តើប្រទេសថៃកើតមកពីណា?
នៅក្នុងសិលាចារឹក គេឃើញមានការកត់ត្រាពីវត្តមានរបស់ពួកថៃ ឬសៀម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រហែលជាចាប់ពីសតវត្សរ៍ទី១២មក។ ពួកថៃ ឬសៀម កាលពីមុនរស់នៅក្នុងខេត្តយូណានប្រទេសចិន ហើយបានចាប់ផ្តើមធ្វើអន្តោប្រវេសន៍ចាក់ចុះមកទិសខាងត្បូង បន្តិចម្តងៗ ចាប់តាំងពីសតវត្សរ៍ទី៩។
ពីដំបូង គេឃើញពួកថៃ ឬសៀមបានចុះមកតាំងទីលំនៅ នៅភាគខាងជើងប្រទេសលាវសព្វថ្ងៃ និងនៅឈៀងម៉ៃ។ ចំនួនពួកថៃ ឬសៀមនៅប៉ែកខាងជើងនៃតំបន់អាស៊ីអាគ្នេយ៍មានកាន់តែច្រើនឡើងៗ ហើយពួកគេក៏បានបង្កើតទៅជានគរតូចៗមួយចំនួន ដូចជា សុខោទ័យ ឆៀងសែន ឈៀងម៉ែ ស្រែមួយលាន និងអយុធ្យា។ ក៏ប៉ុន្តែ ពីដំបូង នគរទាំងអស់នេះជានគរទន់ខ្សោយ ហើយស្ថិតនៅក្រោមការឥទ្ធិពលរបស់អាណាចក្រខ្មែរ។
នៅពេលដែលអាណាចក្រខ្មែរចាប់ផ្តើមធ្លាក់ចុះខ្សោយ នគររបស់ពួកថៃ ឬសៀម ក៏បានពង្រឹងប្រទេសរបស់ខ្លួនបន្តិចម្តងៗ ឲ្យទៅជានគរដែលមានអធិបតេយ្យពេញលេញ ដោយចាប់ផ្តើមពីសុខោទ័យ នៅអំឡុងសតវត្សរ៍ទី១៣។ បន្ទាប់មកទៀត នៅសតវត្សរ៍ទី១៤ ក្រោយពីស្តេចរាមកំហែងចូលទិវង្គត សុខោទ័យត្រូវធ្លាក់ដុនដាប ហើយត្រូវធ្លាក់ក្រោមការត្រួតត្រារបស់នគរសៀមមួយទៀត គឺនគរអយុធ្យា។ គឺអយុធ្យានេះហើយ ដែលបានពង្រីកអំណាចនគរសៀម ហើយជាគូប្រជែងដ៏ធំបំផុតរបស់អាណាចក្រខ្មែរ នៅចុងសម័យអង្គរ។
កែសម្រួលដោយៈMr365