ជីវប្រវត្តិរបស់លោក Bill Gates
តើប្រិយមិត្តមានស្គាល់ប្រព័ន្ធប្រតិបត្តិការ Windows របស់ក្រុមហ៊ុន Microsoft សំរាប់កុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃទូទៅដែរឬទេ? ជឿជាក់ថាមានប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ ហើយប្រសិនបើប្រិយមិត្តប្រើប្រាស់កុំព្យូទ័រ សំរាប់បើកមើលអត្ថបទនៅលើគេហទំព័រ jomnes.com នេះក៏ប្រហែលជាប្រិយមិត្តបាននឹងកំពុងតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows នេះផងដែរ ពីព្រោះ ហ៊ានអះអាងថា កុំព្យូទ័រស្ទើរតែ ៧០% ទៅ ៨០%នៅក្នុងប្រទេសកម្ពុជារបស់យើង សុទ្ធតែត្រូវបានតំឡើងកម្មវិធី Windows នេះភ្ជាប់មកជាមួយ។ ងាកមកអត្ថបទរបស់យើងវិញ ប្រសិនបើប្រិយមិត្តបានស្គាល់ពី Windows របស់ក្រុមហ៊ុន Microsoft អញ្ចឹងតើប្រិយមិត្តធ្លាប់បានអានពត៌មាន ដែលទាក់ទងនឹងបុគ្គលពីររូបដែលរួមគ្នា បង្កើតក្រុមហ៊ុន Microsoft និង ប្រព័ន្ធប្រតិបត្តិការ Windows នេះឡើងមកដែរឬទេ? បុគ្គលម្នាក់ក្នុងចំណោមពីរនាក់នោះ មានឈ្មោះថា Bill Gates លោកជាសហគ្រិនសញ្ជាតិអាមេរិក ជាបុគ្គលដែលជោគជ័យបំផុត និង ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ នាពេលបច្ចុប្បន្ននេះ។ ថ្ងៃនេះតាមរយៈអត្ថបទមួយនេះ មានកិត្តយសសូមលើកយកនូវជីវប្រវត្តិរបស់គាត់ដោយសង្ខេប មកបង្ហាញជូនដល់ប្រិយមិត្តទុកជាដឹង និងធ្វើជាការសិក្សាស្រាវជ្រាវ ដូចខាងក្រោម៖
តើលោក Bill Gates ជានរណា?
លោក William Henry Gates III កើតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៥៥ គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Microsoft ហើយក៏ជា មហាសេដ្ឋីអាជីវកម្ម វិនិយោគិន អ្នកនិពន្ធ និងសប្បុរសជនមួយរូបផងដែរ។
នៅក្នុងឆ្នាំ ១៩៧៥ គាត់រួមជាមួយនឹងសហស្ថាបនិករបស់គាត់ម្នាក់ទៀតគឺលោក Paul Allen បានចាប់ដំណើរការក្រុមហ៊ុន Microsoft ដែលសព្វថ្ងៃនេះបានក្លាយទៅជា ក្រុមហ៊ុនផលិតកម្មវិធីសំរាប់កុំព្យូទ័រ ធំជាងគេបំផុតនៅលើពិភពលោក។ កំឡុងពេលដែលគាត់បំពេញការងារនៅក្នុងក្រុមហ៊ុន Microsoft គាត់កាន់តួនាទីជា ប្រធានក្រុមប្រិក្សាភិបាល នាយកប្រតិបត្តិ និងជា នាយកផ្នែកផលិតកម្មវិធី របស់ក្រុមហ៊ុនផងដែរ ហើយក៏ជាបុគ្គលមួយរូប ដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុនច្រើនជាងគេបង្អស់ត្រឹមខែឧសភា ឆ្នាំ២០១៤។ លោកបានសុំលាឈប់ពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន