ជីវិត និងស្នាដៃរបស់ កាល វីហេម ស៊ីឡឺ 1742-1786
ស៊ីឡឺ ជាគីមីវិទូជាតិស៊ុយអែត មានកំណើតចេញពីគ្រួសារត្រកូលអ្នកក្រ ។ លោកត្រូវបង្ខំចិត្តលះបង់ការរៀនសូត្រក៏ព្រោះត្រូវទៅនៅធ្វើការឲ្យអ្នកផ្សំឱសថម្នាក់ ។ ចាប់ពីអាយុ១៤ឆ្នាំ កុមារស៊ីឡឺ បានចាប់ផ្ដើមឈានចូលវិស័យគីមីដោយខ្លួនឯង ។
ចាប់ពីឆ្នាំ១៧៧៥ បណ្ដាស្នាដៃគីមីអនុវត្តពិសោធន៍របស់ស៊ីឡឺបានល្បីខ្ទរខ្ទារពេញសកលលោក ។ លោកបានបដិសេធចំពោះសំណើរបស់ស្ដេចអាល្លឺម៉ង់ដែលឲ្យលោកចាកចោលមាតុភូមិដោយឲ្យមករស់នៅធ្វើការនៅទីក្រុងប៊ែរឡាំង ហើយលោកតស៊ូបន្តការងារដ៏ស្ងប់ស្ងៀមរបស់ខ្លួននៅទីក្រុងគឺបាំងដ៏ឆ្ងាយដាច់ស្រយាល ។
លោកបានបង្កើតច្បាប់មូលដ្ឋានគីមីច្រើន ហើយលោកក៏ជាអ្នកនិពន្ធសៀវភៅគីមីដែលត្រូវបានបោះពុម្ពផ្សាយនៅប្រទេសបារាំងនាឆ្នាំ១៧៨៨ ។
ភាពក្លាហានអង់អាចរបស់អ្នកប្រាជ្ញ
ស៊ីឡឺ មានទម្លាប់ធ្វើការយ៉ាងជក់ចិត្ត ជក់អារម្មណ៍ ។ ក្នុងកិច្ចការពិសោធន៍ លោកច្រើនតែត្រូវប៉ះពាល់នឹងជាតិពុលដ៏គ្រោះថ្នាក់ដែលមិនថាពេលណាឡើយ វាអាចបង្កឲ្យមានមហន្តរាយដល់ជីវិត ។
ថ្ងៃមួយ មុនពេលចូលបន្ទប់ពិសោធន៍ ស៊ីឡឺបានផ្ដាំជំនួយការរបស់ខ្លួនថា «ឥឡូវនេះខ្ញុំរៀបចំធ្វើពិសោធន៍ជាមួយធាតុក្លរ (Chlorine) ប្រសិនបើឃើញខ្ញុំដួល ចូរកុំចូលក្នុងបន្ទប់ឲ្យសោះ តែត្រូវបើកទ្វារឲ្យអស់ រួចរត់ឲ្យលើនចេញទៅក្រៅ» ។
ជំនួការលោះព្រលឹង ព្រមទាំងឃាត់កុំឲ្យលោកប្រលែងលេងនឹងមច្ចុរាជយ៉ាងនេះអី តែស៊ីឡឺ និយាយដោយនឹងធឹងថា «មិនបានទេ ។ ជីវិតរបស់ខ្ញុំមិនមែនជាការសំខាន់ទេ ។ ប្រការសំខាន់គឺត្រូវរកឲ្យឃើញលក្ខណៈពិសេសរបស់ឧស្ម័នក្លរ» ។
ព្រះមហាក្សត្រ និងគីមីវិទូ
