ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

នាង​​​Malala Yousafzai ៖​ ​ឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​ក្មេង​ជា​គេ​បំផុត​ក្នុង​លោក

1,899

ក្មេង​ស្រី​ដែល​ហ៊ាន​ក្រោកឈរ​ឡើង​ប្រឆាំង​នឹងការបំបិទសិទ្ធិសេរីភាពក្នុង​ការ​ទទួលបានការអប់រំ Malala Yousafzai កើត​នៅ​ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ១៩៩៧ នៅ​ទីក្រុង Mingora ក្នុង​តំបន់ Swat Valley ភាគ​ពាយព្យ​នៃ​ប្រទេស​ប៉ាគីស្ថាន។ នាងបានតស៊ូយ៉ាងខ្លាំង​ ក្នុង​ការប្រឆាំងនឹងសង្គមបំបិទសិទ្ធិទទួលការអប់រំរបស់ក្មេងស្រី រហូតដល់ពួកតាលីបង់បាញ់ប្រហារស្ទើរស្លាប់។ ប៉ុន្តែជីវិតរបស់នាងត្រូវបានសង្រ្គោះ ហើយក្រោយមក នាងនៅតែបន្តសកម្មភាព និង យុទ្ធនាការទាមទារសិទ្ធិទទួលការអប់រំក្មេងស្រី ដោយធ្វើឡើងខ្លាំង​ជាងមុនទៀត រហូតឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​ ដែលមានអាយុក្មេង​ជា​គេ​បំផុត​ក្នុង​លោក។ 

នាង​មាន​ឈាម​ជ័រ​ជា​អ្នក​ស្រឡាញ់​ការ​សិក្សា​ពី​ឪពុក ហើយ​សកម្មជន​ទាមទារ​សិទ្ធិ​ទទួល​បាន​ការ​សិក្សា និង​ជា​ឪពុក​Malala លោក Ziauddin Yousafzai បាន​បង្កើត​ស្ថាប័ន​អប់រំ​មួយ​នៅ​ក្នុង​ទីក្រុង ដែល​មាន​សិស្ស​ជា​ច្រើន​នាក់​មក​ទទួល​យក​ការ​អប់រំ​ពី​ទីនេះ។

ការរឹតត្បិត​ប្រឆាំង​ដាច់​ខាត​ចំពោះ​ក្មេង​ស្រី​គ្រប់​គ្នា​មិន​ឲ្យ​ចូល​សាលា​ទទួល​បាន​ការ​សិក្សា បានកើតមានឡើងចំពោះក្មេងស្រីប៉ាគីស្ថានគ្រប់រូប នៅពេលពួក​ជ្រុល​និយម​របស់​ឥស្លាម Taliban បាន​ចាប់ផ្ដើម​ត្រួតត្រា​ទៅលើ​តំបន់​ជា​ច្រើន​ផ្នែក​នៃ​ភាគ​ពាយព្យ​នៃ​ប្រទេស​ប៉ាគីស្ថានក្នុង​ឆ្នាំ២០០៧។ មិនតែប៉ុណ្ណោះ ពួកគេ​ថែម​ទាំងហាមឃាត់​មិន​ឲ្យ​មាន​សកម្មភាព​ទាក់ទង​នឹង​វប្បធម៌​ដូចជា​ការ​រាំ​របាំ សូម្បី​តែការ​មើល​ទូរទស្សន៍ និង​ការ​ដើរ​ផ្សារ​របស់​ស្ត្រី​ផង​ដែរ។

នៅ​ដើម​ឆ្នាំ២០០៩ ចំណង់​ខ្លាំងក្លា​ចំពោះ​ការ​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​រៀន​សូត្រ​ក្នុង​សាលា បាន​ក្លាយ​ជា​ដើម​ហេតុ​ជំរុញ​ក្មេង​ស្រី​ដែល​មាន​អាយុ​ទើប​តែ​១១ឆ្នាំ​នេះ ​ឲ្យ​ក្លាយ​ជា​សកម្មជន​ទាមទារ​សិទ្ធិ​ទទួល​បាន​ការ​អប់រំ រហូត​ដល់​នាង​បាន​សរសេរ​អត្ថបទ​មួយ​សម្រាប់ BBC Urdu Service ដែល​រៀបរាប់​អំពី​ជីវិត​នៅ​តំបន់ Swat Valley នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ពួក Taliban និង​ចំណង់​ខ្លាំងក្លា​របស់​នាង​សម្រាប់​ការ​រៀន​សូត្រ ព្រមទាំង​ភាព​ភ័យខ្លាច​ពី​សង្គ្រាម​និង​ការ​ទៅ​សាលា។

​ដោយសារ​នាពេលក្រោយមកសង្គ្រាម​ផ្ទុះ​ឡើង​រវាង​ប៉ាគីស្ថាន​ជាមួយ​ពួក Taliban នាងត្រូវគិតគូរពីសុវត្ថិភាពជាចម្បង ហើយក៏ចាកចេញពីទីកំណើតរយៈ​ពេលប៉ុន្មាន​សប្ដាហ៍។​ ប៉ុន្តែពេលនាងត្រឡប់មកវិញ សំឡេង​របស់​នាង​បញ្ចេញ​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើងៗ តាមរយៈ​ចលនា​ក្រោកឈរ​ឡើង​ទាមទារ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សង្គម​និង​យុទ្ធនាការ​ជា​សាធារណៈ​របស់​នាង​ជាមួយ​ឪពុក រហូត​ដល់​ចលនា​នេះ​តបស្នង​មក​នាង​វិញ​នូវ​ពានរង្វាន់​សន្តិភាព​យុវជន​ជាតិ​ដំបូង​របស់​ប៉ាគីស្ថាន (Pakistan’s first National Youth Peace Prize) ក្នុង​ឆ្នាំ២០១១ និង​ពានរង្វាន់​សន្តិភាព​របស់​កុមារ​ជា​អន្តរជាតិ (International Children’s Peace Prize) ក្នុង​ឆ្នាំ​ដដែល​នេះ​ផង​ដែរ។

