ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិ អ្នកស្រី រស់ សិរីសុទ្ធា

2,146

ខេត្ត​បាត់ដំបង គឺជា​ទឹក​ដី​បណ្តុះ​អ្នក​ប្រាជ្ញ តារា​ភាព​យន្ត តារា​ចម្រៀង និង​អ្នក​និពន្ធ​ល្បី​ល្បាញ ប្រចាំ​កម្ពុជា តាំង​ពី​អតីតកាល​មុន​សម័យ​អង្គរ រហូត​បច្ចុប្បន្ន ។ ក្នុងនោះក៏មានអ្នកស្រី រស់ សិរីសុទ្ធា ម្នាក់ផងដែរ ដែលជាកំពូលតារាចម្រៀងស្រី នាសម័យកាលនោះ។

​ជីវប្រវត្តិ​

ឈ្មោះ​ដើម​របស់ រស់ សិរីសុទ្ធា គឺ រស់ សុទ្ធា ឈ្មោះ​ហៅ​ក្រៅ រៃ ។ ​ ឈ្មោះ សិរី ទើប​ជា​ឈ្មោះ​កណ្តាល ថែម​តាម​ក្រោយ ក្រោយ​ពី​ឈប់​រៀន ហើយ​ទៅ​ចាប់​អាជីព​ជា​អ្នក​ចម្រៀង ។ ដូច្នេះ ពលរដ្ឋ​ខ្មែរ​ជា​ទូទៅ ស្គាល់​អ្នក​ស្រី​ថា រស់ សិរីសុទ្ធា ។ ប៉ុន្តែ ភាគ​ច្រើន ច្រើន​សរសេរ​ច្រឡំ ទៅ​ជា រស់ សេរីសុទ្ធា ទៅ​វិញ ។ សូម​អាន​ប្រវត្តិ​ខាង​ក្រោម ដើម្បី​អោយ​ដឹង​ថា ហេតុ​អ្វី តារា​សំនៀង​មាស​យើង មាន​ឈ្មោះ​ថា រស់ សិរីសុទ្ធា ។

ប្រវត្តិកុមារភាព

អ្នក​ស្រី រស់ សិរីសុទ្ឋា ជា​តារា​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ ក្នុង​កំឡុង​ទសវត្សរ៍​ឆ្នាំ ៦០ និង ៧០ និង​ជា​ដៃ​គូ​ចម្រៀង​ជើង​ឯក យ៉ាង​ឆ្នើម​បំផុត របស់​អធិរាជ​សំឡេង​មាស​ លោក ស៊ិន ស៊ីសាមុត ។ ​ កំពូល​តារា​ចម្រៀង​រូប​នេះ មាន​កំណើត​នៅ​ថ្ងៃ​សុក្រ​ ខែ​កត្តិក​ ឆ្នាំ​ច ត្រូវ​នឹង​ថ្ងៃ​ទី ៦​​ ខែ​វិច្ឆិកា​​ ឆ្នាំ ១៩៤៦ នៅ​ភូមិ​ដំណាក់​ហ្លួង ឃុំ​វត្ត​​គរ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។​ ​ កាល​នៅ​កុមារភាព​ អ្នក​ស្រី​បាន​ចូល​រៀន​នៅ​សាលា​បឋមសិក្សា ទក្ខិណសាលា​ រួច​បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​អនុវិទ្យាល័យ​នារី​ នេត​យ៉ង់​​​ នៅ​ឆ្នាំ ១៩៦២ ។ ​លោក​ឪពុក​របស់​អ្នក​ស្រី សុទ្ធា​ ឈ្មោះ លោក​គ្រូ រស់ ប៊ុន​ គឺ​ជា​​គ្រូ​ភ្លេង​ខ្មែរ​ផង ​ជា​​គ្រូ​ស្តោះ​ផ្លុំ​ យ៉ាង​ល្បី​មួយ​រូប​ផងដែរ ។ លោក​តា រស់ ប៊ុន មាន​ស្រុក​កំណើត នៅ​ភូមិ​ចង្វា​រៀល​ ឃុំ​រលាំង​នាគ ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង ជា​អតីត​នាយ​ទាហាន​ជើង​ក្រហម សម័យ​អាណានិគម​បារាំង​ ​ហើយ​ទើប​នឹង​ធ្វើ​មរណកាល​ទៅ នៅ​ឆ្នាំ ១៩៩៥ នេះ ។​ រី​ឯ​ម្តាយ​របស់​អ្នក​ស្រី​វិញ​ មាន​នាម​ថា ណាត់ សាមៀន​ មាន​ស្រុក​កំណើត នៅ​ស្រុក​សង្កែ ​ ខេត្ត​បាត់ដំបង ​។​ លោក​បាន​ធ្វើ​មរណកាល​ទៅ នៅ​សម័យ​ខ្មែរ​ក្រហម ។ ​ អ្នក​ស្រី សុទ្ធា ជា​កូន​ទី​បួន ក្នុង​ចំណោម​បង​ប្អូន​ទាំង ៥ នាក់ ។

