ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ផ្លូវអង្គដួង (ឆ្នាំ១៨៥១) ពីរាជធា​នីឧ​ដុង្គ ឆ្ពោះ​ទៅកំពង់ផែសមុទ្រកែប

1,118

ផ្លូវអង្គដួង គឺជាផ្លូវដ៏សំខាន់់ សម្រាប់ការធ្វើដំណើរនាសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ ពីរាជធានីឧដុង្គ ឆ្ពោះទៅកំពង់ផែសមុទ្រតែមួយគត់របស់កម្ពុជា គឺកំពង់ផែនៅខេត្តកំពត (ខេត្តកែបសព្វថ្ងៃ) ដែលមានប្រវែង ៤ ០០០សិន ស្មើនឹង ១៦០គីឡូម៉ែត្រ (១សិន =៤០ម៉ែត្រ ជាខ្នាតខ្មែរសម័យដើម) ។

កំពង់ផែព្រៃនគរ ត្រូវបានយួន និងបារាំងកំពុងតែច្បាំងគ្នា ដែលបណ្តាលឲ្យកប៉ាល់ខ្មែរមិនអាចធ្វើចរាចរណ៍ឆ្លងកាត់តាមទន្លេមេគង្គ ឆ្ពោះទៅសមុទ្រ បានទៀតឡើយ។
នៅគ.ស. ១៨៥១ ព្រះអង្គដួង បានបញ្ជាអោយកេណ្ឌប្រជារាស្ត្រទៅកសាងផ្លូវនេះឡើង ដោយបានផ្តល់ប្រាក់កម្រៃជូនកំណែនផងដែរ ក្នុងគោលបំណង ដើម្បីធ្វើដំណើរតាមផ្លូវគោកមួយនេះវិញម្តង ជំនួសផ្លូវទឹកដែលយួនរារាំងកប៉ាល់ខ្មែរ មិនឲ្យចេញចូលឆ្លងកាត់តាមទន្លេ មេគង្គបាន។
ព្រះអង្គបានបង្កើតកំពង់ផែសមុទ្ររបស់ខ្មែរនេះ នៅខាងកើតភ្នំកែប ទល់មុខកោះទន្សាយ សម្រាប់ផលប្រយោជន៍ពាណិជ្ជកម្ម និង ទំនាក់ទំនងជាមួយអន្តរជាតិ តាមសមុទ្រ វិញម្តង ។

តាមសៀវភៅប្រវត្តិសាស្ត្រមហាបុសខ្មែររបស់លោក អេង សុត បានរៀបរាប់ថា៖ ក្រោយពីផ្លូវនេះបានកសាងរួចរាល់ហើយ នាខែកត្តិក ឆ្នាំរោងអដ្ឋស័ក ព.ស.២៤០០ ត្រូវនឹងគ.ស. ១៨៥២ ព្រះបាទសម្តេចអង្គដួង ទ្រង់ត្រាស់ប្រារពនឹងសេនាបតី រដ្ឋមន្ត្រីទាំងឡាយថា “រាជទូតក្រុងអាណាម ដែលមកឈរនៅព្រៃនគរ សម្រាប់រក្សា«ស្ពានព្រះរាជមេត្រី»នោះ ចេះតែមានគំនិតអាក្រក់ បានកែប្រែទៅជាបច្ឆាមិត្រ ដោយយកស្រុកព្រៃនគរមិនឲ្យឡើងចុះមកក្រុងកម្ពុជា បាន។ វេលានេះ គួរយើងពឹង ម៉ុងសេញ័រ មីស Mongsenher Miis ជាសង្ឃរាជសានាកាតុលិក ជាជនជាតិព័រទុយហ្គេស ដែលបានមកប្រាស្រ័យក្នុងក្រុងកម្ពុជាយើងយូរហើយ ដើម្បីឲ្យនាំព្រះរាជសារទៅសុំទ័ពជំនួយ ពីប្រទេសបារាំងសែស មកវាយយកស្រុកព្រៃនគរមកវិញ ដោយសុំឲ្យបារាំងសែស ជួយច្បាំងដណ្តើមយកក្រុងព្រៃនគរមកខ្មែរវិញ និងបានសន្យាជូនប្រាក់ប្រមាណ ៥០០សែន ថ្វាយទៅរាជការបារាំងសែសផង។
ម៉ុងសេញ័រ មីស ក៏ទទួលតាមព្រះរាជឱង្ការគំនាប់លា នាំយកព្រះរាជសារទៅក្រុងប៉ារីស ថ្វាយព្រះបាទណាប៉ូលីអុងទី៣។ ឯព្រះបាទណាប៉ូលីអុង ក៏ទ្រង់ព្រះមេត្តាប្រោស តាមព្រះរាជសារគ្រប់ប្រការ។
ក្រោយពីបានដំណឹងថាព្រះបាទណាប៉ូលីអុង ស្តេចទទួលព្រមរួចហើយ ព្រះអង្គដួងទ្រង់បានចាត់ឲ្យ ឧកញ៉ារាជាសេដ្ឋី កែប និងចៅហ្វាយស្រុកពាម(ខេត្តគៀងយ៉ាង នៅកម្ពុជាក្រោមសព្វថ្ងៃ) ជាមេកង និងសេនាទាហ៊ាន ព្រមដោយសាស្ត្រាវុធបម្រុងស្រេច ហើយចាត់ឧកញ៉ាយមរាជ ម៉ុក ជាអ្នកចាត់ចែងបញ្ជូនស្បៀងអាហារបម្រុងចាំកងទ័ព ពីបារាំងសែស មកដល់ នឹងអាលវាយផ្ទប់គ្នាតែម្តង។
លុះដល់ខែបុស្ស ឆ្នាំរោងអដ្ឋស័កដដែល ព្រះចៅ ចមក្លាវ ក្រុងទេពមហានគរ ប្រាប់ឲ្យមន្ត្រីខ្ញុំរាជការសៀម ឲ្យរៀបព្រះទីនាំងនាវា ហែព្រះអង្គម្ចាស់នរោត្តម(នៅជាភិក្ខុ) ចេញពីក្រុងទេពមហានគរ តាមផ្លូវទឹកមកដល់ខេត្តកំពត ដោយមិនបានប្រាប់ព្រះអង្គដួង បានដឹងមុនឡើយ។
ក្រោយពីសម្តេចព្រះបាទអង្គដួង ទ្រង់ជ្រាបហើយ ក៏ចាត់ឲ្យមន្ត្រីសេនាបតីដែលត្រៀមប្រយុទ្ធជាមួយយួនទាំងនោះ ឲ្យមកទទួល ព្រះភិក្ខុនរោត្តមវិញ ហើយក៏ដង្ហែព្រះអង្គ ទៅដល់រាជវាំងឧដុង្គ ហើយក៏ខកខានច្បាំងតែម្តងទៅ។

