ប្រវត្តិ អ្នកស្រី រស់ សិរីសុទ្ធា
ខេត្តបាត់ដំបង គឺជាទឹកដីបណ្តុះអ្នកប្រាជ្ញ តារាភាពយន្ត តារាចម្រៀង និងអ្នកនិពន្ធល្បីល្បាញ ប្រចាំកម្ពុជា តាំងពីអតីតកាលមុនសម័យអង្គរ រហូតបច្ចុប្បន្ន ។ ក្នុងនោះក៏មានអ្នកស្រី រស់ សិរីសុទ្ធា ម្នាក់ផងដែរ ដែលជាកំពូលតារាចម្រៀងស្រី នាសម័យកាលនោះ។
ជីវប្រវត្តិ
ឈ្មោះដើមរបស់ រស់ សិរីសុទ្ធា គឺ រស់ សុទ្ធា ឈ្មោះហៅក្រៅ រៃ ។ ឈ្មោះ សិរី ទើបជាឈ្មោះកណ្តាល ថែមតាមក្រោយ ក្រោយពីឈប់រៀន ហើយទៅចាប់អាជីពជាអ្នកចម្រៀង ។ ដូច្នេះ ពលរដ្ឋខ្មែរជាទូទៅ ស្គាល់អ្នកស្រីថា រស់ សិរីសុទ្ធា ។ ប៉ុន្តែ ភាគច្រើន ច្រើនសរសេរច្រឡំ ទៅជា រស់ សេរីសុទ្ធា ទៅវិញ ។ សូមអានប្រវត្តិខាងក្រោម ដើម្បីអោយដឹងថា ហេតុអ្វី តារាសំនៀងមាសយើង មានឈ្មោះថា រស់ សិរីសុទ្ធា ។
ប្រវត្តិកុមារភាព
អ្នកស្រី រស់ សិរីសុទ្ឋា ជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញ ក្នុងកំឡុងទសវត្សរ៍ឆ្នាំ ៦០ និង ៧០ និងជាដៃគូចម្រៀងជើងឯក យ៉ាងឆ្នើមបំផុត របស់អធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត ។ កំពូលតារាចម្រៀងរូបនេះ មានកំណើតនៅថ្ងៃសុក្រ ខែកត្តិក ឆ្នាំច ត្រូវនឹងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ១៩៤៦ នៅភូមិដំណាក់ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ កាលនៅកុមារភាព អ្នកស្រីបានចូលរៀននៅសាលាបឋមសិក្សា ទក្ខិណសាលា រួចបានប្រឡងជាប់ចូលរៀននៅអនុវិទ្យាល័យនារី នេតយ៉ង់ នៅឆ្នាំ ១៩៦២ ។ លោកឪពុករបស់អ្នកស្រី សុទ្ធា ឈ្មោះ លោកគ្រូ រស់ ប៊ុន គឺជាគ្រូភ្លេងខ្មែរផង ជាគ្រូស្តោះផ្លុំ យ៉ាងល្បីមួយរូបផងដែរ ។ លោកតា រស់ ប៊ុន មានស្រុកកំណើត នៅភូមិចង្វារៀល ឃុំរលាំងនាគ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអតីតនាយទាហានជើងក្រហម សម័យអាណានិគមបារាំង ហើយទើបនឹងធ្វើមរណកាលទៅ នៅឆ្នាំ ១៩៩៥ នេះ ។ រីឯម្តាយរបស់អ្នកស្រីវិញ មាននាមថា ណាត់ សាមៀន មានស្រុកកំណើត នៅស្រុកសង្កែ ខេត្តបាត់ដំបង ។ លោកបានធ្វើមរណកាលទៅ នៅសម័យខ្មែរក្រហម ។ អ្នកស្រី សុទ្ធា ជាកូនទីបួន ក្នុងចំណោមបងប្អូនទាំង ៥ នាក់ ។
