រវី​ចុះ​ឡើង​​​ទៅតាម​ភាព​ប៉ិនប្រសប់​របស់ខ្លួន និង​ទៅតាម​គោលដៅ​ដែល​ខ្លួន​ចង់​វាយ​ប្រហារ​។​ កូនតឹង​នេះ ជួនកាល​គេ​អាច​ប្រើ​ដៃ​ទាំង ២ ព្រម​គ្នា ដើម្បី​គ្រវី​ពីក្រោយ​ទៅ​មុខ ពីឆ្វេង ទៅ ស្ដាំ ឬ ពីស្ដាំ​ទៅ​ឆ្វេង​វិញ​ក៍​បានដែរ​។

១២. មេ​ចោល​កូនកាំបិត​៖

នេះ​ជា​មេ​ទី ១២ និង​ជា​មេ​ចុងក្រោយ​គេ​បង្អស់​។ បច្ចេកទេស​ក្នុងការ​ចោល​កូនកាំបិត​នេះ គេ​បំបែកចេញ​ជា ៣ របៀប​។របៀប​ទី ១ ចោល​កូនកាំបិត​ទៅក្រោយ​តាម​ចន្លោះ ក និង ស្មា គេ​ហៅថា ផ្នែក​ខ្ពស់​។ ទម្រង់​នេះ​មាន​ជំហរ​ជម្រុល​ទៅមុខ​សង្កត់​លើ​ជើង​ឆ្វេង ឯជើង​ស្ដាំ​ឈាន​មក​ក្រោយ​ដោយ​ជម្ទើ​ត​កែងជើង​ឡើង ឯ​ដៃ​ឆ្វេង​ដាក់​ស្រប​និង​ដងខ្លួន ដៃស្ដាំ​កាន់​ចុង​កូនកាំបិត​រួច​លើកចោល​ទៅក្រោយ​តាម​ចន្លោះ ក លើស្មា​ឆ្វេង​។
របៀប​ទី ២ គេ​ចោល​កូនកាំបិត​ទៅក្រោយ​តាម​ចន្លោះ​ឃ្លៀក ហៅថា ផ្នែក​កណ្ដាល​។ ផ្នែក​នេះ​កាយវិការ​ជើង​ដូច​ចលនា​ទី ១ ដែរ ប៉ុន្ដែ​ខុស​ត្រង់​កាយវិការ​ដៃ គឺ​ដៃ​ឆ្វេង​ត្រូវ​លើក​បត់​ហើយ​ក្ដាប់​មក​មុខ​របៀប​ចំហរ​ឃ្លៀក ឯ​ដៃស្ដាំ​កាន់​ចុង​កាំបិត​រួច​ចោល​ទៅ​ក្រោយ​តាម​ចន្លោះ​នេះ​។
របៀប​ទី ៣ ហៅថា ផ្នែក​ទាប គេ​លុតជង្គង់​ស្ដាំ​ផ្ទាល់​ដី​បញ្ឈរជង្គង់​ឆ្វេង​ទៅមុខ ដៃ​ឆ្វេង​ដាក់​លើ​ជង្គង់​ឆ្វេង ឯ​ដៃស្ដាំ​កាន់​ចុង​កាំបិត​រួច​ចោល​ពីក្រោម​ជង្គង់​ទៅ​ក្រោម ៕

ក្បាច់គុន ល្បុក្កតោ

ប្រភព៖ ដកស្រង់អត្ថបទ វាន់ន្នី (ដើមអំពិល)ល្បុក្កតោ គឺជាក្បាច់គុណបុរាណខ្មែរមួយប្រភេទ មាន​អាយុ​កាល​ជាង​២,០០០​ឆ្នាំ​មក​ហើយ ដែលត្រូវបានបង្កើត ឡើងដោយបុព្វបុរសខ្មែរ តាំង​ពីមុន​សម័យ​​អង្គរ​​​មក​ម៉្លេះ។ ក្បាច់គុននេះ មានឃើញឆ្លាក់ នៅ​តាម​ជញ្ជាំង​ប្រាសាទ​បន្ទាយ​ស្រី និង​​ ប្រាសាទ​​បន្ទាយ​​​ឆ្មារ ហើយត្រូវបានប្រើប្រាស់ ដោយ​អ្នក​ចម្បាំង​ខ្មែរ ក្នុង​​ការ​​ប្រយុទ្ធ​​តតាំង​​សត្រូវ ដែលចូលមកឈ្លានពាន អាណាចក្រខ្មែរ។

