ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ជីវិត និង​ស្នាដៃ​របស់ ហ្វ្រង់ស្វ័រ អារ៉ាហ្គោ (1786-1853) អ្នកប្រាជ្ញគណិតវិទ្យាដ៏ឆ្នើម

2,259

ហ្វ្រង់ស្វ័រ អារ៉ាហ្គោ ជា​អ្នក​គណិតសាស្ត្រ និង​ជា​អ្នក​រូបវិទ្យា​ដ៏​ល្បីល្បាញ​របស់​ប្រទេស​បារាំង ។ កាល​អាយុ​ ១៧​ឆ្នាំ អារ៉ាហ្គោ ទទួល​បាន​លេខ​មួយ​ក្នុង​ការ​ប្រឡង​ចូល​សាកលវិទ្យាល័យ​ជាន់​ខ្ពស់​ដែល​ជា​មហាវិទ្យាល័យ​បច្ចេកទេស​មួយ​ដ៏​ល្បី​ឈ្មោះ ធ្លាប់​បាន​បណ្ដុះ​បណ្ដាល​អ្នក​ប្រាជ្ញ​ដ៏​ឆ្នើម​ជា​ច្រើន​រូប​មក​ហើយ សម្រាប់​ប្រទេស​បារាំង ។

ពេល​ប្រឡង​ចេញ​ពី​មហាវិទ្យាល័យ លោក​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​អ្នក​ជំនួយការ​ឲ្យ​លោក ប៊ីណេ ហើយ​ត្រូវ​បាន​ឲ្យ​ចូល​រួម​ក្នុង​សកម្មភាព​វាស់​វែង​ខ្សែវ័ណ្ឌ​ផែនដី ។ បន្ទាប់​មក លោក​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ជ្រើស​រើស​ចូល​ជា​សមាជិក​បណ្ឌិត​សភា​បារាំង ជា​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ជាន់​ខ្ពស់ និង​ជា​នាយក​ស្ថានីយ​តារា​សាស្ត្រ 

អារ៉ាហ្គោ​ បង្កើត​ស្នាដៃ​ជា​ច្រើន រួម​វិភាគទាន​ក្នុង​វិទ្យាសាស្ត្រ ហើយ​លោក​បាន​ដាក់​ចេញ​ជា​ដំបូង​បង្អស់​នូវ​ទ្រឹស្ដីបទ​រលក និង​ទ្រឹស្ដីបទ​ចំណាំង​បែរ ទ្រឹស្ដីបទ​ស្ដីពី​ចរន្ត​អាំងឌុចស្យុង និង​ស្ប៉ិចម៉ាញ៉េទិក ។

មិន​បាច់​រង់ចាំ​ដល់​ ១០ ឆ្នាំ​ទេ !

តាំង​ពី​នៅ​តូច កុមារ ​អារ៉ាហ្គោ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្មារតី​ខ្លួន​ទីពឹង​ខ្លួន និង​ទឹក​ចិត្ត​ប្ដេជ្ញា​ពុះពារ​គ្រប់​ឧបសគ្គ ។ អាយុ ១២​ឆ្នាំ មាន​ម្ដង​នោះ អារ៉ាហ្គោ បាន​រក​ឃើញ​សៀវភៅ​មួយ​ក្នុង​គំនរ​សៀវភៅ​ចាស់ៗ​របស់​ឪពុក​ខ្លួន ។ កុមារ​ទាញ​យក​មក​មើល ហើយ​ជា​ការ​ធម្មតា​គឺ​មិន​យល់​អ្វី​ទាល់​តែ​សោះ ។ កុមារ​ក៏​យក​ទៅ​សួរ​ឪពុក ។ ឪពុក ​អារ៉ាហ្គោ​ បើក​ពីរ​បី​ទំព័រ​រួច​គ្រវី​ក្បាល «ទេ ! សៀវភៅ​នេះ​កូន​អាន​ឥឡូវ​មិន​ទាន់​បាន​ទេ ។ ចាំ​បួន​ដប់​ឆ្នាំ​ទៀត​សិន​ណ៎ា» ។

រឿង​នោះ​ក៏​កន្លង​ផុត​ទៅ ។ ស្រាប់​តែ​ថ្ងៃ​មួយ ឪពុក​ឃើញ​កូន​កាន់​របស់​ចម្លែក​មួយ​នៅ​នឹង​ដៃ «ស្អី​ហ្នឹង អារ៉ាហ្គោ ?» «បាទ​បំពង់​ឆ្លុះ​ដែល​កូន​ធ្វើ​ខ្លួនឯង» «ទុក​ធ្វើ​អ្វី ?» «ទុក​គូរ​ផែនទី​ទីក្រុង​…»

