ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ជីវប្រវត្តិ​​​របស់​លោក Bill Gates

1,005

តើ​ប្រិយ​មិត្ត​មាន​ស្គាល់​ប្រព័ន្ធ​ប្រតិបត្តិ​ការ Windows របស់​ក្រុមហ៊ុន Microsoft សំរាប់​កុំព្យូទ័រ​លើ​តុ និង​កុំព្យូទ័រ​យួរ​ដៃ​ទូ​ទៅ​ដែរ​ឬ​ទេ? ​​ ជឿជាក់​ថា​មាន​ប្រិយ​មិត្ត​ជា​ច្រើន​ប្រាកដ​ជា​បាន​ស្គាល់ ​ហើយ​ប្រសិន​បើ​ប្រិយ​មិត្ត​ប្រើ​ប្រាស់​កុំព្យូទ័រ ​សំរាប់​បើក​មើល​អត្ថបទ​នៅ​លើ​គេហទំព័រ jomnes.com នេះ​ក៏​ប្រហែល​ជា​ប្រិយ​មិត្ត​បាន​នឹង​កំពុង​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows នេះ​ផង​ដែរ ពី​ព្រោះ​ ​​ ហ៊ាន​អះអាង​ថា កុំ​ព្យូទ័រ​ស្ទើរ​តែ​ ៧០% ទៅ ៨០%​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង សុទ្ធ​តែ​ត្រូវ​បាន​តំឡើង​កម្មវិធី Windows នេះ​ភ្ជាប់​មក​ជា​មួយ។ ងាក​មក​អត្ថបទ​របស់​យើង​វិញ ប្រសិន​បើ​ប្រិយ​មិត្ត​បាន​ស្គាល់​ពី Windows ​របស់​ក្រុមហ៊ុន Microsoft អញ្ចឹង​តើ​ប្រិយ​មិត្ត​ធ្លាប់​បាន​អា​នពត៌មាន ដែល​ទាក់​ទង​នឹង​បុគ្គល​ពីរ​រូប​ដែល​រួម​គ្នា បង្កើត​ក្រុមហ៊ុន Microsoft និង ប្រព័ន្ធ​ប្រតិបត្តិការ​ Windows នេះ​ឡើង​មក​ដែរ​ឬទេ? បុគ្គល​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​នោះ មាន​ឈ្មោះ​ថា Bill Gates លោក​ជា​សហគ្រិន​សញ្ជាតិ​អាមេរិក ជា​បុគ្គល​ដែល​ជោគជ័យ​បំផុត និង ជា​មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ នា​ពេល​បច្ចុប្បន្ន​នេះ។ ថ្ងៃ​នេះ​តាម​រយៈ​អត្ថបទ​មួយ​នេះ ​​ មាន​កិត្តយស​សូម​លើក​យក​នូវ​ជីវប្រវត្តិ​របស់​គាត់​ដោយ​សង្ខេប មក​បង្ហាញ​ជូន​ដល់​ប្រិយ​មិត្ត​ទុក​ជា​​ដឹង និង​ធ្វើ​ជា​ការ​សិក្សា​ស្រាវជ្រាវ ដូច​ខាង​ក្រោម៖

តើលោក Bill Gates ជានរណា?
លោក William Henry Gates III កើត​នៅ​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​១៩៥៥ គឺ​ជា​សហស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft ​ហើយ​ក៏​ជា​ មហាសេដ្ឋី​អាជីវកម្ម វិនិយោគិន អ្នក​និពន្ធ និង​សប្បុរស​ជន​មួយ​រូប​ផង​ដែរ។