កាល​នៅ​ក្នុង​វ័យ​សិក្សា​ អ្នក​ស្រី​មាន​នាម​ក្នុង​សាលា​ជា​ផ្លូវ​ការ​ថា រស់​ សុទ្ធា តែ​ប៉ុណោ្ណះ ។ ប៉ុន្តែ នៅ​ក្នុង​ភូមិ​រស់​នៅ​ប្រចាំ​ថ្ងៃ អ្នក​ជិត​ខាង​ទាំង​ឡាយ ចូល​ចិត្ត​ហៅ​លេង​ក្រៅ​ថា​ អា​រៃ ត្បិត​អ្នក​ស្រី​មាន​សំឡេង​ស្រួយ ហើយ​ពិរោះ ដូច​សត្វ​រៃ​កណ្តឹង ។​ ​ ការ​ពិត ពេល​អ្នក​ស្រី​មាន​ប្រសាសន៍​សន្ទនា គឺ​មាន​សំឡេង​ធម្មតា ! មិន​សូវ​ជា​ឮ​ប៉ុន្មាន​ទេ​ ប៉ុន្តែ នៅ​ពេល​អ្នក​ស្រី ហើប​មាត់​ច្រៀង​ម្តង ៗ វិញ បែរ​ជា​សំឡេង​ស្រួយ មុត​ចាក់​ត្រចៀក ហើយ​ជា​សំឡេង​ខ្ពស់​ កម្រ​មាន​នារី​ណា​ម្នាក់ អាច​ច្រៀង​ដល់​កម្រិត​នោះ ហើយ​នៅ​អាច​រក្សា​សំឡេង​ស្រួយ​មុត​បាន​ដូច​អ្នក​ស្រី សុទ្ធា ណាស់ ។ កាល​ណោះ អ្នក​ស្រី​ចូល​ចិត្ត​បរិភោគ​ផ្លែ​ឈើ​ខ្ចី​ ៗ ទ្រនាប់​ប្រហុក​ចិញ្ច្រាំ ដាក់​ម្ទេស​ហឹរ ៗ ។

យុវតី រស់ សិរីសុទ្ធា មាន​មាឌ​ស្តើង ខ្ពស់​ស្រឡះ សម្បុរ​ខ្មៅ​ស្រស់​ ហើយ​មាន​ទឹក​មុខ​ញញឹម​ជា​និច្ច ​​ ថ្វី​បើ​មាន​ឱកាស​ខ្លះ នារី​យើង មាន​អារម្មណ៍​មិន​ល្អ​ក៏​ដោយ​​ គឺ​នាង​ពូកែ​លាក់​អារម្មណ៍​ណាស់​ មិន​សូវ​មាន​នរណា​បាន​ដឹង នូវ​អារម្មណ៍​ពិត​ប្រាកដ​របស់​នាង​ឡើយ ។​ ម្យ៉ាង​ទៀត មាណវី​ក៏​មិន​មែន​ជា​មនុស្ស​តម្អូញ ឬ ប៉ិន​រអ៊ូ​រទាំ​ច្រើន​នោះ​ដែរ​ តែ​ជា​មនុស្ស​មាន​សម្ដី​ជាក់​លាក់ ម៉ឺង​ម៉ាត់ ធើ្វ​ការ​ម៉ឺង​ម៉ាត់ ហើយ​ឧស្សាហ៍​បំពេញ​ការ​ងារ ដោយ​មិន​បាច់​ដាស់​តឿន​ច្រើន ។ ​​​ នៅ​ឯ​សាលារៀន​វិញ ​សុទ្ធា​ជា​សិស្ស​ឆ្លៀវ​ឆ្លាត​មួយ​រូប​ ហើយ​ក៏​ជា​សិស្ស​នារី​ ដែល​ពូកែ​លេង​កីឡា​បំផុត ​​។ ថ្វី​បើ​យុវតី​បាន​ចូល​រៀន​វិទ្យាល័យ នេត​យ៉ង់ ជំនាន់​ក្រោយ​​អ្នក​ស្រី ប៉ែន រ៉ន និង​អ្នក​ស្រី ហួយ មាស តែ​យុវតី សុទ្ធា មាន​ឈ្មោះ​បោះ​សំឡេង ​ក្នុង​វិទ្យាល័យ​ យ៉ាង​លឿន​រហ័ស ជាង​អ្នក​ទាំង​ពីរ​ទៅ​ទៀត ។ នោះ ព្រោះ​ដោយ​សារ​សំនៀង​ដ៏​ពិរោះ​របស់​យុវតី និង​ដោយ​សារ​ភាព​រួស​រាយ ជា​របៀប​អ្នក​កីឡា​យ៉ាង​ក្លាហាន​នោះ​ឯង ។