បច្ចុប្បន្ន ល្បុក្កតោ បាននិងកំពុងមានកេរ្តិ៍ឈ្មោះ ល្បីរន្ទឺលើឆាកអន្តរជាតិ ដោយ​ទទួល​​បាន ជ័យ​លាភីលេខ២ ក្នុងការប្រកួត កីឡា យុទ្ធសិល្ប៍ពិភពលោក ក្នុង​ចំណោម​ ៣៧​ប្រទេសជាសមាជិកចូលរួមនៅសាធារណរដ្ឋកូរ៉េ កាល​ពី​ឆ្នាំ​២,០១០ កន្លងទៅនេះ ធ្វើឱ្យបរទេសបានស្គាល់ ក្បាច់គុននេះកាន់តែច្រើន។ក្បាច់ល្បុក្កតោ មានច្រើនបែបច្រើនសណ្ឋាន ដោយការប្រើប្រាស់ នូវ​អាវុធ​ផ្សេងៗ​​គ្នា ដូចជា កាំបិត ដាវ លំពែង ដំបង (វែង-ខ្លី) និងក្រមាជាដើម ហើយ​វា​មាន​​លក្ខណៈ​​ប្លែកៗ​ពីគ្នា ទៅតាមតំបន់មួយ ទៅតំបន់មួយទៀត ក្នុង​ព្រះរាជា​ណាចក្រ កម្ពុជា។
ជួបសម្ភាសន៍ ជាមួយលោកព្រឹទ្ធាចារ្យ គ្រូតាក្រម៉ាមាស សាន គឹមស៊ាន ប្រធាន​សហព័ន្ធ​ កីឡា​ល្បុក្កតោ​កម្ពុជា អនុប្រធាន សមាគមអង្គរក្ស និង​សន្តិសុខ​ពិភព​លោក បានបកស្រាយថា ល្បុក្កតោ មានន័យថា “ការប្រយុទ្ធជាមួយសត្វតោ” មក​ពី​ពាក្យ ​ថា “ល្បុក” មានន័យថា ប្រយុទ្ធ និងពាក្យថា “តោ” មានន័យថា “សត្វតោ” នោះ​ឯង។ ប៉ុន្តែបើតាមភាសា អ្នកហាត់គុន ពាក្យថា ល្បុកតោ មាន​ន័យ​ថា យុទ្ធ​គុន​​ប្រកប​ដោយថាមភាព។
យោងតាមកំណត់ត្រា របស់លោក ជីវតាក្វាន់ ជាអ្នកការទូតចិន ដែល​បាន​មក​ទស្សនា ព្រះរាជាណាចក្រកម្ពុជា និង​ប្រាសាទ អង្គរវត្ត កាល​ពីចុង​សតវត្ស​ទី​១៣ បាន​បញ្ជាក់​ថា ភាពប៉ិនប្រសប់របស់ នៃអ្នកចម្បាំងខ្មែរ ក្នុង​ការ​ប្រើប្រាស់​ក្បាច់​​គុន​នេះ នា​សម័យ​នោះ ជា​កត្តាមួយនាំមកនូវ​ជ័យ​ជម្នះ​ក្នុង​សឹក​សង្គ្រាម។ ក្បាច់​គុន​ល្បុក្កតោ មិន​ត្រឹម​តែ​បាន​ជ្រួតជ្រាបទៅដល់ស្រទាប់ ព្រះ​មហាក្សត្រ មេទ័ព និង ពល​ទាហាន​ខ្មែរ ប៉ុណ្ណោះ​​ទេ សូម្បីតែរាស្ត្រសាមញ្ញ ក៏​ពូកែ​ណាស់​ដែរ ខាង​ក្បាច់​គុននេះ៕

