បើយើងស្រមៃទៅរកអតីតកាល អមដោយភស្តុតាងនៃចម្លាក់តាមប្រាសាទបូរាណ និងផ្អែកលើឯកសារប្រវត្តិសាស្ត្រខ្លះៗនោះប្រវត្តិសាស្ត្រនៃខ្មែរ បូរាណ គឺព្រះមហាក្សត្រ និងពលទាហានសុទ្ធតែពោរពេញដោយក្បួនវិជ្ជាការពារ ខ្លួន ដ៍ខ្លាំងពូកែ។
ប្រវត្តិសាស្ត្របានកត់ត្រាថា ប្រជាជននៃប្រទេសចេនឡាពូកែខាងល្បិចយុទ្ធសាស្ត្រចម្បាំងណាស់ យុទ្ធសាស្ត្រទាំងនេះប្រាកដជាផ្ទេរពីជំនាន់មួយទៅជំនាន់មួយជាមិនខាន ។
នៅក្នុងសម័យអង្គរ គេសង្កេតឃើញគ្រឿងយោទ្ធោបករណ៍ ដ៍ច្រើនសន្ធឹកសន្ធាប់ដែលឆ្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ តាមកំណត់ហេតុរបស់អ្នកប្រវត្តិសាស្ត្រចិន ឈ្មោះ ជីវតាក្វាន់ ក៍បានសរសេរអំពីការរីកលូតលាស់នៃក្បាច់ក្នុងសម័យអង្គរដែរ។
បេសកជនចិនរូបនោះក៍បានសរសេរថា មានឃ្លាំងពោរពេញទៅដោយអាវុធយុទ្ធភ័ណ្ឌដូចជា ដាវ កាំបិត ខែល ធ្នូ ស្នា លំពែង ខែល អាវក្រោះ និងអាវុធធ្ងន់ សំរាប់បាញ់ព្រួញធំៗ។ អ្នកដែលអាចកាន់ឧបករណ៍ទាំងនោះ ដើម្បីចូលក្នុងសមរភូមិទាល់តែមានវិជ្ជាយុទ្ធសាស្ត្រខ្លាំង។ កងទ័ពខ្មែរនាសម័យនោះ បើពិនិត្យតាមក្បាច់ចម្លាក់នៅតាមជញ្ជាំងប្រាសាទនានាគេចែកចេញជា ៤ ក្រុម គឺពលថ្មើរជើងពលដំរី ពលសេះ និងពលជើងទឹក ដែលលោក សុង ស៊ីវ អោយនាមសរុបក្នុងក្នុងសៀវភៅរបស់លោកឈ្មោះចលនាអារ្យធម៍ នោះថា ‹ពលអង្គរក្សទ្រមាក់ចែវគុន› គឺដោយសារវិជ្ជាយុទ្ធសាស្ត្ររបស់កងទ័ពទាំងនេះហើយដែលធ្វើអោយកម្ពុជា ធ្វើសឹកសង្គ្រាមវាតទឹកដីបានយ៉ាងធំទូលាយនោះ។
ជាប្រទេសមួយមានសមត្ថភាពធ្វើសឹកសង្គ្រាមនោះ មហាក្សត្រមិនត្រឹមតែមាននាមជាអគ្គមេបញ្ជាការប៉ណ្ណោះទេ តែព្រះអង្គជាមេទ័ពមួយរូបដែលដឹកនាំ បញ្ជាទ័ពចូលប្រយុទ្ធក្នុងសមរភូមិដោយផ្ទាល់តែម្ដង។ ទាំងអស់នោះមានភស្តុតាងបញ្ជាក់នៅក្នុងសិលាចារឹកដែលបានលើកឡើងអួត សរសើរពីគុណសម្បត្តិយោធារបស់ព្រះមហាក្សត្រសម័យអង្គរថា ជាស្ដេចមានតេជៈ ខ្លាំងពូកែខាងវិជ្ជាគុន និងយុទ្ធសិល្ប៍ផ្សេងៗ។
សិលាចារឹកមួយនៅស្តុកកក់ធំបានសរសើរពីថ្វីព្រះហស្ថរបស់ព្រះបាទយ សោវរ្ម័នទី១ ថា ព្រះអង្គមានដៃវៃរហ័សក្នុងការប្រហារសត្រូវ. . . ។ សិលាចារឹកមួយទៀយនៅបាងថាក ប្រទេសឡាវ បានតំណាលពីព្រះបាទសុរិយាវរ្ម័នទី២ ដែលកំពុងប្រយុទ្ធក្នុងសមរភូមិថា ព្រះអង្គលោតផ្លោះពីលើព្រះទីនាំងគជេន្ទ្រទៅគង់លើក្បាលដំរីរបស់ សត្រូវ ហើយទ្រង់ប្រហារជិវិតបង់បីដូចជា គ្រុឌស្ទុះទៅសង្គ្រប់សំលាប់នាគនាកំពូលភ្នំ។
ចំណែកសិលាចារឹកមួយទៀតនៅប្រាសាទព្រះខ័ន ក៍បានអួតសរសើរពីយុទ្ធសិល្បិ៍ដ៍ខ្លាំងពូកែរបស់ព្រះបាទជ័យ វរ្ម័នទី៧ ដែរថា នៅពេលឃើញស្ដេចអង្គនេះប្រកបទៅដោយគ្រឿងសព្វាវុធនោះ ធ្វើអោយសត្រូវរន្ធត់ជាខ្លាំងហើយសត្រូវបិទភ្នែកដោយចាញ់ព្រះ ចេស្ដារមិនតែប៉ុណ្ណោះ ដៃវាទាំងគូរបីដូចជាពស់អស់ពឹសហើយទម្លាក់អាវុធចោលភ្លាម ឯអាវុធនានាដែលបានចោល ឬ បាញ់ទៅហើយនោះក៍ហាក់ដូចជាគាំងលែងទៅមុខមួយរំពេចដែរ ។
ក្រៅពីព្រះមហាក្សត្រសូម្បីតែអ្នកស្រុកនាសម័យនោះក៍ស្ទាត់ជំនាញនូវ កលយុទ្ធខាងសង្គ្រាមដែរ។ ភាពស្ទាត់ជំនាញបែបនេះប្រសិនបើប្រទេសជាតិត្រូវការកងទ័ពនោះ គេគ្រាន់តែអំពាវនាវគេនិងបានកងទ័ពដែលស្ទាត់ជំនាញខាងចំបាំងស្រាប់ ដោយមិនចាំបាច់ហ្វឹកហាត់យូរឡើយ។ បើតាមសាស្ត្រាស្លឹករឹត និងតម្រាសរសេរដៃមួយចំនួនដែលតម្កល់ទុកក្នុងបណ្ណាល័យជាតិ និងវត្តអារាមនានានោះថាក្បាច់ និង តម្រាសង្គ្រាមរបស់ខ្មែរមួយចំនួនចម្លងមកពីក្លឹង្គ មួយចំនួនទៀតចម្លងមកពីចិន ឯមួយផ្នែកធំ គឺចងក្រង និង បង្កើតឡើងដោយបុព្វបុរសខ្មែរតែម្ដង ។
ផ្នែកដែលនាំចូលពីប្រទេសឥណ្ឌា គឺមានតិចតួច ដែលភាគច្រើនហូរចូលមកប្រទេសខ្មែរយើងតាមរយៈសាសនាក្នុងនោះគេ សង្កេតឃើញមានក្បួនយុទ្ធគុន ២ មេធំៗ ដែលគេយកមកអនុវត្តន៍ក្នុងវិជ្ជាគុនដំបង និង គុនដាវ ដែលក្បាច់មេគេហៅថា ព្រះរាមថ្លែង ស និងកិន្នរពាំផ្កា។ មេក្បាច់ទាំង ២ នេះឃើញមានជារូបចម្លាក់នៅតាមជញ្ជាំងប្រាសាទអង្អរវត្ត ហើយប្រហែលជាអ្នកគុននិយមខ្មែរសម័យដើមស្រង់មកធ្វើជាគោលរួចបំបែក ជាស្នៀតតូចៗ ទៅតាមយុទ្ធវិធីរបស់ខ្លួន។
ឯផ្នែកដែលចម្លងពីប្រទេសចិនក៍មានតិចតួចដែរ ដែលភាគច្រើនមានចាប់ពីក្រោយសម័យអង្គរមក។ ក្នុងសៀវភៅកម្ពុជសូរិយាបោះពុម្ព ខែមិនា ឆ្នាំ១៩៥៩ ស្ដីពីប្រវត្តិសាស្ត្រក្រោយសម័យអង្គរ ឬ សម័យ កណ្ដាលបានកត់ត្រាអោយដឹងថា ការសិក្សារបស់កូនខ្មែរនៅជំនាន់ដើម ក្រៅពីរៀនលេខនព្វន្តមាន មួយចំនួនបានហាត់រៀនក្បាច់គុនរបស់ចិន។ នេះជាសេចក្ដីដែលពោលឡើងចាប់ពីសម័យក្រុងលង្វែកមក។
ពុំមានឯកសារជាភស្តុតាងទេ ប៉ុន្តែ តាមរយៈអ្នកក្បាច់គុនចាស់ៗ ដែលនៅរស់នោះ បាននិយាយថា បណ្ដាវីជ្ជាគុនដែលគាត់ធ្លាប់ហាត់ទាំងនោះ បានលើកយកឈ្មោះគុនដំបងវែងមួយមកបញ្ជាក់ គឺមេគុន សៃហុងចុង ១ និង សៃហុងចុង ២ ដែលមេទី ១ មាន៤ ទ្វារ និងមេទី ២ មាន ៨ ទ្វារ។ ពាក្យសៃហុងនេះ មានន័យថា សមរភូមិមុខ ឬ អ្វីៗដែលនាំមុខគេ។
តាមការស្រាវជ្រាវ នាយុគសម័យកណ្ដាលមានជនបរទេសជាច្រើនដែលគេចេះវិជ្ជាគុននោះគេបាន ផ្សព្វផ្សាយនូវវិជ្ជាគុនរបស់គេដល់ប្រជាជនកម្ពុជា។ ជាមួយនោះ ក៍មានជនកម្ពុជា ជាច្រើនបានស្វះស្វែងមករៀនក្បាច់គុនជាមួយគ្រូគុនបរទេសទាំងនោះ។ គ្រូគុនទាំងនោះគេសង្កេតឃើញមាន ចិម លាវ សៀម …… ជាដើម។ ក្នុងអត្ថបទកំណាព្យមួយដែលគេរកឃើញ ហើយសរសេរដោយលោកអាចារ្យ អ៊ុក ជុំ នៅវត្តស្ទឹងមានជ័យនោះថា គ្រូដំបងខ្ញុំមាន ៤ រូប គ្រូសៀមឈ្មោះ ស៊ុម ចិន, ឈ្មោះបូ គ្រូខ្មែរ, ឈ្មោះម៉ុក ខ្មែរ, ឈ្មោះផូ ពូជពង្សអំបូរស្រុកបាភ្នំ ។ គ្រូប្រដាល់ខ្ញុំមាន ២ នាក់ ជាតិលាវ ឈ្មោះលាក់ លាវ, ឈ្មោះលុំ គ្រូលាវចំបាប់បង្រៀនខ្ញុំ ចេះហើយលាខ្ញុំទៅស្រុកឆ្ងាយ។
តែក៍មានការអះអាងថា ជនបរទេសដែលជាគ្រូបង្វឹកទាំងនោះ ក៍បានហាត់រៀននូវក្បាច់របស់ខ្មែរវិញដែរ។
ក្នុងសៀវភៅ ព្រះរាជពិធីទ្វារទសមាសរបស់វិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពឆ្នាំ ១៩៦៩ បញ្ជាក់ថា “គ្រូបង្ហាត់វិជ្ជាគុនយុទ្ធសិល្បិ៍ ដល់អ្នកគុននិយមខ្មែរជំនាន់ដើម គឺ ព្រះឥន្ទ្រធិបេត និង ព្រះគ្រូព្រះព្រហ្មេធិបេន ”។ លុះសម័យក្រោយៗមកទៀតការ ហាត់វិជ្ជាគុនភាគច្រើនមាននៅតាមវត្តអារាម ឯគ្រូបង្ហាត់ជាព្រះសង្ឃ ឬ ចៅអធិការវត្តតែម្ដង។ អ្នកដែលបានថែរក្សា និងផ្សព្វផ្សាយវិជ្ជាគុន និង យុទ្ធសាស្ដ្រទូទៅរបស់ខ្មែរ គឺ ព្រះសង្ឃដែលបានបួសរៀនក្នុងវត្តព្រះពុទ្ធសាសនាមហាយាន។ សូម្បីព្រះសង្ឃខ្មែរនៅសម័យដើម (ក្នុងអម្លុងឆ្នាំ១៩៦០) ដែលកាន់ព្រះពុទ្ធសាសនាតាមបែបហិនយានទៅហើយក៍ដោយ ក៍នៅមានការហាត់រៀនវិជ្ជាគុនទាំងនេះដែរ។ អញ្ចឹងទើបចាស់ ទុំ ដែលនៅរស់ដល់សព្វថ្ងៃភាគច្រើនសុទ្ធតែបានបួសរៀន និង បានហាត់វិជ្ជាគុនក្នុងវត្តព្រះពុទ្ធសាសនា។
វិជ្ជាគុនសម័យដើមមានច្រើនទាំងស្នៀត ច្រើនទាំងឈ្មោះតែការសំដែង ឬ ឈ្មោះរបស់វាប្លែកគ្នាខ្លះៗ ទៅតាមការនិយមនៃតំបន់នីមួយៗ។ ឧទាហរណ៍ក្បាច់គុនមួយនៅខេត្តតាកែវមានឈ្មោះថា “ មេឆៀងកណ្ដៀត” តែនៅខេត្ត ពោធិសាត់គេហៅថា “មេឆឹងកណ្ដៀត ”ទៅវិញ។ ក្បាច់គុនមួយទៀតនៅខេត្តបាត់ដំបងគេហៅថា “យុទ្ធគុនមេកួច ” តែនៅខេត្តស្វាយរៀងគេហៅថា “យុទ្ធគុនមេដំរីបួងទៅវិញ”។ ទោះស្នៀតហៅខុសគ្នាក៍ពិតមែនតែទម្រង់ និងជំហរប្រយុទ្ធវាស្រដៀងគ្នាសុទ្ធសាធ។
តាមរយៈប្រវត្តិសាស្ត្រដែលបានកត់ត្រាទុកនោះក្នុងសង្គមអ្នកគុននិយម ខ្មែសំបូរទៅដោយពិធីប្រពៃណីដ៍សំបូរបែបដូចជា ពិធីផឹកទឹកសម្បថ ការបង្កក់ប្រសិទ្ធិ ឬ សមយុទ្ធ និងព្រះរាជពិធីស្មានចតុរង្គសេនាជាដើម។ ខ្មែរទូទៅដែលចូលទៅហាត់រៀនវិជ្ជាយុទ្ធសាស្ត្រដំបូងបំផុត ត្រូវផឹកទឹកសម្បថ ឬ ផឹកទឹកពិភទ្ទសច្ចា ដែលពិធីនោះមានគោលដៅមួយ គឺ រកសិរីសួស្ដីអោយចំរើនពា្យសច្ចៈ និង ការរម្ងាប់ពៀរ។
ក្នងពិធីបែបនេះ ជំនាន់ដើមគេដាក់ព្រះខ័នទៅទៅក្នុងទឹលមន្ត បន្ទាប់មកគេកូររួចទើបប្រោះព្រំដល់ពលសេនា។ ការដាក់ព្រះខ័នក្នុងទឹកមន្ដបែបនេះគេហៅថា អោយអ្នកគុននិយមទាំងនេះកាន់ភាពសច្ចៈ និងយុត្តិធម៍។
ចំពោះពិធីបង្កក់ប្រសិទ្ធវិញ គេធ្វើឡើងនៅវេលាយប់ពេញបូរមីក្នុងឱកាសបុណ្យចូលឆ្នាំនាខែចេត្រ។ ពិធីនេះគេធ្វើ ២ ដង លើកទី ១ ហៅថាប្រសិទ្ធិតូច លើកទី ២ ហៅថា ប្រសិទ្ធីធំ ពិធីនេះប្រហែលជាមានប្រភពមកពីឥណ្ឌា។
ក្នុងរឿងពិធីទ្វារទសមាស របស់ព្រាហ្មឈ្មោះ “អច្ចុតន្ន័ម” នៅនគរពារាណសីថា ក្នុងខែចេត្រមានពិធីមួយឈ្មោះ “គជវិធាន័ម ឬ គជន្ទ្រស្នាន” (ពិធីប្រោះព្រំដំរី) ដែលគេកំណត់ធ្វើក្នុងថ្ងៃ ១ រោច។