ការ​ពិត​សៀវភៅ​កាល​ពី​ថ្ងៃ​មុន​នោះ បាន​ណែនាំ​នូវ​បញ្ហា​ភូមិសាស្ត្រ​ដ៏​លំបាក​ស្មុគ្រស្មាញ ។ អារ៉ាហ្គោ​បាន​អាន​បណ្ដា​វិធី​វាស់​វែង​ដែល​ចែង​នៅ​ក្នុង​នោះ រួច​ខំ​ធ្វើ​ឧបករណ៍​ដោយ​ខ្លួនឯង​ដើម្បី​គូរ​ផែនទី​ទីក្រុង ។

ជំហាន​កំណត់​សម្រេច

កាល​នៅ​ពី​តូច ថ្ងៃ​មួយ​នោះ នៅ​តាម​ផ្លូវ កុមារ​អារ៉ាហ្គោ ​បាន​ជួប​នាយ​ទាហាន​ម្នាក់​កំពុង​ដោះ​កាំភ្លើង​ត្បាល់​ដើម្បី​ជួស​ជុល ។ អារ៉ាហ្គោ ​ចាត់​ទុក​នេះ​ជា​ការ​ចម្លែក​ណាស់ ។ «ពូ​អើយ ពូ​ជា​អ្នក​ណា ?» «ពូ​ជា​នាយ​ទាហាន​អង្គភាព​ទ័ព​ជាង​ណា​ក្មួយ !» «ធ្វើ​យ៉ាង​ម៉េច​ទៅ ទើប​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​នាយ​ទាហាន​អង្គភាព​ទ័ព​ដូច​ពូ​ទៅ​ន៎ ?» «អូ៎ ត្រូវ​តែ​រៀន​សូត្រ​ចប់​សាកលវិទ្យាល័យ» «ចុះ​សាកលវិទ្យាល័យ​គឺ​ជា​អ្វី​ទៅ ?»

នាយទាហាន​ក៏​ផ្ទុះ​សំណើច «ឆ្លើយ​សំណួរ​មួយ​នេះ​ចំពោះ​ក្មួយ​ឯ​ង​ពិត​ជា​ពិបាក​ណាស់ ! ល្អ​បំផុត ក្មួយ​ឯង​គួរ​តែ​ទៅ​រក​មើល​នៅ​បណ្ណាល័យ​ឃុំ នោះ​នឹង​មាន​តារាង​ណែនាំ​អំពី​សាកលវិទ្យាល័យ​ហើយ !​…» ។ មិន​ឲ្យ​ខាត​ពេល​សូម្បី​មួយ​នាទី អារ៉ាហ្គោ​ រត់​យ៉ាង​លឿន​ទៅ​កាន់​បណ្ណាល័យ​រក​មើល​តារាង​ដែល​ណែនាំ​ពន្យល់​ពី​សាកលវិទ្យាល័យ ។

ពិត​មែន នៅ​ក្នុង​តារាង​នោះ​បាន​និយាយ​ច្បាស់​លាស់​ពី​គោលបំណង​បណ្ដុះ​បណ្ដាល ពី​កម្មវិធី ពី​របៀប​សុំ​ប្រឡង​ចូល​សាកលវិទ្យាល័យ​… កុមារ​យើង​ក៏​ចូល​ចិត្ត​មួយ​រំពេច ហើយ​ប្ដេជ្ញា​ចិត្ត​ត្រូវ​តែ​ប្រឡង​ចូល​សាកលវិទ្យាល័យ​នេះ ។ កុមារ​អារ៉ាហ្គោ​ បាន​ជួប​ប្រទះ​សៀវភៅពិជគណិត រួច​ប្រឹង​អាន​ហើយ​ស្វែង​យល់​ដោយ​ខ្លួនឯង ។ កន្លែង​ខ្លះ​ដែល​មិន​យល់ អារ៉ាហ្គោ​ក៏​ប្រឹង​យក​ទៅ​សួរ​បង​ប្អូន​ម្នាក់​ដែល​នៅ​ឆ្ងាយ ។ មួយ​ឆ្នាំ​កន្លះ​បាន​កន្លង​ផុត​ទៅ អាស្រ័យ​ដោយ​ការ​តស៊ូ​ព្យាយាម​រៀន​ដោយ​ខ្លួន​ឯង ប្អូន​យុវសិស្ស​វិទ្យាល័យ អារ៉ាហ្គោ បាន​ត្រៀម​ខ្លួន​យ៉ាង​គ្រប់គ្រាន់​នូវ​ចំណេះ​ដឹង​សម្រាប់​ប្រឡង​ចូល​សាកលវិទ្យាល័យ ។

