ប្រវត្តិនៃឈ្មោះខេត្តសៀមរាប តិចអត់ដឹង…
យុវជនខ្មែរ ក្នុងសម័យសព្វថ្ងៃនេះពុំបានជ្រាបអំពីប្រវត្តិនៃខេត្តសៀមរាបនេះទេ ដោយហេតុថា កង្វះឯកសារនិយាយដល់។ ជាការពិតណាស់ ឈ្មោះភូមិ ស្រុក ខេត្តនៃមាតុភូមិខ្មែរ មិនថាក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ឬនៅក្នុងអតីតទឹកដីខ្មែរ ដែលសព្វថ្ងៃស្ថិតក្នុងបង្គោលខណ្ឌសីមានៃប្រទេសជិតខាងមួយចំនួន សុទ្ធសឹងតែពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលបានកន្លងផុតទៅហើយ។
គឺជាបរិបទនេះហើយ បានជាក្រោយពីទ័ពខ្មែររបស់ព្រះបាទពញ្ញាអង្គច័ន្ធ ឬព្រះបរមរាជាធិរាជ បានទទួលជ័យជំនះលើកងទ័ពសៀមឈ្លានពានជាស្ថាពរ នៅព្រះរាជនគរ គឺអង្គរធំ ពោលគឺ បានវាយកំទេចទ័ពសៀមរាបស្មើនិងដី បានជាខ្មែរដាក់ឈ្មោះថា ខេត្តសៀមរាប។ ស្ថានការណ៍បែបនេះ ធ្វើឲ្យយើងយល់បានថា ជាដើមកំណើតនៃការតាំងឈ្មោះ ខេត្តសៀមរាប តាំងពីរជ្ជកាលរបស់ព្រះអង្គច័ន្ទទល់និងសព្វថ្ងៃ ទោះបីជា ព្រះរាជពង្សាវតារខ្មែរ ច្បាប់ឧកញ្ញាព្រះឃ្លាំង (នង) មិនបាននិយាយដោយចំហក៏ដោយ។
ទីតាំងទីក្រុងសៀមរាបបច្ចុប្បន្ន ក្នុងចំណោមបណ្តារខេត្តផ្សេងៗទៀតនៃប្រទេសកម្ពុជា។
បើសិនជាយើងបើកច្បាប់ព្រះរាជពង្សាវតារខាងលើមកមើល យើងពិតជាស្លុតចិត្ត កងទ័ពសៀមឈ្លានពាន បានរុករានប្រទេសកម្ពុជាមិនឈប់ឈរជាច្រើនលើកច្រើនគ្រា។ ពួកគេ ក្រោយពីដណ្តើមបានអាណាខេត្តខ្មែរមួយចំនួន ដែលសព្វថ្ងៃបានក្លាយទៅជាទឹកដីថៃរួចទៅហើយនោះ ក៏បាននាំសង្គ្រាមចូលទៅយ៉ាងជ្រៅទៅ ចំកណ្តាលបេះដូងនៃព្រះរាជាណាចក្រកម្ពុជាតែម្តង គឺទីក្រុងមហានគរដែលសព្វថ្ងៃស្ថិតក្នុងខេត្តសៀមរាប តែពីមុនហៅថា ស្រុកនគរវត្ត ដែលធ្លាប់ជាសមរភូមិក្តៅពីមុនមក។ ក៏ប៉ុន្តែលើកនេះ ពួកគេត្រូវបង្ខំចិត្តរត់ត្រឡប់ទៅ ក្រុងអយុធ្យា វិញ ក្រោយពីត្រូវចាញ់សង្គ្រាមនៅចុល្លសករាជ ៩០២ ត្រូវនិងឆ្នាំ ១៥៤១នៃគ.ស។