ក្នុងពិធីនេះព្រះមហាក្សត្រទ្រង់គ្រឿងពស្ត្រាដ៍សង្ហាគង់លើ ព្រះទីនាំងដំរីប្រទក្សិណជុំវិញព្រះរាជវាំង ដោយមានព្រាហ្មជាព្រះរាជគ្រូចាំប្រោសព្រំទឹកមន្ត។ ប្រពៃណីបែបនេះកម្ពុជាយើងមានតាំងពីបូរាណកាលមកម្ល៉េះ។ ការបង្កើតអោយមានពិធីនេះដើម្បីបណ្ដុះបណ្ដាលប្រជារាស្ត្រអោយនិយមក្នុង កិច្ចការទាហាន។ ជាការទំនុកបំរុងទាហាននូវគ្រឿងអាវុធយុទ្ធភ័ណ្ឌ អោយមានគ្រប់គ្រាន់ល្មមការពារស្រុកបាន។ ជាការសំដែងអោយនគរជិតខាងខ្លបខ្លាចរិទ្ធិចេស្ដារនៃមហាក្សត្រ និងប្រជាជនយើង។
សម័យដែលខ្មែរយើងមានឥទ្ធិពលខ្លាំងនោះ ពិធីបែបនេះធ្វើជារៀងរាល់ឆ្នាំ។ តែចាប់ពីក្រោយសម័យលង្វែកពេលដែលខ្មែរចុះខ្សោយនោះពិធីនេះមានខ្លះ គ្មានខ្លះក្នុងរជ្ជកាលស្ដេចនរោត្តមពិធីនេះនៅមានខ្លះៗ តែក្នុងរជ្ជកាលស្ដេចស៊ីសុវត្ថិ មានតែពិធីកេណ្ឌទាហានមកលេងចំបាប់ និង ប្រដាល់សំរាប់ទតតែប៉ុណ្ណោះ។
ចាប់តាំងពីពិធីបង្កក់ប្រសិទ្ធីនេះផុតរលត់ទៅ ទាហានក្រៅតំណែង (ទាហានបំរុង) ក៍បែកខ្ញែកគ្នាអស់។ ទោះបីនៅមានការហាត់វិជ្ជាគុនក៍ពិតមែនតែមាននៅតាមវត្តអារាម និង ភូមិស្រុកមួយចំនួនប៉ុណ្ណោះ ។ កន្លែងទាំងនោះហើយដែលរក្សាទុកនូវប្រពៃណីចាស់ៗ មកដល់សព្វថ្ងៃនេះ ដែលគេហៅថា ការថ្វាយបង្គំគ្រូ។
កាលពីដើមអ្នកគុននិយមតែងជួបគ្នាសាកស្នាដៃនៅក្នុងព្រះពន្លា ឬ ក្នុងរាជវាំង។ កាលនោះការសាកកម្លាំងមិនមានការថ្លឹងទម្ងន់អ្វីទេ តែសេនាបតីម្នាក់ដែលជាតំណាងចាប់គូនោះហៅមកសាកគ្នាមើលសិន គឺទាំងចំបាប់ ទាំងប្រដាល់បើថ្វីដៃប្រហាក់ប្រហែលគ្នា ទើបរើសមកធ្វើជាគូប្រកួត។
បន្ទាប់ពីបានគូសមដៃហើយ ចៅភ្នាក់ងារបើកយកគ្រឿងប្រដាប់សំរាប់តែងកាយមានខោទ្រនាប់ សំពត់ស្លៀក ក្រមា ក្រណាត់ ចែកអោយអ្នកចំបាប់ ឯអ្នកគុនប្រដាល់ក៍ដូចអ្នកចំបាប់ដែរ តែបន្ថែមអំបោះភ្លុក និង អំបោះឆៅ។ ខោទ្រនាប់ និងសំពត់ មានពីរពណ៌ គឺ ពណ៍ស្វាយ និង ក្រហមជាំ ឯអំបោះភ្លុក គឺ អំបោះធម្មតា ដែលគេឆ្វាយជារង្វង់ល្មមពាក់ក្បាលចុះ ទំហំប្រមាណប៉ុនម្រាមដៃហើយយកសំពត់ស្វាយ និង ក្រហម មកដេរស្រោបអោយទៅជា ២ ពណ៌ ដូចគ្នានិងសំពត់ស្លៀក។ បន្ទាប់ពីចែកអោយគ្រប់ៗគ្នាហើយចៅភ្នាក់ងារ និង គ្រូប្រដាល់ចំបាប់ដែលមកប្រជុំក្នុងទីនោះ ចែកអោយអ្នកប្រដាល់ម្នាក់មួយដោយម្នាក់ខោសំពត់ និង ក្រមា ក្រវាត់ពណ៌ស្វាយ និងម្នាក់ទៀតពណ៌ ក្រហមជាំដើម្បីកុំអោយច្រឡំគ្នា។ បន្ទាប់មកគេស្រាក់អោយអ្នកប្រដាល់ទាំងនោះដោយយកអំបោះឆៅមកស្រាក់នៅ គល់ម្រាមដៃទាំង ៥ទាំងសងខាងអោយសមគួរ ហើយគេត្រកួញកួចអំបោះឡើងរដឹបរដុបដូចគូទខ្ចៅឡើងណែនរឹងនៅលើខ្នង ម្រាមដៃទាំងសងខាង ដើម្បីអោយគូប្រកួតបែកសាច់ពេលដែលដាល់ត្រូវនោះ។ ឯអ្នកចំបាប់ គ្មានស្រាក់ដៃ និងពាក់អំបោះភ្លុកទេ។
បន្ទាប់ពីរៀបចំខ្លួនដល់អ្នកចំបាប់ និង អ្នកប្រដាល់ទាំងនោះហើយ ពួកគ្រូមន្តអាគមចូលទៅស្ដោះប្រោះព្រំលើកកម្លាំងដល់អ្នកចំបាប់ និង អ្នកប្រដាល់ទាំងនោះ។ នៅកន្លែងប្រកួត គេរៀបចាក់ដីខ្សាច់រាយពេញរួចបោះបង្គោលដែលលាបថ្នាំពណ៍ក្រហម ហើយយកខ្សែពួរចងសន្អឹងតាមបង្គោលព័ទ្ធជុំវិញដើម្បីហាមកុំអោយ មនុស្សប្រជ្រៀតចូលទៅកន្លែងទីលានប្រកួតដែលបង្កការរំខានដល់ ការប្រកួត។ ប៉ុន្តែនៅជ្រុងម្ខាងគេរៀបចំជាពន្លាសំរាប់ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស មន្ត្រី អ្នកមុខអ្នកការ សេនាបតី គង់ និង អង្គុយទត ឬ ទស្សនា។
ខណៈនោះ ចៅភ្នាក់ងារអ្នកកាន់បញ្ជីហៅឈ្មោះ គូប្រកួតចេញមក។ គូប្រកួតដើរដោយប្រណម្យ អោនៗចូលទៅទីលានប្រកួតដោយលុតជង្គង់ទន្ទឹមគ្នាថ្វាយបង្គំព្រះករុណា ៣ ដង ហើយក្រោកឡើងផ្គងឃុំដាក់គ្នា។ ទាំងប្រដាល់ទាំងចំបាប់ពេលប្រកួតភ្នាក់ក្រុមភ្លេងលេងបទស្គរជ្វា គ្រប់លើក។ បទភ្លេងដែលលេងនោះមាន ២ បទពេលគូប្រកួតអួតដាក់គ្នា គេលេងបទ “ យោន ” លុះដល់ពេលប្រកួតគេលេងបទ “ ផ្លែង ”។
