ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ជីវិត និង​ស្នាដៃ​របស់ ហ្សាកុប ប៊ែរហ្សេល្វីយ

1,706

ប៊ែរហ្សេល្វីយ ជា​គីមីវិទូ​ជាតិ​ស៊ុយអែត​ជា​អតីត​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​ស្តុកខុល និង​ជា​សមាជិក​បណ្ឌិតសភា​ស៊ុយអែត ។ លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្ស​ម្នាក់​ដែល​បាន​បង្កើត​ចេញ​នូវ​ខឿន​គីមីសាស្ត្រ​ទំនើប ។ លោក​ជា​អ្នកដំបូង​គេ​បង្អស់​ដែល​បាន​កាត់​ផ្ដាច់​ចេញ​ពី​គ្នា​នូវ​មុខវិជ្ជា​គីមី​អសរីរាង្គ និង​គីមី​សរីរាង្គ ហើយ​ដាក់​ចេញ​នូវ​ប្រព័ន្ធ​សញ្ញា​គីមី​ដែល​យើង​និយមប្រើ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ។

សកម្មភាព​របស់​ប៊ែរហ្សេល្វីយ នៅ​មាន​លើ​វិស័យ​ផ្សេងៗ​ទៀត ដូចជា អគ្គីសនី គីមី​ជាតិវិភាគ​… ។

គីមី​ពិត​ជា​ងាយស្រួល​មែន !

ប៊ែរហ្សេល្វីយ ជា​អ្នកវិទ្យាសាស្ត្រ​មួយ​រូប​ដែល​ស្រលាញ់​មុខ​របរ​យ៉ាង​ខ្លាំងក្លា ។ ជា​រៀង​រាល់ថ្ងៃ លោក​​ធ្វើការ​ដល់​ទៅ ១២ ម៉ោង​ក្នុង​បន្ទប់​ពិសោធន៍​របស់​លោក​ជួន​កាល​ភ្លេច​ទាំងការ​បរិភោគ​ទៀត​ផង ។

ថ្ងៃ​មួយ មាន​អ្នកជិតខាង​ចង់​ដឹង​រឿង​របស់​លោក ឈ្លេច​សួរ​ជំនួយការី​របស់​លោក​ចង់​ដឹង​តើ​ម្ចាស់​របស់​ជំនួយការី​ធ្វើការ​យ៉ាង​ណា​ខ្លះ ? នារី​នោះ ពិចារណា​មួយ​ស្របក់​ទើប​ឆ្លើយ​តប​វិញ ៖

«មិន​ច្បាស់​ទេ​… តែ​ខ្ញុំ​តែង​ឃើញ​គាត់​កាន់​បំពង់កែវ​មួយ​ដែល​ដាក់​ធាតុ​អ្វី​ម្យ៉ាង​ពណ៌​ខុសៗ​គ្នា ចាក់​ទៅ​ក្នុង​កូន​ដប រួច​ក្រឡុក​ញាប់​ដៃ ។ បន្ទាប់​មក ចាក់​បន្ត​ចូល​ក្នុង​កូន​បំពង់​តូចជាង​ទៀត រួច​ក្រឡុក​ទៀត ។ ទីបំផុត​គឺ​ផ្ទេរ​ទៅ​ក្នុង​បំពង់​ដ៏​តូច​ជាង​ទៀត រួច​ក្រឡុក​ទៀត ។»

«រួច​ហើយ​យ៉ាង​ម៉េច​ទៀត ?» «រួច​ហើយ​គាត់​ចាក់​ចោល​ទាំងអស់ ។»

បន្ទប់​ពិសោធន៍​មិន​មែន​ជា​កន្លែង​សម្រាប់​ទស្សនា​ទេ ។ នៅ​ថ្ងៃ​មួយ ប៊ែរហ្សេល្វីយ បាន​ទៅ​លេង​បន្ទប់​ពិសោធន៍​របស់​អ្នក​គីមីសាស្ត្រ​ល្បី​ឈ្មោះ​ជាតិ​អង់គ្លេស​ឈ្មោះ ហាំហ្វីរីដេវីក ។ បណ្ដា​អ្នក​រួម​ដំណើរ​ជាមួយ​បាន​សម្ដែង​នូវ​ការ​ងឿង​ឆ្ងល់​ពេល​ឃើញ​បន្ទប់​ពិសោធន៍​នេះ​ពាស​ពេញ​ដោយ​ឧបករណ៍ រួច​នាំ​គ្នា​មាត់​វែង​មាត់​ខ្លី ។

ពេល​ត្រលប់​ទៅ​វិញ ប៊ែរហ្សេល្វីយ បាន​ប្រាប់​ទៅ​អ្នក​ទាំង​នោះ​ថា ៖ «គ្មាន​អ្វី​គួរ​ឲ្យ​ងឿង​ឆ្ងល់​នោះ​ទេ ! មាន​តែ​អ្នក​គីមី​កម្ជិល​ទេ​ទើប​អាច​រក្សា​ឲ្យ​បន្ទប់​ពិសោធន៍​របស់​ខ្លួន​បាន​ស្អាត​មាន​សណ្ដាប់​ធ្នាប់ ពីព្រោះ​ថា បន្ទប់ពិសោធន៍​មិន​មែន​ជា​កន្លែង​សម្រាប់​ទស្សនា​ទេ» ។

ភ័ព្វសំណាង​ច្រើន​កើត​មាន​ចំពោះ​នរណា ?

កូន​សិស្ស​ម្នាក់​ហើយ​ក៏​ជា​ជំនួយការី​របស់​ប៊ែរហ្សេល្វីយ​តែងតែ​ត្អូញ​ប្រាប់​គេ​អ្នកប្រាជ្ញ​យើង​ថា គាត់​មិន​សូវ​មាន​ភ័ព្វសំណាង​ល្អ​សោះ ។

«ជម្រាប​ប្រសាសន៍​លោក​សាស្ត្រាចារ្យ ខ្ញុំ​រៀន​សូត្រ​មិន​ដល់​ថ្នាក់​អន់​ពេក​ទេ ។ ខ្ញុំ​ក៏​ប្រឹងប្រែង​យ៉ាង​ច្រើន​ចូល​ប្រឡូក​ក្នុង​វិស័យ​នានា ក៏​ប៉ុន្តែ​វាសនា​ល្អ​ពុំ​ទាន់​ដែល​ពេល​ណា​លាត​ត្រដាង​សន្ធឹង​រង្វង់​ដៃ​មក​ទទួល​ខ្ញុំ​សោះ !»

ប៊ែរហ្សេល្វីយ ញញឹម «នែ​មិត្ត​សំឡាញ់ ! មិត្តឯង​ត្រូវ​ចងចាំ​ថា “ភ័ព្វសំណាង​វា​នឹង​មក​ដល់​ចំពោះ​មនុស្ស​ណា​ដែល​ព្យាយាម​ធ្វើ​ពលិកម្ម​តែ​ប៉ុណ្ណោះ”» ៕

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

កែសម្រួលដោយៈMr365

Comments
Loading...