កាលនៅក្នុងវ័យសិក្សា អ្នកស្រីមាននាមក្នុងសាលាជាផ្លូវការថា រស់ សុទ្ធា តែប៉ុណោ្ណះ ។ ប៉ុន្តែ នៅក្នុងភូមិរស់នៅប្រចាំថ្ងៃ អ្នកជិតខាងទាំងឡាយ ចូលចិត្តហៅលេងក្រៅថា អារៃ ត្បិតអ្នកស្រីមានសំឡេងស្រួយ ហើយពិរោះ ដូចសត្វរៃកណ្តឹង ។ ការពិត ពេលអ្នកស្រីមានប្រសាសន៍សន្ទនា គឺមានសំឡេងធម្មតា ! មិនសូវជាឮប៉ុន្មានទេ ប៉ុន្តែ នៅពេលអ្នកស្រី ហើបមាត់ច្រៀងម្តង ៗ វិញ បែរជាសំឡេងស្រួយ មុតចាក់ត្រចៀក ហើយជាសំឡេងខ្ពស់ កម្រមាននារីណាម្នាក់ អាចច្រៀងដល់កម្រិតនោះ ហើយនៅអាចរក្សាសំឡេងស្រួយមុតបានដូចអ្នកស្រី សុទ្ធា ណាស់ ។ កាលណោះ អ្នកស្រីចូលចិត្តបរិភោគផ្លែឈើខ្ចី ៗ ទ្រនាប់ប្រហុកចិញ្ច្រាំ ដាក់ម្ទេសហឹរ ៗ ។
យុវតី រស់ សិរីសុទ្ធា មានមាឌស្តើង ខ្ពស់ស្រឡះ សម្បុរខ្មៅស្រស់ ហើយមានទឹកមុខញញឹមជានិច្ច ថ្វីបើមានឱកាសខ្លះ នារីយើង មានអារម្មណ៍មិនល្អក៏ដោយ គឺនាងពូកែលាក់អារម្មណ៍ណាស់ មិនសូវមាននរណាបានដឹង នូវអារម្មណ៍ពិតប្រាកដរបស់នាងឡើយ ។ ម្យ៉ាងទៀត មាណវីក៏មិនមែនជាមនុស្សតម្អូញ ឬ ប៉ិនរអ៊ូរទាំច្រើននោះដែរ តែជាមនុស្សមានសម្ដីជាក់លាក់ ម៉ឺងម៉ាត់ ធើ្វការម៉ឺងម៉ាត់ ហើយឧស្សាហ៍បំពេញការងារ ដោយមិនបាច់ដាស់តឿនច្រើន ។ នៅឯសាលារៀនវិញ សុទ្ធាជាសិស្សឆ្លៀវឆ្លាតមួយរូប ហើយក៏ជាសិស្សនារី ដែលពូកែលេងកីឡាបំផុត ។ ថ្វីបើយុវតីបានចូលរៀនវិទ្យាល័យ នេតយ៉ង់ ជំនាន់ក្រោយអ្នកស្រី ប៉ែន រ៉ន និងអ្នកស្រី ហួយ មាស តែយុវតី សុទ្ធា មានឈ្មោះបោះសំឡេង ក្នុងវិទ្យាល័យ យ៉ាងលឿនរហ័ស ជាងអ្នកទាំងពីរទៅទៀត ។ នោះ ព្រោះដោយសារសំនៀងដ៏ពិរោះរបស់យុវតី និងដោយសារភាពរួសរាយ ជារបៀបអ្នកកីឡាយ៉ាងក្លាហាននោះឯង ។
មូលហេតុដែលនាំក្លាយជាអ្នកចម្រៀង
ក្នុងឱកាសនោះដែរ កូនប្រុសកំលោះរបស់លោកឧកញ៉ាគេហបតី គី ស៊ានហូ ថៅកែរោងចក្រអារឈើធំជាងគេ នៅក្រុងបាត់ដំបង ដែលទើបនឹងវិលមកពីសិក្សានៅប្រទេសបារាំង បានមកចូលរួមទស្សនាពិធីប្រឡងនោះដែរ ។ កាលបើបានយល់សម្រស់ដ៏ស្រស់ស្អាត អមដោយទេពកោសល្យសំនៀងយ៉ាងពិរោះ កំលោះយើង បានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបកញ្ញា