ការប្រកួតនេះមានចាញ់ មានស្មើ ប្រដាល់លេង ១២ លើក ឬ ហៅថា ១២ ទឹក បើចំបាប់លេងត្រឹមតែ ៣ ទឹកប៉ុណ្ណោះ គឺត្រូវប្រកាសលទ្ធផល។ ក្នុងការប្រកួតដែលកំពុងប្រព្រឹត្តិទៅបើនរណាទន់ ឬ ហត់ខ្លាំង ដឹងថា តស៊ូតទៅទៀតមិនបានហើយសុខចិត្តចុះចាញ់នោះ ត្រូវទម្លាក់ជង្គង់ក្រាបទៅលើដី ឯភាគីម្ខាងទៀតត្រូវឈរឃុំ នៅស្ងៀមដោយហាមមិនអោយប៉ះពាល់ គូប្រកួតឡើយ។ ខណៈនោះអ្នកត្រួតការស្រែសួរទៅអ្នកក្រាបនេះថា “ហប ឫ ញ៉ម ”? បើអាចតស៊ូបានទៀតត្រូវច្លើយថា “ ហប ” ហើយត្រូវក្រោកតស៊ូវិញបន្ទាប់ពីក្រាបមួយស្របក់ហើយនោះ។ តែបើមិនអាចតស៊ូបានទេ ដោយសុខចិត្តចាញ់នោះត្រូវឆ្លើយថា “ញ៉ម ”។ ប្រដាល់គេប្រកួត ១២ ដង ដែលហៅថា ១២ ទឹក ឯចំបាប់ គេប្រកួតតែ ៣ ទឹកប៉ុណ្ណោះ ។ ជាទូទៅ ប្រដាល់ និង ចំបាប់នេះមិនសូវមានអ្នកធនស៊ូដល់កម្រិតទេ អ្នកប្រដាល់បានយ៉ាងច្រើន ២ ទឹក ក៍ទទួល ញ៉ម ឯអ្នកចំបាប់ បើគេបោកដួលម្ដង ហើយមួយដងទៀត ក៍ទទួលញ៉មដែរ។
ចំបាប់ និង ប្រដាល់ដែលលើកមកពណ៍នានេះ គឺ គេឃើញនៅក្នុងរជ្ជកាលសម្ដេច ព្រះស៊ីសុវត្ថិ។ កាលនោះអ្នកឈ្នះ បាន ៥ រៀល ឯអ្នកចាញ់បាន ៣ រៀល ជារង្វាន់។ ចំណែកនៅតាមឃុំ ស្រុកវិញក៍មានការប្រកួតរកជើងខ្លាំងប្រចាំ ដែនដីរបស់គេដែរ អញ្ចឹងហើយទើបមានកំណាព្យមួយក្នុងអក្សរសាស្ត្រ ខ្មែរដែលមានឈ្មោះថា ល្បើក ផាន់ជុំ នោះ មានសេចក្ដីខ្លះៗថា៖
ជ្រើសរើសរកអ្នកជ្រង ភ្នំសោមឯត្បូងមានអ្នកតូច
អ្នកចាន់គាត់នៅអន្លង់កួច ថាតូចមិនកើតអោយអញវិញ ។
អ្នកចាន់គាត់លាត់គ្រវាត់ស្អាត ស្នងប្រាក់ថាវាតក្មេងចៀសចេញ
ទើសដៃទើសជើងក្រែងគេដេញ ចៀសចេញឲ្យឆ្ងាយទូលាយគេ ។
ទាំងស្រីទាំងប្រុសច្រឡំគ្នា ខ្លះមកបំពារ ខ្លះមកជេរ
ថាអាកំណាចកាចម្ល៉េះទេ ដើរមកពានគេធ្វើនិងធឹង ។
===========
ផាន់ជុំគាត់លាត់កៀកក្រវាត់ យកស្លាមួយម៉ាត់មកវេចទុក
ហើយសូត្រអាគមសម្លឹងមុខ យកស្លាវេចទុកមកផ្លុំដាក់ ។
ហើយសូត្រថាឧ មៈ គៈលិកំ បើកទ្វារ វំកំ រំ ហាយៈ
ស្វាហែងរឹងរែងចក្ខៈ ចក្ខិ ចក្ខុ ស្វា ហា យៈ ។
ផាន់ជុំសូត្រហើយព្រឺរោមា ស៊ីស្លាទំពារចូលពីអាយ
អ្នកចាន់លោតផ្លាប់បញ្ចប់កាយ ផាន់ជុំលោតខ្ចាយប្រាយមេលោង ។
អ្នកចាន់គាត់លោតឱបដៃជាប់ ផាន់ជុំដោះដៃគោះកែងផូង
ដួលផ្ងារជង្គ្រាងពង រំយោង អ្នករោងគេហ៊ោរឥតកោតក្រែង ។
នេះអត្ថបទកំណាព្យដែលបង្ហាញឲ្យឃើញពីការចូលរួមទស្សនាយ៉ាងកុះករនូវ ឆាកប្រយុទ្ធមួយ រវាង ផាន់ ជុំ និង អ្នក ចាន់។ ទម្លាប់ និង ប្រពៃណីរបស់អ្នកគុននិយមខ្មែរដែលរៀបរាប់ខាងលើនេះមកដល់បច្ចុប្បន្ន រលាយ បាត់បង់ស្ទើរគ្មានសល់។
ការថ្វាយបង្គំគ្រូដែលនៅសល់ដល់សព្វថ្ងៃនេះហើយដែលអ្នកប្រដាល់តែងតែ ប្រព្រឹត្តិនៅពេលឡើងដល់សង្វៀនមុនពេលប្រកួតចាប់ផ្ដើមនោះ គឺជាមរតកនៃពិធីបង្កក់ប្រសិទ្ធដែលចាស់ៗពីដើមតែងតែធ្វើមុនពេល ប្រកួតគ្នាម្ដងៗ ៕
ស្វែងយល់ ពីក្បាច់គុនខ្មែរទាំង១២មេ
តាមការស្រាវជ្រាវតៗគ្នានោះគេសង្កេតឃើញថា ក្បាច់គុនរបស់ខ្មែរយើងមានមេគុនចំនួន ១២ ផ្ដុំបញ្ចូលគ្នា ហើយមេគុនមួយ គឺជាស្នៀត ដែលស្នៀតទាំងនោះសុទ្ធតែមាន លក្ខណៈពិសេសនិងដោយឡែករបស់វា។ ពេលនេះយើង សូមលើកយកមេគុនមួយៗ មកបង្ហាញ។
១. មេសម អាចហៅថា មេស្រប៖
នេះជាមេទីមួយក្នុងចំណោមមេទាំង ១២។ ការកំណត់ឈ្មោះថាមេសម ឬ មេស្រប នេះ គឺដោយហេតុថា ជំហ៊រប្រយុទ្ទដៃ និង ជើងស្ថិតក្នុងជំហ៊រស្របគ្នា។ ទម្រង់ចេញដំបូង គេឈរជើង ២ទន្ទីមគ្នា ដាក់ដៃស្របនិងខ្លួន បន្ទាប់មកដៃស្ដាំ និងជើងស្ដាំបោះទៅមុខស្របគ្នាដងខ្លួនរាងអោនបន្ដិច ដោយដៃឆ្វេងដាក់ក្រោមទ្រូង។ទម្រង់ដដែលនេះ គេអាចអនុវត្តន៍ខាងឆ្វេងក៍បាន ទៅមុខ ឬ ទៅក្រោយក៍បាន។ បើឈានទៅមុខទោះឆ្វេងក្ដីស្ដាំក្ដីទម្ងន់នៃដងខ្លួនត្រូវសង្កត់លើ ជើងមុខ ៦០ ភាគរយ តែបើឈានថយក្រោយទម្ងន់នៃដងខ្លួនត្រូវសង្កត់លើជើងក្រោយ ៦០ ភាគរយវិញ។ក្នុងទម្រង់មេសមនេះ មិនមានប្រើជើងទេ ចលនាពិសេស គឺកណ្ដាប់ដៃហើយទម្រង់ប្រយុទ្ធ និងជំហ៊រប្រយុទ្ធអាចផ្លាស់ប្ដូរទៅតាមស្ថានភាពនៃគូប្រកួត។ ការផ្លាស់ប្ដូរជំហ៊រនេះ មិនរាប់ថា ជាមេសមទេ ព្រោះវាមានលក្ខណៈជាទម្រង់ផ្សេងមួយវិញដែលខុសពីទម្រង់ដើម។
២. មេខ្វែង៖