កាលបើពិនិត្យទំ័រប្រវត្តិសាស្ត្រចាស់ ដែលបានកើតឡើងនៅលើទឹកដីបវរ ដែលជាទីតាំងនៃព្រះរាជនគរ យើងដឹងថា ក្នុងរាជ្យរបស់ ព្រះបាទជ័យវរ្ម័នទី៨ និងដើមរាជ្យរបស់ ព្រះបាទស្រីឥន្ទ្រវរ្ម័ន រវាងឆ្នាំ ១២៩៦ សៀមបានបើកការវាយលុកមួយដ៏ធំសម្បើម នៅ ខេត្តសៀមរាប ក្នុងបំណងយកប្រទេសកម្ពុជាធ្វើជាស្រុក ឬនគរចំណុះរបស់ខ្លួន។ ហើយមហិច្ឆិតានេះ ពួកគេបានសម្រេចជាស្ថាពរ ព្រោះថាអាណាខេត្តមួយចំនួន ដែលស្ថិតក្នុងភូមិភាគកណ្តាល ដូចជាខេត្តសុខោទ័យ កំផែងផេត (កំពែងពេជ្រ) និងខេត្តរណបនៃខេត្តទាំងនោះ ព្រមទាំងអាណាខេត្តដទៃៗឯទៀត ដែលស្ថិតនៅជ្រលងនៃដងទន្លេមេណាម ដូចជាខេត្តអយុធ្យា សុផាន់បុរី។ បន្ទាប់ពីបានទទួលជោគជ័យលើខេត្តទាំងឡាយនោះ ពួកគេក៏បានពង្រឹងបណ្តាញអំណាចរបស់ខ្លួន។
សង្គ្រាមឈ្លានពានមួយ ដែលគេត្រូវកត់សម្គាល់ ដែលបានកើតឡើងជាលើកដំបូងបង្អស់ នៅលើទឹកដីខ្មែរត្រូវបានធ្វើឡើងក្នុងរាជ្យរបស់ព្រះបាទលំពង្សរាជា នៅឆ្នាំ ១៣៥២។ ចំពោះចម្បាំងនេះ ច្បាប់ពង្សាវតារបានបញ្ជាក់ថា គឺភាគីឈ្លានពានថៃបានទទួលជ័យជំនះលើទ័ពខ្មែរ ដោយពួកគេបានកាន់កាប់ទីក្រុងអង្គរធំ នៅឆ្នាំ ១៤៣១។ មុននឹងដកថយចេញ ពួកគេបានកេណ្ឌឈ្លើយសឹកខ្មែរជាច្រើនម៉ឺននាក់ នាំទៅកាន់ប្រទេសសៀម។ ក្នុងឱកាសនោះដែរ ពួកគេក៏បានលួច ប្លន់ ទ្រព្យសម្បត្តិរបស់ជាតិខ្មែរគ្រប់ប្រភេទ នៅឆ្នាំ ១៤៣១ គឺជាឆ្នាំដែលកំណត់នូវអោនភាពខ្មែរ ដែលប្រឈមនិងការវាតទីនិយមរបស់សៀម ដែលគ្មានទីបញ្ចប់។
ជាការពិត ភ្លើងសង្គ្រាមឈ្លានពានបានកន្លងផុតជាច្រើនសតវត្សរ៍មកហើយក្តី ក៏ប៉ុន្តែបានបន្សល់ទុកនូវស្លាកស្នាមក្នុងផ្នត់គំនិតខ្មែរ។ បើតាមច្បាប់ព្រះរាជពង្សាវតារខ្មែរ គឺក្នុងរាជ្យរបស់ព្រះបាទអង្គច័ន្ទរាជា (១៥១៦-១៥៥៥នៃគ.ស) ដែលកងទ័ពសៀមមកឈ្លានពានខ្មែរ ត្រូវបានបង្ក្រាបរាបស្មើទល់និងដី នៅត្រង់ស្ទឹងអង្គរ នៅឆ្នាំ ១៥៤១ ដោយហេតុនេះហើយ បានជាព្រះអង្គត្រាស់បង្គាប់ឲ្យគេហៅតំបន់នេះជា តំបន់សៀមរាប ដើម្បីទុកជាការចងចាំរួមរបស់ជាតិខ្មែរ អំពីជ័យជំនះដ៏ត្រចះត្រចង់នេះ មុនទីតាំងនេះបានក្លាយទៅជាស្រុក ហើយបន្ទាប់មកទៀតជាខេត្តនាសម័យអាណាព្យាបាលបារាំង។ ព្រឹត្តិការណ៍មួយគួរឲ្យកត់សម្គាល់ គឺស្តេចអង្គនេះបានឆ្លាក់បង្ហើយនូវចម្លាក់មួយចំនួន ដែលព្រះបាទសុរិយាវរ្ម័នទី២ មិនទាន់ឆ្លាក់រួច។