សុទ្ធា ។ ដោយសារស្រវឹងទប់អារម្មណ៍មិនបាន កូនប្រុសលោកគេហបតី បានប្រព្រឹត្តអំពើអាណាចារ្យទៅលើនារី សុទ្ធា នាយប់ជប់លៀងនោះ។ ក្រោយមកក៏មានរឿងរកាំរកូសក្នុងគ្រួសារ ដោយសារចាញ់ក្ដីផ្ដឹងផ្ដល់ជាមួយលោកគេហបតី ហើយលោកឪពុករបស់អ្នកស្រី សុទ្ធា ក៏បានចាកចេញទៅរស់នៅជាមួយប្រពន្ធចុង ឈ្មោះ រើត លែងវិលត្រឡប់វិញ។ ក្រោយមក លោកសាស្ត្រាចារ្យ ប៊ុន ថង បាននាំយកយុវតី សុទ្ធា ទៅផ្ញើនឹងលោក សុខ ឌីណារី និងលោក ឌី កាណាល់ ដែលជាអ្នកចាត់ចែងនៅក្នុងវង់តន្រ្តី លំហែយោធា ជាវង់ភ្លេងប្រគំប្រចាំរង្គសាល ស្ទឹងខៀវ ក្រុងបាត់ដំបង ដើម្បីជួយអោយនាងបានទទួលមុខរបរ ដែលមានប្រាក់ចំណូលទៀងទាត់ ។ នៅពេលនោះ លោកគ្រូ ប៊ុន ថង បានប្រតិស្ឋនាមថ្មី អោយទៅយុវតី សុទ្ធា ជាផ្លូវការ ក្នុងមុខរបរជំនាញ ជាអ្នកចម្រៀងអាជីពថា រស់ សិរីសុទ្ធា ក្នុងគោលបំណងជូនប្រសិទ្ធិពរជ័យ អោយយុវតី បានជួបតែ សិរីសួស្តី រហូតតទៅ កុំអោយជួបរឿងរ៉ាវអប្រិយ ដូចកាលកន្លងទៅនោះ តទៅទៀត ។ ប៉ុន្តែ ចំណេរក្រោយ ៗ មក យើងបែរជាឃើញឈ្មោះរបស់អ្នកស្រី ត្រូវគេសរសេរកែទៅជា រស់ សេរីសុទ្ធា ទៅវិញ ។ មិនតែប៉ុណ្ណោះ លោកសាស្រ្តាចារ្យ ប៊ុន ថង បានណែនាំ សុទ្ធា អោយស្គាល់អ្នកចម្រៀងប្រចាំខេត្តបាត់ដំបងជាច្រើន ដូចជា លោក អ៊ឹម សុងសឺម ជាអតីតគ្រូបង្រៀន នៅភូមិកំពង់ព្រះ បាត់ដំបង, អ្នកស្រី ប៉ែន រ៉ន និង អ្នកស្រី ហួយ មាស ដែលច្រៀងនៅរង្គសាលស្ទឹងខៀវដែរ ហើយក៏ជាអតីតសិស្សរបស់លោកផ្ទាល់ ដែលក្រោយមក បានទៅចេញច្រៀង មានឈ្មោះបោះសំឡេង នៅរាជធានីភ្នំពេញ ។
ប្រវត្តិជាអ្នកចម្រៀងអាជីព
ពេលបានមកដល់ក្រុងភ្នំពេញដំបូង នៅចុងឆ្នាំ ១៩៦៧ យុវតី សុទ្ធា បានចូលបម្រើជាអ្នកចម្រៀង ជាមួយក្រុមតន្រ្តី យោធាភិរម្យ ក្រសួងឃោសនាការ ហើយបានចេញសម្តែង ជាសាធារណៈជាញឹកញាប់ ជាដៃគូសំនៀងរបស់លោក អ៊ឹម សុងសឺម ដែលតែងតែផ្តល់ការជ្រោមជ្រែង និងការណែនាំផ្លូវជីវិត យ៉ាងកក់ក្តៅ ដល់រូបនាង ហាក់បីដូចជា សាច់ញាតិមួយរូបរបស់លោកដូច្នោះ ។ កាលនោះ យុវតីបានជួលផ្ធះ នៅក្បែរសាលាពៅអ៊ុំ ជិតផ្ទះអ្នកស្រី ហួយ មាស ។ ពេលទៅធ្វើការ យុវតីតែងតែជិះស៊ីក្លូជាប្រចាំ ពុំនោះសោត នាងតែងសណ្តោងតាមរថយន្តរបស់លោក អ៊ឹម សុងសឺម ដែលទៅធ្វើការទីនោះដែរ ។ ក្រោយ ៗ មក ដោយទេពកោសល្យដ៏លេចធ្លោរបស់នាង យុវតីបានត្រូវគេជ្រើសរើសជាអ្នកចម្រៀងប្រចាំការ នៅរង្គសាលមេគង្គ រង្គសាលបែលអ៊ែរ នៅពោធិ៍ចិនតុង ជាដើម ។ តាំងពីពេលនោះមក យុវតីក៏ចាប់មានទំនាក់ទំនងជាមួយតារាចម្រៀងមកពីបាត់ដំបងដូចគ្នា អ្នកចម្រៀងនៅភ្នំពេញ និងអ្នកចម្រៀងពីតាមខេត្តនានា ជាច្រើនទៀត ដូចជាលោក តូច តេង, លោក សុះ ម៉ាត់, លោក មាស ហុកសេង, អ្នកស្រី ម៉ៅ សារ៉េត, អ្នកស្រី កែវ មន្ថា, អ្នកស្រី ឈួន ម៉ាឡៃ ជាដើម ។ នៅទីបំផុត យុវតីយើង ក៏បានជួបនឹងអធិរាជសំនៀងទេព ស៊ិន ស៊ីសាមុត ហើយជីវិតជាអ្នកចម្រៀងវិញ ក៏កាន់តែលេចធ្លោអណ្តែតឡើងថែមទៀត យ៉ាងឆាប់រហ័ស ហួសការស្មាន តាំងពីពេលនោះមក ។ រស់ សិរីសុទ្ធា ឬ រស់ សេរីសុទ្ធា បានទទួលប្រិយភាព និងការគាំទ្រពេញប្រទេស រួមទាំងមហាក្សត្រ នាម៉ឺនមុខមន្រ្តី និងប្រជាពលរដ្ឋខែ្មរទាំងមូល ។ នៅឆ្នាំ ១៩៦៩ អ្នកចម្រៀងវ័យក្មេងរបស់យើង បានទទួលគោរមងារពីព្រះប្រមុខរដ្ឋខ្មែរ សម្តេចព្រះឧបយុវរាជ នរោត្តម សីហនុ ថា ជា រាជិនីសំនៀងមាសប្រចាំកម្ពុជា ។ ដោយសារទឹកដមសំនៀង និងទេពកោសល្យដ៏ឆ្នើម យុវតី សុទ្ធា បានត្រូវលោក ស៊ិន ស៊ីសាមុត ណែនាំខ្លួន អោយជួបនឹងលោក ពៅ ស៊ីផូ, លោក វ៉ោយ ហូរ, លោក ហាស់ សាឡន និងអ្នកនិពន្ធបទភ្លេង អ្នកលេងតូរ្យតន្ត្រីយ៉ាងចំណាន ៗ ដទៃទៀត ដូចជា លោក គង្គ ប៊ុនឈឿន, លោក មែរ ប៊ុន, លោក ហេង ហួរវេង, លោក ម៉ា ឡៅពី, លោក ស្វាយ សំអឿ, លោក អ៊ុំ សុផានុរក្ស ដែលជាស្វាមីរបស់អ្នកស្រី ហួយ មាស ជាដើម ។
នៅក្នុងអំឡុងពេល ដែលយុវនារី សុទ្ធា ដ៏ស្រស់សោភា កំពុងមានឈ្មោះបោះសំឡេង ល្បីល្បាញនោះ មានបុរសមួយរូប ជាម្ចាស់រង្គសាលព្រះច័ន្ទពេញវង់ និងជាកូនរបស់ថៅកែភាពយន្តមួយរូប បានតាមភ្ជាប់ចំណងមេត្រីភាព ជាមួយរូបនាង ប៉ុន្តែបានត្រូវក្រុមគ្រួសាររបស់លោក តាមឆាឆៅ ជំទាស់ជាប់រហូត ថែមទាំងតាមគំរាមកំហែង ដល់សុវត្ថិភាពរបស់នាង ទៀតផង ។ ដោយក្តីរំខានក្នុងចិត្តខ្លាំងពេក អ្នកស្រីក៏សម្រេចចិត្តរៀបការយ៉ាងទាន់ហន់ នៅឆ្នាំ ១៩៦៨ ជាមួយលោក សុះ ម៉ាត់ ដែលជាអ្នកចម្រៀងបុរស ដែលមានរូបសង្ហា សម្បូរស្នេហ៍ មួយរូបដែរ ហើយដែលកំពុងតាមជួយជ្រោមជ្រែងរូបនាង អោយក្លាយជាតារារះយ៉ាងភ្លឺចិញ្ចាចនៅក្នុងផ្ទៃកម្ពុជា ។ កាលណោះ ក្រុមគ្រួសារសាច់ញាតិ នៅបាត់ដំបង ទាំងម្តាយនិងបងប្អូន មិនសប្បាយចិត្តទេ ព្រោះលោក សុះ ម៉ាត់ ធ្លាប់មានភរិយាពីរនាក់រួចមកហើយ ហើយក៏មិនមានចិត្តស្មោះត្រង់ចំពោះនារីណាម្នាក់ដែរ ។ ប៉ុន្តែ ក៏គ្មាននរណា អាចឃាត់នាងបានដែរ ព្រោះពួកគេម្នាក់ ៗ សុទ្ធតែជាប់ជំពាក់គុណបំណាច់ទំនុកបម្រុងរបស់ សុទ្ធា គ្រប់ ៗ គ្នា ។ ម្ល៉ោះហើយ សុទ្ធា ក៏បានចេញមុខ រៀបការជាមួយលោក សុះ ម៉ាត់ ពេញច្បាប់ ដោយមានភរិយាដើមទាំងពីររូបរបស់លោក សុះ ម៉ាត់ មកចូលរួមពិធីមង្គលការនោះផង ។ ប៉ុនែ្ត ចំណងជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ មិនមានអាយុច្រើនខែទេ ព្រោះលោក សុះ ម៉ាត់ មានចរិតប្រច័ណ្ឌច្រើន ហើយបានធ្លាប់ទាត់ធាក់ វាយដំអ្នកស្រី សុទ្ធា យ៉ាងទារុណ ។ មានកាលមួយនោះ ក្រោយពីរៀបការហីយបាន ៥ ឬ ៦ ខែ លោក សុះ ម៉ាត់ បានស្ទុះឡើងទៅទះតប់វាយធ្វើបាបភរិយាយ៉ាងដំណំ នៅលើវេទិកាចម្រៀង ក្នុងចំណោមភ្ញៀវកំពុងជប់លៀងអ៊ូអរ ដោយសារក្តីប្រច័ណ្ឌចំពោះភ្ញៀវ ដែលនិយាយលលេង ទៅអ្នកស្រី ពេលសម្តែងនៅលើឆាក ។ ដោយមូលហេតុនៃការវាយដំនោះ អ្នកស្រី សុទ្ធា បានបាត់បង់ទារកក្នុងផ្ទៃមួយរូប អាយុ ៥ ខែ គឺក្មេងស្លាប់ទាំងមិនទាន់បានឃើញពន្លឺព្រះអាទិត្យ ។ រីឯអ្នកស្រីវិញ ក៏ត្រូវរងរបួសផ្លូវកាយ ដែលត្រូវការការព្យាបាលយ៉ាងយូរ ទម្រាំនឹងជាសះស្បើយមកវិញ ។ ដោយឃើញប្អូនស្រី រងរបួសធ្ងន់ពេក អ្នកសី្រ សាបឿន ជាបង បានជំរុញអោយអ្នកស្រី សុទ្ធា ដាក់ពាក្យប្តឹងលែងលះ តែត្រូវលោក សុះ ម៉ាត់ តាមគំរាមកំហែង រកសម្លាប់អស់មួយពូជ ។ ពេលនោះ អ្នកស្រី សាបឿន កើតមានចិត្តភិតភ័យ ចំពោះសុវត្តិភាពរបស់អ្នកស្រី សុទ្ធា ក៏នាំប្អូនត្រឡប់មករស់នៅឯបាត់ដំបងវិញ ។ ដំណឹងនេះបានល្បី ទៅដល់លោក ស៊ិន ស៊ីសាមុត រហូតធ្វើអោយលោកចេញមុខអន្តរាគមន៍ ដោយធ្វើដំណើរមកតាមរកអ្នកស្រី សុទ្ធា ដល់លំនៅ ឯបាត់ដំបង ។ លោកបានអញ្ជើញអ្នកស្រីអោយវិលត្រឡប់ទៅច្រៀងជាមួយលោកវិញ ដោយធានាសុវត្ថិភាព ១០០ ភាគរយដល់អ្នកស្រី ។ លុះត្រឡប់មកដល់ភ្នំពេញវិញ អ្នកស្រីក៏បានប្តូរមករស់នៅម្តុំវត្តនាគវ័ន ដើម្បីចៀសមិនអោយជួបមុខលោក សុះ ម៉ាត់ តទៅទៀត ហើយក៏បន្តទេពកោសល្យ ជារាជិនីសំនៀងមាសប្រចាំកម្ពុជា ជាមួយលោក ស៊ិន ស៊ីសាមុត និងក្រុមតន្រ្តី ដែលលោក ស៊ិន ស៊ីសាមុត ណែនាំតែប៉ុណ្ណោះ ។ ចាប់តាំងពីពេលនោះមក អ្នកស្រីក៏បានរស់នៅរកស៊ី ដោយសុខសប្បាយ ហើយចម្រុងចម្រើនរហូតរៀងបន្តមក ។
ជាងមួយឆ្នាំក្រោយមកទៀត នៅចុងឆ្នាំ ១៩៦៩ អ្នកស្រី សុទ្ធា បានជួបនឹងកំលោះមួយរួប ឈ្មោះ ហ៊ុយ ស៊ីផាន់ ជាកូនប្រុសរបស់ថៅកែ វណ្ណ ច័ន្ទ ម្ចាស់ផលិតកម្មថាសចម្រៀងដ៏ល្បីល្បាញជំនាន់នោះ រួចហើយក៏ភ្ជាប់ទំនាក់ទំនងដ៏ល្អនោះ រហូតដល់បានកូនប្រុសមួយ ។ អ្នកទាំងពីររស់នៅសុខសាន្ត មានសុភមង្គលពេញលក្ខណៈ មិនមានការរកាំរកូស អ្វីបន្តិចឡើយ ។ រីឯមុខរបររកស៊ីខាងផលិតបទចម្រៀងវិញ ក៏កាន់តែរីកចម្រើនឡើង ជាលំដាប់ ។
រវាងឆ្នាំ ១៩៧០ អ្នកស្រី សុទ្ធា បានជាប់កំណែនជាសមាជិកកងទ័ពឆត្រយោង បម្រើរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ថែមទាំងជានារីខ្មែរតែមួយរូបគត់ ដែលហ៊ានលោតឆត្រយោងពីលើអាកាស ក្នុងប្រវត្តិសាស្រ្តកម្ពុជា ។ ពេលនោះ កិត្តិសព្ទរបស់អ្នកស្រី ក៏កាន់តែមានប្រជាប្រិយភាព រីកសុះសាយថែមទៀត តាមរយៈការផ្សាយតាមកាសែត តាមវិទ្យុ និងតាមទូរទស្សន៍ អំពីសកម្មភាពលោតឆត្រយោងរបស់អ្នកស្រី ។ ឯរូបសោភ័ណរបស់អ្នកស្រី និងសំនៀងរបស់អ្នកស្រី ក៏កាន់តែក្លាយជាទីចាប់ចិត្ត ចាប់អារម្មណ៍ នៃមនុស្សផងទាំងពួង រួមទាំងលោកឧត្តមសេនីយ ស្រី យ៉ា ដែលជាមេបញ្ជាការកងទ័ពឆត្រយោង មានទីតាំងនៅជិតបណ្ឌិតរាជសភា និងមហាវិទ្យាល័យមនុស្សសាស្រ្ត នោះទៀតផង ។
នៅថ្ងៃមួយ ក្នុងឆ្នាំ ១៩៧១ មានក្រុមទាហានមួយហ្វូង បើកឡានហ្ស៊ីបចូលមកអញ្ជើញអ្នកស្រីចេញពីផ្ទះ នាំខ្លួនអ្នកស្រី ទាំងកណ្តាលយប់ ទៅជូបលោកឧត្តមសេនីយ ស្រី យ៉ា ហើយបានត្រូវឃាត់ខ្លួនទុកនៅទីនោះ មិនអោយត្រឡប់មកផ្ទះវិញឡើយ ។ ពេលនោះ បងប្រុសរបស់អ្នកស្រី ឈ្មោះ លោក រស់ សុគុណ បានចេញមុខជំនួសលោក ស៊ីផាន់ សូមធានាយកខ្លួនរបស់អ្នកស្រី សុទ្ធា ត្រឡប់មកផ្ទះវិញ តែក៏ត្រូវលោក ស្រី យ៉ា គំរាមកំហែង ចង់យាយីជីវិតរបស់លោក ស៊ីផាន់ ទៀតផង ។ ដោយការភិតភ័យខ្លាំងពេក លោកហ៊ុយ ស៊ីផាន់ បាននាំកូនប្រុស គេចខ្លួនទៅរស់នៅប្រទេសបារាំង រហូតមកដល់សព្វថ្ងៃនេះ ។