មូលហេតុដែលនាំក្លាយជាអ្នកចម្រៀង

ក្នុង​ឱកាស​នោះ​ដែរ កូន​ប្រុស​កំលោះ​របស់​លោក​ឧកញ៉ា​គេហបតី គី ស៊ាន​ហូ ថៅកែ​រោង​ចក្រ​អារ​ឈើ​ធំ​ជាង​គេ​ នៅ​ក្រុង​បាត់ដំបង ដែល​ទើប​នឹង​វិល​មក​ពី​សិក្សា​​នៅ​ប្រទេស​បារាំង បាន​មក​ចូល​រួម​ទស្សនា​ពិធី​ប្រឡង​នោះ​ដែរ ។​ កាល​បើ​បាន​យល់​សម្រស់​ដ៏​ស្រស់​ស្អាត អម​ដោយ​ទេពកោសល្យ​សំនៀង​យ៉ាង​ពិរោះ កំលោះ​យើង បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ទៅ​លើ​រូប​កញ្ញា សុទ្ធា ។ ដោយសារស្រវឹងទប់អារម្មណ៍មិនបាន កូនប្រុសលោកគេហបតី បានប្រព្រឹត្តអំពើអាណាចារ្យទៅលើនារី សុទ្ធា នាយប់ជប់លៀងនោះ។ ក្រោយមកក៏មានរឿងរកាំរកូសក្នុងគ្រួសារ ដោយសារចាញ់ក្ដីផ្ដឹងផ្ដល់ជាមួយលោកគេហបតី ហើយលោក​ឪពុក​របស់​អ្នក​ស្រី សុទ្ធា ក៏បានចាកចេញទៅរស់នៅជាមួយប្រពន្ធចុង ឈ្មោះ រើត លែងវិលត្រឡប់វិញ។ ក្រោយ​មក លោក​សាស្ត្រាចារ្យ ប៊ុន ថង បាន​នាំ​យក​យុវតី សុទ្ធា ទៅ​ផ្ញើ​នឹង​លោក សុខ ​ឌីណារី និងលោក ឌី​ កាណាល់ ដែល​ជា​អ្នក​ចាត់​ចែង​នៅ​ក្នុង​វង់​តន្រ្តី លំហែ​យោធា ជា​វង់​ភ្លេង​ប្រគំ​ប្រចាំ​រង្គសាល ស្ទឹង​ខៀវ ក្រុង​បាត់ដំបង​ ដើម្បី​ជួយ​អោយ​នាង​បាន​ទទួល​មុខ​របរ ដែល​មាន​ប្រាក់​ចំណូល​ទៀង​ទាត់ ។ នៅ​ពេល​នោះ លោក​គ្រូ ប៊ុន ថង បាន​ប្រតិស្ឋ​នាម​ថ្មី អោយ​ទៅ​យុវតី សុទ្ធា​ ជា​ផ្លូវ​ការ ក្នុង​មុខ​របរ​ជំនាញ ជា​អ្នក​ចម្រៀង​អាជីព​ថា​ រស់ សិរី​​សុទ្ធា ក្នុង​គោល​បំណង​ជូន​ប្រសិទ្ធិពរ​ជ័យ អោយ​យុវតី បាន​ជួប​តែ សិរី​សួស្តី រហូត​ត​ទៅ កុំ​អោយ​ជួប​រឿង​រ៉ាវ​អប្រិយ​​ ដូច​កាល​កន្លង​ទៅ​នោះ ត​ទៅ​ទៀត ។ ប៉ុន្តែ ចំណេរ​ក្រោយ ៗ មក យើង​បែរ​ជា​ឃើញ​ឈ្មោះ​របស់​អ្នក​ស្រី ត្រូវ​គេ​សរសេរ​កែ​ទៅ​ជា រស់ សេរីសុទ្ធា ទៅ​វិញ ។ មិន​តែ​ប៉ុណ្ណោះ លោកសាស្រ្តាចារ្យ ប៊ុន ថង បាន​ណែ​នាំ ​សុទ្ធា អោយ​ស្គាល់​អ្នក​ចម្រៀង​ប្រចាំ​ខេត្ត​បាត់ដំបង​ជា​ច្រើន ដូច​ជា លោក អ៊ឹម សុង​សឺម ជា​អតីត​គ្រូ​បង្រៀន នៅ​ភូមិ​កំពង់​ព្រះ បាត់ដំបង, អ្នក​ស្រី ប៉ែន រ៉ន និង អ្នក​ស្រី ហួយ មាស ដែល​ច្រៀង​នៅ​រង្គសាល​ស្ទឹង​ខៀវ​ដែរ ហើយ​ក៏​ជា​អតីត​សិស្ស​របស់​លោក​ផ្ទាល់​ ដែល​ក្រោយ​មក បាន​ទៅ​ចេញ​ច្រៀង មាន​ឈ្មោះ​បោះ​សំឡេង នៅ​រាជធានី​ភ្នំ​ពេញ ។

​ប្រវត្តិជាអ្នកចម្រៀងអាជីព

ពេល​បាន​មក​ដល់​ក្រុង​ភ្នំ​ពេញ​ដំបូង នៅ​ចុង​ឆ្នាំ ១៩៦៧ យុវតី សុទ្ធា បាន​ចូល​បម្រើ​ជា​អ្នក​ចម្រៀង ជាមួយ​ក្រុម​តន្រ្តី យោធា​ភិរម្យ ក្រសួង​ឃោសនាការ ហើយ​បាន​ចេញ​សម្តែង ជា​សាធារណៈ​ជា​ញឹក​ញាប់ ជា​ដៃ​គូ​សំនៀង​របស់​លោក អ៊ឹម សុងសឺម​ ដែល​តែង​តែ​ផ្តល់​ការ​ជ្រោម​ជ្រែង និង​ការ​ណែ​នាំ​ផ្លូវ​ជីវិត យ៉ាង​កក់​ក្តៅ ដល់​រូប​នាង ហាក់​បី​ដូច​ជា សាច់​ញាតិ​មួយ​រូប​របស់​លោក​ដូច្នោះ ។ កាល​នោះ យុវតី​បាន​ជួល​ផ្ធះ នៅ​ក្បែរ​សាលា​ពៅ​អ៊ុំ ជិត​ផ្ទះ​អ្នក​ស្រី ហួយ មាស ។ ​ ពេល​ទៅ​ធ្វើ​ការ យុវតី​តែង​តែ​​ជិះ​ស៊ីក្លូ​ជា​ប្រចាំ ពុំ​នោះ​សោត នាង​តែង​សណ្តោង​តាម​រថ​យន្ត​របស់​លោក អ៊ឹម សុង​សឺម ដែល​ទៅ​ធ្វើ​ការ​ទី​នោះ​ដែរ ។​ ក្រោយ ៗ មក ដោយ​ទេពកោសល្យ​ដ៏​លេច​ធ្លោ​របស់​នាង យុវតី​បាន​ត្រូវ​គេ​ជ្រើស​រើស​ជា​អ្នក​ចម្រៀង​ប្រចាំ​ការ នៅ​រង្គសាល​មេគង្គ រង្គសាល​បែល​អ៊ែរ នៅ​ពោធិ៍​ចិន​តុង​ ជា​ដើម ។ ​ តាំង​ពី​ពេល​នោះ​មក យុវតី​ក៏​ចាប់​មាន​ទំនាក់​ទំនង​ជាមួយ​តារា​ចម្រៀង​មក​ពី​បាត់ដំបង​ដូច​គ្នា អ្នក​ចម្រៀង​នៅ​ភ្នំ​ពេញ​ ​ និង​អ្នក​ចម្រៀង​ពី​តាម​ខេត្ត​នានា ជា​ច្រើន​ទៀត ​​ ដូច​ជា​លោក​ តូច តេង, លោក សុះ ម៉ាត់, លោក មាស ហុក​សេង, អ្នក​ស្រី ម៉ៅ សារ៉េត, អ្នក​ស្រី កែវ មន្ថា, អ្នក​ស្រី ឈួន ម៉ាឡៃ ជា​ដើម ។​ នៅ​ទី​បំផុត​ យុវតី​យើង ក៏​បាន​ជួប​នឹង​អធិរាជ​សំនៀង​ទេព ស៊ិន ស៊ីសាមុត​ ហើយ​ជីវិត​ជា​អ្នក​ចម្រៀង​វិញ ក៏​កាន់​តែ​លេច​ធ្លោ​អណ្តែត​ឡើង​ថែម​ទៀត យ៉ាង​ឆាប់រហ័ស ហួស​ការ​ស្មាន​ តាំង​ពី​ពេល​នោះ​មក ​។​ រស់ សិរី​សុទ្ធា ឬ រស់ សេរី​សុទ្ធា បាន​ទទួល​ប្រិយភាព និង​ការ​គាំ​ទ្រ​ពេញ​ប្រទេស រួម​ទាំង​មហាក្សត្រ នាម៉ឺន​មុខ​មន្រ្តី និង​ប្រជា​ពលរដ្ឋ​ខែ្មរ​ទាំង​មូល ។ នៅ​ឆ្នាំ ១៩៦៩ អ្នក​ចម្រៀង​វ័យ​ក្មេង​របស់​យើង បាន​ទទួល​គោរម​ងារ​ពី​ព្រះ​ប្រមុខ​រដ្ឋ​ខ្មែរ សម្តេច​ព្រះ​ឧបយុវរាជ នរោត្តម សីហនុ ថា ជា​ រាជិនី​សំនៀង​មាស​ប្រចាំ​កម្ពុជា ។ ដោយ​សារ​ទឹក​ដម​សំនៀង និង​ទេពកោសល្យ​ដ៏​ឆ្នើម យុវតី​ សុទ្ធា បាន​ត្រូវ​លោក​ ស៊ិន ស៊ីសាមុត ណែ​នាំ​ខ្លួន អោយ​ជួប​នឹង​លោក ពៅ ស៊ីផូ, លោក វ៉ោយ ហូរ, លោក ហាស់ សាឡន និង​អ្នក​និពន្ធ​បទ​ភ្លេង អ្នក​លេង​តូរ្យ​តន្ត្រី​យ៉ាង​ចំណាន ៗ ដទៃ​ទៀត​ ដូច​ជា លោក គង្គ​ ប៊ុន​ឈឿន, លោក មែរ ប៊ុន, លោក ហេង ហួរ​វេង​, លោក ម៉ា ឡៅពី, លោក ស្វាយ សំអឿ, លោក អ៊ុំ សុផានុរក្ស ដែល​ជា​ស្វាមី​របស់​អ្នក​ស្រី ហួយ មាស​ ជា​ដើម ។

