ប្រវត្តិសង្ខេបសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត
កំណើត៖ សម្តេចព្រះមហាសុមេធាធិបតីជួន ណាត ប្រសូតនៅថ្ងៃអង្គារ ទី ១១ ខែមីនា ឆ្នាំ១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រះបិតានាមជួន ព្រះមាតានាម យក់ ។ គ្រួសារនេះមានបុត្រតែពីរគត់គឺសម្តេច និងឧកញ៉ាសោភណមន្ត្រី ជួន នុត ។ សម្តេច ជួត ណាត បានសុគត នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ដោយជរាពាធ។
ប្រវត្តិការសិក្សា៖ សម្តេច ជួន ណាត កាលនៅកុមារបានសិក្សាអក្សរ និងលេខដរាបដល់ជន្មាយុ ១៤ ឆ្នាំ បានបួសជាសាមណេរ នៅខែ ឧសភា ឆ្នាំ ១៨៩៧ បួសជាសាមណេរនៅវត្តពោធិព្រឹក្ស (ហៅវត្តពោល្យំ) សង្កាត់រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សម្តេច ជួន ណាត បានបួសជាសាមណេរបានពីរឆ្នាំ ហើយបានចូលសិក្សាព្រះបរិយត្តិធម៌នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញជន្មាយុគ្រប់ ២១ឆ្នាំ បានទៅសូមបំពេញឧបសម្បទាជាភិក្ខុ ខែមិថុនា ឆ្នាំ១៩០៤។
ប្រវត្តិការងារ៖ សម្តេច ជួន ណាត ធ្វើជាសមាជិកនៃក្រុមជំនុំតែងវចនានុក្រមខ្មែរ ដែលទ្រង់ជាលេខាធិការកាន់កិច្ចការផ្ទាល់ នៅឆ្នាំ ១៩១៩, ឆ្នាំ ១៩២៥ សម្តេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំពិនិត្យសេចក្តីខុសត្រូវនៃសៀវភៅនានាដែលសាលាបាលីជាន់ខ្ពស់បោះពុម្ពផ្សាយ, ឆ្នាំ១៩២៦ ជាមេប្រយោគក្នុងការប្រឡងយកវិញ្ញាបនបត្របឋមសិក្សាខ្មែរ និងសញ្ញាបត្របឋមសិក្សាជាន់ខ្ពស់បារាំង-ខ្មែរ នៅក្រុងភ្នំពេញ, ឆ្នាំ១៩២៧ ជាសមាជិកក្រុមជំនុំផ្ទៀងសម្រេចវចនានុក្រមខ្មែរ ហើយបានទទួលធ្វើវចនានុក្រុមតែមួយព្រះអង្គឯងដរាបដល់បានចប់សព្វគ្រប់ បានបោះពុម្ពផ្សាយទាំងភាគ ១ និងភាគ ២, ឆ្នាំ១៩២៧ ជាសមាជិកនៃក្រុមអភិបាលជំនុំផ្តាច់ឆ្នាំសម្រាប់ព្រះរាជបណ្ណាល័យកម្ពុជា, ឆ្នាំ១៩៣០ ជាចាងហ្វាងរងនៃសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញ, ឆ្នាំ១៩៣០ ជាសមាជិកជំនួយនៃក្រុមជំនុំព្រះត្រៃបិដកនៅពុទ្ធសាសនបណ្ឌិត្យ, ឆ្នាំ១៩៣២ ជាសមាជិកនៃក្រុមជំនុំខាងការស្រាវជ្រាវជ្រើសរើសរកពាក្យពេចន៍ក្នុងផ្ទៃនៃកវីនិពន្ធខ្មែរបុរាណ ដើម្បីប្រមូលបញ្ចូលពាក្យទាំងនេះទៅក្នុងវចនានុក្រមខ្មែរ, ឆ្នាំ១៩៣៣ ជាសមាជិកនៃក្រុមជំនុំពិនិត្យសៀវភៅដែលក្រសួងសិក្សាធិការជាតិបោះពុម្ពផ្សាយ, ឆ្នាំ១៩៣៤ ជាសមាជិកនៃក្រុមជំនុំជ្រើសរើសពាក្យខ្មែរ ប្រៀបធៀបនឹងពាក្យបារាំងសម្រាប់ប្រើក្នុងកិច្ចការរាជការ, ឆ្នាំ១៩៣៥ ជាសាស្ត្រាចារ្យបង្រៀនភាសាបាលី សំស្ក្រឹត ខ្មែរ និងលាវ ប្រចាំថ្នាក់ទីបំផុតនៃមធ្យមសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ, ឆ្នាំ១៩៤២ ជាចាងហ្វាងនៃសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ (ពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត), ឆ្នាំ១៩៤៤ ជាចៅអធិការវត្តឧណ្ណាលោម, ឆ្នាំ១៩៤៥ ជាអធិបតីនៃថេរសភាគឺក្រុមជំនុំជាន់ខ្ពស់របស់ព្រះសង្ឃ, ឆ្នាំ១៩៤៧ ជាអនុប្រធានគណៈកម្មការវប្បធម៌ ផ្នែកអក្សរ (ក) នៃគណៈកម្មការជាតិខាងការសិក្សា, ឆ្នាំ១៩៤៨ ជាប្រធាននៃគណៈកម្មការធម្មវិន័យ ពិនិត្យការផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យ ក្នុងព្រះរាជាណាចក្រ, ឆ្នាំ១៩៦១ រហូតមក សម្តេចទ្រង់ប្រោសមេត្តាទទួលនិមន្តពីសមាគមអ្នកនិពន្ធខ្មែរ ធ្វើជាប្រធាននៃការសម្ភាសអក្សរសាស្ត្រ ផ្សាយតាមសំឡេងវិទ្យុជាតិរាល់ថ្ងៃសុក្រ, ឆ្នាំ១៩៦៨ ទ្រង់ទទួលព្រះឋានៈជាព្រះប្រធាននៃគណៈកម្មការពិនិត្យស្នាដៃអត្ថបទផ្សាយជារឿងខាងប្រវត្តិសាស្ត្រខ្មែរ, ឆ្នាំ១៩៦៩ ជាព្រះប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ និង១៩៦៩ ជាព្រះប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ។ គ្រឿងឥស្សរិយយស៖ សម្តេច ជួន ណាត ទទួលបានមេដាយអស្សរឹទ្ធិមុនីសារាភរណ៍នៅឆ្នាំ ១៩១៧, ឆ្នាំ ១៩៣២ មេដាយអស្សរឹទ្ធិព្រះរាជាណាចក្រកម្ពុជា, ឆ្នាំ១៩៣២ មេដាយអស្សរឹទ្ធិដំរីមួយលាន និងស្វេតច្ឆត្រ ប្រទេសលាវ, ឆ្នាំ១៩៣៧ មេដាយសេនានៃបណ្ឌិត្យសភា សាធារណរដ្ឋបារាំង, ឆ្នាំ១៩៤២ មេដាយអស្សរឹទ្ធិ ដឺឡាឡេស្យុង ដុណ្ណើរ នៃសាធារណរដ្ឋបារាំង, ឆ្នាំ១៩៤៤ មេដាយសេនានៃព្រះរាជាណាចក្រកម្ពុជា, ឆ្នាំ១៩៤៨ មេដាយសេនាដឺឡាឡេស្យុងដុណ្ណើរ នៃសាធារណរដ្ឋបារាំង, ឆ្នាំ១៩៤៨ មេដាយសេនាដឺឡាឡេស្យុងដុណ្ណើរ នៃសាធារណរដ្ឋបារាំង, ឆ្នាំ១៩៦២ មេដាយមហាសិរីវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា, ឆ្នាំ១៩៦៣ មេដាយមហាសិរីវឌ្ឍន៍សុវត្ថារា និងឆ្នាំ១៩៦៩ មេដាយជាតូបការដែលជាគ្រឿងឥស្សរិយយសធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា។