ជីវិត និងស្នាដៃរបស់ ហ្សាល ដាកវីន1809-1882 ការរៀនមិនកំណត់អាយុ
ហ្សាល ដាកវីន មានកំណើតនៅទីក្រុងឡុងដ៍ (ប្រទេសអង់គ្លេស) ។ កាលនៅតូច ដាវីន ជាកុមារម្នាក់ដែលរៀនសូត្រធម្មតា ។ ប្រការដែលជាទីចំណូលចិត្តបំផុតរបស់កុមារ ដាវីន គឺការសង្កេតមើលធម្មជាតិ ស្រាវជ្រាវបណ្ដាវត្ថុគំរូពីសត្វមានជីវិត និងរុក្ខជាតិ ។ បន្ទាប់ពីបានប្រលងជាប់មហាវិទ្យាល័យ ដាវីន បានសម្រេចនូវបំណងប្រាថ្នាតាំងពីកុមារភាពរបស់ខ្លួន គឺដើរទេសចរណ៍ជុំវិញពិភពលោក ។ ក្នុងដំណើរទេសចរណ៍នេះ លោករើសប្រមូលបាននូវឯកសារដ៏មានតម្លៃជាច្រើន ដែលជាការត្រៀមសម្រាប់ស្នាដៃច្នៃប្រឌិតដ៏ធំធេងរបស់លោកសម្រាប់អនាគត ។
ទ្រឹស្ដីវិវឌ្ឍនភាពរបស់ ដាកវីន ពុំត្រឹមតែស្រាយបំភ្លឺបាននូវបណ្ដាសមិទ្ធផលរាប់ម៉ឺនជំពូកនៃការកកើតរបស់ពិភពធម្មជាតិប៉ុណ្ណោះទេ គឺជាមូលដ្ឋានសម្រាប់កសាងមូលដ្ឋានវិទ្យាសាស្ត្ររបស់ទស្សនវិជ្ជា សម្ភារៈនិយមវិចារវិទ្យាទៀតផង ។
ប្រការដែលអៀនខ្មាស ឬក្ដីរុងរឿង
កាលពីនៅតូច ដាកវីន ចូលចិត្តរត់លេងនៅវាលស្មៅ រកសត្វល្អិត ស្មៅព្រៅ មេអំបៅ កន្ទុំរុយ ។ ទឹកចិត្តស្រឡាញ់ធម្មជាតិ និងការចង់រកឃើញនូវអាថ៌កំបាំងក្នុងពិភពធម្មជាតិបានចាប់មានពីពេលនោះមក ។
មានម្ដងនោះ ដាកវីន ធ្វើមេរៀនបានពន្ទុតិច ត្រូវឪពុកស្ដីបន្ទោស «មួយថ្ងៃៗ កូនឯងជក់តែនឹងល្បែងលេងគ្មានប្រយោជន៍ ! កូនឯងនឹងធ្វើឲ្យអាម៉ាស់ដល់គ្រួសារយើងតែប៉ុណ្ណោះ» ។ ដាកវីន ឱនមុខនៅស្ងៀមមិនស្រដី… ក៏ប៉ុន្តែឪពុករបស់លោកមិនយល់ឡើយថា បណ្ដា «ល្បែងលេងឥតប្រយោជន៍» នោះបានជំរុញ ដាកវីន ឲ្យឈានទៅដល់កំពូលនៃភាពរុងរឿងឡើយ ។ ការជក់ចិត្តរកឃើញនៅក្នុងពិភពធម្មជាតិពេញដោយអាថ៌កំបាំង បានក្លាយទៅជាគ្រឹះនៃទ្រឹស្ដី ដាកវីន នាថ្ងៃអនាគត ។
សម្ដី «ទស្សន៍ទាយ»