នៅ​ក្នុង​ឆ្នាំ​ ១៩៧៥ គាត់​រួម​ជា​មួយ​នឹង​សហស្ថាបនិក​របស់​គាត់​ម្នាក់​ទៀត​គឺ​លោក Paul Allen បាន​ចាប់​ដំណើរ​ការ​ក្រុមហ៊ុន Microsoft ដែល​សព្វថ្ងៃ​នេះ​បាន​ក្លាយ​ទៅ​ជា ក្រុម​ហ៊ុន​ផលិត​កម្មវិធី​សំរាប់​កុំព្យូទ័រ ធំជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក។ កំឡុង​ពេល​ដែល​គាត់​បំពេញ​ការ​ងារ​នៅ​ក្នុង​ក្រុមហ៊ុន Microsoft គាត់​កាន់​តួ​នាទី​ជា ប្រធាន​ក្រុម​ប្រិក្សា​ភិបាល នាយក​ប្រតិបត្តិ​ និង​ជា​ នាយក​ផ្នែក​ផលិត​កម្មវិធី​ របស់​ក្រុមហ៊ុន​ផងដែរ ហើយ​ក៏​ជា​បុគ្គល​មួយ​រូប​ ដែល​មាន​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ច្រើន​ជាង​គេ​បង្អស់​ត្រឹម​ខែ​ឧសភា ឆ្នាំ២០១៤។ លោក​បាន​សុំ​លាឈប់​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០០០ ប៉ុន្តែ​គាត់​នៅ​កាន់​តួ​នាទី​ជា​នាយក​ក្រុម​ប្រឹក្សា​ភិបាល និង​បង្កើត​តួ​នាទី​ជា​នាយក​ផ្នែក​ផលិត​កម្មវិធី​ សំរាប់​ខ្លួន​គាត់​ផ្ទាល់។ នៅ​ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០០៦ លោក​បាន​ប្រកាស​ឈប់​ធ្វើ​ការ​ពេញ​ម៉ោង​ នៅ​ក្នុង​ក្រុមហ៊ុន​ Microsoft ហើយ​សុំ​ធ្វើ​ការ​ក្រៅ​ម៉ោង​ប៉ុណ្ណោះ ដោយ​លោក​ចង់​យក​ពេល​វេលា​ដែល​នៅ​សេស​សល់​ ទៅ​ធ្វើ​ការ​ងារ​មនុស្ស​ធម៌​នៅ​ក្នង​ មូល​និធិ Bill & Melinda Gates ដែល​ជា​មូល​និធិ​បង្កើត​ឡើង​ដោយ​រូប​លោក និង​ភរិយា​របស់​លោក​។ គាត់​បាន​ផ្ទេរ​កិច្ច​ការ​ងារ​របស់​ខ្លួន ទាក់​ទង​នឹង​ក្រុមហ៊ុន Microsoft ទៅ​អោយ​លោក Ray Ozzie និង​លោក Craig Mundie។ ចុង​ក្រោយ​គាត់​បាន​សុំ​លា​ឈប់​ពី​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ហើយ​កាន់​តួនាទី​ត្រឹម​ជា ទីប្រឹក្សា​បច្ចេកទេស ដើម្បី​ផ្ដល់​ជា​ជំនួយ​ខ្លះ​ទៅ​អោយ​ នាយក​ប្រតិបត្តិ​ថ្មី​របស់​ក្រុមហ៊ុន​ គឺ​លោក Satya Nadella ប៉ុណ្ណោះ។

លោក​ Bill Gates គឺ​ជា​សហគ្រិន​មួយ​រូប​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ យ៉ាង​ទូលំទូលាយ​នូវ​ទូ​ទាំង​ពិភព​លោក ចំពោះ​ស្នាដៃ​នៅ​ក្នុង​ការ ធ្វើ​បដិវត្តន៍​វិស័យកុំព្យូទ័រ​ផ្ទាល់​ខ្លួន។ ក៏​ប៉ុន្តែ​គាត់​ក៏​ធ្លាប់​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​រិះគន់​ផង​ដែរ ចំពោះ​យុទ្ធសាស្ដ្រ​ពាណិជ្ជកម្ម​របស់​គាត់​ ​ដោយ​ពួកគេ​ចាត់​ទុក​ថា​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​លុប​បំបាត់ ឬ​ប្រឆាំង​ជា​មួយ​នឹង​ការ​ប្រកួត​ប្រជែង។ គំនិត​ទាំង​អស់​នេះ​ត្រូវ​បាន​គាំ​ទ្រ​ដោយ​រឿង​ក្ដី​មួយ​ចំនួន​រហូត​ឈាន​ដល់​ ការ​កាត់​ក្ដី​នៅ​តុលាការ​ថែម​ទៀត​ផង។ នៅ​ក្នុង​អាជីព​របស់​គាត់​បន្ទាប់​មក​ទៀត លោក​បាន​ប្រឹងប្រែង​ ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ជា​ច្រើន ដោយ​ក្នុង​នោះ​លោក​បាន​ធ្វើ​ការ​បិរច្ចាគ​ នូវ​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ជូន​ទៅ​ដល់​អង្គការ​មនុស្ស​ធម៌​នានា និង​កម្ម​វិធី​ស្រាវ​ជ្រាវ​វិទ្យាសាស្ដ្រ​ផ្សេង​ៗ​ផង​ដែរ តាម​រយៈ​មូល​និធី Bill & Melinda Gates ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០០០។

ចាប់​តាំង​ពី​ឆ្នាំ ១៩៨៧ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​ លោក​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​ពាណិជ្ជកម្ម Forbes នៅ​ក្នុង​បញ្ជី​មហាសេដ្ឋី​ដែល​ល្បីៗ​ និង​មាន​ទ្រព្យ​សម្បត្តិ​បំផុត​នៅ​លើ​ពិភព​លោក។ ហើយ​គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៧ លោក​គឺ​ជា​បុគ្គល​មួយ​រូប ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​នៅ​លើ​លោក ដោយ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រហែល ៨៩,៩ ពាន់​លាន​ដុល្លា។ នៅ​ក្នុង​ឆ្នាំ​ ២០០៩ ​លោក​រួម​នឹង​មហាសេដ្ឋី​មួយ​រូប​ទៀត​គឺ​លោក Warren Buffet បា​ន​រួម​គ្នា​បង្កើត​ជា​សមាគមន៍ The Giving Pledge ដែល​ជា​សមាគមន៍​មួយ​ត្រូវ​បាន​ចូល​រួម​ជា​សមាជិក​ ដោយ​មហាសេដ្ឋី​ជា​ច្រើន​នៅ​លើ​ពិភព​លោក ហើយ​សមាជិក​ម្នាក់​ៗ​ត្រូវ​បាន​ ស្នើ​សុំ​អោយ​ធ្វើ​ការ​សន្យា​ថា​នឹង​ធ្វើ​ការ​បរិច្ចាគ​ប្រាក់​យ៉ាង​ហោច​ណាស់ ពាក់​កណ្ដាល​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​ពួកគេ​ ក្នុង​គោល​ដៅ​នៃ​ការ​ងារ​មនុស្ស​ធម៌។