ទោះបីជាបានទទួលបរាជ័យដ៏អាម៉ាស់មុខនេះក្តី ទ័ពសៀមក៏នៅតែទន្ទ្រានមាតុភូមិខ្មែរមិនស្រាកស្រាន្តឡើយ ហើយទង្វើនេះត្រូវបានបន្តរហូតដល់សម័យលង្វែក។ នៅឆ្នាំ ១៥៩៤ ទីក្រុងលង្វែកត្រូវដណ្តើមបានពីខ្មែរដោយស្តេចសៀម ព្រះបាទនរិន្ទសួន។ ចំពោះបរាជ័យនៃកងទ័ពសៀម ដែលដឹកនាំដោយស្តេចសៀម ដែលបានយកលែសថា ដោយសារព្រះបាទអង្គច័ន្ទរាជាមិនបានប្រគល់ដីរីសមួយក្បាល បានជាមកវាយលុកទីក្រុងអង្គរធំ។
ជាអវសាន សូមរំឭកផងដែរថា បើតាមប្រសាសន៍របស់លោក ហ្គ្រោរីយេ ព្រះបាទអង្គច័ន្ទរាជា គឺជាព្រះមហាក្សត្រខ្មែរ ដ៏ខ្លាំងពូកែជាងគេបំផុតនាសម័យក្រោយអង្គរ ដោយហេតុថា ស្តេចអង្គនេះមិនគ្រាន់តែបានខិតខំស្តារប្រទេសជាតិតែប៉ុណ្ណោះទេ ក៏ប៉ុន្តែទ្រង់ថែមទាំងមានមហិច្ឆិតាវាយដណ្តើមយកខេត្តខ្មែរមួយចំនួនក្នុងប្រទេសថៃបច្ចុប្បន្ន ដូចជាខេត្តនគររាជសីមា ខេត្តបុរីរម្យ សុរិន្ទ្រ ស៊ីសាកេតជាដើម ដែលសៀមបានដណ្តើមបានពីមុនមក។
យើងមានហេតុផលជាច្រើន ដើម្បីបង្ហាញបញ្ជាក់ថា ហេតុដូចម្តេចបានជាក្នុងព្រះរាជពង្សាវតារថៃ ដូចជាច្បាប់របស់អ្នកអង្គម្ចាស់នព្វរ័ត្ន តែងឡើងនៅព.ស ២៤២០ ត្រូវនិងគ.ស ១៨៧៧ បានប្រើពាក្យ “សៀមរាដ្ឋ” ជំនួសពាក្យសៀមរាបទៅវិញ។ តាមពិតទៅការប្រើពាក្យសៀមរាដ្ឋ (សៀមរ៉ាត) ដើម្បីហៅទីប្រជុំជនមួយ ដែលពីមុនគឺជាសមរភូមិ ឬលានប្រយុទ្ធស៊ីសាច់ហុតឈាមរវាងខ្មែរ និងសៀម ស្ថិតក្នុងស្រុកនគរវត្ត គឺបណ្តាលមកពីអាជ្ញាធរថៃ ក្នុងរជ្ជកាលរបស់ព្រះបាទព្រះចៅថាយស្រះ មិនចង់រំឭកនូវបរាជ័យដ៏អាម៉ាសមុខរបស់កងទ័ពឈ្លានពានសៀមតែប៉ុណ្ណោះ ទោះបីជាសម័យនោះទ្រង់បានត្រួតត្រាព្រះរាជាណាចក្រកម្ពុជាក៏ដោយ។
យ៉ាងណាមិញ គឺដោយសារតែហេតុការណ៍នេះហើយ ទើបព្រះបាទព្រះចោមក្លាវចៅយូហួ ដែលបានគ្រប់គ្រងប្រទេសកម្ពុជាជាមួយឥណ្ណាម ទ្រង់ក៏បានប្រើពាក្យស្រុក ឬមឿព្រះនគរវត្ត ជំនួសពាក្យស្រុក ឬ មឿងសៀមរ៉ាត ផងដែរ។
យើងគ្មានឯកសាររបស់ថៃណាមួយ ដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់អំពីការផ្លាស់ប្តូរឈ្មោះពីមឿងព្រះនគរវត្ត ទៅជាសៀមរាបទេ ហើយបើមានក៏អាចស្ថិតក្នុងដើមសម័យរជ្ជកាលទី៣ ដែលជាសម័យបាងកក ដែលគេហៅថា រតនកោសិន្ទ្រ។ ក៏ប៉ុន្តែ ចំពោះជនជាតិខ្មែរវិញ ឈ្មោះសៀមរាប