នៅក្នុងខែមករា ឆ្នាំ២០០០ ប៉ុន្តែគាត់នៅកាន់តួនាទីជានាយកក្រុមប្រឹក្សាភិបាល និងបង្កើតតួនាទីជានាយកផ្នែកផលិតកម្មវិធី សំរាប់ខ្លួនគាត់ផ្ទាល់។ នៅក្នុងខែមិថុនា ឆ្នាំ២០០៦ លោកបានប្រកាសឈប់ធ្វើការពេញម៉ោង នៅក្នុងក្រុមហ៊ុន Microsoft ហើយសុំធ្វើការក្រៅម៉ោងប៉ុណ្ណោះ ដោយលោកចង់យកពេលវេលាដែលនៅសេសសល់ ទៅធ្វើការងារមនុស្សធម៌នៅក្នង មូលនិធិ Bill & Melinda Gates ដែលជាមូលនិធិបង្កើតឡើងដោយរូបលោក និងភរិយារបស់លោក។ គាត់បានផ្ទេរកិច្ចការងាររបស់ខ្លួន ទាក់ទងនឹងក្រុមហ៊ុន Microsoft ទៅអោយលោក Ray Ozzie និងលោក Craig Mundie។ ចុងក្រោយគាត់បានសុំលាឈប់ពីប្រធានក្រុមប្រឹក្សាភិបាល នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ហើយកាន់តួនាទីត្រឹមជា ទីប្រឹក្សាបច្ចេកទេស ដើម្បីផ្ដល់ជាជំនួយខ្លះទៅអោយ នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន គឺលោក Satya Nadella ប៉ុណ្ណោះ។
លោក Bill Gates គឺជាសហគ្រិនមួយរូបដែលត្រូវបានគេទទួលស្គាល់ យ៉ាងទូលំទូលាយនូវទូទាំងពិភពលោក ចំពោះស្នាដៃនៅក្នុងការ ធ្វើបដិវត្តន៍វិស័យកុំព្យូទ័រផ្ទាល់ខ្លួន។ ក៏ប៉ុន្តែគាត់ក៏ធ្លាប់ត្រូវបានមនុស្សមួយចំនួនរិះគន់ផងដែរ ចំពោះយុទ្ធសាស្ដ្រពាណិជ្ជកម្មរបស់គាត់ ដោយពួកគេចាត់ទុកថាជាការធ្វើពាណិជ្ជកម្មដោយលុបបំបាត់ ឬប្រឆាំងជាមួយនឹងការប្រកួតប្រជែង។ គំនិតទាំងអស់នេះត្រូវបានគាំទ្រដោយរឿងក្ដីមួយចំនួនរហូតឈានដល់ ការកាត់ក្ដីនៅតុលាការថែមទៀតផង។ នៅក្នុងអាជីពរបស់គាត់បន្ទាប់មកទៀត លោកបានប្រឹងប្រែង ធ្វើសកម្មភាពមនុស្សធម៌ជាច្រើន ដោយក្នុងនោះលោកបានធ្វើការបិរច្ចាគ នូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ជូនទៅដល់អង្គការមនុស្សធម៌នានា និងកម្មវិធីស្រាវជ្រាវវិទ្យាសាស្ដ្រផ្សេងៗផងដែរ តាមរយៈមូលនិធី Bill & Melinda Gates ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០០។
ចាប់តាំងពីឆ្នាំ ១៩៨៧ រហូតមកទល់នឹងបច្ចុប្បន្ននេះ លោកត្រូវបានចុះផ្សាយដោយទស្សនាវដ្ដីពាណិជ្ជកម្ម Forbes នៅក្នុងបញ្ជីមហាសេដ្ឋីដែលល្បីៗ និងមានទ្រព្យសម្បត្តិបំផុតនៅលើពិភពលោក។ ហើយគិតត្រឹមខែកក្កដា ឆ្នាំ២០១៧ លោកគឺជាបុគ្គលមួយរូប ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើលោក ដោយមានទ្រព្យសម្បត្តិសរុបប្រហែល ៨៩,៩ ពាន់លានដុល្លា។ នៅក្នុងឆ្នាំ ២០០៩ លោករួមនឹងមហាសេដ្ឋីមួយរូបទៀតគឺលោក Warren Buffet បានរួមគ្នាបង្កើតជាសមាគមន៍ The Giving Pledge ដែលជាសមាគមន៍មួយត្រូវបានចូលរួមជាសមាជិក ដោយមហាសេដ្ឋីជាច្រើននៅលើពិភពលោក ហើយសមាជិកម្នាក់ៗត្រូវបាន ស្នើសុំអោយធ្វើការសន្យាថានឹងធ្វើការបរិច្ចាគប្រាក់យ៉ាងហោចណាស់ ពាក់កណ្ដាលនៃទ្រព្យសម្បត្តិសរុបរបស់ពួកគេ ក្នុងគោលដៅនៃការងារមនុស្សធម៌។