ទ្វារទាំង ១២ នៃក្បាច់គុនខ្មែរ

ក្បាច់គុន​ខ្មែរ​មាន​លក្ខណៈ​សម្បូរ​បែបណា​ស់ និង មានការ​បែងចែក​​ជា​ទ្វារ​​ចំនួន ១២​ដែល​ក្នុង​​ទ្វារ​នីមួយៗ​មាន​តួរ​នាទី​ផ្សេងៗ​គ្នា​​សម្រាប់​សង្គ្រាម​ជំនាន់​ដើម ។​​​បើតាម​ការ​អះអាង​ពី​លោក​ចាន់ ប៊ុនធឿន ​ដែលជា​អ្នកស្រាវជ្រាវ​ក្បាច់គុន​មួយរូប និង ជា​គ្រូ​ក្លឹប​ខេ​មរៈ ខ្លាហោះ​ នោះ​ថា​ក្នុង​ទ្វារ​ទាំង​១២​នោះ​មាន​ប្រមាន​ជា ​៣៧៤មេ និង​៩,០៤៩​ក្បាច់។ ​លោក​ភូមិ ណាគ្រី ​ដែលជា​អ្នកស្រាវជ្រាវ​ ក្បាច់គុន​មួយរូប​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​នោះ​ក៏​អះអាង​ដែរ​ថា​ក្បាច់គុនខ្មែរ​សំបូរបែប​ណាស់​ ហើយ​មាន​ប្រវត្តិ​ច្បាស់​ លាស់​​ទៀតផង។​​​ ​ខាងក្រោម​នេះ​ជាការ​រៀបរាប់​យ៉ា​សង្ខេប​អំពី​ទ្វារ​ទាំង ១២​ នៃ​ក្បាច់​គុន​បូរាណ​ខ្មែរ។
ទ្វារ​ទី ១ មាន​ស្នៀត​ ប្រមាណ​២៥០ និង និង​ក្បាច់​ចំនួន ៩ ។
ទ្វារ​ទី ២ មាន​មាន ២១០​ស្នៀត និង ក្បាច់​ចំនួន ១៣ ឬ​អាច​លើសពីនេះ។ ​
ទ្វារ ទី ៣ មាន ៣១៩​ស្នៀត និង ១១​ក្បាច់។
ទ្វារ​ទី ៤ មាន​៦៥០​ស្នៀត និង ១៧​ក្បាច់។
ទ្វារ​ទី ៥ មាន​ស្នៀត​ចំនួន​៩៥០ និង ១៩​ក្បាច់។ ​
ទ្វារ ទី ៦​មាន​ជាង​១.៨០០​ស្នៀត និង ២៥​ក្បាច់។ ​
ទ្វារ​ទី ៧ មាន​៥៩០​ស្នៀត និង ១៧​ក្បាច់ ។​

​ទ្វារ​ទី ៨ ជា​ទ្វារ​បញ្ចប់​នៃ​អាត្ម័ន​យុទ្ធ ដែល​ក្នុង​ទ្វារ​នេះ​គេ​ហៅថា​មេ​រួម​ដែលមាន​មេ​រួម​ប្រមាណ​​ជា​៥០​មេ​ ហើយ​ក្នុង​មេ​នីមួយៗ​មាន​ស្នៀត និង ក្បាច់​ចំនួន​ជាង​៥៩៩។​ល្បុក្កតោ ក្រពើ​ហារ ស្រងែ​ពេន ខ្លាក្រាប …​មាននៅ​ ក្នុង​មេនេះ ។​ហ័ន​យុទ្ធ​ដែលមាន​បញ្ចូល​ស្នៀត​ដំបង​វែង និង ដំបង​ខ្លី​ខ្លះៗ ។​