ពិតជាត្រូវបានផ្តើមឡើងក្នុងរជ្ជកាលរបស់ ព្រះអង្គច័ន្ទ យ៉ាងប្រាកដ ឥតក្លែងក្លាយ ទោះជា ទឡ្ហីករណ៍មានខ្វះចន្លោះយ៉ាងណាក៏ដោយ។ ព្រោះថា ការតាំងឈ្មោះសៀមរាបនេះ មិនមែនជារឿងចៃដន្យ ឬជំនឿលេងសើច ជាពិសេស ក្នុងសម័យកាលមួយដែលខ្មែរ និងសៀមនៅច្បាំងគ្នាមិនឈប់មិនឈរ។ ដូច្នេះ ការចង់យល់ឲ្យលំអិតពីប្រវត្តិពិតនៃឈ្មោះ សៀមរាប តម្រូវឲ្យយើងស្គាល់ពីបរិបទសង្គម នយោបាយ ហើយទង្វើនេះ គឺជាការចាំបាច់បំផុត៕
បើទោះបីជាខ្មែរ និងបរទេសជាច្រើន បានស្គាល់ឈ្មោះ ខេត្តសៀមរាប ក៏ដោយក៏ភាគច្រើនមិនដែលដឹងថា ហេតុអ្វីបានជាបុព្វបុរសខ្មែរដាក់ឈ្មោះខេត្តនេះថា សៀមរាប ដូច្នេះទេ?
តើពាក្យថា សៀមរាប មានអត្ថន័យ និងការទាក់ទងជាមួយប្រវត្តិសាស្ត្រយ៉ាងណា?
ខេត្តសៀមរាប បច្ចុប្បន្នមានផ្ទៃដីប្រមាណជាង ១២.១៥០គីឡូម៉ែត្រក្រឡា ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណជាង ៩៣ម៉ឺននាក់។ ក្នុងចំណោមប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប នេះ គឺប្រមាណ ២៥% ជាអាជីវករ និងអ្នកធ្វើការងារ។ ចំណែក ៧៥% ទៀត ជាកសិករធ្វើស្រែ និងចម្ការ។
ថ្វីត្បិតតែខេត្តសៀមរាប មានមន្តស្នេហ៍ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ និងពិភពលោកជាច្រើនបានស្គាល់ថា តំបន់ទេសចរណ៍ដ៏អស្ចារ្យក៏ដោយ ក៏ប៉ុន្តែប្រសិនបើចោទសួរថា តើហេតុអ្វីបានជាខេត្តមួយនេះត្រូវបានគេដាក់ឈ្មោះថា សៀមរាប ហើយ តើឈ្មោះនេះមានចាប់តាំងពីពេលណា? គឺប្រាកដជាមានមនុស្សតែតិចតួចដែលបានដឹង។
បុរសចំណាស់អាយុជិត ៧០ឆ្នាំ រស់នៅក្រុងសៀមរាប គឺលោក មែន គឹមសាន។ លោកបានមានប្រសាសន៍ថា លោកបានស្គាល់ឈ្មោះ ខេត្តសៀមរាប តាំងពីលោកនៅកុមារភាព ក៏ប៉ុន្តែលោកមិនដឹងអំពីប្រវត្តិសាស្ត្រអតីតកាលយ៉ាងណាទេ៖ «ដែលអ៊ំកើតមកនោះ ឮតែគេនិយាយថា យ៉ាងម៉េចបានតែដាក់ថា សៀមរាប? គេឆ្លើយថាមកពីទីនេះ សៀម គេវាយរាបបានជាគេដាក់ថា សៀមរាប។ មិនដឹងថា ទ័ពសៀម ចូលមកពីឆ្នាំណាក៏អត់ដឹង គឺមិនច្បាស់លាស់ទេ អ៊ំនោះ។ កើតមកមិនបានជាគិតគូរស្រាវជ្រាវប្រវត្តិសាស្ត្រអ្វីឡើយ»។