ខ្ញុំក៏សូមអរគុណផងដែរចំពោះ Page ប្រវត្តិសាស្ត្រខ្មែរ ដែលបានផ្តល់រូបថត និងអត្ថបទនៅក្នុងសៀវភៅកំណត់ហេតុ របស់រុក្ខវិទូជនជាតិបារាំង ឈ្មោះលោក ហង់រី មូហូត៍ (Henri Mouhot) គឺជាជនជាតិអឺរ៉ុបដ៏សំខាន់មួយរូប ដែលធ្លាប់ធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ ក្នុងការធ្វើដំណើរផ្សេងព្រេង ស្រាវជ្រាវ រុករក ធម្មជាតិនិងវប្បធម៌ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ គាត់បានមកដល់ប្រទេសកម្ពុជានៅពាក់កណ្តាលឆ្នាំ១៨៥៩។
ក្នុងកំណត់ហេតុនោះ គាត់បានអះអាងថា រូបគាត់បានជូបព្រះបាទអង្គដួង នៅកំពតដោយចៃដន្យ (កាលនោះមិនទាន់មានខេត្តកែបនៅឡើយទេ) នាគ្រាដែលព្រះអង្គដួង និងពលសេនា យាងទៅក្រសាលនៅកំពត។
កំណត់ហេតុនោះ បានបញ្ជាក់បន្ថែមថា នៅពាក់កណ្តាលឆ្នាំ១៨៥៩ លោក បានចេញដំណើរពីកំពតឆ្ពោះមក រាជធានីឧត្តុង្គ ដើម្បីចូលថ្វាយបង្គំគាល់ ព្រះបាទអង្គដួង ដូចតាមការសន្យារបស់គាត់ចំពោះព្រះបាទអង្គដួង នៅគ្រាដែលព្រះអង្គយាងមកក្រសាលនៅកំពត និងដើម្បីសុំព្រះរាជលិខិតអនុញ្ញាត ពីព្រះអង្គសម្រាប់ការធ្វើដំណើររុករក ស្រាវជ្រាវ នៅប្រទេសកម្ពុជាផង។ ការធ្វើដំណើរឆ្លងកាត់ផ្លូវដ៏លំបាក ដោយថ្មើរជើងផង ជិះរទេះគោ ក្របីផង និងជិះដំរីផង លោក ហង់រី មូហូត៍ ត្រូវចំណាយពេលអស់ជិតមួយសប្តាហ៍ ទើបអាចមកដល់រាជធានីឧត្តុង្គ។
លោក ហង់រី មូហូត៍ គាត់បានសរសេររៀបរាប់អំពីការធ្វើដំណើរ ដ៏លំបាកមួយនេះយ៉ាងក្បោះក្បាយ។
លោក ហង់រី មូហូត៍ នេះហើយដែលជាអ្នកបានឃើញ និងគូររូបប្រាសាទអង្គរវត្ត ដោយដៃ ដាក់ក្នុងកំណត់ហេតុរបស់គាត់។
និងក្រោយពីគាត់បានទទួលមរណភាពនៅប្រទេសឡាវ ត្រូវបានទស្សនាវដ្តីដ៏ល្បីល្បាញមួយ នៅប្រទេសបារាំងចុះផ្សាយអត្ដបទគាត់ ដែលធ្វើឲ្យប្រាសាទអង្គរវត្តខ្មែរ បានល្បីល្បាញ និងមានគេស្គាល់នៅតំបន់អឺរ៉ុប ចាប់តាំងពីពេល នោះមក (ខ្ញុំនឹងរៀបរាប់បន្ថែមពីប្រវត្តិគាត់ នៅអត្ថបទក្រោយ”ទៀត)។

