លោក ជេន ឃូម(Jan Koum)CEO ក្រុមហ៊ុនWhatsApp៖ ពីអ្នកយាមទ្វា ក្លាយជាមហាសេដ្ឋីអាមេរិក
លោក ជេន ឃូម (Jan Koum) គឺជាមហាសេដ្ឋីរបស់អាមេរិកដែលមានដើមកំនើតនៅប្រទេស អុ៊យក្រែន ហើយបច្នុប្បន្ន ជានាយក ប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន Whatsapp។ លោក និង គ្រួសារបានសម្រេចចិត្តចាកចេញពីប្រទេសអ៊ុយក្រែនមកកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរកជីវិតថ្មី និង ប្រសើរជាមុន។ នៅពេលមកដល់ទឹកដីអាមេរិកដំបូង លោកមានវ័យត្រឹម១៦ឆ្នាំ ហើយធ្វើការត្រឹមជាអ្នកយាមទ្វាឲ្យគេប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នជាមហាសេដ្ឋីអាមេរិក ដែលមានទ្រព្យរហូតដល់៩,៧ពាន់លានដុល្លារអាមេរិក។
នៅឆ្នាំ១៩៩២ ជេន ឃូម(Jan Koum) គឺមានវ័យត្រឹមតែ១៦ឆ្នាំ ក៏បានឈានជើងមកដល់ទឹកដីអាមេរិក ជាមួយម្ដាយរបស់ខ្លួន ក្នុងគោលដៅដើម្បីស្វែងរកជីវិតថ្មី។ ជីវភាពគឺពិតជាលំបាកនៅពេលមកដល់ទឹកដីអាមេរិកដំបូង ហើយការស្នាក់នៅវិញគឺបានការជួយជ្រោមជ្រែងពីកម្មវិធីសង្គមរបស់រដ្ឋាភិបាល អ៊ីចឹងហើយគ្រួសារមួយនេះ អាចស្នាក់នៅបណ្ដោះអាសន្ននៅកន្លែងតូចមួយក្នុងរដ្ឋកាលីហ្វញ៉ា។
ម្ដាយរបស់ជេន ឃូម(Jan Koum)បានធ្វើការជាអ្នកស៊ីឈ្នួលមើលកូនឲ្យគេ ចំណែកខ្លួនវិញ ស៊ីឈ្នូលយាមទ្វាឲ្យគេ និង ធ្វើជាបុគ្គលិកអនាម័យនៅតាមហាងលក់គ្រឿងទេស។ នៅអាយុ១៨ឆ្នាំ លោកបានដឹងច្បាស់ថា ខ្លួនឯងមានចំណូលចិត្តលើផ្នែកបច្ចេកវិទ្យា ជាពិសេសសរសេរកម្មវិធី បើទោះបីជាមិនសូវចូលចិត្តសាលាក្ដី។
លោកបានចូលសិក្សានៅសាកលវិទ្យាល័យ San Jose State ក្រោយមកនៅឆ្នាំ១៩៩៧ ក៏មានឱកាសបម្រើការងារឲ្យក្រុមហ៊ុនYahoo ។ ដោយសារតែធុញនឹងការរៀនសូត្រខ្លាំងពេក លោកក៏បានសម្រេចចិត្តបោះបង់ការសិក្សា ហើយផ្ដោតតែលើការងារតែម្ដង។ នៅឆ្នាំ២០០០ ម្ដាយរបស់លោកក៏បានស្លាប់ដោយសារតែជំងឺ មហារីក ដែលធ្វើឲ្យជេន ឃូម(Jan Koum)មានអារម្មណ៍ថា ឯកានៅលើទឹកដីអាមេរិក ហើយឪពុករបស់ខ្លួនបានស្លាប់តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។
នៅឆ្នាំ២០០៧ ជេន ឃូម(Jan Koum) ក៏បានសម្រេចចិត្តចាក់ចេញពីក្រុមហ៊ុនYahoo ដោយសារតែមានបញ្ហាមួយចំនួន។ លោកក៏បានចំណាយពេលដើម្បីគិតធ្វើរឿងណាដែលខ្លួនពេញចិត្ត។ ក្រោយមក លោកក៏បានដាក់ពាក្យសុំបម្រើការងារនៅក្រុមហ៊ុនFacebook ផងដែរ ប៉ុន្តែមិនជាប់។
នៅឆ្នាំ២០០៩ លោកក៏បានទិញទូរស័ព្ទIphone ហើយក៏ឃើញនូវកម្មវិធីថ្មីៗមួយចំនួនដែលគេបានបង្កើតឡើង។ បន្ទាប់មកលោកក៏មានចំណាប់អារម្មណ៍លើកម្មវិធីទាំងនោះ ហើយក៏គិតចង់បង្កើតមួយដែរ។
បន្ទាប់មកក៏សម្រេចចិត្តបង្កើតកម្មវិធីមួយឈ្មោះថា “WhatsApp” សម្រាប់ផ្ញើសារ និង ទំនាក់ទំនងផ្សេងៗនៅលើទូរស័ព្ទ ហើយក៏បានបង្កើតចេញជាក្រុមហ៊ុនតែម្ដង។ ពីដំបូង គឺមានតែមិត្តភ័ក្ដិ និង អ្នកស្គាល់ប៉ុន្មាននាក់ប៉ុណ្ណោះដែលបានប្រើប្រាស់កម្មវិធីនេះ ប៉ុន្តែក្រោយមកក៏កាន់តែទទួលបានការពេញនិយម រហូតធ្វើឲ្យមហាសេដ្ឋីអាមេរិក លោកMark Zuckerberg ដែលជាថៅកែFacebook មានចំណាប់អារម្មណ៍ ហើយក៏អញ្ជើញជេន ឃូម(Jan Koum)ដើម្បីជួបពិភាក្សា ឆ្នាំ២០១២។
នៅឆ្នាំ២០១៤ លោកMark Zuckerberg ក៏បានអញ្ជើញ លោកជេន ឃូម(Jan Koum)មកទទួលទានអាហារពេលល្ងាចនៅផ្ទះរបស់ខ្លួន ហើយក្នុងនោះក៏សុំទិញយកក្រុមហ៊ុន“WhatsApp”នេះតែម្ដង។ ១០ថ្ងៃក្រោយមក ក្រុមហ៊ុន Facebookក៏បានប្រកាសទិញយក“WhatsApp”ជាផ្លូវការ ក្នុងទឹកប្រាក់ប្រមាណ១៩ពាន់លានដុល្លារអាមេរិក។
ដូច្នេះ តាមរយៈការលក់ក្រុមហ៊ុនទៅឲ្យFacebook នេះ បានធ្វើឲ្យលោកជេន ឃូម(Jan Koum)កើបលុយយកមួយរំពេច ហើយក៏ក្លាយជាមហាសេដ្ឋីដែលមានទ្រព្យជិត១០ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន លោកនៅតែជាមានតួនាទីក្នុងក្រុមហ៊ុន“WhatsApp” ដោយធ្វើជានាយកប្រតិបត្តិ៕
កែសម្រួលដោយ ៈ Mr 365