មេខ្វែងគឺជាមេគុនទី ២។ មេគុននេះមានចលនាដៃ និងជើងខ្វែងគ្នា បើជើងស្ដាំទាត់ទៅមុខ ដៃឆ្វេងត្រូវបោះទៅមុខ ផ្ទុយទៅវិញ បើជើងឆ្វេងទាត់ទៅមុខដៃដែលត្រូវបោះទៅមុខ គឺដៃស្ដាំ។ ជាធម្មតា ក្នុងចលនាមេខ្វែងនេះ ដៃត្រូវបោះទៅមុនជើងជានិច្ច ឯជើងលើកទាត់តាមក្រោយ។ ក្នុងមេនេះយើងសង្កេតឃើញថា ចលនាមានលក្ខណៈទាញចេញពីមេសម គឺដៃ និង ជើងស្របគ្នា លុះត្រាតែលើកជើងទាត់ ទើបគេកំណត់ហៅថា មេខ្វែង។ ប៉ុន្ដែក្នុងករណីដែលជើងឈានទៅមុខធម្មតា ដោយមិនបានលើកទាត់ទេនោះ លុះត្រាតែជើងដល់ចំណុចគោលដៅសិន ទើបដៃបោះទៅតាមក្រោយ។ ចំណែកឯចលនាឈានថយក្រោយវិញ គឺខុសពីចលនាទៅមុខ។ ជើងទាំង២ប្រើសម្រាប់តែឈានថយក្រោយ ដោយមិនបានលើកទាត់ដូចចលនាទៅមុខទេ ឯដៃទាំង២ ប្រើសម្រាប់តែរង គឺដៃស្ដាំវាទៅចុះក្រោមរងជើងស្ដាំ ឯដៃឆ្វេងវាត់ឡើងលើរងដៃឆ្វេង។ ចលនានេះគេហៅថា ចលនាទំនាក់ទំនងគ្នារវាងមេខ្វែង និង មេខ្វែង។
៣. មេឆៀងកណ្ដៀត៖
ជាមេគុនទី ៣ បន្ទាប់ពីមេសម និង មេខ្វែង។ មេនេះមានចលនាដើរទាបបែបដំណើរក្ដាមដាំយកចំហៀងខ្លួនទៅមុន។ ទម្រង់ចេញដំបូងគេដាក់ដៃទាំង ២ ផ្គុំចូលគ្នាដោយ ដងខ្លួនជំរុល និង សង្កត់ធ្ងន់ទៅលើជើងមុខ រួចគេឈានជើងស្ដាំមួយជំហានមកមុខ ហើយបន្ទន់កាយវិការដូចអង្គុយចោងហោងទៅលើកែងជើងឆ្វេង ឯដៃស្ដាំដាក់លើជង្គង់ស្ដាំ កែងដៃច្រត់ពីលើជារបៀបរងបន្ទាប់គេបោះជើងឆ្វេងទៅមុខដោយវាត់ដៃស្ដាំទៅជាមួយ។ ចលនានេះរាងខ្ពស់ជាងមុនបន្ដិច ឈរជារបៀបច្រកកៀវដោយទម្ងន់ខ្លួនសង្កត់ធ្ងន់លើជើងទាំង ២ ដៃស្ដាំត្រូវដាក់នៅត្រឹមចង្កេះ ដៃឆ្វេងត្រូវដាល់ទៅមុខ ដោយឲ្យកណ្ដាប់ដៃមានកំពស់ស្មើនិងក្បាល។ គេធ្វើរបៀបនេះដោយប្ដូរពីឆ្វេងមកស្ដាំ ពីស្ដាំទៅឆ្វេង ឬ ពីមុខមកក្រោយដូចគ្នា។ ចលនាបែបនេះ ទើបគេសន្មត់ហៅថា មេឆាំងកណ្ដៀត។ មេនេះគេប្រើសំរាប់រងទម្ងន់ជើងដែលទាត់មកលើខ្លួនទាំងឆ្វេង ស្ដាំ។
៤. មេរះផ្កាស្វាយ៖
ជាមេគុនទី ៤ បន្ទាប់ពីមេឆៀងកណ្ដៀត។ មេនេះមានចលនាដើរទាបដូចមេឆៀងកណ្ដៀតដែរ ប៉ុន្ដែមិនមែនដំណើរក្ដាមបែបចំហៀងទេ គឺជាដំណើរទៅមុខ ឬ ទៅក្រោយតាមរបៀបអង្កុញជង្គង់។ ទម្រង់ដំបូងចេញជារបៀបក្ដាប់ដៃរួចបន្ទន់ជង្គង់ទាំង ២ ជើងឆ្វេងឈានទៅមុខជើងស្ដាំ ឯដៃស្ដាំលើកជារបៀបរង ដៃឆ្វេងដាក់ត្រឹមចង្កេះរាងជ្រុលទៅមុខបន្ដិច។ ទម្រង់បន្ទាប់ គឺជើងស្ដាំប្ដូរទៅមុខជើងឆ្វេង ឯបាតដៃស្ដាំត្រូវលារួចលើកទះទៅផ្នែកខាងមុខ បាតដៃឆ្វេងទះទៅមុខដែរ ប៉ុន្ដែផ្នែកខាង ក្រោម។ ក្នុងការប្ដូរជំហានជើងទៅមុខដៃឆ្វេងត្រូវទះខាងលើ ឯដៃស្ដាំត្រូវទះខាងក្រោមវិញ។ ចលនានេះគេអនុវត្តន៍ទៅមុខទៅក្រោយដូចៗគ្នា។ ដៃគេដូរពីការទះមកបង្វិលជារបៀបកន្លះរង្វង់ទៅមុខដោយលាបាតដៃហើយ រះពីក្រោមឡើងទៅលើវិញ។
៥. មេបីកង់ ឬ មេបីជាន់៖
ជាមេគុនទី ៥ បន្ទាប់មេរះផ្កាស្វាយ។ មេនេះតាមពិតគេបំបែកចេញពីមេសម គេអាចហៅថា ចលនាមេសមរហ័សក៍បានដែរ។ បានជាហៅដូច្នេះដោយហេតុថា ចលនាដៃដាល់ទៅមុខគឺ ពីរដងផ្ទួនៗគ្នា សំដៅទៅមុខមួយនិងដើមទ្រូងមួយ ឯជើងត្រូវលើកទាត់ឡើងទៅលើ។ ត្រង់នេះមានន័យថា ក្នុងរយៈពេលតែមួយគេអាចវាយបាន ៣ ចំណុច គឺជើងទាត់មួយចំណុច និងដៃដាល់ទៅមុខផ្ទួនគ្នាពីរចំណុចទៀត។ ចំពោះចលនាផ្សេងៗទៀតសូមមើលទម្រង់មេសម។
៦. មេមុខឈ្នាង៖
ជាមេគុនទី ៦ បន្ទាប់ពីមេ បី ជាន់។ ការកំណត់ឈ្មោះហៅថា មុខឈ្នាង គឺមកពីមេនេះគេមិនយកកណ្ដាប់ដៃដាល់ទៅមុខដូចមេដទៃទេ គឺយកស្មង និង ទ្រនង់ដៃកាប់ ឬ រងគូសត្រូវ។ មេនេះមានទម្រង់ឈានទៅមុខទៅក្រោយ ដោយប្ដូរពីឆ្វេងទៅស្ដាំដូចមេសមដែរ ប៉ុន្ដែខុសត្រង់ជំហរ និង ដងខ្លួនរាងទ្រេតទៅមុខបន្ដិច ដោយចលនាជម្រុលហើយសង្កត់ធ្ងន់ទៅលើជើងមុខ។ ក្នុងចលនានេះស្មាទាំង ២ ត្រូវដាក់ឲ្យស្រប និងដងខ្លួន ឯដើមទ្រូងត្រូវពើងទៅមុខជានិច្ចដែរ។ មេនេះគេប្រើសម្រាប់កាប់ ឬ រងស្មងជើងរបស់គូសត្រូវដែលទាត់មកចំពីមុខខ្លួន។
៧. មេឆ្មាក្រាប៖