នៅ​ក្នុង​អំឡុង​ពេល ដែល​យុវនារី សុទ្ធា ដ៏​ស្រស់​សោភា កំពុង​មាន​ឈ្មោះ​បោះសំឡេង ល្បី​ល្បាញ​នោះ មាន​បុរស​មួយ​រូប ជា​ម្ចាស់​រង្គសាល​ព្រះ​ច័ន្ទ​ពេញ​វង់ និង​ជា​កូន​របស់​ថៅកែ​ភាព​យន្ត​មួយ​រូប​ បាន​តាម​ភ្ជាប់​ចំណង​មេត្រីភាព ជាមួយ​រូប​នាង​​ ប៉ុន្តែ​បាន​ត្រូវ​ក្រុម​គ្រួសារ​របស់​លោក តាម​ឆាឆៅ ជំទាស់​ជាប់​រហូត ថែម​ទាំង​តាម​គំរាម​កំហែង ដល់​សុវត្ថិភាព​របស់​នាង ទៀត​ផង ។ ដោយ​ក្តី​រំខាន​ក្នុង​ចិត្ត​ខ្លាំង​ពេក អ្នក​ស្រី​ក៏​សម្រេច​ចិត្ត​រៀប​ការ​យ៉ាង​ទាន់​ហន់​ នៅ​ឆ្នាំ ១៩៦៨ ជាមួយ​លោក សុះ ម៉ាត់ ដែល​ជា​អ្នក​ចម្រៀង​បុរស​ ដែល​មាន​រូប​សង្ហា សម្បូរ​ស្នេហ៍ មួយ​រូប​ដែរ ​ ហើយ​ដែល​កំពុង​តាម​ជួយ​ជ្រោម​ជ្រែង​រូប​នាង អោយ​ក្លាយ​ជា​តារា​រះ​យ៉ាង​ភ្លឺ​ចិញ្ចាច​នៅ​ក្នុង​ផ្ទៃ​កម្ពុជា ។ កាល​ណោះ ក្រុម​គ្រួសារ​សាច់​ញាតិ នៅ​បាត់ដំបង ទាំង​ម្តាយ​និង​បង​ប្អូន មិន​សប្បាយ​ចិត្ត​ទេ​ ព្រោះ​លោក សុះ ម៉ាត់ ធ្លាប់​មាន​ភរិយា​ពីរ​នាក់​រួច​មក​ហើយ ហើយ​ក៏​មិន​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​នារី​ណា​ម្នាក់​ដែរ ។ ប៉ុន្តែ ក៏​គ្មាន​នរណា អាច​ឃាត់​នាង​បាន​ដែរ ព្រោះ​ពួក​គេ​ម្នាក់ ៗ សុទ្ធ​តែ​ជាប់​ជំពាក់​គុណ​បំណាច់​ទំនុក​បម្រុង​របស់ សុទ្ធា គ្រប់ ៗ គ្នា ។​ ម្ល៉ោះ​ហើយ សុទ្ធា ក៏​បាន​ចេញ​មុខ រៀប​ការ​ជាមួយ​លោក សុះ ម៉ាត់ ពេញ​ច្បាប់ ដោយ​មាន​ភរិយា​ដើម​ទាំង​ពីរ​រូប​​របស់​លោក សុះ ម៉ាត់ មក​ចូល​រួម​ពិធី​មង្គល​ការនោះ​ផង ។ ប៉ុនែ្ត ចំណង​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ មិន​មាន​អាយុ​ច្រើន​ខែ​ទេ​ ព្រោះ​លោក សុះ ម៉ាត់ មាន​ចរិត​ប្រច័ណ្ឌ​ច្រើន ហើយ​បាន​ធ្លាប់​ទាត់​ធាក់ វាយ​ដំ​អ្នក​ស្រី សុទ្ធា យ៉ាង​ទារុណ ។ មាន​កាល​មួយ​នោះ ក្រោយ​ពី​រៀប​ការ​ហីយ​បាន ៥ ឬ ៦ ខែ លោក សុះ ម៉ាត់ បាន​ស្ទុះ​ឡើង​ទៅ​​ទះ​តប់​​វាយ​ធ្វើ​បាប​ភរិយា​​យ៉ាង​ដំណំ នៅ​លើ​វេទិកា​ចម្រៀង ក្នុង​ចំណោម​ភ្ញៀវ​កំពុងជប់លៀងអ៊ូអរ ដោយ​សារ​ក្តី​ប្រច័ណ្ឌ​ចំពោះ​ភ្ញៀវ ដែល​និយាយ​លលេង ទៅ​អ្នក​ស្រី ពេល​សម្តែង​នៅ​លើ​ឆាក ។​ ដោយ​មូលហេតុ​នៃ​ការ​វាយ​ដំ​នោះ អ្នក​ស្រី សុទ្ធា បាន​បាត់​បង់​​ទារក​ក្នុង​ផ្ទៃ​មួយ​រូប អាយុ ៥ ខែ គឺ​ក្មេង​ស្លាប់​ទាំង​មិន​ទាន់​បាន​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ ។ រី​ឯ​អ្នក​ស្រី​វិញ ក៏​ត្រូវ​រង​របួស​ផ្លូវ​កាយ ដែល​ត្រូវ​ការ​ការ​ព្យាបាល​យ៉ាង​យូរ ទម្រាំ​នឹង​ជា​សះ​ស្បើយ​មក​វិញ ។ ដោយ​ឃើញ​ប្អូន​ស្រី រង​របួស​ធ្ងន់​ពេក អ្នក​សី្រ សាបឿន ជា​បង​ បាន​ជំរុញ​អោយ​អ្នក​ស្រី សុទ្ធា ដាក់​ពាក្យ​ប្តឹង​លែង​លះ តែ​ត្រូវ​លោក សុះ ម៉ាត់ តាម​គំរាម​កំហែង​ រក​សម្លាប់​អស់​មួយ​ពូជ ។ ពេល​នោះ អ្នក​ស្រី សាបឿន កើត​មាន​ចិត្ត​ភិត​ភ័យ ចំពោះ​សុវត្តិភាព​របស់​អ្នក​ស្រី សុទ្ធា ក៏​នាំ​ប្អូន​ត្រឡប់​មក​រស់​នៅ​ឯ​បាត់ដំបង​វិញ ​។ ដំណឹង​នេះ​បានល្បី ទៅ​ដល់​លោក ស៊ិន ស៊ីសាមុត រហូត​ធ្វើ​អោយ​លោក​ចេញ​មុខ​អន្តរាគមន៍ ដោយ​ធ្វើ​ដំណើរ​មក​តាម​រក​អ្នក​ស្រី សុទ្ធា​ ដល់​លំនៅ ឯ​បាត់ដំបង ។​ លោក​បាន​អញ្ជើញ​អ្នក​ស្រី​អោយ​វិល​ត្រឡប់​ទៅ​ច្រៀង​ជាមួយ​លោក​វិញ​ ដោយ​ធានា​សុវត្ថិភាព ១០០ ភាគ​រយ​ដល់​អ្នក​ស្រី ។​ លុះ​ត្រឡប់​មក​ដល់​ភ្នំ​ពេញ​វិញ អ្នក​ស្រី​ក៏​បាន​ប្តូរ​មក​រស់​នៅ​ម្តុំ​វត្ត​នាគវ័ន ដើម្បី​ចៀស​មិន​អោយ​ជួប​មុខ​លោក សុះ ម៉ាត់ ត​ទៅ​ទៀត ហើយ​ក៏​បន្ត​ទេពកោសល្យ ជា​រាជិនី​សំនៀង​មាស​ប្រចាំ​កម្ពុជា ជា​មួយ​លោក ស៊ិន ស៊ីសាមុត និង​ក្រុម​តន្រ្តី ដែល​លោក ស៊ិន ស៊ីសាមុត ណែ​នាំ​តែ​ប៉ុណ្ណោះ ។​ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ស្រី​ក៏​បាន​រស់​នៅ​រក​ស៊ី ដោយ​សុខ​សប្បាយ ហើយ​ចម្រុង​ចម្រើន​រហូត​រៀង​បន្ត​មក ។