អ្នកប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានពន្យល់ប្រហាក់ប្រហែលគ្នាថា ពាក្យ សៀម គឺទាក់ទងនឹងប្រទេសមួយ ដែលបច្ចុប្បន្នបានប្រែឈ្មោះទៅជាថៃ ទៅហើយ។ ឯពាក្យថា រាប គឺមានន័យថា ចាញ់។
អនុប្រធានផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លោក សំបូរ មាណ្ណារ៉ា បានពន្យល់ថា ចាប់ពីសតវត្សទី៩ និងទី១០ នៃគ្រិស្តសករាជ ខេត្តសៀមរាប គេបានប្រើឈ្មោះជាទីក្រុងយសោធបុរៈ ដោយសារតែព្រះមហាក្សត្រខ្មែរព្រះនាម ព្រះបាទ យសោវរ្ម័នទី១ បានកសាង។ ក៏ប៉ុន្តែក្រោយមក ត្រូវបានគេហៅថា អាណាចក្រអង្គរ។ នៅក្នុងរជ្ជកាលនៃព្រះរាជាក្រោយៗមក ដែលបានប្ដូររាជធានីទៅតាំងនៅភាគខាងត្បូង និងទួលបាសាន រហូតដល់ចតុមុខ ជាដើម គឺទីក្រុងអង្គរ ត្រូវបានបោះបង់ចោលមួយរយៈ។ ជាច្រើនឆ្នាំក្រោយមក ទើបមានការចាប់ផ្ដើមគ្រប់គ្រងជារាជធានីឡើងវិញ។
លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានពន្យល់ទៀតថា បន្ទាប់ពីមានការគ្រប់គ្រងជារដ្ឋបាលឡើងវិញនោះ គឺតំបន់អង្គរត្រូវបានទ័ពសៀម នៃនគរស្រីអយុធ្យា ចូលមកលុកលុយជាច្រើនលើក ចាប់តាំងពីសតវត្សទី១៤ នៃគ្រិស្តសករាជ។ នៅក្នុងសតវត្សទី១៥-១៦ មានព្រះមហាក្សត្រខ្មែរមួយអង្គព្រះនាម អង្គច័ន្ទរាជា បានធ្វើចម្បាំងជាមួយទ័ពសៀម ដើម្បីបណ្ដេញឱ្យចេញពីតំបន់អង្គរ។ ក្នុងការធ្វើសង្គ្រាមកាលណោះ គឺកងទ័ពខ្មែរបានជោគជ័យ ហើយពាក្យថា សៀមរាប គឺត្រូវបានគេដាក់ឈ្មោះ បន្ទាប់ពីជ័យជម្នះរបស់កងទ័ពខ្មែរ៖ «ពាក្យថា សៀមរាប គឺមានន័យថា សៀម បានខ្លបខ្លាចលោក បានចាញ់លោក បានអស់ឫទ្ធិអ៊ីចឹងទៅ។ ដូច្នេះ គេឱ្យឈ្មោះថា តំបន់សៀមរាប នេះជាទស្សនៈរបស់ជាតិខ្មែរ របស់អ្នកតំណដែលបានលើកឡើងក្នុងដំណែលប្រវត្តិសាស្ត្រនេះផងដែរ។ ចំណុចនេះហើយ បានជាចាប់ផ្ដើមមានពាក្យថា សៀមរាប»។
ការអធិប្បាយរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា នេះ គឺដូចគ្នានឹងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរផ្សេងទៀត។