គន្លឹះ​សម្រាប់​ប្រែក្លាយ​ទៅ​ជា​ឆ្លាត​វាងវៃ

នៅ​ពេល​ត្រៀម​ប្រឡង​ចូល​សាកលវិទ្យាល័យ អារ៉ាហ្គោ ​បាន​ប្រឡូក​តែ​ម្នាក់ឯង​ជាមួយ​នឹង​បណ្ដា​សៀវភៅ​ពិជគណិត ពីព្រោះ​នៅ​ក្នុង​ភូមិម្ករ​ដ៏​ឆ្ងាយ​ដាច់​ស្រយាល​នៃ​ភូមិ​កំណើត គ្មាន​នរណា​ម្នាក់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ជួយ​ណែនាំ​ដល់​កុមារ​ដែល​ស្រឡាញ់​ការ​សិក្សា​នេះ​ឡើយ ។

ថ្ងៃ​មួយ​នោះ អារ៉ាហ្គោ​ បាន​រក​ឃើញ​សៀវភៅ​របស់ អាក្រង់ ដែល​ជា​អ្នក​គណិតសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​បារាំង​នា​ជំនាន់​នោះ ។ អារ៉ាហ្គោ​ ចាប់​ផ្ដើម​អាន​ភ្លាម​ពី​ទំព័រ​ដំបូង​រហូត​ដល់​ចប់ ហើយ​មិន​យល់​អ្វី​ទាល់​តែ​សោះ ។ កុមារ​ក៏​រត់​ទៅ​រក​បង​ជីដូន​មួយ រៃណង់ ដែល​ជា​អ្នក​ចូល​ចិត្ត​ពិជគណិត​ដែរ​នោះ ដោយ​ត្អូញត្អែរ​ថា ៖ «ខួរក្បាល​ប្អូន​ឆោត​ល្ងង់​ពេក ! ធ្វើ​យ៉ាង​ណា​ទៅ​ទើប​ឆ្លាត​វាងវៃ​បាន ?» ។

បង​ជីដូនមួយ​ញញឹម​ហើយ​តប​ថា «ខ្ញុំ​មាន​បទពិសោធន៍​មួយ ។ បើសិន​ជា​អាន​លើក​ដំបូង​មិន​យល់​ត្រូវ​តែ​អាន​សា​ឡើង​វិញ​ដោយ​ហ្មត់ចត់ ។ អាន​លើក​ទី​២ មិន​យល់​ត្រូវ​តែ​អាន​លើក​ទី​៣ បន្ត​ទៀត» ។

អារ៉ាហ្គោ​ ចាត់​ទុក​បទពិសោធន៍​នេះ​ជា​ការ​ត្រឹមត្រូវ ។ ជា​ការ​ពិត ការ​អាន​​លើក​ទី​៣ អារ៉ាហ្គោ​កត់​សម្គាល់​ឃើញ​ថា រាល់​បញ្ហា​ចាក់​ស្រែះ​ត្រូវ​បាន​ស្រាយ​ចេញ​អស់ ។

ថ្ងៃ​ក្រោយ​មក អ្នក​គណិតសាស្ត្រ​យើង​តែង​រៀបរាប់​ករណី​របស់​ខ្លួន​ប្រាប់​សិស្ស​ទាំង​ឡាយ ហើយ​ធ្វើការ​សន្និដ្ឋាន​ថា «មនុស្ស​មិន​មែន​ងាយ​បាន​ទទួល​បញ្ញា​ពី​កំណើត​មក​ទេ ។ តែ​គេ​អាច​ក្លាយ​ទៅ​ជា​មនុស្ស​ឆ្លាត​បាន​ដោយ​ការ​ប្ដេជ្ញា​ចិត្ត» ។

ទេពកោសល្យ ឬ ក៏​ការ​ប៉ិនប្រសប់

នៅ​ពេល​ប្រឡង​ចេញ​ពី​សាលា អារ៉ាហ្គោ ​បាន​ជួប​លោក​សាស្ត្រាចារ្យ ឡឺក្រង់ ក្នុង​សម័យ​ប្រឡង​សំណួរ និង​ចម្លើយ ។ ឡឺក្រង់ ​ល្បី​ឈ្មោះ​ថា ជា​អ្នក​មាន​ចរិត​ពិបាក ហើយ​ងាយ​ច្រឡោត​ចំពោះ​រឿង​រ៉ាវ​នានា ។ មុន​ពេល​ចូល​បន្ទប់​ប្រឡង មិត្តភក្ដិ​ទាំងអស់​បាន​ខ្សឹប​ប្រាប់​ អារ៉ាហ្គោ «ប្រយ័ត្ន​ណ៎ា ! កុំ​ធ្វើ​ឲ្យ​លោក​តា​គាត់​ច្រឡោត ឮ​ទេ !» ។