កាលនោះ ភរិយាដើមរបស់លោក ស្រី យ៉ា មានរោគស្រ្តី មិនអាចមានបុត្របាន ទើបលោក ស្រី យ៉ា បានប្រើអំណាចបង្ខំចាប់យកអ្នកស្រី សុទ្ធា មកធ្វើជាភរិយាចុងតែម្តងទៅ ។ ពេលដែលបានមករស់នៅជាមួយលោក ស្រី យ៉ា អ្នកស្រី សុទ្ធា បានសុំយកបងប្រុស រស់ សុគុណ និងប្អូនស្រីពៅ រស់ សោភ័ណ មករស់នៅជាមួយ ហើយក៏ជួយបណ្តុះបណ្តាលបងប្អូន អោយមានអាជីពនឹងគេ ។
នៅអំឡុងបួនឆ្នាំ ដែលអ្នកស្រី សុទ្ធា រស់នៅជាមួយលោក ស្រី យ៉ា អ្នកស្រីមានបុត្របួនរូប ។ មានពេលខ្លះ អ្នកស្រី សុទ្ធា ត្រូវជិះយន្តហោះចេញក្រៅប្រទេស ជាមួយលោក ស៊ិន ស៊ីសាមុត, អ្នកស្រី ប៉ែន រ៉ន, អ្នកស្រី ហួយ មាស, លោកវ៉ោយ ហូរ, លោក ហាស់ សាឡន ជាដើម ដើម្បីទៅថតចម្រៀងកាស្សែត ដូចជា នៅប្រទេសសាំងកាពួរ ឬហុងកុង ជាដើម ។ ប៉ុន្តែ អ្នកស្រីមិនសូវបានទទួលការអនុញ្ញាតពីលោក ស្រី យ៉ា ដើម្បីចេញបង្ហាញថ្វីដៃតាមវិទ្យុជាតិ ទូរទស្សន៍ជាតិ ឬតាមពិធីជប់លៀងពិសេសនានាយ៉ាងសេរី ដូចមុនឡើយ ។ នៅចុងឆ្នាំ ១៩៧៤ រដ្ឋាភិបាលបានប្រកាសបិទចរាចរណ៍ក្រុងភ្នំពេញ នៅពេលយប់ ដោយមូលហេតុសង្រ្គាមដុនដាប រវាងកងទ័ពសាធារណរដ្ឋខ្មែរ និងកងទ័ពខ្មែរក្រហម ។ ពេលនោះ អ្នកស្រី សុទ្ធា បានសុំលោក ស្រី យ៉ា នាំកូន ៗ ទៅនៅបាត់ដំបងមួយរយៈ ដើម្បីរក្សាសុវត្ថិភាពផង ។ ណាមួយ នៅទីនោះ រង្គសាលក៏នៅមានបើក នៅពេលយប់នៅឡើយ ដូច្នេះអ្នកស្រីអាចនៅចេញច្រៀងបម្រើទេពកោសល្យរបស់ខ្លួន ជាជាងរស់នៅជាបក្សីក្នុងទ្រុងមាស ឯភ្នំពេញផង ។ ម្យ៉ាងទៀត នៅពេលនោះ អ្នកស្រីបានចូលសម្តែងជាតូឯករង នៅក្នុងខ្សែភាពយន្តខ្មែរមួយរឿង ពេលដែលត្រូវយំ ហើយត្រូវចេញមកបង្ហាញខ្លួន នៅលើវេទិកា ចំពោះមុខទស្សនិកជនទាំងឡាយ មុននឹងពេលភាពយន្តចាប់បញ្ចាំង ជាលើកដំបូងនៅក្រុងបាត់ដំបង ។ កាលនោះ លោក ស្រី យ៉ា មានការទើសទាល់ក្នុងចិត្តណាស់ ប៉ុន្តែដោយចង់រក្សាសុវត្ថិភាពអោយកូន ៗ លោកក៏បណ្តោយអោយអ្នកស្រីនាំកូនទៅ ។ មិនបានប៉ុន្មានអាទិត្យផង លោកក៏បានបញ្ជាអោយគេនាំខ្លួនអ្នកស្រី សុទ្ធា និងកូនចៅត្រឡប់មកភ្នំពេញវិញ ។