ទ្វារ​ទី ៩ គឺជា​ក្បួន​ប្រយុទ្ធ​ដោយមាន​ប្រើ​អាវុធ​ដែល​ក្នុងនោះ​មានការ​ប្រើ​អាវុធ​ ចំនួន ៧ ប្រភេទ​ខុសៗ​គ្នា គឺ​ការ​ ប្រើ​

ដំបង​មួយ​ដើម​ជា​អាវុធ ដែលមាន​១៣​ក្បាច់។ ការប្រើ​ដំបង​កក់​ជា​អាវុធ​ដែលមាន​១៩០​ស្នៀត និង ៩​ក្បាច់។​ ការប្រើ​ព្រនង់ ឬ មោង​ដែលមាន​២០៨​ស្នៀត និង ២២​ក្បាច់ ។​ក្នុង​ទ្វារ​នេះ​មាន​ទាំង​ស្នៀត​វាយលុក​និង​ស្នៀត​ការពារ​។​ការប្រើ​ដំបង​ ត​ចង​(​ដំបង​២​កំណាត់​)​មាន​១៩០​ស្នៀត និង ១៣​ក្បាច់។ ​ការប្រើ​ឈើ​ច្រត់ ឬ ហៅ​ម្យ៉ាង​ទៀតថា​ឥសី​ជើង​ ៣ មាន​៩​ក្បាច់ និង ១១៨ ស្នៀត​។ ការប្រើ​លំពែង​-​ច្បូ​ង​មាន​១៣​ក្បាច់ និង ១៥៩​ស្នៀត​ដែល​ស្នៀត​ស្រងែ​ពេន​ក៏​នៅ​ ក្នុង​នេះដែរ ។​ការប្រើ​ស្ន ឬ បូល​មាន​១០១ ស្នៀត និង ១៣​ក្បាច់ ។​

ទ្វារ​ទី ១០ មានប្រើ​ប្រាស់​ឧបករណ៍​ប្រយុទ្ធ​ចំនួន ៧ គឺ​ដំបង​ភ្លោះ​មាន​១១ ក្បាច់ និង ៧១ ស្នៀត។​ប្រភេទ​ អាវុធ​ស្ទប​កោង មាន​មាន ៦ ក្បាច់ និង ៦០​ស្នៀត។ ​ប្រភេទ​អាវុធ​ស្ទប​វិល ដែលមាន​៦ ក្បាច់ និង ៦៥​ស្នៀត ។​ប្រ​ ភេទ​អាវុធ​ស្ទប​ចាក​ដែលមាន ៩ ក្បាច់ និង ៦០​ស្នៀត។ ​ប្រភេទ​អាវុធ​ស្នែង​ខែល​មាន​១៣​ក្បាច់​និង ១០៩​ស្នៀត។​ អាវុធ​ខ្សែតី ឬ អាវុធ​ខ្មោច ដែលមាន ៩ ក្បាច់ និង ២០​ស្នៀត។ ប្រភេទ​អាវុធ​ទំ​ពក់​បិសាច​(​ដំបង​ដែលមាន​ចុង​ដូច​ទំ​ ពក់​)​មាន ១៣​ក្បាច់ និង ៦៦ ស្នៀត ។​