សៀវភៅប្រវត្តិសាស្ត្រខ្មែរសង្ខេបមួយ ដែលសរសេរដោយ លោក នួន សុធិមន្ត ដែលបច្ចុប្បន្នជាមន្ត្រីរាជការនៅទីស្ដីការគណៈរដ្ឋមន្ត្រី បានអធិប្បាយថា នៅឆ្នាំ១៥២៥ នៃគ្រិស្ដសករាជ ព្រះមហាក្សត្រខ្មែរព្រះនាម អង្គច័ន្ទរាជាទី១ បានវាយបង្ក្រាបកងទ័ពសៀម ដែលឈ្លានពាន ឱ្យបរាជ័យនៅតំបន់អង្គរ។ ដូច្នេះហើយ បានជាព្រះបាទអង្គច័ន្ទរាជាទី១ បានដាក់ឈ្មោះថា សៀមរាប គឺមានន័យថា ទ័ពសៀម ចាញ់រាបដូចកន្ទេល។
បច្ចុប្បន្ននេះ ខេត្តសៀមរាប មិនត្រឹមតែជានិមិត្តរូបនៃជាតិខ្មែរប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាក៏កំពុងនាំប្រទេសកម្ពុជា ឱ្យទទួលបាននាមថ្មីមួយទៀត គឺ ព្រះរាជាណាចក្រអច្ឆរិយ ដោយសារតែភាពល្បីល្បាញខាងវប្បធម៌ប្រវត្តិសាស្ត្រ។
អ្នកទេសចរចម្រុះជាតិសាសន៍ក្នុងពិភពលោកកំពុងនាំគ្នាមកទស្សនាប្រាង្គប្រាសាទបុរាណដ៏សម្បូរបែបនាទឹកដីនេះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានមានប្រសាសន៍ថា នៅក្នុងខែមករា ឆ្នាំ២០១៤ គឺមានភ្ញៀវទេសចរបរទេសចំនួនជាង ៣០ម៉ឺននាក់ បានមកទស្សនាតំបន់អង្គរ។ ក្រុមទេសចរបរទេសទាំងនោះ បានចាប់អារម្មណ៍ទៅលើសំណង់បុរាណដែលជាប្រវត្តិសាស្ត្រ និងសម្រស់ធម្មជាតិ៖ «ភ្ញៀវមួយចំនួនទៅភ្នំគូលែន ជាពិសេសភ្ញៀវរុស្ស៊ី។ មានទៅតំបន់បឹងទន្លេសាប ហើយនិងប៉ែកតំបន់អង្គរធំ»។
ភ្ញៀវទេសចរបរទេសដែលមកទស្សនាតំបន់អង្គរ ហើយកើនឡើងច្រើនជាងគេ មានដូចជា ជនជាតិចិន កូរ៉េ វៀតណាម និងរុស្ស៊ី ជាដើម។ ជារៀងរាល់ថ្ងៃ មានជនជាតិកូរ៉េ ជាច្រើនបាននាំភ្ញៀវទេសចរដើរទស្សនាក្នុងរមណីយដ្ឋានអង្គរ។
អ្នកមគ្គុទ្ទេសក៍ជាតិខ្មែរមួយរូប គឺលោក រ៉េត សាមុត បានមានប្រសាសន៍ថា ខេត្តសៀមរាប ប្រៀបបានទៅនឹងជង្រុកវប្បធម៌ដ៏សម្បូរបែប ដោយធ្វើឱ្យអ្នកទេសចរបរទេសចង់ឃើញ និងចង់ស្វែងយល់៖ «ក្នុងនោះយើងសង្កេតឃើញមានប្រាង្គប្រាសាទចំនួន ៥៤៤ប្រាសាទ ហើយមានស្ពានថ្មចំនួន៥៩ ហើយក៏មានស្រះ បារាយណ៍ និងប្រព័ន្ធធារាសាស្ត្រផ្សេងៗ រួមជាមួយនឹងវត្ថុសិល្បៈផ្សេងៗ ដូចជា ប្រពៃណីទំនៀមទម្លាប់ក៏រួមផ្សំផងដែរ»។
លោក រ៉េត សាមុត បានអធិប្បាយថា ដោយសារតែមានប្រាង្គប្រាសាទ និងវប្បធម៌ដ៏យូរលង់នេះ ធ្វើឱ្យទឹកដីខេត្តសៀមរាប មានមន្តស្នេហ៍យ៉ាងខ្លាំង ក្នុងការទាក់ទាញបេះដូងអ្នកទេសចរចម្រុះជាតិសាសន៍៖ «ទឹកដីខេត្តសៀមរាប យើងនេះ បានបង្កប់មន្តស្នេហ៍សម្រាប់គេទៅទស្សនាពេលព្រះអាទិត្យលិច ក៏ដូចជាទៅមើលជីវិតការរស់នៅរបស់ប្រជាពលរដ្ឋ ដូចជា ច្រូតកាត់ ដកស្ទូង ជាដើម និងការធ្វើតម្បាញសិប្បកម្ម ដូចជា កន្ត្រក ជាល ស្មុគអីជាដើម គឺឃើញថាច្រើនមែនទែន»។