ជាង​មួយ​ឆ្នាំ​ក្រោយ​មក​ទៀត នៅ​ចុង​ឆ្នាំ ១៩៦៩ អ្នក​ស្រី សុទ្ធា បាន​ជួប​នឹង​កំលោះ​មួយ​រួប ឈ្មោះ ហ៊ុយ ស៊ីផាន់ ជា​កូន​ប្រុស​របស់​ថៅកែ វណ្ណ ច័ន្ទ ម្ចាស់​ផលិតកម្ម​ថាស​ចម្រៀង​ដ៏​ល្បី​ល្បាញ​ជំនាន់​នោះ​ រួចហើយ​ក៏​ភ្ជាប់​ទំនាក់​ទំនង​ដ៏​ល្អ​នោះ រហូត​ដល់​បាន​កូន​ប្រុស​មួយ ។ អ្នក​ទាំង​ពីរ​រស់​នៅ​សុខ​សាន្ត មាន​សុភមង្គល​ពេញ​លក្ខណៈ មិន​មាន​ការ​រកាំ​រកូស អ្វី​បន្តិច​ឡើយ ​​។ ​ រី​ឯ​មុខ​របរ​រក​ស៊ី​ខាង​ផលិត​បទ​ចម្រៀង​វិញ ក៏​កាន់​តែ​រីក​ចម្រើន​ឡើង ជា​លំដាប់ ។

រវាង​ឆ្នាំ ១៩៧០ អ្នក​ស្រី សុទ្ធា បាន​ជាប់​កំណែន​ជា​សមាជិក​កង​ទ័ព​ឆត្រ​យោង បម្រើ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ ថែម​ទាំង​ជា​នារី​ខ្មែរ​តែ​មួយ​រូប​គត់ ដែល​ហ៊ាន​លោត​ឆត្រ​យោង​ពី​លើ​អាកាស ក្នុង​ប្រវត្តិសាស្រ្ត​កម្ពុជា ។ ពេល​នោះ កិត្តិសព្ទ​របស់​អ្នក​ស្រី ក៏​កាន់​តែ​មាន​ប្រជាប្រិយភាព រីក​សុះ​សាយ​ថែម​ទៀត តាម​រយៈ​ការ​ផ្សាយ​តាម​កាសែត តាម​វិទ្យុ និង​តាម​ទូរទស្សន៍ អំពី​សកម្មភាព​លោត​ឆត្រ​យោង​របស់​អ្នក​ស្រី ។ ​ ឯ​រូប​សោភ័ណ​របស់​អ្នក​ស្រី និង​សំនៀង​របស់​អ្នក​ស្រី​ ក៏​កាន់​តែ​ក្លាយ​ជា​ទី​ចាប់​ចិត្ត ចាប់​អារម្មណ៍ នៃ​មនុស្ស​ផង​ទាំង​ពួង​ រួម​ទាំង​លោក​ឧត្តមសេនីយ ស្រី យ៉ា ដែល​ជា​មេ​បញ្ជាការ​កង​ទ័ព​ឆត្រ​យោង មាន​ទី​តាំង​នៅ​ជិត​បណ្ឌិត​រាជសភា និង​មហាវិទ្យាល័យ​មនុស្សសាស្រ្ត នោះ​ទៀត​ផង ។

នៅ​ថ្ងៃ​មួយ ក្នុង​ឆ្នាំ ១៩៧១ មាន​ក្រុម​ទាហាន​មួយ​ហ្វូង បើក​ឡាន​ហ្ស៊ីប​ចូល​មក​អញ្ជើញ​អ្នក​ស្រី​ចេញ​ពី​ផ្ទះ នាំ​ខ្លួន​អ្នក​ស្រី ទាំង​កណ្តាល​យប់ ទៅ​ជូប​លោក​ឧត្តមសេនីយ ស្រី យ៉ា​​ ហើយ​បាន​ត្រូវ​ឃាត់​ខ្លួន​ទុក​នៅ​ទី​នោះ មិន​អោយ​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ ។ ពេល​នោះ បង​ប្រុស​របស់​អ្នក​ស្រី ឈ្មោះ​ លោក រស់ សុគុណ បាន​ចេញ​មុខ​ជំនួស​លោក ស៊ីផាន់ សូម​ធានា​យក​ខ្លួន​របស់​អ្នក​ស្រី សុទ្ធា ត្រឡប់​មក​ផ្ទះ​វិញ តែ​ក៏​ត្រូវ​លោក ស្រី យ៉ា គំរាម​កំហែង ចង់​យាយី​ជីវិត​របស់​លោក ស៊ីផាន់ ទៀត​ផង ។​ ដោយ​ការ​ភិត​ភ័យ​ខ្លាំង​ពេក លោក​ហ៊ុយ ស៊ីផាន់ បាន​នាំ​កូន​ប្រុស គេច​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​បារាំង រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។​