ជីវិតពី​កុមារភាព ប្រវត្តិ​នៃ​ការ​សិក្សា និង​ ការ​ងារ

លោក​ Bill Gates បាន​ចាប់​កំណើត​នៅ​ក្នុង​ទី​ក្រុង Seattle រដ្ឋ​ Washington នៅ​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​១៩៥៥។ គាត់​គឺ​ជា​កូន​ប្រុស​របស់​លោក William H. Gates Sr. និង​លោក​ស្រី Mary Maxwell Gates។ គាត់​គឺ​ជា​កូន​កាត់​ដែល​មាន​ឈាម​ជ័រ​ជា​ជនជាតិ អង់គ្លេស អាល្លឺម៉ង់ អៀរឡង់ និង​ស្កុតឡែន។ ឪពុក​របស់​គាត់​គឺ​ជា​ មេធាវី​ដ៏​លេច​ធ្លោ​មួយ​រូប ចំណែក​ម្ដាយ​របស់​គាត់​វិញ​ មាន​តួ​នាទី​ជា​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន First Interstate BancSystem និង​ United Way។ ចំណែក​ជីតា​ខាង​ម្ដាយ​របស់​គាត់​ គឺ​លោក JW Maxwell មាន​តួ​នាទី​ជាប្រធាន​ធនាគារ​ជាតិ។ លោក​ Bill Gates មាន​បង​ស្រី​ម្នាក់គឺ​លោក​ស្រី Kristianne និង​មាន​ប្អូន​ស្រី​ម្នាក់​គឺ​លោក​ស្រី Libby។ ឈ្មោះ​កំណើត​របស់​គាត់​គឺ​ជា​ឈ្មោះ ជំនាន់​ទី​៤ នៅ​ក្នុង​ត្រកូល​ក្រុម​គ្រួសារ​ Gates ក៏​ប៉ុន្តែ​គាត់​ត្រូវ​បាន​ស្គាល់​ថា​ជា William Gates III ឬ Trey ពីព្រោះ​ឈ្មោះ​ឪពុក​របស់​គាត់​បញ្ចប់​ដោយលេខ​រ៉ូម៉ាំង​ទី​២ (II)។ ពី​កុមារ​ភាព​ឪពុក​ម្ដាយ​របស់​លោក​ មាន​គម្រោង​រៀប​ចំ​អោយ​លោក​ចាប់​យក​អាជីព​ជា​មេធាវី​មួយ​រូប។ នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​ត្រូវ​បាន​គេ​ដឹង​ថា ឪពុក​ម្ដាយ​របស់​លោក​តែង​តែ​លើក​ទឹក​ចិត្ត​អោយ​មាន​ការ​ប្រកួត​ប្រជែង​គ្នា ធ្លាប់​មាន​សាច់​ញាតិ​របស់​គាត់​ជា​ច្រើន​បាន​ប្រាប់​ថា មិន​ថា​លេង​កីឡា ឬ​ធ្វើ​សកម្មភាព​ណា​មួយ​ឡើយ បង​ប្អូន​របស់​លោក​តែង​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ពី​ឪពុក​ម្ដាយ​ អោយ​ប្រកួត​ប្រជែង​គ្នា ដើម្បី​ទទួល​បាន​រង្វាន់​សម្រាប់​អ្នក​ឈ្នះ និង​ការ​ពិន័យ​សម្រាប់​អ្នក​ចាញ់។

