ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះបានឲ្យដឹងថា តាមរយៈការព្យាករណ៍ និងវាយតម្លៃជាក់ស្តែងរបស់ក្រសួងពាក់ព័ន្ធនឹងបញ្ហានៃការរីករាលដាលនៃវីរុសកូរ៉ូណា ឬ COVID- 19 គឺនាដើមខែ៣ខាងមុខនេះ គឺអាចមានរោងចក្រសហគ្រាស ជិត២០០ អាចប្រឈមនឹងបញ្ហាកង្វះវត្ថុធាតុដើមក្នុង សង្វាក់ផលិតកម្មដែលអាចប៉ះពាល់កម្មករ-កម្មការិនីប្រហែល១៦ម៉ឺននាក់ ។
នេះជាការលើកឡើងរបស់លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដការងារបន្ដរបស់ក្រសួងការងារ» នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ។
លោកបានបន្តថា ជាក់ស្តែងនៅព្រឹកនេះផងដែរក្រសួងទើបនឹងបានទទួលឯកសារពីរោងចក្រសហគ្រាសចំនួន១០ដាក់ពាក្យស្នើព្យូរការងារកម្មករនៅផ្នែកខ្លះ ដែលអាចនឹងប៉ះកម្មករប្រមាណជា៣ពាន់នាក់ ។
យ៉ាងណាក៏ដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើសុំមិត្តចិនធ្វើយ៉ាងណាជួយដល់វិស័យកាត់ដេរនៅកម្ពុជាដែលត្រង់នេះមានន័យថា មិត្តចិននឹងជួយធ្វើយ៉ាងណាឲ្យកម្ពុជានឹងអាចទទួលបានវត្ថុធាតុដើមមុនគេ ហើយរដ្ឋាភិបាលក៏បានត្រៀមប្រាក់ជួយដល់កម្មករដែលនឹងអាចត្រូវព្យួរការងារនាពេលខាងមុខដោយសារតែឥទ្ធិពលរបស់ COVID-19 ។
លោកបានបន្តថា «ប៉ុន្តែយើងក៏បានដឹងផងដែរថា សង្វាក់ផលិតកម្មនៅឯប្រទេសចិន ក៏មានការចាប់ផ្តើមដំណើការ ហើយរាជរដ្ឋាភិបាលបានខិតខំប្រើប្រាស់នូវគ្រប់មធ្យោបាយទាំងទំនាក់ទំនងជាមួយអ្នកបញ្ជារទិញរោងចក្រក៏ដូចជា កម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាលផងដែរ ដើម្បីធ្វើម៉េចឲ្យរដ្ឋាភិបាលចិនផ្តល់ឲ្យនូវអាទិភាពនៅក្នុងការផ្គត់ផ្គង់នូវវត្ថុធាតុដើមនេះជូនមកប្រទេសកម្ពុជា ដើម្បីធ្វើម៉េចឲ្យបញ្ហានៃការខ្វះវត្ថុធាតុដើមគឺមានរយៈពេលខ្លី» ។
លោកបានបន្តថា បញ្ហាកង្វះខាតនូវវត្ថុធាតុដើមមិនត្រឹមតែប៉ះពាល់កម្ពុជានោះទេ បណ្តាប្រទេសផ្សេងៗទៀតក៏រងផលប៉ះពាល់ផងដែរ ។ យ៉ាងណាមិញលោក ហេង សួរ សុំមិនបញ្ជាក់ចំនួនជាក់លាក់នៃថវិកាដែលរាជរដ្ឋាភិបាលកម្ពុជាត្រៀមសម្រាប់ដោះស្រាយបញ្ហាជូនកម្មករ-កម្មការិនី តែលោកបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺបានត្រៀមគ្រប់សេណារីយោ គ្រប់ធនធានទាំងអស់ ដើម្បីដោះស្រាយទៅតាមតម្រូវការជាក់ស្តែងនៃផលប៉ះពាល់ ៕