ជីវិតពីកុមារភាព ប្រវត្តិនៃការសិក្សា និង ការងារ
លោក Bill Gates បានចាប់កំណើតនៅក្នុងទីក្រុង Seattle រដ្ឋ Washington នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៥៥។ គាត់គឺជាកូនប្រុសរបស់លោក William H. Gates Sr. និងលោកស្រី Mary Maxwell Gates។ គាត់គឺជាកូនកាត់ដែលមានឈាមជ័រជាជនជាតិ អង់គ្លេស អាល្លឺម៉ង់ អៀរឡង់ និងស្កុតឡែន។ ឪពុករបស់គាត់គឺជា មេធាវីដ៏លេចធ្លោមួយរូប ចំណែកម្ដាយរបស់គាត់វិញ មានតួនាទីជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន First Interstate BancSystem និង United Way។ ចំណែកជីតាខាងម្ដាយរបស់គាត់ គឺលោក JW Maxwell មានតួនាទីជាប្រធានធនាគារជាតិ។ លោក Bill Gates មានបងស្រីម្នាក់គឺលោកស្រី Kristianne និងមានប្អូនស្រីម្នាក់គឺលោកស្រី Libby។ ឈ្មោះកំណើតរបស់គាត់គឺជាឈ្មោះ ជំនាន់ទី៤ នៅក្នុងត្រកូលក្រុមគ្រួសារ Gates ក៏ប៉ុន្តែគាត់ត្រូវបានស្គាល់ថាជា William Gates III ឬ Trey ពីព្រោះឈ្មោះឪពុករបស់គាត់បញ្ចប់ដោយលេខរ៉ូម៉ាំងទី២ (II)។ ពីកុមារភាពឪពុកម្ដាយរបស់លោក មានគម្រោងរៀបចំអោយលោកចាប់យកអាជីពជាមេធាវីមួយរូប។ នៅក្នុងក្រុមគ្រួសាររបស់គាត់ត្រូវបានគេដឹងថា ឪពុកម្ដាយរបស់លោកតែងតែលើកទឹកចិត្តអោយមានការប្រកួតប្រជែងគ្នា ធ្លាប់មានសាច់ញាតិរបស់គាត់ជាច្រើនបានប្រាប់ថា មិនថាលេងកីឡា ឬធ្វើសកម្មភាពណាមួយឡើយ បងប្អូនរបស់លោកតែងតែត្រូវបានលើកទឹកចិត្តពីឪពុកម្ដាយ អោយប្រកួតប្រជែងគ្នា ដើម្បីទទួលបានរង្វាន់សម្រាប់អ្នកឈ្នះ និងការពិន័យសម្រាប់អ្នកចាញ់។
នៅអាយុ ១៣ឆ្នាំ គាត់បានចូលរៀនក្នុងសាលា Lakeside ដែលជាសាលាឯកជនសម្រាប់សិស្សត្រៀម។ ហើយនៅពេលដែលគាត់រៀនក្នុងថ្នាក់ទី៨ ក្លិបសិក្សាមួយនៅក្នុងសាលាបានយកប្រាក់បរិច្ចាគ ហើយក៏បានទិញកុំព្យូទ័រប្រភេទ Teletype Model 33 មួយគ្រឿងរបស់ក្រុមហ៊ុន General Electric (GE) ដើម្បីផ្ដល់ជូនសិស្សនៅក្នុងសាលាបានប្រើប្រាស់។ ចាប់តាំងពីពេលនោះមក លោក Gates បានចាប់ផ្ដើមមានចំណង់ចំណូលចិត្ត នៅក្នុងការសរសេរកម្មវិធីដាក់បញ្ចូលទៅក្នុងប្រព័ន្ធរបស់ GE ដោយប្រើប្រាស់ភាសា Basic ហើយត្រូវបានផ្ដល់សិទ្ធពិសេសដោយមិនចាំបាច់ចូលរៀនថ្នាក់គណិតវិទ្យា ដើម្បីបន្តសិក្សាស្វែងយល់លើចំណង់ចំណូលចិត្តថ្មីមួយនេះ។ គាត់បានបង្កើតកម្មវិធីកុំព្យូទ័រដំបូងបំផុតដាក់ក្នុងម៉ាស៊ីនមួយនោះ ដែលកម្មវិធីនោះគឺជាល្បែង ខ្វែង XO ឬ tic-tac-toe ដែលអនុញ្ញាតិអោយអ្នកប្រើប្រាស់លេងល្បែងមួយនេះជាមួយនឹងកុំព្យូទ័របាន។ ម៉ាស៊ីនកុំព្យូទ័រពិតជាធ្វើអោយគាត់ចាប់អារម្មណ៍យ៉ាងខ្លាំង ពីវិធីដែលវាអាចមានសមត្ថភាពដំណើរការ កូដ បានយ៉ាងល្អឥតខ្ចោះ។ នៅពេលរំលឹកដល់រឿងនេះឡើងវិញ លោកបានមានប្រសាសន៍ថា “ពិតជាមានរឿងពិសេសមួយចំពោះដំណើរការម៉ាស៊ីនកុំព្យូទ័រមួយនោះ”។ គាត់រួមជាមួយនឹងសិស្សបីរូបផ្សេងទៀត (រួមមានលោក Paul Allen លោក Ric Weilan និងលោក Kent Evans) ត្រូវបានសាលាធ្វើការ ហាមឃាត់មិនអោយប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រជាបណ្ដោះអាសន្នក្នុងវិស្សមកាលរដូវក្ដៅ ក្រោយពេលដែលខាងសាលាបានរកឃើញថាពួកគាត់ទាំងអស់គ្នាបានសរសេរ កូដវ៉ីរុសកុំព្យូទ័រដាក់បញ្ចូលទៅក្នុងប្រព័ន្ធរបស់វា ដើម្បីកែប្រែម៉ោង ហើយមានឱកាសប្រើកុំព្យូទ័របានយូរជារាល់ដង។
ក្រោយពេលការហាមឃាត់ត្រូវបានផុតកំណត់ សិស្សទាំង៤រូប ត្រូវបានផ្ដល់ឱកាសការងារអោយធ្វើការស្វែងរកបញ្ហានៅក្នុង កម្មវិធីកុំព្យូទ័ររបស់ក្រុមហ៊ុន Computer Center Corporation (CCC) ដើម្បីប្ដូរបានពេលវេលាប្រើប្រាស់កុំព្យូទ័របានយូរជាងរាល់ដង។ ជំនួសអោយការសិក្សាពីប្រព័ន្ធគម្រូ លោក Gates បានធ្វើដំណើរទៅកាន់ ការិយាល័យរបស់ CCC ហើយចាប់ផ្ដើមសិក្សាពី កូដដើមរបស់វា ដោយរួមមានកូដនៅក្នុងកម្មវិធីជាច្រើនដូចជា កម្មវិធី Fortran កម្មវិធី Lisp និងភាសា Binary របស់កុំព្យូទ័រ។ គាត់បន្តការងារបែបនេះជាមួយ CCC រហូតដល់ឆ្នាំ ១៩៧០ ដែលជាពេលដែលក្រុមហ៊ុន CCC ត្រូវបិតទ្វារ។ ឆ្នាំបន្ទាប់ ក្រុមហ៊ុន Information Schiences, Inc. បានជួលសិស្សដដែលទាំង៤រូបនេះ អោយសរសេរកម្មវិធី គ្រប់គ្រងលើប្រាក់បៀរវត្សដែលមានឈ្មោះថា COBOL ដោយផ្ដល់អោយពួកគេនូវពេលវេលាសិក្សាពីកុំព្យូទ័រ និងភាគរយទៅលើប្រាក់ចំណេញ។ គណៈគ្រប់គ្រងរបស់សាលាចាប់ផ្ដើមបានដឹងពីទេពកោសល្យ ក្នុងការសរសេរកូដរបស់លោក នៅពេលដែលលោកបាន សរសេរកម្មវិធីចូលលុកលុយ ប្រព័ន្ធចាត់ចែងកាលវិភាគរបស់សិស្សប្រចាំថ្នាក់របស់ខ្លួន។ កូដដែលគាត់សរសេរនាពេលនោះ បានធ្វើការកែប្រែនូវកាលវិភាគក្នុងថ្នាក់រៀន ដែលជាកាលវិភាគរៀនរបស់សិស្សស្រីស្អាតៗនៅក្នុងសាលា ហើយកំណត់ម៉ោងសិក្សារបស់ពួកនាង