នៅ​អាយុ​ ១៣​ឆ្នាំ គាត់​បាន​ចូល​រៀន​ក្នុង​សាលា Lakeside ដែល​ជា​សាលា​ឯកជន​សម្រាប់​សិស្ស​ត្រៀម។ ហើយ​នៅ​ពេល​ដែល​គាត់​រៀន​ក្នុង​ថ្នាក់​ទី៨ ក្លិប​សិក្សា​មួយ​នៅ​ក្នុង​សាលា​បានយក​ប្រាក់​បរិច្ចាគ ហើយ​ក៏​បាន​ទិញ​កុំព្យូទ័រ​ប្រភេទ Teletype Model 33 មួយ​គ្រឿង​របស់​ក្រុមហ៊ុន General Electric (GE) ដើម្បី​ផ្ដល់​ជូន​សិស្ស​នៅ​ក្នុង​សាលា​បាន​ប្រើ​ប្រាស់។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​ Gates បាន​ចាប់​ផ្ដើម​មាន​ចំណង់​ចំណូល​ចិត្ត​ នៅ​ក្នុង​ការ​សរសេរ​កម្មវិធី​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​របស់ GE ដោយ​ប្រើ​ប្រាស់​ភាសា Basic ហើយ​ត្រូវ​បាន​ផ្ដល់​សិទ្ធ​ពិសេស​ដោយ​មិន​ចាំ​បាច់​ចូល​រៀន​ថ្នាក់​គណិតវិទ្យា​ ដើម្បី​បន្ត​សិក្សា​ស្វែង​យល់​លើ​ចំណង់​ចំណូល​ចិត្ត​ថ្មី​មួយ​នេះ។ គាត់​បាន​បង្កើត​កម្មវិធី​កុំព្យូទ័រ​ដំបូង​បំផុត​ដាក់​ក្នុង​ម៉ាស៊ីន​មួយ​នោះ ដែល​កម្ម​វិធី​នោះ​គឺ​ជា​ល្បែង ខ្វែង XO ឬ tic-tac-toe ដែល​អនុញ្ញាតិ​អោយ​អ្នក​ប្រើ​ប្រាស់​លេង​ល្បែង​មួយ​នេះ​ជា​មួយ​នឹង​កុំព្យូទ័រ​បាន។ ម៉ាស៊ីន​កុំព្យូទ័រ​ពិត​ជា​ធ្វើ​អោយ​គាត់​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពី​វិធី​ដែល​វា​អាច​មាន​សមត្ថភាព​ដំណើរ​ការ​ កូដ បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ។ នៅ​ពេល​រំលឹក​ដល់​រឿង​នេះ​ឡើង​វិញ​ លោក​បាន​មាន​ប្រសាសន៍​ថា “ពិត​ជា​មាន​រឿង​ពិសេស​មួយ​ចំពោះ​ដំណើរ​ការ​ម៉ាស៊ីន​កុំព្យូទ័រ​មួយ​នោះ”។ គាត់​រួម​ជា​មួយ​នឹង​សិស្ស​បី​រូប​ផ្សេង​ទៀត​ (រួម​មានលោក Paul Allen លោក Ric Weilan និង​លោក Kent Evans) ត្រូវ​បាន​សាលា​ធ្វើ​ការ​ ហាម​ឃាត់​មិន​អោយ​ប្រើ​ប្រាស់​ម៉ាស៊ីន​កុំព្យូទ័រ​ជា​បណ្ដោះ​អាសន្ន​ក្នុង​វិស្សមកាល​រដូវ​ក្ដៅ ក្រោយ​ពេល​ដែល​ខាង​សាលា​បាន​រក​ឃើញ​ថា​ពួកគាត់​ទាំង​អស់​គ្នា​បាន​សរសេរ​ កូដ​វ៉ីរុស​កុំព្យូទ័រ​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​របស់​វា ដើម្បី​កែ​ប្រែ​ម៉ោង ហើយ​មាន​ឱកាស​ប្រើ​កុំព្យូទ័រ​បាន​យូរ​ជា​រាល់​ដង។

ក្រោយ​ពេល​ការ​ហាម​ឃាត់​ត្រូវ​បាន​ផុត​កំណត់ សិស្ស​ទាំង​៤​រូប ត្រូវ​បាន​ផ្ដល់​ឱកាស​ការ​ងារ​អោយ​ធ្វើ​ការ​ស្វែង​រក​បញ្ហា​នៅ​ក្នុង កម្មវិធី​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Computer Center Corporation (CCC) ដើម្បី​ប្ដូរ​បាន​ពេល​វេលា​ប្រើ​ប្រាស់​កុំព្យូទ័រ​បាន​យូរ​ជាង​រាល់​ដង។ ជំនួស​អោយ​ការ​សិក្សា​ពី​ប្រព័ន្ធ​គម្រូ លោក​ Gates បាន​ធ្វើ​ដំណើរ​ទៅ​កាន់ ការិយាល័យ​របស់​ CCC ហើយ​ចាប់​ផ្ដើម​សិក្សា​ពី​ កូដ​ដើម​របស់​វា ដោយ​រួម​មានកូដ​នៅ​ក្នុង​កម្មវិធី​ជា​ច្រើន​ដូច​ជា កម្មវិធី Fortran កម្មវិធី Lisp និង​ភាសា​ Binary របស់​កុំព្យូទ័រ​។ គាត់​បន្ត​ការ​ងារ​បែប​នេះ​ជា​មួយ​ CCC រហូត​ដល់​ឆ្នាំ ១៩៧០ ​ដែល​ជា​ពេល​ដែល​ក្រុមហ៊ុន CCC ត្រូវ​បិតទ្វារ។ ឆ្នាំ​បន្ទាប់ ក្រុមហ៊ុន Information Schiences, Inc. ​បាន​ជួល​សិស្ស​ដដែល​ទាំង​៤​រូប​នេះ អោយ​សរសេរ​កម្មវិធី គ្រប់​គ្រង​លើ​ប្រាក់​បៀរវត្ស​ដែល​មាន​ឈ្មោះ​ថា COBOL ដោយ​ផ្ដល់​អោយ​ពួក​គេ​នូវ​ពេល​វេលា​សិក្សា​ពី​កុំព្យូទ័រ និង​ភាគរយ​ទៅ​លើ​ប្រាក់​ចំណេញ។ គណៈ​គ្រប់​គ្រង​របស់​សាលា​ចាប់​ផ្ដើម​បាន​ដឹង​ពី​ទេពកោសល្យ​ ក្នុង​ការ​សរសេរ​កូដ​របស់​លោក នៅ​ពេល​ដែល​លោក​បាន​ សរសេរ​កម្មវិធី​ចូល​លុក​លុយ ប្រព័ន្ធ​ចាត់​ចែង​កាល​វិភាគ​របស់​សិស្ស​ប្រចាំ​ថ្នាក់​របស់​ខ្លួន។ កូដ​ដែល​គាត់​សរសេរ​នា​ពេល​នោះ​ បាន​ធ្វើ​ការ​កែ​ប្រែ​នូវ​កាលវិភាគ​ក្នុង​ថ្នាក់​រៀន ដែល​ជា​កាល​វិភាគ​រៀន​របស់​សិស្ស​ស្រី​ស្អាតៗ​នៅ​ក្នុង​សាលា ហើយ​កំណត់​ម៉ោង​សិក្សា​របស់​ពួក​នាង​ អោយ​ត្រូវ​គ្នា​ជាមួយ​នឹង​ម៉ោង​រៀន​របស់​លោក​តែ​ប៉ុណ្ណោះ។ ​គាត់​ធ្លាប់​បាន​លើក​ឡើង​ថា “វា​គឺ​ពិត​ជា​មាន​ផល​វិបាក​ខ្លាំង​ណាស់ ដែល​គាត់​ពិត​ជា​មិន​អាច​ឃ្លាត​ឆ្ងាយ​ពី​ម៉ាស៊ីន​ដែល​អាច​មាន​លទ្ធភាព​ធ្វើ​អោយ​គាត់ បាន​ធ្វើ​ការ​បង្ហាញ​ពី​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​របស់​ខ្លួន”។ ហើយ​នៅ​ពេល​ដែល​គាត់​មាន​អាយុ ១៧​ឆ្នាំ លោក​ Gates ក៏​បាន​បណ្ដាក់​ទុន​ជាមួយ​នឹង​លោក Paul Allen ហើយ​បង្កើត​ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា Traf-O-Data ដែល​នៅ​ពេល​នោះ​ គាត់​បាន​បង្កើត​ជា​កម្មវិធី​គ្រប់​គ្រង​លើ​ប្រព័ន្ធ​ចរាចរណ៍ ដោយ​ដំណើរ​ការ​លើ Intel 8008 Processor។

