ផែនការណ៍ពាណិជ្ជកម្មដែលអ្នកជំនួញគួរកត់ត្រាទុក
ប្រហែលអ្នកធ្លាប់ឭពាក្យដែលគេនិយាយតៗគ្នាថាការមិនរៀបចំផែនការគឺជាការរៀបចំផែនការណ៍ដើម្បីបរាជ័យ។ ពាក្យនេះត្រូវគេដឹងថាមានប្រភពចេញពីលោក Benjamin Franklin អ្នកច្នៃប្រឌិតនិងជាអ្នកនយោបាយជាន់ខ្ពស់មួយរូបនៅសតវត្សទី១៨ និងជាមនុស្សម្នាក់ដែលជឿជាក់លើតម្លៃនៃការប្រុងប្រៀបរៀបចំមុននឹងធ្វើអ្វីមួយ។ តាមពិតទៅ សហគ្រិនអាមេរិកដែលជោគជ័យបំផុតសុទ្ធតែជាមនុស្សដែលមានយុទ្ធសាស្រ្តការងារយ៉ាងច្បាស់លាស់។ ជាក់ស្តែងលោក John D. Rockefeller ដែលជាអ្នកជំនួញប្រេងដ៏កំពូលនៅសតវត្សទី១៩និង២០ តែងតែនិយាយពាក្យថាផែនការណ៍យើងជានិច្ចនៅពេលប្រជុំ។
អត្ថប្រយោជន៍មួយទៀតនៃផែនការណ៍ចង្អុលផ្លូវ គឺវាបត់បែនទៅតាមពាណិជ្ជកម្មរបស់អ្នក។ វាជាឯកសាររស់ តែបើទោះជាមានភាពបត់បែនយ៉ាងណា ក៏នៅមានធាតុសំខាន់មួយចំនួនដែរដូចជា៖
១/ សេចក្តីសង្ខេបនៃផែនការណ៍រួម
អ្នកត្រូវតែមានផែនការណ៍សង្ខេបមួយដែលអាចមើលឃើញអ្វីដែលសំខាន់ៗទាំងអស់ក្នុងពេលក្រឡែកមួយភ្លែត។ បើក្រុមហ៊ុនអ្នកទើបបង្កើតថ្មី អ្នកត្រូវផ្តោតលើសាវតានិងបទពិសោធន៍ខ្លះៗនៃដៃគូពាណិជ្ជកម្មទាំងអស់។ តែបើក្រុមហ៊ុនរបស់អ្នកបង្កើតមកយូរហើយ អ្នកកុំភ្លេចផ្តោតលើពេលចាប់ផ្តើម ឈ្មោះរបស់ស្ថាបនិក បុគ្គលិកមានប៉ុន្មាននាក់ និងចំណុចដែលមុខជំនួញរបស់អ្នកកំពុងតែឈរជើង។
២/ ការរៀបរាប់អំពីក្រុមហ៊ុន
អ្នកត្រូវពន្យល់ថាក្រុមហ៊ុនរបស់អ្នកធ្វើអ្វីខ្លះ ហើយវាខុសប្លែកពីគូប្រជែងរបស់អ្នកត្រង់ចំណុចណាខ្លះ។ បង្កើតបញ្ជីឈ្មោះអតិថិជនធំៗ និងទីផ្សារដែលអ្នកមានគម្រោងធ្វើជាគោលដៅនៅក្នុងពេលអនាគត។ អ្នកក៏ត្រូវគិតដល់អត្ថប្រយោជន៍ប្រកួតប្រជែងដែរដូចជាការជួលបុគ្គលិកជំនាញនិងទីតាំងល្អៗដែលអាចទាក់ទាញអតិថិជនបានកាន់តែច្រើន។
៣/ វិភាគទីផ្សារ
ជាការចាំបាច់ណាស់ដែលត្រូវយល់ច្បាស់ទីផ្សារដែលអ្នកគ្រោងនឹងវាយលុក។ រកឱ្យឃើញថានរណាជាគូប្រជែងរបស់អ្នក វិភាគចរន្តលំហូរសាច់ប្រាក់ និងផលចំណេញរបស់គេ និងបច្ចេកវិទ្យាដែលអាចនឹងជួយឱ្យអ្នកដើរបានលឿនជាងគេ។ ចំពោះអតិថិជនវិញ អ្នកត្រូវវិភាគរកឱ្យឃើញថាគេចំណាយលុយដូចម្តេចខ្លះ និងនៅពេលណាខ្លះ។
៤/ ការរៀបចំ និងការគ្រប់គ្រង
រៀបរាប់លម្អិតរាល់កម្មសិទ្ធិទាំងអស់ ទាំងវិនិយោគិន និងត្រូវបង្ហាញរចនាសម្ព័ន្ធក្រុមយហ៊ុនឱ្យបានច្បាស់។ អ្នកត្រូវតែកំណត់ឱ្យច្បាស់ថាក្រុមហ៊ុនរបស់អ្នកជាកម្មសិទ្ធិឯកជន មានដៃគូ ឬជាសាជីវកម្ម។
៥/ សង្វាក់សេវាកម្ម និងសង្វាក់ផលិកម្ម
តើអ្នកលក់ផលិតផលអ្វី? តើវានឹងជួយអតិថិជនរបស់អ្នកដូចម្តេចខ្លះ? ហើយតើគេនឹងត្រូវប្តូរផលិតផលនោះញឹកញាប់ប៉ុណ្ណា? ចម្លើយទៅនឹងសំណួរទាំងនេះអាចជាកត្តាចាំបាច់ចំពោះនិរន្តរភាពនៃពាណិជ្ជកម្មរបស់អ្នក។ ត្រង់ចំណុចនេះ អ្នកក៏គួរតែគិតដល់បណ្ណប៉ាតង់ និងកម្មសិទ្ធិបញ្ញាដែលអ្នកមានទាំងអស់ដែរ។
៦/ ការធ្វើទីផ្សារ និងការលក់
ទោះជាអ្នកមានគំនិតល្អបំផុតក្នុងក៏មិនអាចចេញជាផ្លែផ្កាអ្វីដែរបើអ្នកមិនផ្សព្វផ្សាយឱ្យអតិថិជនបានដឹង។ តើអ្នកនឹងត្រូវពឹងផ្អែកលើពាក្យពេចន៍ដែលគេនិយាយតៗគ្នា កម្មវិធីបញ្ចុះតម្លៃ ឬការផ្សព្វផ្សាយពាណិជ្ជកម្ម? ត្រូវចាំថាវិធីសាស្រ្តណាក៏ដោយ ត្រូវតែបត់បែនទៅតាមទីផ្សាររបស់អ្នក។
កែសម្រួលដោយៈ Mr365