ថ្ងៃមួយ ដាកវីន បានយកគ្រោងខ្លួននូវបណ្ដាគំរូដែលរកឃើញពីសត្វល្អិត និងស្មៅព្រៅរបស់ខ្លួនចូលថ្នាក់រៀន ។ មិត្តភក្តិនាំគ្នាមកមើលអ៊ូអរបណ្ដាលឲ្យបាត់របៀបរៀបរយនៅកណ្ដាលម៉ោងរៀន ។ ពេលនោះ លោកចាងហ្វាងសាលាក៏មកដល់ល្មម ។ ដឹងច្បាស់ក្បាលកន្ទុយហើយ លោកចាងហ្វាងខឹងយ៉ាងខ្លាំង រួចនិយាយថា «លោកសមាជិកសមាគមព្រះរាជា ! សូមលោកយកល្បែងកំសាន្តរបស់លោក ចេញឲ្យផុតពីថ្នាក់រៀនភ្លាម» ។
«សមាគមនព្រះរាជា» គឺបណ្ឌិតសភាវិទ្យាសាស្ត្រអង់គ្លេស ។ នៅពេលដែលនិយាយនៅពាក្យចំអកនេះ លោកចាងហ្វាងសាលាពិតជាស្មានមិនដល់ឡើយថា ពាក្យទស្សន៍ទាយនេះ ពានក្លាយទៅជាការពិត ។ ២០ឆ្នាំ ក្រោយមក ដាកវីន បានក្លាយទៅជាអ្នកប្រាជ្ញ ជាសមាជិកសមាគមព្រះរាជាពិតមែន ។
កប៉ាល់ប៊ីហ្គិន
នៅពេលប្រលងចេញពីមហាវិទ្យាល័យ ដាកវីនសម្រេចចិត្តអនុវត្តតាមបំណងប្រាថ្នាតាំងពីកុមារភាពរបស់ខ្លួន គឺធ្វើដំណើរទេសចរណ៍ជុំវិញពិភពលោក ។ គាត់បានទាក់ទងជាមួយបងប្អូនម្នាក់ដែលជាប្រធាននាវិកកប៉ាលប៊ីហ្គិន ។ ប្រធាននាវិកកប៉ាល់នេះយល់ព្រមសហការជាមួយ ដាកវីន ។
គោលបំណងរបស់ដាកវីនត្រូវគេជំទាស់យ៉ាងច្រើន ហើយថែមទាំងចំអកថា វិកលចរិតទៀតផង «បងឯងក្លាយទៅជាព្រះអាទិទេព ហ្គីលីវែ មែនទេ ? គួរឲ្យស្ដាយណាស់ ! ផែនដីត្រូវបានគេរកឃើញតាំងពីយូរមកហើយ លោកសម្លាញ់ស្រមើស្រមៃអើយ !» ។ តែដាកវីន មិនរាថយបន្តិចណាឡើយ ហើយតបវិញថា «មិត្តទាំងអស់យល់ច្រឡំហើយ ! ពិភពលោកទើបតែនឹងបានរកឃើញមួយចំណែកតូចប៉ុណ្ណោះ ។ ខ្ញុំចង់ចូលទៅជ្រៅនៅចំណែកឯទៀត» ។
ជាការពិតក្នុងដំណើរលើកប៉ាល់ប៊ីហ្គិន ដាកវីន ប្រមូលបាននូវឯកសារដ៏មានប្រយោជន៍ជាច្រើនសម្រាប់ជួយសម្រេចដល់សមិទ្ធផលស្ដីពីទ្រឹស្ដីវិវឌ្ឍនភាពរបស់ខ្លួន ។ ដាកវីន ពុំបានរកឃើញផែនដីរបស់ជនជាតិ លីសីពុត ទេ តែបានរកឃើញកោះហ្គាឡាប៉ាហ្គូស ជាមួយនឹងបណ្ដាសត្វមានជីវិតតាំងពីបុរេសម័យ ដូចជា សត្វទទាដែលគ្មានស្លាបហើរ ពួកអណ្ដើកសមុទ្រដ៏មហាធំ ។ គាត់បានជាន់ជើងនៅលើកោះភ្នំភ្លើង «តាមូ» ហើយបានរកឃើញនូវការរស់រានឡើងវិញយ៉ាងអស្ចារ្យនៃពិភពសត្វដែលរស់នៅទីនោះ ក្រោយពីកោះនេះត្រូវបានឆេះជាផេះផូរផង់ដោយសន្ទុះភ្នំភ្លើងបាញ់ចេញពីភ្នំដ៏គួរឲ្យព្រឺព្រួច នាឆ្នាំ១៨១៥ ជាដើម ។