ការ​កើន​ឡើង​នូវ​ភាព​ល្បីល្បាញ​និង​ការ​ទទួល​ស្គាល់​របស់​នាង​ពី​ពិភពលោក ធ្វើឲ្យ​មេដឹកនាំ​របស់​ពួកតាលីបង់ ( Taliban​) ប៉ុនប៉ង​សម្លាប់​នាង។ នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ២០១២ ពួក​ជ្រុល​និយម​ឥស្លាម​នេះ បាន​អនុវត្ត​ផែនការ​ឃោរឃៅ​របស់​ខ្លួន​នៅ​ពេល​Malala ​ជិះ​ឡានក្រុង​ត្រឡប់​មក​ពី​សាលា​ទៅ​ផ្ទះ​វិញ។ ក្នុង​ខណៈ​នោះ គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ដែល​បាញ់​ចេញ​ពី​កាំភ្លើង​របស់​សមាជិក​ពួក Taliban​ ម្នាក់ បាន​ឆ្លងកាត់​ពី​ក្បាល​ទៅ​ក​រួច​បន្ត​ទៅ​ស្មា​របស់​នាង បណ្ដាល​ឲ្យ​នាង​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ។

យ៉ាងណាមិញ គ្រោះថ្នាក់​នេះ​មិន​បាន​ប៉ះពាល់​ដល់​ជីវិត​ឬ​ក៏​ផ្នែក​សំខាន់​នៃ​ខួរក្បាល​អ្វី​របស់​នាង​ឡើយ ហើយ​នាង​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ទីក្រុង Birmingham នៃ​ចក្រភពអង់គ្លេស ដើម្បី​ទទួល​បាន​ការ​ព្យាបាល​និង​មើល​ថែទាំ​យ៉ាង​ដិតដល់។ រហូត​ដល់​ខែ​មិនា​ឆ្នាំ​២០១៣ ទើប​នាង​បាន​រួច​ផុត​ពី​ស្ថានភាព​សន្លប់​បាត់បង់​ស្មារតី​និង​បាន​ទទួល​ការ​អប់រំ​នៅ​ទីនោះ​ពេល​នាង​ដឹង​ខ្លួន​មក​វិញ។

ឆ្នាំ២០១៣​ ​ដដែល​នេះ នាង​បាន​ចេញ​ផ្សាយ​សៀវភៅ​ដែល​នាង​សរសេរ​ពី​ជីវប្រវត្តិ​របស់​ខ្លួនឯង មាន​ចំណងជើង​ថា “I Am Malala: The Girl Who Stood Up for Education And Was Shot by the Taliban”។ ស្នាដៃ​សមិទ្ធផល​របស់​នាង បាន​ធ្វើឲ្យ​សភា​របស់​អឺរ៉ុប​ប្រគល់​ពានរង្វាន់​ដ៏​មាន​កិត្តិយស​បំផុត​មួយ​ឈ្មោះ​ថា Sakharov Prize for Freedom of Thought។ ឆ្នាំ​ដដែល​នេះ​ទៀត មូលនិធិ Malala ដែល​មាន​នាង​និង​ឪពុក​នាង​ជា​ស្ថាបនិក ត្រូវ​បាន​បង្កើត​ឡើង ក្នុង​គោលបំណង​លើក​ទឹកចិត្ត​ក្មេង​ស្រី​គ្រប់​រូប​ឲ្យ​បំផុស​សក្ដានុពល​របស់​ខ្លួន ឲ្យ​ក្លាយ​ជា​មនុស្ស​ក្លាហាន​បញ្ចេញ​គំនិត​របស់​ខ្លួន និង​ក្លាយ​ជា​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ​ក្នុង​សហគមន៍​របស់​ពួកគេ។

នៅ​ថ្ងៃ​១០ធ្នូ ឆ្នាំ២០១៤ ក្នុង​វ័យ​ទើបតែ​១៧ឆ្នាំ Malala​បាន​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​ជាមួយ​នឹង​ក្មេង​ស្រី​ជា​សកម្មជន​ឥណ្ឌា​ទាមទារ​សិទ្ធិ​របស់​កុមារ​និង​ការ​អប់រំ​ម្នាក់​ទៀត ធ្វើឲ្យ​នាង​ក្លាយ​ជា​មនុស្ស​ដ៏​ក្មេង​ជាង​គេ​ដែល​បាន​ទទួល​ពានរង្វាន់​នេះ។ មិនតែប៉ុណ្ណោះ នាង​បាន​បរិច្ចាគ​ប្រាក់​ដែល​នាង​ទទួល​បាន​ពី​ពានរង្វាន់​ដែល​មាន​ចំនួន​ជាង៥០០,០០០​ដុល្លារ​ទាំងអស់​សម្រាប់​បង្កើត​សាលា​បឋមសិក្សា​សម្រាប់​ក្មេង​ស្រី​នៅ​ឯ​ប៉ាគីស្ថាន​ផង​ដែរ៕

កែសម្រួលដោយ ៈ Mr 365

ប្រភពៈ www.malala.org & www.nobelprize.org

Comments
Loading...