មិត្ត​យុវជន​ពោរពេញ​ទៅ​ដោយ​ក្ដី​សង្ឃឹម បាន​ឈាន​ចូល​ក្នុង​បន្ទប់​ប្រឡង ។ ប្រហែល​ជា​មក​ពី​ឥរិយាបថ​របស់​ អារ៉ាហ្គោ ទើប​ធ្វើ​ឲ្យ​លោក​សាស្ត្រាចារ្យ​មិន​ពេញ​ចិត្ត គាត់​ក៏​សួរ​ដោយ​សំឡេង​ម៉ឺងម៉ាត់ «​ឯង​ជា​ជនជាតិ​អ៊ីតាលី​ឬ ?» «ជម្រាប​លោក​សាស្ត្រាចារ្យ មិន​មែន​ទេ ខ្ញុំ​ជា​ជនជាតិ​បារាំង» «ម៉េច​ក៏​អញ្ចឹង ? ភាសា​ជនជាតិ​បារាំង គ្មាន​ឈ្មោះ អារ៉ាហ្គោ​ ទេ ?» «ជម្រាប​លោក​សាស្ត្រាចារ្យ​មាន​ដែរ​តើ​បាទ ។ ភស្តុតាង​គឺ​ខ្ញុំ​ជា​ជនជាតិ​បារាំង» ។

លោក​សាស្ត្រាចារ្យ​ជើង​ចាស់​ក៏​ខឹង​ច្រឡោត ។ គាត់​សួរ ​អារ៉ាហ្គោ ​ដល់​ទៅ​ពីរ​ម៉ោង ដោយ​សួរ​ចូល​ជ្រៅ​ក្នុង​បញ្ហា​ល្បិច​ជា​ច្រើន ។ អារ៉ាហ្គោ ​បាន​ឆ្លើយ​តប​វិញ​យ៉ាង​ល្អ​ប្រសើរ ។ នៅ​នាទី​ចុង​ក្រោយ​គាត់​ចេញ​លំហាត់​ពិជគណិត​មួយ​ឲ្យ​យុវសិស្ស​រឹង​ក្បាល​នេះ ។

«ជម្រាប​ប្រសាសន៍​លោក​សាស្ត្រាចារ្យ​…» «ម៉េច ? ឯង​ធ្វើ​មិន​បាន​ទេ​ឬ ?» «បាទ ធ្វើ​បាន ព្រោះ​លំហាត់​នេះ​ចំពោះ​ខ្ញុំ​វា​ស្រួល​ពេក សុំ​លោក​សាស្ត្រាចារ្យ​ចេញ​លំហាត់​មួយ​ផ្សេង ពិបាក​ជាង​នេះ​បាន​ទេ​បាទ !» ។

លោក​សាស្ត្រាចារ្យ​សម្លឹង ​អារ៉ាហ្គោ​ មួយ​នាទី សំដែង​នូវ​ភាព​ងឿង​ឆ្ងល់ ហើយ​លោក​បាន​ដាក់​បន្ថែម​លក្ខខណ្ឌ​មួយ​ទៀត​ឲ្យ​លំហាត់​នោះ ។ អារ៉ាហ្គោ​ នៅ​តែ​ស្រាយ​បំភ្លឺ​បាន​យ៉ាង​ល្អ ញ៉ាំង​ឲ្យ​លោក​សាស្ត្រាចារ្យ​មាន​ចរិត​ពិបាក​នេះ ត្រូវ​តែ​សរសើរ​ចំពោះ​អារ៉ាហ្គោ 

ក្រោយ​មក គឺ​ ឡាក្រង់​ បាន​រៀប​រាប់​រឿង​នេះ ហើយ​និយាយ​ថា «ខ្ញុំ​កោត​សរសើរ និង​ចាប់​ផ្ដើម​គោរព​ អារ៉ាហ្គោ ​តាំង​ពី​ពេល​នោះ​មក ។ យុវជន​យើង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ជឿជាក់​លើ​ខ្លួន​ឯង ហើយ​ចង់​ឆ្លង​កាត់​សម័យ​ប្រឡង​ដោយ​សមត្ថភាព​ខ្លួន​ឯង ពុំ​មែន​ដោយ​ការ​ប៉ិនប្រសប់​ឡើយ» ៕

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

កែសម្រួលដោយៈMr365

 

Comments
Loading...