អ្នកប្រវត្តិសាស្ត្របានឱ្យដឹងថា ខេត្តសៀមរាប បានឆ្លងការចម្បាំង និងការធ្វើអាណានិគមពីបរទេសជាច្រើនជំនាន់រាប់មិនអស់ ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋនៅទីនេះនៅតែរក្សាទុកបាននូវសំនៀងដើមនៃភាសារបស់ខ្មែរ ជាមួយនឹងវប្បធម៌ជាច្រើនទៀត ដែលតំបន់ផ្សេងៗបានបាត់បង់អស់ទៅហើយ។ វប្បធម៌ទាំងនេះ ដូចជា ពិធីកោរជក់កូនក្មេង ពិធីចូលម្លប់ ពិធីហៅព្រលឹង និងពិធីរំដោះគ្រោះជាដើម។ មានអ្នកភូមិខ្លះ នៅពេលដែលត្រូវការស្រោចទឹករំដោះគ្រោះ គឺគេតែងទៅវត្តដើម្បីទូលសុំព្រះសង្ឃឱ្យធ្វើពិធី ព្រមទាំងមានដូនចាស់ជាច្រើននាក់ អង្គុយព័ទ្ធជុំវិញស្រែកហៅព្រលឹងផង។
ក្រៅតែពីប្រាសាទបុរាណ និងប្រពៃណីវប្បធម៌ដែលអាចទាក់ទាញអ្នកទេសចរបរទេសច្រើនលាននាក់ក្នុង១ឆ្នាំនោះ កត្តាដែលជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋឱ្យរស់នៅបាន ដោយអាស្រ័យលើកសិកម្ម គឺទីពឹងលើប្រភពទឹកជាអ្នកផ្ដល់ជីវិតឱ្យសត្វលោក ដែលហូរចុះពីកំពូលភ្នំគូលែន ជាទីស័ក្តិសិទ្ធិទៅកាន់បឹងទន្លេសាប។
បឹងទន្លេសាបមិនមែនតែជាកន្លែងគយគន់ទេសភាពនៃអ្នកទេសចរណ៍ប៉ុណ្ណោះទេ គឺជាតំបន់ផ្ដល់ប្រភពត្រីឱ្យធ្វើជាម្ហូបអាហារ តាំងតែពីសម័យកសាងអង្គរមកម្ល៉េះ។
ស្នាមអារ្យធម៌ដ៏ខ្ពង់ខ្ពស់សម្បូរបែបរបស់បុព្វបុរសខ្មែរ ដែលបន្សល់ទុកនៅខេត្តសៀមរាប គឺមិនត្រឹមតែបង្ហាញឱ្យដឹងពីភាពរុងរឿងនៃអតីតកាលប៉ុណ្ណោះទេ គឺសម្រាប់អនាគតក៏នឹងក្លាយទៅជាតំបន់ទេសចរណ៍ ដែលគ្មានគូប្រៀបដែរ។
ការសិក្សាស្ដីពីផែនការមេរួម សម្រាប់ការអភិវឌ្ឍប្រកបដោយ និរន្តរភាពក្រុងសៀមរាប មួយរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសជប៉ុន បានទស្សន៍ទាយថា សៀមរាប នឹងក្លាយទៅជាទីក្រុងទេសចរណ៍ល្អបំផុតតែមួយគត់នៅក្នុងតំបន់អាស៊ីអគ្នេយ៍ នៅឆ្នាំ២០២០ ដោយឈរលើមូលដ្ឋានប្រវត្តិសាស្ត្រសិល្បៈ វប្បធម៌ និងលក្ខណៈជាខ្មែរ៕
កែសម្រួលដោយៈ Mr365