លោក​ Bill Gates បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា Lakeside នៅ​ក្នុង​ឆ្នាំ​ ១៩៧៣ និង​ទទួល​បាន​ងារ​ជា អ្នក​ប្រាជ្ញ​ថ្នាក់​ជាតិ។ គាត់​ទទួល​បាន​ពិន្ទុ ១៥៩០ លើ ១៦០០ សម្រាប់​ការ​ប្រលង​យក​អាហារូបករណ៍​ SAT ហើយ​បាន​ចូល​រៀន​ក្នុង​មាហាវិទ្យាល័យហាវើដ ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​ដដែល។ ក្នុង​ឆ្នាំ​ដំបូង​លោក​រើស​យក​មុខ​វិជ្ជា​ច្បាប់ ​ប៉ុន្តែ​បាន​ផ្លាស់​ប្ដូរ ហើយ​ចាប់​យក​មុខ​វិជ្ជា​គណិត ​និង​បាន​បញ្ចប់​ការ​សិក្សា​លើ​ផ្នែក​វិទ្យាសាស្ដ្រ​កុំព្យូទ័រ។ ខណៈ​ពេល​លោក​រៀន​នៅ​សាលាហាវើដ លោក​បាន​ជួប​ជាមួយ​នឹង​មិត្ត​រួម​ថ្នាក់​របស់​ខ្លួន​គឺ​លោក Steve Ballmer (អតីត​នាយក​ប្រតិបត្តិ​របស់​ Microsoft និង​បច្ចុប្បន្ន​លោក​ក៏​ជា​មហាសេដ្ឋី និង​បុគ្គល​ជោគជ័យ​មួយ​រូប​ផង​ដែរ)។ លោក​ Gates បាន​ចាក​ចេញ​ពី​សាលាហាវើដ ពីរ​ឆ្នាំ​បន្ទាប់ ខណៈ​ដែល​លោក Ballmer នៅ​បន្ត​រៀន​ហើយ​ទទួល​បាន​សញ្ញាប័ត្រ​កម្រិត​ខ្ពស់​បំផុត​មួយ។ យូរ​ឆ្នាំ​ក្រោយ​មក​ទៀត លោក​ Ballmer បាន​ចូល​បម្រើ​ការ​ងារ​នៅ​ក្នុង​ក្រុមហ៊ុន Microsoft និង​បាន​ឡើង​បន្ត​តំណែង​ពី​លោក Bill Gates ធ្វើ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន នឹង​បាន​ធ្វើ​ការ​ក្នុង​តំណែង​កំពូល​នេះ​ពី​ឆ្នាំ ២០០០ រហូត​ដល់​គាត់​លាឈប់​ពី​ក្រុមហ៊ុន​ក្នុង​ឆ្នាំ ២០១៤។