ការប្ដេជ្ញាចិត្តឈ្នះជំងឺ
ដំណើរទេសចរណ៍ជុំវិញពិភពលោក បានជះឥទ្ធិពលអាក្រក់ដល់សុខភាពរបស់ ដាកវីន ។ ពេលត្រលប់មកវិញ អ្នកប្រាជ្ញយើងត្រូវលោកគ្រូពេទ្យបង្ខំឲ្យសម្រាក មិនឲ្យធ្វើការងារ ហើយត្រូវទៅលំហែរដើម្បីឲ្យមានសុខភាពល្អ នៅទីជនបទស្ងប់ស្ងាត់ណាមួយ ។ ក៏ប៉ុន្តែ ដាកវីន មិនព្រមចុះចាញ់ចំពោះរោគាឡើយ ។ លោកបានដាក់ខ្លួនឯងនូវការហាត់ប្រាណលត់ដំ និងធ្វើការដោយទ្រាំទទួលនូវការចុកចាប់យ៉ាងក្លាហាន ដើម្បីអនុវត្តត្រឹមត្រូវតាមរបបកំណត់នោះ ។ គឺដោយចិត្តតស៊ូអំណត់នេះ ដាកវីន បានជំនះលើជំងឺដ៏ធ្ងន់ធ្ងរ ហើយបានសម្រេចនូវស្នាដៃវិទ្យាស្ត្រយ៉ាងឆ្នើម ។
នៅថ្ងៃក្រោយមក ពេលបានអាយុ៧០ឆ្នាំ លោកបានរៀបរាប់ថា «បើសិនជាខ្ញុំទន់ខ្សោយក្នុងតំណាក់កាលនោះ នោះប្រាកដជាគ្មានពេលណានឹងមានអ្វីសម្រាប់បូជាឲ្យវិទ្យាសាស្ត្រឡើយ» ។
អ្នកប្រាជ្ញមិនមែនមានន័យថា បញ្ឈប់ការរៀនសូត្រទេ
ពេលបានក្លាយទៅជាអ្នកប្រាជ្ញល្បីឈ្មោះពេញទាំងពិភពលោក ដាកវីន នៅតែបន្តការរៀនសូត្រឥតឈប់ឈរ ។ លោកតែងតែនិយាយទៅកាន់កូនៗថា «អ្នកប្រាជ្ញមិនមែនមានន័យថា បញ្ឈប់ការរៀនសូត្រឡើយ» ។
ពេលដែលអាយុកាន់តែច្រើន លោកនៅតែជក់ចិត្តរៀនភាសា ដើម្បីអាចពិចារណាស្វែងយល់ដោយខ្លួនឯងនូវឯកសារបរទេសនានា ។ កូនប្រុសរបស់ ដាកវីន បានរៀបរាប់ឡើងវិញថា «… ឪពុកខ្ញុំរៀនភាសាអាល្លឺម៉ង់យ៉ាងព្យាយាម ។ ពេលដែលយើងខ្ញុំសុំជួយគាត់បកប្រែឯកសារផ្សេងៗ ឪពុកខ្ញុំបដិសេធយ៉ាងដាច់អហង្ការ» ។ គាត់និយាយថា «ពុកចង់ត្រិះរិះដោយខួរក្បាលរបស់ពុក ពុំមែនប្រើប្រាស់ខួរក្បាលរបស់អ្នកដទៃឡើយ» ។
«ទីបំផុតគឺឪពុកខ្ញុំឈ្នះ ។ គាត់អានយ៉ាងស្ទាត់ភាសាអាល្លឺម៉ង់ និងភាសានៃប្រទេសជាច្រើនទៀត ។»
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ ចងក្រងដោយ ចាន់ សុខហេង
កែសម្រួលដោយៈMr365