ឆ្មាក្រាប គឺជាឈ្មោះមេគុនទី ៧ ក្នុងចំណោមទាំង ១២ មេ។ ទម្រង់នៃមេឆ្មាក្រាបនេះ យើងសង្កេតឃើញមានលក្ខណៈទាបជាងចលនាមេគុនដទៃទៀតដោយកាយវិការទាំងមូល ពឹងផ្អែកទៅលើជង្គង់ ដើម្បីធ្វើការផ្លាស់ប្ដូរទីកន្លែង ឯដងខ្លួនអោនទ្រេតទៅមុខស្ទើរដល់ដី។ របៀបចេញជាដំបូងគេលុតជង្គង់ផ្ទាល់ និងដីរាងបញ្ឆិតទៅស្ដាំបន្តិច ហើយដងខ្លួនអង្គុយទៅលើជើងទាំង ២ ដោយដៃស្ដាំដាក់លើភ្លៅស្ដាំឯដៃឆ្វេងដាក់លើជង្គង់ឆ្វេង។ ទ្រង់ទ្រាយរបៀបនេះគេហៅថា ទម្រង់ចេញមេឆ្មាក្រាប។ លុះបន្ទាប់មកទៀតដងខ្លួនត្រូវអោនទៅមុខក្បាលត្រូវងើយបន្តិចជង្គង់ ឆ្វេងដកថយក្រោយ ដៃស្ដាំវាត់ឡើងលើក្បាលជារបៀបរង ឯដៃឆ្វេងត្រូវដាក់នៅខាងក្រោមទ្រូង។ លុះដល់ចលនាឆ្វេងដងខ្លួនអោន មកមុខក្បាលងើយបន្តិចដដែល ជង្គង់ស្ដាំដកថយក្រោយជំនួសជង្គង់ឆ្វេង ឯដៃឆ្វេងវាត់ឡើងលើក្បាលជារបៀបរងហើយដៃស្ដាំត្រូវដាក់នៅខាងក្រោម ទ្រូងវិញ។ ក្នុងទម្រង់មេឆ្មាក្រាបនេះ ចលនានីមួយៗប្រព្រឹត្តិទៅស្របគ្នាក្នុងពេលតែមួយទាំងឆ្វេងទាំងស្ដាំ ឬ ទៅមុខ ទៅក្រោយគឺដូចគ្នាទាំងអស់។ ប៉ុន្តែក្នុងទម្រង់មេនេះដដែលយើងសង្កេតឃើញចលនាមានលក្ខណៈខុសប្លែក ពីមេគុនដទៃទៀត ត្រង់ដែលថា គេធ្វើចលនាថយក្រោយមុនចលនាទៅមុខ។
៨. មេក្រពើហារ៖
ក្រពើហារ ជាឈ្មោះក្បាច់គុនទី ៨ ក្នុងចំណោមទម្រង់មេគុនទាំង ១២។ មេនេះមានលក្ខណៈស្រដៀងគ្នា និង មេបីជាន់ដែរ ប៉ុន្តែខុសត្រង់គេប្ដូរពីចលនាលើកជើងទាត់មកជារបៀបលើកអុកដោយ ជង្គង់វិញ ចំណែកឯដៃក៍យ៉ាងដូច្នោះដែរ ពោល គឺ កែងដៃអុកចុះក្រោមហើយជង្គង់អុកឡើងលើ។ បើសិនជាគេចេញកាយវិការរបៀបដូចពោលខាងលើនេះ យើងពិនិត្យមើលចាប់ពីចំណុចកែងដៃដល់កណ្ដាប់ដៃ និង ពីជង្គង់ដល់ចុង់ជើងនោះនិងឃើញលក្ខណៈទាំង ២ នេះដែលគេសន្មតហៅថា ក្រពើហារ។ ការសន្មតយ៉ាងដូច្នេះដោយហេតុថា កែងដៃ និងជង្គង់បត់ចូលរកគ្នាបណ្ដាលឲ្យចុងដៃ និងចុងជើងងាយចេញមើលទៅទំនងដូចក្រពើហារមែន។ ចំពោះចលនាឆ្វេង ស្ដាំ ឬ ទៅមុខ ទៅក្រោយសូមមើលទម្រង់មេសម។
៩. មេល្បុក្កតោ៖
ជាមេគុនទី ៩ បន្ទាប់ពីមេក្រពើហារ។ មេនេះតាមពិតមិនមែនជាក្បាច់ដៃទេ គឺបច្ចេកទេសមួយបែបដែលគេប្រើជាមួយនិងដំបងមួយគូហៅថា ល្បុក្កតោ។ មេល្បុក្កតោនេះ ក្នុងចលនាឆ្វេងស្ដាំ ឬ ទៅមុខទៅក្រោយ គឺជំហរដងខ្លួន និង ទម្ងន់ជើងនៅតែរក្សាជារបៀបជម្រុលទៅមុខដដែល។
១០. មេស្រងែពេន៖
ស្រងែពេន គឺជាទម្រង់ក្បាច់គុនទី ១០ ក្នុងចំណោមមេគុនទាំង ១២។ មេនេះគឺជា ចលនានៃការបត់បែនដងខ្លួនដៃ និង ជើងឲ្យមានកាយវិការទន់ភ្លន់ និង រស់រវើកទៅតាមចង្វាក់នៃមេគុន។ ចលនាទាំងមូលពឹងផ្អែកទៅលៃជង្គង់ ដើម្បីធ្វើការផ្លាស់ប្ដូរគោលដៅដូចមេឆ្មាក្រាបដែរ ប៉ុន្ដែដងខ្លួនមិនត្រង់ទេ គឺរាងទ្រេតទៅមុខ ដោយចង្កេះអ៊ែនបន្តិច ហើយដើមទ្រូងពើងឡើង ឯក្បាលងើយទៅមុខ។ ម្រាមដៃដែលរះឡើងទៅលើទំនងដូចចលនាទី ៣ ក្នុងទម្រង់ក្បាច់គុនមេរះផ្កាស្វាយ ប៉ុន្តែខុសត្រង់បាតដៃដែលលានោះ គឺផ្ងារទៅមុខ ឯម្រាមបិទជិតហើយពត់ងើយឡើងទៅលើ។ ទម្រង់ចេញជាដំបូងក្នុងមេស្រងែពេននេះគេទម្លាក់ជង្គង់ទាំង ២ ផ្ទាល់ដី របៀបដូចទម្រង់ចេញមេឆ្មាក្រាប បន្ទាប់មកជង្គង់ស្ដាំបោះទៅមុខជង្គង់ឆ្វេងកន្ធែកចេញខាងរាងទាញមក ក្រោយ ឯបាតដៃស្ដាំលាហើយរះទៅមុខ (កែងដៃបង់បន្តិច) ដោយឲ្យម្រាមដៃមានកំពស់ស្មើ និងក្បាល ឯបាតដៃឆ្វេងត្រូវលាចុះក្រោមហើយដាក់ត្រឹមចង្កេះ។ ចលនានេះទៅមុខទៅក្រោយ ឬ ឆ្វេង ស្ដាំ គឺមានលក្ខណៈស្មើៗគ្នា។ ក្នុងការចេញមេស្រងែពេននេះ គេប្រយ័ត្នបន្តិច គឺកាលណាខុសនិងរបៀបខាងលើ អាចច្រឡំគ្នា និង មេឆ្មាក្រាបបានដែរ ព្រោះកាយវិការក្នុងការផ្លាស់ប្ដូរទីកន្លែងពឹងផ្អែកទៅលើជង្គង់ ដូចគ្នា ឯដៃបោះឡើងទៅលើ និងដងខ្លួនអោនទៅមុខដូចគ្នាដែរ។ នៅក្នុងចលនាមេស្រងែពេនដដែលនេះ ទម្ងន់ដងខ្លួន ៧០ ភាគរយ ត្រូវសង្កត់លើកែងជើង នៃជង្គង់ខាងមុខជានិច្ច។
១១. ចោលកូនតឹង៖
ចោលកូនតឹង ជាឈ្មោះមេគុនទី ១១ បន្ទាប់ពីមេស្រងែពេន។ មេនោះគេប្រើជាមួយឧបករណ៍ម្យ៉ាងធ្វើពីដែក ឬ សំណមួយគូ ហៅថា កូនតឹង វាមានទំហំធំជាងមេជើងបន្តិច ដែលល្មមនឹងអាចក្ដាប់បានក្នុងបាតដៃ។ គេចងកូនតឹងភ្ជាប់ទៅចុងខ្សែម្ខាង ប្រវែងប្រមាណ ពី ៤ ទៅ ៥ ដេស៊ីម៉ែត្រ ឯចុងម្ខាងទៀតកាន់នៅនិងដៃសម្រាប់លើកគ្រវីចុះឡើង។ បើយើងប្រៀបធៀប មេចោលកូនតឹង ទៅនិងក្បាលដំបងសម័យឥឡូវនេះ គឺស្រដៀងគ្នានិងគុនដំបងពីរកំណាត់ដែរ ប៉ុន្តែខុសត្រង់ថា ដំបងមួយគូជាប់គ្នាដោយចុងខ្សែតែមួយ ឯកូនតឹងមួយគូវិញមានខ្សែដាច់គ្នាស្រឡះ គឺមួយសំរាប់គ្រវីខាងស្ដាំ ហើយមួយទៀតសំរាប់គ្រវីខាងឆ្វេង។ ក្នុងការចោល ឬ គ្រវីនេះចុងខ្សែនៃកូនតឹង ត្រូវចងឲ្យជាប់ទៅនិងកងដៃ ឬ បាតដៃដើម្បីការពារកុំឲ្យរបូតចេញ ឯ កូនតឹងត្រូវក្ដាប់ក្នុងបាតដៃ ហើយពេលមានសត្រូវគេចោលទៅមុខសំដៅសត្រូវ ឬ គ្រវីចុះឡើងដើម្បីការពារខ្លួន។
