ចក្រភពអាតេក (Aztec Empire) ជាទឹកដីកកើតប្រទេសម៉ិកស៊ីកូបច្ចុប្បន្ន
ប្រវត្តិសាស្ត្ររបស់ប្រទេសម៉ិកស៊ីកូមានកំណើតចេញមកពីចក្រភពបុរាណមួយ ដែលមានឈ្មោះថា ចក្រភពអាតេក (Aztec empire) ដែលបង្កប់នូវរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលជាច្រើន ដែលត្រូវបានគេស្គាល់ជាចក្រភពបង្ហូរឈាមគ្នាមួយដែលមានទំនៀមទម្លាប់ប្រពៃណី បូជាមនុស្សថ្វាយអាទិទេព ច្បាប់នៃទាសភាពដ៏ប្លែកពីគេ ថែមទាំងជាទឹកដីកំណើតរបស់បង្អែមដ៏ពេញនិយមជុំវិញពិភពលោកដែលជា សូកូឡា នេះទៀតផង។
ចក្រភពអាតេក បានចាប់ផ្ដើមប្រវត្តិសាស្ត្ររបស់ខ្លួនចាប់ពីក្រុមកុលសម្ព័ន្ធមានដើមកំណើតនៅ ម៉ិកស៊ីកូខាងជើង បានមកតាំងទីលំនៅក្នុង មេសូអាមេរិក (Mesoamerica) ក្នុងដើមសតវត្សទី១៣ និងដួលរលំទៅវិញនៅក្នុងឆ្នាំ១៥២១នៃគ.ស។ នៅពេលពួកគេឃើញសត្វឥន្ទ្រីឈរនៅលើដើមដំបងយក្សមួយ នៅលើដីមួយដែលនៅក្បែរព្រំដែនរបស់ស្ទឹង Texcoco ការណ៍នេះក៏នាំពួកគេឲ្យឈ្វេងយល់ថាវាបានផ្ដល់សញ្ញាមួយដែលនាំពួកគេឲ្យតាំងទីលំនៅនៅទីនោះ។ ដូច្នេះក្នុង ឆ្នាំ១៣២៥នៃគ.ស រាជធានី Tenochtitlán ដ៏មានឥទ្ធិពលរបស់ ពួកអាតេក នេះមានមូលដ្ឋានឈរនៅលើស្ទឹង Texcoco។
រយៈពេលមិនយូរប៉ុន្មាន ឥទ្ធិពលរបស់រាជធានី Tenochtitlán ក៏បានគ្របដណ្ដប់ទៅលើ តំបន់ម៉ិកស៊ីកូកណ្ដាល និងប្រមូលរដ្ឋជាច្រើនមកក្រោមចំណុះរបស់ខ្លួននៅត្រឹម សតវត្សទី១៥ រហូតក៏ក្លាយជាចក្រភពដែលមាន ផ្ទៃដី២២មឺុនគីឡូម៉ែត្រការ៉េ។ ពួកអាតេកមាន ប្រព័ន្ធដាំដុះកសិកម្មដ៏ឆ្លាតវៃ ដែលជាលទ្ធផលនាំមកនូវដំណាំជាប្រចាំរបស់ពួកគេមានពោត សណ្ដែក ដំឡូង ប៉េងប៉ោះ កាកាវ និងផ្លែបឺរ រួមផ្សំជាមួយនឹងការស្ទូចត្រី និងបរបាញ់សត្វក្នុងតំបន់ដ៏សម្បូរបែប ពាណិជ្ជកម្មទាំងនេះបានជំរុញសេដ្ឋកិច្ចឲ្យលូតលាស់ជាលំដាប់។
និយាយពី ប្រពៃណីបូជាមនុស្សថ្វាយអាទិទេព វិញ បានសម្លាប់មនុស្សចំនួន២០,០០០នាក់ជារៀងរាល់ឆ្នាំ។ អ្នកដែលត្រូវបានយកមកបូជា បន្ទាប់មក ពួកអាតេក នឹងបរិភោគសាច់មនុស្សនេះជាអាហារ ដោយនេះគឺជាទំនៀមទម្លាប់របស់ពួកគេតៗរហូតមក។
ចំពោះច្បាប់ទាសភាពរបស់ពួកអាតេកមានលក្ខណៈជាការព្រមព្រៀងដោយស្ម័គ្រចិត្តពីបុគ្គលដែលចង់លក់ខ្លួនឯងជាទាសករ។ ប្រជាជនអាតេកណាដែលជំពាក់បំណុលធ្ងន់ធ្ងរ ដែលគិតថាមិនអាចមានផ្លូវណាផ្សេងដើម្បីដោះបំណុលបាន នោះពួកគេនឹងស្ម័គ្រលក់ខ្លួនឯងជាទាសករ ហើយបើពួកគេខិតខំធ្វើការបម្រើគេបានល្អ នោះពួកគេក៏អាចស្វែងរកសេរីភាពរបស់ខ្លួនចេញពីទាសភាពនេះវិញបានដែរ។ ដូច្នេះក្នុងចំណោមពួកអាតេក ទាសករពុំមែនជារឿងអាក្រក់អ្វីនោះទេ ហើយទាសករអាតេកក៏អាចរៀបការ បង្កើតកូន និងធ្វើជាម្ចាស់កម្មសិទ្ធិទៅលើដីផងដែរ។