ក្នុងមួយជីវិតវិទ្យសាស្ត្ររបស់ខ្លួន ស៊ីឡឺ នៅតែរស់នៅយ៉ាងស្ងៀមស្ងាត់ក្នុងខេត្តដ៏តូចមួយ ពុំមាននរណាដឹងឮឡើយ ។ ក៏ប៉ុន្តែស្នាដៃច្នៃប្រឌិតរបស់លោកបានល្បីខ្ទរខ្ទារ លេចឮទៅក្រៅប្រទេស ។ ក្នុងដំណើរទស្សនកិច្ចមួយនៅអឺរ៉ុប ទើបព្រះមហាក្សត្រស៊ុយអែតបានដឹងថា ប្រទេសរបស់ខ្លួនមានគីមីវិទូមួយរូបដ៏មហិមា ។ ព្រះអង្គក៏សម្រេចចិត្តបំពាក់គ្រឿងឥស្សរិយយសមាសឲ្យដល់ជនដែលនាំមកនូវកិត្តិយសរុងរឿងឲ្យជាតិមាតុភូមិនេះ ។ ក៏ប៉ុន្តែ ពេលសួររកមុខ ក្នុងរាជវាំងទាំងមូលពុំមាននរណាស្គាល់ស៊ីឡឺ សោះ ។ គេបង្ខំចិត្តត្រូវពិនិត្យមើលក្នុងបញ្ជីពន្ធដារ ហើយត្រូវរកឲ្យឃើញជនណាដែលមានឈ្មោះស៊ីឡឺ ដើម្បីបំពាក់គ្រឿងឥស្សរិយយស ។
ក្នុងពេលដែលអ្នកប្រាជ្ញពិតប្រាកដម្នាក់នេះនៅតែបន្តការងារក្នុងបន្ទប់ពិសោធន៍ដ៏ក្រីក្ររបស់ខ្លួននោះ នៅប្រទេសអឺរ៉ុបនានា គេកំពុងជ្រួលច្របល់និយាយមិនឈប់ឈរពីភាពភ្លឺស្វាងរបស់ព្រះមហាក្សត្រមួយអង្គដែលចេះយកចិត្តទុកដាក់លើវិទ្យាសាស្ត្រ ហើយវាយតម្លៃខ្ពស់ដល់អ្នកប្រាជ្ញ ។
វិទ្យសាស្ត្រប្រើសម្រាប់ធ្វើអ្វី ?
រហូតដល់ឆ្នាំចុងក្រោយបំផុតនៃជិវិតរបស់ខ្លួន ស៊ីឡឺ នៅតែរស់នៅយ៉ាងសាមញ្ញក្នុងគេហដ្ឋានដ៏តូចច្រមក់របស់ខ្លួន ។ បណ្ដាស្នាដៃច្នៃប្រឌិតដ៏ល្បីល្បាញរបស់គីមីវិទូរូបនេះ ពុំនាំមកនូវអ្វីក្រៅពីការគោរពរបស់មជ្ឈដ្ឋានអ្នកវិទ្យសាស្ត្រចំពោះរូបលោកឡើយ ។
នៅថ្ងៃមួយ មានភ្ញៀវចម្លែកម្នាក់ជាអ្នកមានស្ដុកស្ដម្ភបនាមកលេងផ្ទះលោក ។ គាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះទិដ្ឋភាពរស់នៅដ៏ក្រីក្ររបស់មនុស្សដ៏ល្បីល្បាញរូបនេះ «ជម្រាបសួរ ! មិនគួរណាបណ្ដាស្នាដៃវិទ្យាសាស្ត្ររបស់លោកមិនអាចនាំមកឲ្យលោកនូវឆាកជីវិតមួយដ៏ល្អប្រពៃជាងនេះសោះ ?»។
ស៊ីឡឺ សម្លឹងមុខភ្ញៀវក្នុងក្ដីងឿងឆ្ងល់ រួចតបថា «បើអីចឹង លោកចាត់ទុកថាវិទ្យាសាស្ត្រត្រឹមតែជាមធ្យោបាយសម្រាប់រស់នៅឲ្យស្រួលតែប៉ុណ្ណោះទេឬ ?» ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ ចាន់ សុខហេង
កែសម្រួលដោយៈMr365