អោយត្រូវគ្នាជាមួយនឹងម៉ោងរៀនរបស់លោកតែប៉ុណ្ណោះ។ គាត់ធ្លាប់បានលើកឡើងថា “វាគឺពិតជាមានផលវិបាកខ្លាំងណាស់ ដែលគាត់ពិតជាមិនអាចឃ្លាតឆ្ងាយពីម៉ាស៊ីនដែលអាចមានលទ្ធភាពធ្វើអោយគាត់ បានធ្វើការបង្ហាញពីភាពជោគជ័យដ៏អស្ចារ្យរបស់ខ្លួន”។ ហើយនៅពេលដែលគាត់មានអាយុ ១៧ឆ្នាំ លោក Gates ក៏បានបណ្ដាក់ទុនជាមួយនឹងលោក Paul Allen ហើយបង្កើតជាក្រុមហ៊ុនមួយដែលមានឈ្មោះថា Traf-O-Data ដែលនៅពេលនោះ គាត់បានបង្កើតជាកម្មវិធីគ្រប់គ្រងលើប្រព័ន្ធចរាចរណ៍ ដោយដំណើរការលើ Intel 8008 Processor។
លោក Bill Gates បានបញ្ចប់ការសិក្សាពីសាលា Lakeside នៅក្នុងឆ្នាំ ១៩៧៣ និងទទួលបានងារជា អ្នកប្រាជ្ញថ្នាក់ជាតិ។ គាត់ទទួលបានពិន្ទុ ១៥៩០ លើ ១៦០០ សម្រាប់ការប្រលងយកអាហារូបករណ៍ SAT ហើយបានចូលរៀនក្នុងមាហាវិទ្យាល័យហាវើដ ក្នុងរដូវស្លឹកឈើជ្រុះឆ្នាំដដែល។ ក្នុងឆ្នាំដំបូងលោករើសយកមុខវិជ្ជាច្បាប់ ប៉ុន្តែបានផ្លាស់ប្ដូរ ហើយចាប់យកមុខវិជ្ជាគណិត និងបានបញ្ចប់ការសិក្សាលើផ្នែកវិទ្យាសាស្ដ្រកុំព្យូទ័រ។ ខណៈពេលលោករៀននៅសាលាហាវើដ លោកបានជួបជាមួយនឹងមិត្តរួមថ្នាក់របស់ខ្លួនគឺលោក Steve Ballmer (អតីតនាយកប្រតិបត្តិរបស់ Microsoft និងបច្ចុប្បន្នលោកក៏ជាមហាសេដ្ឋី និងបុគ្គលជោគជ័យមួយរូបផងដែរ)។ លោក Gates បានចាកចេញពីសាលាហាវើដ ពីរឆ្នាំបន្ទាប់ ខណៈដែលលោក Ballmer នៅបន្តរៀនហើយទទួលបានសញ្ញាប័ត្រកម្រិតខ្ពស់បំផុតមួយ។ យូរឆ្នាំក្រោយមកទៀត លោក Ballmer បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Microsoft និងបានឡើងបន្តតំណែងពីលោក Bill Gates ធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន នឹងបានធ្វើការក្នុងតំណែងកំពូលនេះពីឆ្នាំ ២០០០ រហូតដល់គាត់លាឈប់ពីក្រុមហ៊ុនក្នុងឆ្នាំ ២០១៤។
លោក Gates មិនមានគម្រោងឬកាលវិភាគសិក្សាច្បាស់លាស់នោះទេ នៅពេលដែលលោកនៅជាសិស្សក្នុងសាលាហាវើដ ហើយបានចំណាយពេលស្ទើរតែទាំងអស់របស់ខ្លួន ជាមួយនឹងការប្រើប្រាស់កុំព្យូទ័រនៅក្នុងសាលា។ លោក Gates នៅតែរក្សាទំនាក់ទំនងល្អជាមួយនឹងមិត្តភក្ដរបស់ខ្លួនពីវិទ្យាល័យ គឺលោក Paul Allen ហើយបានចូលបម្រើការងារជាមួយគ្នាក្នុងក្រុមហ៊ុន Honeywell ក្នុងរដូវក្ដៅឆ្នាំ ១៩៧៤។ នៅឆ្នាំបន្ទាប់ ក្រុមហ៊ុន MITS បានដាក់លក់កុំព្យូទ័រប្រភេទ MITS Altair 8800 របស់ខ្លួនដែលដំណើរការជាមួយនឹង Intel 8080 CPU ដោយមើលឃើញពីឱកាសបែបនេះ លោក Gates និង លោក Allen ក៏បានរួមគ្នាហើយបង្កើតជាក្រុមហ៊ុន