ចំពោះបច្ចេកទេសនៃការគ្រវីនេះ វាអាស្រ័យទៅលើភាពប៉ិនប្រសប់របស់អ្នកប្រើប្រាស់ កូនតឹងនេះតែម្ដង។ ចំណែក ឯទម្រង់ចេញបើសិនជាគេប្រើដៃស្ដាំនោះជង្គង់ស្ដាំត្រូវលុតផ្ទាល់ ដី ឯជង្គង់ឆ្វេងបញ្ឈរទៅមុខ ដងខ្លួនរាង អោនហើយពើងទ្រូងងើយមុខឡើង។ ដៃដែលបោះទៅមុខ គឺត្រូវចោលកូនតឹងរួចកញ្ឆក់មកវិញ ឬ ក៍គ្រវីចុះឡើងទៅតាមភាពប៉ិនប្រសប់របស់ខ្លួន និងទៅតាមគោលដៅដែលខ្លួនចង់វាយប្រហារ។ កូនតឹងនេះ ជួនកាលគេអាចប្រើដៃទាំង ២ ព្រមគ្នា ដើម្បីគ្រវីពីក្រោយទៅមុខ ពីឆ្វេង ទៅ ស្ដាំ ឬ ពីស្ដាំទៅឆ្វេងវិញក៍បានដែរ។
១២. មេចោលកូនកាំបិត៖
នេះជាមេទី ១២ និងជាមេចុងក្រោយគេបង្អស់។ បច្ចេកទេសក្នុងការចោលកូនកាំបិតនេះ គេបំបែកចេញជា ៣ របៀប។របៀបទី ១ ចោលកូនកាំបិតទៅក្រោយតាមចន្លោះ ក និង ស្មា គេហៅថា ផ្នែកខ្ពស់។ ទម្រង់នេះមានជំហរជម្រុលទៅមុខសង្កត់លើជើងឆ្វេង ឯជើងស្ដាំឈានមកក្រោយដោយជម្ទើតកែងជើងឡើង ឯដៃឆ្វេងដាក់ស្របនិងដងខ្លួន ដៃស្ដាំកាន់ចុងកូនកាំបិតរួចលើកចោលទៅក្រោយតាមចន្លោះ ក លើស្មាឆ្វេង។
របៀបទី ២ គេចោលកូនកាំបិតទៅក្រោយតាមចន្លោះឃ្លៀក ហៅថា ផ្នែកកណ្ដាល។ ផ្នែកនេះកាយវិការជើងដូចចលនាទី ១ ដែរ ប៉ុន្ដែខុសត្រង់កាយវិការដៃ គឺដៃឆ្វេងត្រូវលើកបត់ហើយក្ដាប់មកមុខរបៀបចំហរឃ្លៀក ឯដៃស្ដាំកាន់ចុងកាំបិតរួចចោលទៅក្រោយតាមចន្លោះនេះ។
របៀបទី ៣ ហៅថា ផ្នែកទាប គេលុតជង្គង់ស្ដាំផ្ទាល់ដីបញ្ឈរជង្គង់ឆ្វេងទៅមុខ ដៃឆ្វេងដាក់លើជង្គង់ឆ្វេង ឯដៃស្ដាំកាន់ចុងកាំបិតរួចចោលពីក្រោមជង្គង់ទៅក្រោម ៕
ក្បាច់គុន ល្បុក្កតោ
ប្រភព៖ ដកស្រង់អត្ថបទ វាន់ន្នី (ដើមអំពិល)ល្បុក្កតោ គឺជាក្បាច់គុណបុរាណខ្មែរមួយប្រភេទ មានអាយុកាលជាង២,០០០ឆ្នាំមកហើយ ដែលត្រូវបានបង្កើត ឡើងដោយបុព្វបុរសខ្មែរ តាំងពីមុនសម័យអង្គរមកម៉្លេះ។ ក្បាច់គុននេះ មានឃើញឆ្លាក់ នៅតាមជញ្ជាំងប្រាសាទបន្ទាយស្រី និង ប្រាសាទបន្ទាយឆ្មារ ហើយត្រូវបានប្រើប្រាស់ ដោយអ្នកចម្បាំងខ្មែរ ក្នុងការប្រយុទ្ធតតាំងសត្រូវ ដែលចូលមកឈ្លានពាន អាណាចក្រខ្មែរ។
បច្ចុប្បន្ន ល្បុក្កតោ បាននិងកំពុងមានកេរ្តិ៍ឈ្មោះ ល្បីរន្ទឺលើឆាកអន្តរជាតិ ដោយទទួលបាន ជ័យលាភីលេខ២ ក្នុងការប្រកួត កីឡា យុទ្ធសិល្ប៍ពិភពលោក ក្នុងចំណោម ៣៧ប្រទេសជាសមាជិកចូលរួមនៅសាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២,០១០ កន្លងទៅនេះ ធ្វើឱ្យបរទេសបានស្គាល់ ក្បាច់គុននេះកាន់តែច្រើន។ក្បាច់ល្បុក្កតោ មានច្រើនបែបច្រើនសណ្ឋាន ដោយការប្រើប្រាស់ នូវអាវុធផ្សេងៗគ្នា ដូចជា កាំបិត ដាវ លំពែង ដំបង (វែង-ខ្លី) និងក្រមាជាដើម ហើយវាមានលក្ខណៈប្លែកៗពីគ្នា ទៅតាមតំបន់មួយ ទៅតំបន់មួយទៀត ក្នុងព្រះរាជាណាចក្រ កម្ពុជា។
ជួបសម្ភាសន៍ ជាមួយលោកព្រឹទ្ធាចារ្យ គ្រូតាក្រម៉ាមាស សាន គឹមស៊ាន ប្រធានសហព័ន្ធ កីឡាល្បុក្កតោកម្ពុជា អនុប្រធាន សមាគមអង្គរក្ស និងសន្តិសុខពិភពលោក បានបកស្រាយថា ល្បុក្កតោ មានន័យថា “ការប្រយុទ្ធជាមួយសត្វតោ” មកពីពាក្យ ថា “ល្បុក” មានន័យថា ប្រយុទ្ធ និងពាក្យថា “តោ” មានន័យថា “សត្វតោ” នោះឯង។ ប៉ុន្តែបើតាមភាសា អ្នកហាត់គុន ពាក្យថា ល្បុកតោ មានន័យថា យុទ្ធគុនប្រកបដោយថាមភាព។
យោងតាមកំណត់ត្រា របស់លោក ជីវតាក្វាន់ ជាអ្នកការទូតចិន ដែលបានមកទស្សនា ព្រះរាជាណាចក្រកម្ពុជា និងប្រាសាទ អង្គរវត្ត កាលពីចុងសតវត្សទី១៣ បានបញ្ជាក់ថា ភាពប៉ិនប្រសប់របស់ នៃអ្នកចម្បាំងខ្មែរ ក្នុងការប្រើប្រាស់ក្បាច់គុននេះ នាសម័យនោះ ជាកត្តាមួយនាំមកនូវជ័យជម្នះក្នុងសឹកសង្គ្រាម។ ក្បាច់គុនល្បុក្កតោ មិនត្រឹមតែបានជ្រួតជ្រាបទៅដល់ស្រទាប់ ព្រះមហាក្សត្រ មេទ័ព និង ពលទាហានខ្មែរ ប៉ុណ្ណោះទេ សូម្បីតែរាស្ត្រសាមញ្ញ ក៏ពូកែណាស់ដែរ ខាងក្បាច់គុននេះ៕
ទ្វារទាំង ១២ នៃក្បាច់គុនខ្មែរ