លោក​ Gates មិន​មាន​គម្រោង​ឬ​កាលវិភាគ​សិក្សា​ច្បាស់​លាស់​នោះ​ទេ នៅ​ពេល​ដែល​លោក​នៅ​ជា​សិស្ស​ក្នុង​សាលា​ហាវើដ ហើយ​បាន​ចំណាយ​ពេល​ស្ទើរ​តែ​ទាំង​អស់​របស់​ខ្លួន ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​នៅ​ក្នុងសាលា។ លោក​ Gates ​នៅ​តែ​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​មិត្ត​ភក្ដ​របស់​ខ្លួន​ពី​វិទ្យាល័យ គឺ​លោក Paul Allen ហើយ​បាន​ចូល​បម្រើ​ការ​ងារ​ជាមួយ​គ្នា​ក្នុង​ក្រុមហ៊ុន Honeywell ក្នុង​រដូវ​ក្ដៅ​ឆ្នាំ ១៩៧៤។ នៅ​ឆ្នាំ​បន្ទាប់​ ក្រុមហ៊ុន MITS បាន​ដាក់​លក់​កុំព្យូទ័រ​ប្រភេទ MITS Altair 8800 របស់​ខ្លួន​ដែល​ដំណើរ​ការ​ជាមួយ​នឹង Intel 8080 CPU ដោយ​មើល​ឃើញ​ពី​ឱកាស​បែប​នេះ លោក Gates និង លោក Allen ក៏​បាន​រួម​គ្នា​ហើយ​បង្កើត​ជា​ក្រុមហ៊ុន ផលិត​កម្មវិធី​កុំព្យូទ័រ​របស់​ខ្លួន​ឡើង​មក ហើយ​ពេល​នោះ​លោក Gates បាន​បញ្ឈប់​ការ​រៀន​របស់​ខ្លួន​ពី​សាលាហាវើដ។ គាត់​បាន​ជជែក​គ្នា​ជាមួយ​នឹង​ឪពុក​ម្ដាយ​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​សំរេច​ចិត្ត​មួយ​នេះ ហើយ​ទទួល​បាន​នូវ​ការ​ជម្រុញ​នឹង​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ក្លា ក្រោយ​ពេល​ឪពុក​ម្ដាយ​របស់​លោក​មើល​ឃើញ​ពី មហិច្ឆតា​និង​ចំណង់​ចំណូល​ចិត្ត​របស់​លោក នៅ​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​ដែល​ជា​របស់​ខ្លួន​ឯង។ លោក​ធ្លាប់​បាន​លើក​ឡើង​ពី​ស្ថានភាព​របស់​ខ្លួន​ ជាមួយ​នឹង​សាលាហាវើដ​បែប​នេះ​ថា “ប្រសិន​បើ​ក្រុមហ៊ុន​របស់​ខ្ញុំ មិន​ដំណើរ​ការ​ទៅ​មុខ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ ខ្ញុំ​នៅ​តែ​អាច​ត្រលប់​ទៅ​រៀន​វិញ​បាន​ដូច​ធម្មតា​ ពីព្រោះ​ខ្ញុំ​គ្រាន់​តែ​ព្យួរ​ឈ្មោះ​សិក្សា​ដោយ​គ្មាន​កាល​កំណត់​ប៉ុណ្ណោះ”។

ប្រវត្តិក្នុង​ការ​បង្កើត​ក្រុមហ៊ុន Microsoft

BASIC កម្មវិធីដំបូង​របស់​ Microsoft

ក្រោយ​ពី​លោក Gates បាន​អាន​នូវ​ការ​បោះពុម្ភ​ផ្សាយ​របស់​ទស្សនាវដ្ដី Popular Electronics ក្នុង​ខែ​មករា​ ឆ្នាំ​១៩៧៥ ដែល​បាន​ធ្វើ​ការពិពណ៌នា​អំពី​ម៉ាស៊ីន​កុំព្យូទ័រ Altair 8800 លោក​ក៏​បាន​ធ្វើ​ការ​ទំនាក់​ទំនង​ទៅ​កាន់​ក្រុមហ៊ុន Micro Instrumentation and Telemetry Systems (MITS) ដែល​ជា​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​មួយ​នេះ ដើម្បី​ប្រាប់​ថា​រូប​លោក និង​មិត្តភក្ដ​របស់​ខ្លួន​ បាន​នឹង​កំពុង​តែ​ធ្វើ​ការ​អភិវឌ្ឍន៍​កម្មវិធី​ដោយ​ប្រើ​ភាសា​កូដ​ BASIC ហើយ​អាច​មាន​លទ្ធភាព​ដំណើរ​ការ​ជាមួយ និង​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​បាន។ ក៏​ប៉ុន្តែ​ធាតុ​ពិត​រូប​លោក ហើយ​នឹង​មិត្ត​ភក្ដ​របស់​ខ្លួន​គឺ​លោក Allen មិន​ទាន់​បាន​ប្រើ​ម៉ាស៊ីន Altair នេះ​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​បាន​សរសេរ​កម្មវិធី​អ្វី​សំរាប់​វា​នៅ​ឡើយ​ដែរ អ្វី​ដែល​រូប​លោក​ចង់​បាន​នោះ​គឺ ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ក្រុមហ៊ុន MITS មក​លើ​ក្រុម​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ អគ្គនាយក​របស់ MITS នា​ពេល​នោះ​គឺ​លោក Ed Roberts បាន​យល់​ព្រម​ជួប​ជា​មួយ​នឹង​ក្រុម​របស់​លោក Gates ដើម្បី​មើល​ពី​បទ​បង្ហាញ​របស់​ពួកគេ។ បន្ទាប់​ពី​នោះ​ត្រឹម​តែ​ពីរបី​សប្ដាហ៍​ប៉ុណ្ណោះ លោក​ Gates និង​លោក Allen បាន​អភិវឌ្ឍន៍​បាន​សម្រេច​នូវ​កម្មវិធី ដំណើរ​ការ​ត្រាប់​តាមកុំព្យូទ័រ Altair ដែល​ដំណើរ​ការ​លើ Minicomputer និង​កម្មវិធី ​បក​ប្រែ​កូដ BASIC ដូច​ដែល​លោក​បាន​សន្យា។