ទ្វារ​ទី ១១ មានប្រើ​អាវុធ​ចំនួន ៩ ប្រភេទ គឺ​ប្រភេទ​ដាវ​ឯក ដែលមាន​១០០​ស្នៀត និង ១៣​ក្បាច់ ។​ប្រភេទ​ ដាវ​ច្រត់​មាន​១០៧​ស្នៀត និង ៩ ក្បាច់។​ ​ប្រភេទ​ដាវ​ខែល មាន​១០៨ ស្នៀត និង ១៣​ក្បាច់។​ ប្រភេទ​ដាវ​ត្រឡប់​ដែល​ មាន​១០០​ស្នៀត និង ១៣​ក្បាច់ ។​ប្រភេទ​ដាវ​ចុង ២ ដែលមាន​១០០​ស្នៀត និង ១៣​ក្បាច់ ។​ប្រភេទ​ដាវ​មុខ ២ ដែល​ មាន​១០១ ស្នៀត និង ១៣ ក្បាច់។ ប្រភេទ​ដាវ​ទំ​ពក់​ដែលមាន​៧១ ស្នៀត និង ១៣​ក្បាច់។ ​ប្រភេទ​ដាវ​បង្គ​ប់​ដែលមាន​ ៥១ ស្នៀត និង ៩​ក្បាច់។ ​ប្រភេទ​ដាវ​ខ្សែ​ដង​ដែលមាន​១០៩ ស្នៀត និង ៩ ក្បាច់។​
​ទ្វារ​ទី ១២ មានប្រើ​អាវុធ​ចំនួន ៨ ប្រភេទ​ប្រភេទ​អាវុធ​ដាវ​ភ្លោះ​ដែលមាន​១១៩​ស្នៀត និង ១៣​ក្បាច់។ ​ប្រ​ ភេទ​ដាវ​រួម​ដែលមាន​៧៦២​ស្នៀត និង ៧១ ក្បាច់។ ​ប្រភេទ​ពូថៅ​ចាក់​ដែ​លាម​៦១ ស្នៀត និង ៩ ក្បាច់។ ​ប្រភេទ​ពូថៅ​ មាន​៦៩ ស្នៀត និង ៩ ក្បាច់។​
ប្រភេទ ​កង់​រត់ មាន ៥០​ស្នៀត និង ៩ ក្បាច់​ដែល​ស្នៀត​នាគ​ពាំ​កែវ​ក៏​នៅក្នុង​ការប្រើ​ប្រ​ ភេទ​អាវុធ​នេះដែរ ។ អាវុធ​កងចក្រ​មាន​៦៣​ស្នៀត និង ១៦​ក្បាច់ ។​អាវុធ​កង​ចាក់ ឬ កង​កាវ​មាន​១៧០​ស្នៀត និង​ ៣៩​ក្បាច់។ ​អាវុធ​ពេ​ខ្មោច​មាន​១១៩​ស្នៀត និង ១៧​ក្បាច់ ។​​​ក្រៅពី​ទ្វារ​ទាំង១២​នេះ​ក្បាច់គុន​ខ្មែរ​នៅមាន ​ទ្វារ​ពិសេស​ មួយទៀត​ដែលមាន​ឥទ្ធិពល​ គ្របដណ្ដប់​លើ​ទ្វារ​ទាំង​ ១២ ព្រមទាំង​ក្បាច់គុន​មេ​នានា។ ​អញ្ចឹង​ហើយ​ទើប​ខ្មែរ​យើង​មាន​តំណាល​មួយ​ថា ​គេ​មិនដែល​បង្ហាត់​សិស្ស​ឲ្យ​ អស់​ស្នៀត​ទេ​ខ្លាចក្រែង ​សិស្ស​បក​មក​ ខាំ​វិញ​អញ្ចឹង​ហើយ​ទើប​គេ​លាក់ទុក​នូវ​ ទ្វារ​ពិ​សេសមួយ​ដើម្បី​សង្កត់​លើ​សិស្ស​គុន​ របស់ខ្លួន​នោះ ។​
​​ទ្វារ​ពិសេស​នេះ​មាន ៣ គឺ​ក្រញាំ​រាជសីហ៍​មាន ៩ ក្បាច់ និង ៩៩​ស្នៀត ។ បាតដៃ​ព្រះ​ឥសូរ មាន​៩១ ស្នៀត​ និង ៩ ក្បាច់ និង ស្រមោល​ខ្មោច​ដែលមាន ៩ ស្នៀត និង មួយ​ក្បាច់​ដែល​នេះ​ជា​ក្បាច់​ដែល​ពិសេស​ជាងគេ​សម្រាប់​ រំដោះខ្លួន​គេចចេញ​ពីស​ត្រូវ​ក្នុង​ខណៈ​ដែល​យើ​ចាញ់​ប្រៀប​សត្រូវ​ហើយ​មិនអាច​ បន្ត​ការតស៊ូ​បាន​នោះ ។​

Comments
Loading...