ផ្លូវអង្គដួង ត្រូវបានទុកចោល និងលែងអាចធ្វើដំណើរបាន កាលពីសម័យសង្គ្រាម។ កាលណោះ ជាផ្លូវសម្បូរដោយល្បាប់ ដីខ្សាច់ពិបាកសម្រាប់ឡានម៉ូតូបើកបរ ហើយមានដុះអមសង្ខាងផ្លូវដោយដើមឈើធំៗ និងព្រៃឫស្សី។

បច្ចុប្បន្នផ្លូវបុរាណសម្រាប់ធ្វើដំណើរពីឧដ្តុង្គទៅកំពត ត្រូវបានធ្វើជាផ្លូវជាតិវិញ ដោយរដ្ឋភិបាលអាណត្តិទី៣ និងទី៤ ដែលហើយមួយភាគធំ គឺធ្វើតាមតម្រាយនៃផ្លូវអង្គដួងនេះ ដោយបែងចែកជាបីកំណាត់ (សូមមើលក្នុងរូភាព Google ភ្ជាប់ជូនខាងក្រោម) គឺ៖
១-ជាផ្លូវជាតិលេខ ៥១ ដែលមានប្រវែង ៣៧គ.ម. ជាប្រភេទផ្លូវក្រាលកៅស៊ូ ចេញពីផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចវត្តទេពប្រណម្យ ប្រហែល១០០ម៉ែត្រ(ឆ្ពោះទៅទិសខាងត្បូង) នៅខាងកើតផ្សារឧដុង្គ ខេត្តកំពង់ស្ពឺ (ខ្សែពណ៌ក្រហម ក្នុងរូបភាពភ្ជាប់) ។ ផ្លូវនេះឆ្លងកាត់តាមផ្សារបាក់ដឹង រហូតដល់ផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារថ្នល់ទទឹង។
២-ពីផ្សារថ្នល់ទទឹងទៅត្បូង ផ្លូវនេះត្រូវបានប្តូរឈ្មោះជាផ្លូវជាតិលេខ ៤១ វិញម្តង ដែលមានប្រវែង ៩៥គ.ម ជាប្រភេទផ្លូវក្រាលកៅស៊ូដែរ (ខ្សែពណ៌មាស ក្នុងរូបភាពភ្ជាប់) គឺឆ្លងកាត់តាមស្ពានគុណគ្រូ ព្រមទាំងបន្តទៅទីរួមស្រុកគងពិសី និងស្រុកជុំគីរី ហើយភ្ជាប់ទៅផ្លូវជាតិលេខ៣ ត្រង់ចំណុចឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។
៣-ផ្លូវបុរាណនេះ ត្រូវបន្តទៅខេត្តកែបបច្ចុប្បន្នទៀត (ខ្សែពណ៌ខៀវដាច់ៗ ក្នុងរូបភាពភ្ជាប់) ដែលមានប្រវែង ២៨គ.ម កាត់តាមភូមិដំណាក់ហ្លួង បន្តទៅភូមិដំណាក់ត្រាច ឆ្ពោះទៅផ្សារដំណាក់ចង្អើរ ។ ត្រង់ចន្លោះនេះ មិនទាន់មានការធ្វើផ្លូវថ្មីទេ(ជាផ្លូវលំ និងផ្លូវដីស) ហើយផ្លូវបុរាណ ក៏ត្រូវរលុបបាត់ខ្លះៗ ដោយសារព្រៃដុះ ឬប្រជាជនយកទៅធ្វើជាចំការ និងកន្លែងខ្លះ ត្រូវបានកែប្រែដោយផ្លូវថ្មីជំនាន់ ប៉ុលពត។ តែយើង ក៏អាចជិះរថយន្តគ្រួសារតាមផ្លូវថ្មីនេះបាន រហូតដល់ផ្សារដំណាក់ចង្អើរ ផងដែរ។ ចាប់ផ្សារដំណាក់ចង្អើរ ផ្លូវនេះបន្តតាមផ្លូវក្រាលកៅស៊ូរហូតដល់ខាងត្បូងផ្សារកែប ដែលនោះ គឺជាកំពង់ផែបុរាណនេះហើយ។

ប្រសិនបើយើងធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ ទៅខេត្តកំពត ហើយសួរអ្នកស្រុកអ្នកភូមិ ដែលរស់នៅទីនោះ អំពីផ្លូវជាតិលេខ៥១ ឬលេខ ៤១ ពួកគាត់មិនដឹងប៉ុន្មានទេ។ តែ បើសួរពួកគាតអំពី់ផ្លូវអង្គដួងវិញ ពួកគាត់ស្គាល់ច្រើនជាង ហើយគាត់ក៏នៅតែបន្តហៅថា ផ្លូវអង្គដួងៗ ដដែល៕

ដោយ៖ Ny Watthanak

Comments
Loading...