បទ​បង្ហាញ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​ក្រុមហ៊ុន MITS ក្នុង​ទីក្រុង Albuquerque ហើយ​ទទួល​បាន​ផ្លែ​ផ្កា​យ៉ាង​ជោគជ័យ ជា​លទ្ធផល​លោក Gates រួម​នឹង​លោក​ Allen ទទួល​បាន​នូវ​ការ​សហការ​ពី​ក្រុមហ៊ុន​ MITS អោយ​ធ្វើ​ជា​អ្នក​ចែក​ចាយ​កម្មវិធី​បកប្រែ​ភាសា BASIC ខាង​លើ ដោយ​ខាង​ក្រុមហ៊ុន​បាន​ដាក់​ឈ្មោះ​ថា កម្មវិធី Altair BASIC។ លោក Paul Allen ត្រូវ​បាន​ជួល​អោយ​បម្រើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន MITS ចំណែក​លោក​ Gates បាន​សុំ​ច្បាប់​សំរាក​រយៈ​ពេល​យូរ​ពី​សាលា​ហាវើដ ដើម្បី​ចូល​រួម​ជា​មួយ​នឹង​លោក Allen ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​១៩៧៥។ ពួក​គេ​ទាំង​ពីរ​បាន​ដាក់​ឈ្មោះ​កិច្ច​សហប្រតិបត្តិ​ការ​របស់​ខ្លួន​ជា “Micro-Soft” ហើយ​ចាប់​ផ្ដើម​ដំណើរ​ការ​ ការិយាល័យ​ដំបូង​របស់​ខ្លួន​ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង Albuquerque ផ្ទាល់​តែ​ម្ដង។ មួយ​ឆ្នាំ​បន្ទាប់​ក្រុមហ៊ុន​របស់​ពួក​គេ​បាន​ប្ដូរ​ឈ្មោះ​ជា “Microsoft” ហើយ​នៅ​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា ឆ្នាំ​១៩៧៦ ឈ្មោះ​ Microsoft នេះ​ត្រូវ​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅ​ក្នុង​រដ្ឋ New Mexico។ បន្ទាប់​ពី​នោះ​មក​លោក Gates ក៏​មិន​ដែល​បាន​ត្រលប់​ទៅ​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ នៅ​ឯ​សាលា​ហាវើដ​វិញ​ដែរ។

ក្រុមហ៊ុន Microsoft បាន​ធ្វើ​ការ​បំបែក​ខ្លួន​ចេញ​ពី​ក្រុមហ៊ុន​ MITS នៅ​ចុង​ឆ្នាំ​១៩៧៦ ហើយ​បន្ត​ធ្វើ​ការ​អភិវឌ្ឍន៍​កម្មវិធី​ផ្សេងៗ​ទៀត​ សំរាប់​ប្រព័ន្ធ​ជាច្រើន។ ហើយ​នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩៧៩ ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទី​តាំង​ទៅ​កាន់​ ទីក្រុង Bellevue រដ្ឋ​ធានី Washington។

ការសហការ​ជាមួយ​ក្រុមហ៊ុន IBM

ក្រុមហ៊ុន​ IBM បាន​ទំនាក់​ទំនង​មក​កាន់​ក្រុមហ៊ុន Microsoft ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៨០ ដើម្បី​ធ្វើ​ការ​ពិភាក្សា​ពី​ការ​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី​មួយ សំរាប់​បំពាក់​លើ​កុំព្យូទ័រ​តាម​ផ្ទះ ស៊េរី​ចុង​ក្រោយ​របស់​ខ្លួន​នោះ​គឺ “IBM PC”។ នៅ​ពេល​ដែល​អ្នក​តំណាង​របស់​ IBM បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​របស់​ខ្លួន​ត្រូវ​ការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី លោក​ Gates បាន​ស្នើ​អោយ​ពួកគេ​ទាក់​ទង​ទៅ​កាន់​ក្រុមហ៊ុន Digital Research (DRI) ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ CP/M។ ក៏​ប៉ុន្តែ​កិច្ច​ពិភាក្សា​រវាង​ IBM និង DRI ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ទើប​ IBM សំរេច​ស្នើ​អោយ​ក្រុមហ៊ុន​ Microsoft និង​លោក Gates ធ្វើ​ជាអ្នក​អភិវឌ្ឍន៍ ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី​របស់​ខ្លួន​វិញ។ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មកលោក​ Gates ​បាន​ស្នើ​អោយ​ IBM ប្រើ​ប្រាស់ 86-DOS (QDOS) ដែល​ជា​កម្មវិធី​ស្រដៀង​នឹង CP/M ដែរ និង​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន SCP។ ជាលទ្ធផលក្រុមហ៊ុន Microsoft បាន​ទាក់​ទង​ទៅ​កាន់​ SCP ហើយ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ធ្វើ​ជា​អ្នក​ចែក​ចាយ​ និង បន្ទាប់​មក​ទៀត​បាន​ទិញ​យក​កម្មវិធី 86-DOS ផ្ដាច់​មុខ​ពី SCP។ បន្ទាប់​ពី​បាន​ធ្វើ​ការ​កែប្រែ​មួយ​ចំនួន ក្រុមហ៊ុន​ Microsoft បាន​បញ្ចេញ​កម្មវិធី​ថ្មី​នោះ ទៅ​អោយ​ក្រុមហ៊ុន IBM ​ដោយ​ដាក់​ឈ្មោះ​ថា​ PC DOS ក្នុង​ទឹក​ប្រាក់​ទិញ​ផ្ដាច់​ប្រមាណ ៥ម៉ឺន​ដុល្លា។