ផលិតកម្មវិធីកុំព្យូទ័ររបស់ខ្លួនឡើងមក ហើយពេលនោះលោក Gates បានបញ្ឈប់ការរៀនរបស់ខ្លួនពីសាលាហាវើដ។ គាត់បានជជែកគ្នាជាមួយនឹងឪពុកម្ដាយរបស់ខ្លួន ពាក់ព័ន្ធនឹងការសំរេចចិត្តមួយនេះ ហើយទទួលបាននូវការជម្រុញនឹងលើកទឹកចិត្តយ៉ាងខ្លាំងក្លា ក្រោយពេលឪពុកម្ដាយរបស់លោកមើលឃើញពី មហិច្ឆតានិងចំណង់ចំណូលចិត្តរបស់លោក នៅក្នុងការបង្កើតក្រុមហ៊ុនដែលជារបស់ខ្លួនឯង។ លោកធ្លាប់បានលើកឡើងពីស្ថានភាពរបស់ខ្លួន ជាមួយនឹងសាលាហាវើដបែបនេះថា “ប្រសិនបើក្រុមហ៊ុនរបស់ខ្ញុំ មិនដំណើរការទៅមុខដូចការរំពឹងទុកនោះទេ ខ្ញុំនៅតែអាចត្រលប់ទៅរៀនវិញបានដូចធម្មតា ពីព្រោះខ្ញុំគ្រាន់តែព្យួរឈ្មោះសិក្សាដោយគ្មានកាលកំណត់ប៉ុណ្ណោះ”។
ប្រវត្តិក្នុងការបង្កើតក្រុមហ៊ុន Microsoft
BASIC កម្មវិធីដំបូងរបស់ Microsoft
ក្រោយពីលោក Gates បានអាននូវការបោះពុម្ភផ្សាយរបស់ទស្សនាវដ្ដី Popular Electronics ក្នុងខែមករា ឆ្នាំ១៩៧៥ ដែលបានធ្វើការពិពណ៌នាអំពីម៉ាស៊ីនកុំព្យូទ័រ Altair 8800 លោកក៏បានធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Micro Instrumentation and Telemetry Systems (MITS) ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រមួយនេះ ដើម្បីប្រាប់ថារូបលោក និងមិត្តភក្ដរបស់ខ្លួន បាននឹងកំពុងតែធ្វើការអភិវឌ្ឍន៍កម្មវិធីដោយប្រើភាសាកូដ BASIC ហើយអាចមានលទ្ធភាពដំណើរការជាមួយ និងកុំព្យូទ័ររបស់ក្រុមហ៊ុនបាន។ ក៏ប៉ុន្តែធាតុពិតរូបលោក ហើយនឹងមិត្តភក្ដរបស់ខ្លួនគឺលោក Allen មិនទាន់បានប្រើម៉ាស៊ីន Altair នេះនៅឡើយទេ ហើយក៏មិនទាន់បានសរសេរកម្មវិធីអ្វីសំរាប់វានៅឡើយដែរ អ្វីដែលរូបលោកចង់បាននោះគឺ ទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុន MITS មកលើក្រុមរបស់ខ្លួនតែប៉ុណ្ណោះ។ អគ្គនាយករបស់ MITS នាពេលនោះគឺលោក Ed Roberts បានយល់ព្រមជួបជាមួយនឹងក្រុមរបស់លោក Gates ដើម្បីមើលពីបទបង្ហាញរបស់ពួកគេ។ បន្ទាប់ពីនោះត្រឹមតែពីរបីសប្ដាហ៍ប៉ុណ្ណោះ លោក Gates និងលោក Allen បានអភិវឌ្ឍន៍បានសម្រេចនូវកម្មវិធី ដំណើរការត្រាប់តាមកុំព្យូទ័រ Altair ដែលដំណើរការលើ Minicomputer និងកម្មវិធី បកប្រែកូដ BASIC ដូចដែលលោកបានសន្យា។