កាល​នោះ ភរិយា​ដើម​របស់​លោក ស្រី យ៉ា មាន​រោគ​ស្រ្តី មិន​អាច​មាន​បុត្រ​បាន​ ទើប​លោក ស្រី យ៉ា​ បាន​ប្រើ​អំណាច​បង្ខំ​ចាប់​យក​អ្នក​ស្រី សុទ្ធា មក​ធ្វើ​ជា​ភរិយា​ចុង​តែ​ម្តង​ទៅ ។ ពេល​ដែល​បាន​មក​រស់​នៅ​ជាមួយ​លោក ស្រី យ៉ា អ្នក​ស្រី សុទ្ធា បាន​សុំ​យក​បង​ប្រុស​ រស់ សុគុណ និង​ប្អូន​ស្រី​ពៅ រស់ សោភ័ណ មក​រស់​នៅ​ជាមួយ ហើយ​ក៏​ជួយ​បណ្តុះ​បណ្តាល​បង​ប្អូន អោយ​មាន​អាជីព​នឹង​គេ ។

នៅ​អំឡុង​បួន​ឆ្នាំ ដែល​អ្នក​ស្រី សុទ្ធា រស់​នៅ​ជាមួយ​លោក ស្រី យ៉ា អ្នក​ស្រី​មាន​បុត្រ​បួន​រូប ។ មាន​ពេល​ខ្លះ អ្នក​ស្រី​ សុទ្ធា ត្រូវ​ជិះ​យន្ត​ហោះ​ចេញ​ក្រៅ​ប្រទេស ជាមួយ​លោក ស៊ិន ស៊ីសាមុត, អ្នក​ស្រី ប៉ែន រ៉ន, អ្នក​ស្រី ហួយ មាស, លោក​វ៉ោយ ហូរ, លោក ហាស់ សាឡន​​ ជា​ដើម ដើម្បី​ទៅ​ថត​ចម្រៀង​កាស្សែត ដូច​ជា នៅ​ប្រទេស​សាំងកាពួរ​ ឬ​ហុង​កុង ជា​ដើម ។ ប៉ុន្តែ អ្នក​ស្រី​មិន​សូវ​បាន​ទទួល​ការអនុញ្ញាត​ពី​លោក ស្រី យ៉ា ដើម្បី​ចេញ​បង្ហាញ​ថ្វី​ដៃ​តាម​វិទ្យុ​ជាតិ ទូរទស្សន៍​ជាតិ​​ ឬ​តាម​ពិធី​ជប់​លៀង​ពិសេស​នានា​យ៉ាង​សេរី​ ដូច​មុន​ឡើយ ។ នៅ​ចុង​ឆ្នាំ ១៩៧៤ រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ចរាចរណ៍​ក្រុង​ភ្នំ​ពេញ នៅ​ពេល​យប់​ ដោយ​មូលហេតុ​សង្រ្គាម​ដុន​ដាប រវាង​កង​ទ័ព​សាធារណរដ្ឋ​ខ្មែរ និង​កង​ទ័ព​ខ្មែរ​ក្រហម ។​ ពេល​នោះ អ្នក​ស្រី សុទ្ធា បាន​សុំ​លោក ស្រី យ៉ា នាំ​កូន ៗ ទៅ​នៅ​បាត់ដំបង​មួយ​រយៈ​ ដើម្បី​រក្សា​សុវត្ថិភាព​ផង ។ ណា​មួយ នៅ​ទី​នោះ រង្គសាល​ក៏​នៅ​មាន​បើក នៅ​ពេល​យប់​នៅ​ឡើយ​ ដូច្នេះ​អ្នក​ស្រី​អាច​នៅ​ចេញ​ច្រៀង​បម្រើ​ទេពកោសល្យ​របស់​ខ្លួន ជា​ជាង​រស់​នៅ​ជា​បក្សី​ក្នុង​ទ្រុង​មាស ឯ​ភ្នំ​ពេញ​ផង ។ ម្យ៉ាង​ទៀត នៅ​ពេល​នោះ អ្នក​ស្រី​បាន​ចូល​សម្តែង​ជា​តូ​ឯក​រង នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ខ្មែរ​មួយ​រឿង ពេល​ដែល​ត្រូវ​យំ ហើយ​ត្រូវ​ចេញ​មក​បង្ហាញ​ខ្លួន នៅ​លើ​វេទិកា ចំពោះ​មុខ​ទស្សនិកជន​ទាំង​ឡាយ មុន​នឹង​ពេល​ភាព​យន្ត​ចាប់​បញ្ចាំង ជា​លើក​ដំបូង​នៅ​ក្រុង​បាត់ដំបង ។ កាល​នោះ លោក ស្រី យ៉ា មាន​ការ​ទើស​ទាល់​ក្នុង​ចិត្ត​ណាស់ ប៉ុន្តែ​ដោយ​ចង់​រក្សា​សុវត្ថិភាព​អោយ​កូន ៗ​ លោក​ក៏​បណ្តោយ​អោយ​អ្នក​ស្រី​នាំ​កូន​ទៅ ។ មិន​បាន​ប៉ុន្មាន​អាទិត្យ​ផង លោក​ក៏​បាន​បញ្ជា​អោយ​គេ​នាំ​ខ្លួន​អ្នក​ស្រី សុទ្ធា និង​កូន​ចៅ​ត្រឡប់​មក​ភ្នំ​ពេញ​វិញ ។