ក៏​ប៉ុន្តែ​លោក​ Gates មិន​បាន​លក់​កម្មសិទ្ធ​បញ្ញា​របស់​ PC DOS ទៅ​អោយ​ IBM នោះ​ឡើយ ពីព្រោះ​គាត់​មាន​ជំនឿ​ថា​នឹង​មាន​ក្រុមហ៊ុន​ដទៃ​ ដែល​ផលិត​កុំព្យូទ័រ​ផ្សេងៗ​ទៀត ប្រាកដ​ជា​ផលិត​ម៉ាស៊ីន​កុំព្យូទ័រ​ ដោយ​យក​តម្រាប់​តាម​ IBM ជាក់​ជា​មិន​ខាន។ ​អ្វី​ដែល​គាត់​បាន​រំពឹង​ទុក​នោះ​ក៏​បាន​ក្លាយ​ទៅ​ជា​ការ​ពិត ហើយ​បន្ទាប់​ពី​នោះ ការលក់​កម្មវិធី MS-DOS បាន​ឈាន​ដល់​ចំណុច​កំពូល និង​ក្លាយ​ទៅ​ជា​កម្មវិធី​ ដែល​មាន​តម្រូវ​ការ​ខ្ពស់​បំផុត​ក្នុង​វិស័យ​កុំព្យូទ័រ​ នា​ពេល​នោះ។ ទោះ​បី​ជា​កម្មវិធី​ថ្មី​នេះ​ ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ឈ្មោះរបស់​ IBM ក្ដី​ ក៏​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​ចាត់​ទុក​ថា ក្រុមហ៊ុន Microsoft ទៅ​វិញ​ទេ​ដែល​ជា​អ្នក​មាន​ឥទ្ធិពល​លើ ម៉ាស៊ីន​កុំព្យូទ័រ​នានា។ បន្ទាប់​មក​ក្នុង​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ​១៩៨១ ក្រុមហ៊ុន​ Microsoft បាន​ធ្វើ​ការ​រៀប​ចំ​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន ហើយ​បាន​ប្រកាស​តែង​តាំង​លោក Bill Gates អោយ​ធ្វើ​ជាប្រធាន និង​ជា​អគ្គ​នាយក​ក្នុង​គណៈ​គ្រប់​គ្រង​របស់​ខ្លួន​ផង​ដែរ។

ប្រព័ន្ធ​ប្រតិបត្តិការ Windows

ក្រុមហ៊ុន​ Microsoft បាន​ដំណើរ​ការ​លក់​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Microsoft Windows ​ស៊េរី​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៥ និង​ក្នុង​ខែ​សីហា​ ឆ្នាំ​បន្ទាប់ ក្រុមហ៊ុន​ Microsoft ក៏​បាន​សហការ​គ្នា​ជា​ថ្មី​ជាមួយ​នឹង​ក្រុមហ៊ុន IBM ដើម្បី​ផលិត​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ផ្សេង​មួយ​ទៀត​ ដែល​មាន​ឈ្មោះ​ថា OS/2។ ទោះ​បី​ជា​ក្រុមហ៊ុន​ទាំង​ពីរ​ ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី​នេះ​ក៏​ពិត​មែន ក៏​ប៉ុន្តែ​ដោយ​សារ​តែ​មាន​ទស្សនៈវិស្ស័យ និង​គំនិត​បង្កើត​ថ្មី​ដែល​មិន​ស្រប​គ្នា ការ​សហការ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​ក៏​ត្រូវ​បាន​បញ្ចប់។

ជីវិត​ក្រោយ​ការ​ចាកចេញ​ពី Microsoft

ក្រោយ​ពេល​ចាកចេញ​ពី​ការ​ងារ​ពេញម៉ោង​ក្នុង​ក្រុមហ៊ុន Microsoft លោក​ Gates បាន​បន្ត​សកម្មភាព​មនុស្ស​ធម៌​របស់​ខ្លួន ហើយ​និង​ចាប់​ផ្ដើម​ធ្វើ​ការ​លើ​គម្រោង​ដទៃ​ទៀត​ផងដែរ។

សព្វថ្ងៃ​នេះ​លោក​រស់​នៅ​ក្នុង​ភូមិគ្រឹះ​ប្រណីត​មួយ​ដែល​ស្ថិត​នៅក្នុង​ក្រុង Medina ក្បែរ​ទីក្រុង Seattle ក្នុង​រដ្ឋធានី​ Washington សហរដ្ឋ​អាមេរិក ជាមួយ​នឹង​ភរិយា​ គឺ​លោក​ស្រី Melinda Gates រួម​នឹង​កូន​ប្រុស​ស្រី​ទាំង​បី​នាក់​របស់​គាត់​ផង​ដែរ៕

Comments
Loading...