បទបង្ហាញត្រូវបានធ្វើឡើងនៅទីស្នាក់ការក្រុមហ៊ុន MITS ក្នុងទីក្រុង Albuquerque ហើយទទួលបានផ្លែផ្កាយ៉ាងជោគជ័យ ជាលទ្ធផលលោក Gates រួមនឹងលោក Allen ទទួលបាននូវការសហការពីក្រុមហ៊ុន MITS អោយធ្វើជាអ្នកចែកចាយកម្មវិធីបកប្រែភាសា BASIC ខាងលើ ដោយខាងក្រុមហ៊ុនបានដាក់ឈ្មោះថា កម្មវិធី Altair BASIC។ លោក Paul Allen ត្រូវបានជួលអោយបម្រើការនៅក្នុងក្រុមហ៊ុន MITS ចំណែកលោក Gates បានសុំច្បាប់សំរាករយៈពេលយូរពីសាលាហាវើដ ដើម្បីចូលរួមជាមួយនឹងលោក Allen ក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៥។ ពួកគេទាំងពីរបានដាក់ឈ្មោះកិច្ចសហប្រតិបត្តិការរបស់ខ្លួនជា “Micro-Soft” ហើយចាប់ផ្ដើមដំណើរការ ការិយាល័យដំបូងរបស់ខ្លួនដែលមានទីតាំងក្នុងទីក្រុង Albuquerque ផ្ទាល់តែម្ដង។ មួយឆ្នាំបន្ទាប់ក្រុមហ៊ុនរបស់ពួកគេបានប្ដូរឈ្មោះជា “Microsoft” ហើយនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ឈ្មោះ Microsoft នេះត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងរដ្ឋ New Mexico។ បន្ទាប់ពីនោះមកលោក Gates ក៏មិនដែលបានត្រលប់ទៅបញ្ចប់ការសិក្សារបស់ខ្លួន នៅឯសាលាហាវើដវិញដែរ។
ក្រុមហ៊ុន Microsoft បានធ្វើការបំបែកខ្លួនចេញពីក្រុមហ៊ុន MITS នៅចុងឆ្នាំ១៩៧៦ ហើយបន្តធ្វើការអភិវឌ្ឍន៍កម្មវិធីផ្សេងៗទៀត សំរាប់ប្រព័ន្ធជាច្រើន។ ហើយនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៩ ក្រុមហ៊ុនក៏បានធ្វើការផ្លាស់ប្ដូរទីតាំងទៅកាន់ ទីក្រុង Bellevue រដ្ឋធានី Washington។
ការសហការជាមួយក្រុមហ៊ុន IBM
ក្រុមហ៊ុន IBM បានទំនាក់ទំនងមកកាន់ក្រុមហ៊ុន Microsoft ក្នុងខែកក្កដា ឆ្នាំ១៩៨០ ដើម្បីធ្វើការពិភាក្សាពីការអភិវឌ្ឍន៍នូវប្រព័ន្ធប្រតិបត្តិការថ្មីមួយ សំរាប់បំពាក់លើកុំព្យូទ័រតាមផ្ទះ ស៊េរីចុងក្រោយរបស់ខ្លួននោះគឺ “IBM PC”។ នៅពេលដែលអ្នកតំណាងរបស់ IBM បានបញ្ជាក់ថាក្រុមហ៊ុនរបស់ខ្លួនត្រូវការប្រព័ន្ធប្រតិបត្តិការថ្មី លោក Gates បានស្នើអោយពួកគេទាក់ទងទៅកាន់ក្រុមហ៊ុន Digital Research (DRI) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ CP/M។ ក៏ប៉ុន្តែកិច្ចពិភាក្សារវាង IBM និង DRI មិនទទួលបានជោគជ័យឡើយ ទើប IBM សំរេចស្នើអោយក្រុមហ៊ុន Microsoft និងលោក Gates ធ្វើជាអ្នកអភិវឌ្ឍន៍ ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួនវិញ។ ប៉ុន្មានសប្ដាហ៍ក្រោយមកលោក Gates បានស្នើអោយ IBM ប្រើប្រាស់ 86-DOS (QDOS) ដែលជាកម្មវិធីស្រដៀងនឹង CP/M ដែរ និងជាប្រព័ន្ធប្រតិបត្តិការដែលបង្កើតឡើងដោយក្រុមហ៊ុន SCP។ ជាលទ្ធផលក្រុមហ៊ុន Microsoft បានទាក់ទងទៅកាន់ SCP ហើយបានឈានដល់កិច្ចព្រមព្រៀងធ្វើជាអ្នកចែកចាយ និង បន្ទាប់មកទៀតបានទិញយកកម្មវិធី 86-DOS ផ្ដាច់មុខពី SCP។ បន្ទាប់ពីបានធ្វើការកែប្រែមួយចំនួន ក្រុមហ៊ុន Microsoft បានបញ្ចេញកម្មវិធីថ្មីនោះ ទៅអោយក្រុមហ៊ុន IBM ដោយដាក់ឈ្មោះថា PC DOS ក្នុងទឹកប្រាក់ទិញផ្ដាច់ប្រមាណ ៥ម៉ឺនដុល្លា។