​ប្រវត្តិ​​នៅ​ជំនាន់​ខ្មែរ​ក្រហម ១៩៧៥

ជំនាន់នោះ លោកស្រី យ៉ា​ បានបាត់ខ្លួនទៅនៅ​ពេល​ប្រតិបត្តិការ​លើ​សមរភូមិ ។ ហើយអ្នកស្រីក៏ត្រូវបានជម្លៀសចេញពីភ្នំពេញ ជាមួយនឹងកូន រួមទាំងបងប្អូនទៅតាមផ្លូវជាតិលេខ ៤ ។ នៅ​ឆ្នាំ ១៩៧៧ វេលា​ចូល​ឆ្នាំ​ខ្មែរ អ្នក​ស្រី សុទ្ធា បាន​ត្រូវ​អង្គការ​បដិវត្តន៍ ចាប់​បង្ខំ​អោយ​រៀប​ការ ជាមួយ​យោធា​មួយ​រូប​ ដែល​ពិការ​ដៃ​ម្ខាង មាន​ឈ្មោះ​ថា សមមិត្ត ត្រោក ជា​កង​កម្មាភិបាល​ជាន់​ខ្ពស់ មួយ​រូប របស់​អង្គការ ។​ ប៉ុន្តែ ជីវិត​អាពាហ៍ពិពាហ៍​ថ្មី​នេះ មិន​បាន​នាំ​សុភមង្គល​ល្អ​ប្រសើរ​អ្វី​ដល់​អ្នក​ស្រី​ សុទ្ធា ទេ ។ ផ្ទុយ​ទៅ​វិញ អ្នក​ស្រី​ត្រូវ​រស់​រង​ទុក្ខ​ជា​ប្រចាំ​ ត្បិត​បុរស​នោះ​កើត​ក្តី​ប្រច័ណ្ឌ​ចំពោះ​អ្នក​ស្រី នៅ​គ្រប់​វេលា​ទាំង​អស់ ដែល​អ្នក​ស្រី​ទទួល​ការ​សរសើរ​រាក់​ទាក់​ពី​ញាតិ​ផង ពេល​អ្នក​ស្រី​ឡើង​ចេញ​ច្រៀង នៅ​មីទីង​របស់​អង្គការ ឬ​នៅ​ទី​ណា ដែល​អង្គការ​ចាត់​តាំង​ អោយ​ទៅ​បំពេញ​កិច្ច ។​ ដោយ​ការ​ប្រច័ណ្ឌ​ហួង​ហែង​ខ្លាំង​ហួស​ប្រមាណ មិត្ត ត្រោក តែង​ប្រើ​ហិង្សា វាយ​ដំ​អ្នក​ស្រី​ជា​និច្ច ។ ចំណែក​អ្នក​ស្រី​វិញ មិន​អាច​តប​ត​ ឬ​រត់​គេច​បាន​ឡើយ ដោយ​ខ្លាច​បារមី​របស់​អង្គការ​ខ្មែរ​ក្រហម ហើយ​ជីវិត​អាពាហ៍ពិពាហ៍​នោះ មិន​មាន​អាយុ​ច្រើន​ខែ​ដែរ ។​ ដោយ​ជម្លោះ​ក្ឌុង​ក្ឌាំង​ញឹក​ញាប់​ពេក អង្គការ​ខាង​លើ​បាន​ហៅ​អ្នក​ស្រី ទៅ​កសាង​អប់​រំ​​ ដោយ​រំលឹក​អោយ​អ្នក​ស្រី គោរព​ស្វាមី​ មិន​អោយ​ឆ្លើយ​តប​ត​ មាន​មាត់​ក​ មាន​ហិង្សា ជាមួយ​លោក​យោធា​​កម្មាភិបាល​នោះ​ត​ទៅ​ទៀត ។ ប៉ុន្តែ អ្នក​ស្រី​តាំង​ចិត្ត​អត់​ធ្មត់​មិន​បាន ត្បិត​ត្រូវ​ស្វាមី​វាយ​ដំ​ជេរ​ប្រទេច​ច្រើន​ហួស​ប្រមាណ ក៏​តប​ត​ដោយ​សំដី​ខ្លះ ៗ ត្រឡប់​ទៅ​វិញ ដែល​ជា​ហេតុ​បណ្តាល​អោយ​អង្គការ​លើ ចាប់​ដាក់​ទោស បញ្ជូន​ខ្លួន អោយ​ទៅ​ធ្វើ​ការ នៅ​ភូមិ​មួយ​ផ្សេង​ទៀត​ នៅ​រវាង​ពាក់​កណ្តាល​ឆ្នាំ ១៩៧៧ ។ ​ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​នរណា​ម្នាក់​បាន​ដឹង​ដំណឹង​ពីអ្នក​ស្រី​ទៀត​ឡើយ ។

សូមអរគុណសម្រាប់ការយកចិត្តទុកដាក់ពីប្រវត្តិតារាឆ្នើមរបស់យើង

ប្រភព:https://km.wikipedia.org/wiki/រស់_សេរីសុទ្ធា

Comments
Loading...