ក្បាច់គុនខ្មែរមានលក្ខណៈសម្បូរបែបណាស់ និង មានការបែងចែកជាទ្វារចំនួន ១២ដែលក្នុងទ្វារនីមួយៗមានតួរនាទីផ្សេងៗគ្នាសម្រាប់សង្គ្រាមជំនាន់ដើម ។បើតាមការអះអាងពីលោកចាន់ ប៊ុនធឿន ដែលជាអ្នកស្រាវជ្រាវក្បាច់គុនមួយរូប និង ជាគ្រូក្លឹបខេមរៈ ខ្លាហោះ នោះថាក្នុងទ្វារទាំង១២នោះមានប្រមានជា ៣៧៤មេ និង៩,០៤៩ក្បាច់។ លោកភូមិ ណាគ្រី ដែលជាអ្នកស្រាវជ្រាវ ក្បាច់គុនមួយរូបនៅខេត្តបន្ទាយមានជ័យ នោះក៏អះអាងដែរថាក្បាច់គុនខ្មែរសំបូរបែបណាស់ ហើយមានប្រវត្តិច្បាស់ លាស់ទៀតផង។ ខាងក្រោមនេះជាការរៀបរាប់យ៉ាសង្ខេបអំពីទ្វារទាំង ១២ នៃក្បាច់គុនបូរាណខ្មែរ។
ទ្វារទី ១ មានស្នៀត ប្រមាណ២៥០ និង និងក្បាច់ចំនួន ៩ ។
ទ្វារទី ២ មានមាន ២១០ស្នៀត និង ក្បាច់ចំនួន ១៣ ឬអាចលើសពីនេះ។
ទ្វារ ទី ៣ មាន ៣១៩ស្នៀត និង ១១ក្បាច់។
ទ្វារទី ៤ មាន៦៥០ស្នៀត និង ១៧ក្បាច់។
ទ្វារទី ៥ មានស្នៀតចំនួន៩៥០ និង ១៩ក្បាច់។
ទ្វារ ទី ៦មានជាង១.៨០០ស្នៀត និង ២៥ក្បាច់។
ទ្វារទី ៧ មាន៥៩០ស្នៀត និង ១៧ក្បាច់ ។
ទ្វារទី ៨ ជាទ្វារបញ្ចប់នៃអាត្ម័នយុទ្ធ ដែលក្នុងទ្វារនេះគេហៅថាមេរួមដែលមានមេរួមប្រមាណជា៥០មេ ហើយក្នុងមេនីមួយៗមានស្នៀត និង ក្បាច់ចំនួនជាង៥៩៩។ល្បុក្កតោ ក្រពើហារ ស្រងែពេន ខ្លាក្រាប …មាននៅ ក្នុងមេនេះ ។ហ័នយុទ្ធដែលមានបញ្ចូលស្នៀតដំបងវែង និង ដំបងខ្លីខ្លះៗ ។
ទ្វារទី ៩ គឺជាក្បួនប្រយុទ្ធដោយមានប្រើអាវុធដែលក្នុងនោះមានការប្រើអាវុធ ចំនួន ៧ ប្រភេទខុសៗគ្នា គឺការ ប្រើ
ដំបងមួយដើមជាអាវុធ ដែលមាន១៣ក្បាច់។ ការប្រើដំបងកក់ជាអាវុធដែលមាន១៩០ស្នៀត និង ៩ក្បាច់។ ការប្រើព្រនង់ ឬ មោងដែលមាន២០៨ស្នៀត និង ២២ក្បាច់ ។ក្នុងទ្វារនេះមានទាំងស្នៀតវាយលុកនិងស្នៀតការពារ។ការប្រើដំបង តចង(ដំបង២កំណាត់)មាន១៩០ស្នៀត និង ១៣ក្បាច់។ ការប្រើឈើច្រត់ ឬ ហៅម្យ៉ាងទៀតថាឥសីជើង ៣ មាន៩ក្បាច់ និង ១១៨ ស្នៀត។ ការប្រើលំពែង-ច្បូងមាន១៣ក្បាច់ និង ១៥៩ស្នៀតដែលស្នៀតស្រងែពេនក៏នៅ ក្នុងនេះដែរ ។ការប្រើស្ន ឬ បូលមាន១០១ ស្នៀត និង ១៣ក្បាច់ ។
ទ្វារទី ១០ មានប្រើប្រាស់ឧបករណ៍ប្រយុទ្ធចំនួន ៧ គឺដំបងភ្លោះមាន១១ ក្បាច់ និង ៧១ ស្នៀត។ប្រភេទ អាវុធស្ទបកោង មានមាន ៦ ក្បាច់ និង ៦០ស្នៀត។ ប្រភេទអាវុធស្ទបវិល ដែលមាន៦ ក្បាច់ និង ៦៥ស្នៀត ។ប្រ ភេទអាវុធស្ទបចាកដែលមាន ៩ ក្បាច់ និង ៦០ស្នៀត។ ប្រភេទអាវុធស្នែងខែលមាន១៣ក្បាច់និង ១០៩ស្នៀត។ អាវុធខ្សែតី ឬ អាវុធខ្មោច ដែលមាន ៩ ក្បាច់ និង ២០ស្នៀត។ ប្រភេទអាវុធទំពក់បិសាច(ដំបងដែលមានចុងដូចទំ ពក់)មាន ១៣ក្បាច់ និង ៦៦ ស្នៀត ។
ទ្វារទី ១១ មានប្រើអាវុធចំនួន ៩ ប្រភេទ គឺប្រភេទដាវឯក ដែលមាន១០០ស្នៀត និង ១៣ក្បាច់ ។ប្រភេទ ដាវច្រត់មាន១០៧ស្នៀត និង ៩ ក្បាច់។ ប្រភេទដាវខែល មាន១០៨ ស្នៀត និង ១៣ក្បាច់។ ប្រភេទដាវត្រឡប់ដែល មាន១០០ស្នៀត និង ១៣ក្បាច់ ។ប្រភេទដាវចុង ២ ដែលមាន១០០ស្នៀត និង ១៣ក្បាច់ ។ប្រភេទដាវមុខ ២ ដែល មាន១០១ ស្នៀត និង ១៣ ក្បាច់។ ប្រភេទដាវទំពក់ដែលមាន៧១ ស្នៀត និង ១៣ក្បាច់។ ប្រភេទដាវបង្គប់ដែលមាន ៥១ ស្នៀត និង ៩ក្បាច់។ ប្រភេទដាវខ្សែដងដែលមាន១០៩ ស្នៀត និង ៩ ក្បាច់។
ទ្វារទី ១២ មានប្រើអាវុធចំនួន ៨ ប្រភេទប្រភេទអាវុធដាវភ្លោះដែលមាន១១៩ស្នៀត និង ១៣ក្បាច់។ ប្រ ភេទដាវរួមដែលមាន៧៦២ស្នៀត និង ៧១ ក្បាច់។ ប្រភេទពូថៅចាក់ដែលាម៦១ ស្នៀត និង ៩ ក្បាច់។ ប្រភេទពូថៅ មាន៦៩ ស្នៀត និង ៩ ក្បាច់។
ប្រភេទ កង់រត់ មាន ៥០ស្នៀត និង ៩ ក្បាច់ដែលស្នៀតនាគពាំកែវក៏នៅក្នុងការប្រើប្រ ភេទអាវុធនេះដែរ ។ អាវុធកងចក្រមាន៦៣ស្នៀត និង ១៦ក្បាច់ ។អាវុធកងចាក់ ឬ កងកាវមាន១៧០ស្នៀត និង ៣៩ក្បាច់។ អាវុធពេខ្មោចមាន១១៩ស្នៀត និង ១៧ក្បាច់ ។ក្រៅពីទ្វារទាំង១២នេះក្បាច់គុនខ្មែរនៅមាន ទ្វារពិសេស មួយទៀតដែលមានឥទ្ធិពល គ្របដណ្ដប់លើទ្វារទាំង ១២ ព្រមទាំងក្បាច់គុនមេនានា។ អញ្ចឹងហើយទើបខ្មែរយើងមានតំណាលមួយថា គេមិនដែលបង្ហាត់សិស្សឲ្យ អស់ស្នៀតទេខ្លាចក្រែង សិស្សបកមក ខាំវិញអញ្ចឹងហើយទើបគេលាក់ទុកនូវ ទ្វារពិសេសមួយដើម្បីសង្កត់លើសិស្សគុន របស់ខ្លួននោះ ។
ទ្វារពិសេសនេះមាន ៣ គឺក្រញាំរាជសីហ៍មាន ៩ ក្បាច់ និង ៩៩ស្នៀត ។ បាតដៃព្រះឥសូរ មាន៩១ ស្នៀត និង ៩ ក្បាច់ និង ស្រមោលខ្មោចដែលមាន ៩ ស្នៀត និង មួយក្បាច់ដែលនេះជាក្បាច់ដែលពិសេសជាងគេសម្រាប់ រំដោះខ្លួនគេចចេញពីសត្រូវក្នុងខណៈដែលយើចាញ់ប្រៀបសត្រូវហើយមិនអាច បន្តការតស៊ូបាននោះ ។