ប្រវត្តិនៅជំនាន់ខ្មែរក្រហម ១៩៧៥
ជំនាន់នោះ លោកស្រី យ៉ា បានបាត់ខ្លួនទៅនៅពេលប្រតិបត្តិការលើសមរភូមិ ។ ហើយអ្នកស្រីក៏ត្រូវបានជម្លៀសចេញពីភ្នំពេញ ជាមួយនឹងកូន រួមទាំងបងប្អូនទៅតាមផ្លូវជាតិលេខ ៤ ។ នៅឆ្នាំ ១៩៧៧ វេលាចូលឆ្នាំខ្មែរ អ្នកស្រី សុទ្ធា បានត្រូវអង្គការបដិវត្តន៍ ចាប់បង្ខំអោយរៀបការ ជាមួយយោធាមួយរូប ដែលពិការដៃម្ខាង មានឈ្មោះថា សមមិត្ត ត្រោក ជាកងកម្មាភិបាលជាន់ខ្ពស់ មួយរូប របស់អង្គការ ។ ប៉ុន្តែ ជីវិតអាពាហ៍ពិពាហ៍ថ្មីនេះ មិនបាននាំសុភមង្គលល្អប្រសើរអ្វីដល់អ្នកស្រី សុទ្ធា ទេ ។ ផ្ទុយទៅវិញ អ្នកស្រីត្រូវរស់រងទុក្ខជាប្រចាំ ត្បិតបុរសនោះកើតក្តីប្រច័ណ្ឌចំពោះអ្នកស្រី នៅគ្រប់វេលាទាំងអស់ ដែលអ្នកស្រីទទួលការសរសើររាក់ទាក់ពីញាតិផង ពេលអ្នកស្រីឡើងចេញច្រៀង នៅមីទីងរបស់អង្គការ ឬនៅទីណា ដែលអង្គការចាត់តាំង អោយទៅបំពេញកិច្ច ។ ដោយការប្រច័ណ្ឌហួងហែងខ្លាំងហួសប្រមាណ មិត្ត ត្រោក តែងប្រើហិង្សា វាយដំអ្នកស្រីជានិច្ច ។ ចំណែកអ្នកស្រីវិញ មិនអាចតបត ឬរត់គេចបានឡើយ ដោយខ្លាចបារមីរបស់អង្គការខ្មែរក្រហម ហើយជីវិតអាពាហ៍ពិពាហ៍នោះ មិនមានអាយុច្រើនខែដែរ ។ ដោយជម្លោះក្ឌុងក្ឌាំងញឹកញាប់ពេក អង្គការខាងលើបានហៅអ្នកស្រី ទៅកសាងអប់រំ ដោយរំលឹកអោយអ្នកស្រី គោរពស្វាមី មិនអោយឆ្លើយតបត មានមាត់ក មានហិង្សា ជាមួយលោកយោធាកម្មាភិបាលនោះតទៅទៀត ។ ប៉ុន្តែ អ្នកស្រីតាំងចិត្តអត់ធ្មត់មិនបាន ត្បិតត្រូវស្វាមីវាយដំជេរប្រទេចច្រើនហួសប្រមាណ ក៏តបតដោយសំដីខ្លះ ៗ ត្រឡប់ទៅវិញ ដែលជាហេតុបណ្តាលអោយអង្គការលើ ចាប់ដាក់ទោស បញ្ជូនខ្លួន អោយទៅធ្វើការ នៅភូមិមួយផ្សេងទៀត នៅរវាងពាក់កណ្តាលឆ្នាំ ១៩៧៧ ។ ចាប់តាំងពីថ្ងៃនោះមក គ្មាននរណាម្នាក់បានដឹងដំណឹងពីអ្នកស្រីទៀតឡើយ ។
សូមអរគុណសម្រាប់ការយកចិត្តទុកដាក់ពីប្រវត្តិតារាឆ្នើមរបស់យើង
ប្រភព:https://km.wikipedia.org/wiki/រស់_សេរីសុទ្ធា