ប្រវត្តិនំឆាខ្វៃ
ឆាខ្វៃគឺជានំចិនមួយប្រភេទ ដែលខ្មែរយើងនិយមទទួលទានជាមួយបបរ ទឹកដោះគោ កាហ្វេ ឬទទួលទានទទេ ក៏បាន ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ សម្រាប់ខ្ញុំ ក៏ចូលចិត្តនំប្រភេទមួយនេះខ្លាំងណាស់ដែរ តែមិនដឹងថានំនេះមានដើមកំណើតមកពីណា ហើយហេតុអ្វី បានជាឈ្មោះឆាខ្វៃនោះដែរ។ រហូតមកដល់ថ្ងៃមួយ ពេលបើកវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត មកដល់ទំព័រ៩៤៩ក៏បានប្រទះពាក្យ«យ៉ាវឆាខ្វៃ» ដែលជាឈ្មោះពេញរបស់នំនេះ។
វចនានុក្រមដដែលនេះ បានពន្យល់ទៀតថា «យ៉ាវឆាខ្វៃ» ជាពាក្យចិនផ្សំឡើងដោយបីពាក្យគឺ យ៉ាវ«ខ្លាញ់» + ឆា«ចម្រាញ់» + ខ្វៃ«មនុស្សក្បត់ឈ្មោះខ្វៃ» > យ៉ាវឆាខ្វៃ។ យ៉ាវឆាខ្វៃគឺឈ្មោះជានំចិនមួយបែប ជានំដែលគេធ្វើទុកឲ្យជាគ្រឿងសម្គាល់ នូវរឿងរ៉ាវនៃមនុស្សក្បត់ផែនដីម្នាក់ឈ្មោះ ខ្វៃ ដែលរាជការសឹកចិនបុរាណសម័យព្រេងនាយ បានចាប់យកមកធ្វើទារុណកម្មដោយអារសាច់ទាំងរស់ ចម្រាញ់ធ្វើជានំឲ្យឈ្មោះខ្វៃ ស៊ីសាច់របស់វា ហើយគេឲ្យជាងឆ្លាក់ថ្មធ្វើជារូបវាទុកនៅទីមួយជាសញ្ញាផ្ចាញ់ផ្ចាល កុំឲ្យជនឯទៀតៗយកតម្រាប់តាម, គេឲ្យធ្វើនំមួយបែបទុកជាភស្តុតាង ដើម្បីឲ្យបច្ឆាជនទាំងពួងស្គាល់ឈ្មោះជនក្បត់ផែនដីនោះតៗមក, គេឲ្យឈ្មោះនំនោះថា យ៉ាវឆាខ្វៃ«នំចម្រាញ់ខ្លាញ់អាខ្វៃ»។
ចិននៅប្រទេសកម្ពុជា ពពាយនាយលក់នំនេះថា យ៉ាវឆាខ្វៃ! , អ្នកខ្លះទៀតហៅនំនេះថា នំឆាខ្វៃ, អ្នកខ្លះហៅនំប្រៃៗ ពីព្រោះនំនេះមានរសប្រៃបន្តិចៗ, អ្នកខ្លះទៀតហៅ នំប្រៃឡមៗ, គេច្រើនប្រើបរិភោគផ្សំជាមួយនឹងកាហ្វេ ឬគុយទាវជាដើម តាមទម្លាប់ប្រើ។ ចំណែក រូបថ្មអាខ្វៃនោះ មាននៅប្រទេសចិន ដរាបមកដល់សព្វថ្ងៃនេះ៕
By: Mr365