ជីវិត និងស្នាដៃរបស់ កាលិលេវ កាលិលេ(១៥៦៤-១៦៤២) អ្នកប្រឆាំងនឹងព្រះគម្ពីរ
«Magister – Dixit ពាក្យបុរាណាចារ្យ» នេះជាគ្រឿងអារកាត់ជម្រះការសង្ស័យ និងជំនឿគ្រប់យ៉ាង ទោះជាសមហេតុផលក្ដី ពុំសមហេតុផលក្ដី តែកាលណាគ្រូប្រាប់ដោយពោលពាក្យឃ្លាខាងលើនេះ ត្រូវស្ដាប់ ជឿគោរពតាមជាដាច់ខាត និងបំពារដោយគ្រាន់តែនៅតែសង្ស័យ ក៏ពុំបានដែរ ។ វិធីសិក្សារបស់ជនជាតិអឺរ៉ុបក្នុងសម័យ៥០០ឆ្នាំកន្លងផុតមកហើយនោះ ចូលក្នុងន័យខាងលើនេះឯង ។
កាលិលេ កើតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៥៦៤ ឪពុកជាគ្រូភ្លេងនៅក្រុងពីស (Pise) ប្រទេសអ៊ីតាលី ។
កាលិលេ កាលនៅជាកុមារ ជាមនុស្សភ័យក្លាចច្រើន មានស្នូរផ្គរលាន់ ផ្លេកបន្ទោរជាដើម ។ ដល់ពេញវ័យបរិបូរណ៍ឡើង ក៏ក្លាយទៅជាមនុស្សធ្វើប្រយោជន៍ដ៏ធំដល់មនុស្សលោក គឺគ្រាន់តែឃើញ «ចង្កៀងយោលយោក» ជាហេតុក៏អាចរកវិធីកំណត់នូវ «ចន្ទគ្រាស សូរ្យគ្រាស» បាន ហើយក្នុងការទៅរស់នៅឯក្រុងវេនីស (Vénise) អាចរកឃើញនូវកម្លាំងស្រូបទាញរបស់ផែនដី នាំឲ្យអាចធ្វើគ្រឿងវាស់បាន បន្ទាប់មកទៀតអាចធ្វើគ្រឿងចក្របូមទឹកបាន ធ្វើគ្រឿងវាស់កម្ដៅ និងត្រជាក់បាន (ឧណ្ហមាត្រ) ក្រោយមកទៀត ធ្វើការសម្រេចនូវ «កែវទរទស្សន៍ (Téléscope)» ដែលក្លាយទៅជាឧបករណ៍ខាងតារាសាស្ត្ររហូតដល់បច្ចុប្បន្ននេះ ។ មិនតែប៉ុណ្ណោះ ទ្រឹស្ដីផែនដីវិលក៏កើតឡើងយ៉ាងជាក់ប្រាកដពីត្រឹមនោះមកដែរ ជាហេតុអាចឲ្យគេសាង «នាឡិកា» ប្រើបានរហូតដល់សម័យនេះ ។
មិនមែន កាលិលេ អាចធ្វើនូវកិច្ចការដ៏មហាថ្លៃថ្លាទាំងនោះបានដោយគ្មានឧបសគ្គនោះ ទេ គាត់ធ្វើការពិសោធន៍បំពានបំពារលើពាក្យបុរាណាចារ្យ ដែលមានកំហុសស្មើនឹងការប្រឆាំងចំពោះព្រះជាម្ចាស់ដែរ ។ គាត់ក៏ត្រូវខ្ចាត់ឃ្លាតចេញពីមាតុភូមិ ទៅរស់នៅឯវេនីស ទើបផុតពីគ្រោះថ្នាក់បានមួយគ្រា ហើយអាចធ្វើឲ្យសម្រេចនូវកិច្ចការដូចមានពីខាងលើស្រាប់ ។ ព្រោះនៅវេនីសនេះ គាត់មានសេរីភាពពេញបរិបូរណ៍លើពាក្យបុរាណាចារ្យ ដែលកាលគាត់រស់នៅឯ ពីស ជាមាតុភូមិរបស់គាត់ តែងតែបានទទួល និងជាដំបងប្រហារគាត់ តែគាត់ក៏នៅតែរត់ពុំផុតពីការស្រឡាញ់មាតុភូមិ នាំឲ្យគាត់ត្រលប់មក ពីស វិញ ។ មាតុភូមិពុំស្រឡាញ់គាត់ ធ្វើឲ្យគាត់ត្រូវសាលកាត់ទោសពិសេសរបស់អ្នកបួស (តាមលទ្ធិគ្រិស្ត) ដែលប្រវត្តិសាស្ត្រហៅថា «អាំគ្វីស៊ីស្យុង (Inquisition)» កោះហៅយកទៅហាមប្រាម គាត់ក៏ធ្វើជាយល់ព្រមតាមវា សុខចិត្តលះបង់គំនិតថា ផែនដីវិលនោះចោល ព្រោះជាការប្រឆាំងនឹងព្រះជាម្ចាស់ ។ នេះជាលើកទី១ នៅឆ្នាំ១៦១៦ ដែលត្រូវសាលនោះកោះឡើង តែការយល់ព្រមនោះ គ្រាន់តែដើម្បីរស់នៅធ្វើការតទៅទៀតប៉ុណ្ណោះ ព្រោះបើពុំយល់ព្រមថាកែប្រែទេ សាលអាំគ្វីស៊ីស្យុង នេះអាចនឹងកាត់ទោសប្រហារជីវិតក៏បាន ។
«ដឹងការពិតហើយលាក់ទុកពុំបាន» ក្រោយមកតម្រាតារាសាស្ត្រ មួយបានត្រូវផ្សាយចេញ ក៏ទាក់ទងពីរឿងផែនដីវិលទៀត ទោះបីកំពុងឈឺក៏ដោយ ត្រូវតែចូលទៅកាន់សាលខានពុំបាន នាក្រុងរ៉ូម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៦៣៣ កាលិលេ អាយុ៦៩ឆ្នាំ សាលជំនុំជម្រះអស់រយៈកាល៦ខែ គាត់ត្រូវសន្យាជាលាយលក្ខណ៍អក្សរប្រកាសថា លះបង់ការយល់ថាផែនដីវិលនោះម្ដងទៀត ក្នុងព្រះបរមនាមដ៏ស័ក្តិសិទ្ធិនៃព្រះយេស៊ូគ្រិស្ត ។ តែការនៅតែប្រព្រឹត្តល្មើសរហូតដល់ទៅពីរលើកយ៉ាងនេះ គាត់ពុំអាចនៅជាអ្នកជាបានឡើយ ត្រូវសាលអ្នកបួសកាត់ទោស ដាក់គុកដោយឥតមានកំណត់ ។ មួយរំពេចប៉ុណ្ណោះ ត្រូវជាប់គុកក៏ពិត តែគ្រាន់តែគេសែងចេញពីទីជំនុំជម្រះ គាត់ក៏ខ្សឹបប្រាប់គេឯងថា «ការពិតផែនដីវិល» ។
នៅក្នុងគុក៤ឆ្នាំ គាត់នៅតែមានឱកាសផ្សាយចេញដោយលួចលាក់នូវទ្រឹស្ដីរបស់គាត់ ជានិច្ច ។ ទីបំផុតគាត់ក៏ខ្វាក់ភ្នែកទាំងសងខាង ទើបបានចេញទៅរស់នៅក្រៅគុកបានតែ៥ឆ្នាំ ទៀតប៉ុណ្ណោះ អាយុ៧៨ឆ្នាំ ក៏ទទួលមរណភាពនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៦៤២ ៕
ដោយ ស៊ា ប៊ុនភេង សៀវភៅសាងខ្លួនឯង
កែសម្រួលដោយៈMr365