ក្នុង ឆ្នាំ១៤៤០នៃគ.ស គឺជាការឡើងស្នងរាជបល្ល័ង្ករបស់អធិរាជ Moctezuma I ដែលជាអ្នកចម្បាំងដ៏ប៉ិនប្រសប់និងល្បីឈ្មោះបំផុតមួយរូបក្នុងប្រវត្តិសាស្ត្ររបស់ ចក្រភពអាតេក រហូតត្រូវបានពួកអាតេកចាត់ទុកជាបិតានៃចក្រភពអាតេក។ នៅដើមសតវត្សទី១៦ ក្រោមការដឹកនាំរបស់អធិរាជដែលត្រូវបានគេទុកដូចជាអាទិទេពរបស់គេនេះ ចក្រភពអាតេកត្រួតត្រាបានរហូតដល់ទៅ៥០០រដ្ឋ តូចៗដទៃទៀត និងមនុស្សប្រមាណ៦លាននាក់ ទៀត។
នៅខែឧសភាឆ្នាំ១៥១៩ អ្នករុករករបស់អេស្ប៉ាញ Hernan Cortes រួមជាមួយនឹងទាហានរួមដំណើរចំនួន៦០០នាក់ បានមកដល់ឆ្នេរសមុទ្រខាងកើតនៃប្រទេសម៉ិកស៊ីកូ ជាមួយនឹងគោលបំណងដំបូងដែលគ្រាន់តែជាការមកសម្រេចបេសកកម្មនៃការរុករកស្វែងយល់ពី ចក្រភពអាតេកនិងពាណិជ្ជកម្ម របស់ពួកគេ ដែលក្រោយមកក្លាយជាការឈ្លានពានដណ្ដើមទឹកដី។ ពួកអេស្ប៉ាញ ទាំងនោះដឹងថាពួកអាតេកមានសត្រូវជាច្រើនជាពិសេសជាមួយពួកក្រុមកុលសម្ព័ន្ធជនជាតិដើមឥណ្ឌា ដោយសារតែបង្ខំឲ្យពួកជនជាតិដើមទាំងនោះបង់ពន្ធថ្លៃៗ ថែមទាំងសម្លាប់ពួកគេដើម្បីបូជាថ្វាយអាទិទេពទៀតផង។
ដូចនេះពួកអេស្ប៉ាញក៏ប្រើប្រាស់ចំណុចខ្សោយរបស់ពួកអាតេកមួយនេះ ហើយយកឈ្នះឲ្យក្រុមកុលសម្ព័ន្ធជនជាតិដើមឥណ្ឌា ចុះចូលរួមដំណើរទៅច្បាំងយកទឹកដីរបស់អាតេក។ ក្នុងឆ្នាំ១៥២១ គឺជាឆ្នាំនៃការដួលរលំរបស់ចក្រភពអាតេក ហើយរាជធានី Tenochtitlán ត្រូវបានប្ដូរមកជាទីក្រុងម៉ិកស៊ីកូ វិញ។
បើប្រៀបទៅនឹងអ្នកចម្បាំងតែ៦០០នាក់ របស់ពួកអេស្ប៉ាញ អ្នកចម្បាំងរបស់អាតេកដែលមានរហូតដល់ទៅ២០០,០០០នាក់ មិនសមនឹងអាចផ្ដួលចក្រភពដ៏ធំមួយនេះឲ្យដួលបានឡើយ។ ប៉ុន្តែអ្វីដែលនាំឲ្យពួកគេបរាជ័យនោះគឺជាសព្វាវុធចម្បាំងទំនើបរបស់ពួកអេស្ប៉ាញ យុទ្ធសាស្ត្រចម្បាំង និងជាពិសេសគឺពួកគេបាននាំជំងឺរាតត្បាតដ៏សាហាវនិងចម្លែកមកចំលងពួកអាតេក ដែលក្នុងរយៈពេលត្រឹមតែ៥ឆ្នាំ ប៉ុណ្ណោះប្រជាជនអាតេកជាង២០លាននាក់ ត្រូវបានស្លាប់ដោយមេរោគជំងឺមួយនេះ ដែលជំងឺរាតត្បាតនេះហើយគឺជាចម្លើយចម្បងតែមួយគត់ដែលឆ្លើយទៅនឹងអ្វីដែលធ្វើឲ្យចក្រភពអាតេកដួលរលំនេះឯង៕
កែសម្រួលដោយៈMr365