ក៏ប៉ុន្តែលោក Gates មិនបានលក់កម្មសិទ្ធបញ្ញារបស់ PC DOS ទៅអោយ IBM នោះឡើយ ពីព្រោះគាត់មានជំនឿថានឹងមានក្រុមហ៊ុនដទៃ ដែលផលិតកុំព្យូទ័រផ្សេងៗទៀត ប្រាកដជាផលិតម៉ាស៊ីនកុំព្យូទ័រ ដោយយកតម្រាប់តាម IBM ជាក់ជាមិនខាន។ អ្វីដែលគាត់បានរំពឹងទុកនោះក៏បានក្លាយទៅជាការពិត ហើយបន្ទាប់ពីនោះ ការលក់កម្មវិធី MS-DOS បានឈានដល់ចំណុចកំពូល និងក្លាយទៅជាកម្មវិធី ដែលមានតម្រូវការខ្ពស់បំផុតក្នុងវិស័យកុំព្យូទ័រ នាពេលនោះ។ ទោះបីជាកម្មវិធីថ្មីនេះ ត្រូវបានភ្ជាប់មកជាមួយនូវឈ្មោះរបស់ IBM ក្ដី ក៏បណ្ដាប្រព័ន្ធផ្សព្វផ្សាយនានាបានចាត់ទុកថា ក្រុមហ៊ុន Microsoft ទៅវិញទេដែលជាអ្នកមានឥទ្ធិពលលើ ម៉ាស៊ីនកុំព្យូទ័រនានា។ បន្ទាប់មកក្នុងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ១៩៨១ ក្រុមហ៊ុន Microsoft បានធ្វើការរៀបចំថ្នាក់ដឹកនាំរបស់ខ្លួន ហើយបានប្រកាសតែងតាំងលោក Bill Gates អោយធ្វើជាប្រធាន និងជាអគ្គនាយកក្នុងគណៈគ្រប់គ្រងរបស់ខ្លួនផងដែរ។
ប្រព័ន្ធប្រតិបត្តិការ Windows
ក្រុមហ៊ុន Microsoft បានដំណើរការលក់នូវប្រព័ន្ធប្រតិបត្តិការ Microsoft Windows ស៊េរីដំបូងរបស់ខ្លួននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៥ និងក្នុងខែសីហា ឆ្នាំបន្ទាប់ ក្រុមហ៊ុន Microsoft ក៏បានសហការគ្នាជាថ្មីជាមួយនឹងក្រុមហ៊ុន IBM ដើម្បីផលិតនូវប្រព័ន្ធប្រតិបត្តិការផ្សេងមួយទៀត ដែលមានឈ្មោះថា OS/2។ ទោះបីជាក្រុមហ៊ុនទាំងពីរ ទទួលបានជោគជ័យនៅក្នុងការអភិវឌ្ឍន៍នូវប្រព័ន្ធប្រតិបត្តិការថ្មីនេះក៏ពិតមែន ក៏ប៉ុន្តែដោយសារតែមានទស្សនៈវិស្ស័យ និងគំនិតបង្កើតថ្មីដែលមិនស្របគ្នា ការសហការរវាងក្រុមហ៊ុនទាំងពីរក៏ត្រូវបានបញ្ចប់។
ជីវិតក្រោយការចាកចេញពី Microsoft
ក្រោយពេលចាកចេញពីការងារពេញម៉ោងក្នុងក្រុមហ៊ុន Microsoft លោក Gates បានបន្តសកម្មភាពមនុស្សធម៌របស់ខ្លួន ហើយនិងចាប់ផ្ដើមធ្វើការលើគម្រោងដទៃទៀតផងដែរ។
សព្វថ្ងៃនេះលោករស់នៅក្នុងភូមិគ្រឹះប្រណីតមួយដែលស្ថិតនៅក្នុងក្រុង Medina ក្បែរទីក្រុង Seattle ក្នុងរដ្ឋធានី Washington សហរដ្ឋអាមេរិក ជាមួយនឹងភរិយា គឺលោកស្រី Melinda Gates រួមនឹងកូនប្រុសស្រីទាំងបីនាក់របស់គាត់ផងដែរ៕